មេរៀនទី ២០ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤-៩៦
បុព្វកថា
ព្រះអម្ចាស់បានប្រទានវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤ នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ១៨៣៣ ហើយបានដឹកនាំពួកបរិសុទ្ធឲ្យស្ថាបនាទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ឲ្យស្រដៀងគ្នាទៅនឹងទីក្រុង ស៊ីយ៉ូន នៅរដ្ឋ មិសសួរី ដែរ ។ ព្រះអម្ចាស់ក៏បានត្រាស់បង្គាប់ពួកបរិសុទ្ធ ឲ្យសាងសង់គេហដ្ឋានមួយឡើង ( អគាររដ្ឋបាលសាសនាចក្រ ) សម្រាប់គណៈប្រធានទីមួយ និង ជាកន្លែងសម្រាប់បោះពុម្ព ដែលជាកិច្ចការបន្ថែមពីលើព្រះវិហារបរិសុទ្ធ ដែលទ្រង់បានបង្គាប់ដល់ពួកបរិសុទ្ធឲ្យសាងសង់កាលពីលើកមុន ។ កាលពីពីរខែមុន នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥ដែលព្រះអម្ចាស់បានវាយផ្ចាលពួកបរិសុទ្ធ ចំពោះការពន្យារពេលការសាងសង់ព្រះវិហារបរិសុទ្ធ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៦ មានការណែនាំរបស់ព្រះអម្ចាស់ ឲ្យចាត់តាំង នូវល ខេ វិតនី ឲ្យ « កាន់កាប់ » ( គ. និង ស. ៩៦:២ ) អចលនទ្រព្យ ដែលព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ នឹងត្រូវបានសាងសង់លើ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤
ព្រះអម្ចាស់ត្រាស់បង្គាប់ឲ្យពួកបរិសុទ្ធ សាងសង់គេហដ្ឋានពីរឡើង ហើយបញ្ជាក់បន្ថែមអំពីសេចក្ដីត្រូវការក្នុងការសាងសង់ព្រះវិហារបរិសុទ្ធ ។
សូមស្រមៃថា អ្នកមានឱកាសធ្វើដំណើរឆ្លងកាត់ប្រទេសមួយ ដែលបានទៅដល់ទីក្រុងជាច្រើន ។ នៅពេលអ្នកធ្វើដំណើរ អ្នកបានកត់សម្គាល់ថា មានកីឡាដ្ឋានមួយ ស្ថិតនៅចំកណ្ដាលទីក្រុងនីមួយៗ ។ តើការណ៍នេះអាចប្រាប់យ៉ាងដូចម្ដេច អំពីមនុស្សនៅក្នុងប្រទេសនេះ ?
បើអ្នកគូរប្លង់ទីក្រុងដ៏ធំមួយ តើអ្នកនឹងដាក់អ្វីនៅចំកណ្ដាលទីក្រុង ? ហេតុអ្វី ?
