មេរៀនទី ១៣ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨
សេចក្ដីផ្ដើម
នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ១៨៣១ គឺជិតពីរសប្ដាហ៍បន្ទាប់ពីព្រះអម្ចាស់ចាត់តាំងក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ជាចំណុចកណ្ដាលនៃទីក្រុងស៊ីយ៉ូន នោះព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨ ។ វិវរណៈនេះត្រូវបានប្រទានជាចម្លើយដល់ អ្នកដែលអន្ទះសាចង់ដឹងអំពីព្រះឆន្ទៈរបស់ព្រះអម្ចាស់ ដែលមានចំពោះពួកគេនៅក្នុងដែនដីថ្មីនេះ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានប្រទានឱវាទដល់ពួកបរិសុទ្ធឲ្យស្មោះត្រង់ក្នុងទុក្ខលំបាករបស់ពួកគេ ហើយបានពន្យល់អំពីមូលហេតុដែលទ្រង់បានបញ្ជូនពួកគេទៅទីក្រុងស៊ីយ៉ូន ។ ព្រះអម្ចាស់ក៏បានលើកទឹកចិត្តពួកបរិសុទ្ធ ឲ្យប្រើសិទ្ធិជ្រើសរើសខ្លួន ដើម្បីនាំឲ្យមានសុចរិតភាព ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១-១៣
ព្រះអម្ចាស់បានប្រទានឱវាទដល់ពួកបរិសុទ្ធឲ្យស្មោះត្រង់ក្នុងទុក្ខលំបាករបស់ពួកគេ
តើឧបសគ្គមួយចំនួនណាខ្លះ ដែលអ្នកកំពុងប្រឈមមុខនៅក្នុងជីវិតនាពេលបច្ចុប្បន្ន ?
នៅពេលអ្នកអានកថាខណ្ឌខាងក្រោមនេះ សូមស្វែងរកឧបសគ្គនានា ដែលពួកបរិសុទ្ធបានប្រឈមមុខនៅរដ្ឋ មិសសួរី ក្នុងឆ្នាំ ១៨៣១ ៖
ក្នុងខែ មករា ឆ្នាំ ១៨៣១ ពួកអ្នកផ្សព្វផ្សាយសាសនាបានជួបនឹងក្រុមឥណ្ឌាដេឡាវ៉ែ ( អាមេរិកកាំងដើម ) រស់នៅលើដែនដីពួកឥណ្ឌាលើព្រំប្រទល់រដ្ឋ មិសសួរី ។ ពួកឥណ្ឌាដេឡាវ៉ែ បានចាប់អារម្មណ៍រៀនដំណឹងល្អដែលមាននៅក្នុងព្រះគម្ពីរមរមន ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពួកអ្នកផ្សព្វផ្សាយសាសនាពុំមានការអនុញ្ញាតឲ្យចូលទៅក្នុងដែនដីពួកឥណ្ឌា ហើយផ្សាយដំណឹងល្អ ហើយដោយសារតែមានការប្រឆាំងពីសំណាក់ភ្នាក់ងារ និង មេកន្ទ្រាញក្នុងមូលដ្ឋានរបស់ពួកឥណ្ឌា ទើបពួកអ្នកផ្សព្វផ្សាយសាសនានៃសាសនាចក្រ ត្រូវបានបង្ខំឲ្យចាកចេញពីដែនដីនោះទៅ ។ ក្រោយមក ពួកអ្នកផ្សព្វផ្សាយសាសនាបានព្យាយាមបង្រៀនអ្នកស្រុកស្បែក-សនៅក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី និង នៅតំបន់ជុំវិញនោះ ប៉ុន្តែ មានអ្នកប្រែចិត្តជឿមិនដល់ ១០ នាក់នោះទេ ដែលបានចូលសាសនាចក្រត្រឹមខែ កក្កដា ឆ្នាំ ១៨៣១ ។ នៅពេលពួកអែលឌើរនៃសាសនាចក្រដែលមកពីរដ្ឋ អូហៃអូ បានចាប់ផ្ដើមមកដល់រដ្ឋ មិសសួរី ក្នុងខែ កក្កដា ឆ្នាំ ១៨៣១ នោះមានពួកអែលឌើរមួយចំនួនបានខកចិត្តចំពោះអ្វីដែលពួកគាត់បានឃើញ ។ ពួកគាត់មួយចំនួនបានរំពឹងចង់ឃើញសហគមន៍នៃពួកអ្នកជឿមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និង ការតាំងលំនៅដែលបានរៀបចំជាស្រេចសម្រាប់សមាជិកសាសនាចក្រដែលធ្វើសំណាក់ស្រុក ។ ពួកគាត់មួយចំនួនសម្ដែងការព្រួយបារម្ភដោយសារតែនៅក្រុង អ៊ីនឌីប៉ែនដែនស៍ ស្ថិតនៅក្នុងស្ថានភាពពុំទាន់អភិវឌ្ឍនៅឡើយ ហើយនឹងតម្រូវឲ្យមានការខិតខំជាខ្លាំងដើម្បីអភិវឌ្ឍ ។ ពួកបងប្អូនប្រុសមួយចំនួន ត្រូវបានលើកទឹកចិត្តឲ្យស្នាក់នៅរដ្ឋ មិសសួរី ហើយទិញដីធ្លីដើម្បីត្រៀមស្ថាបនាទីក្រុងស៊ីយ៉ូនសម្រាប់ពួកបរិសុទ្ធដែលនឹងមកដល់ក្រោយៗមកទៀត ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១–២ដោយស្វែងរកការណ៍ដែលព្រះអម្ចាស់ បានមានព្រះបន្ទូលប្រាប់ពួកអែលឌើរ ដែលព្រះបន្ទូលទាំងនោះអាចនឹងជួយពួកគាត់ឲ្យមានអារម្មណ៍ប្រសើរឡើងវិញ ចំពោះឧបសគ្គដែលពួកគាត់បានប្រឈមមុខ ។
ចេញពីអ្វីដែលអ្នកបានរៀននៅក្នុង ខទី ២សូមបញ្ចប់គោលការណ៍ដូចតទៅនេះ ៖
យើងនឹងមានពរបើយើង ។
រង្វាន់ដ៏អស់កល្បរបស់យើងនឹងប្រសើរជាងបើយើង ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៣-៥ដោយស្វែងរកការណ៍ដែលយើងពុំអាចមើលឃើញ ឬ យល់ នៅពេលយើងឆ្លងកាត់ការសាកល្បងនានា ។
ព្រះអម្ចាស់បានប្រទានឱវាទដល់ពួកអែលឌើរឲ្យមានសេចក្ដីជំនឿលើទ្រង់ ហើយសម្លឹងមើលឲ្យហួសពីការសាកល្បងទាំងឡាយ ដែលពួកគាត់កំពុងតស៊ូ ហើយផ្ដោតអារម្មណ៍ជំនួសវិញទៅលើសិរីល្អនាពេលអនាគត ដែលពួកគាត់នឹងជួបប្រទះ បើពួកគាត់មានចិត្តស្មោះត្រង់ ។ សារលិខិតពីព្រះអម្ចាស់ទៅដល់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី អាចជួយយើងឲ្យតស៊ូក្នុងឧបសគ្គនានា ដោយរក្សាយើងឲ្យផ្ដោតអារម្មណ៍លើពរជ័យទាំងឡាយ ដែលបានសន្យាដល់អ្នកដែលតស៊ូក្នុងក្ដីវេទនាយ៉ាងស្មោះត្រង់ ។
-
សូមឆ្លើយសំណួរមួយ ឬ សំណួរទាំងពីរខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការជឿថាព្រះអម្ចាស់នឹងប្រទានពរដល់អ្នក អាចជួយអ្នកឲ្យតស៊ូក្នុងក្ដីវេទនាយ៉ាងស្មោះត្រង់យ៉ាងដូចម្ដេច ?
-
តើនៅពេលណាខ្លះ ដែលអ្នកធ្លាប់មានអារម្មណ៍ថា មានពរសម្រាប់ការមានចិត្តស្មោះត្រង់អំឡុងពេលក្ដីវេទនា ?
