ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣១ ៖ ថ្ងៃ​ទី ៣ សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង ការអភិវឌ្ឍ​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ជា​បន្ដបន្ទាប់


មេរៀន​ទី ៣១ ៖ ថ្ងៃ​ទី ៣

សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១និង ការអភិវឌ្ឍ​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ជា​បន្ដបន្ទាប់

បុព្វកថា

អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវបាន​អនុញ្ញាត​តែ​ក្នុង​ករណី ដែល​ត្រូវបាន​ត្រាស់​បង្គាប់​ដោយ​ព្រះអម្ចាស់ ដើម្បី​បង្កើត​កូនចៅ​ក្នុង​ការបំពេញ​តាម​គោលបំណង​ទ្រង់​ប៉ុណ្ណោះ ( សូម​មើល យ៉ាកុប ២:២៧–៣០ ) ។ បន្ទាប់ពី​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដឹកនាំ​លោក​ឲ្យ​បង្រៀន​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នោះ​លោក​ក៏​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ហើយ​សមាជិក​សាសនាចក្រ​មួយ​ចំនួន ក៏​បាន​ចាប់ផ្ដើម​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ដើម​ឆ្នាំ ១៨៤០ ។ នៅអំឡុង​ជាច្រើន​ទស្សវត្សរ៍​ក្រោយមក សាសនាចក្រ​បាន​ជួប​ប្រទះ​នឹង​ការជំទាស់​ពី​សំណាក់​សាធារណជន ដោយសារ​តែ​ការអនុវត្ត​នេះ ។ « បន្ទាប់ពី​ទទួលបាន​វិវរណៈ នោះ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ចេញ… [ សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ ] ដែល​ត្រូវបាន​ទទួល​យក​ដោយ​សាសនាចក្រ ជា​ការអនុញ្ញាត​ជា​ផ្លូវការ ហើយ​គោរពតាម​នៅ​ថ្ងៃ​ទី ៦ ខែ តុលា ឆ្នាំ ១៨៩០ ។ សេចក្ដី​ថ្លែងការណ៍​នេះ បាននាំ​ទៅរក​ការ​បញ្ចប់​នូវ​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ក្នុង​សាសនាចក្រ ( សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ បុព្វកថា ) ។ នៅ​អំឡុង​ពេល​តែមួយ​នោះ ពួកបរិសុទ្ធ​បាន​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ ជាកន្លែង​ដែល​ពួកគេ​បាន​ទទួល​ពីធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ​សម្រាប់​ខ្លួនគេ និង​សម្រាប់​មរណជន ។

ព្រះអម្ចាស់​បាន​ត្រាស់​សម្ដែង​ថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គួរតែ​បញ្ឈប់​នូវ​ការអនុវត្តន៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

តើ​អ្នក​អាច​គិត​អំពី​គំរូ​មួយ​ចំនួន​នៃ​បុគ្គល​សុចរិត​ទាំងឡាយ ដែល​ត្រូវបាន​ចាប់​ខ្លួន ឬ ដាក់​គុក​ដោយសារ​តែ​បាន​ធ្វើ​អ្វី ដែល​ព្រះ​បាន​ត្រាស់​បង្គាប់​ពួកគេ​ឲ្យ​ធ្វើ​ដែរ​ឬ​ទេ ?

មាន​បុរសៗ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ជា​ច្រើន​រូប ត្រូវបាន​ចាប់​ខ្លួន ហើយ​ដាក់គុក ដោយសារ​តែ​ពួកគេ​បាន​បន្ដ​គោរព​បទបញ្ញត្តិ​ដើម្បី​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព បន្ទាប់ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​អនុមតិ​ច្បាប់​ធ្វើ​ឲ្យ​ការអនុវត្ត​នេះ​ខុស​នឹង​ច្បាប់ ។ ស្ត្រី​មួយ​ចំនួន​ត្រូវបាន​ចាប់​ខ្លួន​ផងដែរ ជា​ធម្មតា​ដោយសារ​តែ​ពួកគេ​ពុំ​ព្រម​ប្រាប់​ពី​កន្លែង​លាក់ខ្លួន​របស់​ប្ដី​ពួកគេ ដែល​បាន​រត់ទៅ​លាក់​ខ្លួន​ពី​ការ​តាម​ចាប់​ខ្លួន​នោះ ។

