មេរៀនទី ២៦ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤–១៤៥; ១២៥-២៦
បុព្វកថា
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤–១៤៥ បានទទួលនៅថ្ងៃ ទី ១៩ ខែ មករា ឆ្នាំ ១៨៤១ មាននូវបន្ទូលទូន្មានរបស់ព្រះអម្ចាស់ទៅកាន់សមាជិកសាសនាចក្រម្នាក់ៗ ។ ទ្រង់ក៏បានដាក់ឈ្មោះនៃអស់អ្នកដែលត្រូវបម្រើនៅក្នុងមុខងារផ្សេងៗនៃថ្នាក់ដឹកនាំបព្វជិតភាពផងដែរ ។ នៅក្នុងខែ មិនា ឆ្នាំ ១៨៤១ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៥ ដែលព្រះអម្ចាស់បានបើកសម្តែងព្រះឆន្ទៈរបស់ទ្រង់ទាក់ទងនឹងការប្រមូលផ្តុំពួកបរិសុទ្ធនៅក្នុងទឹកដី អៃអូវ៉ា ។ នៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨៤១ ព្យាការីបានទទួលវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៦ ដែលព្រះអម្ចាស់បានប្រាប់ ព្រិកហាំ យ៉ង់ ថាលោកនឹងពុំតម្រូវឲ្យចាកចេញពីគ្រួសាររបស់លោកដើម្បីបម្រើបេសកកម្មទៀតឡើយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៨៤-១២២
ព្រះអម្ចាស់បានប្រទានដំបូន្មានដល់បុគ្គលជាក់លាក់ទាំងឡាយ
សូមគិតពីគ្រាមួយដែលអ្នកបានទទួលពាក្យទូន្មានមកពីមនុស្សម្នាក់ដែលចង់ជួយអ្នក ។ តើអ្នកបានធ្វើតាមពាក្យទូន្មាននោះដែរឬទេ ? ហេតុអ្វីធ្វើតាម ឬ ហេតុអ្វីអត់ធ្វើតាម ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤-១១៨ ព្រះអម្ចាស់បានប្រទានពាក្យទូន្មានដោយផ្ទាល់ដល់សមាជិកសាសនាចក្រជាក់លាក់ម្នាក់ៗ បើសិនពួកគេធ្វើតាម នោះសន្យាថានឹងបានពរជ័យដ៏មហិមា ។ សូមអានសារលិខិតដូចតទៅនេះ ដោយរកមើលភាពស្រដៀងគ្នាមួយនៅក្នុងពាក្យទូន្មានដែលបានផ្ដល់ដល់បុគ្គលទាំងនេះ ។ ( វាអាចមានប្រយោជន៍ដើម្បីដឹងថា ពាក្យទូន្មាន សំដៅទៅលើការណែនាំ ការដឹកនាំ ឬសេចក្ដីបង្គាប់ ។ អ្នកគួរគូសចំណាំពាក្យទូន្មានដែលស្រដៀងគ្នា ) ។
-
ខ ៨៩–៩០ ( វិលលាម ឡវ៍ )
-
ខ ៩៤-៩៦ ( ហៃរុម ស៊្មីធ )
-
ខ ១១១-១៤ ( អេម៉ុស ដាវីស )
-
ខ ១១៥-១៨ ( រ៉ូបឺត ហ្វស្ដើរ )
សូមមើលខគម្ពីរដែលអ្នកបានអានឡើងវិញ ហើយរកមើលពរជ័យដែលព្រះអម្ចាស់បានសន្យានឹងប្រទានឲ្យ បើសិនពួកបុរសទាំងនេះធ្វើតាមការទូន្មានដែលទ្រង់បានប្រទានដល់ពួកគេ ។ នៅត្រង់ចន្លោះ សូមសរសេរពីពរជ័យដែលព្រះអម្ចាស់បានសន្យាដល់ពួកគេ ៖
គោលការណ៍មួយដែលយើងបានរៀនពីខគម្ពីរទាំងនេះ ដែលវាអនុវត្តចំពោះកូនចៅទាំងអស់របស់ព្រះគឺថា ប្រសិនបើយើងស្ដាប់តាមពាក្យទូន្មានរបស់ពួកព្យាការី យើងនឹងបានសេចក្តីសុខ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើពាក្យទូន្មានជាក់លាក់អ្វីខ្លះដែលប្រធានសាសនាចក្របានផ្ដល់នៅក្នុងឆ្នាំកន្លងទៅថ្មីៗនេះ ?
