មេរៀនទី ១ ៖ ថ្ងៃទី ១
ផែនការនៃសេចក្តីសង្គ្រោះ
សេចក្តីផ្តើម
តើអ្នកធ្លាប់ឆ្ងល់ពីមូលហេតុដែលព្រះទ្រង់ត្រាស់បញ្ជាឲ្យយើងធ្វើកិច្ចការមួយចំនួន និងមួយចំនួនទៀតទ្រង់ហាមមិនឲ្យធ្វើដែរឬទេ ? ទស្សនទូទៅនៃផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សេចក្តីសង្គ្រោះរបស់យើង ដែលពេលខ្លះត្រូវបានហៅថាជាផែនការនៃសុភមង្គល អាចជួយយើងឲ្យយល់ដឹងកាន់តែច្បាស់ពីគោលបំណងនៃព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ ជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ចំណេះដឹងអំពីផែនការនៃសុភមង្គល ទោះជាក្នុងទម្រង់ក្រៅ ក៏អាចផ្ដល់ជាពាក្យថា ‹ ហេតុអ្វី › ដល់អ្នកដែលមានគំនិតក្មេងខ្ចីដែរ » ( « The Great Plan of Happiness » [ address toCES religious educators ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៩៩៣ ] ទំព័រ ៣ si.lds.org ) ។
មេរៀននេះផ្ដល់ជាទិដ្ឋភាពទូទៅសង្ខេបមួយអំពី ផែនការនៃសេចក្ដីសង្គ្រោះ ។ ដូចអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា វាផ្ដោតសំខាន់ទៅលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទដែល « ជាសេចក្ដីពិតដ៏សំខាន់បំផុត គ្រឹះដ៏សំខាន់ក្រៃលែង និងជាគោលការណ៍ចម្បងនៃផែនការនៃសេចក្ដីសង្គ្រោះដ៏មហិមា និងអស់កល្បជានិច្ច » ( «កិច្ចការផ្សព្វផ្សាយសាសនា និង ដង្វាយធួន » Ensignខែ មីនា ឆ្នាំ ២០០១ ទំព័រ ៨ ) ។
ផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សុភមង្គលរបស់យើង
ព្រះបានបើកសម្ដែងគោលបំណងអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ទៅដល់ម៉ូសេ កាលទ្រង់បានជួបលោកដោយផ្ទាល់នៅលើភ្នំ ។ សូមអាន ម៉ូសេ ១:៣៩ រួចស្វែងរកអ្វីដែលព្រះបានមានព្រះបន្ទូលថាជាព្រះរាជបំណងរបស់ទ្រង់ ។
តើអ្នកស្គាល់ពីភាពខុសគ្នារវាង « អមតភាព » និង « ជីវិតអស់កល្ប » ដែរឬទេ ? អមតភាព គឺជាជីវិតដែលអាចរស់នៅដោយនិរន្តរ៍ក្នុងស្ថានភាពដែលបានរស់ឡើងវិញ ។ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មនុស្សទាំងអស់ដែលមកចាប់កំណើតនៅលើផែនដីនេះដើម្បីទទួលរូបកាយខាងសាច់ឈាម នឹងទទួលបានអំណោយទានមួយនេះ ។ ជីវិតដ៏នៅអស់កល្បជានិច្ច ឬភាពតម្កើងឡើង គឺជាជីវិតរស់នៅដោយនិរន្តរ៍ជាក្រុមគ្រួសារក្នុងវត្តមានរបស់ព្រះ ។ អំណោយទានមួយនេះក៏កើតមានតាមរយៈដង្វាយធួនដែរ ប៉ុន្តែគឺសម្រាប់តែអស់អ្នកណាដែលមានគុណសម្បត្តិសមនឹងទទួលតែប៉ុណ្ណោះ ។
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ថា ៖ « ដូចដែលបានប្រើក្នុងព្រះគម្ពីរ ជីវិតដ៏នៅអស់កល្បជានិច្ចគឺជាឈ្មោះដែលត្រូវបានដាក់ឲ្យដល់ជីវិតដែលព្រះវរបិតាដ៏អស់កល្បជានិច្ចទ្រង់កំពុងមានព្រះជន្មរស់ ។… ជីវិតរបស់ព្រះគឺជាជីវិតដ៏នៅអស់កល្បជានិច្ច ជីវិតដ៏នៅអស់កល្បជានិច្ចគឺជាជីវិតរបស់ព្រះ—វោហារសព្ទទាំងនេះមានន័យដូចគ្នា » (Mormon Doctrineការបោះពុម្ពលើកទីពីរ [ ឆ្នាំ ១៩៦៦ ] ទំព័រ ២៣៧ ) ។
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា ៖
« អមតភាពគិតអំពីបរិមាណ ។ ជីវិតអស់កល្បជានិច្ច គឺគិតអំពីគុណភាព ។…