នៅ​ពេល​អ្នក​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ សូម​គូសចំណាំ​សេចក្ដី​លំបាក​នានា ដែល​សមាជិក​សាសនាចក្រ​មួយ​ចំនួន​កាល​ពី​ជំនាន់​ដំបូង​បាន​ជួប​ប្រទះ នៅ​ពេល​ពួកគេ​បាន​គោរព​តាម​បទបញ្ជា​របស់​ព្រះអម្ចាស់ ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

ក្នុង​ខែ សីហា ឆ្នាំ ១៨៥២ ជា​ចំណែក​នៃ​សន្និសីទ​មួយ​នៅ​ទីក្រុង សលត៍ លេក ថ្នាក់​ដឹកនាំ​សាសនាចក្រ បាន​ប្រកាស​ជា​សាធារណៈ​ថា ដោយ​គោរពតាម​បទបញ្ញត្តិ​នៃ​ព្រះ នោះ​សមាជិក​សាសនាចក្រ​មួយ​ចំនួន កំពុង​តែ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ មាន​ថ្នាក់​ដឹកនាំ​សាសនា និង ថ្នាក់​ដឹកនាំ​នយោបាយ​ជាច្រើន​នៅ​ក្នុង​សហរដ្ឋ បាន​ប្រឆាំង​ទៅ​នឹង​ប្រព័ន្ធ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ដែល​ពួកគេ​ចាត់​ទុក​ថា​ប្រព័ន្ធ​នេះ​គឺ​អសីលធម៌ និង គ្មាន​អរិយធម៌ ។ ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ជាច្រើន​រូប​ត្រូវ​បាន​គេ​សើច​ចំអក​ក្នុង​ទីសាធារណៈ​នៅ​ក្នុង​សុន្ទរកថា សៀវភៅ ទស្សនាវដ្ដី និង កាសែត​នានា ។ សភា​សហរដ្ឋ​បាន​ចេញ​ច្បាប់​ជាច្រើន​ដែល​ដាក់កម្រិត​ដល់​សេរីភាព​របស់​សមាជិក​សាសនាចក្រ ហើយ​បាន​សង្កត់សង្កិនដល់​សាសនាចក្រ​ខាង​សេដ្ឋកិច្ច​ដោយ​រឹតបន្ដឹង​ចំនួន​អចលនទ្រព្យ​ដែល​សាសនាចក្រ​អាច​កាន់កាប់​បាន ។ ច្បាប់​ទាំងនេះ នៅទីបំផុត​នាំ​ទៅរក​ការ​ចាប់​ខ្លួន និង​ការ​ដាក់គុក​បុរសៗ​ដែល​មាន​ប្រពន្ធ​ច្រើន​ជាង​មួយ ។ បុរស​ទាំងនេះ​ត្រូវបាន​គេ​បដិសេធ « មិន​ឲ្យ​មាន​សិទ្ធិ​បោះឆ្នោត គ្មាន​សិទ្ធិ​ឯកជន​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​គ្មាន​សិទ្ធិ​រីករាយ​នឹង​សេរីភាព​ស៊ីវិល​ដទៃ​ទៀត​ឡើយ » (កេរដំណែល​របស់​យើង ៖ ប្រវត្តិ​សង្ខេប​របស់​សាសនាចក្រ​នៃ​ព្រះ យេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ [ ឆ្នាំ ១៩៩៦ ] ទំព័រ ៩៧ ) ។ នៅ​ត្រឹម​ឆ្នាំ ១៨៩០ មាន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដ៏​ស្មោះត្រង់​ជាច្រើន​រយ​នាក់​បាន​ជាប់​គុក ដោយ​ព្រោះ​តែ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ អ្នកផ្សេង​ទៀត​បាន​រត់គេច​លាក់ខ្លួន​ដើម្បី​ចៀសវាង​ពី​ការចាប់ខ្លួន និង​ដាក់គុក ។ នៅក្នុង​ស្ថានភាព​បែបនេះ មាន​គ្រួសារ​ជាច្រើន​បាន​រងទុក្ខ​ដោយភាពតានតឹង ទុក្ខសោក ភាពក្រីក្រ និង ការអត់ឃ្លាន ។

