មេរៀនទី ២៦ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៣; ការស្ថាបនាទីក្រុងណៅវូ
សេចក្តីផ្តើម
ខណៈពេលដែលព្យាការី យ៉ូសែប ស៊្មីធ នៅក្នុងគុកលិបើធី នៅលិបើធី រដ្ឋមិសសួរី ពី ខែ ធ្នូ ឆ្នាំ ១៨៣៨ ដល់ខែ មេសា ឆ្នាំ ១៨៣៩ លោកបានសរសេរសំបុត្រនៃការលួងលោម និង ទូន្មានដល់ពួកបរិសុទ្ធ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣ គឺជាការដកស្រង់មួយចេញពីសំបុត្រនោះដែលចុះថ្ងៃទី ២០ ខែ មិនា ឆ្នា ១៨៣៩ ដែលលោកបានសរសេរទៅកាន់ពួកបរិសុទ្ធ ។ នៅក្នុងសេចក្ដីដកស្រង់នេះ យ៉ូសែបបានឲ្យដំបូន្មានទៅពួកបរិសុទ្ធដែលត្រូវបានគេបណ្ដេញចេញពីរដ្ឋមិសសួរី ។ បន្ទាប់ពីយ៉ូសែប ត្រូវបានអនុញ្ញាតឲ្យរួចពីការជាប់ឃុំ លោកបានមកជួបជុំនឹងពួកបរិសុទ្ធវិញ ហើយបានធ្វើការជាមួយពួកគេដើម្បីស្ថាបនាទីក្រុងណៅវូ រដ្ឋអិលលីណោយ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១-៦
យ៉ូសែប ស៊្មីធ ទូន្មានឲ្យពួកបរិសុទ្ធប្រមូល និង បោះពុម្ពដំណើររឿងនៃការបៀតបៀន និង ការរងទុក្ខរបស់ពួកគេ
នៅខែ មិនា ឆ្នាំ ១៨៣៩ ពួកបរិសុទ្ធបានរងការបៀតបៀនយ៉ាងឃោរឃៅនៅមិសសួរី ។ ព្យាការី យ៉ូសែប ស៊្មីធ និងថ្នាក់ដឹកនាំសាសនាចក្រមួយចំនួនផ្សេងទៀតត្រូវបានគេចាប់ដាក់គុកនៅលិបើធី រដ្ឋមិសសួរី ហើយពួកបរិសុទ្ធត្រូវបានគេបណ្ដេញចេញពី រដ្ឋមិសសួរី អំឡុងខែរងាដ៏ត្រជាក់ខ្លាំង ដោយសារដីកាការសម្លាប់គ្មានសល់របស់លោកអភិបាល លីលប៊ើន ដបុលយូ ប័ហ្គស៍ ។
សូមអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ដោយបានពិពណ៌នាពីការធ្វើខុសឆ្គងមួយចំនួនមកលើពួកបរិសុទ្ធ ៖ « នេះសូមបញ្ជាក់ថា ខ្ញុំ ឈ្មោះ ឌែលា រីដ បានប្តូរមកនៅរដ្ឋ មិសសួរីនៅក្នុងឆ្នាំ ១៨៣៦ ។ ស្វាមីរបស់ខ្ញុំបានស្លាប់មិនយូរប៉ុន្មាន បន្ទាប់ពីយើងបានមកដល់ទីនេះ ហើយទុកកូនតូចៗប្រាំពីរនាក់ជាមួយខ្ញុំ ។ រួចខ្ញុំបានផ្លាស់ទៅភូមិខាលវែល ដោយបានសង់កសិដ្ឋានមួយ [ហើយ]បន្តរស់នៅក្នុងកសិដ្ឋាននោះរហូតដល់រដូវស្លឹកឈើជ្រុះនាឆ្នាំ ១៨៣៨ ។ នៅពេលភាពច្របូកប្របល់បានកើតមានឡើងរវាងពួកប្រជាជន និង ពួកមរមន នោះខ្ញុំជាមួយនឹងសមាគមទាំងអស់របស់យើង ត្រូវបានបង្ខំឲ្យចាកចេញពីរដ្ឋនោះ ។… ខ្ញុំត្រូវបានបង្ខំឲ្យលះបង់ទ្រព្យសម្បត្តិភាគច្រើន [ និង ] គ្រួសាររបស់ខ្ញុំ [ បាន ] ព្រាត់ប្រាស់គ្នា ហើយខ្ញុំត្រូវទទួលអាហារបន្តិចបន្តួចពី ជនដែលខ្ញុំមិនស្គាល់ » ( ឌែលា រីដ នៅក្នុង Mormon Redress Petitions: Documents of the 1833–1838 Missouri Conflict,បានបោះពុម្ពដោយ ខ្លាក វី ចនសុន [ ឆ្នាំ ១៩៩២ ] ទំព័រ ៥២៣ វណ្ណយុត្ត អក្សរធំ និង ការប្រកបពាក្យដែលមានបទដ្ឋាន ) ។
