មេរៀនទី ៥ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៣-៤១
បុព្វកថា
នៅក្នុងបុព្វកថានៃមេរៀនមុន អ្នកបានរៀនថា ដើម្បីធានាដល់ អ៊ី ប៊ី ហ្គ្រានឌិន ចំពោះការបង់ថ្លៃនៃការបោះពុម្ពព្រះគម្ពីរមរមន ម៉ាទីន ហារិស បានចុះហត្ថលេខាលើកិច្ចសន្យាបញ្ចាំចម្ការរបស់គាត់មួយកន្លែង ។ នៅក្នុងផ្នែកទីពីរនៃវិវរណៈនេះ ដែលមានសម្រាប់ ម៉ាទិន ហារីស គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣–៤១ ព្រះអម្ចាស់បានទូន្មានឲ្យ ម៉ាទីន ចំណាយទ្រព្យសម្បត្តិរបស់គាត់ដោយសេរីសម្រាប់ការបោះពុម្ពព្រះគម្ពីរមរមន ។ នៅទីបំផុត ម៉ាទីន បានលក់ចម្ការរបស់គាត់ទំហំ ៦១.១០ ហិចតា ដើម្បីបង់ថ្លៃឈ្នួលបោះពុម្ព ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៣-២៤
ព្រះអង្គសង្គ្រោះថ្លែងទីន្ទាល់ថា សេចក្តីសុខសាន្តកើតចេញមកពីការរៀនអំពីទ្រង់
តើមានពេលណា ដែលអ្នកត្រូវធ្វើនូវរឿងអ្វីមួយពិបាក ដែលអ្នកដឹងថាត្រឹមត្រូវ ប៉ុន្តែអ្នកពុំប្រាកដក្នុងចិត្ត ឬភ័យខ្លាចអំពីលទ្ធផលដែលវានឹងកើតឡើងនោះដែរឬទេ ? ( ឧទាហរណ៍ អ្នកអាចនឹងមានអារម្មណ៍ថាត្រូវនៅឲ្យឆ្ងាយពីមិត្តភក្ដិមួយចំនួន ព្រោះពួកគេជះឥទ្ធិពលអាក្រក់មកលើអ្នក ) ។ តើអ្វីបានជួយអ្នកឲ្យមានសេចក្ដីជំនឿដើម្បីធ្វើនូវអ្វី ដែលអ្នកដឹងថាជារឿងត្រឹមត្រូវ ទោះជាវាមានការពិបាកយ៉ាងណាក្ដីនោះ ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើមានការណ៍ពិបាកៗមួយចំនួនណាខ្លះ ដែលអ្នកត្រូវបានស្នើឲ្យធ្វើ ឬ ជួនកាល អាចត្រូវបានស្នើឲ្យធ្វើដោយសារតែអ្នកជាសមាជិកសាសនាចក្រនោះ ? ហេតុអ្វីបានជាកិច្ចការទាំងនោះពិបាក ឬ ហេតុអ្វីបានជាកិច្ចការទាំងនោះនឹងពិបាកសម្រាប់អ្នកក្នុងការធ្វើ ?
-
តើអារម្មណ៍ និង ទង្វើរបស់អ្នក នឹងប្រែប្រួល អាស្រ័យទៅលើបុគ្គលដែលស្នើឲ្យអ្នកធ្វើនូវរឿងលំបាកនោះដែរឬទេ ? ហេតុអ្វីប្រែប្រួល ឬ ហេតុអ្វីមិនប្រែប្រួល ?
-
សូមអានក្បាលកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១៩ រួចគូសចំណាំពីអង្គ ដែលបានប្រទានព្រះបញ្ញត្តិ ដែលមាននៅក្នុងវិវរណៈនេះទៅដល់ ម៉ាទិន ហារីស ។ ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពរបស់ ម៉ាទីន តើការដឹងថា ព្រះបញ្ញត្តិនេះ មកពីព្រះ នឹងជួយដល់អ្នកយ៉ាងដូចម្ដេច ?