-
តើពេលណាដែលអ្នកបានទទួលពរជ័យ ដោយការស្តាប់តាមការទូន្មានរបស់ព្យាការី ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤ ហើយរកមើលអ្វីដែលព្រះអម្ចាស់មានបន្ទូលថា សមាជិកសាសនាចក្រម្នាក់ឈ្មោះ អាលម៉ុន បាបបិត បានកំពុងធ្វើ ជាជាងការធ្វើតាមការទូន្មានរបស់គណៈប្រធាននៃសាសនាចក្រ ។ វាអាចមានប្រយោជន៍ដើម្បីដឹងថា « រូបគោមាស » សំដៅទៅលើរូបបដិមា ឬព្រះក្លែងក្លាយដែលអើរ៉ុនបានធ្វើសម្រាប់កូនចៅអ៊ីស្រាអែល កាលព្យាការីម៉ូសេនៅលើភ្នំស៊ីណាយ ( សូមមើល និក្ខមនំ ៣២ ) ។ វាគឺជានិមិត្តរូបមួយនៃរឿងខាងលោកិយដែលអាចអូសទាញ ហើយរារាំងយើងមិនឲ្យបានពរជ័យខាងវិញ្ញាណ ។
យោងតាម ខ ៨៤ « រូបគោមាស »របស់អាលម៉ុន បាបបិត គឺថា គាត់បានប្រាថ្នាចង់បង្កើតការប្រឹក្សាផ្ទាល់ខ្លួនជាជាងការប្រឹក្សាមកពីគណៈប្រធានទីមួយ ។
សូមអាន ការព្រមានរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល អំពីព្រះក្លែងក្លាយជាច្រើនដែលមនុស្សថ្វាយបង្គំនៅសព្វថ្ងៃនេះ ហើយពិចារណារូបបដិមាទាំងនេះនាសម័យទំនើបអាចជំនួសឲ្យការប្រឹក្សារបស់ពួកព្យាការីដែលនៅរស់ដូចតទៅ ៖
« រូបសំណាកសម័យទំនើប ឬ រូបព្រះខុសឆ្គងអាចមានទម្រង់ដូចជា សំលៀកបំពាក់ ផ្ទះ ជំនួញ ម៉ាស៊ីន រថយន្ដ ទូកកំសាន្ដ និង សម្ភារបា្លតផ្សេងទៀតជាច្រើនតាមផ្លូវទៅកាន់ភាពជាព្រះ ។ តើវាមានភាពខុសគ្នាយ៉ាងណាទៅ ប្រសិនបើវត្ថុដែលមានការព្រួយបារម្ភពុំមានរូបរាងដូចជារូបបដិមា ?…
« វត្ថុអរូបីយប្រៀបបានដូចជាពួកព្រះ ។ កម្រិតសញ្ញាបត្រ និង លិខិត ព្រមទាំងមុខងារអាចជារូបបដិមា ។… បរិញ្ញាបត្រ [ នៃមហាវិទ្យាល័យ ] និង ទ្រព្យសម្បត្តិ និង សន្ដិសុខ ដែលកើតមានតាមរយៈរឿងទាំងនេះ លេចឡើងយ៉ាងទាក់ទាញរហូតធ្វើឲ្យ [ ការបម្រើ ] បេសកកម្មធ្លាក់មកលំដាប់ទីពីរ ។ មនុស្សខ្លះបានបោះបង់ការមកព្រះវិហារ ពេលរៀននៅមហាវិទ្យាល័យ ដោយផ្ដោតអារម្មណ៍ទៅលើការបំពាក់បំប៉នខាងលោកិយ ហើយច្រានចោលសេចក្ដីសញ្ញាខាងវិញ្ញាណដែលពួកគេបានធ្វើ ។…
« មនុស្សជាច្រើនគោរពការបរបាញ់ ដំណើរកំសាន្ដស្ទូចត្រី វិស្សមកាល ពេលវេលាពិចនិចចុងសប្ដាហ៍ និង ការចេញទៅក្រៅ ។ អ្នកផ្សេងទៀតមានល្បែងកីឡា បាល់បោះ បាល់ទាត់ ល្បែងប្រកួតសត្វគោ ឬ ការលេងកូនហ្គោលជារូបព្រះរបស់ពួកគេ ។ ជាទូទៅ ការស្វែងរកទាំងនេះចូលឡូកឡំនឹងការថ្វាយបង្គំព្រះអម្ចាស់ និងការផ្ដល់ការបម្រើដើម្បីស្ថាបនានគរព្រះ ។ ចំពោះពួកអ្នកធ្វើកិច្ចការនេះ ការគូសបញ្ជាក់នេះទំនងប្រហែលពុំមែនជារឿងធំដុំនោះទេ ប៉ុន្តែវាចង្អុលបង្ហាញថាតើភាពទៀងត្រង់ និង ភាពស្មោះត្រង់របស់ ពួកគេស្ថិតនៅត្រង់ណា ។
