មេរៀនទី ២៥ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥-១៦
បុព្វកថា
នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥ ។ នៅក្នុងនោះ ព្រះអម្ចាស់បានបើកសម្ដែងឈ្មោះរបស់សាសនាចក្រ និងបានបញ្ជាពួកបរិសុទ្ធឲ្យ « ក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ » ( គ និង ស ១១៥:៥ ) ហើយបានបើកសម្ដែងព្រះទ័យទ្រង់ទាក់ទងនឹងព្រះវិហារបរិសុទ្ធនៅក្នុងភូមិហ្វាវេសត៍ ។ នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៣៨ ព្យាការីយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៦ដែលប្រាប់ពីកន្លែងមួយដែលហៅថា ស្ព្រឹង ហិល រដ្ឋ មិសសួរី ជាកន្លែង អ័ដាម-អុនដៃ-អាម៉ាន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:១-៦
ព្រះអម្ចាស់បញ្ជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ឲ្យ « ក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ »
តើអ្នកស្គាល់ឈ្មោះក្រុមហ៊ុន ឬឈ្មោះអង្គការអ្វីខ្លះ ? តើឈ្មោះរបស់អង្គការទាំងនេះ មានន័យយ៉ាងណា ? តើនរណាដឹកនាំអង្គការទាំងនេះ ? តើអង្គការទាំងនេះធ្វើអ្វីខ្លះ ?
សូមគិតពីឈ្មោះ និងរូបសញ្ញារបស់សាសនាចក្រ ។ នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥សូមរកមើលថាតើឈ្មោះរបស់សាសនាចក្រប្រាប់ថា នរណាជាអ្នកដឹកនាំសាសនាចក្រ និងប្រាប់អ្វីពីសាសនាចក្រផ្ទាល់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:១-៣ ប្រាប់យើងថាវិវរណៈនេះ ត្រូវបានប្រទានតាមរយៈ យ៉ូសែប ស៊្មីធ ដល់សមាជិកសាសនាចក្រទាំងអស់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៤រកមើលឈ្មោះដែលព្រះអម្ចាស់ បានរើសសម្រាប់សាសនាចក្ររបស់ទ្រង់ ។
សូមមើលពាក្យនីមួយៗនៅក្នុងឈ្មោះនៃសាសនាចក្រដោយប្រុងប្រយ័ត្ន ហើយគិតអំពីមូលហេតុដែលពាក្យនីមួយៗមានសារៈសំខាន់ ។
សូមអានការពន្យល់ដូចខាងក្រោយដោយអែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« ខ្ញុំបានគិតជាច្រើនអំពីមូលហេតុដែលព្រះអម្ចាស់បានប្រទានឈ្មោះដែលមានប្រាំបួនពាក្យដល់សាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់ ។ វាហាក់ដូចជាវែង ប៉ុន្តែបើយើងគិតពីវាជាទិដ្ឋិភាពពិពណ៌នាទូទៅពីសាសនាចក្រ នោះវាខ្លី ត្រង់ និងច្បាស់ចំៗ ។ តើមានការរៀបរាប់ណាទៀតដែលចំ និងច្បាស់ ប៉ុន្តែបញ្ជាក់ន័យតែត្រឹមពាក្យបីបួនម៉ាត់ដូចពាក្យទាំងនេះ ?
« ពាក្យនីមួយៗច្បាស់ ហើយសំខាន់ ។ ពាក្យ សាសនាចក្រ បញ្ជាក់ពីគោលជំហរតែមួយរបស់សាសនាចក្រដែលបានស្ដារឡើងវិញ នៅក្នុងចំណោមសាសនាជាច្រើននៅលើពិភពលោក ។
« ពាក្យ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទប្រកាសថា វាជាសាសនាចក្ររបស់ទ្រង់ ។…
«នៃថ្ងៃចុងក្រោយ ពន្យល់ថា វាជាសាសនាចក្រតែមួយនឹងសាសនាចក្រដែលព្រះយេស៊ូវគ្រីស្ទបានបង្កើតឡើងក្នុងពេល នៃការគ្រប់គ្រងខាងសាច់ឈាមរបស់ទ្រង់ ហើយត្រូវបានស្ដារឡើងវិញនៅថ្ងៃចុងក្រោយនេះ ។…
ពួកបរិសុទ្ធមានន័យថា សមាជិកសាសនាចក្រធ្វើតាមទ្រង់ ហើយព្យាយាមធ្វើតាមព្រះទ័យទ្រង់ រក្សាព្រះបញ្ញត្តិទ្រង់ ហើយរៀបចំខ្លួនម្ដងទៀត ដើម្បីរស់នៅជាមួយទ្រង់ និងព្រះវរបិតាសួគ៌យើងនៅពេលអនាគត ។ ពួកបរិសុទ្ធសំដៅយ៉ាងសាមញ្ញលើអស់អ្នកណាដែលព្យាយាមធ្វើឲ្យជីវិតរបស់ខ្លួនបរិសុទ្ធដោយចុះសេចក្តីសញ្ញាធ្វើតាមព្រះគ្រីស្ទ » (The Importance of a Name » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨០ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសេចក្ដីពិតអ្វីខ្លះ ដែលបង្ហាញដោយឈ្មោះនៃសាសនាចក្រ ?
