ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩


មេរៀន​ទី ១៣ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩

បុព្វកថា

នៅ​ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩ កាល​កំពុង​ស្នាក់នៅ​ឃុំ​ចាកសុន រដ្ឋ មិសសួរី ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​លើក​ឡើង​អំពី​ការរំពឹងទុក​របស់​ទ្រង់​ចំពោះ​ពួក​បរិសុទ្ធ ដែល​ទើបតែ​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ស៊ីយ៉ូន រួម​បញ្ចូល​ទាំង​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​ត្រឹមត្រូវ ។ ព្រះអម្ចាស់​ក៏​បាន​បញ្ជាក់​ផងដែរ​ថា អ្នក​ដែល​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នឹង​ទទួល​បាន​ពរជ័យ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១-៤

ព្រះអម្ចាស់​ពិពណ៌នា​អំពី​ពរជ័យ​ទាំងឡាយ ដែល​ទ្រង់​នឹង​ប្រទាន​ដល់​ពួក​បរិសុទ្ធ​ស្មោះត្រង់​នៅ​ទីក្រុង​ស៊ីយ៉ូន ។

ផូលី ណៃត៍ ដែល​ជា​ម្ដាយ​របស់ នូវល ណៃត៍ បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​ពួក​បរិសុទ្ធ​ជិត ១៤៤៨ គីឡូម៉ែត ពី​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ទៅ​កាន់ ឃុំ​ចាកសុន រដ្ឋ មិសសួរី ។ បងស្រី ណៃត៍ បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​នៅ​តាម​ផ្លូវ​ទៅ​កាន់​រដ្ឋ មិសសួរី ប៉ុន្តែ គាត់​ពុំ​ព្រម​ឈប់​ធ្វើ​ដំណើរ​នោះ​ទេ ដោយ​ប្រាប់​គេ​ឯង​ថា បំណង​ប្រាថ្នា​ដ៏​ធំ​បំផុត​របស់​គាត់​គឺ ឲ្យ​បាន​ជាន់​លើ​ទឹកដី​នៃ​ទីក្រុង​ស៊ីយ៉ូន ហើយ​សព​គាត់​ត្រូវ​បញ្ចុះ​នៅ​ទី​នោះ ។ កូន​ប្រុស​របស់​គាត់ នូវល កត់ត្រា​ថា នៅ​គ្រា​មួយ​អំឡុង​ការធ្វើ​ដំណើរ​របស់​ពួកគេ នោះ​គាត់ « បាន​ទិញ​ឈើ​មក​ធ្វើ​ក្ដាមឈូស ក្នុង​ករណី​បងស្រី ណៃត៍ អស់​ជីវិត​ពីមុន​យើង​ទៅ​ដល់​ទិសដៅ—ព្រោះ​ស្ថានភាព​គាត់​ចុះ​អន់ថយ​យ៉ាង​ឆាប់​រហ័ស ។ ប៉ុន្តែ ព្រះអម្ចាស់​បាន​សម្រេច​បំណងប្រាថ្នា​នៅ​ក្នុង​ចិត្ត​របស់​គាត់ ហើយ​បាន​ជីវិត​រហូត​ដល់​បាន​ឈរ​នៅ​លើ​ដែនដី​នោះ » (Scraps of Biography: Tenth Book of the Faith-Promoting Series [ ឆ្នាំ ១៨៨៣ ] ទំព័រ ៧០ សូម​មើល​ផងដែរ History of the Church ១:១៩៩ ) ។ បងស្រី ណៃត៍ បាន​ទទួល​មរណភាព​ទៅ​នៅ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ឃុំ​ចាកសុន រដ្ឋ មិសសួរី ( ទីក្រុង​ស៊ីយ៉ូន ) ។