« នៅមានរូបភាពមួយទៀតដែលមនុស្សថ្វាយបង្គំគឺអំណាច និង កិត្យានុភាព ។ មនុស្សជាច្រើននឹងជាន់ឈ្លីនៅក្រោមជើងនូវរឿងខាងវិញ្ញាណ ហើយជារឿយៗនូវតម្លៃសីលធម៌ដោយភាពឆ្មើងឆ្មៃដើម្បីចាប់យកភាពជោគជ័យរបស់ពួកគេ ។ ពួកព្រះទាំងនេះដែលរួមមាន អំណាច ទ្រព្យសម្បត្តិ និង ឥទ្ធិពលគឺជាអ្វីដែលគេចង់បានបំផុត ហើយវាពិតដូចជារូបគោមាសរបស់ពួកកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោស្ថានដែរ » ( The Miracle of Forgiveness [ ឆ្នាំ ១៩៦៩ ] ទំព័រ ៤០–៤២ ) ។
-
សូមឆ្លើយសំណួរដូចទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើវិធីមួយចំនួនដែលមនុស្សអាចដាក់ការប្រឹក្សារបស់ខ្លួនហួសពីការប្រឹក្សាដែលព្រះអម្ចាស់បានប្រទានឲ្យយើងនៅសព្វថ្ងៃនេះតាមរយៈពួកព្យាការីរបស់ទ្រង់មានអ្វីខ្លះ ?
សូមចងចាំថា អ្នកអាចមានភាពជឿជាក់នៅក្នុងការប្រឹក្សា និង ការណែនាំរបស់ពួកព្យាការីបាន ដោយសារពួកលោកថ្លែងនូវព្រះបន្ទូលរបស់ព្រះអម្ចាស់ ( សូមមើល គ. និង ស. ១:៣៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១១៩-២២ មាននូវការណែនាំបន្ថែមដល់សាសនាចក្រទាក់ទងនឹងការណែនាំអំពីផ្ទះសំណាក់ណៅវូ ដែលក្លាយជាសណ្ឋាគារផ្ទាល់របស់សាសនាចក្រ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១២៣-៤៥
ព្រះអម្ចាស់ប្រាប់ឈ្មោះនៃអស់អ្នកដែលត្រូវបម្រើនៅក្នុងមុខងារផ្សេងៗនៃថ្នាក់ដឹកនាំបព្វជិតភាព
សូមសរសេរតួនាទីថ្នាក់ដឹកនាំបព្វជិតភាពមួយចំនួននៅក្នុងសាសនាចក្រ ៖
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១២៣-៤៥ ព្រះអម្ចាស់បានប្រាប់ឈ្មោះជាក់លាក់របស់មនុស្សមួយចំនួនដើម្បីបម្រើក្នុងមុខងារផ្សេងៗនៃថ្នាក់ដឹកនាំបព្វជិតភាព ។ សូមអាន ខ ១២៣–៤២ ដោយរកមើលតួនាទីថ្នាក់ដឹកនាំបព្វជិតភាពដែលព្រះអម្ចាស់បានលើកឡើង ។ សូមដាក់បន្ថែមនូវតួនាទីផ្សេងទៀតដែលអ្នកពុំមានសរសេរនៅក្នុងបញ្ជីរបស់អ្នក ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៤៣ ដោយរកមើលពីហេតុផលដែលព្រះអម្ចាស់ហៅថ្នាក់ដឹកនាំបព្វជិតភាព ហើយប្រទានកូនសោបព្វជិតភាព ។