ម៉ាទិន ហារីស មានកង្វល់អំពីការដាក់បញ្ចាំចម្ការមួយចំណែករបស់គាត់ ដើម្បីបោះពុម្ពព្រះគម្ពីរមរមន ។ ព្រះអម្ចាស់ បានឆ្លើយតបចំពោះកង្វល់របស់ ម៉ាទីន ដោយការបើកសម្ដែងរឿងមួយចំនួន ដែលគាត់ចាំបាច់ត្រូវធ្វើ និងការណ៍មួយចំនួនដែលគាត់ចាំបាច់ត្រូវដឹង ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ រួចគូសចំណាំពីការសន្យារបស់ព្រះអម្ចាស់ទៅដល់ ម៉ាទិន ហារីស ។ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៣ គឺជាវគ្គចំណេះចំណានខគម្ពីរ ) ។ អ្នកអាចសរសេរគោលការណ៍ដូចតទៅនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ បើយើងរៀនអំពីព្រះគ្រីស្ទ ស្ដាប់តាមបន្ទូលទាំងឡាយរបស់ទ្រង់ ហើយដើរក្នុងភាពស្លូតបូតនៃព្រះវិញ្ញាណរបស់ទ្រង់ នោះយើងនឹងបានសេចក្ដីសុខសាន្ដ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើនៅពេលណា ដែលអ្នកធ្លាប់ទទួលអារម្មណ៍នៃភាពសុខសាន្តដែលបានសន្យានៅក្នុងគោលការណ៍នេះ នៅពេលអ្នកបានធ្វើការណ៍ផ្សេងៗដូចជា ការសិក្សាព្រះគម្ពីរ ការស្ដាប់សុន្ទរកថានៅក្នុងសន្និសីទទូទៅ និង ការប្រជុំដទៃទៀត ហើយពិចារណាអំពីពរជ័យទាំងឡាយនៃដំណឹងល្អ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៤ ដោយស្វែងរកអ្វីដែល ម៉ាទិន ហារីស បានរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអំពីរបៀបដែលការរៀនអំពីអ្វីទាំងនេះ អាចជួយអ្នកឲ្យទទួលអារម្មណ៍ភាពសុខសាន្ត នៅពេលអ្នកត្រូវបានស្នើឲ្យធ្វើកិច្ចការដ៏ពិបាកណាមួយសម្រាប់ព្រះអម្ចាស់ ។
ចំណេះចំណានខគម្ពីរ--គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:២៣
-
ដើម្បីជួយអ្នកឲ្យទន្ទេញចាំវគ្គចំណេះចំណានខគម្ពីរនេះ សូមសរសេរអក្សរពី ក ដល់ ឃ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ ក្រោយមក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ឲ្យបានច្រើនដងតាមដែលអាចធ្វើទៅបានក្នុងរយៈពេល ២ នាទី ។ ពេលដល់ម៉ោង សូមបិទព្រះគម្ពីររបស់អ្នក ហើយនៅជាប់នឹងអក្សរ ក–គ សូមសរសេរចំណុចបីដែលអ្នកត្រូវធ្វើ ។ បន្ទាប់មកនៅជាប់នឹងអក្សរ ឃ សូមសរសេរអ្វីដែលព្រះអម្ចាស់បានសន្យាថា យើងនឹងនឹងទទួលបានប្រសិនបើយើងធ្វើកិច្ចការទាំងបីនោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៥-៣៥
ព្រះអម្ចាស់បញ្ជា ម៉ាទីន ហារិស ឲ្យលក់ទ្រព្យសម្បត្តិរបស់គាត់ដើម្បីបោះពុម្ពព្រះគម្ពីរមរមន
