ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៨-៦៧


មេរៀន​ទី ៦ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៨–៦៧

បុព្វកថា

ការរៀបចំ​សាសនាចក្រ​ឡើង​នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ បាន​ផ្ដល់​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ត្រូវបាន​បម្រើ​ដល់​កូនចៅ​របស់​ព្រះវរបិតាសួគ៌​ទូទាំង​ពិភពលោក​នៅ​ថ្ងៃ​ចុងក្រោយ ។ នៅ​ពី​មុន​ការរៀបចំ​សាសនាចក្រ ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​បើក​សម្ដែង​ករណីយកិច្ច​នៃ​តំណែង​នានា​របស់​បព្វជិតភាព​ទៅ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ដើម​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ ១៨២៩ ។.គោលលទ្ធិ និង សេចក្តីសញ្ញា ២០តាំង​ឡើង​ករណីយកិច្ច​ទាំងនេះ​ជាច្រើន ហើយ​ណែនាំ​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព​អំពី​ការចាត់ចែង​ពិធីបរិសុទ្ធ ហើយ​មើល​ការខុសត្រូវ និង បម្រើ​ដល់​សមាជិក​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៣៨-៥៩

ករណីយកិច្ច​ទាំងឡាយ​នៃ​តំណែង​បព្វជិតភាព ត្រូវ​បាន​តាំងឡើង

តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ដូចម្ដេច ប្រសិនបើ​មាន​នរណា​ម្នាក់​សួរ​ថា « តើ​នរណា​ជា​អ្នក​ចាត់ចែង​នៅ​ក្នុង​សាសនាចក្រ​របស់​អ្នក » ? នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៨–៦៧ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ឆ្លើយ​សំណួរ​នេះ ។

  1. journal iconសូម​ចម្លង​ងារ និង សេចក្ដី​យោង​ខាងក្រោម​នេះ​ចូលទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ក្រោយ​មក​សូម​អាន​បទគម្ពីរ​ទាំងនេះ រួច​ធ្វើ​បញ្ជី​ករណីយកិច្ច​នៃ​តំណែង​បព្វជិតភាព​នៅ​ពី​ក្រោម​ចំណងជើង​ងារ​ដ៏​ត្រឹមត្រូវ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។ វា​អាច​នឹង​ជួយ​អ្នក ក្នុង​ការ​យល់​វាក្យសព្ទ « អែលឌើរ » ដែល​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ដែល​សំដៅ​ទៅ​លើ​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក ។

    អែលឌើរ

    (គ. និង ស. ២០:៣៨–៤៥) ។

    សង្ឃ

    (គ. និង ស. ២០:៤៦–៥២) ។

    គ្រូ និង ឌីកុន

    (គ. និង ស. ២០:៥៣–៥៩) ។

    បន្ទាប់​ពី​អ្នក​បាន​សរសេរ​ករណីយកិច្ច​ទាំងឡាយ​ដាក់​នៅ​ពី​ក្រោម​ចំណងជើង​ងារ​ដ៏​ត្រឹមត្រូវ​ហើយ សូម​គូសបន្ទាត់​ពី​ក្រោម​ចំណុច​ខុសគ្នា ដែល​អ្នក​សម្គាល់​ឃើញ​រវាង​ករណីយកិច្ច​របស់​អែលឌើរ សង្ឃ គ្រូ និង ឌីកុន ។ សូម​គូសរង្វង់​លើ​ចំណុច​ស្រដៀងគ្នា ។

ឥឡូវ ដោយ​អ្នក​បាន​សិក្សា​បន្តិច​រួច​មក​ហើយ​អំពី​ករណីយកិច្ច​នៃ​បព្វជិតភាព នោះ​សូម​គូសបន្ទាត់​ផ្គូផ្គង​ពី​តំណែង​បព្វជិតភាព ទៅ​ករណីយកិច្ច​ទាំងឡាយ ដែល​អ្នក​កាន់​បព្វជិតភាព​ទាំងនោះ​មាន​សិទ្ធិអំណាច​ធ្វើ នៅ​ក្នុង​តារាង​ខាងក្រោម​នេះ ៖

