មេរៀនសិក្សានៅផ្ទះ
កម្មវិធី និង អង្គការសាសនាចក្រ សេចក្តីប្រកាសជាផ្លូវការទី ២, ការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ, ការប្រកាសអំពីក្រុមគ្រួសារ និង ព្យាការីនៅរស់ ( មេរៀនទី ៣២ )
ការរៀបចំមេរៀនសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ
សេចក្ដីសង្ខេបមេរៀនសម្រាប់សិស្សសិក្សានៅផ្ទះប្រចាំថ្ងៃ
ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃគោលលទ្ធិ និង គោលការណ៍នានាដែលសិស្សបានរៀន នៅពេលពួកគេបានសិក្សាមេរៀនទី ៣២ ។ សេចក្តីសង្ខេបនេះមិនមែនត្រូវយកមកបង្រៀនជាផ្នែកនៃមេរៀនរបស់អ្នកនោះទេ ។ មេរៀនដែលអ្នកបង្រៀនសម្រាប់មេរៀនទី ៣២ផ្ដោតលើគោលលទ្ធិ និង គោលការណ៍តែពីរបីនេះប៉ុណ្ណោះ ។ សូមធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកគិតពីតម្រូវការរបស់សិស្ស ។
ថ្ងៃទី ១ ( កម្មវិធី និង អង្គការសាសនាចក្រ )
នៅក្នុងមេរៀននេះ សិស្សបានរៀនថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជួយព្រះវរបិតាសួគ៌ដើម្បីនាំឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ ។ ពួកគេក៏បានរៀនផងដែរថា កម្មវិធី និង អង្គការសាសនាចក្រទាំងអស់ដំណើរការក្រោមការដឹកនាំនៃថ្នាក់ដឹកនាំបព្វជិតភាព ដែលកាន់កូនសោដើម្បីធ្វើជាអធិបតី ។ សិស្សបានរកឃើញថានៅពេលយើងចូលរួមនៅក្នុងកម្មវិធី និង អង្គការសាសនាចក្រ នោះយើងទទួលពរជ័យទាំងឡាយដែលមានតាមរយៈពួកលោក ។ បន្ទាប់មកពួកគេដាក់គោលដៅ ដើម្បីកែលម្អការចូលរួមនៅក្នុងអង្គការជំនួយ និង កម្មវិធីនានានៃសាសនាចក្រ ។
ថ្ងៃទី ២ (សេចក្តីប្រកាសជាផ្លូវការទី ២)
នៅពេលសិស្សបានរៀនអំពីវិវរណៈឆ្នាំ ១៩៨៧ដែលបានផ្តល់បព្វជិតភាព និង ពរជ័យនៃព្រះវិហារបរិសុទ្ធដល់សមាជិកសក្តិសមគ្រប់រូបនៃសាសចក្រ នោះពួកគេបានរៀនថាព្យាការីស្វែងរកការដឹកនាំរបស់ព្រះអម្ចាស់ក្នុងការដឹកនាំសាសនាចក្រ ហើយថាព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈវិវរណៈទៅកាន់ព្យាការីរបស់ទ្រង់នៅក្នុងពេលកំណត់របស់ទ្រង់ ។
ថ្ងៃទី ៣ ( ការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ )
ចេញពីមេរៀននេះ សិស្សបានរៀនថាព្រះអម្ចាស់កំពុងពន្លឿនកិច្ចការនៃសេចក្តីសង្គ្រោះរបស់ទ្រង់ ។ ពួកគេក៏បានរៀនផងដែរថា ពួកគេអាចចូលរួមនៅក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ តាមរយៈការចែកចាយដំណឹងល្អ ការសិក្សាព្រះគម្ពីរ និង ការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និង កិច្ចការពង្សប្រវត្តិ ។
ថ្ងៃទី ៤ ( ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក )
នៅក្នុងមេរៀននេះសិស្សបានរកឃើញគោលលទ្ធិ និង គោលការណ៍នានាដែលទាក់ទងនឹងគ្រួសារ ដូចខាងក្រោមនេះ ៖ អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រីត្រូវបានតែងតាំងដោយព្រះ ការបង្កបង្កើតនៃជីវិតរមែងស្លាប់គឺពិសិដ្ឋ ហើយជាផ្នែកសំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ហើយឪពុក និង ម្តាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្មើគ្នានៅក្នុងទំនួលខុសត្រូវនៃក្រុមគ្រួសាររបស់ពួកគេ ។ សិស្សក៏បានរៀនផងដែរថា ព្រះអម្ចាស់នឹងឲ្យយើងទទួលខុសត្រូវប្រសិនបើយើងពុំបំពេញទំនួលខុសត្រូវរបស់យើងនៅក្នុងគ្រួសារយើងនោះទេ ។
សេចក្តីផ្ដើម
មេរៀននេះអាចជួយសិស្សឲ្យយល់ពីពរជ័យនៃការត្រូវបានដឹកនាំដោយព្យាការីអ្នកមើលឆុត និង អ្នកទទួលវិវរណៈដែលនៅរស់ ។ សិស្សនឹងសិក្សាការទូន្មានថ្មីៗពីប្រធានសាសនាចក្រ ដែលជាព្យាការីជម្រើសរបស់ព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
វិវរណៈមានមកជាបន្តបន្ទាប់តាមរយៈព្យាការីនៅរស់
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ តើនរណាគឺជាព្យាការីសំខាន់បំផុតសម្រាប់អ្នក?