-
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៦–១៣ព្រះអម្ចាស់បានបើកសម្ដែងវិធីមួយចំនួន ដែលពួកបរិសុទ្ធនឹងមានពរសម្រាប់ការគោរពប្រតិបត្តិរបស់ពួកគេក្នុងការជួយស្ថាបនាទីក្រុងស៊ីយ៉ូនឡើង ។ សូមធ្វើការតាំងចិត្តដើម្បីបន្តស្មោះត្រង់អំឡុងពេលអ្នកជួបឧបសគ្គ ដើម្បីអ្នកអាចទទួលបានរង្វាន់ដែលព្រះអម្ចាស់បានរៀបចំសម្រាប់អ្នក ទាំងពេលឥឡូវនេះ និង នាពេលអនាគត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១៤-២៣
ព្រះអម្ចាស់បកស្រាយអំពីការទទួលខុសត្រូវរបស់ប៊ីស្សព និង ការបញ្ជាពួកបរិសុទ្ធឲ្យរក្សាច្បាប់ភូមិបាល ។
ព្រះអម្ចាស់បានណែនាំប៊ីស្សព អែតវឺត ប៉ាទ្រិច និង ស៊ីឌនី គិលបឺត ឲ្យស្នាក់នៅរដ្ឋ មិសសួរី ដើម្បីគ្រប់គ្រងលើទ្រព្យសម្បត្តិសាសនាចក្រ ហើយទិញដីធ្លីនៅក្នុង និង ជុំវិញក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ( សូមមើល គ. និង ស. ៥៧:៧–៨ ) ។ ប៊ីស្សព ប៉ាទ្រិច បានជំទាស់ព្យាការី យ៉ូសែប ស៊្មីធ អំពីគុណភាពនៃដីធ្លីដែលបានជ្រើសរើស ។ គាត់បានមានអារម្មណ៍ថា គួរតែទិញដីឡូដ៍ផ្សេងទៀតវិញ ។ ការខ្វែងគំនិតគ្នានេះ បណ្ដាលឲ្យមានអារម្មណ៍មិនល្អកើតឡើង ។
សូមរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៣រួចអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១៤–១៥ដោយស្វែងរកការណ៍ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ប៊ីស្សព ប៉ាទ្រិច ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើគោលការណ៍ដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣ អាចជួយដល់ប៊ីស្សព ប៉ាទ្រិច ឲ្យជ្រើសរើសប្រែចិត្ត ពីការជំទាស់ព្យាការី អំពីដីឡូដ៍ដែលគួរតែទិញនោះយ៉ាងដូចម្ដេច ?
-
សូមពិចារណាអំពីបញ្ហា ឬ ស្ថានភាពបច្ចុប្បន្ន ដែលសមាជិកមួយចំនួនអាចនឹងឆ្លើយតបទៅកាន់ថ្នាក់ដឹកនាំសាសនាចក្ររបស់ពួកគេដោយ « ការឥតជំនឿ និង ការខ្វាក់រឹងទទឹងនៃចិត្ត » ( គ. និង ស. ៥៨:១៥ ) ។ តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីចៀសវាងកំហុសមួយនោះ ?
-
ប៊ីស្សព ប៉ាទ្រិច បានទទួលយកការបន្ទោសពីព្រះអម្ចាស់ដោយរាបសា ហើយគាត់ត្រូវបានអត់ទោសឲ្យ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:១៦-២៣ដោយស្វែងរកការណ៍ដែលព្រះអម្ចាស់បានបញ្ជាឲ្យ ប៊ីស្សព ប៉ាទ្រិច ធ្វើ ដើម្បីបំពេញការហៅបម្រើរបស់គាត់ ។ យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ២១-២៣តើព្រះអម្ចាស់បានណែនាំពួកបរិសុទ្ធឲ្យធ្វើអ្វីខ្លះ ? តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីអ្នកដែលព្យាយាមប្រើក្រឹត្យវិន័យរបស់ព្រះដើម្បីបង្ហាញការមិនគោរពតាមច្បាប់ភូមិបាល ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៤-៣៣
ព្រះអម្ចាស់ប្រទានឱវាទឲ្យពួកបរិសុទ្ធប្រើសិទ្ធិជ្រើសរើសខ្លួន ដើម្បីប្រព្រឹត្តល្អ
