មេរៀនទី ១ ៖ ថ្ងៃទី ២
ការក្បត់សាសនាដ៏ធំ
សេចក្ដីផ្ដើម
ព្រះយេស៊ូវគ្រីស្ទបានស្ថាបនាសាសនាចក្រទ្រង់ឡើងកាលទ្រង់ធ្វើការបម្រើនៅលើផែនដី ។ ប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយបានពន្យល់ថា ៖ « បន្ទាប់ពីការយាងឡើងទៅស្ថានសួគ៌វិញរបស់ព្រះគ្រីស្ទ ពួកសាវកបានបន្តប្រើប្រាស់កូនសោដែលទ្រង់បានបន្សល់ទុកនៅនឹងពួកលោក ។ ប៉ុន្តែដោយសារតែការមិនគោរពប្រតិបត្តិ និងការបាត់បង់សេចក្ដីជំនឿពីសំណាក់សមាជិក នោះពួកសាវកបានចែកឋានទៅដោយគ្មានអ្នកទទួលកាន់កូនសោបន្តឡើយ ។ យើងហៅព្រឹត្តិការណ៍សោកនាដកម្មនោះថា ‹ ការក្បត់សាសនា › » («The True and Living Church, » Ensignឬ Liahonaខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ២១ ) ។ ដោយសារតែការក្បត់សាសនាដែលរីករាលដាលនេះហើយ ទើបសិទ្ធិអំណាចបព្វជិតភាពត្រូវបានបាត់បង់ពីចំណោមមនុស្សលោក ។ ការយល់ដឹងពីការក្បត់សាសនាដ៏ធំជួយយើងឲ្យយល់កាន់តែច្បាស់ពីតម្រូវការឲ្យមានការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយនេះ ។
ព្រះយេស៊ូវគ្រីស្ទបានស្ថាបនាសាសនាចក្រទ្រង់ឡើងកាលទ្រង់គង់នៅលើផែនដីនេះ
ក្នុងតារាងខាងក្រោម សូមផ្គូផ្គងគ្រឿងឧបករណ៍ជាមួយនឹងម៉ាស៊ីន ឬចំណែកនៃបរិក្ខារដែលត្រូវនឹងវា ៖
តើម៉ាស៊ីនទាំងនេះមានអត្ថប្រយោជន៍ដូចម្ដេច ប្រសិនបើគ្មានឧបករណ៍ដែលអ្នកបានផ្គូរផ្គងទេនោះ ? សូមប្រៀបធៀបការណ៍នេះទៅនឹងសាសនាចក្ររបស់ព្រះអម្ចាស់ ។ តើមានផ្នែកចាំបាច់អ្វីខ្លះ ដែលប្រសិនបើវាត្រូវបានដកចេញពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនោះសាសនាចក្រនឹងពុំអាចដំណើរការបាន ឬ មិនអាចសូម្បីតែមានរូបរាងនោះ ?
-
សូមសរសេរចំណងជើងក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកថា ធាតុចំបាច់នានានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នករកឃើញធាតុផ្សេងៗអំឡុងពេលសិក្សាមេរៀននេះ សូមសរសេរវានៅក្រោមចំណងជើងនេះ ។
សូមអាន អេភេសូរ ២:១៩–២២ រួចគូសចំណាំពីគ្រឹះដែលព្រះយេស៊ូវគ្រីស្ទបានស្ថាបនាសាសនាចក្រទ្រង់នៅលើ អំឡុងពេលការបម្រើរបស់ទ្រង់ក្នុងជីវិតរមែងស្លាប់ ។ តើអ្នកគិតថាហេតុអ្វីបានជាពួកសាវក និងពួកព្យាការីត្រូវបានចាត់ទុកថាជា « គ្រឹះ » នៃសាសនាចក្រ ? តើនរណាជាថ្មជ្រុងយ៉ាងឯក ?