សូមឲ្យសិស្សពិចារណាពីសំណួរនេះ ហើយស្តាប់រកចម្លើយនៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖
រូបភាពប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន« ព្យាការីសំខាន់បំផុតចំពោះយើងរាល់គ្នាក្នុងពេលនេះនោះគឺជាព្យាការីម្នាក់ដែលកំពុងតែនៅរស់ក្នុងសម័យ និង ជំនាន់របស់យើងនេះឯង » (« Jesus Christ—Gifts and Expectations »New Era, ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ១៧ ) ។
-
ហេតុអ្វីអ្នកគិតថាព្យាការីនៅរស់ គឺជាព្យាការីសំខាន់បំផុតសម្រាប់យើង ?
បន្ទាប់ពីសិស្សឆ្លើយរួចហើយ សូមបន្តអានសេចក្តីថ្លែងការណ៍របស់ប្រធានប៊ែនសឹន ៖
រូបភាពប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន« នេះគឺជាព្យាការីដែលមាននូវសេចក្តីណែនាំនាសម័យនេះ ពីព្រះសម្រាប់យើង ។… គ្រប់ជំនាន់ មានតម្រូវការចាំបាច់នូវបទគម្ពីរពីបុរាណ បូករួមទាំងគម្ពីរបច្ចុប្បន្នកាលមកពីព្យាការីនៅរស់ ។ ហេតុដូច្នោះហើយ ការអាន និងការពិចារណាដ៏សំខាន់បំផុតដែលអ្នកគប្បីធ្វើ នោះគឺពាក្យពេចន៍ដ៏បំផុសគំនិតថ្មីៗបំផុតមកពីមាត់នៃអ្នកនាំពាក្យរបស់ព្រះអម្ចាស់ ។ នោះហើយជាមូលហេតុចាំបាច់ដែលអ្នកមានសិទ្ធិ និង អានដោយយកចិត្តទុកដាក់នូវពាក្យរបស់លោក នៅក្នុងទស្សនាវដ្តីប្រចាំខែរបស់សាសនាចក្រ » (« Jesus Christ—Gifts and Expectations »ទំព័រ ១៧ ) ។
សូមពន្យល់ថា យើងគាំទ្រសមាជិកទាំអស់នៃគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។ ប៉ុន្តែ ប្រធានសាសនាចក្រគឺជាបុគ្គលតែម្នាក់គត់ដែលមានសិទ្ធិអំណាច ដើម្បីអនុវត្តកូនសោបព្វជិតភាពទាំងអស់នៅលើផែនដីនេះ ហើយជាបុគ្គលតែម្នាក់គត់ដែលមានសិទ្ធិអំណាចដើម្បីទទួល និង ប្រកាសវិវរណៈសម្រាប់សាសនាចក្រទាំងមូល ។
-
យោងតាមអ្វីដែលបានរៀននៅក្នុងមេរៀនថ្មីៗនេះ តើពេលណាដែលប្រធានសាសនាចក្របានប្រកាសវិវរណៈសម្រាប់សាសនាចក្រទាំងមូល ឬ ប្រកាសពីការផ្លាស់ប្តូរពិសេសៗនៅក្នុងដំណើរការនានានៃសាសនាចក្រ ? ( ចម្លើយអាចរួមមាននៅពេលប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានចេញសេចក្តីប្រកាសទាក់ទងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព [ សូមមើល សេចក្តីប្រកាសជាផ្លូវការទី ១] នៅពេលប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បានប្រកាសពីសេចក្តីពិតដែលពុំដឹងពីមុនអំពីស្ថានភាពជីវិតពិភពវិញ្ញាណ [ សូមមើល គ. និង ស. ១៣៨] ហើយនៅពេលប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានប្រកាសថាពរជ័យនៃបព្វជិតភាពមានដល់សមាជិកសក្តិសមគ្រប់រូបនៃសាសនាចក្រ [ សូមមើល សេចក្តីប្រកាសជាផ្លូវការទី ២] ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្ដាប់ រកមើលសេចក្តីពិតទាក់ទងនឹងវិវរណៈនៅក្នុងសម័យបច្ចុប្បន្នរបស់យើង ។
