មេរៀនទី ៥៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦
បុព្វកថា
នៅខែមិនា ឆ្នាំ ១៨៣១ ជិតរយៈពេលមួយឆ្នាំ បន្ទាប់ពីការរៀបចំសាសនាចក្រឡើង នោះព្រះអម្ចាស់បានរំឭកពួកបរិសុទ្ធថា ការប្រជុំក្នុងសាសនាចក្រ គឺត្រូវដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។ នៅក្នុងវិវរណៈដដែលនេះ ទ្រង់បានគូសបញ្ជាក់ថា មនុស្សដែលមិនមែនជាសមាជិកនៃសាសនាចក្រ ពុំត្រូវបណ្ដេញចេញពីការប្រជុំជាសាធារណៈនោះឡើយ ។ បន្ថែមពីលើការកែតម្រូវចំពោះការអនុវត្តដែលពុំរាប់បញ្ចូលនូវអ្នកឥតជឿនៅក្នុងការប្រជុំ នោះព្រះអម្ចាស់បានបង្រៀនអំពីអំណោយទាននៃព្រះវិញ្ញាណ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១-៦
ព្រះអម្ចាស់ បង្រៀនដល់ពួកបរិសុទ្ធអំពីការប្រជុំក្នុងសាសនាចក្ររបស់ពួកគេ
សូមឲ្យសិស្សនឹកស្រម៉ៃថា ពួកគេកំពុងដឹកនាំផែនការនៃការប្រជុំសាក្រាម៉ង់ ។
-
តើអ្នកដឹងថា អ្នកត្រូវរាប់បញ្ចូលអ្វីខ្លះនៅក្នុងការប្រជុំតាមរបៀបណា ? តើអ្នកនឹងជ្រើសរើសតន្ត្រី ហើយសម្រេចចិត្តថានរណានឹងឡើងនិយាយដោយរបៀបណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:១-២ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលការណែនាំដែលព្រះអម្ចាស់បានប្រទានឲ្យ អំពីរបៀបដែលការប្រជុំសាសនាចក្រគួរត្រូវបានដឹកនាំ ។ អ្នកអាចនឹងចង់ចង្អុលបង្ហាញថា ទំនួលខុសត្រូវដើម្បីដឹកនាំការប្រជុំ រួមមានទាំងទំនួលខុសត្រូវក្នុងការរៀបចំសម្រាប់ការប្រជុំទាំងនោះផងដែរ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ ចម្លើយរបស់ពួកគេអាចនឹងមានផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែបង្ហាញពីគោលការណ៍ដូចខាងក្រោម ៖អ្នកដឹកនាំសាសនាចក្រ គឺត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគាត់ដឹកនាំការប្រជុំ ។
-
តើនៅពេលណា ដែលអ្នកមានអារម្មណ៍ដឹងថា ពួកអ្នកដឹកនាំត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងការប្រជុំមួយនោះ ?
-
តើសមាជិកសាសនាចក្រអាចអញ្ជើញឲ្យមានឥទ្ធិពលពីព្រះវិញ្ញាណនៅក្នុងការប្រជុំសាសនាចក្រដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅ កំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ អំពីរបៀបមួយ ដែលពួកគេនឹងកែលម្អនូវការចូលរួមរបស់ពួកគេនៅក្នុងការប្រជុំសាសនាចក្រទាំងឡាយ ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្តារខៀនសូមស្វាគមន៍ភ្ញៀវទស្សនា ។ សូមឲ្យសិស្សប្រាប់ពីទីកន្លែងដែលពួកគេធ្លាប់បានឃើញឃ្លានេះបានដាក់នៅកន្លែងណាមួយ ។ សូមសួរពួកគេបើសិនជាពួកគេធ្លាប់ឃើញវានៅខាងក្រៅសាលាប្រជុំសាសនាចក្រ ។ សូមអញ្ជើញឲ្យសិស្សម្នាក់អាននូវការណែនាំ នៃក្បាលកណ្ឌសម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមនៅក្នុងព្រះគម្ពីររបស់ពួកគេ ហើយរកមើលថាពួកបរិសុទ្ធជំនាន់មុនរូបណា ដែលបានអនុញ្ញាតឲ្យចូលរួមក្នុងការប្រជុំរបស់ពួកគេ ។ សូមអញ្ជើញពួកគេរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ បន្ទាប់មកសូមឲ្យពួកគេអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៣-៦ ដោយស្ងាត់ស្ងៀម រកមើលឃ្លាដែលបានកែតម្រូវចំពោះការអនុវត្តកាលពីដើមនេះ ។
