ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤ ៖ ថ្ងៃទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៨–៩


មេរៀន​ទី ៤ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ៨–៩

បុព្វកថា

ក្នុង​ខែ មេសា ឆ្នាំ ១៨២៩ អូលីវើរ ខៅឌើរី បាន​ចាប់ផ្ដើម​ជួយ​ព្យាការី យ៉ូសែប ស៊្មីធ ក្នុង​ការបកប្រែ​ផ្ទាំងចំណារ​មាស​ដោយ​ធ្វើ​ជា​ស្មៀន ។ ដោយ​សារ​ព្រះអម្ចាស់ បាន​ផ្ដល់​ដល់ អូលីវើរ នូវ​អំណោយ​ទាន​នៃ​ការ​បកប្រែ បើ​គាត់​មាន​បំណង​ដូច្នោះ ( សូម​មើល គ. និង ស. ៦:២៥ ) នោះ​អូលីវើរ « មាន​ចិត្ត​រំភើប​ជា​ខ្លាំង​ដើម្បីមានអំណាច​នៃការ​បកប្រែ​ប្រទាន​មក​ដល់​គាត់ » ( យ៉ូសែប ស៊្មីធ នៅ​ក្នុង History of the Church, ១:៣៦ ) ។ ក្នុងការ​ឆ្លើយតប ព្រះអម្ចាស់ បាន​មានបន្ទូលថា ទ្រង់​នឹង​ផ្ដល់​ដល់​អូលីវើរ នូវ​សមត្ថភាព​ដើម្បី​បកប្រែ ស្របតាម​សេចក្ដីជំនឿ​របស់​អូលីវើរ ។

នៅ​ពេល​អូលីវើរ​ព្យាយាម​បកប្រែ ទោះជា​គាត់​បាន​ចាប់ផ្ដើម​ល្អ​ក្ដី ក៏​គាត់​« ពុំ​បាន​ធ្វើ​តទៅទៀត ដូចជា [ គាត់​បាន ] ចាប់ផ្ដើម » ( គ. និង ស. ៩:៥ ) ។ ព្យាការី​បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩ ដែល​ពន្យល់​ពី​មូលហេតុ​ដែល​ការខិតខំ​របស់​អូលីវើរ​ក្នុង​ការបកប្រែ​ពុំ​បាន​ទទួល​ជោគជ័យ ។ ព្រះអម្ចាស់​បាន​ណែនាំ​ដល់​អូលីវើរ​ថា ពុំ​មាន​ការ​ចាំបាច់​អ្វី​នឹង​ឲ្យ​គាត់​ធ្វើការ​បកប្រែ​បន្ត​ទៀត​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ អូលីវើរ គួរតែ​ផ្ដោតអារម្មណ៍​ទៅ​លើ​តួនាទី​របស់​គាត់​ជា​ស្មៀន​របស់​យ៉ូសែប​វិញ ។ គោលលទ្ធិ និង សេចក្តីសញ្ញា កណ្ឌ​ទី ៨–៩ ជាមួយ​នឹង កណ្ឌ​ទី ៦ សុទ្ធតែ​ជា​វិវរណៈ​សំខាន់ៗ​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង របៀប​ដែល​យើង​អាច​ស្វែងរក ហើយ​ស្គាល់​វិវរណៈ​ដែល​បាន​មក​ពី​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨

ព្រះអម្ចាស់​បង្រៀន អូលីវើរ ខៅឌើរី អំពី​អំណោយទាន​ខាង​វិវរណៈ

តើ​អ្នក​ធ្លាប់​មាន​ចម្ងល់​ពី​របៀប​ស្គាល់​វិវរណៈ នៅ​ពេល​ព្រះ​កំពុង​មាន​ព្រះបន្ទូល​មក​កាន់​អ្នក ឬ ឆ្លើយតប​ការអធិស្ឋាន​របស់​អ្នក​ដែរ​ឬ​ទេ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨:១ ដើម្បី​ឃើញ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ដល់ អូលីវើរ ខៅឌើរី ឲ្យ​អធិស្ឋាន ។ បន្ទាប់​មក​សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣ រួច​គូសចំណាំ​ឃ្លា​ដែល​ពិពណ៌នា​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ឆ្លើយតប​ការអធិស្ឋាន​របស់​អូលីវើរ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ។

