មេរៀនទី ១០ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣-៤៤
សេចក្ដីផ្ដើម
ដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣ ក្នុងខែ កុម្ភៈ ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានណែនាំដល់សមាជិកសាសនាចក្រ អំពីតួនាទីសំខាន់របស់ព្យាការី ក្នុងការទទួលបានវិវរណៈសម្រាប់សាសនាចក្រ ក៏ដូចជាតម្រូវការចំពោះពួកអែលឌើរនៃសាសនាចក្រ ឲ្យទៅផ្សាយអំពីការប្រែចិត្ត ក្នុងការប្រុងប្រៀបខ្លួនសម្រាប់ព្រឹត្តិការណ៍នាពេលអនាគត ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៤ មាននូវសេចក្ដីណែនាំពីព្រះអម្ចាស់ចំពោះពួកអែលឌើរនៃសាសនាចក្រ ឲ្យជួបជុំគ្នាជាសន្និសីទមួយ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១-៧
ព្រះអម្ចាស់ប្រកាសថា វិវរណៈ និង ព្រះបញ្ញត្តិទាំងឡាយ គឺមានតាមតែរយៈព្យាការីដែលត្រូវបានតែងតាំងរបស់ទ្រង់ប៉ុណ្ណោះ
សូមស្រមៃអំពីមនុស្សពីរនាក់ផ្សេងគ្នា ដែលព្យាយាមដឹកនាំអ្នកឲ្យច្រៀងចម្រៀងពីរបទខុសគ្នា នៅពេលតែមួយ ។ តើអ្នកនឹងអាចច្រៀងចម្រៀងទាំងពីរបទ តំណាលគ្នាក្នុងពេលតែមួយបានដែរឬទេ ? តើអ្នកនឹងជ្រើសរើស ថាតើត្រូវច្រៀងតាមអ្នកដឹកនាំចម្រៀងម្នាក់ណា តាមរបៀបណា ?
ក្នុងខែ កុម្ភៈ ឆ្នាំ ១៨៣១ មានអ្នកប្រែចិត្តជឿថ្មីម្នាក់នៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ គឺ អ្នកស្រី ហឹបប៊ល បានអះអាងថា គាត់ទទួលបានវិវរណៈ និង ព្រះបញ្ញត្តិទាំងឡាយសម្រាប់សាសនាចក្រ ។ សមាជិកសាសនាចក្រមួយចំនួន ត្រូវបានបំភាន់ដោយសារការអះអាងរបស់គាត់ ។ ព្យាការី យ៉ូសែប ស៊្មីធ បានទូលសូមព្រះអម្ចាស់ អំពីការអះអាងរបស់អ្នកស្រី ហឹបប៊ល ចំណែកឯការឆ្លើយតបមកវិញនោះ លោកបានទទួលនៅក្នុងវិវរណៈ ដែលសព្វថ្ងៃនេះ ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:១–៥ ដោយស្វែងរកថា នរណាដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ថា នឹងទទួលបានវិវរណៈសម្រាប់សាសនាចក្រទាំងមូល ។
ខគម្ពីរទាំងនេះបានជួយដល់សមាជិកសាសនាចក្រពីជំនាន់ដំបូង ឲ្យយល់ថា មានតែព្យាការី យ៉ូសែប ស៊្មីធ ប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចទទួលបានព្រះបញ្ញត្តិ និង វិវរណៈ សម្រាប់សាសនាចក្រទាំងមូល ។ ខគម្ពីរទាំងនេះក៏ជួយយើងឲ្យយល់ថា មានតែព្យាការីនៃសាសនាចក្រតែប៉ុណ្ណោះ ដែលនឹងទទួលបានវិវរណៈសម្រាប់សាសនាចក្រទាំងមូល ។ អ្នកអាចនឹងចង់សរសេរគោលលទ្ធិនេះនៅក្នុងព្រះគម្ពីររបស់អ្នកក្បែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:៣–៤ ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ហេតុអ្វីបានជាវាសំខាន់ ដែលត្រូវដឹងថា មានតែប្រធាននៃសាសនាចក្រ ( ឬ គណៈប្រធានទីមួយ ) តែប៉ុណ្ណោះ ដែលនឹងទទួលបានវិវរណៈសម្រាប់សាសនាចក្រទាំងមូល ?
