មេរៀនទី ១២ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ៥០
សេចក្តីផ្តើម
នៅពេលព្យាការី យ៉ូសែប ស៊្មីធ បានមកដល់ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ លោកបានសង្កេតឃើញថាមាន « គំនិតប្លែក និង វិញ្ញាណក្លែងក្លាយខ្លះកើតមានឡើងក្នុងចំណោម » ពួកបរិសុទ្ធមួយចំនួន ។ លោកបានចាប់ផ្ដើមបង្រៀនដោយប្រើ « បម្រាម និង … ប្រាជ្ញា » ដើម្បីយកឈ្នះលើអ្វីទាំងនេះ ( សូមមើល History of the Church ១:១៤៦ ) ។ អែលឌើរ ប៉ាលី ភី ប្រាត្ត បានត្រឡប់មកពីបេសកកម្មវិញ ហើយបានសង្កេតឃើញមានឥរិយាបថស្រដៀងៗគ្នានៅក្នុងសាខាទាំងឡាយក្នុងសាសនាចក្រនៅក្រៅទីក្រុង ខឺតឡង់ ។ គាត់ និង ពួកអែលឌើរដទៃទៀតបានទៅជួប យ៉ូសែប ដើម្បីទទួលបានការណែនាំ ( សូមមើល History of the Church ១:១៧០ ) ។ ក្នុងខែ ឧសភា ឆ្នាំ ១៨៣១ ព្យាការី បានទូលសូមព្រះអម្ចាស់ ហើយទទួលបានវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានណែនាំពួកបរិសុទ្ធឲ្យបង្រៀន ហើយទទួលដំណឹងល្អដោយព្រះវិញ្ញាណនៃសេចក្ដីពិត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១-៩
ព្រះអម្ចាស់ព្រមានពួកអែលឌើរក្នុងសាសនាចក្រអំពីវិញ្ញាណក្លែងក្លាយ
តើអ្នកដឹងថាការស្អាងនរណាម្នាក់មានន័យដូចម្ដេច ? វាមានន័យថា ការអភិវឌ្ឍន៍នរណាម្នាក់—ជាពិសេសពង្រឹងនរណាម្នាក់ខាងវិញ្ញាណ ឬ ខាងសតិអារម្មណ៍ ឬ ណែនាំ និង បំភ្លឺនរណាម្នាក់ ។ តើអ្នកអាចគិតអំពីគ្រាមួយ កាលអ្នកមានអារម្មណ៍ថាបានស្អាងឡើង នៅពេលនរណាម្នាក់បានបង្រៀនគោលការណ៍នៃដំណឹងល្អដល់អ្នកដែរឬទេ ? តើអ្នកធ្លាប់មានអារម្មណ៍ថា បានជួយស្អាងមនុស្សដទៃនៅពេលណាខ្លះ ?
សូមរំឭកអំពីសេចក្តីផ្តើមនៃមេរៀននេះឡើងវិញ ។ សមាជិកថ្មីនៃសាសនាចក្រនៅតំបន់ទីក្រុង ខឺតឡង់ បានបង្ហាញពីទង្វើប្លែក ស្រែកឡូឡា និង បែកឆ្វេងនៅក្នុងការប្រជុំថ្វាយបង្គំរបស់ពួកគេ ។ ទង្វើទាំងនេះធ្វើឲ្យអារម្មណ៍មនុស្សរំជើបរំជួល ប៉ុន្តែ ពួកគេពុំទទួលបានការស្អាងឡើយ ។
ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរអំពីឥទ្ធិពលមួយចំនួននៃវិញ្ញាណក្លែងក្លាយដូចតទៅនេះ ៖ « មិនយូរប៉ុន្មានក្រោយពីដំណឹងល្អត្រូវបានស្ថាបនាឡើងនៅទីក្រុង ខឺតឡង់ ហើយអំឡុងពេលពួកអ្នកមានសិទ្ធិអំណាចមិនមានវត្តមាននៅទីនោះ មានវិញ្ញាណក្លែងក្លាយជាច្រើនត្រូវបានសម្ដែងចេញ ទស្សនៈប្លែកជាច្រើនត្រូវបានបង្ហាញឲ្យឃើញ ថែមទាំងគំនិតកើតដោយឯកឯង ដែលធ្វើឲ្យមនុស្សរំជើបរំជួលត្រូវបានគេទទួលយក បុរសៗរត់ចេញទៅក្រៅដោយនូវអានុភាពនៃវិញ្ញាណនោះ ពួកគេខ្លះចំពប់ជើងដួលនឹងដើមឈើ ហើយបានស្រែកឡើង ហើយសកម្មភាពមិនប្រក្រតីទាំងអស់បានបង្កើតឡើងដោយពួកគេ មានបុរសម្នាក់តាមចាប់ដុំមូលមួយ ដែលគាត់ថាបានឃើញវាហោះនៅក្នុងអាកាសរហូតគាត់បានរត់ទៅដល់ជ្រោះមួយ ហើយគាត់បានលោតទៅលើចុងឈើមួយដែលបានជួយសង្គ្រោះជីវិតគាត់ និង ការណ៍គួរឲ្យអស់សំណើចជាច្រើនបានកើតឡើង ដែលធ្វើឲ្យអាប់ឱនដល់សាសនាចក្រនៃព្រះ ហើយបណ្ដាលឲ្យព្រះវិញ្ញាណនៃព្រះដកខ្លួនចេញ ហើយដកយក និង បំផ្លាញគោលការណ៍ដ៏ត្រចះត្រចង់ទាំងនោះ ដែលបានបង្កើតឡើងសម្រាប់ជាសេចក្ដីសង្គ្រោះនៃក្រុមគ្រួសារមនុស្សលោក » ( នៅក្នុង History of the Church ៤:៥៨០ ) ។
ពួកអែលឌើរមួយចំនួននៃសាសនាចក្រ ពុំបានយល់អំពីអ្វីដែលកំពុងតែកើតឡើងនោះទេ ដូច្នេះពួកគាត់បានសុំដំបូន្មានពី យ៉ូសែប ស៊្មីធ ។ លោកបានទូលសូមពីព្រះអម្ចាស់ ហើយបានទទួលវិវរណៈដែលនឹងជួយពួកបរិសុទ្ធឲ្យស្អាងគ្នាទៅវិញទៅមកនៅពេលពួកគេបង្រៀន និង រៀនអំពីសេចក្ដីពិតនៃដំណឹងល្អ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:១–៣ដោយស្វែងរកអំណាចដែលបានដឹកនាំពួកបរិសុទ្ធ ឲ្យប្រព្រឹត្តតាមរបៀបដែលពុំមានការស្អាងគ្នាឡើង ។ យោងតាម ខទី ៣ហេតុអ្វីបានជាសាតាំងចង់បោកបញ្ឆោតពួកបរិសុទ្ធ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤–៩ដោយស្វែងរកការព្រមានពីព្រះអម្ចាស់ អំពីមនុស្សមួយចំនួនក្នុងចំណោមសមាជិកសាសនាចក្រក្នុងរដ្ឋ អូហៃអូ ។ មនុស្សកំពុត គឺជាជនដែលពុំប្រព្រឹត្តឲ្យដូចអ្វីដែលជាជំនឿខ្លួន ឬ ជាជនដែលធ្វើពុតជាមានគុណធម៌ ប៉ុន្តែ តាមពិតទៅពុំមានទាល់តែសោះ ( សូមមើល ម៉ាថាយ ៦:២លេខយោង ២ក ) ។ សូមគូសចំណាំអំពីអ្វីដែលព្រះអម្ចាស់ បានមានព្រះបន្ទូលថានឹងកើតឡើងចំពោះពួកគេនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៦, ៨ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:១០-៣៦
ព្រះអម្ចាស់មានព្រះបន្ទូលថា យើងត្រូវតែបង្រៀន ហើយរៀនដោយព្រះវិញ្ញាណ
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើតម្រូវឲ្យមានអ្វីខ្លះ ដើម្បីធ្វើជាគ្រូបង្រៀនដំណឹងល្អដ៏មានប្រសិទ្ធភាព ?
-
តើតម្រូវឲ្យមានអ្វីខ្លះ ដើម្បីធ្វើជាអ្នករៀនដំណឹងល្អដ៏មានប្រសិទ្ធភាព ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:១៣–២០ដោយស្វែងរកចម្លើយចំពោះសំណួរទាំងនេះ ។ សូមគិតពីការគូសចំណាំអ្វី ដែលអ្នករកឃើញក្នុងព្រះគម្ពីរអ្នក ហើយសរសេរចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមកត់ចំណាំថាតើព្រះអម្ចាស់សង្កត់ធ្ងន់ទៅលើ តម្រូវការឲ្យមានព្រះវិញ្ញាណបរិសុទ្ធក្នុងការបង្រៀន និង ការរៀនដំណឹងល្អដល់កម្រិតណា ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធដែលមានលើកឡើងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:១៤មានអ្វីខ្លះ ?
