ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៧ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៨១


មេរៀន​ទី ១៧ ៖ ថ្ងៃទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ៨១

បុព្វកថា

នៅ​ថ្ងៃ​ទី ៨ ខែ មិនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​ហៅ ចែស៊ី កស និង ស៊ីឌនី រិកដុន ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​របស់ យ៉ូសែប ស្ម៊ីធ ។ មួយ​សប្ដាហ៍​ក្រោយមក នៅ​ថ្ងៃ​ទី ១៥ ខែ មិនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១ ។ នៅ​ក្នុង​វិវរណៈ​នេះ ទ្រង់​បាន​ពិពណ៌នា​អំពី​តួនាទី​របស់​ទីប្រឹក្សា​ក្នុង​គណៈ​ប្រធាន​ទី​មួយ ហើយ​បាន​សន្យា​ថា​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់ ចែស៊ី កស បើ​គាត់​បន្ត​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត ។ ចែស៊ី កស ពុំ​បាន​បន្ត​ស្មោះត្រង់​នោះ​ទេ ហើយ​ព្រះអម្ចាស់​បាន​ផ្ទេរ​ការហៅ​បម្រើ​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទី​មួយ​ទៅ​ឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស ដែល​ឈ្មោះ​របស់​គាត់​ត្រូវបាន​លើកឡើង​ជា​ញឹកញាប់​នៅ​ក្នុង​វិវរណៈ​នេះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១

ព្រះអម្ចាស់​ពិពណ៌នា​អំពី​តួនាទី​របស់​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទី​មួយ

ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់ ប្រទាន​ការហៅ​បម្រើ​ដល់​យើង នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ? តើ​ពរជ័យ​នៃ​ការបំពេញ​ការហៅ​បម្រើ​ដោយ​ស្មោះត្រង់ មាន​អ្វី​ខ្លះ ? តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​មនុស្ស​ម្នាក់​ជ្រើសរើស​មិន​បំពេញ​ការហៅ​របស់​ខ្លួន​ដោយ​ស្មោះត្រង់​នោះ ? ទោះជា​អ្នក​ដឹកនាំ​សាសនាចក្រ​អាច​ទទួល​បាន​ការបំផុសគំនិត ហៅ​សមាជិក​នៃ​សាសនាចក្រ​ម្នាក់ ឲ្យ​កាន់​តំណែង​ជាក់លាក់​ណា​មួយ​ក្ដី ក៏​វា​អាស្រ័យ​ទៅ​លើ​បុគ្គល​ដែល​ទទួល​ការហៅ​នោះ ប្រព្រឹត្ត​ដោយ​ស្មោះត្រង់​ដែរ ។

សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៨១ដោយ​ស្វែងរក​ថា​តើ​នរណា ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ ( គណៈ​ប្រធាន​ទី​មួយ ) ដំបូង​គេ​បង្អស់ និង អ្វី​បាន​កើតឡើង​ចំពោះ​គាត់ ។

ចែស៊ី កស ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ ( គណៈ​ប្រធាន​ទី​មួយ ) ក្នុង​ខែ មិនា ឆ្នាំ ១៨៣២ ។ ប្រាំ​មួយ​ខែ​ក្រោយ​មក នៅ​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ១៨៣២ គាត់​បាន​ចេញ​ទៅ​បម្រើ​បេសកកម្ម​ជាមួយ សេបេដេ ខូលទ្រិន ។ ចែស៊ី បាន​ទៅ​សួរ​សុខទុក្ខ​ភរិយា​របស់​គាត់ ហើយ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​នាង អំពី​ភាពពេញលេញ​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ ប៉ុន្តែ នាង​បដិសេធ​មិន​ព្រម​ចូល​សាសនាចក្រ​ឡើយ ។ មិន​យូរ​ប៉ុន្មាន ដៃគូ​ផ្សព្វផ្សាយ​របស់ ចែស៊ី គឺ សេបេដេ បាន​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ហើយ​ត្រូវ​ត្រឡប់​ទៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ វិញ ។ ដោយ​នៅ​តែ​ឯង ចែស៊ី ពុំ​បាន​បញ្ចប់​បេសកកម្ម​របស់​គាត់​នោះ​ទេ ហើយ​ពុំ​បាន​បន្ត​ស្មោះត្រង់​នៅ​ក្នុង​សាសនាចក្រ​ទៀត​ឡើយ ។ គាត់​ត្រូវបាន​កាត់កាល​ចេញ​ពី​សាសនាចក្រ​នៅ​ខែ ធ្នូ ឆ្នាំ ១៨៣២ ។

យោង​តាម​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៨១តើ​នរណា​ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​ជំនួស​តំណែង​របស់ ចែស៊ី ?

អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​ដូចតទៅ​នេះ ដែល​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ណែនាំ​អំពី​កណ្ឌ ៖ « វិវរណៈ … ត្រូវបាន​រាប់​ថា​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការរៀបចំ​តាម​ផ្លូវការ នៃ​គណៈ​ប្រធាន​ទី​មួយ » ។ ព្រះអម្ចាស់​ពុំ​បាន​បើកសម្ដែង​ការរៀបចំ​ទាំងស្រុង​នៃ​សាសនាចក្រ​ទ្រង់ ទៅ​ដល់​ព្យាការី​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​បើកសម្ដែង​ផ្នែក​ផ្សេងៗ​គ្នា​នៃ​ការរៀបចំ នៅ​ពេល​មាន​សេចក្ដី​ត្រូវការ និង នៅ​ពេល​ពួក​បរិសុទ្ធ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួល​បាន​ការររៀបចំ​នោះ ។ ក្នុង​ខែ មិនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​បើកសម្ដែង​ថា ពេល​វេលា​បាន​មក​ដល់​ហើយ ដើម្បី​រៀបចំ​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ ។

នៅ​ក្នុង​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨១ព្រះអម្ចាស់​បាន​ពន្យល់​អំពី​តួនាទី​សំខាន់​មួយ នៃ​គណៈប្រធាន​ទី​មួយ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:១–២រួច​គូសចំណាំ​ពាក្យ​ដែល​បង្រៀន​ថា គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់​ខ្ពស់ កាន់​កូនសោ​ទាំងឡាយ​នៃ​នគរ​ព្រះ​នៅ​លើ​ផែនដី ។

សូម​ចងចាំ​ថា កូនសោ​បព្វជិតភាព​គឺ​ជា​សិទ្ធិអំណាច ដើម្បី​ធ្វើ​អធិបតី​លើ​សាសនាចក្រ ហើយ​ដឹកនាំ​ការប្រើប្រាស់​សិទ្ធិអំណាច​បព្វជិតភាព ។ ក្រោយ​មក គណៈប្រធាន​ទី​មួយ​ត្រូវបាន​បង្កើត​ឡើង ។ កូនសោ​នៃ​នគរ តែងតែ​ត្រូវបាន​កាន់​ដោយ​គណៈប្រធាន​ទី​មួយ ដែល​ត្រូវបាន​ធ្វើ​អធិបតី​លើ ដោយ​ប្រធាន​នៃ​សាសនាចក្រ ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​អំពី​កិច្ចការ ដែល​កូនសោ​ទាំងឡាយ​នៃ​នគរ អាច​ឲ្យ​គណៈប្រធាន​ទី​មួយ​ធ្វើ នា​ពេល​បច្ចុប្បន្ន​នេះ ៖ « កូនសោ​ទាំងនេះ​គឺ​ជា​សិទ្ធិ​របស់​គណៈប្រធាន ដ្បិត​វា​ជា​អំណាច និង សិទ្ធិអំណាច​ដើម្បី​គ្រប់គ្រង ហើយ​ដឹកនាំ​អស់​ទាំង​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី ។ អ្នក​ទាំងឡាយ​ដែល​កាន់​កូនសោ​ទាំង​នេះ មាន​អំណាច​គ្រប់គ្រង និង ត្រួតត្រា​លើ​របៀប ដែល​មនុស្ស​ដទៃ​អាច​បម្រើ​ក្នុង​បព្វជិតភាព » ( « Eternal Keys and the Right to Preside » Ensign ខែ កក្កដា ឆ្នាំ ១៩៧២ ទំព័រ ៨៧ ) ។

គណៈ​ប្រធាន​ទី​មួយ

គណៈ​ប្រធាន​ទី​មួយ ឆ្នាំ ២០១៣

របៀប​មួយ​ដែល​គណៈ​ប្រធាន​ទី​មួយ​ដឹកនាំ និង គ្រប់គ្រង​សាសនាចក្រ គឺ​តាមរយៈ​ការបង្រៀន​របស់​ពួក​លោក ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ឧទាហរណ៍​មួយ អំពី​របៀប​ដែល​អ្នក​បាន​ទទួល​ពរ តាមរយៈ​ការបង្រៀន​របស់​គណៈប្រធាន​ទី​មួយ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៣ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស ធ្វើ ក្នុង​នាម​ជា​ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទី​មួយ ។

