ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣ ៖ ថ្ងៃ​ទី ៤ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៦៧; គោលលទ្ធិ និង សេចក្តីសញ្ញា ៦-៧


មេរៀន​ទី ៣ ៖ ថ្ងៃ​ទី ៤

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៦៧; គោលលទ្ធិ និង សេចក្តីសញ្ញា ៦–៧

សេចក្តីផ្តើម

នា​និទាឃរដូវ​ក្នុង​ឆ្នាំ ១៨២៩ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​អារម្មណ៍​ថា​ការបកប្រែ​ព្រះគម្ពីរ​មរមន​ត្រូវ​ធ្វើ​ជា​បន្ទាន់ ។ លោក​បាន​ឃើញ​ថា ពេលវេលា​របស់​លោក​ដើម្បី​បកប្រែ​មាន​កំណត់​ព្រោះ​លោក​ត្រូវ​ធ្វើការ​ដើម្បី​ផ្គត់ផ្គង់​ក្រុមគ្រួសារ ។ អិមម៉ា និង ប្អូនប្រុស​របស់​យ៉ូសែប​គឺ សាំយូអែល បាន​ជួយ​ធ្វើ​ជា​ស្មៀន ប៉ុន្តែ​ពួកគេ​ពុំ​អាច​ធ្វើការ​ឲ្យ​បាន​ពេញ​ម៉ោង​នោះ​ទេ ។ ផ្ទាំងចំណារ​ត្រូវបាន​ប្រទាន​ដល់​យ៉ូសែប ជាង​មួយ​ឆ្នាំ​កន្លះ ហើយ​ជាមួយ​នឹង​ការបាត់​ច្បាប់​សរសេរ​ដៃ​ទាំង ១១៦ ទំព័រ នោះ​មាន​តែ​ប៉ុន្មាន​ទំព័រ​ប៉ុណ្ណោះ​ដែល​ត្រូវ​បង្ហាញ ។ យ៉ូសែប បាន​អធិស្ឋាន​សូម​ឲ្យ​ព្រះអម្ចាស់​បញ្ចូន​មនុស្ស​ម្នាក់​ដែល​អាច​ជួយ​ដល់​លោក​ក្នុង​កិច្ចការ​បកប្រែ ។ ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការអធិស្ឋាន​របស់​យ៉ូសែប ព្រះអម្ចាស់​បានបញ្ជូន អូលីវើរ ខៅឌើរី ឲ្យ​ទៅ​បម្រើ​ជា​ស្មៀន ។

វិវរណៈ​ដែល​មាន​ចែង​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦–៧ ត្រូវបាន​ប្រទាន​ឲ្យ​នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី អូលីវើរ ខៅឌើរី បាន​មក​ដល់ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៦ មាន​នូវ​ដំបូន្មាន​ដល់​អូលីវើរ​ចំពោះ​តួនាទី​របស់​គាត់​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៧ មាន​នូវ​ទម្រង់​បកប្រែ​នៃ​ការ​សរសេរ​មួយ​ចំនួន​ដោយ យ៉ូហាន សិស្ស​ជា​ទីស្រឡាញ់ ជា​សេចក្ដី​បង្រៀន​ដែល​ថា ព្រះអម្ចាស់​បាន​សម្រេច​បំណង​ប្រាថ្នា​របស់​យ៉ូហាន​ដើម្បី​រស់នៅ ហើយ​នាំ​ព្រលឹង​ទាំងឡាយ​មក​ឯ​ព្រះយេស៊ូវគ្រីស្ទ​ដរាប​ដល់​ការយាង​មក​ជា​លើក​ទី​ពីរ ។

យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៦៧ គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១–៩