សូមសរសេរសេចក្ដីពិតតទៅនេះក្នុងបញ្ជីធាតុចាំបាច់នានានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកថា ៖ពួកសាវក និងពួកព្យាការី បង្កើតបានជាគ្រឹះនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
តើមានអ្វីកើតឡើងក្នុងរូបភាពខាងក្រោមនេះ ?
សូមអាន យ៉ូហាន ១៥:១៦ រួចស្វែងរកធាតុមួយទៀតនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលចាំបាច់សម្រាប់សេចក្ដីសង្គ្រោះនៃកូនចៅរបស់ព្រះ ។
ពីមុនព្រះអង្គសង្គ្រោះបានយាងឡើងទៅឯស្ថានសួគ៌វិញ ទ្រង់បានប្រទានដល់ពួកសាវកទ្រង់នូវសិទ្ធិអំណាចដើម្បីដឹកនាំសាសនាចក្រទ្រង់ ហើយប្រព្រឹត្តនៅក្នុងព្រះនាមនៃព្រះដើម្បីឲ្យមានសេចក្ដីសង្គ្រោះដល់កូនចៅទ្រង់ ។ សិទ្ធិអំណាចបព្វជិតភាពនេះរួមមានកូនសោបព្វជិតភាព ឬសិទ្ធិ ដើម្បីដឹកនាំសាសនាចក្រ ហើយធ្វើពិធីបរិសុទ្ធទាំងឡាយដែលចាំបាច់ដល់សេចក្ដីសង្គ្រោះ ។ សូមសរសេរបញ្ចូលសេចក្ដីពិតតទៅនេះ ទៅក្នុងបញ្ជីក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកថា ៖ សិទ្ធិអំណាចបព្វជិតភាពគឺចាំបាច់ដើម្បីទទួលសេចក្ដីសញ្ញា និងពិធីបរិសុទ្ធទាំងឡាយនៃសេចក្ដីសង្គ្រោះ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបកស្រាយពីធាតុចាំបាច់មួយទៀតនៃសាសនាចក្រដ៏ពិតថា ៖ « សេចក្ដីពិត និងគោលលទ្ធិ ដែលយើងបានទទួល បានមក ហើយនឹងបន្ដមានមកតាមរយៈវិវរណៈរបស់ព្រះ ។ នៅក្នុងទំនៀមទម្លាប់ជំនឿមួយចំនួន…បញ្ហាខាងគោលលទ្ធិ អាចក្លាយជាការខ្វែងមតិយោបល់គ្នា ។… យើងឲ្យតម្លៃដល់ចំណេះវិជ្ជាដែលពង្រីកការយល់ដឹងប៉ុន្តែ នៅក្នុងសាសនាចក្រសព្វថ្ងៃ ក៏ដូចជាជំនាន់បុរាណ ការស្ថាបនាគោលលទ្ធិនៃព្រះគ្រីស្ទ ឬការកែគំនិតភ័ន្ដច្រឡំខាងគោលលទ្ធិ គឺជារឿងមួយនៃវិវរណៈរបស់ព្រះចំពោះអ្នកទាំងឡាយណាដែលព្រះអម្ចាស់ បានប្រគល់ឲ្យនូវសិទ្ធិអំណាចជាសាវក » (« The Doctrine of Christ, » Ensignឬ Liahonaខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៨៦ ) ។
ស្របតាមអែលឌើរ គ្រីស្តូហ្វឺសិន តើតួនាទីសំខាន់មួយរបស់ព្យាការី និងពួកសាវកគឺជាអ្វី ?
គោលលទ្ធិមួយគឺជាសេចក្ដីពិតគ្រឹះដ៏អស់កល្បអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ តើអ្នកគិតថាហេតុអ្វីបានជាវាសំខាន់ថា គោលលទ្ធិពិត ត្រូវបានបង្រៀន ហើយយល់ត្រឹមត្រូវនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ដូច្នេះ ?