សូមស្រមៃថា អ្នកកំពុងដើរតាមផ្លូវ ហើយបានឃើញមនុស្សចាស់ជរាម្នាក់ដើរដួល ។ សូមគូសរង្វង់លើអ្វីដែលអ្នកគួរតែធ្វើ នៅក្នុងតារាងខាងក្រោមនេះ ។
រង់ចាំព្រះវិញ្ញាណបំផុសឲ្យអ្នកជួយ ។ |
រង់ចាំមើលថាតើមាននរណាម្នាក់នឹងជួយដែរឬទេ ។ |
រង់ចាំមើលនរណាម្នាក់មកប្រាប់អ្នកថា ត្រូវធ្វើដូចម្ដេច ។ |
ទៅជួយមនុស្សដែលដើរដួលនោះ ។ |
ហេតុអ្វីអ្នកជ្រើសរើសចម្លើយនោះ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៤–២៨ដោយស្វែងរកគោលការណ៍ ដែលព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធ នៅពេលពួកគេប្រឈមមុខនឹងឧបសគ្គនៃការស្ថាបនាទីក្រុងស៊ីយ៉ូនឡើង ។ អ្នកអាចនឹងចង់គូសចំណាំនូវគោលលទ្ធិ ដែលអ្នករកឃើញ ។ គោលការណ៍មួយដែលត្រូវបានបង្រៀននៅក្នុងខគម្ពីរទាំងនេះគឺ យើងគួរតែឧស្សាហ៍ចូលរួមក្នុងការជ្រើសរើសធ្វើការណ៍ល្អ ហើយនាំមកនូវសេចក្ដីសុចរិត ។ ( ឃ្លា « អ្នកណាដែលត្រូវគេបង្ខំនូវគ្រប់អ្វីៗទាំងអស់ » [ គ. និង ស. ៥៨:២៦ ] សំដៅលើមនុស្សដែលមិនប្រព្រឹត្តអ្វីសោះ លុះត្រាតែត្រូវបានគេប្រាប់ឲ្យធ្វើ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:២៧ គឺជាវគ្គចំណេះចំណានខគម្ពីរ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើ « រង្វាន់ » អ្វី ដែលខគម្ពីរទាំងនេះសំដៅលើ ? តើការធ្វើកិច្ចការល្អជាច្រើនដោយឆន្ទៈយើងផ្ទាល់ នឹងមានអានុភាពយ៉ាងដូចម្ដេច ទៅលើការដែលយើងអាចទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ឬ អត់នោះ ?
-
តើមានរបៀបមួយចំនួនណាខ្លះ ដែលអ្នកអាចឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អនៅឯផ្ទះបាន ? នៅសាលាមានអ្វីខ្លះ ? នៅក្នុងវួដ ឬ សាខារបស់អ្នក ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៩–៣៣ដោយស្វែងរកអ្វីដែលកើតឡើង ចំពោះអ្នកដែលប្រើសិទ្ធិជ្រើសរើសខ្លួនដើម្បីធ្វើប្រយោជន៍ល្អ ឬ ជាអ្នកដែលសង្ស័យនឹងព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។ សូមគិតពីការគូសចំណាំអ្វីដែលអ្នករកឃើញ ។
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៧
-
ដើម្បីជួយអ្នកឲ្យទន្ទេញ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៧សូមសរសេរតួអក្សរដំបូងគេនៃពាក្យនីមួយៗនៅក្នុង ខទី ២៧ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមប្រើតួអក្សរដែលអ្នកបានសរសេរ ដើម្បីជួយអ្នកឲ្យសូត្រវគ្គបទគម្ពីរនោះ ។ ប្រសិនបើចាំបាច់ សូមបើកព្រះគម្ពីរមើល ។ សូមធ្វើដូចនេះម្ដងហើយម្ដងទៀត ដរាបដល់អ្នកអាចសូត្រវគ្គបទគម្ពីរបាន ដោយប្រើតួអក្សរដំបូង ឬ ដរាបដល់អ្នកអាចសូត្រខគម្ពីរនោះបានចេញពីការចងចាំ ។ សូមគិតអំពីការសូត្រ និង ពន្យល់អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៧ ទៅដល់សមាជិកគ្រួសារ ឬ មិត្តភក្ដិ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៦៥
ព្រះអម្ចាស់ប្រទានការណែនាំអំពីទីក្រុងស៊ីយ៉ូន ហើយបង្រៀនគោលការណ៍នៃការប្រែចិត្ត