អូលីវើរ ខៅឌើរី ក្លាយ​ជា​ស្មៀន​របស់ យ៉ូសែប ស៊្មីធ

ជួនកាល វិវរណៈ​មក​ពី​ព្រះ​ត្រូវបាន​ប្រៀប​ទៅ​នឹង​ពន្លឺ ។ ប្រសិនបើ​វិវរណៈ​មក​ពី​ព្រះ ឬ ចម្លើយ​ចំពោះ​ការអធិស្ឋាន​ដូចជា​ពន្លឺ នោះ​សូម​ប្រៀបធៀប​ការបកស្រាយ​ខាងក្រោម ហើយ​គិត​អំពី​អ្វី​ដែល​ជា​តំណាង​ល្អ​បំផុត ថា​វា​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​អ្នក​ទទួលបាន​វិវរណៈ ឬ​ចម្លើយ​ចំពោះ​ការអធិស្ឋាន​អ្នក ៖

  • ពន្លឺ​ដែល​ភ្លឺឡើង​ភ្លាមៗ​នៅ​ពេល​អ្នក​បើក​កុងតាក់​អំពូល​ភ្លើង

  • ពន្លឺ​ដែល​ភ្លឺ​ឡើង​ដោយ​សន្សឹមៗ​មក​ពី​ព្រះអាទិត្យ

អំពូលភ្លើង​ភ្លឺ​ចិញ្ចែងចិញ្ចាច ព្រះអាទិត្យ​រះ​កាត់​ពពក

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រើ​រឿងប្រដូច​នេះ​ដើម្បី​បង្រៀន​អំពី​វិវរណៈ​ផ្ទាល់ខ្លួន​ថា ៖

អែលឌើរ ដាវីឌ អេ បែដណា

« អំពូលភ្លើង​បើក​នៅក្នុង​បន្ទប់ងងឹត គឺ​ដូចជា​ការ​ទទួល​សារលិខិត​មកពី​ព្រះ​យ៉ាង​ឆាប់ ទាំង​ស្រុង ហើយ​កើត​ឡើងម្ដង​ក្នុងពេល​តែមួយ ។ យើង​រាល់គ្នា​ភាគច្រើន មាន​បទពិសោធន៍​តាម​គំរូ​នៃ​វិវរណៈ​នេះ ពេល​យើង​ត្រូវ​បាន​ប្រទាន​ចម្លើយ​ចំពោះ ការ​អធិស្ឋាន​ដោយ​ស្មោះ ឬ​ត្រូវ​បាន​ផ្ដល់​នូវ​ការដឹកនាំ ឬ​ការការពារ​ដែល​ចាំបាច់ ស្របតាម​ព្រះឆន្ទៈ និង​ពេលវេលា​របស់ទ្រង់ ។ ការពិពណ៌នា​អំពី​ការ​បើក​បង្ហាញភ្លាមៗ និងដ៏​ខ្លាំង​ក្លា ត្រូវ​បាន​រក​ឃើញ​នៅក្នុង​បទគម្ពីរ បាន​រៀបរាប់ឡើង​វិញ​នៅក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង​មានភស្ដុតាង​នៅក្នុង​ជីវិត​របស់​យើង​ផ្ទាល់ ។ ប្រាកដ​ណាស់ ការអព្ភូតហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ​ពិត​ជា​កើតឡើង​មែន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គំរូ​នៃ​វិវរណៈ​នេះ មានភាព​កម្រ​ជាង​ធម្មតា ។

« ការ​បង្កើន​ពន្លឺ​បន្ដិច​ម្ដងៗ មកពីពន្លឺ​ព្រះអាទិត្យ​រះ គឺ​ដូចជា​ការ​ទទួល​សារលិខិត​មួយ​មកពី​ព្រះ ‹ មួយ​បន្ទាត់ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ › (នីហ្វៃទី ២ ២៨:៣០)។ ជានិច្ចកាល វិវរណៈ​កើត​ឡើង​នៅ​ក្នុង​ចំនួន​ដ៏​តូច​បន្តិច​ម្ដងៗ ហើយ​ត្រូវបាន​ផ្ដល់​ឲ្យ​ស្រប​តាម​បំណង​ប្រាថ្នា ភាពសក្ដិសម និងការ​រៀប​ចំ​ខ្លួន​របស់​យើង ។ ការ​ប្រាស្រ័យ​ទាក់​ទង​បែប​នោះ ដែល​មកពី​ព្រះវរបិតា​សួគ៌​បន្តិច​ម្តងៗ ‹ ចុះ​មកលើ [ ព្រលឹង​របស់​យើង ] ដូចជា​ទឹក​សន្សើម​ចុះ​ពី​លើ​មេឃ › (គ. និង ស. ១២១:៤៥ ) ។ លំនាំ​វិវរណៈ​នេះ​កើតឡើង​ជា​ញឹកញាប់​ជាង » ( « The Spirit of Revelation » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៨៨ ) ។