  1. journal iconសូម​គូស​ប្រអប់​ពីរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​នៅ​ក្នុង​ប្រអប់​ទី​មួយ​ថា ការស្វែងរក​វិវរណៈ​ពី​ព្រះ ។ សូម​សរសេរ​នៅ​ក្នុង​ប្រអប់​ទី​ពីរ​ថា ការទទួលបាន​វិវរណៈ​ពី​ព្រះ ។ សូម​សរសេរ​នៅ​ក្នុង​ប្រអប់​ទី​មួយ យ៉ាង​ហោចណាស់​គោលការណ៍​មួយ​ដែល​អ្នក​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨:១ អំពី​របៀប​ស្វែងរក​វិវរណៈ ។ សូម​សរសេរ​នៅ​ក្នុង​ប្រអប់​ទី​ពី អំពី​សេចក្ដីពិត​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​នៅ​ក្នុង ខទី ២–៣ អំពី​របៀប​ដែល​ទ្រង់​មាន​ព្រះបន្ទូល​មក​កាន់​យើង ។

ការឆ្លង​កាត់​សមុទ្រ​ក្រហម

តើ​អ្នក​ចងចាំ​ពី​រឿង​ម៉ូសេ​ញែក​ទឹក​សមុទ្រ​ក្រហម​ដែរ​ឬ​ទេ ? ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ម៉ូសេ​រំដោះ​កូនចៅ​អ៊ីស្រាអែល​ដែល​ជាប់​ជា​ទាសករ ។ ក្រោយ​មក ដោយ​មាន​ពួកទាហាន​អេស៊ីព្ទ​តាម​ប្រញឹក​ពី​ក្រោយ ម៉ូសេ បាន​ឃើញ​ថា​ខ្លួន​លោក និង រាស្ត្រ​លោក​ត្រូវ​ជាប់​នៅ​ត្រង់​ឆ្នេរ​សមុទ្រ​ក្រហម ។ យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣ តើ​ព្រះអម្ចាស់​បាន​បំផុសគំនិត​ឲ្យ​ម៉ូសេ​ញែក​ទឹក​សមុទ្រ​ក្រហម​តាម​របៀប​ណា ?

សេចក្ដីពិត​មួយ​ដែល​យើង​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដល់​គំនិត និង ចិត្ត​របស់​យើង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​គិត​អំពី​គ្រា​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​មក​កាន់​អ្នក​តាម​របៀប​នេះ ។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ប្រធាន ប៊យដ៏ ឃេ ផាកកឺ ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​រៀបរាប់​ពី​របៀប​ដែល​ព្រះ​មាន​ព្រះបន្ទូល​ទៅ​កាន់​ពួកលោក ។

ប្រធាន ផាកកឺ បាន​ថ្លែង​ថា ៖

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

អ្នក​អាច​រៀន​ឥឡូវ​នេះ នៅក្នុង​យុវវ័យ​របស់អ្នក ដើម្បី​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ។

« ក្នុង​នាម​ជា​សាវក​ម្នាក់ ខ្ញុំ​ស្ដាប់​ឥឡូវ​នេះ ចំពោះការ​បំផុសគំនិត​ដូចគ្នា ដែលចេញមកពី​ប្រភពដូចគ្នា តាមវិធីដូចគ្នា ដែល​ខ្ញុំ​បានស្ដាប់​កាលពី​នៅក្មេង ។ សញ្ញា​គឺ​មានកាន់​តែ​ច្បាស់​ក្នុងពេលឥឡូវនេះ » (Prayers and Answers, » Ensignខែវិច្ឆិកា ឆ្នាំ ១៩៧៩, ទំព័រ ២១) ។

អែលឌើរ ស្កត បាន​បង្រៀន​ថា ៖

អែលឌើរ រីឆាដ ជី ស្កត

« ចំណាប់អារម្មណ៍​ចំពោះ គំនិត គឺ​ជាក់លាក់​ណាស់ ។

« ពាក្យ​លម្អិត​អាច​នឹង​ត្រូវ​បាន​ស្ដាប់ឮ ឬ​ទទួលអារម្មណ៍ ហើយ​សរសេរទុក ដូច​ជាការណែនាំ​ត្រូវ​បាន​សរសេរ​តាមដូច្នោះដែរ ។