សូមសរសេរបញ្ចូលសេចក្ដីពិតដូចតទៅនេះ ទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកថា ៖ ពួកសាវក និងពួកព្យាការីស្ថាបនាគោលលទ្ធិដ៏ត្រឹមត្រូវតាមរយៈវិវរណៈដ៏ទេវភាព ។
ទោះបីជាមានគោលលទ្ធិជាច្រើននៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងណាក៏ដោយ ក៏អ្នកត្រូវបានលើកទឹកចិត្តឲ្យបង្កើនការយល់ដឹងឲ្យបានកាន់តែជ្រាលជ្រៅពីគោលលទ្ធិគ្រឹះទាំងឡាយខាងក្រោមពេញមួយការសិក្សាថ្នាក់សិក្ខាសាលារបស់អ្នក ។ ដោយធ្វើដូច្នេះ វានឹងជួយអ្នកឲ្យពង្រឹងទីបន្ទាល់ខ្លួន ហើយរៀបចំអ្នកឲ្យបង្រៀនដំណឹងល្អដល់មនុស្សដទៃ ។
-
ក្រុមព្រះ
-
ផែនការនៃសេចក្តីសង្គ្រោះ
-
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
-
គ្រាកាន់កាប់ត្រួតត្រា ការក្បត់សាសនា និង ការស្តារឡើងវិញ
-
ព្យាការី និង វិវរណៈ
-
បព្វជិតភាព និង កូនសោនៃបព្វជិតភាព
-
ពិធីបរិសុទ្ធ និងសេចក្តីសញ្ញា
-
អាពាហ៍ពិពាហ៍ និង គ្រួសារ
-
ព្រះបញ្ញត្តិ
-
សូមជ្រើសរើសយកគោលលទ្ធិគ្រឹះមួយខាងលើនេះ ។ សូមសរសេរការបកស្រាយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីមូលហេតុដែលគោលលទ្ធិនោះមានអត្ថន័យសម្រាប់អ្នក ។
សូមស្វែងរកគោលលទ្ធិទាំងនេះពេញមួយការសិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញារបស់អ្នកនៅឆ្នាំនេះ ហើយព្យាយាមពង្រីកចំណេះដឹង និងការយល់ដឹងរបស់អ្នកឲ្យបានជ្រៅជ្រះអំពីគោលការណ៍ទាំងនោះ ។
ដើម្បីជួយអ្នកឲ្យស្គាល់ពីធាតុចំបាច់មួយទៀតនៃសាសនាចក្រនៃព្រះអម្ចាស់ សូមមើលទៅរូបភាពទាំងឡាយខាងក្រោមនេះ ហើយគិតពីអ្វីដែលរូបភាពទាំងនេះមានដូចគ្នា ។
ពិធីបរិសុទ្ធគឺជាការប្រព្រឹត្តដ៏ពិសិដ្ឋជាផ្លូវការដែលធ្វើឡើងដោយមនុស្សដែលមានសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ និងការអនុញ្ញាតដើម្បីធ្វើពិធីបរិសុទ្ធនោះ ។ តើអ្នកគិតថាហេតុអ្វីបានជាពិធីបរិសុទ្ធទាំងឡាយជាផ្នែកដ៏ចាំបាច់ក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ? ( ដើម្បីជួយអ្នកឆ្លើយនឹងសំណួរនេះ សូមអាន យ៉ូហាន ៣:៥ ។ ក្រោយមកសូមគិតអំពីអ្វីដែលនឹងកើតឡើង ប្រសិនបើអ្នកពុំអាចទទួលបានពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ និងទទួលព្រះវិញ្ញាណបរិសុទ្ធទេនោះ ) ។