-
តើយើងអាចរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីរបៀបដែលព្រះអម្ចាស់ចង់ឲ្យយើងប្រព្រឹត្តចំពោះអ្នកដទៃ ? ( សិស្សគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ ព្រះអម្ចាស់ បានបញ្ជាឲ្យយើងស្វាគមន៍មនុស្សទាំងអស់ចូលរួមក្នុងការប្រជុំជាសាធារណៈរបស់យើង ) ។
-
តើយើងអាចជួយអ្នកដទៃឲ្យដឹងថា ពួកគេបានទទួលស្វាគមន៍ក្នុងការចូលមកកាន់ការប្រជុំសាសនាចក្ររបស់យើងយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សយល់កាន់តែជ្រៅជ្រះអំពីសេចក្ដីពិតនេះ សូមចែកចាយនូវឧទាហរណ៍ដូចខាងក្រោម ៖
សមាជិកវ័យក្មេងម្នាក់ក្នុងសាសនាចក្រ បានទៅទស្សនាវួដថ្មីមួយជាមួយនឹងគ្រួសាររបស់នាងជាលើកដំបូង ។ បន្ទាប់ពីចប់ម៉ោងសាក្រាម៉ង់ មានសមាជិកក្នុងវួដម្នាក់បានមកស្វាគមន៍គ្រួសារនោះ ហើយបង្ហាញពួកគេពីកន្លែងដែលត្រូវទៅសាលាថ្ងៃអាទិត្យ ។ គាត់បាននាំយុវនារីទៅកាន់ថ្នាក់រៀន ហើយណែនាំនាងដល់គ្រូបង្រៀន ។ យុវជន និង យុវនារី ក្នុងថ្នាក់បានជួបនឹងពួកគេបន្ដិច បន្ទាប់មកម្នាក់ៗ សួរសុខទុក្ខគ្នាគេ ដោយពុំខ្វល់ពីនាង ។
-
តើស្ថានភាពនេះខុសគ្នាយ៉ាងដូចម្ដេច បើសមាជិកក្នុងថ្នាក់សាលាថ្ងៃអាទិត្យ ធ្វើតាមគោលការណ៍នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៣-៦ ?
សូមលើកទឹកចិត្តសិស្សឲ្យស្វាគមន៍ដល់អ្នកទាំងឡាយដែលមកចូលរួមក្នុងការប្រជុំសាសនាចក្រ ក្នុងថ្នាក់រៀន ឬក្នុងសកម្មភាពនានា ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៧-៣៣
ព្រះអម្ចាស់បានពន្យល់អំពីគោលបំណងចំពោះអំណោយទាននៃព្រះវិញ្ញាណ
សូមរំឭកដល់សិស្សថា នៅ ខែ កុម្ភៈ ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បានចូលរួមនឹងពួកបរិសុទ្ធ នៅទីក្រុងខឺតឡង់ ( សូមមើល មេរៀនទី ៥០ នៅក្នុងសៀវភៅសិក្សានេះ ) ។ នៅពេលលោកមកដល់ លោកបានឃើញថាសមាជិកសាសនាចក្រទាំងនេះ បានទទួលយកនូវការអនុវត្តខុសឆ្គងមួយចំនួន ។ ការអនុវត្តខុសឆ្គងមួយ គឺពុំរាប់បញ្ចូលមនុស្សផ្សេងមកក្នុងការប្រជុំសាសនាចក្រ ដូចបានពន្យល់ពីដំបូងនៅក្នុងមេរៀននេះ ។ ការអនុវត្តខុសឆ្គងមួយទៀត គឺថា សមាជិកមួយចំនួន បានមានឥរិយាបទចម្លែកៗ ពេលពួកគេចូលរួមក្នុងការប្រជុំសាសនាចក្រ ។ ពួកគេបានប្រកាសថា ទង្វើរបស់ពួកគេគឺត្រូវបានបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធ ។ សមាជិកមួយចំនួនជឿលើពួកគេ ហើយអ្នកផ្សេងទៀតមានអារម្មណ៍ថា ឥរិយាបទបែបនោះគឺពុំមែនមកពីព្រះទេ ។ នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦ព្រះអម្ចាស់បានបង្រៀនគោលការណ៍ទាំងឡាយ ដែលនឹងជួយពួកបរិសុទ្ធឲ្យចៀសវាងពីការបោកបញ្ឆោត ហើយដែលនឹងជួយពួកគេឲ្យយល់អំពីអំណោយទាននៃព្រះវិញ្ញាណដ៏ពិត ។
-
តើការត្រូវបានបញ្ឆោតមានន័យដូចម្តេច ? ( នាំឲ្យយល់ខុស ឬប្រើឧបាយកលឲ្យជឿលើអ្វីមួយដែលពុំពិត ) ។ តើអ្នកអាចប្រាប់អំពីគ្រាមួយ ដែលអ្នកត្រូវបានគេបោកបញ្ឆោតបានឬទេ ?