យើងរៀនពីសេចក្ដីពិតដូចតទៅនៅក្នុងខគម្ពីរនេះ ៖ ព្រះអម្ចាស់ហៅថ្នាក់ដឹកនាំបព្វជិភាពដើម្បីគ្រប់គ្រងកិច្ចការនៃការបម្រើ ហើយជួយធ្វើឲ្យពួកបរិសុទ្ធឲ្យបានគ្រប់លក្ខណ៍ ។ ( កិច្ចការនៃការបម្រើ និងការធ្វើឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍សំដៅទៅលើកិច្ចការនៃការជួយកូនចៅព្រះវរបិតាសួគ៌ទាំងអស់ឲ្យខិតមកជិតទ្រង់ ហើយត្រឡប់ទៅវត្តមានទ្រង់វិញដោយភាពសក្ដិសម ) ។ សូមពិចារណាក្នុងការគូសចំណាំពាក្យ ឬឃ្លាដែលបង្រៀនសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីវិធីមួយ ឬពីរដែលថ្នាក់ដឹកនាំបព្វជិតភាពរបស់អ្នកធ្លាប់ជួយអ្នកឲ្យខិតទៅជិតព្រះវរបិតាសួគ៌របស់អ្នក ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៥
ព្រះអម្ចាស់ដឹកនាំពួកបរិសុទ្ធឲ្យប្រមូលគ្នីគ្នាទៅកន្លែងនានាដែលទ្រង់បានកំណត់
បន្ទាប់ពីពួកបរិសុទ្ធត្រូវបានបណ្តេញចេញពីរដ្ឋ មិសសួរី នៅរដូវរងាឆ្នាំ ១៨៣៨–៣៩ ពួកគេបានធ្វើដំណើរចូលទៅ រដ្ឋ អិលលីណោយ និង អៃអូវ៉ា ជាកន្លែងដែលពួកគេបានតាំងទីលំនៅទាំងសងខាងលើច្រាំងទន្លេ មីស៊ីស៊ីបពី ។ វិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៥ ត្រូវបានទទួលនៅខែ មិនា ឆ្នាំ ១៨៤១ ហើយវាបើកសម្តែងពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ទាក់ទងនឹងពួកបរិសុទ្ធ ។ នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៥ សូមស្វែងរកការណែនាំ ដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធទាំងនេះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៦
ព្រិកហាំ យ៉ង់ ពុំតម្រូវឲ្យចាកចេញពីគ្រួសាររបស់លោកដើម្បីបម្រើបេសកកម្មបន្ថែមទៀតឡើយ
សូមស្រមៃថាតើវាមានទិដ្ឋភាពបែបណាដែរនៅពេលអ្នកចាកចេញពីគ្រួសារទៅបម្រើបេសកកម្មសម្រាប់ព្រះអម្ចាស់ក្នុងរយៈពេលរដូវក្តៅប្រាំឆ្នាំបន្ទាប់ទៀត ហើយបន្ទាប់មកនឹងត្រូវបានហៅបម្រើបេសកកម្មមួយទៀតនៅបរទេសរយៈពេលជិតពីរឆ្នាំ ។ តើអ្នកនឹងមានអារម្មណ៍ដូចម្ដេច អំពីការចាកចេញពីគ្រួសារអ្នកច្រើនដងបែបនេះ ? តើអ្នកមានអារម្មណ៍យ៉ាងណា បើសិនអ្នកមានទំនួលខុសត្រូវចំពោះសេចក្តីត្រូវការរបស់គ្រួសារអ្នក ?