បងស្រី រីដ បានឲ្យសេចក្ដីថ្លែងការណ៍ជាផ្លូវការនេះទៅមន្ត្រីច្បាប់ម្នាក់ ។ សូមពិចារណាពីហេតុផលដែលគាត់ឲ្យសេចក្ដីថ្លែងការណ៍នេះ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១–៥ ដោយស្វែងរកអ្វីដែលព្យាការី យ៉ូសែប ស៊្មីធ បានទូន្មានឲ្យពួកបរិសុទ្ធដែលទទួលការបៀតបៀនធ្វើ ។ វាអាចមានប្រយោជន៍ដើម្បីដឹងថា នៅក្នុង ខទី ៥ ឃ្លា « ប្រជុំអំពើទុច្ចរិត » សំដៅទៅលើការប្រមូលផ្តុំនៃអំពើកុហកទុច្ចរិត និងឃ្លា « ការបង្ខំដ៏អាក្រក់អាស្រូវ និងឃាតកម្មទាំងឡាយ » សំដៅលើអំពើអាក្រក់ និងហិង្សាទាំងឡាយ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:៦ដោយស្វែងរកហេតុផលដែលពួកបរិសុទ្ធត្រូវបានប្រាប់ឲ្យប្រមូលដំណើររឿងនៃការបៀតបៀន និង ការរងទុក្ខរបស់ពួកគេ ។ ( នៅពេលអ្នកអាន វាមានប្រយោជន៍ដើម្បីដឹងថា ឃ្លា « ដែលតម្រូវពីយើង » មានន័យថា « តម្រូវឲ្យពួកយើង ») ។
មានពួកបរិសុទ្ធជាច្រើនបានធ្វើតាមពាក្យទូន្មានរបស់ព្យាការី ហើយបានប្រមូលដំណើររឿងនៃការបៀតបៀនរបស់ពួកគេបានយ៉ាងច្រើន ដែលវារួមបញ្ចូលការបំផ្លិចបំផ្លាញ និង ការបាត់បង់ផ្ទះសម្បែង សត្វពាហនៈ និង ទ្រព្យសម្បត្តិផ្សេងទៀតរបស់ពួកគេ ការរំលោភបំពានលើរូបកាយ ព្រមទាំងការបាត់បង់ជីវិតផងដែរ ។ តើអ្នកគិតថា ហេតុអ្វីវាជាការចាំបាច់ដើម្បីឲ្យពួកបរិសុទ្ធប្រមូលដំណើររឿងទាំងនេះ ហើយដាក់ស្នើទៅប្រមុខរដ្ឋាភិបាលជាជាងរង់ចាំ ឬសង្ឃឹមឲ្យព្រះដោះស្រាយបញ្ហារបស់ពួកគេ ? សេចក្ដីពិតមួយដែលយើងអាចរៀនពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:៦ គឺថា ព្រះអម្ចាស់នឹងបំពេញការសន្យារបស់ទ្រង់ បន្ទាប់ពីយើងធ្វើផ្នែករបស់យើងជាមុន ។ សូមពិចារណាហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់រំពឹងឲ្យយើងធ្វើផ្នែករបស់យើង ពីមុនទ្រង់នឹងបំពេញការសន្យារបស់ទ្រង់ ។
-
សូមឆ្លើយសំណួរដូចទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖តើអ្នកធ្លាប់ឃើញសេចក្ដីពិតត្រូវបានបំពេញនៅក្នុងជីវិតផ្ទាល់របស់អ្នក ឬនៅក្នុងជីវិតរបស់មនុស្សម្នាក់ដែលអ្នកស្គាល់នៅពេលណាដែរ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:៧-១៧
យ៉ូសែប ស៊្មីធ ទូន្មានឲ្យពួកបរិសុទ្ធជួយដល់អស់អ្នកដែលចាញ់បោកដោយពាក្យកុហក
សូមនឹកស្រមៃថាអ្នកត្រូវបានចាត់តាំងឲ្យសរសេររបាយការណ៍មួយអំពីសាសនាចក្រសម្រាប់មុខវិជ្ជាមួយនៅសាលារៀនរបស់អ្នក ។ ជាផ្នែកមួយនៃតម្រូវការនោះ អ្នកត្រូវរួមបញ្ចូលយ៉ាងហោចណាស់ប្រភពចំនួនបី ។ សូមគិតអំពីរបៀបដែលអ្នកនឹងឆ្លើយចំពោះសំណួរដូចតទៅនេះ ៖
-
តើធនធានអ្វីដែលអ្នកអាចប្រើសម្រាប់របាយការណ៍របស់អ្នក ?