សេចក្តីសញ្ញាគឺជា « កិច្ចព្រមព្រៀងរវាងព្រះ និងមនុស្ស ប៉ុន្តែភាគីទាំងសងខាងពុំចាំបាច់ប្រព្រឹត្តដោយស្មើភាពក្នុងកិច្ចព្រមព្រៀងនេះឡើយ ។ ព្រះដាក់លក្ខខណ្ឌទាំងឡាយសម្រាប់សេចក្តីសញ្ញា ហើយមនុស្សយល់ព្រមធ្វើតាមអ្វីដែលទ្រង់សុំឲ្យពួកគេធ្វើ ។ បន្ទាប់មក ព្រះសន្យានឹងមនុស្សនូវពរជ័យជាក់លាក់ទាំងឡាយសម្រាប់ការគោរពប្រតិបត្តិរបស់ពួកគេ » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្តីសញ្ញា » scriptures.lds.org) ។ ពិធីបរិសុទ្ធគឺជាមធ្យោបាយដែលយើងបង្កើតសេចក្ដីសញ្ញាជាមួយព្រះ ហើយពរជ័យទាំងឡាយកើតមានពីការរក្សាសេចក្ដីសញ្ញាទាំងនោះ ។
គ្រប់ពិធីបរិសុទ្ធនៃការសង្គ្រោះនៃបព្វជិតភាពទាំងអស់ សុទ្ធតែអមមកជាមួយសេចក្ដីសញ្ញា ដែលជាកិច្ចព្រមព្រៀងពិសិដ្ឋជាមួយព្រះ ។ សូមសរសេរបញ្ចូលសេចក្ដីពិតតទៅនេះ ទៅក្នុងបញ្ជីក្នុងកំណត់ហេតុសិក្សាព្រះគម្ពីររបស់អ្នកថា ៖ ក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងអាចទទួលបានពិធីបរិសុទ្ធទាំងឡាយដែលចាំបាច់ដល់សេចក្ដីសង្គ្រោះរបស់យើង ។
កាលទ្រង់គង់នៅលើផែនដីនេះ ព្រះយេស៊ូវគ្រីស្ទបានស្ថាបនាធាតុនីមួយៗដែលអ្នកបានសិក្សាជាផ្នែកចាំបាច់របស់សាសនាចក្រទ្រង់ ។ បន្ទាប់ពីទ្រង់បានសុគត បានមានព្រះជន្មរស់ឡើងវិញ ហើយបានយាងឡើងទៅស្ថានសួគ៌វិញ នោះទ្រង់បានបន្តដឹកនាំ ហើយបង្រៀនពួកសាវកទ្រង់តាមរយៈវិវរណៈ ។ នៅក្រោមការដឹកនាំរបស់ពួកសាវក នោះសាសនាចក្រពីបុរាណបានរីកដុះដាលយ៉ាងរហ័ស ហើយមនុស្សរាប់ពាន់នាក់បានទទួលបុណ្យជ្រមុជទឹក ។ ក្រុមជំនុំទាំងឡាយនៃពួកបរិសុទ្ធត្រូវបានបង្កើតឡើងពេញមួយចំណែកធំនៃចក្រភព រ៉ូម ( រួមមានពួកអេស្ប៉ាញ ទួគី ក្រិក អ៊ីតាលី ស៊ីរី និងផ្នែកដទៃទៀតនៅប៉ែកអឺរ៉ុប អាស៊ី និង អាហ្រិកនៅសម័យទំនើបនេះ ) ។ អែលឌើរ ប៊ីស្សព ឌីកុន សង្ឃ គ្រូ និងអ្នកបង្រៀនដំណឹងល្អ ( ពួកអយ្យកោ ) ត្រូវបានហៅ ហើយផ្ដល់សិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវដោយពួកសាវក ។
ការក្បត់សាសនាដ៏ធំកើតឡើងនៅប៉ុន្មានសតវត្សរ៍ក្រោយពីការបម្រើរបស់ព្រះអម្ចាស់ក្នុងជីវិតរមែងស្លាប់
ទោះជាមានការខិតខំពីសំណាក់ពួកសាវកយ៉ាងណាក្ដី ក៏សាសនាចក្រកាលពីបុរាណបានប្រឈមមុខនឹងការគំរាមកំហែងទាំងក្នុង និងក្រៅសាសនាចក្រដែរ ។ សូមអានការដកស្រង់បទគម្ពីរខាងក្រោម រួចស្វែងរកការគំរាមកំហែងទាំងនេះ ៖
