មេរៀនទី ២៥ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧-២០
បុព្វកថា
នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈបួនដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧-២០ ។ នៅក្នុងវិវរណៈទីមួយក្នុងចំណោមវិវរណៈទាំងនេះ ( គ. និង ស. ១១៧ ) ព្រះអម្ចាស់បានត្រាស់បង្គាប់ឲ្យ វិលលាម ម៉ាក្ស និង នូវល ខេ វីតនី ឲ្យចាត់ចែងធុរកិច្ចរបស់ពួកគេនៅក្នុងទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ហើយចូលរួមជាមួយពួកបរិសុទ្ធដែលកំពុងប្រមូលផ្ដុំគ្នានៅក្នុងក្រុងហ្វាវេសត៍ ។ ព្រះអម្ចាស់ក៏បានបញ្ជា អូលីវើរ គ្រែងគើរ ឲ្យទៅទីក្រុង ខឺតឡង់ ធ្វើជាអ្នកតំណាងនៃគណៈប្រធានទីមួយ ។ នៅក្នុងវិវរណៈទីពីរ ( គ. និង ស. ១១៨ ) ព្រះអម្ចាស់បានហៅសាវកថ្មីឲ្យបំពេញកន្លែងរបស់អ្នកដែលបានក្បត់សាសនា ហើយទ្រង់បានហៅសមាជិកទាំងអស់នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ឲ្យបម្រើនៅចក្រភពអង់គ្លេស ។ នៅក្នុងវិវរណៈទីបី និងទីបួន បានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩ និង ១២០ព្រះអម្ចាស់បានបង្រៀនគោលលទ្ធិនៃដង្វាយមួយភាគក្នុងដប់ ហើយទ្រង់បានបើកសម្ដែងគោលការណ៍ណែនាំ ដើម្បីឲ្យអ្នកដឹកនាំសាសនាចក្រសម្រេចថាតើត្រូវប្រើមូលនិធិដង្វាយមួយភាគដប់ដូចម្ដេច ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១-១១
ព្រះអម្ចាស់បានត្រាស់បញ្ជាឲ្យ វិលលាម ម៉ាក្ស និង នូវល ខេ វិតនី ចាត់ចែងធុរកិច្ចរបស់ពួកគេជាបន្ទាន់ ហើយចេញដំណើរពីដែនដីខឺតឡង់
នៅក្នុងផ្នែកទីមួយនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧ ព្រះអម្ចាស់បានមានព្រះបន្ទូលទៅកាន់ វិលលាម ម៉ាក្ស និង នូវល ខេ វិតនី ។ វិលលាម ម៉ាក្ស គឺជាប្រធានស្តេកនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ គាត់ជាម្ចាស់អាជីវកម្មលក់សៀវភៅម្នាក់ ។ នូវល ខេ វិតនី គឺជាប៊ីស្សពនៅទីក្រុង ខឺតឡង់ ។ គាត់គឺជាម្ចាស់អាជីវកម្មដ៏ជោគជ័យម្នាក់ ហើយគាត់បានបរិច្ចាគទ្រព្យសម្បតិ្តរបស់គាត់ជាច្រើនដល់សាសនាចក្រ ។
នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៨ ព្រះអម្ចាស់បានបញ្ជាឲ្យពួកបរិសុទ្ធប្រមូលផ្ដុំក្នុងក្រុងហ្វាវែស្ទ រដ្ឋ មិសសួរី និងនៅកន្លែងផ្សេងៗទៀត ( សូមមើល គ. និង ស. ១១៥:១៧–១៨ ) ។ នៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ១៨៣៨ ក្រុមមួយដែលគេស្គាល់ថា ជំរំខឺតឡង់ ដែលមានពួកបរិសុទ្ធជាង ៥០០ នាក់ មកពីតំបន់ខឺតឡង់ បានចាកចេញទៅរដ្ឋ មិសសួរី ( សូមមើល Church History in the Fulness of Times Student Manual,ការបោះពុម្ពលើកទីពីរ [Church Educational System manual, ឆ្នាំ ២០០៣],ទំព័រ ១៧៩) ។ ប្រធាន ម៉ាក្ស និង ប៊ីស្សព វិតនី នៅតែនៅក្នុងក្រុង ខឺតឡង់ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:១-៣យើងអានថា ព្រះអម្ចាស់បានត្រាស់បញ្ជាឲ្យប្រធាន ម៉ាក្ស និងប៊ីស្សព វិតនី ចាត់ចែងធុរកិច្ចរបស់ពួកលោកជាបន្ទាន់ ហើយចាកចេញពីដែនដីខឺតឡង់ ។ ពួកលោកត្រូវធ្វើដំណើរមុនពេលដែលព្រះអម្ចាស់នឹងបង្អុរព្រិលមកក្នុងតំបន់នោះ ។ ឬនិយាយម្យ៉ាងទៀតថា ពួកលោកត្រូវធ្វើដំណើរក្នុងរយៈពេលប្រហែលបួនខែ ។
នៅពេលអ្នកអានព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:៤–៥ អ្នកនឹងឃើញថា បុរសទាំងនេះមានការព្រួយបារម្ភហួសហេតុពីទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងទីក្រុង ខឺតឡង់ ។
សូមកត់សម្គាល់សំណួរដូចតទៅនេះនៅក្នុង ខ ៤ ៖ « តើអ្វីទៅជារបស់របរដល់យើង ? » សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:៥-៨ ដោយរកមើលហេតុផលដែលព្រះអម្ចាស់មានបន្ទូលដូច្នេះ ។ ( វាអាចនឹងផ្ដល់អត្ថប្រយោជន៍ក្នុងការដឹងថាឃ្លា « ច្រកភ្នំទាំងឡាយនៅអូឡាហាស៊ីនេហា » សំដៅទៅលើតំបន់នៅជុំវិញ អ័ដាម-អុនដៃ-អាម៉ាន ក្នុងរដ្ឋ មិសសួរី ។
សូមស្រមៃថាអ្នកមានភេសជ្ជៈមួយថូដែលអ្នកចូលចិត្តបំផុត និងកែវទឹកទទេមួយ នៅចំពីមុខអ្នក ។ ហើយសូមស្រមៃថា នរណាម្នាក់បានចាក់ភេសជ្ជៈនោះមួយដំណក់តូចទៅក្នុងកែវទឹកអ្នក ។ តើអ្នកចង់បានមួយកែវពេញ ឬមួយដំណក់ ? ហេតុអ្វី ?
តើអ្នកគិតថា « លោភចង់បាន … មួយដំណក់ ហើយចោលសេចក្ដីដែលមានទម្ងន់ជាង » មានន័យយ៉ាងណា ? ( គ. និង ស. ១១៧:៨ ) ។ ការលោភមានន័យថា ជាការចង់បានរបស់អ្នកដទៃ ។ តើអត្ថប្រយោជន៍នៃ ការរក្សាទ្រព្យសម្បត្តិក្នុងទីក្រុង ខឺតឡង់ គ្រាន់តែមួយ « តំណក់ » ប្រៀបធៀបទៅនឹងអត្ថប្រយោជន៍នៃការគោរពតាមព្រះបញ្ញត្តិនៃការប្រមូលផ្ដុំក្នុងរដ្ឋ មិសសួរី ។
-
សូមសង្ខេបនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីអ្វីដែលព្រះអម្ចាស់បានបង្រៀនបុរសទាំងនេះ អំពីដីធ្លីដែលពួកគេលោភចង់បាន ប្រៀបធៀបទៅនឹងព្រះចេស្ដារបស់ទ្រង់ ដើម្បីប្រទានពរឲ្យពួកគេ ។
ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:៥-៨យើងអាចរកឃើញគោលការណ៍មួយអំពីអ្វីដែលកើតឡើង នៅពេលយើងលោភចង់បានរបស់ខាងលោកិយ ។ វិធីមួយដើម្បីបង្ហាញគោលការណ៍នេះគឺ លោភចង់បានរបស់ខាងលោកិយ អាចធ្វើឲ្យយើងមិនយកចិត្តទុកដាក់នឹងអ្វីដែលសំខាន់ជាងនោះ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្វីខ្លះដែលជា « ដំណក់ » ខាងសាច់ឈាមក្នុងជីវិតអ្នក ដែលធ្វើឲ្យអ្នកមិនយកចិត្តទុកដាក់នឹងបញ្ហាដំណឹងល្អដែលជាការណ៍សំខាន់ជាងនោះ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីផ្ដោតលើអ្វីដែលមានសារៈសំខាន់យ៉ាងអស់កល្បឲ្យកាន់តែច្រើន ?