-
ហេតុអ្វីបានជាវាសំខាន់ពីធនធានដែលអ្នកប្រើដើម្បីសរសេរអំពីសាសនាចក្រនោះ ?
-
តើអ្នកដឹងបានដោយរបៀបណា ថាធនធានណាមួយដែលពិពណ៌នាយ៉ាងត្រឹមត្រូវពីសាសនាចក្រ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:៧-១០ ។ នៅពេលព្យាការីយ៉ូសែប ស្ម៊ីធ បានសរសេរសំបុត្រនេះ មានរឿងកុហកជាច្រើនអំពីសាសនាចក្រត្រូវបានរីកសាយភាយ ។ ពួកបរិសុទ្ធត្រូវបានប្រាប់ថា វាគឺជា « កាតព្វកិច្ចដ៏ចាំបាច់ » ( គ. និង ស. ១២៣:៧, ៩ ) ដើម្បីប្រមូល និង បោះពុម្ពដំណើររឿងនៃការបៀតបៀន និង ការរងទុក្ខរបស់ពួកគេដើម្បីឆ្លើយតបនឹងរឿងកុហកទាំងនេះ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១១–១២ដោយស្វែងរកហេតុផលបន្ថែមទៀតដែលពួកបរិសុទ្ធត្រូវបានណែនាំឲ្យប្រមូល ហើយបោះពុម្ពដំណើររឿងទាំងនេះ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១២តើមានមនុស្សប៉ុន្មាននាក់ដែលមានចិត្តបរិសុទ្ធដែលបានលាក់ពីសេចក្តីពិត ?
-
តើការបោះពុម្ពសេចក្តីពិតអំពីការបៀតបៀន និង ការរងទុក្ខរបស់ពួកបរិសុទ្ធនៅពេលនោះអាចជួយមនុស្សដទៃទៀតឲ្យរកសេចក្តីពិតនៃដំណឹងល្អយ៉ាងដូចម្តេច ?
-
យោងតាម ខ ១២ហេតុអ្វីមានមនុស្សជាច្រើននាក់នៅលើផែនដីនេះត្រូវបានលាក់ពីសេចក្តីពិត ? សូមឆ្លើយសំណួរនេះដោយបំពេញសេចក្ដីពិតដូចតទៅ ៖ មានមនុស្សជាច្រើនត្រូវបានលាក់ពីសេចក្តីពិត ដោយសារ …
-
នៅតែមានមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ « ដែលបានខ្វាក់ដោយសារឧបាយកលដ៏ប្រសប់នៃមនុស្ស » ហើយដែលត្រូវបានលាក់ពីសេចក្តីពិត ពីព្រោះពួកគេមិនដឹងជាទៅរកសេចក្តីពិតឯណាទេ ( គ. និង ស. ១២៣:១២)។
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះរបស់អែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមគូសបន្ទាត់ពីក្រោមនូវអ្វីដែលលោកបានលើកឡើង ដែលវាបានរារាំងមនុស្សមិនឲ្យស្គាល់សេចក្ដីពិតអំពីសាសនាចក្រនៅជំនាន់របស់យើង ៖ « មានមនុស្សជាច្រើន ដែលបានយល់តិចតួចអំពីសាសនាចក្រ ដោយសារតែព័ត៌មានភាគច្រើនដែលពួកគេបានឮអំពីយើង គឺមកពីព័ត៌មានប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជាញឹកញាប់ជំរុញដោយការជំទាស់ ។ ការផ្តោតចិត្តច្រើនពេកលើការជំទាស់បាននាំឲ្យជះឥទ្ធិពលអវិជ្ជមានលើការយល់ដឹងរបស់មនុស្សអំពីភាពពិត ដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមាន » (Sharing the Gospel Using the Internet » ខែ កក្កដា ឆ្នាំ ២០០៨ ទំព័រ ៦២ ) ។