បន្ទាប់ពីបានសន្យា ម៉ាទិន ហារីស ដោយនូវភាពសុខសាន្តបន្ថែមលើការរៀនអំពីព្រះអង្គសង្គ្រោះ និង ការស្ដាប់តាមព្រះបន្ទូលទាំងឡាយរបស់ទ្រង់ហើយនោះ ព្រះអម្ចាស់បានប្រទានព្រះបញ្ញត្តិ និង ឱវាទបន្ថែមដល់គាត់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៦ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានបញ្ជាឲ្យ ម៉ាទិន ហារីស ធ្វើ ។ ( ម៉ាទិន បានដាក់បញ្ចាំចម្ការ ទំហំ៦១.១០ ហិចតា ដែលបានធ្វើឲ្យការបោះពុម្ពព្រះគម្ពីរមរមនអាចដំណើរការបាន ) ។
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៥–៣៥ ដោយស្វែងរកព្រះបញ្ញត្តិ និង ឱវាទ ដែលព្រះអម្ចាស់បានប្រទានដល់ ម៉ាទិន ហារីស ។ នៅពេលអ្នកអាន សូមស្វែងរក ហើយពិចារណាពីការគូសចំណាំឃ្លា « យើងបញ្ជា » និង « ចូរអ្នក » ។
ព្រះអម្ចាស់មានព្រះទ័យខ្វល់ខ្វាយពី ម៉ាទីន ហារិស ហើយបានប្រទានព្រះបញ្ញត្តិជាក់លាក់តាមស្ថានភាពនីមួយៗរបស់គាត់ ។ យើងពុំមានព័ត៌មានគ្រប់គ្រាន់ដើម្បីយល់ពីមូលហេតុ ដែលព្រះអម្ចាស់បានប្រទានព្រះបញ្ញត្តិជាក់លាក់ដល់ ម៉ាទីន ហារិស នោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់យ៉ាងច្បាស់នូវអ្វី ដែលនឹងកើតឡើង បើ ម៉ាទីន ពុំគោរពតាមព្រះបញ្ញត្តិទាំងឡាយទេនោះ ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៣៣ ដោយស្វែងរកការណ៍ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថានឹងកើតឡើង បើ ម៉ាទីន « មិនអើពើដល់ពាក្យដំបូន្មានទាំងនេះ » ទេនោះ ? នៅក្នុងបរិបទនេះ ពាក្យ មិនអើពើ មានន័យថា មិនគោរពតាមអ្វីមួយ ដោយសារតែវាហាក់បីដូចជាពុំសំខាន់ ឬ ពុំសូវមានតម្លៃ ។ អ្នកអាចនឹងចង់សរសេរនិយមន័យនេះ នៅក្នុងព្រះគម្ពីររបស់អ្នកក្បែរពាក្យ មិនអើពើ ។
-
សូមគិតអំពីព្រះបញ្ញត្តិមួយចំនួន និង ឱវាទ ដែលអ្នកបានទទួលពីព្រះអម្ចាស់តាមរយៈប្រសាសន៍របស់ពួកសាវក និង ព្យាការី ពរជ័យនៃបព្វជិតភាព ( រួមបញ្ចូលទាំងពររបស់លោកអយ្យកោ បើអ្នកមាន ) និង ថ្នាក់ដឹកនាំបព្វជិតភាព ។ សូមសរសេរដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុដែលយើងចាំបាច់ត្រូវធ្វើតាមសេចក្ដីណែនាំនេះ ។
អែលឌើរ រ័សុល អិម ណិលសុន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ដំបូន្មានដូចតទៅនេះថា ៖ « សូមរក្សាព្រះបញ្ញត្តិ ទាំងអស់ របស់ព្រះ ដោយដឹងថា ព្រះបញ្ញត្តិទាំងនោះត្រូវបានប្រទានឲ្យ ដើម្បីប្រទានពរដល់កូនចៅទ្រង់ និង នាំមកនូវសេចក្ដីអំណរដល់ពួកគេ ។ [ អ្នក ] នឹងជួបមនុស្សដែលរើសថា