« ជីវិតដ៏នៅអស់កល្បជានិច្ច គឺជាចំណុចខ្ពស់បំផុតនៃជីវិត ។ ក្នុងនាមជាកូនចៅខាងវិញ្ញាណរបស់ព្រះ បងប្អូន និងខ្ញុំ គឺជាអ្នកទទួលមរតកចំពោះជោគវាសនាដែលពុំអាចកាត់ថ្លៃបាននេះ ជាអ្នកផ្ដល់ប្រយោជន៍ចំពោះអនាគតដ៏រុងរឿងមួយ ជាអ្នកទទួលព្រះគុណ ។
« បើជីវិតអមតៈ គឺជាកិច្ចការរបស់ព្រះ នោះជីវិតដ៏នៅអស់កល្បជានិច្ច គឺជាសិរីល្អរបស់ព្រះ » (« តើជីវិតអមតៈ និង ជីវិតអស់កល្បជានិច្ចខុសគ្នាយ៉ាងដូចម្តេច ? New Era ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៨ ) ។
ជីវិតដ៏នៅអស់កល្បជានិច្ច រួមមានទាំងការរស់នៅក្នុងវត្តមានរបស់ព្រះ ការប្រែក្លាយដូចជាទ្រង់ខាងរូបកាយ និងលក្ខណៈសម្បត្តិ និងការទទួលបានអ្វីៗគ្រប់យ៉ាងដែលទ្រង់មាន រួមមានក្រុមគ្រួសារអស់កល្បជានិច្ច ។
ចេញពីអ្វីដែលអ្នកបានរៀនក្នុង ម៉ូសេ ១:៣៩ សូមបំពេញសេចក្ដីថ្លែងការណ៍ខាងគោលលទ្ធិចំពោះផែនការរបស់ព្រះវរបិតាសួគ៌ដូចតទៅនេះ ៖ គោលបំណងនៃផែនការរបស់ព្រះវរបិតាសួគ៌គឺដើម្បីឲ្យយើងអាចទទួលបាន ។
ក្នុងជីវិតមុនជីវិតនេះ យើងបានរស់នៅជាវិញ្ញាណក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌ ។ នៅទីនោះយើងបានយល់ដឹងអំពីផែនការទ្រង់សម្រាប់សុភមង្គលរបស់យើង និងរបៀបដែលការធ្វើតាមផែនការនោះនឹងជួយយើងឲ្យបំពេញគោលបំណងទ្រង់ដែលមានសម្រាប់យើង ។ ( សូមមើល គ. និង ស. ១៣៨:៥៥–៥៦ អ័ប្រាហាំ ៣:២២–២៨ ។ )
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តាមការយល់ដឹងរបស់អ្នក តើយើងមានសភាពខុសប្លែកពីព្រះវរបិតាសួគ៌របស់យើងយ៉ាងដូចម្ដេច ក្នុងជីវិតមុនផែនដី ?
-
តើព្រះវរបិតាសួគ៌បានបង្ហាញ ហើយប្រទានអ្វីដល់យើងដើម្បីជួយយើងឲ្យប្រែក្លាយដូចជាទ្រង់ ?
-
-
ផែនការរបស់ព្រះវរបិតាសួគ៌យើងតម្រូវឲ្យយើងចាកចេញពីវត្តមានទ្រង់ ហើយមកដកពិសោធន៍ក្នុងជីវិតលើផែនដី ។ ជីវិតរបស់យើងនៅលើផែនដី នេះជាញឹកញាប់ត្រូវបានហៅថា ជីវិតរមែងស្លាប់ ។ សូមពិចារណាមួយស្របក់ពីមូលហេតុដែលយើងត្រូវចាកចេញពីវត្តមានរបស់ព្រះ និងពីរបៀបដែលជីវិតរមែងស្លាប់ជួយយើងឲ្យរីកចម្រើន ហើយប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌របស់យើង ។ សូមសរសេរគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍ពីជីវិតរមែងស្លាប់របស់យើងលើផែនដីនេះថា ៖ « ព្រះបានប្រទានដល់យើងនូវផែនការមួយ ។ ទ្រង់បានបញ្ជូនយើងទាំងអស់គ្នាមកលើផែនដីនេះដើម្បីទទួលបានរូបកាយ និងដើម្បីដកពិសោធន៍ ហើយរីកចម្រើន » ( The Teachings of Spencer W. Kimball, បានបោះពុម្ពដោយ Edward L. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ២៥ ការសង្កត់ន័យត្រូវបានបន្ថែម ) ។ តើការទទួលបានរូបកាយសាច់ឈាម និងការដកពិសោធន៍លើផែនដីជួយយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ? តើឧបសគ្គនានាមានដូចជាការល្បួង ជំងឺ ទុក្ខព្រួយ ការឈឺចាប់ ការបាក់ទឹកចិត្ត អសមត្ថភាព ថែមទាំងទុក្ខលំបាកក្នុងជីវិតរមែងស្លាប់ដទៃទៀត មានតួនាទីដូចម្ដេចក្នុងការខិតខំរបស់យើងដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ហើយប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ ?