ស្រដៀងគ្នានឹងពួកបរិសុទ្ធនាឆ្នាំ ១៨៣៩ ដែរ យើងត្រូវបានណែនាំឲ្យជួយមនុស្សដទៃឲ្យមានការយល់ដឹងត្រឹមត្រូវអំពីសាសនាចក្រនេះ—អំពីសមាជិក អ្នកដឹកនាំ ជំនឿ ប្រវត្តិ ការបង្រៀន និងការអនុវត្ត ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអ្វីដែលអ្នកអាចធ្វើដើម្បីជួយមនុស្សដទៃទៀតឲ្យទទួលបានការយល់ដឹងដ៏ត្រឹមត្រូវមួយអំពីសាសនាចក្រ និងដើម្បីជួយពួកគេឲ្យស្គាល់ពីទីកន្លែងដែលពួកគេអាចស្វែងរកសេចក្ដីពិតនោះ ។
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍របស់អែលឌើរ បាឡឺដ ដូចតទៅនេះ សូមរកមើលវិធីមួយដែលលោកបានលើកឡើង ដែលយើងអាចជួយមនុស្សដទៃទៀតឲ្យទទួលបានការយល់ដឹងដ៏ត្រឹមត្រូវអំពីសាសនាចក្រ ។
« មានការសន្ទនាជាច្រើនអំពីសាសនាចក្រឥតឈប់ឈរ ។ ការសន្ទនានោះនឹងបន្ត ទោះបីជាយើងជ្រើសរើសចូលរួម ឬ មិនចូលរួមក៏ដោយ ។ ប៉ុន្តែយើងមិនអាចឈរនៅស្ងៀម ខណៈដែលមនុស្សដទៃ រួមទាំងអ្នករិះគន់របស់យើងព្យាយាមកំណត់ពីអ្វីដែលសាសនាចក្របង្រៀនឡើយ ។ ខណៈដែលការសន្ទនាមួយចំនួនមានអ្នកស្តាប់រាប់ពាន់ ឬ រាប់លានអ្នកក៏ដោយ ការសន្ទនានោះគឺជារឿងតូចតាចទេ ។ ប៉ុន្តែការសន្ទនាទាំងនោះមានឥទ្ធពលលើអស់អ្នកដែលចូលរួមក្នុងការសន្ទនានោះ ។ ការយល់ដឹងអំពីសាសនាចក្រត្រូវបានកកើតឡើងនៅក្នុងការសន្ទនាម្តងៗ ។…
« ឥឡូវនេះខ្ញុំសូមឲ្យអ្នកចូលរួមសន្ទនាតាមរយៈ ការចូលរួមតាមអ៊ិនធើរណែត ដើម្បីចែកចាយដំណឹងល្អ ហើយចូរពន្យល់នូវសារលិខិតដ៏សាមញ្ញ និងច្បាស់លាស់នៃការស្តារឡើងវិញ ។… ពិតមែនហើយ ការណ៍នេះតម្រូវឲ្យអ្នកយល់គោលការណ៍គ្រឹះរបស់ដំណឹងល្អសិន ។ វាគឺជាការណ៍សំខាន់ដែលអ្នកអាចផ្តល់ជាសាក្សីដ៏ ច្បាស់និង ត្រឹមត្រូវអំពីសេចក្តីពិត » ( « Sharing the Gospel Using the Internet » ទំព័រ ៦១ -៦២ ) ។
-
សូមបំពេញកិច្ចការខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរពីគ្រាមួយដែលអ្នក ឬមនុស្សម្នាក់ដែលអ្នកស្គាល់បានជួយមនុស្សដទៃទៀតឲ្យយល់ដឹងបន្ថែមទៀតអំពីសាសនាចក្រ ។
-
សូមជ្រើសយកវិធីមួយដែលបានអ្នកបានសរសេរនៅក្នុងកិច្ចការទី ៣ ហើយសរសេរពីរបៀបដែលអ្នកនឹងធ្វើកិច្ចការនោះដើម្បីជួយមនុស្សដទៃទៀតរៀន ហើយស្វែងរកសេចក្ដីពិតអំពីសាសនាចក្រ និង ដំណឹងល្អ ។