-
នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១០យើងអានថាព្រះអម្ចាស់បានហៅ វិលលាម ម៉ាក្ស ឲ្យបន្តបម្រើជាអ្នកដឹកនាំសាសនាចក្រ ពេលគាត់មកដល់ ក្រុងហ្វាវែស្ទ រដ្ឋ មិសសួរី ។ ព្រះអម្ចាស់ក៏បានមានព្រះបន្ទូលថា បើប្រធាន ម៉ាក្ស « មានចិត្តស្មោះនឹងត្រួតរបស់បន្តិច » នោះគាត់នឹង « ត្រួតលើរបស់ជាច្រើនទៅទៀត » ( សូមមើល ម៉ាថាយ ២៥:២៣ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:១១ ដោយរកមើលការស្ដីបន្ទោសដែលព្រះអម្ចាស់ស្ដីឲ្យ នូវល ខេ វិតនី ។ ពួកនីកូឡាស ដែលបានលើកឡើងនៅក្នុងខគម្ពីរនេះ គឺជាសមាជិកនៃនិកាយសាសនាពីបុរាណមួយ ។ ពួកគេបាននិយាយថា ពួកគេគឺជាពួកគ្រីស្ទាន ប៉ុន្តែពួកគេបានវង្វេងចេញពីគោលការណ៍ទាំងឡាយនៃដំណឹងល្អ ទៅប្រព្រឹត្តិតាមលោកិយវិញ ។ ឧទាហរណ៍ ការថ្វាយបង្គំរបស់ពួករួមមានការប្រព្រឹត្តអំពើបាបខាងផ្លូវភេទ ។ ( សូមមើល Bible Dictionary លើពាក្យ Nicolaitans »; Doctrine and Covenants Student Manual,ការបោះពុម្ពលើកទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ], ២៩០) ។
បើ នូវល ខេ វិតនី បានសម្រេចថាផ្ដោតលើទ្រព្យសម្បត្តិនៅរដ្ឋ ខឺតឡង់ ជាជាងការប្រមូលផ្ដុំជាមួយពួកបរិសុទ្ធនោះ តើទង្វើរបស់គាត់ស្រដៀងគ្នាទៅនឹងពួកនីកូឡាសយ៉ាងដូចម្ដេចដែរ ?
ដោយសារតែការព្រួយបារម្ភរបស់ពួកគេ ពីទ្រព្យសម្បត្តិសាសនាចក្រនៅរដ្ឋ អូហៃអូ ហើយដោយសារការបៀតបៀននៅរដ្ឋ មិសសួរី នោះ វិលលាម ម៉ាក្ស និង នូវល ខេ វិតនី មិនអាចប្រមូលផ្ដុំជាមួយពួកបរិសុទ្ធនៅក្រុងហ្វាវែស្ទបានទេ ។ ទោះយ៉ាងណា ពួកគេបានធ្វើតាមដំបូន្មានរបស់ព្រះអម្ចាស់ និងនៅតែស្មោះត្រង់ ហើយក្រោយមកបានប្រមូលផ្ដុំជាមួយពួកបរិសុទ្ធនៅទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ជាកន្លែងដែល វិលលាម ម៉ាក្ស បានបម្រើជាប្រធានស្តេក ហើយ នូវល ខេ វិតនី បានបម្រើជាប៊ីស្សព ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៧:១២-១៦
ព្រះអម្ចាស់បញ្ជាឲ្យ អូលីវើរ គ្រែងគើរ ធ្វើជាតំណាងឲ្យគណៈប្រធានទីមួយក្នុងការចាត់ចែងអាជីវកម្មនៅរដ្ឋ ខឺតឡង់
សូមគិតអំពីការហៅបម្រើក្នុងសាសនាចក្រ និងការចាត់តាំងដែលអ្នកអាចទទួលបាន ។ ការហៅបម្រើ និងការចាត់តាំងទាំងនេះ អាចរួមបញ្ចូលការបម្រើក្នុងកូរ៉ុម ឬគណៈប្រធានថ្នាក់ ការឡើងនិយាយនៅក្នុងការប្រជុំសាក្រាម៉ង់ ការបម្រើជាគ្រូបង្រៀនតាមផ្ទះ ការធ្វើមិត្តជាមួយនរណាម្នាក់ ឬការបម្រើបេសកកម្មពេញម៉ោង ។ តើការបម្រើទាំងនេះ តម្រូវឲ្យមានការលះបង់ប្រភេទណា ?