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤:១–២ដោយស្វែងរកថាតើព្រះអម្ចាស់ បានណែនាំឲ្យគូរប្លង់ទីក្រុងនៃស្តេកស៊ីយ៉ូនឡើងនៅក្នុងទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ យ៉ាងដូចម្ដេច ។
តើការណ៍នេះថ្លែងយ៉ាងដូចម្ដេច អំពីសារៈសំខាន់នៃព្រះវិហារបរិសុទ្ធចំពោះព្រះអម្ចាស់ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤:៣, ១០រួចស្វែងរកអគារចំនួនពីរទៀត ដែលព្រះអម្ចាស់បានត្រាស់បង្គាប់ ឲ្យពួកបរិសុទ្ធសាងសង់នៅទីក្រុង ខឺតឡង់ ។
ព្រះបញ្ញត្តិដែលបង្គាប់ឲ្យសាងសង់អគារទាំងពីរនេះឡើង បង្ហាញអំពីសារៈសំខាន់ ដែលព្រះអម្ចាស់បានដាក់នៅក្នុង ពិធីបរិសុទ្ធទាំងឡាយក្នុងព្រះវិហារបរិសុទ្ធ កិច្ចការនៃគណៈប្រធានទីមួយក្នុងការទទួលបានវិវរណៈ និង ការបម្រើក្នុងសាសនាចក្រ និង ការបោះពុម្ពព្រះគម្ពីរ ព្រមទាំងកិច្ចការដទៃៗទៀត ដែលព្រះអម្ចាស់ត្រាស់បង្គាប់ ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤:៦-៨, ១២ដោយស្វែងរកឃ្លា ដែលទាក់ទងទៅនឹងភាពពិសិដ្ឋនៃអគារទាំងនេះ ។
ព្រះអម្ចាស់បានណែនាំដល់ ហៃរុម ស៊្មីធ, រេយណុល្ស ខាហ៊ូន និង យ៉ារេឌ ខារតើរ ឲ្យបង្កើតគណៈកម្មាធិការសាងសង់ សម្រាប់ការសាងសង់អគារដែលបានលើកឡើងនៅក្នុងវិវរណៈនេះ ( សូមមើល គ. និង ស. ៩៤:១៣–១៧ ) ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៤:១៦ដោយស្វែងរកការណ៍ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ដល់ពួកបរិសុទ្ធ អំពីការសាងសង់អគារទាំងឡាយ សម្រាប់គណៈប្រធានទីមួយ និង សម្រាប់ការបោះពុម្ព ។
សូមពិចារណាអំពីមូលហេតុ ដែលវាមានសារៈសំខាន់ ដែលព្រះវិហារបរិសុទ្ធត្រូវតែបានសាងសង់ឡើង ឲ្យបានមុនអគារពីរផ្សេងទៀត ? តើការណ៍នេះអាចបង្រៀនយើង អំពីសារៈសំខាន់នៃព្រះវិហារបរិសុទ្ធដូចម្ដេចខ្លះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥
ព្រះអម្ចាស់បានវាយផ្ចាលពួកបរិសុទ្ធ ចំពោះការផ្អាកការសាងសង់ព្រះវិហារបរិសុទ្ធ
ដំបូង ព្រះអម្ចាស់ចេញព្រះបញ្ញត្តិឲ្យសាងសង់ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៩ដែលមានកត់ត្រានៅថ្ងៃទី ២៧-២៨ ខែ ធ្នូ ឆ្នាំ ១៨៣២ ។
សូមសិក្សាសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥ ដោយស្វែងរកកាលបរិច្ឆេទ ដែលវិវរណៈនេះត្រូវបានប្រទានឲ្យ ។ តើមានរយៈពេលប្រហែលប៉ុន្មាន នៅចន្លោះកាលបរិច្ឆេទទាំងពីរនេះ ?