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៣–១៦ដោយស្វែងរកអ្វីដែលពួកបរិសុទ្ធត្រូវបានប្រាប់អំពីកិច្ចខិតខំរបស់ពួកគេដើម្បីប្រាប់នូវដំណើររឿងដ៏ត្រឹមត្រូវមួយស្ដីពីបទពិសោធន៍របស់ពួកគេទៅកាន់មនុស្សដទៃទៀត ។ យោងតាម ខ ១៥ហេតុអ្វីបានជាពួកគេត្រូវបានប្រាប់ថាកុំចាត់ទុកកិច្ចខិតខំរបស់ពួកគេថាជា « ការណ៍តូចឡើយ ? »
គោលការណ៍មួយដែលយើងអាចរៀនពី គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៥ គឺថា ការសម្រេចចិត្តរបស់យើងដើម្បី ធ្វើតាមព្រះបញ្ញាត្តិរបស់ព្រះអម្ចាស់ដែលហាក់បីដូចជាតូចតាច អាចមានឥទ្ធិពលធំធេងលើជីវិតរបស់យើងនាពេលអនាគត ។
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៦តើវត្ថុដ៏តូចបែបនេះដូចជាដៃចង្កូតនាវា ( ចង្កូតដែលគ្រប់គ្រងដៃចង្កូត ) អាចជះឥទ្ធិពលទៅលើនាវាដ៏ធំមួយបានដោយរបៀបណា ? ( នៅក្នុងខនេះឃ្លា « ដោយសារដំណើរប្រក្រតី និង ខ្យល់ និង រលក » សំដៅលើការអាចបត់នាវាដើម្បីឲ្យវារក្សាលំនឹង ហើយមិនក្រលាប់នៅពេលខ្យល់ព្យុះ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការសម្រេចចិត្តតូចៗរបស់យើងប្រៀបបាននឹងដៃចង្កូតនាវាយ៉ាងដូចម្ដេចដែរ ?
-
តើការសម្រេចចិត្តទាំងនេះអាចជួយអ្នកឲ្យរក្សាលំនឹងរបស់អ្នកនៅពេលមានព្យុះភ្លៀងនៃជីវិតបានដោយរបៀបណា ?
-
តើការសម្រេចចិត្តតូចៗអ្វីខ្លះ ដែលអ្នកកំពុងធ្វើនៅក្នុងជីវិតរបស់អ្នកនៅពេលនេះដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតរបស់អ្នក ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១៧ដោយស្វែងរករបៀបដែលខនេះទាក់ទងនឹងគោលការណ៍ដែលបានពន្យល់នៅក្នុង ខ ៦ ៖ ព្រះអម្ចាស់នឹងបំពេញការសន្យារបស់ទ្រង់ បន្ទាប់ពីយើងធ្វើផ្នែករបស់យើងជាមុនសិន ។
ផ្អែកទៅលើអ្វីដែលព្យាការីយ៉ូសែប ស្ម៊ីធ បានសរសេរ យើងរៀនថា បើយើងប្រព្រឹត្តិការណ៍ទាំងនេះដែលនៅក្នុងអំណាចយើង ដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញាត្តិរបស់ព្រះអម្ចាស់ នោះយើងអាចទទួលការធានាអះអាងថា ព្រះនឹងប្រើព្រះចេស្តាររបស់ទ្រង់ដើម្បីជួយយើងស្របតាមព្រះឆន្ទៈ និង ពេលវេលារបស់ទ្រង់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីយើងត្រូវ « ប្រព្រឹត្តការណ៍ទាំងនេះដែលនៅក្នុងអំណាចយើង » ( គ. និង ស. ១២៣:១៧ ) ពីមុនយើងអាចមានការអះអាងថាព្រះនឹងជួយយើង ?
