ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣០ ៖ ថ្ងៃ​ទី ២ ការចាកចេញ​ពី​ទីក្រុង ណៅវូ ការធ្វើ​ដំណើរ​ឆ្លងកាត់​រដ្ឋ អៃអូវ៉ា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១–១៨


មេរៀន​ទី ៣០ ៖ ថ្ងៃ​ទី ២

មេរៀន​ទី ៣០ ៖ ថ្ងៃ​ទី ២ ការចាកចេញ​ពី​ទីក្រុង ណៅវូ ការធ្វើ​ដំណើរ​ឆ្លងកាត់​រដ្ឋ អៃអូវ៉ា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១–១៨

បុព្វកថា

បន្ទាប់ពី​ព្យាការី យ៉ូសែប ស៊្មីធ ត្រូវ​គេ​ធ្វើ​ទុក្ករកម្ម នោះ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅ​ក្រោមការ​ដឹកនាំ​របស់ ព្រិកហាំ យ៉ង់ ប្រធាន​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ បាន​ដឹកនាំ​សាសនាចក្រ ហើយ​បន្ដ​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ពួក​លោក​បាន​លើកទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ​បញ្ចប់ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ហើយ​ផ្លាស់​ទីលំនៅ​ទៅ​កាន់​ភាគ​ខាង​លិច ។

ពួកបរិសុទ្ធ​បាន​ធ្វើការ​ដោយ​ឧស្សា​ហ៍​ព្យាយាម ដើម្បី​ទទួល​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ

សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​បាន​ធ្វើ​អ្វី​មួយ​ដ៏​លំបាក ដោយសារ​តែ​អ្នក​បាន​ដឹង​ថា លទ្ធផល​នឹង​មាន​តម្លៃ​ក្នុង​ការខិតខំ​នោះ ។

កិច្ចការ​ដ៏​លំបាក​ដែល​ពួក​បរិសុទ្ធ​ត្រូវបាន​បង្គាប់​ឲ្យ​ធ្វើ​បន្ទាប់ពី​មរណភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ គឺ​ត្រូវ​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ណៅវូ ។ វា​ត្រូវការ​ពលិកម្ម​ដ៏​ធំ​ពី​សំណាក់​ពួកបរិសុទ្ធ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ណៅវូ ។ នៅ​ពេល​អ្នក​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ សូម​គូស​បន្ទាត់​ពី​ក្រោម​ពលិកម្ម​ទាំងឡាយ ដែល​ពួកបរិសុទ្ធ​បាន​ធ្វើ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីមួយ​នៅ​ទីក្រុង ណៅវូ ។

នៅក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ១៨៤៤ ប្រធាន ព្រិកហាំ យ៉ង់ បាន​សុំ​ឲ្យ​ពួកបរិសុទ្ធ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ដង្វាយ​ផ្សេងៗ​របស់​ពួកគេ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។ ក្នុង​ការឆ្លើយតប សមាជិក​សមាគម​សង្គ្រោះ​ម្នាក់ៗ បាន​បរិច្ចាគ​ប្រាក់​មួយសេន​រាល់សប្ដាហ៍ ដើម្បី​ផ្គត់ផ្គង់​ដល់​ការសាងសង់ ។ បុរស​ជា​ច្រើន​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ដប់​ជា​ពេលវេលា​របស់​ខ្លួន ដោយ​ធ្វើ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​ថ្ងៃ​ក្នុង​រយៈពេល​ដប់ថ្ងៃម្តង ។ អ្នក​ផ្សេង​ទៀត​បាន​ថ្វាយ​ច្រើនជាង​មួយភាគ​ក្នុង​ដប់ទៅតាម​មធ្យោបាយ​របស់​ពួកគេផ្ទាល់ ។ យ៉ូសែប តូរ៉ុនតូ បាន​ប្រគល់​មាស​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​ចំនួន ២៥០០ ដុល្លារ ឲ្យ ព្រិកហាំ យ៉ង់ ហើយ​បាន​និយាយ​ថា គាត់​ចង់​ថ្វាយ​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ដើម្បី​ស្ថាបនា​នគរ​នៃ​ព្រះ ។

ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ណៅវូ

ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ណៅវូ ពី​ដើម

តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ពួកបរិសុទ្ធ​ស្ម័គ្រចិត្ត​លះបង់​យ៉ាង​ច្រើន ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូច្នេះ ?

