មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ២៤–២៩:៣០ ( មេរៀនទី ៧ )
សេចក្តីផ្ដើម
មេរៀននេះផ្តល់ឱកាសឲ្យសិស្សពង្រីកនូវការយល់របស់ខ្លួនកាន់តែជ្រាលជ្រៅអំពី សារៈសំខាន់នៃការពាក់លើខ្លួននូវគ្រប់គ្រឿងសឹករបស់ព្រះ ។ នៅពេលសិស្សរៀនអំពីផ្នែកនិមួយៗនៃគ្រឿងសឹកទាំងមូលរបស់ព្រះ នោះពួកគេនឹងមានឱកាសវាយតម្លៃកម្លាំងនៃគ្រឿងសឹករបស់ពួកគេ ហើយធ្វើការផ្លាស់ប្តូរនានាតាមការបំផុសពីព្រះវិញ្ញាណបរិសុទ្ធ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥-១៨
ព្រះអម្ចាស់ត្រាស់បញ្ជារាស្ត្ររបស់ទ្រង់ឲ្យពាក់គ្រប់គ្រឿងសឹករបស់ព្រះ
សូមយកឧបករណ៍ការពារមួយចំនួនមកថ្នាក់រៀន ដូចជាឧបករណ៍ការពារសម្រាប់កីឡា វ៉ែនតាសុវត្ថិភាព ស្រោមដៃវិជ្ជាសាស្ត្រ មួកសុវត្ថិភាពសម្រាប់ការសាងសង់ ឬ អាវក្រោះ ។ សូមឲ្យសិស្សពន្យល់ពីគោលបំណងនៃឧបករណ៍នោះ និង របៀបដែលវាប្រើដើម្បីការពារអ្នកពាក់វា ។ សូមពន្យល់ថា ខណៈដែលឧបករណ៍ទាំងនេះការពារពួកយើងខាងរាងកាយ នោះព្រះអម្ចាស់បានផ្តល់ព្រះឱវាទដើម្បីជួយការពារយើងខាងវិញ្ញាណ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថាយើងត្រូវតែធ្វើដើម្បីត្រូវបានការពារខាងវិញ្ញាណ ។
-
តើយើងត្រូវតែធ្វើអ្វីដើម្បីត្រូវបានការពារខាងវិញ្ញាណ ?
-
យោងតាមខគម្ពីរនេះ តើព្រះអម្ចាស់បានសន្យាអ្វីខ្លះ ចំពោះអស់អ្នកដែលពាក់គ្រប់គ្រឿងសឹករបស់ព្រះនោះ ?
សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ ប្រសិនបើយើងពាក់គ្រប់គ្រឿងសឹករបស់ព្រះ នោះយើងនឹងអាចទប់ទល់នឹងអំពើអាក្រក់បាន ។
-
តើអ្នកគិតថាហេតុអ្វីបានជាវាសំខាន់ដើម្បីពាក់ គ្រប់ គ្រឿងសឹកនៃព្រះ ហើយកុំគ្រាន់តែពាក់តែមួយផ្នែកនោះ ?
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៦-១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយស្វែងរកផ្នែកនិមួយៗនៃគ្រឿងសឹកខាងវិញ្ញាណ ដែលយើងត្រូវពាក់ដើម្បីអាចទប់ទល់នឹងសេចក្តីអាក្រក់បាន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យធ្វើជាអ្នកសរសេរ ហើយសរសេរ ( ឬ គូរ ) ផ្នែកនៃគ្រឿងសឹកនៅក្តារខៀននៅពេលសិស្សរកឃើញវា ។ ( អ្នកអាចចង្អុលបង្ហាញថាសាវក ប៉ុល ក៏បានបង្រៀនផងដែរអំពីគ្រប់គ្រឿងសឹករបស់ព្រះ [ សូមមើល អេភេសូ ៦:១១–១៧] ) ។
ដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការការពារខាងវិញ្ញាណនេះ ដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ សូមចែកសិស្សជាក្រុមតូចៗ ហើយចាត់តាំងក្រុមនិមួយៗនូវចំណែកមួយនៃគ្រឿងសឹក ។ សូមផ្ដល់ដល់ក្រុមនិមួយៗនូវសេចក្ដីថ្លែងការមួយច្បាប់ ដោយប្រធាន ហារ៉ូល ប៊ី លី ដូចខាងក្រោម និង ព័ត៌មាន និងសំណួរនៅក្នុងវគ្គខាងក្រោម ទាក់ទងទៅនឹងផ្នែកនានានៃគ្រឿងសឹកដែលបានចាត់ទៅឲ្យគេនោះ ។ សូមអញ្ជើញសិស្សឲ្យធ្វើការនៅក្នុងក្រុមពួកគេ ដើម្បីឆ្លើយសំណួរអំពីផ្នែកនៃគ្រឿងសឹកដែលបានចាត់តាំងទៅឲ្យពួកគេ ហើយត្រៀមខ្លួនដើម្បីចែកចាយចម្លើយរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