-
តើអ្នកគិតថា ហេតុអ្វីវាសំខាន់ដើម្បីប្រព្រឹត្តិការណ៍ទាំងនេះដែលនៅក្នុងអំណាចយើង ដោយរីករាយចុះ ?
-
អ្នកអាចមានទំនុកចិត្តថា នៅពេលអ្នកបានធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញាត្តិរបស់ព្រះ នោះទ្រង់នឹងបំពេញការសន្យារបស់ទ្រង់ ។
ការស្ថាបនាទីក្រុង ណៅវូ
បន្ទាប់ពី ការបណ្តេញចេញរបស់ពួកគេពី រដ្ឋ មិសសួរី ពួកគេបានរកឃើញទីជម្រកនៅ ឃ្វីនស៊ី រដ្ឋ អិលលីណោយ និង តាមសហគមតូចៗផ្សេងទៀត ។ សូមរក ឃ្វីនស៊ី នៅលើផែនទីទី ៥នៃប្រវត្តិសាស្ត្រសាសនាចក្រ « តំបន់មិសសួរី, អិលលីណោយ និង អៃអូវ៉ា នៃស.រ.អា. » នៅក្នុងព្រះគម្ពីររបស់អ្នក ។
នៅខែ មេសា ឆ្នាំ ១៨៣៩ ពួកអ្នកយាមគុកនៅគុកនៅលិបើធី រដ្ឋមិសសួរី បានអនុញ្ញាតឲ្យយ៉ូសែប ស្ម៊ីធ រត់គេចខ្លួន ហើយបានជួបជុំនឹងគ្រួសារលោកនៅឃ្វីនស៊ី រដ្ឋអិលលីណោយ ។ ក្រោមការដឹកនាំរបស់ព្យាការី សាសនាចក្របានទិញដីមួយកន្លែងនៅទន្លេ មីស៊ីស៊ីបពី ភាគខាងជើងនៃឃ្វីនស៊ី ។ ភាគខាងលិចនៃទន្លេនោះគឺជាផ្នែកមួយនៃទឹកដីរដ្ឋ អៃអូវ៉ា ហើយភាគខាងកើតគឺផ្នែកមួយនៃរដ្ឋ អិលលីណោយ ។ ពួកបរិសុទ្ធបានកសាងទីស្នាក់ការកណ្តាលថ្មីមួយរបស់សាសនាចក្រនៅផ្នែកខាងរដ្ឋ អិលលីណោយ នៅកន្លែងមួយដែលហៅថា ខំមើរស៍ ដែលពួកគេបានដាក់ឈ្មោះម្តងទៀតថា ណៅវូ ។. ណៅវូគឺជាភាសាហេព្រើមានន័យថា « ស្រស់ត្រកាល » ។
ខណៈដែលពួកបរិសុទ្ធបន្តរក្សាទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង ណៅវូ ព្យាការីយ៉ូសែប ស្ម៊ីធ ត្រូវបានបំផុសគំនិតឲ្យរៀបចំសមាគមសង្គ្រោះ ព្រះអម្ចាស់បានបើកសម្ដែងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹកជំនួសឲ្យអ្នកស្លាប់ អំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ និង ការផ្សារភ្ជាប់អាពាហ៍ពិពាហ៍ ហើយកិច្ចការផ្សព្វផ្សាយសាសនាត្រូវបានលាតសន្ធឹងនៅទូទាំងពិភពលោក ។
-
សូមស្នើឲ្យសមាជិកម្នាក់ក្នុងសមាគមសង្គ្រោះ ( ដូចជាសមាជិកគ្រួសារ ឬ មិត្តភក្ដិ ) ឲ្យប្រាប់អ្នកអំពីរបៀបមួយចំនួនដែលសមាគមសង្គ្រោះបានផ្តល់ឱកាសដល់គាត់ចូលរួមក្នុងកិច្ចការរបស់ព្រះអម្ចាស់ ហើយបានប្រទានពរដល់ជីវិតគាត់ ។ សូមកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវអ្វីដែលអ្នករៀនពីគាត់ ហើយត្រៀមខ្លួនចែកចាយនូវអ្វីដែលអ្នកបានកត់ត្រាទុកជាមួយនឹងសិស្សផ្សេងទៀតដែលសិក្សានៅផ្ទះ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣ និង « ការស្ថាបនាទីក្រុងណៅវូ » ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