-
តើអ្នកគិតថា ការបង្រៀនដំណឹងល្អ « ដោយសារព្រះវិញ្ញាណ » មានន័យដូចម្ដេច ( គ. និង ស. ៥០:១៤ ) ? តើអ្នកគិតថា ការបង្រៀនដំណឹងល្អតាម « មាគ៌ាណាមួយទៀត » មានន័យដូចម្ដេច ( គ. និង ស. ៥០:១៧ ) ?
-
តើអ្នកគិតថា « ការទទួល [ ព្រះបន្ទូលនៃសេចក្ដីពិត ] ដោយសារព្រះវិញ្ញាណនៃសេចក្ដីពិត » មានន័យដូចម្ដេច ( គ. និង ស. ៥០:១៩ ) ? តើអ្នកគិតថា ការទទួលដំណឹងល្អតាម « មាគ៌ាណាមួយទៀត » មានន័យដូចម្ដេច ( គ. និង ស. ៥០:១៩ ) ?
-
សូមមើលទៅសេចក្ដីយោងបទគម្ពីរ ដែលមាននៅក្នុង Topical Guide សម្រាប់ពាក្យ « Holy Ghost, Mission of » ។ សូមស្វែងរកបទគម្ពីរនានា ដែលជួយអ្នកឲ្យយល់អំពីអត្ថន័យនៃការបង្រៀន និង ការទទួល ( ត្រូវបានបង្រៀនអំពី ) សេចក្ដីពិត ដោយសារព្រះវិញ្ញាណនៃសេចក្ដីពិត ។
សូមគូសរង្វង់លើបរិយាកាសខាងក្រោមនេះ ដែលអ្នកធ្លាប់បានមានឱកាសបង្រៀន ឬ ថ្លែងទីន្ទាល់អំពីដំណឹងល្អ ៖
រាត្រីជួបជុំក្រុមគ្រួសារ |
ជាមួយមិត្តភក្ដិ |
ថ្នាក់សិក្ខាសាលា |
ការប្រជុំទាំងឡាយនៃសាសនាចក្រ |
ការបង្រៀនតាមផ្ទះ |
នៅពេលអ្នកមានឱកាសបង្រៀនដំណឹងល្អ តើការយល់ដឹងរបស់អ្នកអំពីព្រះវិញ្ញាណបរិសុទ្ធ មានឥទ្ធិពលលើរបៀបដែលអ្នករៀបចំ និង បង្រៀនយ៉ាងដូចម្ដេច ?
សូមគូសរង្វង់លើបរិយាកាសខាងក្រោមនេះ ដែលអ្នកធ្លាប់ត្រូវបានគេបង្រៀន ៖
រាត្រីជួបជុំក្រុមគ្រួសារ |
ជាមួយមិត្តភក្ដិ |
ថ្នាក់សិក្ខាសាលា |
ការប្រជុំទាំងឡាយនៃសាសនាចក្រ |
ការបង្រៀនតាមផ្ទះ |
ក្នុងការសន្ទនានៅឯផ្ទះ |
-
សូមជ្រើសរើសបរិយាកាសមួយ ដែលអ្នកបានគូសរង្វង់លើនៅក្នុងបញ្ជីពីមុននេះ ដែលអ្នកបានបង្រៀន និង ត្រូវបានបង្រៀនដោយសារព្រះវិញ្ញាណ ។ សូមសរសេរបទពិសោធន៍នេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយគិតពីការចែកចាយនូវអ្វីដែលអ្នកបានរៀននេះ ជាមួយសមាជិកគ្រួសារ ឬ មិត្តភក្ដិ ។
សូមពិចារណាអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីខិតខំបន្ថែមទៀតក្នុងការរៀនដោយសារព្រះវិញ្ញាណនៅក្នុងបរិយាកាសទាំងនេះ ។
អែលឌើរ ចាក អេក ហ្គោសលីន នៃពួកចិតសិបនាក់ បានចែកចាយអំពីបទពិសោធន៍នៃយុវជនម្នាក់ ដែលបានដឹងខ្លួនថា ទង្វើ និង ឥរិយាបថគាត់ បានប៉ះពាល់ដល់លទ្ធភាពរបស់គាត់ក្នុងការរៀនដោយសារព្រះវិញ្ញាណ ៖