  1. journal iconនៅ​ថ្ងៃ​ដែល ផូលី ណៃត៍ បាន​ទទួល​មរណភាព​នោះ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩ ។ សូម​ស្រមៃ​ថា អ្នក​ត្រូវបាន​ស្នើ​ឲ្យ​ថ្លែង​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​បងស្រី ណៃត៍ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១–២រួច​ស្វែងរក​ឃ្លា​ដែល​អ្នក​អាច​ចែកចាយ​នៅ​ក្នុង​សុន្ទរកថា​របស់​អ្នក ដែល​អាច​នឹង​មាន​អត្ថន័យ​ជ្រាលជ្រៅ​ចំពោះ​មិត្តភក្ដិ និង មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គាត់ ។ សូម​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ពីរ​ឃ្លា ហើយ​ពន្យល់​អំពី​មូលហេតុ​ដែល​ឃ្លា​ទាំងនោះ ត្រូវ​នឹង ផូលី ណៃត៍ ។

សូម​កត់ចំណាំ​ថា នៅ​ក្នុង ខទី ១ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដល់​ពួក​បរិសុទ្ធ​ដូចជា ផូលី ណៃត៍ ដែល​បាន​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ ក្នុង​ការមក​ឲ្យ​ដល់​ដែនដី​នៃ​ទីក្រុង​ស៊ីយ៉ូន ដោយ​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​របស់​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ឃ្លា​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​អត្ថន័យ​នៃ​ការមាន​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​របស់​ព្រះ សូម​សាកល្បង​ធ្វើ​សកម្មភាព​ដូចខាង​ក្រោម​នេះ ៖

ក្ដាប់​ដៃ​របស់​អ្នក​ធូរៗ ( គ្រាន់តែ​ល្មម​ឲ្យ​មេដៃ និង ម្រាម​ដៃ​របស់​អ្នក​ប៉ះ​គ្នា ) ។ បិទ​ភ្នែក​ម្ខាង ហើយ​សំឡឹង​ទៅ​រូបភាព​ព្រះអង្គ​សង្គ្រោះ​នៅលើ​ទំព័រ​នេះ​តាម​ប្រហោង​កន្ដាប់​ដៃ​របស់​អ្នក ។ រួច​បើក​ភ្នែក​ម្ខាង​ទៀត ហើយ​សម្លឹង​មើល​ទៅ​រូបភាព​ដោយ​ភ្នែក​ទាំង​គូ ។ សូម​កត់ចំណាំ​អ្វី​ផ្សេង​ទៀត នៅ​ក្នុង​ចក្ខុនិមិត្ត​អ្នក នៅ​ពេល​អ្នក​ប្រើ​កែវ​ភ្នែក​ទាំង​គូ​សម្លឹង​មើល ។ តើ​មាន​ភាពខុសប្លែក​អ្វី​ខ្លះ នៅ​ពេល​អ្នក​មើល​ទៅ​រូបភាព​ដោយ​ភ្នែក​តែ​ម្ខាង ?

ព្រះយេស៊ូវគ្រីស្ទ

ដោយ​ប្រើប្រាស់​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង​សកម្មភាព​នេះ​ជា​ការប្រដូច តើ​អ្នក​គិត​ថា ការមាន​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​របស់​ព្រះ មាន​ន័យ​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៣–៤សូម​ស្វែងរក​ទាំង​ពរជ័យ​ខាង​សាច់ឈាម ( លោកិយ ) និង ខាង​វិញ្ញាណ ដែល​បាន​សន្យា​ដល់​អ្នក​ដែល​បាន​គោរពប្រតិបត្តិ​ដល់​ព្រះអម្ចាស់ ដោយ​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​របស់​ទ្រង់ ។ សូម​កត់ចំណាំ​ថា នៅ​ក្នុង ខទី ៤ ព្រះអម្ចាស់​សន្យា​ថា​នឹង​ប្រទានពរ​ដល់​ពួក​បរិសុទ្ធ​ទ្រង់​ដែល​ស្មោះត្រង់​ដោយ « ព្រះបញ្ញត្តិ​ទាំងឡាយ​ដ៏​មិន​តិច » ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បាន​សន្យា​ថា​នេះ​គឺ​ជា​ពរជ័យ កាល​មនុស្ស​មួយ​ចំនួន​មិន​ចាត់ទុក​ព្រះបញ្ញត្តិ​ទាំងឡាយ​ថា​ជា​ពរជ័យ​ផងនោះ ? សូម​ពិចារណា​អំពី​របៀប ដែល​ការធ្វើតាម​ព្រះបញ្ញត្តិ​ទាំងឡាយ​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។