ព្រះអម្ចាស់បានបញ្ជាឲ្យបុរសម្នាក់ដែលមានឈ្មោះថា អូលីវើរ គ្រែងគើ ឲ្យចាកចេញពីក្រុងហ្វាវែស្ទ រដ្ឋ មិសសួរី ហើយត្រឡប់ទៅទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ ដើម្បី « សម្រេចក្ដីប្រោសលោះ នៃគណៈប្រធានទីមួយក្នុងសាសនាចក្ររបស់យើង » ( គ. និង ស. ១១៧:១៣ ) ។ ការចាត់តាំងនេះរួមមាន ការលក់ដីរបស់សាសនាចក្រ និងការចាត់ចែងធុរៈរបស់ យ៉ូសែប ស៊្មីធ ។ កិច្ចការនេះតម្រូវឲ្យ អូលីវើរ ដែលស្ទើរតែពិការភ្នែកនោះ ធ្វើការលះបង់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧:១២-១៥ ដោយរកមើលពរជ័យដែលព្រះអម្ចាស់បានមានបន្ទូលថា អូលីវើរ នឹងទទួលបាន បើគាត់បំពេញតាមការចាត់តាំងនេះ ។
នៅក្នុង ខ ១៣សូមកត់សម្គាល់ព្រះបន្ទូលព្រះអម្ចាស់ថា « ការបូជារបស់គាត់ នឹងបានរាប់ថាពិសិដ្ឋដល់យើង ជាងការតម្លើងរបស់គាត់ទៅទៀត » ។ ការណ៍នេះបញ្ជាក់ថា ព្រះអម្ចាស់មានព្រះទ័យយកចិត្តទុកដាក់លើការលះបង់របស់ អូលីវើរ ជាជាងប្រាក់កាសដែល អូលីវើរ នឹងទទួលបានពីការចាត់តាំងនេះទៅទៀត ។ ចេញពីខគម្ពីរនេះ យើងបានរៀនពីគោលការណ៍ដូចតទៅ ៖ ការលះបង់ដែលយើងធ្វើក្នុងការបម្រើព្រះអម្ចាស់ គឺពិសិដ្ឋដល់ទ្រង់ ។ សូមគូសចំណាំពាក្យនៅក្នុង ខ ១៣ ដែលបង្រៀនពីគោលការណ៍នេះ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីបានជាវាមានសារៈសំខាន់ ក្នុងការធ្វើអ្វីៗគ្រប់យ៉ាងអស់ពីលទ្ធភាពអ្នក ដើម្បីបំពេញការចាត់តាំង ឬការហៅបម្រើក្នុងសាសនាចក្រ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នកគិតថាការលះបង់ដែលអ្នកបានធ្វើ ក្នុងការបម្រើព្រះអម្ចាស់ ពិសិដ្ឋដល់ទ្រង់នោះ ?