-
តើនរណាគឺជាអ្នកដឹកនាំសាសនាចក្រ ? តើទ្រង់បានបញ្ជា និងបំផុសគំនិតនរណានៅលើផែនដីឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៥ ដោយរកមើលអ្វីដែលព្រះអម្ចាស់មានព្រះទ័យរំពឹងពីអ្នក ដែលនៅក្នុងសាសនាចក្ររបស់ទ្រង់ ។
-
សូមឆ្លើយនឹងសំណួរដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តើអ្នកគិតថា « ក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ » ( គ និង ស.១១៥:៥ ) មានន័យដូចម្ដេច ?
តើពរជ័យអ្វីខ្លះនឹងកើតមាននៅពេលសមាជិកនៃសាសនាចក្រធ្វើតាមឱវាទរបស់ព្រះអម្ចាស់ឲ្យក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ ? ដើម្បីឆ្លើយសំណួរនេះ សូមប្រើ ខទី ៥ ដើម្បីជួយអ្នកឲ្យបំពេញឃ្លាខាងក្រោម ៖ បើយើងក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ . សូមពិចារណាអំពីការធ្វើគោលការណ៍នៅក្នុង ខ ៥ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ពន្លឺ ឬគំរូរបស់យើង អាចក្លាយជា « បមាណីយដល់សាសន៍នានា » មានន័យយ៉ាងណា (គ. និង ស. ១១៥:៥ ) ? ( នៅពេលអ្នកឆ្លើយសំណួរនេះ វាអាចមានប្រយោជន៍ក្នុងការដឹងថា បមាណីយ គឺជាទង់ ឬបដាដែលធ្វើជាចំណុចរួបរួម ឬជានិមិត្តរូបបំផុសគំនិត ) ។
-
តើការធ្វើតាមព្រះបញ្ញត្តិរបស់ព្រះអង្គសង្គ្រោះឲ្យក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ ទាក់ទាញអ្នកដទៃមកកាន់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធ ដូចម្ដេច ?
-
ប្រធាន ជែមស៍ អ៊ី ហ្វោស្ដ នៃគណៈប្រធានទីមួយ បានចែកចាយរឿងដូចខាងក្រោមពីសមាជិកសាសនាចក្រម្នាក់ ដែលធ្វើតាមគោលការណ៍នេះ ៖
« ជាច្រើនឆ្នាំមុន ខនស្ទែន ជានិសិត្សគិលានុបដ្ឋាម្នាក់ត្រូវបានចាត់ឲ្យព្យាយាមជួយស្រ្តីម្នាក់ដែលមានរបួសជើងនៅក្នុងគ្រោះថ្នាក់មួយ ។ ស្ត្រីម្នាក់នោះបានបដិសេធជំនួយផ្នែកពេទ្យ ដោយសារតែគាត់មានបទពិសោធន៍មិនល្អជាមួយនរណាម្នាក់នៅមន្ទីរពេទ្យ ។ គាត់មានការភ័យខ្លាច ហើយបានដកខ្លួនចេញពីសង្គម ។ លើកទីមួយដែល ខនស្ទែន បានទៅផ្ទះគាត់ ស្រី្តរងរបួសនោះបានបញ្ជាឲ្យនាងចេញ ។ ក្នុងការព្យាយាមលើកទីពីរ គាត់បានឲ្យ ខនស្ទែន ចូល ។ ឥឡូវនេះជើងរបស់ស្ត្រីនោះមានដំបៅដ៏ធំ ហើយសាច់មួយចំនួនបានស្អុយខូចអស់ ។ ប៉ុន្តែ គាត់នៅតែមិនចង់ទទួលការព្យាបាល ។