  1. journal iconសូម​ពិចារណា​ពី​គ្រា​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​អ្នក​ភ្លាមៗ និង គ្រា​ដែល​ទ្រង់​ឆ្លើយតប​បន្តិចម្ដងៗ ។ សូម​សរសេរ​អំពី​បទពិសោធន៍​មួយ​របស់​អ្នក​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ។

នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦ សូម​ស្វែងរក​សេចក្ដីពិត​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​វិវរណៈ​ដែល​ព្រះ​កំពុង​ប្រទាន​ដល់​អ្នក ។

សូម​អាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៦៧ រួច​ស្វែងរក​របៀប​ដែល អូលីវើរ ខៅឌើរី បាន​ដឹង​អំពី​ព្យាការី យ៉ូសែប ស៊្មីធ និង កិច្ចការ​ដែល​លោក​កំពុង​តែ​ធ្វើ ។ អូលីវើរ បាន​ធ្វើ​ដំណើរ​ពី ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ទៅ​ជួប​នឹង​យ៉ូសែប នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា ដែល​មាន​ចម្ងាយ​ជាង ២២៥ គីឡូម៉ែត ( សូម​មើល ផែនទី​ប្រវត្តិ​សាសនាចក្រ ១ «សហរដ្ឋ​ភាគ​ឦសាន ») ។

មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី អូលីវើរ បាន​ចាប់ផ្ដើម​ធ្វើ​ជា​ស្មៀន​សម្រាប់​យ៉ូសែប ស្ម៊ីធ នោះ​យ៉ូសែប បាន​ទទួល​វិវរណៈ​មួយ​ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​កាន់​អូលីវើរ ។ វិវរណៈ​នេះ​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​អូលីវើរ ហើយ​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ចំពោះ​ការអធិស្ឋាន​របស់​គាត់ ដែល​គាត់​ពុំ​ដែល​បាន​ជម្រាប​ដល់​យ៉ូសែប​ឲ្យ​បាន​ដឹង​នោះ​ទេ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៥–៦, ៨ រួច​ស្វែងរក​ការបង្ហាញ​ដែល​ថា ព្រះអម្ចាស់​បាន​ជ្រាប​ពី​បំណង​ប្រាថ្នា​របស់​អូលីវើរ ។

  1. journal iconសូម​ឆ្លើយ​នឹង​សំណួរ​តទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​អ្នក ៖ តើ គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៥–៦, ៨ និង ការខិតខំ​របស់ អូលីវើរ ខៅឌើរី ក្នុង​ការធ្វើដំណើរ​ចម្ងាយ​ជាង ២២៥ គីឡូម៉ែត បង្ហាញ​យើង​អំពី​អ្វី ?

សូម​ចំណាំ​ថា ៖ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១–៩ ត្រូវបាន​លើក​ឡើង​ម្ដង​ទៀត​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១ ជា​វិវរណៈ​មួយ​ដែល​ណែនាំ​ដល់ ហៃរុម ស៊្មីធ ហើយ​នឹង​ត្រូវ​ពិភាក្សា​បន្ថែម​នៅ​ក្នុង​មេរៀន​នោះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១០-២៤