  1. journal iconសូម​គូស​ប្រអប់​ឈរ​ពីរ​នៅ​លើ​ទំព័រ​មួយ ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សរសេរ​នៅ​ក្នុង​ប្រអប់​ឈរ​ទីមួយ​ថា ពរជ័យ​ខាង​សាច់ឈាម និង នៅ​ក្នុង​ប្រអប់​ឈរ​ទី​ពីរ​ថា ពរជ័យ​ខាង​វិញ្ញាណ ។ សូម​សរសេរ​ពរជ័យ​ដែល​អ្នក​បាន​រកឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១–៤ នៅ​ក្នុង​ប្រអប់​ឈរ​ដែល​ត្រឹមត្រូវ ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូចតទៅ​នេះ ដាក់​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ៖ បើ​យើង​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ដោយ​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​របស់​ព្រះ នោះ​យើង​នឹង​មាន​ពរ​ទាំង​ខាង​សាច់​ឈាម និង ខាង​វិញ្ញាណ​ផង ។ សូម​ស្វែងរក​ឧទាហរណ៍​បន្ថែម​អំពី​គោលការណ៍​នេះ នៅ​ពេល​អ្នក​បន្ត​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៥-៨

ព្រះអម្ចាស់​ប្រទាន​ព្រះបញ្ញត្តិ​ទៅ​ដល់​ពួក​បរិសុទ្ធ

យុវនារី​មាន​ទឹក​មុខ​ញញឹម

ព្រះអម្ចាស់​បាន​បន្ត​វិវរណៈ​នេះ ដោយ​បាន​ប្រទាន​ព្រះបញ្ញត្តិ​មួយ​ចំនួន​ដល់​ពួក​បរិសុទ្ធ​នៅ​ទីក្រុង​ស៊ីយ៉ូន ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៥រួច​គូស​ចំណាំ​ព្រះបញ្ញត្តិ​ទី​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន ៖ យើង​ត្រូវ​ស្រឡាញ់​ដល់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​នៃ​យើង ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការស្រឡាញ់​ព្រះអម្ចាស់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​អ្នក មាន​ន័យ​ដូចម្ដេច ?

    2. តើ​សកម្មភាព ឬ អាកប្បកិរិយា​មួយ​ចំនួន​ណា​ខ្លះ ដែល​អ្នក​អាច​មើល​ឃើញ​នៅ​ក្នុង​មនុស្ស ដែល​ស្រឡាញ់​ព្រះអម្ចាស់​ដោយ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​ពួកគេ ?

សូម​គិត​អំពី​របៀប​ដែល​ព្រះបញ្ញត្តិ​ឲ្យ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង អាច​មាន​ឥទ្ធិពល​លើ​របៀប ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ សូម​ចែកចាយ​ជាមួយ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ អំពី​គ្រា​មួយ​ដែល​សេចក្ដីស្រឡាញ់​របស់​អ្នក​ដែល​មាន​ចំពោះ​ព្រះអម្ចាស់ បាន​មាន​ឥទ្ធិពល​ទៅ​លើ​ការសម្រេចចិត្ត​ដែល​អ្នក​បាន​ធ្វើ ។ អ្នក​អាច​នឹង​ចង់​សួរ​បុគ្គល ដែល​អ្នក​ជជែក​ជាមួយ​នោះ ថាតើ​ការស្រឡាញ់​ព្រះអម្ចាស់ បាន​មាន​ឥទ្ធិពល​លើ​របៀប​ដែល​គាត់​ប្រព្រឹត្ត​ចំពោះ​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​យ៉ាង​ដូចម្ដេច ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៦–៨ មាន​បញ្ចូល​ព្រះបញ្ញត្តិ​បន្ថែម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ​នៅ​គ្រា​នេះ ។ នៅ​ពេល​អ្នក​អាន​ខគម្ពីរ​ទាំង​នេះ សូម​ពិចារណា​អំពី​របៀប​ដែល​ការគោរព​តាម​ព្រះបញ្ញត្តិ​ទាំងនេះ អាច​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៦ព្រះអម្ចាស់​សំដៅ​ទៅ​លើ​ឃាតករ​សម្លាប់​មនុស្ស ហើយ​បាន​មាន​ព្រះបន្ទូល​ថា យើង​មិន​ត្រូវ « ប្រព្រឹត្ត​អំពើ​អ្វី​ដូចនោះ​ឲ្យ​សោះ » ។ តើ​ការរំលូត​កូន « ដូចជា » ឃាតករ​សម្លាប់​មនុស្ស​យ៉ាង​ដូចម្ដេច ? ( សូម​មើល ពិត​ចំពោះ​សេចក្ដី​ជំនឿ ៖ ឯកសារ​យោង​នៃ​ដំណឹងល្អ[ឆ្នាំ ២០០៤ ] ទំព័រ ៤-៥) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៩-១៩