អំឡុងគ្រានេះ ថ្នាក់ដឹកនាំសាសនាចក្រ បានទិញអចលនទ្រព្យនៅទីក្រុង ខឺតឡង់ ដែលត្រូវសាងសង់ព្រះវិហារបរិសុទ្ធ ។ ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ១៨៣៣ ពួកបរិសុទ្ធពុំបានចាប់ផ្ដើមសាងសង់ព្រះវិហារបរិសុទ្ធ ហើយក៏ពុំបានរៀបចំចាក់គ្រឹះដែរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:១–៣រួចស្វែងរកអ្វី ដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ពួកបរិសុទ្ធ អំពីការពន្យារពេលរបស់ពួកគេនៅក្នុងការសាងសង់ព្រះវិហារបរិសុទ្ធ ។
សូមយោងទៅកាន់ ខទី ១ ដើម្បីបញ្ចប់សេចក្ដីថ្លែងការណ៍ដូចតទៅនេះ ៖ ព្រះវាយផ្ចាល ។
ការវាយផ្ចាលមានន័យថា ការណែនាំ ឬ ការកែតម្រូវ ។ នៅក្នុង ខទី ១អ្នកអាចនឹងចង់គូសចំណាំមូលហេតុ ដែលព្រះវាយផ្ចាលមនុស្សដែលទ្រង់មានព្រះទ័យស្រឡាញ់ ។
សូមពិចារណាថាតើអ្នកមានប្រតិកម្មយ៉ាងដូចម្ដេច នៅពេលអ្នកត្រូវបានវាយផ្ចាល ឬ កែតម្រូវ ។ នៅពេលអ្នកអានសេចក្ដីអត្ថាធិប្បាយខាងក្រោមនេះ សូមស្វែងរករបៀបដែលពួកបងប្អូនប្រុសមួយចំនួន បានឆ្លើយតបទៅនឹងការវាយផ្ចាលរបស់ព្រះអម្ចាស់ ៖
បន្ទាប់ពី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥ថ្នាក់ដឹកនាំសាសនាចក្រ បានធ្វើសន្និសីទមួយ ដើម្បីពិភាក្សាអំពីការសាងសង់ព្រះវិហារបរិសុទ្ធ ។ « ពួកបងប្អូនប្រុសមួយចំនួន ចង់សាងសាង់ពីឈើសង់ផ្ទះ ហើយពួកបងប្អូនប្រុសឯទៀត ចង់សាងសង់ជាលក្ខណៈដាក់ឈើហ៊ុប ។ យ៉ូសែប បានរំឭកពួកគាត់ថា ពួកគាត់ពុំមែនសាងសង់ដំណាក់មួយឡើងសម្រាប់មនុស្សនោះទេ ប៉ុន្តែគឺសម្រាប់ព្រះ លោកបានមានប្រសាសន៍ថា ‹ បងប្អូនប្រុសទាំងឡាយអើយ តើយើងនឹងសាងសង់ដំណាក់សម្រាប់ព្រះរបស់យើងពីឈើហ៊ុបឬ ? ទេ ខ្ញុំមានផែនការល្អប្រសើរជាងនោះ ។ ខ្ញុំមានគម្រោងសាងសង់ដំណាក់របស់ព្រះអម្ចាស់ ដែលបានប្រទានមកពីទ្រង់ផ្ទាល់ ហើយឆាប់ៗនេះ បងប្អូននឹងឃើញ អំពីភាពខុសគ្នារវាង ការយល់ឃើញរបស់យើង និង អ្វីដែលទ្រង់ព្រះតម្រិះ › » ( លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother ed. Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ២៣០ ) ។ បន្ទាប់ពី យ៉ូសែប បានពន្យល់អំពី គំរូពេញលេញនៃព្រះវិហារបរិសុទ្ធ នោះពួកបងប្អូនប្រុសទាំងអស់មានចិត្តរំភើបរីករាយ ។ ពួកគាត់បានធ្វើដំណើរទៅកាន់ទីតាំងសាងសង់ ដករបង ហើយបានចាក់ដីបំពេញក្នុងស្រែ ដែលបានដាំដុះដោយគ្រួសារ ស្ម៊ីធ កាលពីមុន ។ បន្ទាប់ពីស្រូវត្រូវបានដកចេញហើយ ហៃរុម