ព្រះអម្ចាស់​បាន​អះអាង​ពី​សេចក្ដីពិត​ពេញលេញ​នៃ​កិច្ចការ​នោះ​ទៅ​ដល់ អូលីវើរ ខៅឌើរី

សូម​ពិចារណា​ថា​អ្នក​ធ្លាប់​ទទួល​បាន​ចម្លើយ​ពី​ព្រះ ហើយ​ក្រោយ​មក​មាន​កង្វល់ ឬ ភាពច្របូកច្របល់​ចំពោះ​ចម្លើយ​នោះ​ដែរ​ឬ​ទេ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១០–១៣ យើង​ឃើញ​ថា ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ អូលីវើរ ខៅឌើរី ថា អូលីវើរ​មាន​នូវ​អំណោយទាន​ខាង​វិវរណៈ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១៤–១៧, ២០ រួច​គូសចំណាំ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់ អូលីវើរ អំពី​ការទទួល និង ការស្គាល់​វិវរណៈ ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​សេចក្ដីពិត​ចំនួន​ពីរ ឬ បី ដែល​អ្នក​រក​ឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១៤–១៧, ២០ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ទទួល ឬ ស្គាល់​វិវរណៈ ។

សូម​ប្រៀបធៀប​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ ទៅ​នឹង​សេចក្ដីពិត​ខាងក្រោម ដែល​មាន​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ៖

នៅ​ពេល​យើង​ស្វែងរក​ចម្លើយ​ពី​ព្រះវរបិតាសួគ៌ ទ្រង់​នឹង​ប្រទាន​ការណែនាំ​ដល់​យើង ( សូម​មើល គ. និង ស. ៦:១៤ ) ។ « ការណែនាំ » អាច​សំដៅ​ទៅ​លើ​យោបល់ ឬ ការយល់ដឹង​ដែល​មាន​ដល់​គំនិត​យើង ក៏​ដូចជា​បទពិសោធន៍​នានា​ដែល​អាច​ដឹកនាំ រៀបចំ ឬ ជួយ​យើង​ឲ្យ​ធ្វើ​ការសម្រេចចិត្ត​ត្រឹមត្រូវ ។

ព្រះអម្ចាស់​នឹង​បំភ្លឺ​គំនិត​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ឃ្លា « បំភ្លឺ​គំនិត​របស់​អ្នក » ( គ. និង ស. ៦:១៥ ) មាន​ន័យ​ថា ព្រះអម្ចាស់​នឹង​ប្រទាន​យោបល់ និង ការយល់ដឹង​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ព្រះ​ទ្រង់​ជ្រាប​ពី​គំនិត និង បំណង​ដែល​នៅ​ក្នុង​ចិត្ត​របស់​យើង ( សូម​មើល គ. និង ស. ៦:១៦ ) ។

នៅ​ពេល​យើង​ទទួល​បាន​វិវរណៈ​ហើយ យើង​គួរតែ​រក្សា​វា​ទុក​នៅ​ក្នុង​ចិត្ត​យើង ។ « រក្សា » ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ( គ. និង ស. ៦:២០ ) មាន​ន័យ​ថា ឲ្យ​តម្លៃ​លើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់—សិក្សា ពិចារណា ហើយ​ប្រព្រឹត្ត​តាម​ការណ៍​ដែល​ព្រះអម្ចាស់​បើកសម្ដែង ហើយ​ទុកចិត្ត​លើ​វិវរណៈ​ដែល​យើង​ទទួលបាន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦:២១-២៤ រួច​ស្វែងរក​របៀប​មួយ​ទៀត​ដែល​ព្រះអម្ចាស់​ទាក់ទង​ជាមួយ​នឹង​យើង ។

សូម​បំពេញ​ក្នុង​ចន្លោះ​នូវ​អ្វី​ដែល​អ្នក​បាន​រកឃើញ ៖ ព្រះអម្ចាស់​មាន​ព្រះបន្ទូល ទៅ​ដល់​គំនិត​របស់​យើង​ជា​សាក្សី​នៃ​សេចក្ដីពិត ។ អ្នក​អាច​ចង់​គូសចំណាំ​ឃ្លា ដែល​បង្រៀន​ពី​សេចក្ដីពិត​នេះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:២៣ ។

សូម​ពិចារណា​ពី​សំណួរ​នេះ ៖ តើ​ពេល​ខ្លះ យើង​អាច​នឹង​មើលរំលង ឬ ព្រងើយ​កន្តើយ​នឹង​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​ការអធិស្ឋាន​របស់​យើង​យ៉ាងដូចម្ដេច ?