« តើអ្នកទាំងអស់គ្នាប៉ុន្មាននាក់ ដែលបង្ហាញ ‹ ឥរិយាបថធុញទ្រាន់ » អំឡុងពេលការប្រជុំសាក្រាម៉ង់ ? អ្នកដឹងទេ ឥរិយាបថមានដូចជា ៖ អង្គុយឱនទៅខាងមុខ យកដៃច្រត់ចង្កា ដាក់កែងដៃនៅលើក្បាលជង្គង់ សម្លឹងមើលទៅក្រោម ។ តើអ្នកធ្លាប់មានឥរិយាបថបែបនេះ ដែលជា ជម្រើសរបស់អ្នក ទោះជាការប្រជុំនោះមានការចាប់អារម្មណ៍ ឬ អត់ដែរឬទេ ?…
« ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍អំពីការថ្វាយបង្គំបែបនោះថា ‹ ជាការទទួលខុសត្រូវផ្ទាល់ខ្លួនមួយ ហើយទោះជាអ្វីដែលត្រូវបានថ្លែងចេញពីវេទិកាក៏ដោយ ប្រសិនបើបុគ្គលម្នាក់មានបំណងថ្វាយបង្គំព្រះអម្ចាស់តាមវិញ្ញាណ និង តាមសេចក្ដីពិត នោះគាត់អាចធ្វើដូចនោះបាន ។… ប្រសិនបើការប្រជុំនោះជាការធ្វេសប្រហែសចំពោះអ្នក អ្នកបានបរាជ័យហើយ ។ គ្មាននរណាម្នាក់អាចថ្វាយបង្គំជំនួសអ្នកបានឡើយ អ្នកត្រូវតែចាំទទួលព្រះអម្ចាស់ដោយខ្លួនអ្នកផ្ទាល់ › ។ ( Ensign ខែ មករា ឆ្នាំ ១៩៧៨ ៥) ។
« យុវវ័យម្នាក់បានប្រាប់អំពីបទពិសោធន៍ដំបូង ដែលគាត់មានអំពីវិញ្ញាណនៃការថ្វាយបង្គំ ។ គាត់ពុំសូវមានភាពសកម្ម ក្នុងការកាន់បព្វជិតភាពអើរ៉ុនរបស់គាត់ឡើយ អស់រយៈពេលជាច្រើនឆ្នាំ ។ នៅពេលគាត់ចូលរួមការប្រជុំសាក្រាម៉ង់ ជាធម្មតាគាត់អង្គុយនៅខាងក្រោយជាមួយក្រុមមិត្តភក្ដិរបស់គាត់ ហើយគាត់ពុំបានធ្វើជាគំរូល្អក្នុងការមានគារវភាពឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃមួយគាត់បានមកយឺតពេល ហើយពុំមានកន្លែងអង្គុយក្បែរមិត្តភក្ដិរបស់គាត់នោះទេ ។ គាត់បានអង្គុយតែឯង ហើយនោះជាលើកទីមួយហើយនៅក្នុងជីវិតរបស់គាត់ដែលអង្គុយតែឯង គាត់បានបិទភ្នែកពេលអធិស្ឋាន គាត់បានច្រៀងទំនុកតម្កើង គាត់បានស្ដាប់ការអធិស្ឋានសាក្រាម៉ង់ ហើយគាត់បានយកចិត្តទុកដាក់លើអ្នកឡើងនិយាយ ។ នៅពេលអ្នកឡើងនិយាយទីមួយ និយាយបានប្រហែលពាក់កណ្ដាល គាត់ឃើញថា ទឹកភ្នែកគាត់បានស្រក់ពីភ្នែករបស់គាត់ ។ ដោយការអៀនប្រៀនបន្តិច គាត់បានសម្លឹងមើលទៅជុំវិញខ្លួនដោយប្រុងប្រយ័ត្ន ប៉ុន្តែ គ្មាននរណាម្នាក់មានអារម្មណ៍រំជួលដូចជាគាត់ឡើយ ។ គាត់ពុំបានដឹងថា មានអ្វីបានកើតឡើងចំពោះគាត់នោះទេ ប៉ុន្តែ បទពិសោធន៍នោះបានកែប្រែជីវិតរបស់គាត់ ។ អំឡុងពេលការប្រជុំនោះហើយ ដែលគាត់បានចាប់ផ្ដើមត្រៀមខ្លួនយ៉ាងប្រាកដប្រជាខាងវិញ្ញាណដើម្បីបម្រើបេសកកម្ម ។ គាត់ បានដឹងពីអ្វីមួយ ហើយជាកុសលល្អ គាត់បានធ្វើតាម ហើយគាំទ្រអារម្មណ៍ទាំងនោះ » (Yagottawanna » Ensign ខែ ឧសភា ឆ្នាំ ១៩៩១, ទំព័រ ៤៦ ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវវិធីជាក់លាក់មួយដែលអ្នកអាចបង្កើនការខិតខំរបស់អ្នក ដើម្បីអ្នកអាចរៀនដោយព្រះវិញ្ញាណបាន ។