ស៊្មីធ « បានចាប់ផ្ដើមជីករណ្ដៅដាំបង្គោលគ្រឹះ ដែលគាត់បានប្រកាសថា គាត់នឹងចាប់ផ្ដើមសាងសង់គេហដ្ឋានទីមួយមុនគេ » ( លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smithទំព័រ ២៣១ ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីអ្វីដែលអ្នកអាចរៀនពីពួកបងប្អូនប្រុសទាំងនេះ ស្ដីពីរបៀបឆ្លើយតបទៅនឹងការកែតម្រូវ ឬ ការណែនាំ ។ បន្ថែមពីលើនោះ សូមសរសេរអំពីគ្រាមួយ ដែលអ្នកត្រូវបានវាយផ្ចាល ហើយបានឆ្ហើយតបទៅវិញ ដើម្បីស្វែងរកភាពរីកចម្រើន ។
សូមកត់ចំណាំថា ព្រះអម្ចាស់បានមានព្រះបន្ទូល ហៅការពន្យារពេលរបស់ពួកបរិសុទ្ធក្នុងការសាង់សង់ព្រះវិហារបរិសុទ្ធថាជា « អំពើបាបដ៏ធ្ងន់ណាស់ » ( គ. និង ស. ៩៥:៣ ) ។ តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់បានចាត់ទុកការពន្យារពេលក្នុងការសាងសង់ព្រះវិហារបរិសុទ្ធ ជាអំពើបាបដ៏ធ្ងន់ណាស់ ? សូមសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:៦ ដើម្បីឃើញថាតើព្រះអម្ចាស់បានប្រៀបធៀបអំពើបាបដ៏ធ្ងន់ណាស់នេះ ទៅនឹងអ្វី ។
សូមពិចារណាថាតើ ការមិនអើពើនឹងព្រះបញ្ញត្តិរបស់ព្រះអម្ចាស់—ជាពិសេសក្នុងការសាងសង់ព្រះវិហារបរិសុទ្ធ—អាចមានសភាពដូចជា ការដើរនៅក្នុងសេចក្ដីងងឹតនៅពេលថ្ងៃត្រង់ យ៉ាងដូចម្ដេច ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:៤, ៨–៩រួចស្វែងរកមូលហេតុ ដែលព្រះអម្ចាស់បានត្រាស់បង្គាប់ ឲ្យពួកបរិសុទ្ធសាងសង់ព្រះវិហារបរិសុទ្ធនៅទីក្រុង ខឺតឡង់ ។ ( ឃ្លា « ប្រយោជន៍ឲ្យយើងអាចសម្រេចកិច្ចការប្លែកៗរបស់យើងបាន » [ គ. និង ស. ៩៥:៤ ] សំដៅទៅលើកិច្ចការរបស់ព្រះអម្ចាស់នៅថ្ងៃចុងក្រោយ របៀបដែលមនុស្សពុំជឿទៅលើវិវរណៈ ការយាងមកជួបពីស្ថានសួគ៌ និង កិច្ចការខាងវិញ្ញាណដទៃៗទៀត ដែលអាចមើលឃើញថា ការស្ដារឡើងវិញនៃដំណឹងល្អ គឺជារឿងចម្លែក ) ។
យើងរៀនចេញពីខគម្ពីរទាំងនេះថា នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះអម្ចាស់រៀបចំពួកអ្នកបម្រើទ្រង់ ឲ្យធ្វើកិច្ចការរបស់ទ្រង់ ហើយប្រទានអំណោយទានឲ្យពួកគាត់ដោយព្រះចេស្ដា ។