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

កាលៈទេសៈ​ដ៏​លំបាក​ទាំងនេះ​បាន​នាំ​ឲ្យ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់​ប្រកបដោយ​ការអធិស្ឋាន​ពាក់ព័ន្ធ​ទៅនឹង​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​របស់​ពួកបរិសុទ្ធ​ទាំងឡាយ ។ ក្នុង​ឆ្នាំ ១៨៨៩ ប្រធាន វូដដ្រុព្វ បាន​ណែនាំ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឲ្យ​បញ្ឈប់​ការបង្រៀន​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នេះ​ទៀត ។ ទោះជាយ៉ាង​ណា​ក៏​ដោយ ក៏​មាន​មនុស្ស​ខ្លះ​បាន​ចេញ​ផ្សាយ​របាយការណ៍​ជាច្រើន​ថា សាសនាចក្រ​នៅតែ​បន្ដ​ឲ្យ​មាន​ការអនុវត្តន៍​ពហុអាពាហ៍ពិពាហ៍​ដដែល ។ របាយការណ៍​ទាំងនេះ បាន​បង្កើត​ជា​ការរុកគួន​ដល់​សាសនាចក្រ ។ ក្នុង​ឆ្នាំ ១៨៩០ ប្រធាន វូឌ ដ្រុព្វ បាន​ចេញ​ជា​សេចក្ដីប្រកាស​មួយ​ដែល​ពេលនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ ដែល​មាន​នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។

នៅ​ក្នុង​កថាកណ្ឌ​បី​ដំបូង​នៃ សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ប្រធាន វូឌដ្រុព្វ បាន​អះអាង​ថា របាយការណ៍​ចោទ​ប្រកាន់​ថា សាសនាចក្រ​នៅ​តែ​លើក​ទឹកចិត្ត​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ។

សូម​អាន​កថាកណ្ឌ​ទីបួន និង ទី​ប្រាំ​នៃ សេចក្ដី​ប្រកាស​ជាផ្លូវ​ការ​ទី ១ ( ចាប់ផ្ដើម​នៅ​ត្រង់ « ដរាបណា​ដែល​មាន​ច្បាប់ » ) និង​សេចក្ដីថ្លែង​ការណ៍​ជា​បន្ដបន្ទាប់​ដោយ​ប្រធាន ឡូរែនសូ ស្នូ ដែល​ពេល​នោះ​ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ស្វែងរក ហើយ​គូសចំណាំ​អ្វី​ដែល​ប្រធាន វូឌដ្រុព្វ បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ ។

យោងតាម​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន ឡូរែនសូ ស្នូ ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់​ដែល​ការដឹកនាំ​ឲ្យ​ចៀសវាង​ពី​ការចុះ​កិច្ច​ព្រមព្រៀង​លើ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​តទៅ​ទៀត ត្រូវ​ចេញ​មក​ពី​ប្រធាន​នៃ​សាសនាចក្រ ?