« ខនស្ទែន បានអធិស្ឋានពីរឿងនោះ ហើយមួយថ្ងៃ ឬពីរថ្ងៃក្រោយមក នាងបានទទួលចម្លើយ ។ នាងបានយកទឹកលាងរបួស ទៅជាមួយនៅពេលនាងទៅលើកក្រោយ ។ ដោយសារតែវាមិនធ្វើឲ្យឈឺ ស្ត្រីចំណាស់នោះបានព្រមឲ្យនាងប្រើវានៅលើជើងគាត់ ។ ហើយពួកគេបាននិយាយអំពីការព្យាបាលដែលប្រាកដប្រជាជាងនេះ ។ ខនស្ទែន បានអះអាងនឹងគាត់ថា មន្ទីរពេទ្យនឹងព្យាយាមធ្វើឲ្យគាត់ស្នាក់នៅយ៉ាងសុខស្រួល ។ មួយថ្ងៃ ឬពីរថ្ងៃក្រោយមក ស្ត្រីនោះមានចិត្តក្លាហានទៅមន្ទីរពេទ្យ ។ នៅពេល ខនស្ទែន ទៅសួរសុខទុក្ខគាត់ ស្ត្រីនោះបានញញឹម ហើយបាននិយាយថា ‹ ក្មួយបានធ្វើឲ្យខ្ញុំផ្លាស់ប្ដូរគំនិត › ។ ហើយគាត់បានសួរ ខនស្ទែន ដោយមិនបានរំពឹងទុកថា ‹ តើក្មួយជាសមាជិករបស់សាសនាចក្រមួយណាដែរ ? › ខនស្ទែន បានប្រាប់គាត់ថា នាងគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ស្ត្រីនោះបាននិយាយថា ៖ ‹ ខ្ញុំដឹងហើយ ។ ខ្ញុំដឹងថា ក្មួយត្រូវបានបញ្ជូនមកខ្ញុំ តាំងពីថ្ងៃទីមួយដែលខ្ញុំបានឃើញក្មួយ ។ មានពន្លឺមួយនៅលើមុខរបស់ក្មួយ ដែលខ្ញុំបានសម្គាល់ឃើញមាននៅលើមុខរបស់អ្នកដទៃទៀត ដែលមានជំនឿដូចក្មួយ ។ ខ្ញុំត្រូវទុកចិត្តលើក្មួយ › ។
« ជើងដំបៅរបស់គាត់បានជាសះស្បើយទាំងស្រុងក្នុងរយៈពេលបីខែ ។ សមាជិកក្នុងវួដដែលស្រ្តីចំណាស់នោះរស់នៅ បានជួសជុលផ្ទះរបស់គាត់ ហើយសម្អាតទីធ្លាឲ្យគាត់ ។ អ្នកផ្សព្វផ្សាយសាសនា បានជួបជាមួយគាត់ ហើយគាត់បានទទួលបុណ្យជ្រមុជទឹកមួយរយៈខ្លីបន្ទាប់ពីនោះ ។ [ សូមមើល Constance Polve, « A Battle Won » New Era, ខែ មេសា ឆ្នាំ ១៩៨០ ទំព័រ ៤៤–៤៥ ] ។ ការណ៍ទាំងនេះ ដោយសារតែគាត់បានកត់សម្គាល់ពីពន្លឺដែលមានលើមុខរបស់និស្សិតគិលានុបដ្ឋាយិកាក្មេងនោះ » (The Light in Their Eyes » Ensign ឬ Liahona,ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ២២ ) ។
តើ ខនស្ទែន បានធ្វើអ្វីខ្លះ ដើម្បីក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ ? តើពន្លឺនៅលើមុខរបស់នាងជាបមាណីយសម្រាប់ស្រី្តនោះដូចម្ដេច ? តើស្ត្រីនោះត្រូវបានប្រទានពរ ដោយសារពន្លឺដែលគាត់បានឃើញដូចម្ដេច ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកស្គាល់នរណាដែលជាគំរូនៃការក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ ?
-
តើគំរូរបស់គេក្លាយជាពរជ័យដល់អ្នកដូចម្ដេច ?