ពាក្យ ប្រទានអំណោយទាន មានន័យថា ផ្ដល់ឲ្យនរណាម្នាក់នូវអំណោយមួយ ។ ការទទួលអំណោយទានពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ មានន័យថាទទួលបានអំណាច និង ចំណេះដឹងខាងវិញ្ញាណ ។ នៅក្នុងព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ព្រះអម្ចាស់បានស្ដារកូនសោទាំងឡាយនៃបព្វជិតភាពឡើងវិញ ដែលចាំបាច់ដើម្បីធ្វើពិធីបរិសុទ្ធនៃការសង្គ្រោះ ដែលសព្វថ្ងៃនេះយើងអាចទទួលបានតែនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ ៖ ការទទួលអំណោយទានពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ និង ពិធីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល គ. និង ស. ១១០ ) ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងអំពីសារៈសំខាន់នៃការទទួលបានពរជ័យនៃព្រះវិហារបរិសុទ្ធទាំងនេះ ៖ « លុះត្រាតែអ្នកបានចូលក្នុងដំណាក់នៃព្រះអម្ចាស់ ហើយបានទទួលគ្រប់ពរជ័យ ដែលរង់ចាំអ្នកនៅទីនោះ បើមិនដូច្នោះទេ អ្នកមិនបានទទួលអ្វីៗទាំងអស់ ដែលសាសនាចក្របានផ្តល់ឲ្យឡើយ ។ ពរជ័យសំខាន់ និងអស្ចារ្យបំផុតទាំងអស់ នៃសមាជិកភាពនៅក្នុងសាសនាចក្រ គឺជាពរជ័យទាំងឡាយណាដែលយើងបានទទួលនៅក្នុងដំណាក់នៃព្រះ » ( The Holy Temple—a Beacon to the World » Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៣ ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីរឿងមួយចំនួន ដែលអ្នកអាចធ្វើនាពេលឥឡូវនេះ ដើម្បីត្រៀមខ្លួនទទួលពិធីបរិសុទ្ធទាំងឡាយ និង ពរជ័យនៅក្នុងព្រះវិហារបរិសុទ្ធ ។
ការសាងសង់ព្រះវិហារបរិសុទ្ធ គឺជាកិច្ចការដ៏ធំមួយសម្រាប់ពួកបរិសុទ្ធ ។ នៅដើមឆ្នាំ ១៨៣៣ មានសមាជិកសាសនាចក្រតិចជាង ២០០ នាក់រស់នៅរដ្ឋ អូហៃអូ ហើយភាគច្រើនមានជីវភាពក្រីក្រ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:១១–១២ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានសន្យា ប្រសិនបើពួកបរិសុទ្ធគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ បានបន្ដដោយមានសេចក្ដីជំនឿទៅលើការសន្យារបស់ព្រះអម្ចាស់ ហើយបានសាងសង់ព្រះវិហារបរិសុទ្ធ ។ ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:១១ យើងរៀនថា ប្រសិនបើយើងរក្សាបទបញ្ញត្តិទាំងឡាយ នោះយើងនឹងមានអំណាចដើម្បីធ្វើអ្វីៗដែលព្រះអម្ចាស់បានសុំឲ្យយើងធ្វើ ។ អ្នកអាចសរសេរគោលការណ៍នេះ នៅគែមលើព្រះគម្ពីររបស់អ្នក ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើស្ថានភាពមួយចំនួន ដែលអ្នកអាចនឹងប្រឈមមុខ ជាស្ថានភាពដែលគោលការណ៍នេះអាចអនុវត្តនោះ មានអ្វីខ្លះ ?
-
តើនៅពេលណាខ្លះ ដែលអ្នកបានមានអារម្មណ៍ថា បានទទួលជំនួយពីព្រះអម្ចាស់ ឲ្យធ្វើអ្វីមួយ ដោយសារតែអ្នកបានរក្សាព្រះបញ្ញត្តិទ្រង់ ?