-
តើអ្នកគិតថាហេតុអ្វីបានជាការគំរាមកំហែងទាំងនេះគ្រោះថ្នាក់ដល់សាសនាចក្រ ? សូមសរសេរគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ប្រធាន ប៊យដ៏ ឃេ ផាកកឺ ប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ពីការបាត់បង់ដ៏ធំដែលសាសនាចក្រក្នុងសញ្ញាថ្មីបានជួបប្រទះអំឡុងពេលនោះថា ៖
« យ៉ាកុបត្រូវបានសម្លាប់នៅក្រុងយេរ៉ូសាឡិមដោយស្ដេចហេរ៉ូឌ ។ ពេត្រុស និងប៉ុល ស្លាប់នៅក្រុងរ៉ូម ។ ទំនៀមទម្លាប់បានប្រាប់ថា ភីលីព បានចេញទៅភាគខាងកើត ។ មានរឿងជាច្រើនទៀតដែលយើងពុំដឹង ។
« ពួកលោកបានបំបែកគ្នា ពួកលោកបានបង្រៀន ថ្លែងទីបន្ទាល់ ហើយបានស្ថាបនាសាសនាចក្រឡើង ។ ហើយពួកគេបានស្លាប់ដើម្បីជំនឿរបស់ពួកគេ ហើយដោយការស្លាប់របស់ពួកគេ នោះកើតមាននូវភាពងងឹតនៃការក្បត់សាសនាជាច្រើនសតវត្សន៍ » ( ពួកដប់ពីរនាក់ » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨, ទំព័រ ៨៤ ) ។
តើរចនាសម្ព័ន្ធនឹងទៅជាយ៉ាងណាប្រសិនបើគ្រឹះត្រូវបានដកចេញទៅហើយនោះ ?
ការធ្លាក់នៃសាសនាចក្រកាលពីបុរាណត្រូវបានហៅថា ការក្បត់សាសនាដ៏ធំ ។ ការក្បត់សាសនាកើតឡើងនៅពេលមនុស្សបែរចេញឆ្ងាយពីសេចក្ដីពិតនៃដំណឹងល្អ ហើយបដិសេធចោលពួកអ្នកបម្រើដែលមានសិទ្ធិអំណាចពីព្រះអម្ចាស់ ។
ប្រធាន ផាកកឺ បានពន្យល់បន្ថែមពីការបាត់បង់ដ៏ធំធេងជាងគេដែលជាលទ្ធផលពីការក្បត់សាសនាដ៏ធំនោះថា ៖ « របស់ដ៏មានតម្លៃបំផុតដែលបានបាត់បង់នៅក្នុងការក្បត់សាសនា គឺសិទ្ធិអំណាចដែលពួកដប់ពីរនាក់កាន់--គឺកូនសោបព្វជិតភាព។ ដើម្បីឲ្យសាសនាចក្រនេះ ជាសាសនាចក្ររបស់ទ្រង់ សាសនាចក្រនេះត្រូវតែមានកូរ៉ុមមួយនៃពួកសាវកដប់ពីរនាក់ ដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាព ហើយប្រគល់វាទៅដល់មនុស្សដទៃទៀត » («The Twelves » ទំព័រ ៨៤)។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការបាត់បង់សិទ្ធិអំណាចបព្វជិតភាពមានផលប៉ះពាល់ដល់ធាតុចាំបាច់ដទៃទៀតនៃសាសនាចក្រយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាពុំមានមធ្យោបាយដើម្បីកែលម្អសាសនាចក្រឡើងវិញ ប្រសិនបើគ្មានពួកព្យាការី និងពួកសាវក សិទ្ធិអំណាចបព្វជិតភាព និងចំណេះដឹងដ៏ត្រឹមត្រូវពីគោលលទ្ធិនៃព្រះយេស៊ូវគ្រីស្ទទេនោះ ?