  1. journal iconសូម​សរសេរ​ចំណងជើង ទីប្រឹក្សា​ក្នុង​គណៈប្រធាន​ទី​មួយ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ នៅ​ក្រោម​ចំណងជើង​នេះ សូម​រាយ​បញ្ជី​ការទទួល​ខុសត្រូវ​នានា ដែល​អ្នក​បាន​រក​ឃើញ​នៅ​ក្នុង ខទី ៣ ។ បន្ថែម​ពី​លើ​នោះ សូម​សរសេរ​ថាតើ អ្នក​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច សម្រាប់​ទីប្រឹក្សា​ដែល​ត្រូវ « មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការទូន្មាន » ចំពោះ​ប្រធាន​របស់​ខ្លួន ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ថាតើ វា​មាន​ន័យ​ដូចម្ដេច សម្រាប់​ទីប្រឹក្សា​ដែល​ត្រូវ « មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការទូន្មាន » ចំពោះ​ប្រធាន​នោះ សូម​ពិចារណា​អំពី​អ្វី​ដែល​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​បង្រៀន​អំពី​របៀប​ដែល​ទីប្រឹក្សា​នឹង​ទូន្មាន​ជាមួយ​ប្រធាន ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« [ ទីប្រឹក្សា​ម្នាក់ ] គឺ​ជា ជំនួយការ​នៃ​ប្រធាន​របស់​គាត់ ។

« ក្នុង​នាម​ជា​ជំនួយការ​ម្នាក់ នោះ​ទីប្រឹក្សា​មិនមែន​ជា​ប្រធាន​ឡើយ ។ គាត់​មិន​អាច​សន្មត់​អំពី​ការទទួល​ខុសត្រូវ ហើយ​នាំ​មុខ​ប្រធាន​របស់​ខ្លួន​នោះ​ទេ ។

« នៅ​ក្នុង​ការប្រជុំ​គណៈប្រធាន ទីប្រឹក្សា​ម្នាក់ៗ​មាន​សេរីភាព​បញ្ចេញ​មតិ​របស់​ខ្លួន ទៅ​លើ​បញ្ហា​ដែល​មាន​ចំពោះ​មុខ​គណៈប្រធាន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​គឺ​ជា​បុព្វសិទ្ធិ​របស់​ប្រធាន​ដើម្បី​ធ្វើ​ការសម្រេចចិត្ត ហើយ​វា​គឺ​ជា​ករណីយកិច្ច​របស់​ទីប្រឹក្សា ដែល​ត្រូវ​គាំទ្រ​លោក​លើ​ការសម្រេចចិត្ត​នោះ ។ ការ​សម្រេចចិត្ត​របស់លោក បន្ទាប់មក​ក្លាយជាការ​សម្រេចចិត្ត​របស់​ពួកគេ មិន​ថា​គំនិត​ពីមុន​របស់ពួកគេ​យ៉ាង​ណា​ទេ » (In … Counsellors There Is Safety » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ៤៩ ) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការយល់​អំពី​ករណីយកិច្ច​របស់​ទីប្រឹក្សា អាច​នឹង​ជួយ​មនុស្ស​ម្នាក់​ដែល​កំពុង​បម្រើ​ជា​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ណា​មួយ​នៃ​សាសនាចក្រ យ៉ាង​ដូចម្ដេច ?

    2. ហេតុអ្វី​បាន​ជា​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន គួរតែ​គាំទ្រ ហើយ​ពង្រឹង​ដល់​ប្រធាន​របស់​ខ្លួន ?

    3. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​បម្រើ​នៅ​ក្នុង​គណៈប្រធាន​ដោយ​មាន​ប្រសិទ្ធិភាព ប្រសិនបើ​អ្នក​មាន​ឱកាស​នោះ ?

ព្រះអម្ចាស់​បាន​ប្រទាន​ការសន្យា​ដ៏​មាន​អានុភាព​ដល់ ហ្វ្រែឌើរិក ជី វិលលាម្ស បើ​គាត់​នឹង​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការហៅ​របស់​គាត់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៤រួច​ស្វែងរក​ការសន្យា​នោះ ។

ឃ្លា « តម្កើង​សិរីល្អ​នៃ… ព្រះអម្ចាស់​របស់​អ្នក » នៅ​ក្នុង​បរិបទ​នេះ​បញ្ជាក់​ថា ដោយសារ​ការមាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការហៅ​របស់​យើង នោះ​យើង​អាច​ជួយ​ដឹកនាំ​មនុស្ស​ឲ្យ​ប្រតិបត្តិ និង ថ្វាយ​បង្គំ​ព្រះអម្ចាស់ ។ ការសន្យា​នេះ​ក៏​អនុវត្ត ចំពោះ​ពួក​យើង​ផងដែរ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ៖ បើ​យើង​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការហៅ​របស់​យើង នោះ​យើង​អាច​ប្រព្រឹត្ត​ល្អ​បំផុត​ចំពោះ​មនុស្ស​ទូទៅ ហើយ​តម្កើង​សិរីល្អ​នៃ​ព្រះ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការបម្រើ​យ៉ាង​ស្មោះត្រង់​នៅ​ក្នុង​ការហៅ ក្នុង​សាសនាចក្រ អាច​នឹង​ជួយ​យើង​ឲ្យ​ប្រព្រឹត្ត​ល្អ​បំផុត​ចំពោះ​មនុស្ស​ទូទៅ បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​បាន​ឃើញ​សមាជិក​នៃ​សាសនាចក្រ ប្រព្រឹត្ត​ល្អ​បំផុត​ចំពោះ​មនុស្ស​ទូទៅ ដោយសារ​តែ​ពួកគាត់​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការហៅ​របស់​គាត់​នោះ ? សូម​សរសេរ​អំពី​អ្វី ដែល​អ្នក​បាន​សង្កេត​ឃើញ ។