អែលឌើរ

សិទ្ធិអំណាច​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

សង្ឃ

សិទ្ធិអំណាច​ចាត់ចែង ( ប្រសិទ្ធពរ ) សាក្រាម៉ង់

គ្រូ

សិទ្ធិអំណាច​តែងតាំង​ឌីកុន

ឌីកុន

សិទ្ធិអំណាច​បង្រៀន

ចម្លើយ​សម្រាប់​លំហាត់​ផ្គូផ្គង​នេះ​មាន​នៅ​ចុង​បញ្ចប់​នៃ​មេរៀន ។ សូម​កត់ចំណាំ​ថា តំណែង​បព្វជិតភាព​ជាន់​ខ្ពស់ បូក​បញ្ចូល​ករណីយកិច្ច និង សិទ្ធិអំណាច​នៃ​បព្វជិតភាព​ដែល​តូច​ជាង ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​គោលការណ៍​មួយ ដែល​សង្ខេប​ការទទួលខុសត្រូវ​របស់​អ្នកកាន់​បព្វជិតភាព​ទាំងអស់ ។

សូម​ប្រៀបធៀប​គោលការណ៍​របស់​អ្នក​ជាមួយ​គោលការណ៍​ដូចតទៅ​នេះ ៖ អ្នកកាន់​បព្វជិតភាព​ទាំងអស់ មាន​ការទទួល​ខុសត្រូវ​ដើម្បី​ចាត់ចែង​ពិធីបរិសុទ្ធ និង​មើល​ការខុសត្រូវ​លើ​សមាជិក​នៃ​សាសនាចក្រ ហើយ​បម្រើ​ពួកគេ។ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីពិត​នេះ​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៨–៥៩ ។

ការរៀបចំ​សាក្រាម៉ង់

ដើម្បី​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់ អំពី​ការទទួលខុសត្រូវ​របស់​អ្នក​កាន់​បព្វជិតភាព​ទាំងអស់ ក្នុង​ការមើល​ការខុសត្រូវ និង បម្រើ​ដល់​សមាជិក​សាសនាចក្រ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៥៣–៥៤, ៥៩ រួច​ស្វែងរក​របៀប​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ណែនាំ​អ្នកកាន់​បព្វជិតភាព​ឲ្យ​បម្រើ និង ចម្រើន​កម្លាំង​សមាជិក​សាសនាចក្រ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។ តើ​វិធី​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នកកាន់​បព្វជិតភាព​អើរ៉ុន អាច « មើល​ការខុសត្រូវ​លើ​សាសនាចក្រ … ហើយ​នៅ​ជាមួយ និង​ចម្រើន​កម្លាំង​ពួកគេ » ?

ករណីយកិច្ច​របស់​អ្នក​កាន់​បព្វជិតភាពអើរ៉ុន ប្រព្រឹត្ត​ទៅ​លើស​ពី​ការបម្រើ​ពិធីបរិសុទ្ធ​ទៅ​ទៀត ។ សូម​ពិចារណា​អំពី​សាច់រឿង​ខាងក្រោម ហើយ​គិត​អំពី​របៀប​ដែល​អ្នក​កាន់​បព្វជិតភាព​កំពុង​ធ្វើ​ករណីយកិច្ច​របស់​ខ្លួន ដើម្បី​អញ្ជើញ​មនុស្ស​ដទៃ​មក​រក​ព្រះគ្រីស្ទ និង របៀប​ដែល​ពួកគេ​មិន​កំពុងតែ​ធ្វើ ៖

  • បន្ទាប់​ពី​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ម្នាក់ ជួយ​ក្នុង​ការបម្រើ​សាក្រាម៉ង់​ក្នុង​ការប្រជុំ​សាក្រាម៉ង់​មួយ គាត់​ចូល​ថ្នាក់​សាលា​ថ្ងៃអាទិត្យ ហើយ​បាន​ប្រព្រឹត្ត​ចំពោះ​គ្រូបង្រៀន និង សមាជិក​ក្នុង​ថ្នាក់​យ៉ាង​ទ្រគោះបោះបោក ។

  • អ្នក​កាន់​បព្វជិតភាព​វ័យ​ក្មេង​ម្នាក់ ត្រឡប់​មក​ពី​បង្រៀន​តាម​ផ្ទះ​វិញ ហើយ​ចាប់ផ្ដើម​ចែកចាយ​ដំណឹង​រសើប ឬ ផ្ទាល់ខ្លួន​អំពី​ផ្ទះ​ដែល​គាត់​បាន​ទៅ​បង្រៀន ។

  • អ្នក​កាន់​បព្វជិតភាព​មួយ​ក្រុម​ជួបជុំ​គ្នា​ធ្វើ​ការបម្រើ​មួយ ហើយ​ចាប់ផ្ដើម​និយាយ​លែបខាយ និង ចំអន់​សមាជិក​ក្នុង​កូរ៉ុម ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ហេតុអ្វី​បាន​ជា​សំខាន់​ដែល​អ្នក​កាន់​បព្វជិតភាព​ត្រូវ​ដឹង​ថា ករណីយកិច្ច​របស់​ខ្លួន​គឺ​លើស​ពី​ការបម្រើ​ពិធី​បរិសុទ្ធ​ទៅ​ទៀត ?