ទោះជា​ពួក​បរិសុទ្ធ​បានលះបង់​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីកុ្រង ណៅវូ យ៉ាង​ណា​ក្ដី ក៏​សេចក្ដី​បៀតបៀន​បាន​បង្ក​ឲ្យ​មាន​ការលំបាក​ដល់​ការបញ្ចប់​ការសាងសង់​ដែរ ។ ខ្មាំង​សត្រូវ​ជា​ច្រើន​របស់​សាសនាចក្រ​បាន​គិត​ថា នៅ​ពេល​ព្យាការី យ៉ូសែប ស៊្មីធ ត្រូវគេ​សម្លាប់​ហើយ នោះ​សាសនាចក្រ​នឹង​ដួល​រលំ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​សមាជិក​សាសនាចក្រ​បន្ដ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​សាសនាចក្រ​បន្ត​រីកចម្រើន នោះ​ពួក​ខ្មាំង​សត្រូវ​នៃ​សាសនាចក្រ​បាន​ពង្រឹង​ការខិតខំ​របស់​ពួកគេ​ដើម្បី​បណ្ដេញ​ពួកបរិសុទ្ធ​ចេញ​ពី​រដ្ឋ អិលលីណោយ ។

នៅ​ពេល​អ្នក​អាន​កថាខណ្ឌ​ខាង​ក្រោម​នេះ សូម​ស្វែងរក​អ្វី​ដែល​ពួក​ខ្មាំង​សត្រូវ​នៃ​សាសនាចក្រ​បាន​ធ្វើ ដើម្បី​ព្យាយាម​បំផ្លាញ​សាសនាចក្រ​ចោល ៖

ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៤៤ វរសេនីឯក លេវី វិលលាម ជា​មនុស្ស​ម្នាក់ក្នុង​ចំណោម​អ្នក​ទាំង​នោះ ដែល​បាន​ធ្វើ​ឃាត យ៉ូសែប និង ហៃរុម ស្ម៊ីធ បាន​រៀបចំ​បង្កើត​ក្រុម​កងទ័ព​មួយ​ដ៏​ធំ​ដើម្បី​បង្ខំ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឲ្យ​ចេញ​ពី​រដ្ឋ អិលលីណោយ ។ វា​ត្រូវបាន​ផ្សព្វផ្សាយ​ថា « ឆ្កែ​ចចក​ដ៏​ធំ​ប្រមាញ់​នៅ​ក្នុង​ឃុំ ហែនខក » ( David E. Miller and Della S. Miller,Nauvoo: The City of Joseph [ ឆ្នាំ ១៩៧៤ ] ទំព័រ ១៨៦ ) ។ ពេល​បាន​ឮ​អំពី​ដំណឹង​នេះ លោក​អភិបាល ថូម៉ាស ហ្វត នៃ​រដ្ឋ អិលលីណោយ បាន​បញ្ជូន​ឧត្តមសេនី ចន ហាឌីន ដែលជាកងទ័ព​រដ្ឋ​ឲ្យ​ទៅ​កាន់​ឃុំ​នោះ ដើម្បី​រក្សា​ភាពស្ងប់ស្ងៀម ។

មួយ​ឆ្នាំ​ក្រោយមក នៅខែ​កញ្ញា ឆ្នាំ ១៨៤៥ វរសេនីឯក វិលលាម បាន​ដឹកនាំ​ក្រុមមនុស្ស​អាក្រក់​មួយក្រុម​ដែលមាន​មនុស្ស ៣០០ នាក់ ទៅវាយប្រហារ​ដល់​ជម្រក​របស់ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅតំបន់​ជាយៗ ដោយការដុត​ផ្ទះជាច្រើនខ្នង និង​ដុតអគារ​កសិដ្ឋាន រោងកិនស្រូវ និង​ស្រូវអង្ករ​អស់​ជាច្រើន ។ នៅពាក់កណ្ដាល​ខែ​កញ្ញា ប្រធាន ព្រិកហាំ យ៉ង់ បាន​ស្វែងរក​អ្នក​ស្ម័គ្រចិត្ត​ដើម្បីទៅជួយ​សង្គ្រោះ​ពួកបរិសុទ្ធ​ទាំងនោះ ។ ពួកបរិសុទ្ធ​នៅ​ទីក្រុង ណៅវូ បាន​ត្រៀម​រទេះសេះ​ចំនួន ១៣៤ រទេះ ដើម្បីដឹក​ក្រុមគ្រួសារ​ដែល​រស់នៅ​តំបន់ឆ្ងាយៗ​មកទីក្រុង ណៅវូ តាំង​ទីលំនៅ​ដោយ​សុវត្ថិភាព ។

តើ​ការវាយប្រហារ​ទាំងនេះ បាន​ធ្វើ​ឲ្យ​វា​មាន​ការលំបាក​ដើម្បី​បន្ដ​ធ្វើ​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