« ទំនាក់ទំនង​ទៅកាន់ចិត្តគឺ​កាន់​តែ​ទូទៅជាង ។ ជាញឹក​ញាប់ ព្រះអម្ចាស់ ចាប់​ផ្ដើម​ដោយ​ការ​ផ្ដល់​នូវចំណាប់អារម្មណ៍។ ពេល​ដែលមាន​នូវការ​ទទួលស្គាល់​ពី​សារៈសំខាន់​របស់វា ហើយ​ពួកគេ​បាន​គោរពតាម នោះ​អ្នក​ទទួល​បាន​សមត្ថភាព​កាន់​តែ​ច្រើន ដើម្បី​ទទួល​ការណែនាំ​លម្អិត​កាន់តែ​ច្រើន​នៅ​ក្នុង​គំនិត។ ចំណាប់អារម្មណ៍​ក្នុង​ចិត្ត បើ​ធ្វើ​តាម គឺ​ត្រូវ​បាន​បន្ថែម​ដោយ​ការណែនាំ​កាន់តែជាក់លាក់​ទៅ​ដល់គំនិត » ( « Helping Others to Be Spiritually Led » [ address to Church Educational System religious educators ថ្ងៃ​ទី ១១ ខែ សីហា ឆ្នាំ ១៩៩៨ ] ទំព័រ ៣–៤ si.lds.org) ។

រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះចំណាន​ខគម្ពីរ--គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨:២-៣

ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​ពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​មាន​ព្រះបន្ទូល​ទៅ​កាន់​គំនិត និង ចិត្ត​របស់​អ្នក សូម​សរសេរ​វគ្គ​បទគម្ពីរ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣ នៅ​លើ​កាត ឬ ក្រដាស​មួយ ។ សូម​ប្រឹងប្រែង​ទន្ទេញ​ខគម្ពីរ​ទាំងនេះ​ដោយ​សូត្រ​វា​ជា​រៀង​រាល់​ព្រឹក និង យប់​ពី​មុន​អ្នក​អធិស្ឋាន​ផ្ទាល់ខ្លួន ។ នៅ​ពេល​អ្នក​ទន្ទេញ​វា​ចាំ​ហើយ​នោះ អ្នក​អាច​ចែកចាយ​វា​ជាមួយ​មិត្តភក្ដិ ឬ សមាជិក​គ្រួសារ ហើយ​ពន្យល់​ថា​វា​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​អ្នក ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​គ្រា​មួយ​ដែល​ព្រះវរបិតាសួគ៌​បាន​មាន​ព្រះបន្ទូល​មក​កាន់​គំនិត និង ចិត្ត​របស់​អ្នក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩

ព្រះអម្ចាស់​ពន្យល់​ពី​មូលហេតុ​ដែល អូលីវើរ ខៅឌើរី ពិបាក​ក្នុង​ការបកប្រែ

តើ​ការសម្រេចចិត្ត​ចាំបាច់​ណា​ខ្លះ ដែល​អ្នក​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ? នៅ ៥ ឬ ១០ ឆ្នាំ​ទៀត ? សូម​ពិចារណា​ពី​មូលហេតុ​ដែល​អ្នក​ចង់បាន​ការដឹកនាំ​ពី​ព្រះអម្ចាស់​ក្នុង​ការសម្រេចចិត្ត​ចាំបាច់​ទាំងនេះ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩ ព្រះអម្ចាស់​ពន្យល់​ពី​មូលហេតុ​ដែល អូលីវើរ ខៅឌើរី មាន​ការពិបាក​ក្នុង​ការបកប្រែ​ផ្ទាំងចំណារ ។ ការបកស្រាយ​របស់​ព្រះអម្ចាស់​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ស្វែងរក ហើយ​ទទួលបាន​ការដឹកនាំ​សម្រាប់​ការសម្រេចចិត្ត​ដែល​អ្នក​នឹង​ធ្វើ​ក្នុង​ជិវិត ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩:១-៤ រួច​ស្វែងរក​កិច្ចការ​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​អូលីវើរ​ផ្ដោតអារម្មណ៍​លើ ជាជាង​លើ​ការបកប្រែ ។ ក្រោយមក​សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៥–៦, ១១ រួច​គូសចំណាំ​មូលហេតុ​ដែល​អូលីវើរ ពុំ​មាន​ជោគជ័យ​កាល​គាត់​បាន​ព្យាយាម​បកប្រែ ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ៖ « ការ​បរាជ័យ​របស់​អូលីវើរ កើត​ឡើង​ដោយសារ​តែ​គាត់​ពុំ​បន្ដ​ធ្វើ​ដូច​ដែល​គាត់​ចាប់​ផ្ដើម ហើយដោយសារ​ការងារ​វា​លំបាក នោះ​គាត់​បាន​បោះបង់​សេចក្ដីជំនឿចោល » (Church History and Modern Revelation, វ៉ុល ២ [ ឆ្នាំ ១៩៥៣ ] ១:៥១ ) ។