រូបភាពប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ« សារដំណឹងដ៏រុងរឿងមួយនៃការស្តារឡើងវិញនូវសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺថា ព្រះទ្រង់បន្តមានបន្ទូលមកកាន់កូនចៅរបស់ទ្រង់ ! ទ្រង់មិនលាក់ទុកនៅក្នុងស្ថានសួគ៌ឡើយ ប៉ុន្តែមានព្រះបន្ទូលនៅសម័យនេះដូចដែលទ្រង់បានធ្វើនៅក្នុងសម័យបុរាណដែរ ។…
« ដំបូន្មានដែលមិនអាចកាត់ថ្លៃបានរបស់ព្រះចំពោះមនុស្សលោកគឺ ត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរប៊ីប ព្រះគម្ពីរមរមនគោលលទ្ធិ និង សេចក្តីសញ្ញា និង មុក្ដាដ៏មានតម្លៃមហិមា ។ ជាងនោះទៀត ព្រះអម្ចាស់មានបន្ទូលតាមរយៈអ្នកបម្រើទាំងឡាយរបស់ទ្រង់ ដូចដែលទ្រង់នឹងធ្វើម្តងទៀតនៅឯ… សន្និសីទទូទៅ » (« Why Do We Need Prophets ? » Ensign, ខែ មិនា ឆ្នាំ ២០១២ ទំព័រ ៤ ) ។
-
តើគោលលទ្ធិអ្វីខ្លះទាក់ទងនឹងវិវរណៈដែលប្រធាន អុជដូហ្វបានបង្រៀន ? ( សិស្សអាចនឹងប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលលទ្ធិដូចខាងក្រោមនេះ ៖ ព្រះអម្ចាស់បន្តមានបន្ទូលមកកាន់ពួកយើងសព្វថ្ងៃនេះ តាមរយៈព្យាការីនៅរស់របស់ទ្រង់ ។ អ្នកអាចសរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
-
តើយើងអាចស្វែងរកពាក្យសម្ដីរបស់ពួកព្យាការីនៅរស់នៅទីណា ? ( ចម្លើយអាចរួមមានសន្និសីទទូទៅ ទស្សនាវដ្តីនៃសាសនាចក្រ គេហទំព័រ, LDS.orgនិង mormonchannel.org) ។
ដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់ ដែលព្រះអម្ចាស់បន្តមានបន្ទូលមកកាន់ព្យាការីនៅរស់របស់ទ្រង់ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន យ៉ូហាន ថេលើរ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមូលហេតុ ដែលវិវរណៈបន្តមានតាមរយៈព្យាការីនោះសំខាន់អ្វីម្ល៉េះ ។
រូបភាពប្រធាន យ៉ូហាន ថេលើរ« យើងតម្រូវឲ្យមានដើមឈើដែលមានជីវិត—ប្រភពទឹករស់—បញ្ញាដែលរស់រវើក ដែលចេញមកពីបព្វជិតភាពដែលកំពុងមានជីវិតនៅឋានសួគ៌ តាមរយៈបព្វជិតភាពដែលកំពុងនៅរស់នៅលើផែនដីនេះ ។… ហើយចាប់តាំងពីពេលដែលអ័ដាមបានទទួលទំនាក់ទំនងដំបូងជាមួយព្រះ … វាត្រូវបានតម្រូវឲ្យមានវិវរណៈថ្មីៗ សមស្របទៅនឹងកាលៈទេសៈពិសេសេៗនេះដែលសាសនាចក្រ ឬ បុគ្គលម្នាក់ៗត្រូវបានដាក់ឲ្យរស់នៅនោះ ។ វិវរណៈរបស់អ័ដាមពុំបានបង្គាប់ឲ្យ ណូអេសង់ទូករបស់គាត់ឡើយ ហើយវិវរណៈរបស់ណូអេក៏ពុំបានប្រាប់ឲ្យឡុតបោះបង់ចោលក្រុងសូដុំមឡើយ រីឯពាក្យសម្តីទាំងនេះក៏ពុំបាននិយាយអំពីការចាកចេញរបស់កូនចៅអ៊ីស្រាអែលពីស្រុងអេស៊ីពដែរ » ( នៅក្នុង The Gospel Kingdom, sel. G. Homer Durham [ ឆ្នាំ ១៩៨៧ ] ទំព័រ ៣៤ សូមមើលផងដែរ គ. និង ស. ១:៣០) ។
-
យោងតាមប្រធានថេលើរហេតុអ្វីយើងត្រូវការព្យាការីនៅរស់ ? ( តាមរយៈព្យាការីនៅរស់ នោះព្រះបានប្រទានការណែនាំជាក់លាក់ចំពោះសេចក្តីត្រូវការ និង កាលៈទេសៈតាមកាលវេលា ) ។
-
តើការយល់ដឹងពីភាពចាំបាច់នៃការបន្តមានវិវរណៈ អាចជះឥទ្ធិពលលើរបៀបដែលអ្នកស្តាប់ ឬ អានប្រសាសន៍របស់ព្យាការីនៅរស់យ៉ាងដូចម្តេច ?