បន្ទាប់ពីសិស្សបានរាយការណ៍ពីចម្លើយរបស់ពួកគេហើយ សូមអាននូវសេចក្ដីថ្លែងការខាងក្រោមដោយ អែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយសុំឲ្យសិស្សស្ដាប់ពីរបៀបដែលយើងពាក់គ្រឿងសឹក និងពង្រឹងដល់គ្រឿងសឹករបស់ព្រះ ៖
រូបភាពអែលឌើរ អិម រ័សុល បាឡឺដ« ខ្ញុំចូលចិត្តគិតអំពីអាវក្រោះខាងវិញ្ញាណនេះ ដែលពុំប្រៀបដូចជាបំណែកនៃលោហៈធាតុដែលសូន្យឡើងមួយដុំ ដើម្បីពាក់ឲ្យត្រូវរូបកាយនោះទេ ប៉ុន្តែវាដូចជាច្រវ៉ាក់ប្រទាក់គ្នាទៅវិញ ។ ច្រវ៉ាក់ប្រទាក់គ្នាមានជាបំណែកតូចៗជាច្រើនផែនតភ្ជាប់នឹងគ្នា ដើម្បីអនុញ្ញាតឲ្យអ្នកប្រើអាចបត់បែនបានកាន់តែងាយស្រួលដោយមិនបាត់បង់នូវការការពារ ។ ខ្ញុំនិយាយដូច្នោះ ដោយសារវាជាបទពិសោធន៍របស់ខ្ញុំ ថាគ្មានអ្វីតែមួយដ៏ធំ ហើយអស្ចារ្យដែលយើងអាចធ្វើ ដើម្បីការពារខ្លួនយើងខាងវិញ្ញាណបាននោះឡើយ ។ អំណាចខាងវិញ្ញាណពិត ពឹងលើទង្វើតូចៗជាច្រើនវេញបញ្ចូលគ្នានៅក្នុងសាច់ក្រណាត់នៃការការពារខាងវិញ្ញាណ ដែលការពារ និងជាខែលទាស់នឹងរាល់សេចក្ដីអាក្រក់ » (« Be Strong in the Lord »Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។
-
តើទង្វើរតូចៗមួយចំនួនអ្វីខ្លះ ដែលបានប្រមូលផ្ដុំជាកម្លាំងរបស់វា នឹងជួយការពារយើងទាស់នឹងការល្បួង និងអំពើអាក្រក់ ?
សូមអញ្ជើញសិស្សឲ្យត្រឡប់ទៅមើលនៅដើមបន្ទាត់នៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥ ។
-
តើយើងគួរមានអាក្បកិរិយាយ៉ាងណា ពេលយើងពាក់គ្រឿងសឹករបស់ព្រះ ? ( យើងគួរតែ « លើកទឹកចិត្ត [ របស់យើង ] ឡើងហើយអរសប្បាយ » ) ។ ហេតុអ្វីក៏យើងគួរតែមានអាកប្បកិរិយាបែបនេះ ?
-
តើវគ្គចំណេះចំណានខគម្ពីរណាខ្លះដែលអ្នករៀនក្នុងសប្តាហ៍នេះ ដែលទូន្មានយើងឲ្យលើកចិត្តរបស់យើងឡើង ហើយអរសប្បាយផងដែរនោះ ? (គ. និង ស. ២៥:១៣) ។ សូមគិតពីការអញ្ជើញសិស្សឲ្យអានវាម្តងទៀត ឬ សូត្រវាតាមការចាំ ) ។
-
តើការធ្វើតាមការបញ្ជានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១៣ ឲ្យយើងនៅជាប់នឹងសេចក្តីសញ្ញារបស់យើងជាមួយព្រះវរបិតាសួគ៌អាចការពារយើងពី សាតាំងយ៉ាងដូចម្តេច ?
សូមឲ្យសិស្សពិចារណាអំពីអ្វីដែលពួកគេបានរៀននៅក្នុងមេរៀនថ្ងៃនេះ ហើយអញ្ជើញពួកគេឲ្យជ្រើសរើសអ្វីមួយជាក់លាក់ដែលពួកគេអាចធ្វើ ដើម្បីពាក់គ្រឿងសឹកនៃព្រះបានកាន់តែល្អប្រសើរ ។ សូមលើកទឹកចិត្តពួកគេឲ្យសរសេរនូវអ្វីដែលពួកគេនឹងធ្វើ នៅលើក្រដាសមួយសន្លឹក ដែលពួកគេអាចមើលជាញឹកញាប់ ទុកជាការរំឭកមួយអំពីការតាំងចិត្តរបស់ពួកគេ ។
ដើម្បីបញ្ចប់មេរៀននេះ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីសេចក្ដីពិត ដែលបានបង្រៀននៅក្នុងមេរៀននេះ ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣១–៥០; ៣០–៣៥)
តើកូនចៅរបស់ព្រះវរបិតាសួគ៌ប៉ុន្មាននាក់ដែលត្រូវបានបណ្តេញចេញពីឋានសួគ៌នៅក្នុងជីវិតមុនជីវិតនេះ ? ហេតុអ្វីពួកគេត្រូវបានបណ្តេញចេញ ? តើឃ្លាថា « បញ្ជាន់ [ បានបញ្ជាន់ ] សាសន៍ទាំងឡាយ » មានន័យដូចម្តេច ? នៅក្នុងមេរៀនបន្ទាប់ សិស្សនឹងរៀនអំពីចម្លើយចំពោះសំណួរទាំងនេះ ។ ពួកគេក៏នឹងរៀនផងដែរអំពីសមាជិកកាលពីជំនាន់មុន ដែលត្រូវបានហៅឲ្យ « បញ្ជាន់ [ បានបញ្ជាន់ ] សាសន៍ទាំងឡាយដោយព្រះចេស្តានៃព្រះវិញ្ញាណ[ នោះ ] » (គ. និង ស. ៣៥:១៣) ។