តើ​អ្វី​ដែល​យើង​អាច​រៀន​ពី​បទពិសោធន៍​របស់​អូលីវើរ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​វិវរណៈ​ពី​ព្រះអម្ចាស់ ? តើ​ការភ័យខ្លាច ឬ ការបាត់បង់​សេចក្ដីជំនឿ អាច​ទប់ស្កាត់​យើង​ពី​ការទទួលបាន ឬ ការប្រព្រឹត្ត​តាម​វិវរណៈ​ពី​ព្រះអម្ចាស់​តាម​របៀប​ណា ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« នៅ​ក្នុង​ដំណើរការ​នៃ​វិវរណៈ និង ការធ្វើ​ការសម្រេចចិត្ត នោះ​ភាពភ័យខ្លាច​ដើរតួនាទី​ជាការ​បំផ្លាញ ពេល​ខ្លះធ្វើ​ឲ្យ​ស្លន់ ។ ចំពោះ​អូលីវើរ ខៅឌើរី ដែល​បាត់បង់​ឱកាស​មាន​តែ​ម្ដង​ក្នុង​មួយជីវិត ដោយ​សារលោក​ពុំ​ចាប់​យក​ឱកាស​នោះ ព្រះអម្ចាស់​បាន​មាន​បន្ទូលថា ‹ អ្នក​ពុំ​បាន​ធ្វើ​តទៅទៀត ដូច​ជា​អ្នក​បាន​ចាប់​ផ្ដើមឡើយ​ ›។ តើ​នោះ​វា​ស្រដៀងគ្នា​ទៅ​នឹង​អ្នកទាំងឡាយ​ដែល​បាន​ទទួល​ការ​ណែនាំ​ហើយ តែ​បែរ​ជា​បោះបង់ចោល​ដោយសារ​តែ​គំនិត​ទីពីរ និង​ការ​សង្ស័យ​កើតមាន​នោះយ៉ាងដូចម្តេច ?…

« …បន្ទាប់ពី​អ្នក​បាន​ទទួល​សារលិខិត បន្ទាប់ពីអ្នក​បាន​បង់ថ្លៃ​ដើម្បី​ដឹង​ពី​ក្ដី​ស្រឡាញ់​របស់ទ្រង់ ហើយ​ស្ដាប់​តាម​ព្រះបន្ទូលទ្រង់ហើយ ចូរ​បន្ដ​ឆ្ពោះ​ទៅមុខ ។ ចូរ​កុំ​ខ្លាច កុំ​ស្ទាក់ស្ទើរ កុំ​គិត​លើ​រឿង​ដែល​ពុំ​សំខាន់ កុំ​រអ៊ូរទាំ ។… ដោយ​នូវ​វិញ្ញាណ​នៃ​វិវរណៈ​នេះ ចូរលះចោល​នូវ​ភាព​ភ័យខ្លាច​របស់អ្នក ហើយដើរ​ដោយ​ក្លាហានដោយមាន​ទំនុកចិត្ត » ( « Cast Not Away Therefore Your Confidence » Ensignខែ មីនា ឆ្នាំ ២០០០ ទំព័រ ១០ ) ។

សូម​គិត​អំពី​គ្រា​មួយ​ដែល​អ្នក​ត្រូវ​អនុវត្ត​សេចក្ដីជំនឿ​ដើម្បី​ស្វែងរក ឬ ប្រព្រឹត្ត​តាម​ចម្លើយ​មក​ពី​ព្រះអម្ចាស់ ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ស្វែងរក​ចម្លើយ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៧–៨ ដោយ​ស្វែងរក​មូលហេតុ​មួយ​ទៀត​ដែល​អូលីវើរ មាន​ការលំបាក​ក្នុង​ការទទួល​ជំនួយ​ពី​ព្រះអម្ចាស់​ក្នុង​ការខិតខំ​របស់​គាត់​ដើម្បី​បកប្រែ ។ តើ​អ្នក​គិត​ថា « សិក្សា​ក្នុង​គំនិត​របស់​អ្នក » មាន​ន័យ​ដូចម្ដេច ?