ព្រះអម្ចាស់​បង្រៀន​ដល់​ពួកបរិសុទ្ធ​អំពី​ថ្ងៃ​ឈប់​សម្រាក

ព្រះអម្ចាស់​ប្រទាន​ព្រះបញ្ញត្តិ​មួយ ដែល​អាច​ជួយ​ពួក​បរិសុទ្ធ​ឲ្យ​ដាក់​ព្រះ​ជា​ត្រីមុខ​នៅ​ក្នុង​ជីវិត​ពួកគេ ហើយ​ពង្រឹង​ទំនាក់ទំនង​ពួកគេ​ជាមួយ​នឹង​ព្រះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩-១០រួច​ស្វែងរក​ព្រះបញ្ញត្តិ ដែល​ព្រះអម្ចាស់​បាន​គូសបញ្ជាក់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។

នៅ​ក្នុង ខទី ៩ព្រះអម្ចាស់​សន្យា​ថា​នឹង​ប្រទាន​ពរជ័យ​ដ៏​មហិមា​មួយ ចំពោះ​អ្នក​ទាំងឡាយ​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ សូម​រំឭក ខទី ៩រួច​ស្វែងរក​ការសន្យា ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។ វា​អាច​នឹង​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា « ការមិន​ប្រឡាក់​ពី​លោកិយ » សំដៅ​ទៅ​លើ ការស្អាតស្អំ​ពី​ការពេញ​ទៅ​ដោយ​អំពើបាប​នៃ​លោកិយ ។ ដោយ​ប្រើ​អ្វី​ដែល​ខគម្ពីរ​នេះ​បង្រៀន សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ​ជា​ពាក្យពេចន៍​របស់​អ្នក​ផ្ទាល់ ៖ បើ​យើង នោះ​វា​នឹង​ជួយ​យើង  ។

អែលឌើរ ម៉ាក អ៊ី ភីធើរសិន

អែលឌើរ ម៉ាក អ៊ី ភីធើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​អំពី​ព្រះបញ្ញត្តិ​នៃ​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ៖ « ការប្រតិបត្តិ​តាម ឬ មិន​ប្រតិបត្តិ​តាម​ថ្ងៃ​ឈប់​សម្រាក​របស់​យើង គឺ​ជា​រង្វាស់​ដ៏​ពិត​ប្រាកដ​មួយ​នៃ​ឥរិយាបថ​របស់​យើង​ផ្ទាល់ ចំពោះ​ព្រះអម្ចាស់ និង ចំពោះ​ការរងទុក្ខ​របស់​ទ្រង់​នៅ​ក្នុង​ច្បារ គែតសេម៉ានី ការសុគត​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង និង ការ​មាន​ព្រះជន្ម​រស់​ឡើង​ពី​ការសុគត​របស់​ទ្រង់​វិញ ។ វា​គឺ​ជា​ទីសម្គាល់​មួយ ថា​តើ​យើង​គឺ​ជា​ពួក​គ្រីស្ទាន​នៅ​ក្នុង​គ្រប់​ទង្វើ​ដែរ​ឬ​ទេ ថា​តើ​ការប្រែចិត្ត​ជឿ​របស់​យើង​រាក់​កំភែល ដែល​ការរំឭក​អំពី​ការបូជា​ដ៏​ធួន​របស់​ទ្រង់​នោះ មាន​ន័យ​តិចតួច ឬ គ្មាន​ន័យ​អ្វី​សោះ​ចំពោះ​យើង » ( “The Sabbath Day,” ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ៤៩ ) ។

តើ​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ដល់​ព្រះអម្ចាស់ នៅ​ថ្ងៃ​ឈប់​សម្រាក​យ៉ាង​ដូចម្ដេច ?