តើអ្នកអាចប្រាប់ថា អ្នកកំពុងបង្រៀន និង រៀនដោយព្រះវិញ្ញាណយ៉ាងដូចម្ដេច ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២១–២២ដោយស្វែងរកសេចក្ដីណែនាំពីព្រះអម្ចាស់ ស្ដីពីរបៀបកំណត់ថាតើអ្នកកំពុងបង្រៀន និង រៀនដោយព្រះវិញ្ញាណដែរឬទេ ។
តើអ្នកនឹងសង្ខេបអំពីការបង្រៀនរបស់ព្រះអម្ចាស់ ដែលមាននៅក្នុងខគម្ពីរទាំងនោះយ៉ាងដូចម្ដេច ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៣–២៥សូមកត់ចំណាំអំពីភាពខុសគ្នារវាងអ្វីដែលកើតឡើង នៅពេលមនុស្សបង្រៀនដោយព្រះវិញ្ញាណ និង អំពីអ្វីដែលកើតឡើងនៅពេលមនុស្សបង្រៀន និង រៀនដោយ « មាគ៌ាណាមួយទៀត » ( គ. និង ស. ៥០:១៧ ) ។
តើព្រះអម្ចាស់ពិពណ៌នាយ៉ាងដូចម្ដេច អំពីការបង្រៀន ដែលពុំស្អាងឡើង ? តើទ្រង់បានពិពណ៌នាយ៉ាងដូចម្ដេច អំពីការបង្រៀនដែល « មកពីព្រះ » ( គ. និង ស. ៥០:២៤ ) ?
ចេញពីខគម្ពីរទាំងនេះ យើងអាចរៀនគោលការណ៍ដូចតទៅនេះ ៖ អ្វីដែលមកពីព្រះបំភ្លឺ ហើយស្អាងឡើង ប៉ុន្តែ អ្វីដែលមិនមែនមកពីព្រះទេនោះ នាំមកនូវភាពច្របូកច្របល់ និង សេចក្ដីងងឹតសូន្យសុង ។
តើនៅពេលណាខ្លះ ដែលអ្នកធ្លាប់បានឃើញ ឬ មានអារម្មណ៍ថាអ្វីមួយមិនមែនមកពីព្រះ ? តើព្រះវិញ្ញាណជួយអ្នក ឲ្យស្គាល់ការណ៍នោះយ៉ាងដូចម្ដេច ?
នឹងមានគ្រាជាច្រើន ដែលអ្នកនឹងឮ ហើយឃើញសារលិខិត ដែលបម្រុងនឹងបំបាក់សេចក្ដីជំនឿរបស់អ្នក ។ គោលការណ៍ទាំងឡាយ ដែលអ្នករៀននៅថ្ងៃនេះ អាចពង្រឹងអ្នកជំទាស់នឹងសារលិខិតទាំងនោះ ។ សូមអធិស្ឋានឲ្យមានព្រះវិញ្ញាណក្នុងរាល់ការរៀនរបស់អ្នក ហើយយកចិត្តទុកដាក់ជាពិសេសដល់អានុភាពនៃការបង្រៀនដោយព្រះវិញ្ញាណ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:១៣–២២យើងរៀនថា នៅពេលយើងបង្រៀនដោយព្រះវិញ្ញាណ យើងយល់គ្នាទៅវិញទៅមក ហើយយើងទាំងពីរនាក់ត្រូវបានស្អាងឡើង និង ត្រេកអរជាមួយគ្នា ។ ការណ៍នេះមានសភាពខុសគ្នាពីភាពច្របូកច្របល់ និង សេចក្ដីងងឹតសូន្យសុង នៅពេលអ្វីមួយត្រូវបានបង្រៀន « ដោយមាគ៌ាណាមួយទៀត » ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២៦–៣៦សូមអានឱវាទរបស់ព្រះអម្ចាស់ប្រទានទៅដល់ពួកអ្នកកាន់បព្វជិតភាព ស្ដីពីអំណាច និង ការទទួលខុសត្រូវទាំងឡាយ ដែលមានមកជាមួយការតែងតាំងរបស់ពួកគាត់ ។ ទ្រង់បានមានព្រះបន្ទូលថា ពួកអ្នកកាន់បព្វជិតភាព ត្រូវបម្រើ ហើយរក្សាខ្លួនពួកគាត់ឲ្យបានបរិសុទ្ធ ។ នៅពេលពួកគាត់ធ្វើដូច្នោះ ព្រះអម្ចាស់នឹងប្រទានឲ្យពួកគេនូវអំណាច ដើម្បីយកឈ្នះលើវិញ្ញាណខុសឆ្គង ដូចជាវិញ្ញាណខុសឆ្គងទាំងឡាយ ដែលមាននៅក្នុងចំណោមពួកបរិសុទ្ធមួយចំនួនដែរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៣៧-៤៦