តើអ្នកដឹងយ៉ាងដូចម្ដេចថា ព្រះអម្ចាស់បានអភ័យទោសដល់អំពើបាបរបស់អ្នក ? សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២-៤៣រួចគូសចំណាំការណ៍ ដែលព្រះអម្ចាស់បានបង្រៀនអំពីការអភ័យទោស ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២-៤៣ គឺជាវគ្គចំណេះចំណានខគម្ពីរ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ) ។
សូមបញ្ចប់គោលការណ៍ដូចតទៅនេះចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២ ៖ បើយើង នោះព្រះអម្ចាស់នឹងអត់ទោសឲ្យយើង ហើយមិនចាំពីអំពើបាបទាំងនោះទៀតទេ ។
ឃ្លា « មិនចាំពីអំពើបាបទាំងនោះទៀតទេ » ពុំមានន័យថា ព្រះបំភ្លេចអំពើបាបរបស់យើងឡើយ ។ ព្រះទ្រង់ប្រកបដោយសព្វញាណ ដោយព្រះញ្ញាណដឹងនូវអ្វីគ្រប់ទាំងអស់—ដូច្នេះ ទ្រង់ពុំភ្លេចអ្វីសោះឡើយ ។ ទោះជាយ៉ាងណាក៏ដោយ អំពើបាបទាំងឡាយដែលបានប្រែចិត្តឡើងវិញ គឺត្រូវបានអត់ទោសឲ្យ ហើយនឹងមិនត្រូវចងចាំទៀតទេ ដោយការមិនប្រព្រឹត្តសាជាថ្មីនោះ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថាមានភាពខុសប្លែកយ៉ាងដូចម្ដេច នៅពេលបុគ្គលម្នាក់ជឿថា ព្រះអម្ចាស់នឹងអត់ទោសដល់អំពើបាបរបស់ខ្លួន ហើយមិនចាំពីអំពើបាបទាំងនោះទៀតទេនោះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤៣ បង្រៀនអំពីរបៀបដែលយើងអាចដឹង ថាតើយើងបានប្រែចិត្តពីអំពើបាបទាំងឡាយរបស់យើងហើយឬនៅ ។ សូមអានខគម្ពីរនេះ រួចបញ្ចប់គោលការណ៍ដូចតទៅនេះ ៖ ដើម្បីប្រែចិត្ត យើងត្រូវតែ ហើយ អំពើបាបទាំងឡាយរបស់យើង ។
ដើម្បីរលាស់ចោលអំពើបាបមានន័យថា បែរចេញពីអំពើបាបទាំងស្រុង ហើយឈប់ប្រព្រឹត្តវាទៀត ។ នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុងគណៈប្រធានទីមួយ សូមគិតអំពីគ្រា ដែលអ្នកបានប្រែចិត្ត ហើយទទួលបានអារម្មណ៍ថាព្រះអម្ចាស់បានអត់ទោសឲ្យ ៖ « នៅពេលយើងបានប្រែចិត្តយ៉ាងពិតប្រាកដ នោះព្រះគ្រីស្ទនឹងដកយកបន្ទុកនៃកំហុសចំពោះអំពើបាបរបស់យើងចេញ ។ យើងអាចដឹងដោយខ្លួនឯងថា យើងត្រូវបានអត់ទោសឲ្យ ហើយបានធ្វើឲ្យស្អាតស្អំ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបញ្ជាក់ពីការណ៍នេះដល់យើង ។ ទ្រង់គឺជាអ្នកញែកឲ្យបរិសុទ្ធ ។ គ្មានទីបន្ទាល់ណាផ្សេងទៀតនៃការអភ័យទោស អាចអស្ចារ្យជាងនេះនោះទេ » ( Point of Safe Return, » Ensign ឬ លីអាហូណាខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ១០១ ) ។
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤២-៤៣
-
សូមសរសេរវគ្គបទគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២–៤៣ នៅលើបណ្ណ ឬ ក្រដាសមួយសន្លឹក រួចសូត្រវារាល់ពេលដែលអ្នកលុតជង្គង់អធិស្ឋាន ។ ការធ្វើបែបនេះអាចជួយអ្នកឲ្យចងចាំអំពីវគ្គបទគម្ពីរនេះ ហើយរំឭកអ្នកឲ្យអធិស្ឋានសុំជំនួយក្នុងការខិតខំ ដើម្បីសារភាពកំហុស ហើយរលាស់ចោលអំពើបាបទាំងឡាយ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