-
អូលីវើរ គ្រែងគើ បានទទួលមរណភាពនៅទីក្រុង ខឺតឡង់ នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ១៨៤១ ។ នៅពេលនោះ គាត់នៅតែជាតំណាងគណៈប្រធានទីមួយនៅក្នុងធុរៈរបស់ពួកលោក ហើយគាត់ក៏ត្រូវបានហៅឲ្យធ្វើជាអធិបតីលើសាសនាចក្រនៅទីក្រុង ខឺតឡង់ ។ ទោះជាគាត់មិនជោគជ័យទាំងស្រុងក្នុងការចាត់ចែងធុរៈរបស់សាសនាចក្រក្ដី ក៏គាត់បានធ្វើការដើម្បីការពារភាពថ្លៃថ្នូរ និងឈ្មោះល្អរបស់សាសនាចក្រ ។ គាត់ស្មោះត្រង់ចំពោះព្រះអម្ចាស់ និងចំពោះព្យាការី យ៉ូសែប ស៊្មីធ ។
នៅក្នុងលិខិតផ្ដាំផ្ញើ យ៉ូសែប ស៊្មីធ និងសមាជិកនៃគណៈប្រធានទីមួយផ្សេងទៀត បានរៀបរាប់ពី អូលីវើរ គ្រែងគើ ថា « ជាបុរសសុចរិត មានគុណធម៌ និងមានសីលធម៌ខ្ពស់បំផុត ហើយ … ជាបុរសនៃព្រះ » ( នៅក្នុង History of the Church, ៣:៣៥០ ) ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ ៖
« តើ អូលីវើរ គ្រែងគើ បានធ្វើអ្វី បានជាឈ្មោះគាត់គួរត្រូវបានរំឭកយ៉ាងពិសិដ្ឋ ? គាត់មិនបានធ្វើអ្វីច្រើនទេ ។ វាមិនមែនជាអ្វីដែលគាត់បានធ្វើនោះទេ ប៉ុន្តែគឺខ្លួនគាត់ផ្ទាល់ទេតើ ។…
« ព្រះអម្ចាស់មិនបានរំពឹងឲ្យ អូលីវើ មានភាពឥតខ្ចោះនោះទេ ប្រហែលជាមិនរំពឹងឲ្យគាត់ជោគជ័យផងដែរ ។…
« យើងមិនអាចរំពឹងដើម្បីមានជោគជ័យជានិច្ចនោះទេ ប៉ុន្តែយើងគួរតែព្យាយាមឲ្យអស់ពីសមត្ថភាពដែលយើងអាចធ្វើបាន » (The Least of These » Ensign ឬ Liahona,ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៨៦ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨
ព្រះអម្ចាស់បានតែងតាំងសាវកថ្មី ហើយហៅសាវកទាំងអស់ឲ្យបម្រើបេសកកម្ម
នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ១៨៣៨ ព្រះអម្ចាស់បានហៅសាវកថ្មីឲ្យជំនួសអ្នកដែលបានក្បត់សាសនា ។ ព្រះអម្ចាស់បានហៅសាវកដប់ពីរនាក់ឲ្យប្រកាសដំណឹងល្អ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨:៤-៥ ដោយរកមើលកន្លែងដែលព្រះអម្ចាស់បានបញ្ជាឲ្យសាវកដប់ពីរនាក់ទៅប្រកាសដំណឹងល្អ ។ ឃ្លា « លើទឹកដ៏ធំធេង » សំដៅលើការធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ទៅកាន់ចក្រភពអង់គ្លេស ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១៨:៥សូមកត់សម្គាល់កន្លែងដែលពួកគេត្រូវប្រមូលផ្ដុំ មុនពេលចេញទៅបម្រើបេសកកម្ម ។ សូមកត់សម្គាល់ពីថ្ងៃដែលព្រះអម្ចាស់ បានមានបន្ទូលថាពួកគេត្រូវប្រមូលផ្ដុំនៅកន្លែងនោះ ។