-
ព្យាការី យ៉ូសែប ស៊្មីធ គឺជាគំរូដ៏ល្អ ពីអ្វីដែលមានន័យថាក្រោកឡើង ហើយបញ្ចាំងពន្លឺចេញទៅ ។ មិនយូរប៉ុន្មានបន្ទាប់ពីវិវរណៈនេះត្រូវបានទទួល យ៉ូសែប បានចាប់ផ្ដើមសរសេរប្រវត្តិរបស់លោក ដែលមាននៅក្នុង មុក្តាដ៏មានតម្លៃមហិមា ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើប្រវត្តិ យ៉ូសែប ស្ម៊ីធ ដែលរួមមានទីបន្ទាល់របស់លោកពីការនិមិត្តលើកដំបូង ជាបមាណីយសម្រាប់ប្រជាជាតិដូចម្ដេច ?
-
តើវាជាបមាណីយសម្រាប់អ្នកដូចម្ដេច ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៦ហើយរកមើលពរជ័យដែលត្រូវបានសន្យាដល់ពួកអ្នកដែលប្រមូលគ្នាជាមួយសាសនាចក្រនៅក្នុងស្តេកស៊ីយ៉ូន ។
សេចក្ដីពិតមួយដែលយើងរៀនចេញពីខគម្ពីរនេះ មានដូចតទៅនេះ ៖ យើងប្រមូលគ្នានៅស្តេកស៊ីយ៉ូនដើម្បីមានកម្លាំង និងការជ្រកកោន ។ តើអ្នកគិតថា ការប្រមូលគ្នាជាពួកបរិសុទ្ធ ផ្ដល់ឲ្យយើងនូវការការពារ សុវត្ថិភាព ឬការជ្រកកោនដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៧-១៩
ព្រះអម្ចាស់បានត្រាស់បញ្ជាពួកបរិសុទ្ធបង្កើតក្រុងហ្វាវែស្ទ និងឲ្យកសាងព្រះវិហារបរិសុទ្ធ
វិធីមួយដែលយើងអាចទទួលបានការការពារពីព្រះអម្ចាស់ និងសុវត្ថិភាព គឺដោយការបម្រើ និងការថ្វាយបង្គំទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពីពួកបរិសុទ្ធបានចាប់ផ្ដើមផ្លាស់ទៅក្រុងហ្វាវែស្ទ រដ្ឋ មិសសួរី ក្នុងឆ្នាំ ១៨៣៦ អ្នកដឹកនាំសាសនាចក្របានរៀបចំផែនការកសាងព្រះវិហារបរិសុទ្ធដែលស្រដៀងទៅនឹងព្រះវិហារបរិសុទ្ធទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ ដែរ ។ ទោះបីជាបានចាប់ផ្ដើមការចាក់គ្រឹះហើយខ្លះៗក៏ដោយ ក៏ការសាងសង់ត្រូវបានផ្អាករហូតដល់ យ៉ូសែប ស៊្មីធ អាចទទួលបានការណែនាំបន្ថែមទៀតពីព្រះអម្ចាស់ដែរ ។ ព្រះអម្ចាស់បានបើកសម្ដែងព្រះទ័យទ្រង់ទាក់ទងនឹងព្រះវិហារបរិសុទ្ធ ជាផ្នែកមួយនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៧–១៦ព្រះអម្ចាស់បានបើកសម្ដែងថា ព្រះវិហារបរិសុទ្ធគួរតែត្រូវសាងសង់ក្នុងក្រុងហ្វាវែស្ទ តាមគំរូដែលទ្រង់បានប្រទានដល់គណៈប្រធានទីមួយ ។ ព្រះអម្ចាស់ក៏បានទូន្មានដល់អ្នកដឹកនាំសាសនាចក្រ កុំឲ្យមានបំណុលក្នុងការសាងសង់ព្រះវិហារបរិសុទ្ធផងដែរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:១៧-១៩រកមើលអ្វី ដែលព្រះអម្ចាស់មានព្រះទ័យចង់ឲ្យពួកបិរសុទ្ធធ្វើក្រោមការដឹកនាំរបស់ យ៉ូសែប ស៊្មីធ ក្នុងក្រុងហ្វាវែស្ទ និងក្នុងតំបន់ជិតខាង ។