មេរៀន​មួយ​យើង​អាច​រៀន​ចេញ​ពី​ខគម្ពីរ​ទាំងនេះ​គឺ ការទទួល និង ការស្គាល់​វិវរណៈ តម្រូវ​ឲ្យ​មាន​ការខិតខំ​ក្នុង​ចំណែក​របស់​យើង ។ អ្នក​អាច​នឹង​ចង់​បញ្ចូល​សេចក្ដីពិត​នេះ​ទៅ​ក្នុង​បញ្ជី​នៃ​របៀប​ស្វែងរក​វិវរណៈ​ពី​ព្រះអម្ចាស់ ដែល​អ្នក​បាន​បង្កើត​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​សម្រាប់​កិច្ចការ​ទី ១ ។ សូម​ចងចាំ​ថា យើង​គួរតែ​សូម​ដល់​ព្រះអម្ចាស់​ថា​តើ​សេចក្ដីសន្និដ្ឋាន​របស់​យើង​ត្រឹមត្រូវ​ដែរ​ឬ​ទេ​បន្ទាប់​ពី​ដំណើរការ​ការសិក្សា​ពី​ការសម្រេចចិត្ត​របស់​យើង​ហើយ ។

  1. journal iconសូម​ឆ្លើយ​នឹង​សំណួរ​តទៅ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​ពិចារណា ហើយ​សិក្សា​ពី​បញ្ហា​ដោយ​ខ្លួន​យើង​សិន ទើប​នាំ​យក​ការសម្រេចចិត្ត​នោះ​មក​ឯ​ទ្រង់​ដើម្បី​ធ្វើ​ការបញ្ជាក់ ជាជាង​ការសូម​ដល់​ទ្រង់​ឲ្យ​ធ្វើ​ការសម្រេចចិត្ត​ឲ្យ​យើង ?

សូម​ពិចារណា​ពី​របៀប​ដែល​បុគ្គល​ទាំងឡាយ​ខាងក្រោម​នេះ​អាច​ប្រើ​សេចក្ដីពិត​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៧–៨ ដើម្បី​ទទួល​បាន​វិវរណៈ​ចំពោះ​កាលៈទេសៈ​របស់​ខ្លួន ។

  • យុវជន​ម្នាក់​ពុំ​ប្រាកដ​ថា​ត្រូវ​ចូល​រៀន​សាកលវិទ្យាល័យ ឬ ត្រូវ​ស្វែងរក​ការងារ និង ការបំពាក់បំប៉ន​វិជ្ជាជីវៈ​ណា​មួយ​នោះ​ទេ ។

  • យុវនារី​ម្នាក់​កំពុង​ព្យាយាម​សម្រេចចិត្ត​ពី​របៀប​ដកខ្លួន​ចេញ​ពី​មិត្តភក្ដិ​ដែល​ជះឥទ្ធិពល​អាក្រក់​មក​លើ​នាង ។

  • អ្នក​ត្រឡប់​មក​ពី​ផ្សព្វផ្សាយ​សាសនា​ម្នាក់​កំពុង​គិត​ពី​អាពាហ៍ពិពាហ៍ ហើយ​ចង់​ដឹង​ថា​តើ​មនុស្ស​ជាក់លាក់​ម្នាក់​ជា​ដៃគូ​អស់កល្ប​ពិតប្រាកដ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៨–៩ ដោយ​ស្វែងរក​របៀប​ដែល អូលីវើរ ខៅឌើរី អាច​ដឹង​ថា​ការសម្រេចចិត្ត​របស់​គាត់​ត្រូវ ឬ ខុស ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ចេញ​ពី ខទី ៨ អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ឆ្លើយតប នៅ​ពេល​យើង​សួរ​ថា​តើ​ការសម្រេចចិត្ត​របស់​យើង​ត្រឹមត្រូវ​ដែរ​ឬ​ទេ​នោះ ?