ជាច្រើនខែក្រោយពីវិវរណៈនេះ ការបៀតបៀនបានកើនឡើងនៅរដ្ឋ មិសសួរី ។ នៅទីបំផុត ពួកបរិសុទ្ធត្រូវបានបណ្ដេញចេញពីរដ្ឋនោះ ។ ស្ថានការណ៍នេះបានបង្កគ្រោះថ្នាក់ដល់ពួកបរិសុទ្ធ ក្នុងការបំពេញព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីទៅជួបជុំគ្នានៅក្រុងហ្វាវែស្ទ ។ ប្រជាជនរដ្ឋ មិសសួរី បានអួតអាងយ៉ាងបើកចំហរថា ពួកគេនឹងទប់ស្កាត់មិនឲ្យវិវរណៈរបស់ព្រះអម្ចាស់បានសម្រេច ។ ប៉ុន្តែ ពួកដប់ពីរនាក់បានប្ដេជ្ញាថាត្រូវធ្វើតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ។
នៅព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ១៨៣៩ សមាជិកនៃកូរ៉ុមនៃសាវកដប់ពីរនាក់បានប្រមូលផ្ដុំគ្នានៅទីធ្លាព្រះវិហារបរិសុទ្ធ ។ ( សមាជិកកូរ៉ុមស្មោះត្រង់ទាំងអស់មិនអាចមកជួបជុំនៅទីនោះបានទេ ។ អ្នកខ្លះត្រូវបានចាប់ដាក់គុក ) ។ ពួកគេចាប់ផ្ដើមសង់គ្រឹះនៃព្រះវិហារបរិសុទ្ធ ( សូមមើល គ. និង ស. ១១៥:១១ ) ដោយដាក់ថ្មដ៏ធំមួយដុំនៅជិតជ្រុងភាគអាគ្នេយ៍នៃដីសម្រាប់សង់ ។ ពួកគេបានតែងតាំងពួកសាវក ដើម្បីជំនួសកន្លែងទំនេររបស់កូរ៉ុមនៃពួកដប់ពីរនាក់ ។ ហើយពួកគេបានចាកចេញ ដោយមិនឲ្យដឹងដល់ពួកសត្រូវរបស់ពួកគេ ។ ( សម្រាប់ដំណើររឿងពេញលេញបន្ថែមទៀតអំពីបទពិសោធន៍នេះ សូមមើល Teachings of Presidents of the Church: Wilford Woodruff[ឆ្នាំ ២០០៤ ], ទំព័រ ១៣៩–៤១) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩-២០
ព្រះអម្ចាស់បានបើកសម្ដែងពីក្រឹត្យវិន័យ នៃដង្វាយមួយភាគក្នុងដប់
គោលលទ្ធិ និង សេចក្តីសញ្ញា ១១៩ និង ១២០ មានវិវរណៈពីរស្ដីពីក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។ ក្នុងវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២០ព្រះអម្ចាស់បានត្រាស់បញ្ជាថា ក្រុមប្រឹក្សាមួយនឹងត្រូវរៀបចំឡើង ដើម្បីដឹកនាំការប្រើប្រាស់នៃមូលនិធិដង្វាយមួយភាគក្នុងដប់របស់សាសនាចក្រ ។ សព្វថ្ងៃនេះ វួដ ឬសាខានីមួយៗបញ្ជូនមូលនិធិដង្វាយមួយភាគដប់របស់សមាជិកទៅកាន់ទីស្នាក់ការកណ្ដាលរបស់សាសនាចក្រ ដែលហៅថាក្រុមប្រឹក្សារៀបចំដង្វាយមួយភាគក្នុងដប់ ។ អ្នកដឹកនាំក្នុងតំបន់ មិនសម្រេចថាមូលនិធិដង្វាយមួយភាគក្នុងដប់ត្រូវបានប្រើដោយរបៀបណានោះទេ ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៩:១-៤ ។ វាអាចមានអត្ថប្រយោជន៍ក្នុងការដឹងថា នៅក្នុង ខ ៤ពាក្យ ធនធាន មានន័យថា ចំណូល ។
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បានពន្យល់ ៖ « ក្រឹត្យវិន័យនោះបានចែងថា ‹ មួយភាគដប់នៃធនធានរបស់គេទាំងអស់ › ។ ធនធានមានន័យថា ប្រាក់ចំណេញ ប្រាក់សំណង ប្រាក់តម្លើង ។ វាគឺជាប្រាក់ខែរបស់និយោជិតមួយរូប ជាប្រាក់ចំណេញពីការធ្វើអាជីវកម្ម ជាប្រាក់កំណើនរបស់បុគ្គលម្នាក់ដែលរីកចម្រើន ឬ រកបាន ឬ ជាប្រាក់ចំណូលរបស់មនុស្សម្នាក់ទោះមកពីប្រភពណាក៏ដោយ ។ ព្រះអម្ចាស់បានមានបន្ទូលថា វាជាក្រឹត្យវិន័យដែលនៅ ‹ អចិន្ត្រៃយ › ដូចដែលវាមានពីបុរាណកាលផងដែរ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩៦៤, ទំព័រ ៣៥ ) ។