ឧបសគ្គធំមួយដែលយើងប្រឈមមុខក្នុងជីវិតរមែងស្លាប់គឺ អំពើបាប ។ អំពើបាបរារាំងយើងពីការប្រែក្លាយដូចជាព្រះវរបិតាសួគ៌ និងការត្រឡប់ទៅរស់នៅជាមួយនឹងទ្រង់វិញ ( សូមមើល គ. និង ស. ២០:១៨–២០; ម៉ូសេ ៦:៥៧ ) ។ អំពើបាបពុំគ្រាន់តែធ្វើឲ្យយើងពុំស្អាតស្អំនោះទេ ប៉ុន្តែ កាលយើងប្រព្រឹត្តបាបក៏ផ្ទុយទៅនឹងនិស្ស័យនៃព្រះដែរ—យើងពុំអាចបន្តប្រព្រឹត្តបាប ហើយនៅតែអាចចាប់យកគោលដៅនៃការប្រែក្លាយដូចជាព្រះវរបិតាសួគ៌បានឡើយ ( សូមមើល អាលម៉ា ៤១:១០–១១ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៤០–៤២ រួចគូសចំណាំពីរបៀបដែលព្រះវរបិតាសួគ៌បានប្រទានឲ្យដើម្បីយកឈ្នះលើអំពើបាប ។
ភាពពិតដែល ព្រះយេស៊ូវគ្រីស្ទបានរងឈឺចាប់ ហើយត្រូវគេឆ្កាងជំនួសអំពើបាបនៃមនុស្សទាំងអស់ គឺជាគោលលទ្ធិសំខាន់ក្នុងផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើង ហើយអាចផ្ដល់ជាសេចក្ដីសង្ឃឹមដល់កូនចៅព្រះវរបិតាសួគ៌ទាំងអស់គ្នា ។ សូមយកពេលមួយស្របក់សញ្ជឹងគិតពីអ្វីដែលពលិកម្មរបស់ព្រះអង្គសង្គ្រោះមានន័យចំពោះអ្នក ។
ទោះជាព្រះយេស៊ូវគ្រីស្ទទទួលទោសជំនួសអំពើបាបរបស់យើងយ៉ាងណាក្ដី ក៏ទ្រង់ពុំដកយកការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់យើងដែរ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២២–២៣; ២៥:១៣, ១៥ ហើយស្វែងរកអ្វីដែលតម្រូវឲ្យយើងធ្វើដើម្បីទទួលបានអំណាចនៃការលាងសម្អាតរបស់ដង្វាយធួន ហើយដើម្បីត្រឡប់ទៅរស់នៅក្នុងវត្តមានព្រះវរបិតាសួគ៌វិញ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
-
យោងទៅតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២២–២៣; ២៥:១៣, ១៥ តើយើងត្រូវតែធ្វើអ្វីខ្លះ ដើម្បីមករកព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានពរជ័យនៃពលិកម្មដ៏ធួនរបស់ទ្រង់ ? សូមសរសេរចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ប្រសិនបើយើងគោរពប្រតិបត្តិតាមគោលការណ៍ និងពិធីបរិសុទ្ធនានានៃដំណឹងល្អ យើងអាចយកឈ្នះលើអំពើបាបតាមរយៈព្រះគុណ និងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទបាន ( សូមមើល មរ៉ូណៃ ១០:៣២–៣៣ ) ។ ដោយសារតែដង្វាយធួន ទើបនៅពេលយើងរក្សាសេចក្ដីសញ្ញាដែលយើងធ្វើនៅពេលទទួលបុណ្យជ្រមុជទឹក នោះយើងអាចប្រែចិត្ត ហើយត្រូវបានអភ័យទោសពីអំពើបាបរបស់យើង ហើយទទួលបានការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធដើម្បីនាំយើងដើរតាមមាគ៌ាឆ្ពោះទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច ។
ក្រៅពីអំពើបាប មានឧបសគ្គមួយទៀតដែលយើងត្រូវតែយកឈ្នះឲ្យបានដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ សូមអាន អាលម៉ា ១២:២៤ រួចប្រាប់ឧបសគ្គនោះ ។
នៅពេលយើងស្លាប់ នោះវិញ្ញាណ និង រូបកាយរបស់យើងបែកចេញពីគ្នា ។ ប្រសិនបើវិញ្ញាណ និងរូបកាយរបស់យើងបែកចេញពីគ្នាជារៀងរហូត នោះវានឹងមិនអាចទៅរួចឡើយដើម្បីប្រែក្លាយឲ្យដូចជាព្រះនោះ ។ យើងពុំអាចប្រែក្លាយដូចជាព្រះវរបិតាសួគ៌ដោយគ្មានរូបកាយនៃសាច់ និងឆ្អឹងបានឡើយ( សូមមើល គ. និង ស. ៩៣:៣៣–៣៤; ១៣០:២២) ។
សូមអាន អាលម៉ា ១១:៤២–៤៥ រួចស្វែងរកថាតើការបែកចេញពីគ្នានៃវិញ្ញាណ និងរូបកាយរបស់យើង ដែលកើតឡើងនៅពេលយើងស្លាប់នោះត្រូវបានយកឈ្នះដោយរបៀបណា ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីបានជាការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អសម្រាប់មនុស្សគ្រប់រូប ?