  1. journal iconសូម​ចែកចាយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ បាន​ផ្ដល់ ឬ អាច​ផ្ដល់​អំណាច​ឲ្យ​អ្នក​ក្លាយ​ជា​ស្អាតស្អំ ហើយ​បន្ត​ស្អាតស្អំ​ពី​ភាព​ពេញ​ទៅ​ដោយ​អំពើបាប​នៃ​លោកិយ​នេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩–១៥ ជួយ​យើង​ឲ្យ​យល់ អំពី​គោលដៅ​នៃ​ថ្ងៃ​ឈប់​សម្រាក និង អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​រក្សា​វា​ឲ្យ​បាន​បរិសុទ្ធ ។ សូម​អាន ខទី ៩–១៥ ដោយ​ប្រុងប្រយ័ត្ន ដោយ​ស្វែងរក​ការយល់​ដឹង​ជ្រាលជ្រៅ​នៃ​របៀប ដែល​យើង​អាច​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ ឧទាហរណ៍ នៅ​ក្នុង ខទី ៩ អ្នក​អាច​រកឃើញ​ថា « ការទៅ​ដំណាក់​នៃ​ការអធិស្ឋាន » ( ការទៅ​ព្រះវិហារ ) គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ សូម​មើល​ការយល់​ដឹង​ជ្រាលជ្រៅ​ដទៃ​ទៀត ដែល​អ្នក​អាច​ស្វែងរក​បាន​នៅ​ពេល​អ្នក​អាន​ខគម្ពីរ​ទាំងនេះ ។ ( វា​អាច​នឹង​មាន​ប្រយោជន៍ ដើម្បី​ដឹង​ថា ឃ្លា « ថ្វាយ​ភក្ដីភាព​របស់​អ្នក » ដែល​មាន​នៅ​ក្នុង ខទី ១០ មាន​ន័យ​ថា ការថ្វាយបង្គំ ឬ ការបង្ហាញ​សេចក្ដី​ស្រឡាញ់ និង ភាពស្មោះស្ម័គ្រ​របស់​យើង ។ ក៏​មាន​លេខ​យោង​ទី ១២ ផងដែរ ដែល​ពន្យល់​អំពី​ពាក្យ ដង្វាយ​ទាំងឡាយ ដែល​សំដៅ​ទៅ​លើ « ពេល​វេលា ឬ ការប៉ិនប្រសប់ ឬ របស់​របរ​នានា​ក្នុង​ការបម្រើ​ព្រះ និង មនុស្ស​ទូទៅ » ពាក្យ របស់​របរ ជា​ទូទៅ​សំដៅ​ទៅ​លើ ប្រាក់កាស ឬ ធនធាន ដែល​យើង​បរិច្ចាគ​ទៅ​ក្នុង​សាសនាចក្រ ) ។

  1. journal iconសូម​ធ្វើ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ឲ្យ​បាន​យ៉ាង​ហោចណាស់​ការយល់ដឹង​ជ្រាលជ្រៅ​ចំនួន​ប្រាំមួយ ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩–១៥ អំពី​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ ។ ការយល់ដឹង​ជ្រាលជ្រៅ​ទាំងនេះ​រួម​បញ្ចូល​ទាំង​ការណ៍​ដែល​សកម្មភាព ឬ ឥរិយាបថ​យើង​គួរតែ​មាន ឬ គោលបំណង​នៃ​ថ្ងៃ​ឈប់​សម្រាក​របស់​ព្រះអម្ចាស់ ។ នៅ​ពេល​អ្នក​បាន​បញ្ចប់​បញ្ជី​របស់​អ្នក សូម​ពិចារណា​អំពី​របៀប​ដែល​ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ដែល​មាន​នៅ​ក្នុង​ប្រធានបទ​នេះ បាន​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះអម្ចាស់ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១៥–១៩ព្រះអម្ចាស់​សន្យា​ថា​នឹង​ប្រទាន​ពរជ័យ​ដល់​អ្នក​ទាំងឡាយ ដែល​គោរព​ថ្ងៃ​ឈប់​សម្រាក ។