រីឆាដ ជី ស្កត

អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីថ្លែងការណ៍​ដូចតទៅនេះ​ដោយ អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដាក់​នៅ​លើ​គែម​ព្រះគម្ពីរ ឬ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ « គោលបំណង​របស់​សិទ្ធិអំណាច​បព្វជិតភាព គឺ​ត្រូវ​ផ្ដល់​ឲ្យ បម្រើ លើកតម្កើង បំផុសគំនិត » ( «Honor the Priesthood and Use It Well » EnsignLiahona,ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៤៦ ) ។

សូម​គិត​អំពី​ពេល​ដែល​អ្នក​បាន​ឃើញ​យុវជន​ក្នុង​វួដ ឬ សាខា​របស់​អ្នក​ឲ្យ​តម្លៃ​ដល់​បព្វជិតភាព​ខ្លួន ដោយ​ការ​មើលការខុសត្រូវ បម្រើ លើកតម្កើង បំផុសគំនិត ឬ ចម្រើន​កម្លាំង​មនុស្ស​ដទៃ ។ ប្រសិនបើ​អ្នក​គឺ​ជា​អ្នក​កាន់​បព្វជិតភាព សូម​គិត​ពី​ការសរសេរ​គោលដៅ​មួយ ដែល​នឹង​ជួយ​អ្នក​បម្រើ​ពិធីបរិសុទ្ធ​ដោយ​ស្មោះត្រង់ ហើយ​មើលការខុសត្រូវ និង ពង្រឹង​សាសនាចក្រ ។

ជំនួយ​ក្នុង​ការធ្វើ​សួនដំណាំ

គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៦០-៦៧

សេចក្ដីណែនាំ​ស្ដីពី​ការតែងតាំង​បព្វជិតភាព ត្រូវ​បាន​ផ្ដល់​ឲ្យ

តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍ ឬ ធ្លាប់​បាន​ឃើញ​ការតែងតាំង​បព្វជិតភាព​ដែរ​ឬ​ទេ ? សូម​គិត​អំពី​អារម្មណ៍​ដែល​អ្នក​មាន នៅ​ពេល​អ្នក​ត្រូវបាន​តែងតាំង ឬ ធ្វើ​ជា​សាក្សី​ដល់​មនុស្ស​ណា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​តែងតាំង ។

ការតែងតាំង​បព្វជិតភាព​អើរ៉ុន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៦០ រួច​សូម​ស្វែងរក​អំណាច​ដែល​បុគ្គល​ដែល​កំពុង​ធ្វើ​ការតែងតាំង​នោះ​គួរតែ​ប្រើ​បន្ថែម​ពី​លើ​បព្វជិតភាព ។ យោងតាម​ខគម្ពីរ​នេះ តើ​អំណាច​អ្វី ដែល​គួរ​ដឹកនាំ​អ្នក​កាន់​បព្វជិតភាព នៅ​ពេល​គាត់​ប្រើប្រាស់​បព្វជិតភាព ?

តើ​អ្នក​ដឹកនាំ​បព្វជិតភាព​ម្នាក់ ប្រាកដ​បាន​យ៉ាង​ដូចម្ដេច ថា​គាត់​អនុវត្ត​ករណីយកិច្ច​របស់​គាត់​ដោយ​នូវ​អំណាច​មួយ​នេះ ? ប្រធាន ប៊យដ៏ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​ទីកន្លែង​ដែល​អំណាច​របស់​អ្នកកាន់​បព្វជិតភាព​កើត​ចេញ​មក​ថា ៖

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« សិទ្ធិអំណាច​របស់​អ្នក បាន​មក​តាម​រយៈការតែងតំាង​របស់​អ្នក អំណាច​របស់​អ្នក បាន​មក​តាមរយៈ​ការគោរព​ប្រតិបត្តិ និង ភាពសក្តិសម ។