អែលឌើរ បែដណា បាន​បន្ត​ការប្រៀបប្រដូច​នៃ​ព្រះអាទិត្យ​រះ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​របៀប​ដែល​ទំនាក់ទំនង​ពី​ព្រះអម្ចាស់​កើតមាន​ជា​ញឹកញាប់ ៖

អែលឌើរ ដាវីឌ អេ បែដណា

« ពេល​ខ្លះ ព្រះអាទិត្យ​រះ​នៅពេល​ព្រឹក​មួយ ដែលមាន​ពពក​ច្រើន ឬ​ចុះអ័ព្ទ ។ ដោយសារ​តែ​អាកាស​ធាតុ​មិនល្អ ការ​ទទួលបាន​ពន្លឺ​គឺ​មានភាព​លំបាក​ជាង ហើយ​ការប្រាប់​ដោយត្រឹមត្រូវអំពី​ពេល​ដែល​ព្រះអាទិត្យ​រះលើ​មេឃ គឺ​ពុំ​អាច​ធ្វើ​ទៅបាន​ទេ ។…

« ស្រដៀងគ្នា​នឹង​នេះ​ដែរ ភាគ​ច្រើន​យើង​ទទួលបាន​វិវរណៈ​ដោយ​ពុំ​បាន​ដឹង​ពី​របៀប ឬ ពេលវេលា​ដែល​យើង​ទទួលបាន​វិវរណៈ​នោះ​ទេ » (« The Spirit of Revelation, » ទំព័រ ៨៩ ) ។

រហូត​ដល់​ក្រោយ​ពី​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦ ត្រូវបាន​ទទួល ទើប អូលីវើរ ខៅឌើរី បាន​ជម្រាប​ដល់​ព្យាការី​អំពី « យប់ » ដែល​ព្រះអម្ចាស់​សំដៅ​ដល់​ក្នុង ខទី ២២ ។ យ៉ូសែប ស៊្មីធ បាន​កត់ត្រា​ថា « បន្ទាប់​ពី​ពួកយើង​បាន​ទទួល​វិវរណៈ​នេះ​ហើយ អូលីវើរ ខៅឌើរី បាន​ថ្លែង​ប្រាប់​ខ្ញុំ​ថា ក្រោយ​ពី​គាត់​បាន​ទៅ​រស់នៅ​ជាមួយ​ឪពុក​ខ្ញុំ គ្រួសារ​ខ្ញុំ​បាន​ប្រាប់​គាត់​ពី​ការដែល​ខ្ញុំ​មាន​ផ្ទាំងចំណារ នៅ​យប់​នោះ​ពេល​គាត់​ចូល​សម្រាក គាត់​បាន​អំពាវនាវ​ដល់​ព្រះអម្ចាស់​ដើម្បី​ដឹង​ថា​តើ​រឿង​ទាំងនេះ​ពិត​ដែរ​ឬ​ទេ ហើយ​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​គាត់​ថា​វា​សុទ្ធតែ​ជា​រឿង​ពិត ប៉ុន្តែ គាត់​បាន​រក្សា​ទុក​រឿង​នេះ​ជា​សម្ងាត់ ហើយ​ពុំ​បាន​ប្រាប់​នរណា​ម្នាក់​ឲ្យ​បាន​ដឹង​ឡើយ ដូច្នេះ​ក្រោយ​ពី​វិវរណៈ​នេះ​ត្រូវបាន​ប្រទានឲ្យ គាត់​បាន​ដឹង​ថា​កិច្ចការ​នេះ​ជា​កិច្ចការ​ពិត ព្រោះ​គ្មាន​មនុស្ស​ណា​មួយ​ដែល​បាន​ដឹង​ពី​ការណ៍​ដែល​មាន​នៅ​ក្នុង​វិវរណៈ​មួយ​នោះ​ទេ មាន​តែ​ព្រះ និង ខ្លួន​គាត់​ផ្ទាល់​តែ​ប៉ុណ្ណោះ ( នៅ​ក្នុង History of the Church, ១:៣៥ ) ។