បទបញ្ញត្តិមួយណាដែលពួកគេនឹងរក្សា ហើយមិនអើពើនឹងបទបញ្ញត្តិផ្សេងទៀត ដែលពួកគេជ្រើសរើសមិនគោរពតាម ។ ខ្ញុំសូមហៅការណ៍នេះថាជាអាហារប៊ូហ្វេចំពោះការគោរពប្រតិបត្តិហើយ ។ ការអនុវត្តនៃការរើសពេក និងការជ្រើសរើសនេះ នឹងគ្មានបានការទេ ។ វានឹងនាំទៅរកសេចក្ដីវេទនា ។ ដើម្បីរៀបចំខ្លួនទៅជួបនឹងព្រះ បុគ្គលម្នាក់ត្រូវរក្សាព្រះបញ្ញត្តិរបស់ទ្រង់ ទាំងអស់ ។ ដើម្បីគោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងនោះ វាតម្រូវឲ្យមានសេចក្ដីជំនឿ ហើយការរក្សាព្រះបញ្ញត្តិទាំងឡាយ នឹងពង្រឹងសេចក្ដីជំនឿនោះ » ( « Face the Future with Faith » Ensignឬ Liahonaខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៣៤ ) ។
សូមពិចារណាថាតើ អ្នកមានទំនោរមិនអើពើ ឬមិនគោរពចំពោះព្រះបញ្ញត្តិណាមួយ ដែលព្រះអម្ចាស់បានប្រទានដល់អ្នក និងថាតើមានព្រះបញ្ញត្តិជាក់លាក់ណាមួយ ដែលអ្នកអាចគោរពប្រតិបត្តិដោយមានការលះបង់កាន់តែច្រើនដែរឬទេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៣៦-៤១
ព្រះអម្ចាស់ទូន្មានដល់ ម៉ាទីន ហារិស ស្ដីអំពីការបម្រើរបស់គាត់
ដូចជា ម៉ាទីន ហារិស ផងដែរ យើងទាំងអស់គ្នាត្រូវតែសម្រេចចិត្តថាតើយើងនឹងចុះចូលឆន្ទៈរបស់យើងទៅតាមព្រះហឫទ័យរបស់ព្រះវរបិតាដែរឬទេ ទោះជាអ្វីដែលទ្រង់បានសុំឲ្យយើងធ្វើមានការលំបាកយ៉ាងណានោះ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បានចែកចាយដំណើររឿងរបស់យុវជនម្នាក់ដែលបានសម្រេចចិត្តថាតើ គាត់ត្រូវចុះចូលឆន្ទៈរបស់គាត់នឹងព្រះហឫទ័យរបស់ព្រះវរបិតាដែរឬទេ ។ សូមអានផ្នែកទីមួយនៃដំណើររឿងនេះ រួចប្រៀបធៀបបទពិសោធន៍របស់យុវជននេះទៅនឹងបទពិសោធន៍របស់ ម៉ាទិន ហារីស ។
« ហូសេ ហ្គាសា មកពីប្រទេស ម៉ិកស៊ិក [ បាន ] កើតមកក្នុងភាពក្រីក្រ ប៉ុន្តែបានបីបាច់ដោយសេចក្ដីជំនឿ ហូសេ បានត្រៀមខ្លួនសម្រាប់ការហៅបម្រើបេសកកម្ម ។ ខ្ញុំបានមានវត្តមាននៅថ្ងៃ ដែលគាត់ទទួលបានអនុសាសន៍ ។ នោះមានសេចក្ដីថ្លែងការណ៍ថា៖ ‹ បងប្រុស ហ្គាសា នឹងបម្រើដោយការលះបង់ដ៏ធំធេងចំពោះគ្រួសាររបស់គាត់ ព្រោះគាត់ជាអ្នកផ្គង់ផ្គង់គ្រួសារ។ គាត់មានតែទ្រព្យមួយប៉ុណ្ណោះ--ជាការសន្សំតែមទុក-- ដែលគាត់យល់ព្រមលក់វា បើចាំបាច់ ដើម្បីជួយរកថវិកាចេញបេសកកម្មរបស់គាត់ › ។
« ប្រធាន ឃឹមបឹល បានស្ដាប់ដោយយកចិត្តទុកដាក់ពេលសេចក្ដីថ្លែងនេះបានអានឲ្យលោកស្ដាប់ រួចហើយលោកបានតបថា ៖ ‹ ចូរឲ្យគាត់លក់តែមសន្សំរបស់គាត់ចុះ ។ ការលះបង់ដូច្នេះនឹងនាំមកនូវពរជ័យដល់គាត់ » (Profiles of Faith » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៧៨, ទំព័រ ៥៦ ) ។