សេចក្ដី​ខ្មួលខ្មាញ់​ក្នុង​ទ្រូង​ដែល​ត្រូវបាន​សន្យា​ដល់ អូលីវើរ ខៅឌើរី គឺ​ជា​របៀប​តែ​មួយ​គត់​ដែល ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នឹង​បញ្ជាក់​ពី​ជម្រើស​ដ៏​ត្រឹមត្រូវ​មួយ​បាន ។ ការបញ្ជាក់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​កើត​ឡើង​តាម​របៀប​ផ្សេងៗ​គ្នា​ដែល​ផ្ទាល់ខ្លួន និង ស៊ីជម្រៅ ។

អែលឌើរ រីឆាដ ជី ស្កត

អែលឌើរ រីឆាដ ជី ស្កត បាន​មាន​ប្រសាសន៍​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​បណ្ដាល​ឲ្យ​យើង « មាន​អារម្មណ៍​ថា ការណ៍​នោះ​ត្រឹមត្រូវ » (គ. និង ស. ៩:៨) ដូច្នេះ​ថា ៖ « អារម្មណ៍​សុខសាន្ដ គឺ​ជា​សាក្សីបញ្ជាក់​ដ៏​សាមញ្ញបំផុត ដែល​ខ្ញុំ​បាន​ទទួលបទពិសោធន៍​ផ្ទាល់ខ្លួន ។ ពេល​ខ្ញុំ​ខ្វល់ខ្វាយ​ខ្លាំង​អំពី​រឿង​សំខាន់មួយ លំបាក​ក្នុងការ​ដោះស្រាយ​វា​ដោយគ្មានជោគជ័យ ខ្ញុំ​បាន​បន្ដ​កិច្ចខិតខំទាំងឡាយ​ដោយ​សេចក្ដីជំនឿ ។ ក្រោយមកភាព​សុខសាន្ដ​ប្រកប​ដោយអានុភាព​បំផុត​មួយ​បាន​កើត​មាន រម្ងាប់​កង្វល់​របស់ខ្ញុំ ដូច​ដែលទ្រង់​បាន​សន្យា​ដូច្នោះមែន » ( Using the Supernal Gift of Prayer » Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៧, ទំព័រ ១០ ) ។

អែលឌើរ ស្កត ក៏​បាន​ពន្យល់​ពី​ចម្លើយ​ដែល​ប្រាប់​លោក​ថា​ការសម្រេចចិត្ត​លោក​ពុំ​ត្រឹមត្រូវ​ទេ​ដូច្នេះ​ថា ៖ « [ការអាប់គំនិត] នោះ សម្រាប់ខ្ញុំ​គឺ​ជា​អារម្មណ៍​ពុំ​សុខស្រួល ពុំរម្ងាប់ » ។ ( Using the Supernal Gift of Prayer ទំព័រ ១០ ) ។

អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដីថ្លែង​ទីពីរ​របស់​អែលឌើរ ស្កត នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក​នៅ​ក្បែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៩:៩ ឬ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩:១០–១៤ ព្រះអម្ចាស់​បាន​អះអាង​ដល់​អូលីវើរ​ថា ទ្រង់​ពុំ​កាត់ទោស​លោក ដែល​បរាជ័យ​ក្នុង​ការ​បកប្រែ​នោះ​ទេ ។ ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ​អូលីវើរ​បន្ត​ការសរសេរ​សម្រាប់​ព្យាការី​បន្ត​ទៀត ហើយ « ឈរ​ឲ្យ​មាំមួន​ក្នុង​កិច្ចការ » ដែល​ព្រះអម្ចាស់​បាន​ហៅ​អូលីវើរ​ឲ្យ​ធ្វើ ( គ. និង ស. ៩:១៤ ) ។ ព្រះអម្ចាស់​បាន​សន្យា​ដល់​អូលីវើរ​ថា ការបន្ត​ដោយ​ឧស្សាហ៍ព្យាយាម និង គោរពប្រតិបត្តិ​នឹង​នាំ​មក​នូវ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។

  1. journal iconដោយ​ប្រើ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨–៩ សូម​សរសេរ​សុន្ទរកថា​សម្រាប់​រយៈពេល​ពីរបី​នាទី​ស្ដីពី​ការទទួលបាន​វិវរណៈ​ពី​ព្រះអម្ចាស់ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​បញ្ចូល​ការប្រឹក្សា​ស្ដីពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ទទួល​បាន​វិវរណៈ​ពី​ព្រះអម្ចាស់ និង ការណែនាំ​ពី​របៀប​ដែល​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង ។

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨–៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