  1. journal iconសូម​គិត​អំពី​គ្រា​ទាំងឡាយ​នៅ​ក្នុង​ជីវិត​របស់​អ្នក នៅ​ពេល​ដែល​អ្នក​បាន​ដឹង​ថា​គំនិត​របស់​អ្នក​ត្រូវបាន​បំភ្លឺ ឬ ពេញ​ដោយ​ភាពសុខសាន្ត​ចំពោះ​អ្វី​ដែល​អ្នក​បាន​អធិស្ឋាន ។ សូម​សរសេរ​បទពិសោធន៍​មួយ​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក រួច​សូម​ពិចារណា​ក្នុង​ការសរសេរ​ការចងចាំ​ទាំងនេះ​ទៅ​ក្នុង​សៀវភៅ​ទិនានុប្បវត្តិ​ផ្ទាល់​ខ្លួន​របស់​អ្នក ។

សូម​ពិចារណា​ពី​របៀប​ដែល​ការចងចាំ​ពី​បទពិសោធន៍​ទាំងនេះ និង ការទុកចិត្ត​លើ​វិវរណៈ​ផ្ទាល់ខ្លួន​ដែល​អ្នក​ទទួលបាន​ក្នុង​ពេល​កន្លង​មក​នេះ អាច​ជួយ​អ្នក​នៅ​ក្នុង​ពេល​ខាង​មុខ​នៅ​ពេល​អ្នក​ត្រូវការ​វិវរណៈ ឬ ការដឹកនាំ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦:២៥-៣៧

ព្រះអម្ចាស់​ទូន្មាន​ដល់ យ៉ូសែប និង អូលីវើរ ឲ្យ​បកប្រែ ហើយ​កុំ​ឲ្យ​មាន​ការសង្ស័យ ឬ ភ័យខ្លាច​អ្វី​ឡើយ

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦:២៥-៣១ យើង​រៀន​ថា ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់ អូលីវើរ ខៅឌើរី ថា ប្រសិនបើ​គាត់​មាន​បំណង គាត់​អាច​មាន​អំណោយទាន​ខាង​ការបកប្រែ ។ ព្រះអម្ចាស់​ក៏​បាន​ត្រាស់​ហៅ​ឲ្យ​គាត់​បម្រើ​ជាមួយ ព្យាការី យ៉ូសែប ស៊្មីធ ហើយ « នាំ​ការងារ​បម្រើ​នេះ​មក​ឯ​ពន្លឺ » ក្នុង​នាម​ជា​សាក្សី​ទីពីរ​នៃ​ការស្ដារឡើងវិញ ។ ប្រសិនបើ​អ្នក​ជា​អូលីវើរ តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច កាល​បាន​ឮ​ពី​ទំនួលខុសត្រូវ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក ?

សូម​គិត​អំពី​ស្ថានភាព​ដែល​អ្នក​មាន​អារម្មណ៍​សង្ស័យ ឬ ភ័យខ្លាច​អំពី​ការណ៍​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ធ្វើ ដូចជា​ពេល​អ្នក​អង្គុយ​លើ​វេទិកា​ក្នុង​ការប្រជុំ​សាសនាចក្រ ហើយ​រង់ចាំ​ថ្លែង​សុន្ទរកថា មាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្ត​ម្នាក់ ឬ ការដឹង​ថា​អ្នក​ត្រូវ​សុំ​ការអភ័យទោស​ពី​សមាជិក​គ្រួសារ​ចំពោះ​អ្វី​ដែល​អ្នក​បាន​ប្រព្រឹត្ត ឬ វាចា ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣២–៣៧ រួច​ស្វែងរក​ដំបូន្មាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ចំពោះ​ការសង្ស័យ និង ការភ័យខ្លាច​ក្នុង​ការធ្វើ​កិច្ចការ​ដែល​ពួកលោក​ត្រូវ​ចាត់​ឲ្យ​ធ្វើ ។