ដូចជាអ្នកស្រី ហឹបប៊ល និង មនុស្សដទៃទៀត បានអះអាងខុសឆ្គង ដែលបានបំភាន់ពួកបរិសុទ្ធមួយចំនួននៅជំនាន់ដំបូងនៃសាសនាចក្រ នោះក៏មានមនុស្សបន្លំ និង បំភាន់ជាច្រើននាពេលសព្វថ្ងៃនេះ ដែលប្រកាសពីគំនិតដ៏ខុសឆ្គងដែរ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:៥–៧ រួចស្វែងរករបៀប ដែលព្រះអម្ចាស់បានបើកសម្ដែង ដើម្បីជួយយើងកុំឲ្យត្រូវគេបំភាន់ ដោយបុគ្គលដែលប្រកាសពីគំនិតដ៏ខុសឆ្គង ឬ អះអាងថា ទទួលបានវិវរណៈសម្រាប់មនុស្សដទៃ ប៉ុន្តែផ្ទុយទៅវិញ ពុំមានសិទ្ធិអំណាចដើម្បីធ្វើដូច្នោះឡើយ ។
សូមពិពណ៌នាដាក់នៅក្នុងចន្លោះដែលបានផ្ដល់ឲ្យ អំពីរបៀបដែលព្រះអម្ចាស់បានបើកសម្ដែង ដើម្បីបង្ការយើងពីការបំភាន់នាពេលសព្វថ្ងៃនេះ ៖
សេចក្ដីថ្លែងការណ៍ដូចតទៅនេះពីប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ ជួយយើងឲ្យយល់ថា ដើម្បី « មកតាមទ្វារ » នោះ ( គ. និង ស. ៤៣:៧ ) គឺត្រូវធ្វើកិច្ចការ ដែលត្រឹមត្រូវ និង មានការអនុញ្ញាត ៖ « ព្រះអម្ចាស់នឹងធ្វើឲ្យយើងដឹងថា ទ្រង់ធ្វើអ្វីគ្រប់យ៉ាងទៅតាមរបៀបរៀបរយ ហើយនៅពេលដែលទ្រង់ត្រាស់ហៅបុគ្គលម្នាក់ ឲ្យដឹកនាំសាសនាចក្រ បុគ្គលនោះនឹងចូលមកតាមទ្វារ ហើយបានតែងតាំងដោយអ្នកដែលកាន់សិទ្ធិអំណាច ។ វាបានប្រព្រឹត្តទៅយ៉ាងដូច្នេះ ចាប់តាំងពីដំបូងមកម្ល៉េះ ហើយនឹងបន្តយ៉ាងដូច្នេះដរាបដល់ទីបំផុត » ( Church History and Modern Revelation វ៉ុល ២ [ ឆ្នាំ ១៩៥៣ ] ១:១៣៨ ) ។ ដើម្បី « មកតាមទ្វារ » នោះ គឺត្រូវចូលទៅតាមមាគ៌ា ដែលត្រូវបានទទួល និង ត្រូវបានស្គាល់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:៨-១៦
ពួកអែលឌើរត្រូវបានបញ្ជាឲ្យជួបជុំគ្នា ដើម្បីបង្គាប់ ស្អាងគ្នា និង បានញែកចេញជាបរិសុទ្ធ
-
សូមធ្វើបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីការប្រជុំខុសៗគ្នា ដែលអ្នកចូលរួម ក្នុងនាមជាសមាជិកសាសនាចក្រ ។ សូមសរសេរអំពីអ្វីដែលជាគោលបំណងរបស់វា ដាក់នៅក្បែរការប្រជុំនីមួយៗ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:៨ រួចគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយ ដែលបង្រៀនអំពីគោលការណ៍ដូចតទៅនេះ ៖ នៅពេលយើងប្រជុំគ្នា យើងត្រូវបង្គាប់ ហើយស្អាងគ្នាទៅវិញទៅមក ដើម្បីយើងអាចរៀនអំពីរបៀបប្រព្រឹត្ត និង ដឹកនាំសាសនាចក្រ ។ ព្រះបញ្ញត្តិដែលបញ្ជាឲ្យស្អាងគ្នាទៅវិញទៅមក មានន័យថា យើងត្រូវស្ថាបនា ហើយពង្រឹងគ្នាទៅវិញទៅមកខាងវិញ្ញាណ ។ ឃ្លា « ដឹកនាំសាសនាចក្ររបស់យើង » នៅក្នុងខគម្ពីរនេះ សំដៅទៅលើសមាជិកសាសនាចក្រ ត្រូវបានដឹកនាំលើរបៀបបំពេញករណីយកិច្ចខ្លួន ។ ការប្រជុំទាំងឡាយត្រូវបានធ្វើឡើងដើម្បីជួយសមាជិកសាសនាចក្រ ឲ្យរក្សាសេចក្ដីសញ្ញា ហើយតម្កើងការហៅរបស់ខ្លួន ដែលមានន័យថា ការបំពេញការទទួលខុសត្រូវនៃការហៅរបស់ពួកគេ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីបទពិសោធន៍មួយដែលអ្នកទទួលបានអារម្មណ៍ថា ត្រូវបានស្អាង—ស្ថាបនា ហើយពង្រឹងខាងវិញ្ញាណ—កាលអ្នកបានចូលរួមក្នុងការប្រជុំមួយក្នុងសាសនាចក្រ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:៩–១១ រួចស្វែងរកអ្វីដែលយើងត្រូវធ្វើ បន្ទាប់ពីយើងរៀនអំពីក្រឹត្យវិន័យ និង ព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ។ នៅក្នុង ខទី ៩ ឃ្លា « បានញែកចេញជាបរិសុទ្ធ » មានន័យថា ត្រូវបានធ្វើឲ្យបរិសុទ្ធ ឬ ស្អាតស្អំពីអំពើបាបទាំងឡាយនៃលោកិយ ។ សេចក្ដីពិតមួយ ដែលយើងស្វែងយល់ចេញពី ខទី ៩ គឺថា យើងត្រូវភ្ជាប់ខ្លួនយើង ទៅនឹងការប្រព្រឹត្តតាមសេចក្ដីពិត ដែលយើងរៀន ។ ( អ្នកអាចនឹងចង់គូសចំណាំគោលការណ៍នេះ នៅក្នុងព្រះគម្ពីររបស់អ្នក ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការប្រព្រឹត្តតាមអ្វីដែលយើងរៀននៅក្នុងការប្រជុំទាំងឡាយ ជួយយើងឲ្យបានញែកចេញជាបរិសុទ្ធយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា ពិធីបុណជ្រមុជទឹក និង ពិធីសាក្រាម៉ង់ មានតួនាទីយ៉ាងដូចម្ដេច ក្នុងការបានញែកចេញជាបរិសុទ្ធរបស់យើង ?
-
តើនៅពេលណា ដែលអ្នកបានតាំងចិត្តប្រព្រឹត្តតាមអ្វី ដែលអ្នកបានរៀននៅក្នុងការប្រជុំ ហើយក្រោយមកសម្រេចបានការតាំងចិត្តនោះ ? តើអ្នកបានទទួលពរ ដោយព្រោះការធ្វើដូច្នោះយ៉ាងដូចម្ដេចដែរ ?