វា​ជា​ការសំខាន់​ដែល​ត្រូវ​យល់​ថា ប្រធាន​នៃ​សាសនាចក្រ គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី​នេះ ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ ។ អាពាហ៍ពិពាហ៍​ពហុពន្ធភាព អាច​ត្រូវ​បាន​អនុញ្ញាត​តែ​តាម​រយៈ​កូនសោ​បព្វជិតភាព ដែល​ត្រូវបាន​ប្រទាន​ឲ្យ​ដល់​ប្រធាន​នៃ​សាសនាចក្រ​ប៉ុណ្ណោះ ( សូម​មើល គ. និង ស. ១៣២:៧, ៤៨ ) ។

សូម​អាន​កថាកណ្ឌ​ទីមួយ​នៃ « ការដកស្រង់​មក​ពី​ប្រសាសន៍​ចំនួន​បី ដោយ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ទាក់ទង​នឹង​សេចក្ដី​ប្រកាស » ដែល​យក​តាម​អត្ថបទ​នៃ​សេចក្ដី​ប្រកាស​នោះ ។ សូម​ស្វែងរក ហើយ​គូសចំណាំ​គោលការណ៍​មួយ ដែល​ប្រធាន វូឌដ្រុព្វ បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​បង្រៀន​គោលការណ៍​អ្វី​ដល់​ពួកបរិសុទ្ធ ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់ ដែល​យើង​ត្រូវ​មាន​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​មិន​ដែល​អនុញ្ញាត​ឲ្យ​ប្រធាន​នៃ​សាសនាចក្រ ដឹកនាំ​សាសនាចក្រ​ឲ្យ​ដើរ​តាម​ផ្លូវ​ខុស​ទេ​នោះ ?

សមាជិក​សាសនាចក្រ​មួយ​ចំនួន បាន​ងឿង​ឆ្ងល់​ថា ហេតុអ្វី​ក៏​ពួកគេ​ត្រូវ​បាន​ដឹកនាំ​ឲ្យ​រស់នៅ​តាម​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ហើយ បែរ​ជា​មក​ដឹកនាំ​ឲ្យ​បញ្ឈប់​ទៅ​វិញ​ដូច្នេះ ។ ព្រះអម្ចាស់​បាន​ណែនាំ​ប្រធាន វូឌដ្រុព្វ ឲ្យ​ចោទ​ជា​សំណួរ​ដល់​ពួកបរិសុទ្ធ ។ សូម​អាន​កថាកណ្ឌ​ទីបី ទីបួន និង ទីប្រាំ​នៃ « ការដកស្រង់​ចេញ​មក​ពី​ប្រសាសន៍​ទាំងបី​របស់​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ » ( ចាប់ផ្ដើម​ត្រង់ « ខ្ញុំ​មាន​វិវរណៈ​មួយ​ចំនួន » ) ដោយ​ស្វែងរក​សំណួរ​ដែល​ប្រធាន វូឌដ្រុហ្វ បាន​សួរ​ដល់​ពួក​បរិសុទ្ធ ។

ពួកបរិសុទ្ធ​គឺស្ថិត​នៅក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​បាត់បង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សេន្ដ ចច រដ្ឋ យូថាហ៍ ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ឡូហ្គិន រដ្ឋ យូថាហ៍ ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ម៉ាន់ថៃ រដ្ឋ យូថាហ៍ និង ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សលត៍ លេក ដែល​សាងសង់​ហៀប​នឹង​បញ្ចប់​ហើយ​នោះ ។ តើ​កិច្ចការ​ដ៏​សំខាន់​មួយ​ណា​ដែល​នឹង​បាត់បង់​ទៅ ប្រសិនបើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក រឹបអូស​យក​ព្រះវិហារ​បរិសុទ្ធ​នោះ ?

ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សលត៍ លេក កំពុង​សាងសង់

ពួក​បរិសុទ្ធ​បាន​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​នៃ​ការបាត់បង់​ព្រះវិហារ​បរិសុទ្ធ

សូម​អាន​កថាខណ្ឌ​ទី​ប្រាំពីរ​នៃ « ការដកស្រង់​ចេញ​មក​ពី​ប្រសាសន៍​ទាំងបី​របស់​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ » ( ចាប់ផ្ដើម​ត្រង់ « ខ្ញុំ​បាន​ឃើញ​យ៉ាង​ច្បាស់ » ) ដោយ​ស្វែងរក​អ្វី​ដែល​ប្រធាន វូឌដ្រុហ្វ នឹង​ធ្វើ ប្រសិនបើ​ព្រះ​មិន​បាន​ត្រាស់​បង្គាប់​ឲ្យ​លោក​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ មិន​ឲ្យ​បន្ត​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

តើ​យើង​អាច​រៀន​អ្វីខ្លះ​មក​ពី​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន វូឌដ្រុព្វ ដែល​ថា « ខ្ញុំ​បាន​សរសេរ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ឲ្យ​ខ្ញុំ​សរសេរ » ?