គោលការណ៍​មួយ​ដែល​យើង​អាច​រៀន​ចេញ​ពី​ដំបូន្មាន​នេះ​គឺ នៅ​ពេល​យើង​មើល​ទៅ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​យកឈ្នះ​លើ​ការសង្ស័យ និង ការភ័យខ្លាច​បាន ។គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៦ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ​មួយ ) ។

scripture mastery icon
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៦

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​សុន្ទរកថា​ខ្លី​មួយ ( មិន​លើស​ពី​មួយ​ទំព័រ ) ដោយ​ផ្អែក​លើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦:៣៦ ។ អ្នក​អាច​ពិពណ៌នា​ពី​របៀប​សាមញ្ញៗ​ក្នុង​ការធ្វើតាម​ដំបូន្មាន​ដែល​មាន​ក្នុង​ចំណេះចំណាន​ខគម្ពីរ​នេះ ។ អ្នក​អាច​ប្រើ​ធនធាន​នានា​ដូចជា Topical Guide ឬ សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ពិត​ចំពោះ​សេចក្ដីជំនឿ ឬ​សមាជិក​គ្រួសារ​ដើម្បី​ជួយ​អ្នក​ឲ្យ​សរសេរ​សុន្ទរកថា​របស់​អ្នក ។ សូម​បញ្ចូល​គំរូ​ផ្ទាល់​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការសង្ស័យ ឬ ការភ័យខ្លាច ។ សូម​សួរ​ឪពុកម្ដាយ​របស់​អ្នក​ថា​បើ​អ្នក​អាច​ចែកចាយ​សុន្ទរកថា​របស់​អ្នក​ដែល​បាន​រៀបចំ​នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ដែរ​ឬ​ទេ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧

យ៉ូហាន​សិស្ស​ជា​ទីស្រឡាញ់ ត្រូវបាន​សន្យា​ថា លោក​នឹង​រស់នៅ ហើយ​នាំយក​ព្រលឹង​ទាំងឡាយ​មក​កាន់​ព្រះគ្រីស្ទ​ដរាប​ដល់​ការយាង​មក​ជា​លើក​ទី​ពីរ

គ្រា​មួយ​ក្នុង​ខែ មេសា ឆ្នាំ ១៨២៩ ខណៈ​ដែល អូលីវើរ ខៅឌើរី កំពុង​តែ​ជួយ​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន គាត់ និង យ៉ូសែប បាន​មាន « ទស្សន​ខុស​ពី​គ្នា…អំពី​ដំណើររឿង​របស់ យ៉ូហាន​ជា​សាវក ដែល​មាន​លើកឡើង​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី [ សូម​មើល យ៉ូហាន ២១:២០–២៣ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សំដៅ​ទៅ​លើ​សំណើ​របស់​យ៉ូហាន​ដើម្បី​រស់នៅ​លើ​ផែនដី​ដរាប​ដល់​ការយាង​មក​ជា​លើក​ទី​ពីរ ] ថា​លោក​បាន​ទទួល​មរណភាព​ហើយ ឬ រស់នៅ​ដល់​សព្វថ្ងៃ » ( យ៉ូសែប ស្ម៊ីធ នៅ​ក្នុងHistory of the Church, ១:៣៥–៣៦ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧:១–៣ ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់ យ៉ូសែប និង អូលីវើរ ។ ប្រសិនបើ​អ្នក​មាន​កង្វល់​ក្នុង​ការស្វែងរក​ចម្លើយ សូម​អាន​សេចក្ដីសង្ខេប​កណ្ឌ​សម្រាប់ ខទី ១–៣ ។

លើសពី​អ្វី​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ គ្មាន​អ្វី​ដែល​ត្រូវបាន​បាន​បើកសម្ដែង​ឲ្យ​ឃើញ​ពី​ការបម្រើ​ជាក់លាក់ ឬ ទីសំចត ឬ ស្នាដៃ​ទាំងឡាយ​របស់​យ៉ូហាន ដែល​លោក​បាន​បំពេញ​ក្នុង​នាម​ជា​តួអង្គ​ដែល​មិន​ស្លាប់នោះ​ទេ ហេតុដូច្នេះហើយ វា​ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ​ដើម្បី​ប៉ាន់ស្មាន​ពី​ការណ៍​ទាំងនោះ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៦៧ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៦–៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