ព្រះអម្ចាស់លើកទឹកចិត្តពួកអ្នកបម្រើទ្រង់ ឲ្យបន្តរីកចម្រើនក្នុងព្រះគុណ និង សេចក្ដីពិត ហើយទ្រង់ធានាថានឹងគង់នៅជាមួយពួកគាត់
សូមស្រមៃថាកុមារក្នុងវួដ ឬ សាខារបស់អ្នក នឹងបម្រើបេសកកម្មពេញម៉ោងនៅពេលពួកគេធំឡើង ។ តើពួកគេត្រូវការអ្វីខ្លះ ដើម្បីត្រៀមខ្លួនបម្រើ ? តើយើងមានលក្ខណៈអ្វីខ្លះ ដែលដូចទៅនឹងកុមារទាំងនេះ ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៣៧-៤៦ព្រះអម្ចាស់បានមានព្រះបន្ទូលជាពិសេសទៅកាន់ពួកអែលឌើរមួយចំនួន ដែលបានបម្រើក្នុងឆ្នាំ ១៨៣១ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះបន្ទូលរបស់ទ្រង់ទាំងនេះ ក៏អនុវត្តចំពោះយើងដែរ ។ សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤០–៤៦ដោយស្វែងរកពាក្យ ឬ ឃ្លានៃការលួងលោម និង ការធានា ។ សូមគិតពីការគូសចំណាំអ្វីដែលអ្នករកឃើញ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤០ព្រះអម្ចាស់បានមានព្រះបន្ទូលថា « អ្នករាល់គ្នាត្រូវតែចម្រើនឡើងក្នុងព្រះគុណ » ។ តើអ្នកគិតថា « ចម្រើនឡើងក្នុងព្រះគុណ » មានន័យដូចម្ដេច ?
នៅពេលអ្នកគិតអំពីសំណួរនេះ អ្នកអាចនឹងចង់អាននិយមន័យនៃ ព្រះគុណនៅក្នុង Bible Dictionaryឬ នៅក្នុង ពិតចំពោះសេចក្ដីជំនឿ ។ អ្វីដែលយើងរៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៣៧–៤៦ ជួយយើងឲ្យដឹងថា ព្រះអង្គសង្គ្រោះមានព្រះទ័យឲ្យយើងរីកចម្រើនក្នុងព្រះគុណ និង ក្នុងចំណេះដឹងនៃសេចក្ដីពិត និង មានទំនុកចិត្តលើទ្រង់ ។ ដូចជាអ្វីដែលទ្រង់បានសន្យាដល់ពួកអែលឌើរទាំងនោះដែរថា ទ្រង់នឹងមើលថែយើង នៅពេលយើងទុកចិត្តលើទ្រង់ ហើយព្យាយាមធ្វើតាមព្រះឆន្ទៈទ្រង់ ។
តើវាមានន័យយ៉ាងណាចំពោះអ្នក នៅពេលព្រះអម្ចាស់មានព្រះបន្ទូលថា « អ្នករាល់គ្នាជារបស់ផងយើង » ? តើការធានាបែបនេះ ជួយយើង « មិនឲ្យខ្លាច » តាមរបៀបណា ( គ. និង ស. ៥០:៤១ ) ?
តើមានការសន្យាអ្វីផ្សេងទៀតដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:៤០–៤៦ ដែលមានន័យជ្រាលជ្រៅចំពោះអ្នក ?
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