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៧-៨ ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលព្រះអម្ចាស់បានទូន្មានដល់រាស្ត្ររបស់ទ្រង់ឲ្យធ្វើដូច្នោះ ដើម្បីពួកគេអាចចៀសវាងពីការត្រូវបានគេបោកបញ្ឆោត ។ អ្នកអាចផ្ដល់យោបល់ថា សិស្សគួរគូសចំណាំនូវអ្វីដែលពួកគេរកឃើញ ។
-
តើខទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដើម្បីចៀសវាងពីការត្រូវគេបោកបញ្ឆោត ? ( សូមជួយដល់សិស្សឲ្យប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ វិធីមួយដើម្បីចៀសវាងពីការត្រូវគេបោកបញ្ឆោត គឺត្រូវធ្វើតាមការដឹកនាំមកពីព្រះវិញ្ញាណនៅក្នុងគ្រប់ភាពបរិសុទ្ធ ) ។
-
ស្របតាម ខ ៨ តើយើងគួរព្យាយាមស្វែងរកអ្វីខ្លះ ? ( អំណោយទានដ៏ល្អបំផុត ) ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ បើយើងព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុត…
នៅពេលសិស្សចូលរួមក្នុងសកម្មភាពដូចខាងក្រោម សូមអញ្ជើញពួកគេឲ្យរកមើលពរជ័យដែលនឹងកើតមាន នៅពេលពួកគេស្វែងរកអំណោយទាននៃព្រះវិញ្ញាណ ។ អ្នកអាចនឹងចង់ពន្យល់ថា អំណោយទាននៃព្រះវិញ្ញាណ គឺជា « ពរជ័យ ឬលទ្ធភាពដែលត្រូវបានប្រទានឲ្យដោយព្រះចេស្ដារនៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះប្រទានឲ្យនូវអំណោយទានយ៉ាងហោចណាស់មួយ ទៅដល់សមាជិកស្មោះត្រង់នៃសាសនាចក្រ » (ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ១៦៥) ។
ពីមុនថ្នាក់រៀន សូមសរសេរលេខ ១៣ ទៅដល់ ២៥ និង ២៧ ហើយពង្រាយ នៅលើសន្លឹកក្រដាស ។ បន្ទាប់មកកាត់ក្រដាសជាចំណែកៗធ្វើជាក្រដាសផ្គុំចំនួនដប់បួន ដែលមានលេខសម្គាល់មួយនៅលើក្រដាសផ្គុំនីមួយៗ ។
ចែកក្រដាសផ្គុំនីមួយៗឲ្យទៅដល់សិស្ស ។ អាស្រ័យទៅលើចំនួនសិស្ស អ្នកអាចនឹងចាំបាច់ត្រូវឲ្យក្រដាសផ្គុំមួយ ទៅដល់ក្រុមតូចមួយ ឬឲ្យច្រើនទៅដល់សិស្សម្នាក់ៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យធ្វើការជាមួយគ្នាដើម្បីផ្គុំក្រដាសនោះ ។
-
នៅក្នុងរូបផ្គុំមួយ ហេតុអ្វីក៏ចំរៀករូបផ្គុំនិមួយៗសំខាន់ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៨-១២, ២៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលគោលបំណងនៃអំណោយទានដែលព្រះប្រទានឲ្យយើង ។
-
តើអំណោយទានខាងវិញ្ញាណ ត្រូវបានប្រើសម្រាប់អ្វី ? ( « សម្រាប់ជាប្រយោជន៍ដល់កូនចៅរបស់ព្រះ » ) ។
-
ស្របតាម ខ ៩ តើអំណោយទាននៃព្រះវិញ្ញាណត្រូវបានប្រទានឲ្យដល់នរណា ? ( ដល់អ្នកទាំងឡាយដែលស្រឡាញ់ព្រះ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ និងដល់អ្នកទាំងឡាយដែល « ព្យាយាមធ្វើដូច្នោះ » ) ។
-
ស្របតាម ខ ១១ តើមានគ្នាយើងប៉ុន្មាននាក់ ដែលត្រូវបានប្រទានឲ្យនូវអំណោយទាននៃព្រះវិញ្ញាណ ?