-
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:១២–១៤ ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ពួកបរិសុទ្ធថា ពួកគេនឹងទទួលបានសិរីល្អនៃនគរ ប្រសិនបើពួកគេគាំទ្រដល់ព្យាការី ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១៧-៣៥
ពួកអ្នកបម្រើរបស់ព្រះ ត្រូវផ្សាយអំពីការប្រែចិត្ត ក្នុងការប្រុងប្រៀបខ្លួនសម្រាប់ការយាងមកជាលើកទីពីរ និង សហស្សវត្សរ៍
សូមគិតអំពីសកម្មភាព និង ព្រឹត្តិការណ៍ ដែលតម្រូវឲ្យមានការប្រុងប្រៀបខ្លួនដោយប្រុងប្រយ័ត្នបំផុតដូចជា បេសកកម្មពេញម៉ោង ការប្រកួតកីឡា ផលិតកម្មតន្ត្រី ការចាត់តាំងបង្រៀន ឬ ការប្រឡង ។ តើអ្នកគិតថា បុគ្គលម្នាក់អាចនឹងមានអារម្មណ៍ដូចម្ដេច ប្រសិនបើគាត់ពុំបានត្រៀមខ្លួន កាលដែលពេលវេលាបានមកដល់ ដើម្បីចូលរួមក្នុងសកម្មភាព ឬ ព្រឹត្តិការណ៍នោះ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:១៧-២២ដោយស្វែងរកព្រឹត្តិការណ៍មួយ ដែលតម្រូវឲ្យមានការប្រុងប្រៀបខ្លួនដោយប្រុងប្រយ័ត្ន ។
ព្រះអម្ចាស់បានមានព្រះបន្ទូលណែនាំ ដល់ពួកអែលឌើរ ឲ្យចេញទៅប្រាប់ដល់អស់ទាំងសាសន៍ ឲ្យប្រុងប្រៀបខ្លួន សម្រាប់ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ ។ ចេញពីអ្វីដែលអ្នករៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:២០ សូមបំពេញនៅក្នុងចន្លោះ ដោយប្រើពាក្យត្រឹមត្រូវទាំងឡាយ ដែលបញ្ចប់គោលការណ៍នេះ ៖ យើងត្រូវប្រែចិត្ត ហើយ ខ្លួនយើង សម្រាប់ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:២៥–២៨ ដោយស្វែងរកមធ្យោបាយមួយចំនួន ដែលព្រះអម្ចាស់ត្រាស់ហៅឲ្យមនុស្សទាំងអស់ប្រែចិត្ត ហើយបានសង្គ្រោះ ។ តើអ្នកគិតថា ហេតុអ្វីបានជាព្រះអម្ចាស់ប្រើសំឡេងជាច្រើន មកព្រមានយើង ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:២៩-៣១ រួចស្វែងរកអ្វី ដែលនឹងកើតឡើងបន្ទាប់ពីការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចនឹងចង់គូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយ ដែលបង្រៀនថា អំឡុងពេលសហស្សវត្សរ៍ សាតាំងនឹងត្រូវបានចង ហើយព្រះយេស៊ូវគ្រីស្ទ នឹងសោយរាជ្យជាមួយរាស្ត្រទ្រង់នៅលើផែនដី ។
ប្រធាន ចច ឃ្យូ ខានុន ក្នុងគណៈប្រធានទីមួយ បានពន្យល់អំពី របៀបដែលសាតាំងនឹងត្រូវបានចងអំឡុងពេលសហស្សវត្សរ៍ ៖ « យើងនិយាយអំពីសាតាំងត្រូវបានចង ។ សាតាំងនឹងត្រូវបានចងដោយព្រះចេស្ដានៃព្រះ ប៉ុន្តែ វាក៏នឹងត្រូវបានចងផងដែរ ដោយការប្ដេជ្ញាចិត្តរបស់រាស្ត្រនៃព្រះ ដែលមិនស្ដាប់តាមវា ដោយមិនអនុញ្ញាតឲ្យវាគ្រប់គ្រងលើបាន » ( Gospel Truth: Discourses and Writings of President George Q. Cannon ជ្រើសរើសដោយ Jerreld L. Newquist វ៉ុល ២ [ ឆ្នាំ ១៩៥៧–៧៤ ] ១:៨៦ ) ។