បន្ទាប់ពី ព្រិកហាំ យ៉ង់ បានចូលរួមសាសនាចក្រនៅខែ មេសា ឆ្នាំ ១៨៣២ លោកបានបម្រើបេសកកម្មប្រាំពីរក្នុងរយៈពេលប្រាំបួនឆ្នាំ ។ បេសកកម្មដំបូងរបស់លោកគឺអំឡុងពេលនៃរដូវរងា បន្ទាប់ពីលោកបានទទួលបុណ្យជ្រមុជទឹករួច ។ ការបម្រើបេសកកម្មប្រាំផ្សេងទៀត រួមមានការចូលរួមរបស់លោកនៅក្នុង ជំរុំស៊ីយ៉ូន បានកើតឡើងរាល់រដូវក្តៅពីឆ្នាំ ១៨៣៣ ដល់ ១៨៣៧ ។ បេសកកម្មទាំងនេះមានរយៈពេលចាប់ពីបី ទៅប្រាំខែ ។ ក្នុងឆ្នាំ ១៨៣៩ ព្រិកហាំ យ៉ង់ ជាមួយនឹងសាវកផ្សេងទៀតត្រូវបានហៅឲ្យបម្រើបេសកកម្មនៅចក្រភពអង់គ្លេស ។ ពួកគេបានធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ ដើម្បីចាកចេញទៅបេសកកម្មនេះពី ហ្វាវែស្ទ រដ្ឋ មិសសួរី នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៩ ( សូមមើល គ. និង ស. ១១៨) ។ ព្រិកហាំ និង សាវកផ្សេងទៀតបានចំណាយពេលពីរបីខែបន្ទាប់នៅក្នុងរដ្ឋ អៃអូវ៉ា និង អិលលីណោយ ធ្វើការរៀបចំបន្ថែមទៀតដើម្បីធ្វើដំណើរទៅចក្រភពអង់គ្លេស ។ ការឆ្លងរោគគ្រុនចាញ់ បានកើតមាននៅក្នុងតំបន់នោះនារដូវក្តៅឆ្នាំ ១៨៣៩ ហើយពួកគេក៏បានឆ្លងជំងឺនោះផងដែរ ។
សូមអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះមកពីព្រិកហាំ យ៉ង់ ហើយរកមើលភស្តុតាងនៃឥរិយាបថរបស់ព្រិកហាំចំពោះការបម្រើព្រះអម្ចាស់ថ្វីបើមានជំងឺជាទម្ងន់រហូតត្រូវមានគេជួយពេលឡើងជិះរទេះចេញទៅក៏ដោយ ៖« ខ្ញុំសម្រេចចិត្តទៅប្រទេស អង់គ្លេស ឬ ក៏ធ្វើការណ៍នោះរហូតដល់ស្លាប់ » ។ ខ្ញុំមានការតាំងចិត្តយ៉ាងមុតមាំថា ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំបានតម្រូវឲ្យធ្វើនៅក្នុងដំណឹងល្អនៃជីវិត និង សេចក្តីសង្គ្រោះ ឬ ខ្ញុំនឹងស្លាប់ដោយការព្យាយាមធ្វើការណ៍នេះ » (Teachings of Presidents of the Church: Brigham Young[ឆ្នាំ ១៩៩៧ ], ទំព័រ ៥) ។
ការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់ព្រិកហាំ យ៉ង់ បានតម្រូវឲ្យមានការលះបង់ពីគ្រួសារគាត់ផងដែរ ។ សូមអានសេចក្តីសង្ខេបខាងក្រោមនេះអំពីស្ថានភាពរបស់គ្រួសារព្រិកហាំ នៅពេលលោកបានចេញទៅបម្រើបេសកកម្មរបស់ខ្លួនទៅចក្រភពអង់គ្លេស ៖
ព្រិកហាំ យ៉ង់ បានចេញពី ម៉ុនទ្រូស រដ្ឋ អៃអូវ៉ា ទៅចក្រភពអង់គ្លេស នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ១៨៣៩ គឺដប់ថ្ងៃបន្ទាប់ពីភរិយារបស់លោក ម៉ារី អាន បានឆ្លងទន្លេកូនទីបួនរបស់ពួកគេ ។ ម៉ារី អាន បានរងទុក្ខដោយសារជំងឺគ្រុនចាញ់ ។ នេះគឺជាលើកទីប្រាំហើយតាំងពីពួកគេបានរៀបការដែលគាត់បានឲ្យព្រិកហាំចេញទៅបេសកកម្ម ។ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីផ្ទះ និង បានបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងរដ្ឋ មិសសួរី កាលពីឆ្នាំមុន ពួកគេមានភាពក្រតោកយ៉ាក ។ ប្រធានព្រិកហាំ បានបន្សល់ប្រាក់តែ ២.៧២ ដុល្លារ ឲ្យម៉ារី អាន សម្រាប់គ្រួសាររបស់ពួកគេ ។ ប្រធានព្រិកហាំ និង ម៉ារី អាន បានទុកចិត្តថា ព្រះអម្ចាស់នឹងប្រទានពរដល់ពួកគេ និង ពឹកផ្អែកលើការសន្យាពីព្រះអម្ចាស់ ដែលថា ក្រុមគ្រួសាររបស់ពួកសាវកនឹងទទួលបានការថែទាំសម្រាប់សេចក្តីត្រូវការនានាខណៈដែលពួកសាវកទាំងនោះចេញទៅបម្រើបេសកកម្ម ( សូមមើល គ. និង ស. ១១៨:៣ ) ។