« អំណាច​នៅ​ក្នុង​បព្វជិតភាព កើត​ចេញ​ពី​ការអនុវត្តន៍​ករណីយកិច្ច​របស់​អ្នក​នៅ​ក្នុង​កិច្ចការ​សាមញ្ញៗ​ដូចជា ៖ ការចូលរួម​ការប្រជុំ​នានា ទទួលយក​ការចាត់តាំង អាន​ព្រះគម្ពីរ គោរព​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » ។

« ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​មាន​ប្រសាសន៍​ថា ៖ ‹ ខ្ញុំ​បាន​ធ្វើ​ដំណើរ​រាប់ពាន់​គីឡូម៉ែត ហើយ​បាន​ប្រកាស​ដំណឹងល្អ​ក្នុង​នាម​ជា​សង្ឃ ហើយ​ពេល​ខ្ញុំ​បាន​ថ្លែង​ទៅ​កាន់​ក្រុមជំនុំ​លើក​មុន ព្រះអម្ចាស់​បាន​គាំទ្រ​ខ្ញុំ ហើយ​បាន​សម្ដែង​ព្រះចេស្ដា​របស់​ទ្រង់​ដើម្បី​ការពារ​ជីវិត​របស់​ខ្ញុំ​យ៉ាង​ច្រើន នៅពេល​ខ្ញុំ​កាន់​តំណែង​នោះ ក៏​ដូច​ដែល​ទ្រង់​បាន​ធ្វើ ខណៈ​ដែល​ខ្ញុំ​បាន​កាន់​តំណែង​ជា​សាវក​ម្នាក់​ដែរ ។ ព្រះអម្ចាស់ គាំទ្រ​បុរស​ណា ដែល​កាន់​ចំណែក​មួយ​នៃ​បព្វជិតភាព ទោះ​ជា​គាត់​ជា​សង្ឃ ជា​អែលឌើរ ជា​ពួក​ចិតសិប​នាក់ ឬ​ជា​សាវក​ក្ដី បើ​គាត់​តម្កើង​ការ​ហៅ​របស់​គាត់ ហើយ​អនុវត្ត​ករណីយកិច្ច​របស់​គាត់ › » ( « The Unseen Power »New Eraខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៧ សូមមើល​ផងដែរ «The Aaronic Priesthood » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨១ ទំព័រ ៣២–៣៣ ) ។

ប្រសិនបើ​អ្នក​គឺ​ជា​យុវជន​ម្នាក់ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​នូវ​អ្វី​ដែល​ព្រះអម្ចាស់​នឹង​តម្រូវ​ឲ្យ​អ្នក​ធ្វើ ដើម្បី​អញ្ជើញ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​ឲ្យ​គង់​នៅ​ជាមួយ​អ្នក ពេល​អ្នក​អនុវត្ត​ករណីយកិច្ច​បព្វជិតភាព​នា​ពេល​បច្ចុប្បន្ន និង ពេល​អនាគត ។ ប្រសិនបើ​អ្នក​គឺ​ជា​យុវនារី សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​យុវជន​ក្នុង​ការខិតខំ​របស់​ពួកគេ​ដើម្បី​មាន​ព្រះវិញ្ញាណ​គង់​នៅ​ក្នុង​ជីវិត និង ការបម្រើ​ខាង​បព្វជិតភាព​របស់​ពួកគេ ។

សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៦៥ ។ ចេញ​ពី​អ្វី​ដែល​អ្នក​រៀន​អំពី​ខគម្ពីរ​នេះ ហេតុអ្វី​បាន​ជា​នៅ​ក្នុង​សាសនាចក្រ យើង​លើកដៃ​ដើម្បី​បង្ហាញ​មតិគាំទ្រ ? ព្រះបញ្ញត្តិ​សម្រាប់​សាសនាចក្រ​ដើម្បី​ផ្ដល់​មតិគាំទ្រ​ជា​សាធារណៈ គឺ​បាន​មក​ពី​ព្រះ ។

តើ​ការលើកដៃ​របស់​អ្នក ហើយ​បង្ហាញ​មតិគាំទ្រ​ចំពោះ​គ្នា មានន័យ​ដូចម្ដេច ? អែលឌើរ ឡូរិន ស៊ី ដាន់ ដែល​ធ្លាប់​ជា​សមាជិក​នៃ​ពួក​ចិតសិប​នាក់ បាន​ពន្យល់​អំពី​ការទទួលខុសត្រូវ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​នីតិវិធី​នៃ​ការគាំទ្រ​នេះ​ថា ៖