-
សូមកត់ចំណាំថាឃ្លា « សេចក្ដីស្រឡាញ់នៃព្រះវរបិតា នឹងមិននៅជាមួយអ្នកឡើយ » នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:១២ ។ នៅពេលយើងខកខានមិនគោរពប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយនៃដំណឹងល្អ នោះយើងបាត់បង់ពរជ័យមានដូចជាពន្លឺ និង ចំណេះដឹង ដែលជាផ្លែផ្កានៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតា មានចំពោះមនុស្សទាំងឡាយ ដែលបង្ហាញសេចក្ដីស្រឡាញ់របស់ខ្លួនដោយការគោរពប្រតិបត្តិ ។
នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១៣-១៧យើងអានថា ព្រះអម្ចាស់បានប្រទានការណែនាំដល់ពួកបងប្អូនប្រុស អំពីទំហំ និង មុខងារនៃបន្ទប់ជាក់លាក់ៗនៃព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។ សូមអាន ខទី ១៤ដោយស្វែងរកវិធីមួយដែលព្រះអម្ចាស់បានបង្ហាញប្រាប់ ថាទ្រង់នឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ ដែលនឹងប្រទានដល់រាស្ត្រទ្រង់នូវអំណាចដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។
បុរសទាំងបីរូប ដែលព្រះអម្ចាស់បានសន្យាថានឹងបង្ហាញអំពីរបៀបសាងសង់ព្រះវិហារបរិសុទ្ធ គឺជាគណៈប្រធានទីមួយ ។ ព័ត៌មានខាងក្រោមនេះ នឹងជួយអ្នកឲ្យឃើញអំពីរបៀប ដែលការសន្យានេះត្រូវបានបំពេញ ៖
យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន និង ហ្រ្វែឌើរិក ជី វិលលាម្ស បានអធិស្ឋានរួមគ្នា ហើយបានឃើញព្រះវិហារបរិសុទ្ធនៅក្នុងការនិមិត្ត ។ បន្ទាប់ពីបានឃើញផ្នែកខាងក្នុងយ៉ាងលម្អិត « អគារនោះហាក់ដូចជាប្រាកដខ្លួនយ៉ាងជាក់ស្ដែងដល់ [ ពួកគាត់ ] » ហើយពួកគាត់បានមើលឃើញផ្នែកខាងក្នុងនៃអគារនោះ ដូចជាពួកគាត់បានស្ថិតនៅខាងក្នុងអគារនោះដែរ ( សូមមើល ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ[ឆ្នាំ ២០០៧ ] ទំព័រ ២៧១) ។ ក្រោយមក នៅពេលព្រះវិហារបរិសុទ្ធបានសាងសង់ជិតរួចរាល់ហើយនោះ ហ្រ្វែឌើរិក ជី វិលលាម្ស បានវាចាឡើងថា វាមានរូបរាងដូចជាគំរូ ដែលគាត់បានមើលឃើញនៅក្នុងការនិមិត្ត សូម្បីតែផ្នែកតូចបំផុត ដែលគាត់ពុំអាចប្រាប់ពីភាពខុសគ្នាបានឡើយ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៦
នូវល ខេ វិតនី ត្រូវបានចាត់តាំងឲ្យកាន់កាប់អចលនទ្រព្យនៃព្រះវិហារបរិសុទ្ធរបស់សាសនាចក្រ
នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៦យើងអានថា ព្រះអម្ចាស់បានណែនាំឲ្យប៊ីស្សព នូវល ខេ វិតនី កាន់កាប់អចលនទ្រព្យដែលព្រះវិហារបរិសុទ្ធនឹងត្រូវបានសាងសង់នៅលើនោះ ។ ព្រះអម្ចាស់ក៏បានត្រាស់បង្គាប់ប៊ីស្សព វិតនី បែងចែកអចលនទ្រព្យជាឡូដ៍ៗ សម្រាប់អ្នកដែលមកទទួលកេរមរតក ។ ដីឡូដ៍មួយចំនួន ត្រូវបានកំណត់ឲ្យថ្នាក់ដឹកនាំសាសនាចក្រ មើលខុសត្រូវសម្រាប់ការបោះពុម្ពវិវរណៈនានា ។ ការទទួលបានកេរមរតកនេះ នឹងជួយពួកគាត់លះបង់ពេលវេលារបស់ខ្លួន ដើម្បីធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៦:៤–៥ដោយស្វែងរកថាតើ ការបោះពុម្ពព្រះបន្ទូលរបស់ព្រះ ជួយដល់ពួកបរិសុទ្ធយ៉ាងដូចម្ដេច ។
នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់ក៏បានណែនាំដែរថា យ៉ូហាន ចនសុន នឹងត្រូវបានទទួលយកជាសមាជិកនៃសហគ្រាសសាមគ្គីភាព ដែលមើលខុសត្រូវលើហិរញ្ញវត្ថុរបស់សាសនាចក្រ ការបោះពុម្ព និង ប្រតិបត្តិការអាជីវកម្មទាំងឡាយ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៤-៩៦ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