នៅពេលអែលឌើរ ព្រិកហាំ យ៉ង់ ហ៊ីបឺរ ស៊ី គិមបុល និង ជួច អេ ស្ម៊ីធបានធ្វើដំណើរឆ្ពោះទៅភាគខាងកើតសហរដ្ឋសម្រាប់បេសកកម្មរបស់ពួកគេទៅចក្រភពអង់គ្លេស « ព្រិកហាំបានលូកដៃចូលទៅក្នុងហិបរបស់គាត់ ហើយតែងឃើញមានលុយគ្រប់គ្រាន់សម្រាប់ថ្លៃការបង្រៀនបន្ទាប់ទៀតរបស់ពួកលោក ។ លោកបានគិតថា ហ៊ីបឺរបានបន្ថែមប្រាក់ ប៉ុន្តែក្រោយក្រោយមកបានដឹងថាលោកពុំបានធ្វើដូច្នេះទេ ។ បងប្អូនប្រុសទាំងនេះបានចាប់ផ្ដើមធ្វើដំណើរមានតែប្រាក់ដង្វាយ ១៣.៥០ ដុល្លារ ប៉ុន្តែពួកលោកបានចំណាយច្រើនជាង ៨៧ ដុល្លារសម្រាប់ថ្លៃបង្រៀន ។ ពួកលោកពុំបានដឹងថា ប្រាក់នោះបាននៅក្នុងហិបរបស់ពួកលោកដោយរបៀបណាទេ ‹ លើកលែងតែទេវតានៅស្ថានសួគ៌បានដាក់ឲ្យដើម្បីបន្តការផ្សាយដំណឹងល្អ [ នៅក្នុង Leonard J. Arrington Brigham Young: American Moses [ ឆ្នាំ ១៩៨៥ ] ទំព័រ ៧៧ ] » ។ (Church History in the Fulness of Times Student Manual បោះពុម្ពទី ២ [ Church Educational System manual, ឆ្នាំ ២០០៣ ] ទំព័រ ២២៨) ។
ព្រិកហាំ យ៉ង់បានដឹកនាំកិច្ចការផ្សព្វផ្សាយសាសនានៅកោះនានាក្នុងប្រទេសអង់គ្លេស ។
នៅពេលលោក បានដឹកនាំពង្រីកកិច្ចការអ្នកផ្សព្វផ្សាយសាសនាទូទាំងកោះនៃប្រទេសអង់គ្លេស ព្រិកហាំ យ៉ង់ បានបង្ហាញសមត្ថភាពខាងវិញ្ញាណដ៏អស្ចារ្យ និង សមត្ថភាពនៃរដ្ឋបាល ។ ក្រោមការដឹកនាំរបស់ព្រិកហាំ យ៉ង់ និង សាវកផ្សេងទៀត សាសនាចក្របានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងចក្រភពអង់គ្លេស ។ នៅពេលនោះសាវកស្ទើរតែទាំងអស់ បានបញ្ចប់បេសកកម្មរបស់ពួកលោកនៅលើកោះនានាក្នុងប្រទេសអង់គ្លេសនៅចុងខែ មេសា ឆ្នាំ ១៨៤១ មានមនុស្សច្រើនជាង ៥,០០០ នាក់បានចូលសាសនាចក្រ ដែលមានគ្នា ប្រហែល១,០០០នាក់បានធ្វើអន្តោប្រវេសន៍ទៅទីក្រុង ណៅវូ ពីរបីខែមុននោះ ។
« បេសកកម្មនេះគឺជាពេលសំខាន់មួយនៃការបំពាក់បំប៉ន និង មានភាពចាស់ទុំសម្រាប់កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ព្រិកហាំ យ៉ង់ បានពង្រឹងជំនាញនៃភាពដឹកនាំ ដែលមិនយូរមិនឆាប់នឹងត្រូវបានហៅដើម្បីប្រើវានៅក្នុងទីក្រុងណៅវូ ។… តាមរយៈការសាកល្បង និង ការលះបង់នៅក្នុងប្រទេសអង់គ្លេស ព្រមទាំងការធ្វើការក្នុងគោលដៅរួម នោះពួកដប់ពីរនាក់បានរួមគ្នាក្នុងរបៀបមួយដែលធានាឲ្យមានភាពរឹងមាំក្នុងថ្នាក់ដឹកនាំសាសនាចក្រនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត » ( Church History in the Fulness of Times,ទំព័រ ២៣៤) ។
បន្ទាប់ពីការដឹកនាំកិច្ចការអ្នកផ្សព្វផ្សាយសាសនារបស់សាសនាចក្រនៅក្នុងចក្រភពអង់គ្លេស ព្រិកហាំ យ៉ង់ បានទៅដល់ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៨៤១ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៦ ប្រាំបីថ្ងៃក្រោយមក ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៦:១-៣ ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់ព្រិកហាំអំពីការបម្រើរបស់លោក ។ តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា ព្រះអម្ចាស់បានសព្វព្រះទ័យនឹងការបម្រើរបស់អ្នក ?