គោលការណ៍មួយដែលយើងរៀនពី ខ ១៩ គឺថា ប្រធាននៃសាសនាចក្រ កាន់កូនសោដើម្បីដឹកនាំកិច្ចការរបស់ព្រះអម្ចាស់នៅលើផែនដី ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៦
ព្រះអម្ចាស់រើសទីតាំងនៅ អ័ដាម-អុនដៃ-អាម៉ាន
ព្យាការី យ៉ូសែប ស្ម៊ីធ បានធ្វើតាមដំបូន្មានរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:១៨ ហើយបានស្ទង់មើលតំបន់ដែលនៅជុំវិញក្រុងហ្វាវែស្ទ ។ សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៦រកមើលឈ្មោះនៃកន្លែងដែលព្យាការីបានស្ទង់មើល ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៦:១ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានបើកសម្ដែងអំពី ស្ព្រឹង ហិល ។ អ្នកអាចបើកមើលផែនទី និងរូបនៃកន្លែងអ័ដាម-អុនដៃ-អាម៉ាន នៅខាងក្រោយព្រះគម្ពីររបស់អ្នក ( សូមមើល ប្រវត្តិសាសនាចក្រ ផែនទី ទី៥ « តំបន់នៅរដ្ឋមិសសួរី រដ្ឋអិលលីណោយ រដ្ឋអៃអូវ៉ា នៅក្នុងសហរដ្ឋអាមេរិក » និងប្រវត្តិសាសនាចក្រ រូបថត ទី១០ នៃ អ័ដាម-អុនដៃ-អាម៉ាន ) ។
វិវរណៈនេះ បង្ហាញពីទីតាំងនៃការបំពេញការព្យាករដែលបានធ្វើពីបុរាណសម្រាប់ពេលអនាគត ដោយព្យាការី ដានីយ៉ែល ( សូមមើល ដានីយ៉ែល ៧:៩–១០, ១៣–១៤ ) ។ វិវរណៈនោះពិពណ៌នាអំពីព្រឹត្តិការណ៍មួយនៅថ្ងៃចុងក្រោយ ដែលព្រះអង្គសង្គ្រោះ និងអ័ដាម នឹងយាងមកផែនដី ហើយធ្វើជាអធិបតីនៅក្នុងការប្រជុំមួយ មុនពេលនៃការយាងមកជាលើកទីពីរ ( សូមមើល គ. និង ស. ២៧:៥–១៤ ) ។
សូមពិចារណា ឬ ច្រៀងទំនុកតម្កើងបទ « Adam-ondi-Ahman » ( ទំនុកតម្កើង លេខ. ៤៩ នៅក្នុងទំនុកតកម្កើងជាភាសា អង់គ្លេស ) ។
ផែនដីនេះធ្លាប់ជាសួនច្បារមួយ
ដែលមានសិរីល្អជាទូទៅ
ហើយមនុស្សបានរស់នៅក្នុងទីដ៏បរិសុទ្ធ
ហើយថ្វាយបង្គំព្រះយេស៊ូវដោយផ្ទាល់
នៅកន្លែង អ័ដាម-អុនដៃ-អាម៉ាន ។
យើងអានថា អេណុក បាននៅជាមួយព្រះ
បានយកឈ្នះលើអំណាចទ្រព្យសម្បត្តិ
ព្រោះស៊ីយ៉ូនបានពង្រីកខ្លួនរបស់វា
ហើយពួកបរិសុទ្ធ និង ពួកទេវតាបន្លឺច្រៀងឡើង
នៅកន្លែង អ័ដាម-អុនដៃ-អាម៉ាន ។
ដែនដីនោះជាដែនដីបវរ និង សុខដុម
លើសជាងស្រុកកាណានដែនដីអ៊ីស្រាអែលទៅទៀត
កិត្តិសព្ទរបស់វារីកសុះសាយពីទិសខាងកើតទៅទិសខាងលិច
ភាពសុខសាន្តរបស់វាធំធេង និង បរិសុទ្ធ
នៃ អ័ដាម-អុនដៃ-អាម៉ាន ។
ហូសានណាដល់ទិវាដែលនឹងមកដល់នោះ
គឺការយាងមកវិញជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ
ជាពេលដែលផែនដីទាំងមូលស្ថិតក្នុងសិរីល្អ
ផ្ដល់ឲ្យពួកបរិសុទ្ធនូវផ្ទះមួយដ៏បរិសុទ្ធ
ដូចជា អ័ដាម-អុនដៃ-អាម៉ាន ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥-១៦ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