អែលឌើរ ឡូរិន ស៊ី ដាន់

« នៅ​ពេល​យើង​គាំទ្រ​អ្នក​កាន់តំណែង​នានា យើង​ត្រូវ​បាន​ប្រទាន​ឱកាស​នៃ​ការគាំទ្រ​ដល់​អស់​អ្នក​ដែល​ព្រះអម្ចាស់​បាន​ហៅ​ជា​ស្រេច​តាមរយៈ​វិវរណៈ ។…

« លំដាប់​នោះ ព្រះអម្ចាស់​ប្រទាន​ដល់​យើង​នូវ​ឱកាស ដើម្បី​គាំទ្រ​ដល់​ទង្វើ​នៃ​ការហៅ​ដ៏​ទេវភាពមួយ ឬ​ក៏​បង្ហាញ​ការជំទាស់ ប្រសិន​បើ​យើង​មាន​អារម្មណ៍​ផ្សេង​ពី​នោះ ដោយ​ប្រការ​ណា​មួយ ។

« ការគាំទ្រ​គឺ​ជា​ការធ្វើ​ឲ្យ​ទង្វើ​ចាក់ស្រែះ​ទៅ​នឹង​ខ្លួន​យើង ហើយ​តាំងចិត្ត​ខ្លួនឯង​ដើម្បី​ទ្រទ្រង់​ដល់​អស់​អ្នក​ដែល​យើង​បាន​គាំទ្រ​នោះ ។ នៅ​ពេល​បុគ្គល​ម្នាក់​បាន​ឆ្លងកាត់​ទង្វើ​ពិសិដ្ឋ​នៃ​ការលើកដៃ​ជា​កែង​នេះ គាត់​គួរតែ​ចងចាំ​ដោយ​ភ្ញាក់រឭក​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ ហើយ​ចាប់ផ្ដើម​ប្រព្រឹត្ត​ឲ្យ​ស្រប​ទៅ​នឹង​ការគាំទ្រមតិ​របស់​គាត់​ទាំង​ជា​សាធារណៈ និង ជា​សម្ងាត់​ផងដែរ » ( « We Are Called of God » Ensignខែ កក្កដា ឆ្នាំ ១៩៧២ ទំព័រ ៤៣ ) ។

តើ​អ្នក​ធ្លាប់​បាន​ចូលរួម​ក្នុង​ការប្រជុំ​សាក្រាម៉ង់ ដែល​ក្រុមជំនុំ​បាន​គាំទ្រ​ដល់​យុវជន​ម្នាក់ ដើម្បី​បាន​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព​អើរ៉ុន​ដែរ​ឬ​ទេ ? តើ​ក្រុមជំនុំ​បាន​លើក​ដៃ​របស់​ពួកគេ​ដែរ​ឬ​ទេ ? តើ​បទពិសោធន៍​របស់​យុវជន​នោះ ពេល​ឃើញ​មនុស្ស​ដទៃ​គាំទ្រ​ដល់​ការតែងតាំង​របស់​ខ្លួន អាច​ជួយ​គាត់​ឲ្យ​បំពេញ​ការទទួលខុសត្រូវ​របស់​គាត់​បាន​យ៉ាង​ដូចម្ដេច ?

ការគាំទ្រ​នៅ​ក្នុង​ការប្រជុំ​សាក្រាម៉ង់
  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ប្រយោគ​ពីរបី ដែល​ពន្យល់​អំពី​មូលហេតុ​ដែល​អ្នក​មាន​អំណរគុណ​ចំពោះ​សិទ្ធិអំណាច​បព្វជិតភាព ។ សូម​ចែកចាយ​នូវ​អ្វី​ដែល​អ្នក​បាន​សរសេរ​ជាមួយ​ឪពុក/ម្ដាយ ឬ ថ្នាក់ដឹកនាំ​សាសនាចក្រ បងប្អូន​បង្កើត ឬ មិត្ត​ភក្ដិ​ម្នាក់​របស់​អ្នក ។ សូម​សុំ​ឲ្យ​បុគ្គល​នោះ​ចែកចាយ​ជាមួយ​អ្នក​នូវ​អារម្មណ៍​របស់​ខ្លួន​អំពី​អត្ថន័យ​នៃ​បព្វជិតភាព ។

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣-៦៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