-
ចេញមកពីអ្វីដែលអ្នកបានរៀននៅក្នុងខទាំងនេះ តើអ្នកនឹងបំពេញបញ្ចប់ឃ្លានៅលើក្ដារខៀនយ៉ាងដូចម្ដេច ? ( ទោះជាយ៉ាងណា សិស្សអាចនឹងប្រើពាក្យផ្សេងគ្នា តែចម្លើយរបស់ពួកគេគួរតែបង្ហាញនូវគោលការណ៍ដូចខាងក្រោម ៖ បើយើងព្យាយាមស្វែងរកអំណោយទាននានាដែលវិសេសបំផុត នោះព្រះនឹងប្រទានវាមកយើងសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ ។ អ្នកអាចនឹងចង់ឲ្យយោបល់សិស្សគូសចំណាំឃ្លានៅក្នុងគម្ពីររបស់ពួកគេ ដែលបង្រៀនពីសេចក្ដីពិតនេះ ) ។
សូមនាំចំណាប់អារម្មណ៍របស់សិស្សផ្ដោតទៅលើក្រដាសផ្គុំ ដែលពួកគេបានផ្គុំនោះ ។ សូមរំឭកពួកគេអំពីសារៈសំខាន់នៃចំណែកក្នុងរូបផ្គុំនោះ ។
-
ហេតុអ្វីក៏សមាជិកគ្រប់រូបសំខាន់នៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ? ( មនុស្សគ្រប់រូប មានអំណោយទានមួយដែលអាចជាប្រយោជន៍ដល់អ្នកដទៃ ) ។
សូមបំបែករូបផ្គុំចេញពីគ្នា ហើយផ្ដល់ចំណែកនោះត្រឡប់ទៅឲ្យសិស្សវិញ ។ សូមពន្យល់ថា លេខសម្គាល់នៅលើចំណែកក្រដាសនោះ សំដៅទៅលើខគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦ ហើយថាខទាំងនេះនិមួយៗ មាននូវអំណោយទាននៃព្រះវិញ្ញាណមួយ ។ សូមអញ្ជើញសិស្សឲ្យអានឮៗនូវខ ដែលឆ្លើយឆ្លងទៅនឹងលេខដែលពួកគេត្រូវបានផ្ដល់ឲ្យនោះ ។
បន្ទាប់ពីអានខនិមួយៗហើយ សូមឲ្យសិស្សផ្ដល់យោបល់អំពីស្ថានភាពមួយ ដែលអំណោយទាននោះអាចផ្ដល់ជាប្រយោជន៍ដល់កូនចៅរបស់ព្រះ ។ សិស្សអាចនឹងមានការលំបាកយល់អំពីអំណោយទានមួយចំនួន ។ ការពន្យល់អំពីអំណោយទានមួយចំនួនដូចខាងក្រោម អាចជួយអ្នកដល់ការដឹកនាំក្នុងការពិភាក្សារបស់ពួកគេ ៖
អំណោយទានដើម្បីដឹងពីភាពខុសគ្នានៃការគ្រប់គ្រង គឺជាញឹកញាប់បង្ហាញឲ្យឃើញមាននៅក្នុងខ្លួនអ្នកដឹកនាំ ដែលបានដឹងអំពីរបៀបដែលអំណោយទានរបស់អ្នកដទៃ អាចនឹងជាប្រយោជន៍នៅក្នុងតំណែងនៃការធ្វើការបម្រើផ្សេងៗ ។
អំណោយទានដើម្បីដឹងពីភាពផ្សេងគ្នានៃប្រតិបត្តិការ គឺមានបង្ហាញនៅក្នុងសមត្ថភាពរបស់មនុស្សម្នាក់ ដើម្បីមើលឃើញពីភាពខុសគ្នារវាងអំណោយទានពិតប្រាកដ ឬជាការធ្វើការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងដឹងរវាងវិញ្ញាណខុសឆ្គង គោលលទ្ធិ ឬបទបញ្ញត្តិទាំងឡាយ ។
អំណោយទាននៃពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ពុំសំដៅទៅលើបទបញ្ញត្តិដែលត្រូវបានស្គាល់ថាជាពាក្យសម្ដីនៃប្រាជ្ញាវាងវៃទេ ។ តែវាសំដៅទៅលើពរជ័យនៃប្រាជ្ញា ដែលកើតមានចំពោះអ្នកទាំងឡាយដែល « សូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា » ( យ៉ាកុប ១:៥ ) ។
អំណោយទាននៃការញែកដឹងខាងវិញ្ញាណ អនុញ្ញាតឲ្យមនុស្សម្នាក់ស្គាល់ ឬយល់អំពីបំណងពិត និងការលើកទឹកចិត្តដែលកប់លាក់ទុករបស់អ្នកដទៃ ។ អំណោយទាននេះ ជួយមនុស្សម្នាក់ឲ្យឃើញពីសេចក្ដីអាក្រក់ដែលកប់លាក់ទុក ហើយឲ្យមើលឃើញពីសេចក្ដីល្អនៅក្នុងខ្លួនអ្នកដទៃ ។
អំណោយទានខាងភាសា និងអំណោយទាននៃការបកប្រែភាសា គឺជាទូទៅបង្ហាញឲ្យឃើញមាននៅក្នុងខ្លួនអ្នកផ្សព្វផ្សាយសាសនា ដែលអាចរៀន ហើយយល់ភាសាបានយ៉ាងឆាប់ ។ អំណោយទានទាំងនេះ ក៏អាចត្រូវបានរីករាយដោយមនុស្សដែលត្រូវការយកឈ្នះលើឧបសគ្គខាងភាសា ដើម្បីរៀន និងបង្រៀនដំណឹងល្អផងដែរ ។
-
ហេតុអ្វីក៏យើងត្រូវស្វែងរកអំណោយទានខាងវិញ្ញាណ ? តើអ្នកគិតថា យើងអាចធ្វើអ្វីខ្លះដើម្បីស្វែងរកវាបាន ? ( វាអាចនឹងជាប្រយោជន៍ដើម្បីចង្អុលបង្ហាញថា ព្រះអម្ចាស់ អាចបើកសម្ដែងអំណោយទានខាងវិញ្ញាណតាមរយៈពរជ័យអយ្យកោ ឬការប្រសិទ្ធពរបព្វជិតភាពផ្សេងៗទៀត ។
-
តើអ្នកធ្លាប់បានឃើញនរណាម្នាក់ទទួលអំណោយទានខាងវិញ្ញាណមួយ ដើម្បីជាប្រយោជន៍ដល់អ្នកដទៃ នៅពេលណា ?
សូមឲ្យសិស្សស្វែងរកនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៦:៣០-៣៣ ដោយខ្លួនឯងហើយប្រាប់នូវចំនុចបួនយ៉ាង ដែលយើងត្រូវធ្វើ នៅពេលយើងប្រើអំណោយទានខាងវិញ្ញាណ របស់យើង ។ ( ចម្លើយអាចនឹងមានដូចជា យើងគួរតែសូមដើម្បីស្គាល់ពីព្រះហឬទ័យរបស់ព្រះ ធ្វើកិច្ចការនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ថ្លែងអំណរគុណចំពោះពរជ័យទាំងឡាយដែលយើងទទួល ហើយអនុវត្តគុណធម៌ និងភាពបរិសុទ្ធ ) ។
សូមបង្ហាញនូវការដឹងគុណចំពោះអំណោយទាននានាខាងវិញ្ញាណ និងដឹងគុណចំពោះឥទ្ធិពលនៃអំណោយទានទាំងនោះនៅក្នុងជីវិតរបស់អ្នក ។ សូមផ្ដល់ឱកាសដល់សិស្សឲ្យធ្វើដូចគ្នា ។ សូមថ្លែងទីបន្ទាល់អំពីបំណងប្រាថ្នារបស់ព្រះអម្ចាស់ចង់ឲ្យមនុស្សទាំងអស់ដឹងថា ពួកគេត្រូវបានស្វាគមន៍ និងសំខាន់ នៅក្នុងសាសនាចក្ររបស់ទ្រង់ ។