ធ្វើតាមការទូន្មានរបស់ព្យាការីនៅរស់
ដើម្បីជួយសិស្សឲ្យពិភាក្សាគ្នាពីការទូន្មានរបស់ព្យាការីនៅរស់ សូមជ្រើសរើសយកសុន្ទរកថាសន្និសីទទូទៅមួយ ឬ ច្រើនជាងនេះដែលបានផ្តល់ឲ្យដោយប្រធានសាសនាចក្រកាលពីឆ្នាំមុន ។ សូមផ្ដល់ច្បាប់ចម្លងនៃសុន្ទរកថានោះទៅសិស្សម្នាក់មួយច្បាប់ ។ សូមទុកពេលឲ្យសិស្សស្វែងរកគោលលទ្ធិ និង គោលការណ៍ដែលព្យាការីនៅរស់កំពុងបង្រៀនបច្ចុប្បន្ននេះ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីអានហើយ សូមឲ្យពួកគេធ្វើជាបញ្ជីគោលលទ្ធិ និង គោលការណ៍ដែលប្រធានសាសនាចក្រកំពុងបង្រៀន ។ សូមគិតពីការអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
ដើម្បីជួយសិស្សយល់ និង ដឹងពីសារៈសំខាន់នៃគោលលទ្ធិ និង គោលការណ៍ទាំងនេះដែលពួកគេបានរកឃើញ សូមសួរសំណួរមួយចំនួន ឬ ទាំងអស់ដូចខាងក្រោម ៖
-
តើគោលការណ៍ ឬ គោលលទ្ធិណាមួយដែលអ្នកទទួលអារម្មណ៍ថាវាទាក់ទងយ៉ាងពិសេសជាមួយនឹងអ្នក ? ហេតុអ្វី ?
-
តើអ្នក និង គ្រួសាររបស់អ្នកកំពុងព្យាយាមធ្វើតាមការទូន្មានរបស់ព្យាការីតាមរបៀបណាខ្លះ ?
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ ដែលយើងត្រូវសិក្សា ហើយអនុវត្តនូវអ្វីដែលប្រធានសាសនាចក្របច្ចុប្បន្ននេះកំពុងបង្រៀន ?
សូមសរសេរ សំណួរខាងក្រោម នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬ កំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ៖
ចេញពីប្រសាសន៍របស់ព្យាការីនៅរស់ដែលអ្នកទើបតែបានសិក្សា តើសារលិខិតអ្វីដែលអ្នកទទួលអារម្មណ៍ថាព្រះអម្ចាស់ចង់ឲ្យអ្នកទទួលនោះ ?
តើអ្នកនឹងធ្វើអ្វីខ្លះតាមរយៈការទូន្មានថ្មីៗនេះរបស់ព្យាការី ?
សូមលើកទឹកចិត្តសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានសរសេរ ។ សូមថ្លែងទីបន្ទាល់ថានៅពេលពួកគេធ្វើដូច្នេះ នោះពួកគេអាចមានទំនុកចិត្តថាព្រះវរបិតាសួគ៌នឹងប្រទានពរដល់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តសិក្សា និង អនុវត្តការបង្រៀននានារបស់ព្យាការីនៅរស់ឲ្យបានជាប់លាប់ ។
សូមអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្យាការីនៅរស់ ។
នៅពេលបញ្ចប់ថ្នាក់សិក្ខាសាលាឆ្នាំសិក្សានេះ សូមលើកទឹកចិត្តសិស្សឲ្យបន្តសិក្សាព្រះគម្ពីររៀងរាល់ថ្ងៃ ។ ប្រសិនបើពួកគេនឹងរៀនវគ្គសិក្សាថ្នាក់សិក្ខាសាលាឆ្នាំក្រោយទៀត អ្នកអាចផ្តល់យោបល់ឲ្យពួកគេចាប់ផ្តើមសិក្សាព្រះគម្ពីរសញ្ញាចាស់ ។ អ្នកអាចអញ្ជើញសិស្សម្នាក់ឲ្យថ្លែងទីបន្ទាល់អំពីពរជ័យដែលគាត់បានទទួល តាមរយៈការបន្តអានព្រះគម្ពីររៀងរាល់ថ្ងៃ ទោះបីជាគ្មានថ្នាក់សិក្ខាសាលានៅក្នុងវគ្គសិក្សាក៏ដោយ ។