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាននៃសាសនាចក្រ សូមរកមើលពរជ័យដែលអ្នកអាចទទួលបានពេលអ្នកបង់ដង្វាយមួយភាគក្នុងដប់ ៖
ប្រធាន ហារ៉ូល ប៊ី លី បានប្រៀបធៀបការសន្យារបស់ព្រះទៅនឹងការ « បើក … ទ្វារស្ថានសួគ៌ » ដើម្បីប្រទានពរដល់អ្នកបង់ដង្វាយ ( សូមមើល ម៉ឡាគី ៣:៨–១១)ការបើកទ្វារស្ថានសួគ៌ មានន័យថាជាវិវរណៈមកពីព្រះដល់អ្នកដែលពេញចិត្តនឹងធ្វើការលះបង់ » ( « The Way to Eternal Life » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៧១ ទំព័រ ១៦ ) ។
ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បានមានប្រសាសន៍ពីពរជ័យខាងវិញ្ញាណដែលកើតមានដល់យើង នៅពេលយើងបង់ដង្វាយមួយភាគក្នុងដប់ ៖ « ភាពចម្រុងចម្រើនកើតមានដល់អ្នកដែលគោរពតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។ « នៅពេលខ្ញុំនិយាយអំពីភាពចម្រុងចម្រើន ខ្ញុំមិនបានគិតអំពីវាថាទាក់ទងនឹងប្រាក់កាសតែម្យ៉ាងនោះទេ ។… ប៉ុន្ដែអ្វីដែលខ្ញុំរាប់ថាជាចម្រុងចម្រើនពិតប្រាកដ ជារឿងមួយក្នុងចំណោមអ្វីៗផ្សេងទៀតទាំងអស់ដែលមានតម្លៃខ្លាំងចំពោះការរស់នៅរបស់បុរស និង ស្រ្ដីគ្រប់គ្នា វាគឺជាការធំធាត់ខាងចំណេះដឹងអំពីព្រះ និង ក្នុងទីបន្ទាល់ និង អំណាចដើម្បីរស់នៅតាមដំណឹងល្អ និង ដើម្បីបំផុសគំនិតរបស់គ្រួសារយើងឲ្យធ្វើអ្វីដូចគ្នា ។ នោះគឺជាប្រភេទនៃការចម្រុងចម្រើនយ៉ាងពិតប្រាកដមួយ » ( Teachings of Presidents of the Church: Heber J. Grant [ ឆ្នាំ ២០០២ ] ទំព័រ ១២៤) ។
ប្រធាន ក្រាន្ត ក៏បានបង្រៀនផងដែរពីវិធីម្យ៉ាងដែលយើងអាចបានពរផ្នែកហិរញ្ញវត្ថុ នៅពេលយើងបង់ដង្វាយមួយភាគក្នុងដប់ ៖ « បើយើងបរិច្ចាគអ្វីដែលយើងមាន បើយើងបង់ដង្វាយមួយភាគក្នុងដប់ មិនថាវាតិចតួចប៉ុណ្ណានោះទេ … ព្រះដែលជាព្រះវរបិតាសួគ៌របស់យើង នឹងពង្រីកប្រាំបួនដុល្លារដែលនៅសល់ ឬកាក់សែសិបប្រាំបួនសេនដែលនៅសល់ពីហាសិបសេន ហើយអ្នកនឹងមានប្រាជ្ញាគ្រប់គ្រាន់ ក្នុងការប្រើវាឲ្យមានប្រយោជន៍ ដូច្នេះអ្នកនឹងមិនបាត់បង់អ្វីសោះឡើងក្នុងការស្មោះត្រង់ ( Teachings: Heber J. Grant, ទំព័រ ១២៤–២៥) ។
-
សូមឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកបានទទួលពរជ័យអ្វីខ្លះ មកពីការគោរពតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ?
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១៧-២០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