-
តើសេចក្ដីសង្ឃឹមនៃដំណើររស់ឡើងវិញនាំមកនូវសេចក្ដីអំណរដល់អ្នកយ៉ាងដូចម្ដេច ?
-
ដូចដែលអ្នកបានអានមុននេះថា អមតភាពគឺជាអំណោយទាននៃដង្វាយធួនព្រះយេស៊ូវគ្រីស្ទដែលមនុស្សគ្រប់រូបនឹងទទួលបាន ដោយមិនគិតថាពួកគេបានប្រព្រឹត្តល្អ ឬអាក្រក់កាលកំពុងរស់ក្នុងជីវិតរមែងស្លាប់នោះឡើយ ( សូមមើល អាលម៉ា ១១:៤២–៤៥; គ. និង ស. ១៣៨:១៤–១៧ ) ។ ដោយសារតែការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនេះហើយ ទើបមនុស្សលោកទាំងអស់នឹងរស់ឡើងវិញ ហើយរស់នៅជានិរន្តរ៍ ។ ទោះជាយ៉ាងណាក៏ដោយ ជីវិតដ៏នៅអស់កល្បជានិច្ចគឺជាអំណោយទានពីព្រះទៅដល់តែអស់អ្នកដែលគោរពប្រតិបត្តិតាមច្បាប់ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អរបស់ទ្រង់ប៉ុណ្ណោះ ( សូមមើល គ. និង ស. ១៤:៧ ) ។
-
សូមសង្ខេបនូវអ្វីដែលអ្នកបានរៀនអំពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សុភមង្គលរបស់យើងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមញែកពេលវេលាមួយ ដើម្បីបង្រៀនពីអ្វីដែលអ្នកបានរៀនអំពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់សេចក្ដីសង្គ្រោះរបស់យើង ទៅកាន់សមាជិកគ្រួសារម្នាក់ ឬមិត្តម្នាក់ដោយផ្ទាល់ ។ នៅពេលអ្នកពន្យល់ពីអ្វីដែលអ្នកបានរៀននោះ អ្នកអាចគូរឌីយ៉ាក្រាមដើម្បីធ្វើជាជំនួយ ។ សូមប្រុងប្រៀបជាស្រេចដើម្បីចែកចាយបទពិសោធន៍ជាមួយគ្រូរបស់អ្នក ។
មេរៀននេះបានផ្ដល់តែការពន្យល់សង្ខេបនៃផែនការនៃសេចក្ដីសង្គ្រោះតែប៉ុណ្ណោះ ។ ក្នុងការសិក្សារបស់អ្នកអំពី គោលលទ្ធិ និង សេចក្ដីសញ្ញា នៅឆ្នាំនេះ អ្នកនឹងរៀនពីសេចក្ដីពិតជាច្រើនបន្ថែមទៀតដែលទាក់ទងទៅនឹងផែនការនៃសេចក្ដីសង្គ្រោះ ។ នៅពេលអ្នករៀនបន្ថែមពីផែនការនេះ សូមស្វែងរកអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់អ្នក ហើយទោរទន់ទៅរកការបំផុសគំនិតរបស់ព្រះវិញ្ញាណអំពីអ្វីដែលអ្នកត្រូវធ្វើដើម្បីទទួលបានពរជ័យពេញលេញដែលព្រះវរបិតាសួគ៌ប្រទានឲ្យ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀនអំពី « ផែនការនៃសេចក្តីសង្គ្រោះ » ហើយបានបញ្ចប់វានៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