  1. journal iconសូម​សរសេរ​គោលដៅ​ផ្ទាល់ខ្លួន​នៃ​អ្វី ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ជួយ​ខ្លួន​អ្នក​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សម្រាក​ជា​បរិសុទ្ធ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២០-២៤

ព្រះអម្ចាស់​ប្រកាស​អំពី​ពរជ័យ​ខាង​លោកិយ និង ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​ពួកស្មោះត្រង់

តើ​ព្រះ​បាន​ប្រទានពរ​ដល់​អ្នក​នា​ពេល​ថ្មីៗ​នេះ តាម​របៀប​ណា​ខ្លះ ? តើ​អ្នក​មាន​អារម្មណ៍​ដឹងគុណ ដល់​ពរជ័យ​ណា​មួយ​ខ្លាំង​ជាង​គេ ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:២០–២១រួច​ស្វែងរក​របៀប​ដែល​ព្រះ​ទ្រង់​ព្រះ​តម្រិះ ចំពោះ​ការប្រទាន​ពរ​ដល់​យើង និង របៀប​ដែល​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​ទ្រង់​វិញ ។ តើ​មាន​ន័យ​ដូចម្ដេច​ចំពោះ​អ្នក ដែល​ត្រូវ​ដឹង​ថា ព្រះ​សព្វព្រះហឫទ័យ កាល​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក ?

គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:២១ បង្រៀន​យើង​ថា យើង​ជំទាស់​នឹង​ព្រះ នៅ​ពេល​យើង​ពុំ​បង្ហាញ​នូវ​ការ​ដឹងគុណ​ចំពោះ​ទ្រង់ ហើយ​មិន​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ការជំទាស់ និង សេចក្ដី​ក្រោធ​របស់​ព្រះ ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខទី ២១ គឺ​ជា​ភស្ដុតាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដែល​មាន​ចំពោះ​យើង ។ ទ្រង់​ពុំ​សព្វ​ព្រះឫទ័យ​ទេ នៅ​ពេល​យើង​រមិល​គុណ ហើយ​មិន​គោរពប្រតិបត្តិ​តាម​នោះ ដោយសារ​ឥរិយាបថ​ទាំងនេះ​ហើយ ទើប​នាំ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ទ្រង់ ។

សូម​ពិចារណា​អំពី​របៀប ដែល​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ អាច​ត្រូវ​ប្រេះឆា នៅ​ពេល​យើង​ពុំ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​ដែល​យើង​ទទួល​បាន​នោះ ។

ព្រះអម្ចាស់​បាន​បញ្ចប់​វិវរណៈ​នេះ ដោយ​មាន​ព្រះបន្ទូល​សាជាថ្មី អំពី​ព្រះ​រាជ​បំណង​ទ្រង់​ក្នុង​ការប្រទានពរ​ឲ្យ​យើង ទាំង​នៅ​ជីវិត​នេះ និង នៅ​ជីវិត​បន្ទាប់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:២៣-២៤រួច​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​អ្នក​ទាំងឡាយ ដែល​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

ពេញ​មួយ​ថ្ងៃ​នេះ ឬ ថ្ងៃ​ស្អែក សូម​ពិចារណា​អំពី​របៀប​ជា​ច្រើន ដែល​ព្រះ​បាន​ប្រទាន​ពរ​ដល់​អ្នក​ចំពោះ​ការរក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ សូម​ស្វែងរក​ឱកាស​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង ការដឹងគុណ​របស់​អ្នក​ចំពោះ​ទ្រង់ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