គោលលទ្ធិ​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ការដកស្រង់​នេះ​គឺ ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​ទ្រង់ តាមរយៈ​វិវរណៈ​ទៅ​ដល់​ប្រធាន​នៃ​សាសនាចក្រ ។

  1. journal iconសូម​ធ្វើ​លំហាត់​ពីរ ឬ ច្រើន​ជាង​ពីរ​នៃ​លំហាត់​ទាំងឡាយ​ខាង​ក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​គិត​អំពី​គ្រា​ទាំងឡាយ​ដែល​អ្នក​បាន​ឃើញ ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​ទ្រង់ តាមរយៈ​វិវរណៈ​ទៅ​ដល់​ប្រធាន​នៃ​សាសនាចក្រ ។ សូម​ពិពណ៌នា​អំពី​ឧទាហរណ៍​ចំនួន​ពីរ ដែល​អ្នក​គិត​ឃើញ ។

    2. សូម​សរសេរ ២–៣ ប្រយោគ​អំពី​របៀប​ដែល​សេចក្ដី​ជំនឿ​របស់​អ្នក​នៅ​ក្នុង​គោលលទ្ធិ​នេះ បាន​មាន​ឥទ្ធិពល​លើ​ជម្រើស​ដែល​អ្នក​បាន​ធ្វើ ។

    3. សូម​សួរ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់ អំពី​របៀប​ដែល​គាត់​ដឹង​ថា ព្រះអម្ចាស់​ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ តាមរយៈ​វិវរណៈ​ទៅ​ដល់​ប្រធាន​នៃ​សាសនាចក្រ ។ សូម​សរសេរ​អំពី​អ្វី ដែល​អ្នក​បាន​រៀន​ចេញ​ពី​ការសន្ទនា​ជាមួយ​គាត់ ។

ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួន​តូច បាន​បន្ដ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ជា​ថ្មី បន្ទាប់ពី​សេចក្ដី​ប្រកាស​ត្រូវបាន​ផ្ដល់​ឲ្យ ។ ក្នុង​ឆ្នាំ ១៩០៤ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បាន​ធ្វើ​សេចក្តី​ប្រកាស​ជា​ផ្លូវការ ៖ « រាល់​អាពាហ៍ពិពាហ៍ [ ពហុពន្ធភាព ] គឺត្រូវ​បាន​ហាមឃាត់ ហើយ​បើ​មាន​អ្នកកាន់​តំណែង​ណា​មួយ ឬ​សមាជិក​នៃ​សាសនាចក្រ​ណា​ម្នាក់ ទទួលយក​ដោយ​គោរព ឬ អនុវត្ត​អាពាហ៍ពិពាហ៍​ប្រភេទ​នេះ នោះ​គាត់​នឹង​ត្រូវ [ ចាត់ទុកថា ] ប្រព្រឹត​អំពើរំលង​ប្រឆាំង នឹង​សាសនាចក្រ … ហើយ​ត្រូវតែ​កាត់កាល​ចេញ​ពី​សាសនាចក្រ » ( នៅ​ក្នុង របាយការណ៍​សន្និសីទ ខែ មេសា ឆ្នាំ ១៩០៤ ទំព័រ ៧៥ ) ។ គោលនយោបាយ​នេះ​បន្ដ​នៅ​មាន​ដល់​សព្វថ្ងៃនេះ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ LDS.orgជ្រើសរើស Gospel Topicsរួច​ស្វែងរក plural marriage ។

សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ដែល​ធ្វើ​ជា សេចក្ដីផ្ដើម​នៃ​សេចក្ដី​ប្រកាស​ជាផ្លូវការ​ទី ១ នៅ​ក្នុង​កំណែថ្មី​នៃ​ព្រះគម្ពីរ​ឆ្នាំ ២០១៣ អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយ​សំណួរ​អំពី​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ឆ្នាំ ១៨០០ ។

ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ និង ក្រុម​គ្រួសារ

រូបថត​ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( កណ្ដាល ) និង ក្រុមគ្រួសារ​របស់​លោក

« ព្រះគម្ពីរ​ប៊ីប និង ព្រះគម្ពីរ​មរមន បង្រៀន​ថា ការរៀបអាពាហ៍ពិពាហ៍​ដែល​មាន​ស្វាមីម្នាក់ និង ភរិយា​ម្នាក់ គឺ​ជា​បទដ្ឋាន​របស់​ព្រះ​សម្រាប់​អាពាហ៍ពិពាហ៍ លើក​លែង​តែ​ទ្រង់​បាន​ប្រកាស​ផ្សេង​ពី​នោះ ( សូម​មើល សាំយូអែល ទី២ ១២:៧-៨ និង យ៉ាកុប ២:២៧, ៣០ ) ។ នៅ​បន្ទាប់​ពី​វិវរណៈ​មួយ​ទៅ​កាន់ យ៉ូសែប ស៊្មីធ ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​ដើម​ឆ្នាំ ១៨៤០ ( សូម​មើល កណ្ឌ ១៣២ ) ។ ចាប់តាំង​ពី​ឆ្នាំ ១៨៦០ ដល់​ឆ្នាំ ១៨៨០ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​បង្កើត​ច្បាប់​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​ការ​អនុវត្ត​ខាង​សាសនា​នេះ​ខុស​ច្បាប់ ។ ទីបំផុត ច្បាប់​ទាំងនេះ​ត្រូវ​បាន​គាំទ្រ ដោយ​តុលាការ​កំពូល​ស.រ.អា ។ បន្ទាប់ពី​ទទួលបាន​វិវរណៈ នោះ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ចេញ​គោលនយោបាយ​ខាង​ក្រោម ដែល​ត្រូវ​បាន​ទទួល​យក​ដោយ​សាសនាចក្រ ជា​ការអនុញ្ញាត​ជា​ផ្លូវការ ហើយ​គោរពតាម នៅ​ថ្ងៃ​ទី ៦ ខែ តុលា ឆ្នាំ ១៨៩០ ។ សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ចប់​នូវ​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ក្នុង​សាសនាចក្រ » ។

  1. journal iconយោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃនេះ តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច បើសិនជា​នរណាម្នាក់​បាន​សួរ​ថា​តើ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ពិតជា​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​មែន​ដែរ​ឬ​ទេ ? សូម​សរសេរ​ចម្លើយ​របស់​អ្នក នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

កិច្ចការ​ព្រះវិហារបរិសុទ្ធ​បន្ត​ឆ្ពោះ​ទៅ​មុខ

បន្ទាប់​ពី​សេចក្ដី​ប្រកាស​ត្រូវ​បាន​ប្រគល់​ឲ្យ​មក ការគំរាមគំហែង​រឹប​អូស​យក​ព្រះវិហារ​បរិសុទ្ធ និង សម្បត្តិ​របស់​សាសនាចក្រ ពី​សំណាក់​រដ្ឋាភិបាល​សហព័ន្ធ ត្រូវ​បាន​បញ្ចប់ ។ បើ​គ្មាន​ការរំខាន​ដូច្នោះទេ នោះ​ពួក​បរិសុទ្ធ​អាច​នឹង​ត្រូវ​បាន​ផ្ដោត​អារម្មណ៍​កាន់តែ​ខ្លាំង​ទៅលើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។ ក្នុង​ឆ្នាំ ១៨៩៣ គឺ​រយៈពេល ៤០ ឆ្នាំ បន្ទាប់ពី​ថ្ម​ជ្រុង​នៃ​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សលត៍ លេក ត្រូវ​បាន​បញ្ចុះ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​នោះ ដែល​ក្នុង​នោះ​ព្រះវិហារ​បរិសុទ្ធ​ចំនួន​បួន​បាន​ដំណើរការ ។

ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សលត៍ លេក

ក្នុង​ខែ មេសា ឆ្នាំ ១៨៩៤ គឺ​រយៈពេល​មួយ​ឆ្នាំ បន្ទាប់ពី​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង សលត៍ លេក ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ប្រកាស​ថា លោក​បាន​ទទួល​វិវរណៈ ដែល​បញ្ជាក់​កាន់តែ​ច្បាស់​អំពី​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ឬ ពិធីផ្សារភ្ជាប់​ដ៏​អស់កល្ប​ជានិច្ច ។ មុន​ពេល​វិវរណៈ​នេះ សមាជិក​សាសនាចក្រ បាន​ធ្វើតាម​ចំណេះ​ដឹង​ដែល​ពួកគេ​មាន ដោយ​ពួកគេ​បាន​ផ្សារភ្ជាប់​ខ្លួន​ពួកគេ ឬ « បាន​ផ្សារភ្ជាប់​ទៅ​សាច់ញាតិ​ចិញ្ចឹម » ទៅ​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ ជាជាង​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក​ម្ដាយ​ខ្លួន ។ ប្រធាន វូឌដ្រុព្វ បាន​ណែនាំ​ដល់​ពួក​បរិសុទ្ធ ដោយ​ផ្អែក​លើ​វិវរណៈ​ថ្មី​លោក​បាន​ថ្លែង​ទីបន្ទាល់​ថា « ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ចំពោះ​ប្រជាជន​នេះ គឺ​ពួកគេ​ត្រូវ​ស្រាវជ្រាវ​ពង្សាវលី​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន រួច​ផ្សារភ្ជាប់​ទៅ​នឹង​ឪពុក និង ម្ដាយ​របស់​ខ្លួន ។ ចូរ​ឲ្យ​កូនៗ​ផ្សារភ្ជាប់​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ ហើយ​បន្ត​ការផ្សារភ្ជាប់​នេះ ទៅ​កាន់​ជំនាន់​ដើម​បំផុត​តាម​ដែល​អ្នក​អាច​ធ្វើ​បាន » (ការបង្រៀន​របស់​ប្រធាន​នៃ​សាសនាចក្រ ៖ វិលហ្វូឌ វូឌដ្រុព្វ[ ឆ្នាំ ២០០៤ ] ទំព័រ xxxiv–xxxv) ។

យោងតាម​សេចក្ដី​ថ្លែងការណ៍​ដោយ​ប្រធាន វូឌដ្រុព្វ យើង​រៀន​គោលការណ៍​ដូចតទៅ​នេះ ៖ យើង​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​សមាជិក​គ្រួសារ​របស់​យើង រួមមាន​ទាំង​អស់​អ្នក​ដែល​បាន​មក​កើត​ពីមុន​យើង និង អ្នក​ដែល​កើត​ក្រោយ​យើង​ផងដែរ តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ ។

រូបក្រុម​គ្រួសារ​ជាមួយ​នឹង​រូប​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ហុងកុង ប្រទេស​ចិន នៅ​ខាង​ក្រោយ

ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់​ដើម្បី​បង្រួបង្រួម​ក្រុមគ្រួសារ សម្រាប់​ភាពអស់កល្ប​ជានិច្ច ត្រូវបាន​ធ្វើ​ឡើង​តែ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ពិធីបរិសុទ្ធ​នៃ​ការផ្សារភ្ជាប់ អាច​ជា​ពរជ័យ​ដល់​អ្នក និង ក្រុម​គ្រួសារ​របស់​អ្នក អំឡុង​ពេល​នៃ​ជីវិត​នេះ និង បន្ទាប់​ពី​ជីវិត​នេះ យ៉ាង​ដូចម្ដេច ?

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា « សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ និង ការអភិវឌ្ឍ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ជា​បន្ដបន្ទាប់ » ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