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា ៖ « ព្រះគ្រីស្ទ និង ពួកបរិសុទ្ធដែលបានរស់ឡើងវិញ នឹងសោយរាជ្យលើផែនដីអំឡុងពេលមួយពាន់ឆ្នាំ ។ ពួកគាត់ប្រហែលជានឹងមិនអាស្រ័យលើផែនដីនេះទេ ផ្ទុយទៅវិញ ពួកគាត់នឹងមកធ្វើទស្សនកិច្ចនៅពេលពួកគេចង់ធ្វើដូច្នោះ ឬ នៅពេលដែលចាំបាច់ត្រូវត្រួតត្រាលើវា » ( នៅក្នុង History of the Church ៥:២១២ ) ។
-
សូមពិចារណាជាពិសេស អំពីអ្វីដែលអ្នកអាចនឹងត្រូវធ្វើ ដើម្បីប្រែចិត្ត ហើយប្រុងប្រៀបខ្លួន សម្រាប់ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ និង សហស្សវត្សរ៍ ។ ដោយសារលក្ខណៈផ្ទាល់ខ្លួននៃកិច្ចការនេះ សូមសរសេរថា បានបញ្ចប់កិច្ចការទី ៥ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នៅពេលអ្នកបានបញ្ចប់ការចាត់តាំងនេះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៤
ព្រះអម្ចាស់ បញ្ជាពួកអ្នកបម្រើទ្រង់ឲ្យជួបជុំគ្នា
នៅក្នុងមជ្ឈមណ្ឌលសន្និសីទ នៅទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ និង នៅក្នុងអគារនានាទូទាំងពិភពលោក សមាជិកសាសនាចក្រ ជួបជុំគ្នារាល់ប្រាំមួយខែម្ដង ដើម្បីស្ដាប់ពួកអ្នកមានសិទ្ធិអំណាចទូទៅ និង ថ្នាក់ដឹកនាំដទៃទៀតនៃសាសនាចក្រឡើងថ្លែងសុន្ទរកថា ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៤ ព្រះអម្ចាស់បានណែនាំពួកអែលឌើរនៃសាសនាចក្រ ឲ្យជួបជុំគ្នាជាសន្និសីទមួយ ។ សន្និសីទនេះនឹងក្លាយទៅជាសន្និសីទទូទៅលើកទីបួននៃសាសនាចក្រ និង ជាសន្និសីទដំបូងដែលបានធ្វើឡើងនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៤:១–៤ ដោយស្វែងរកមូលហេតុ ដែលព្រះអម្ចាស់បានបញ្ជាពួកបរិសុទ្ធឲ្យធ្វើសន្និសីទនេះឡើង ។
សូមបំពេញចន្លោះ នៅក្នុងសេចក្ដីថ្លែងការណ៍ដូចតទៅនេះ ដោយប្រើអ្វីដែលអ្នកបានរៀនចេញពីខគម្ពីរទាំងនេះ ៖ ព្រះអម្ចាស់បានបញ្ជាពួកអែលឌើរនៃសាសនាចក្រទ្រង់ឲ្យ .នៅឯសន្និសីទ ព្រះអម្ចាស់បានសន្យាថានឹង .នៅឯសន្និសីទ ពួកអែលឌើរត្រូវ .ជាលទ្ធផល មនុស្សជាច្រើននឹង ។
នៅពេលអ្នកបញ្ចប់មេរៀននេះ សូមគិតម្ដងទៀត អំពីអ្វីដែលអ្នកនឹងធ្វើ ដើម្បីប្រព្រឹត្តតាមគោលការណ៍ទាំងឡាយ ដែលអ្នកបានរៀន ។ ព្រះអម្ចាស់នឹងប្រទានពរដល់អ្នក នៅពេលអ្នកប្រព្រឹត្តតាមសេចក្ដីពិតទាំងនេះ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣-៤៤ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