សូមបំពេញគោលការណ៍ដូចតទៅស្ដីពីការបម្រើដែលយើងផ្ដល់ឲ្យមកពីអ្វីដែលអ្នកបានរៀននៅក្នុង ខ ១–២ ៖ ប្រសិនបើយើងធ្វើការដោយឧស្សាហ៍ថ្វាយព្រះអម្ចាស់ ទ្រង់នឹង ការបូជាដ៏សុចរិតរបស់យើង
« ក្រៅពីអាចចំណាយពេលច្រើនជាមួយគ្រួសាររបស់លោក ក្រោយពីវិវរណៈ នេះ [គ. និង ស. ១២៦] នោះព្រិកហាំ យ៉ង់ ក៏បាននៅក្បែរព្យាការី យ៉ូសែប ស៊្មីធ អស់ពេលជាច្រើនឆ្នាំជាងលោកអាចធ្វើបានកាលពីប៉ុន្មានឆ្នាំមុន ( ម្ភៃប្រាំបី ខែនៃសាមសិបប្រាំមួយខែចុងក្រោយនៃជីវិតរបស់យ៉ូសែប ) ។
« វាហាក់បីជាប្រាកដថាព្រះអម្ចាស់បានដឹងពីអនាគត ព្រិកហាំ យ៉ង់ និង អនាគតរបស់សាសនាចក្រ ដោយបានឲ្យ ព្រិកហាំ នៅក្បែរយ៉ូសែប ដូច្នេះលោកអាចរៀនអ្វីដែលចាំបាច់ដើម្បីដឹង ដើម្បីដឹកនាំសាសនាចក្របន្ទាប់ពីយ៉ូសែប ស្លាប់ » ( Doctrine and Covenants Student Manual,ការបោះពុម្ពលើកទី ២ [ Church Educational System manual ឆ្នាំ ២០០១ ] ទំព័រ ៣១៣) ។
ដោយសារទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយនឹងព្យាការី យ៉ូសែប ស្ម៊ីធ នោះ ព្រិកហាំ យ៉ង់ បានរៀនអ្វីដែលលោកត្រូវការដឹងដើម្បីដឹកនាំសាសនាចក្របន្ទាប់ពីមរណភាពរបស់យ៉ូសែប ។
ទោះបីជាព្រិកហាំ យ៉ង់ មិនតម្រូវឲ្យចាកចេញពីគ្រួសារលោកទៅបម្រើបេសកកម្មបន្ថែមទៀតក្តី ក៏លោកបាននៅតែបម្រើបេសកកម្មរយៈពេលខ្លីៗមួយចំនួនពីមុនព្យាការីស្លាប់ ។ ព្រះអម្ចាស់បានទទួលយកការបូជាសុចរិត និងភាពឧស្សាហ៍ព្យាយាមនៅក្នុងកិច្ចការរបស់ទ្រង់របស់ព្រិកហាំ យ៉ង់ ។
-
សូមគិតអំពីឱកាសនានាដែលអ្នកមានដើម្បីបម្រើព្រះអម្ចាស់ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរពាក្យពីរបីប្រយោគពន្យល់ពីរបៀបដែលអ្នកធ្វើតាមគំរូរបស់ថ្នាក់ដឹកនាំដូចជា ព្រិកហាំ យ៉ង់ ដើម្បីធ្វើការយ៉ាងឧស្សាហ៍នៅក្នុងឱកាសទាំងនេះ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៨៤-១៤៥; ១២៥-២៦ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