-
ប្រធាន ផាកកឺ បានមានប្រសាសន៍ពីគ្រានោះក្នុងប្រវត្តិសាស្ត្រថា ៖ « នៅពេលជាច្រើនសតវត្សន៍បានកន្លងផុតទៅ នោះអណ្ដាតភ្លើងនៃគោលលទ្ធិបានភ្លឺព្រឹមៗ រួចងងឹតសូន្យសុង ។ ពិធីបរិសុទ្ធទាំងឡាយត្រូវបានកែប្រែ ឬបោះបង់ចោល ។ ខ្សែតំណរត្រូវបានផ្ដាច់ ហើយសិទ្ធិអំណាចដើម្បីប្រគល់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាអំណោយទានមួយ ត្រូវបានបាត់ ។ យុគសម័យដ៏ខ្មៅងងឹតនៃការក្បត់សាសនា បានរីកសាយពេញលើពិភពលោក » (The Cloven Tongues of Fire » Ensign ខែ ឧសភា ឆ្នាំ ២០០២,ទំព័រ ៨ ) ។
-
សូមឆ្លើយសំណួរដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថាហេតុអ្វីបានជាវាមានសារៈសំខាន់ដែលត្រូវយល់ពីការក្បត់សាសនាដ៏ធំ និងផលវិបាករបស់វា ?
នៅពេលអ្នកសិក្សាពីគោលលទ្ធិ និង សេចក្ដីសញ្ញា និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ អំឡុងពេលវគ្គសិក្សាថ្នាក់សិក្ខាសាលាឆ្នាំនេះ អ្នកនឹងយល់ដឹងថា ការស្តារឡើងវិញនៃសេចក្ដីពិត និង សិទ្ធិអំណាចបព្វជិតភាពមានភាពចាំបាច់ដើម្បីយកឈ្នះលើឥទ្ធិពលនៃការក្បត់សាសនាដ៏ធំ ។ ការស្តារឡើងវិញគឺជា « ការបង្កើតឡើងវិញរបស់ព្រះនូវសេចក្តីពិត និង ពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អរបស់ទ្រង់ក្នុងចំណោមកូនចៅមនុស្សនៅលើផែនដី ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទបានបាត់បង់ពីផែនដីដោយសារការក្បត់សាសនា ដែលបានកើតមាននៅបន្ទាប់ពីការបម្រើនៃពួកសាវករបស់ព្រះយេស៊ូវគ្រីស្ទនៅលើផែនដីនេះ ។ ការក្បត់សាសនានោះបានធ្វើឲ្យមានភាពចាំបាច់ចំពោះការស្ដារឡើងវិញនៃដំណឹងល្អ » ( សេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ការស្តារឡើងវិញនៃដំណឹងល្អ »scriptures.lds.org) ។
នៅពេលអ្នកសិក្សា អ្នកនឹងស្គាល់ពីរបៀបដែលធាតុចាំបាច់នានានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ដារឡើងវិញនៅលើផែនដីតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ។ ព្រះអម្ចាស់បានស្ថាបនាសាសនាចក្រទ្រង់ឡើងសាជាថ្មី ក្នុងគោលបំណងឲ្យមានសេចក្ដីសង្គ្រោះដល់ពិភពលោក ។
-
សូមពន្យល់ទៅកាន់សមាជិកគ្រួសារម្នាក់ ឬ មិត្តម្នាក់ ( ដោយផ្ទាល់ ) អំពីធាតុចាំបាច់នានានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ និងពីរបៀបដែលធាតុទាំងនេះត្រូវបានបាត់បង់ពីសាសនាចក្រកាលពីបុរាណ ។ សូមពន្យល់ពីមូលហេតុដែលវាចាំបាច់ដែលត្រូវយល់ពីការក្បត់សាសនាដ៏ធំនេះ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីរបៀបដែលការពិភាក្សារបស់អ្នកបានប្រព្រឹត្តទៅ និងពីរបៀបដែលសមាជិកគ្រួសារ ឬមិត្តរបស់អ្នកបានឆ្លើយតបមកវិញ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀនអំពី « ការក្បត់សាសនាដ៏ធំ » ហើយបានបញ្ចប់វានៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