    3. តើ​ការបម្រើ​ដោយ​មាន​ចិត្ត​ស្មោះត្រង់ នៅ​ក្នុង​ការហៅ​ក្នុង​សាសនាចក្រ​របស់​អ្នក អាច​នឹង​ជួយ​អ្នក​ឲ្យ​តម្កើង​សិរីល្អ​នៃ​ព្រះ យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៥ដោយ​ស្វែងរក​ឱវាទ​បន្ថែម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដល់ ហ្វ្រែឌើរិក ជី វិលលាម្ស ។

ដោយ​ផ្អែក​ទៅ​លើ​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ ហ្វ្រែឌើរិក នៅ​ក្នុង ខទី ៥តើ​យើង​អាច​រៀន​អ្វី​ខ្លះ អំពី​ការមាន​ចិត្ត​ស្មោះត្រង់ ក្នុង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ឬ ធ្វើ​ជា​សមាជិក​ដ៏​ស្មោះត្រង់​នៃ​សាសនាចក្រ ?

អែលឌើរ ម៉ាវីន ជេ អាស្តុន

សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ពី អែលឌើរ ម៉ាវីន ជេ អាស្តុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​ឱវាទ​របស់​ព្រះអម្ចាស់​នេះ ៖ « នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៥ ខគម្ពីរ​នេះ​អាច​ត្រូវបាន​បកស្រាយ​ថា​ជា​ការជំរុញ​ចិត្ត​ពី​ព្រះអម្ចាស់​ដល់ ហ្វ្រែឌើរិក ជី វិលលាម្ស ឲ្យ​ផ្ដល់​កម្លាំង​ដល់​អ្នក​ទន់ខ្សោយ ( ‹ ជួយ​អ្នក​ទន់ខ្សោយ › ) ផ្ដល់​ការលើកទឹកចិត្ត​ដល់​អ្នក​ដែល​នឿយ​ហត់ ឬ ខូចចិត្ត ( ‹ លើក​ដៃ​ដែល​រោយ › ) ហើយ​ផ្ដល់​កម្លាំង​ចិត្ត និង ភាពរឹងមាំ​ដល់​អ្នក​មាន​ក្បាល​ជង្គង់​ញ័រ និង ចិត្ត​ភ័យខ្លាច » ( « Strengthen the Feeble Knees » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៧០ ) ។

ស្ត្រី​ម្នាក់​អង្គុយ​លើ​កៅអី​ជន​ពិការ ជាមួយ​នឹង​យុវនារី​ម្នាក់
  1. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​បទពិសោធន៍​មួយ នៅ​ពេល​ដែល​អ្នក​ត្រូវបាន​លើកឡើង ឬ ពង្រឹង​ដោយ​នរណា​ម្នាក់ ។ រួច​ធ្វើ​បញ្ជី​ឲ្យ​បាន​យ៉ាង​ហោចណាស់​កិច្ចការ​ចំនួន​បី ដែល​អ្នក​អាច​ធ្វើ​ដើម្បី « ជួយ​អ្នក​ទន់​ខ្សោយ លើក​ដៃ​ដែលរោយ ហើយ​ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ » នៃ​មនុស្ស​ទូទៅ ។ សូម​ដាក់​គោលដៅ​មួយ ដើម្បី​ជួយ​ដល់​មនុស្ស​ម្នាក់​អំឡុង​សប្ដាហ៍​នេះ ដោយ​ប្រព្រឹត្ត​តាម​កិច្ចការ​ដែល​នៅ​ក្នុង​បញ្ជី​របស់​អ្នក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨១:៦–៧ដោយ​ស្វែងរក​ពរជ័យ ដែល​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ដល់ ហ្វ្រែឌើរិក ជី វិលលាម្ស បើ​គាត់​នឹង​មាន​ចិត្ត​ស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត ។

ការសន្យា​នេះ​ក៏​កើត​មាន ចំពោះ​អ្នក​ផងដែរ ។ បើ​អ្នក​ជ្រើសរើស​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ដែល​រួម​បញ្ចូល​ទាំង​ការមាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការហៅ​របស់​អ្នក និង ការជួយ​ដល់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ផង នោះ​អ្នក​ក៏​នឹង​មាន​គុណសម្បត្តិ​ទទួល​បាន​ពរជ័យ​ពី​ព្រះអម្ចាស់​ដែរ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