-
សូមឆ្លើយសំណួរដូចតទៅដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការសម្រេចិត្តដ៏លំបាកៗ ដូចជាអ្វីដែល ហូសេ ចាំបាច់ត្រូវធ្វើនោះ អាចនឹងមានភាពកាន់តែងាយស្រួលយ៉ាងដូចម្ដេច បើយើងធ្លាប់មានបទពិសោធន៍នៃសេចក្ដីសុខសាន្តដែលមានមកពីការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ហើយនោះ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:៣៦–៤១ ដោយស្វែងរកពាក្យ ឬ ឃ្លាដែលបង្រៀនពីគោលការណ៍ដូចតទៅនេះ ៖ បើយើងធ្វើតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ នោះទ្រង់នឹងប្រទានពរជ័យដល់យើង ដែលមានតម្លៃថ្លៃជាងទ្រព្យសម្បត្តិលើផែនដីទៅទៀត ។
តើអ្នកគិតថា ពរជ័យអ្វីដែលមានតម្លៃថ្លៃជាងទ្រព្យសម្បត្តិលើផែនដីទៅទៀត ដែល ហូសេ នឹងទទួលបានតាមរយៈការបម្រើបេសកកម្មនោះ ? សូមអានសេចក្ដីបញ្ចប់នៃដំណើររឿងនេះ រួចស្វែងរកពរជ័យបន្ថែមដែល ហូសេ នឹងទទួលបានសម្រាប់ការអនុវត្តន៍គោលការណ៍នេះ ៖
« បន្ទាប់មក ដោយមានស្នាមញញឹមលើទឹកមុខ និងការព្រិចភ្នែក នោះព្យាការីដ៏ជាទីស្រឡាញ់រូបនេះ [ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ]បានមានប្រសាសន៍ថា ‹ រាល់ខែនៅការិយាល័យកណ្ដាលរបស់សាសនាចក្រ នោះយើងទទួលបានសំបុត្ររាប់ពាន់ពីគ្រប់ទីកន្លែងទាំងអស់លើពិភពលោក ។ ចូរយើងសន្សំតែមនោះទុក ហើយប្រគល់វាទៅឲ្យ ហូសេ នៅពេលគាត់បញ្ចប់បេសកកម្មរបស់គាត់ ។ គាត់នឹងមានតែមសន្សំដ៏ស្អាតបំផុតជាងយុវជនណាៗទាំងអស់ក្នុងប្រទេស ម៊ិកស៊ីក ដោយពុំត្រូវចំណាយប្រាក់ › » (Profiles of Faith, »ទំព័រ ៥៦ ) ។
សូមពិចារណាអំពីរបៀបដែលគោលលទ្ធិ ដែលអ្នកបានរៀនចេញពីមេរៀននេះ អាចជួយពង្រឹងឆន្ទៈរបស់អ្នកឲ្យចុះចូលទៅនឹងព្រះហឫទ័យរបស់ព្រះ ។
ម៉ាទិន ហារីស បានគោរពប្រតិបត្តិដោយដាក់បញ្ចាំចម្ការរបស់គាត់ មួយចំណែកដើម្បីចំណាយលើការបោះពុម្ពព្រះគម្ពីរមរមន ។ ដោយសារតែការជ្រើសរើសរបស់ ម៉ាទីន នោះជីវិតមនុស្សរាប់លាននាក់ ត្រូវបានប្រទានពរ ហើយនឹងនៅតែបន្តទទួលបានពរជ័យ ។ សូមពិចារណាអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីចុះចូលឆន្ទៈរបស់អ្នកទៅនឹងព្រះហឫទ័យរបស់ព្រះវរបិតាសួគ៌ឲ្យបានកាន់តែប្រសើរឡើង ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣–៤១ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