មាន​ប្រជាជន​ជា​ច្រើន​ដែល​រស់នៅ​រដ្ឋ អិលលីណោយ បាន​ភ័យខ្លាច​ថា វត្តមាន​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ អាច​នាំ​ឲ្យ​កើត​មាន​សង្គ្រាម​ស៊ីវិល ។ ពួកគេ​បាន​សុំ​ឲ្យ​ពួកបរិសុទ្ធ​ចាកចេញ​ពី​រដ្ឋ ។ នៅ​ថ្ងៃ​ទី ២៤ ខែ កញ្ញា ឆ្នាំ ១៨៤៥ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សន្យាថា សាសនាចក្រ​នឹង​ចាកចេញ​នៅ​និទារឃរដូវ​ក្រោយ ។

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ការសម្រេចចិត្ត​ចាកចេញ​ពី​រដ្ឋ អិលលីណោយ អាច​មាន​ការលំបាក​ក្នុង​ការធ្វើ​ឡើង ។ សូម​គិត​ផងដែរ ថាតើ​ការសម្រេចចិត្ត​ចាកចេញ​ពី​ទីក្រុង​ណៅវូ អាច​មាន​ផល​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​ពួកបរិសុទ្ធ​ដើម្បី​បញ្ចប់​ការសង់​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ។

ទោះជា​ពួក​បរិសុទ្ធ​បាន​ដឹង​ថា ពួកគេ​នឹង​ត្រូវ​ចាកចេញ​ពី​រដ្ឋ អិលលីណោយ​ក្ដី ក៏​ពួកគេ​បាន​បន្ត​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ណៅវូ ដែរ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ពួកបរិសុទ្ធ​បាន​បន្ដ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ទោះជា​ពួកគេ​ដឹង​ថា ពួកគេ​នឹង​ចាកចេញ​ទៅ​យ៉ាង​នេះ​ក្ដី ?

នៅ​គ្រា​នោះ ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ដែល​ចាំបាច់​សម្រាប់​ការតម្កើង​ឡើង ពុំទាន់​អាច​ប្រារព្វ​ឡើងចំពោះ​សមាជិក​ទូទៅ​នៃ​សាសនាចក្រ​នៅ​ឡើយ​ទេ ។ នៅ​ក្នុង​វិវរណៈ​មួយនា​ឆ្នាំ ១៨៤១ ព្រះអម្ចាស់​បាន​សន្យា​នឹង​ពួកបរិសុទ្ធ​ថា បើ​ពួកគេ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ណៅវូ នោះ​ពួកគេ​អាច​នឹង​ទទួលបាន​ពិធីបរិសុទ្ធ​ទាំងនោះ ( សូម​មើល គ. និង ស. ១២៤:២២-៤៤ ) ។

ពួក​បរិសុទ្ធ​ទាំងនេះ​មាន​ជំនឿ​ថា ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ នឹង​រៀបចំ​ពួកគេ​ឲ្យ​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះវរបិតាសួគ៌​នៅ​ក្នុង​ភាព​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​ក្រុមគ្រួសារ​របស់​ពួកគេ​អាច​ផ្សារភ្ជាប់​ជាមួយ​គ្នា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ផងដែរ ។ ដំណើរ​ពលិកម្ម​របស់​ពួក​បរិសុទ្ធ និង សេចក្តី​លំបាក​នានា​ដែល​ពួកគេ​យក​ឈ្នះ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ បង្រៀន​យើង​អំពី​សេចក្ដីពិត​ដូចតទៅ​នេះ ៖ការទទួល​បាន​ពិធី​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​តម្លៃ​ចំពោះ​រាល់​ការខិតខំ និង ពលិកម្ម​ដ៏​សុចរិត​របស់​យើង ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការទទួល​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​តម្លៃ​ចំពោះ​ការខិតខំ និង ពលិកម្ម​ដ៏​ធំ ?

    2. តើ​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​អ្នក​អាច​ទទួលបាន​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

សូម​ពិចារណា​ថាតើ​មាន​អ្វី​ណាមួយ ដែល​អ្នក​ត្រូវ​ឈប់​ធ្វើ ឬ ចាប់ផ្ដើម​ធ្វើ ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ប្រធាន ថូម៉ាស អេស ម៉នសុន

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ពិពណ៌នា​អំពី​ពលិកម្ម​នានា ដែល​ពួក​បរិសុទ្ធ​សម័យ​ថ្មី​បាន​ធ្វើ ដើម្បី​ទទួល​បាន​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖ « អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​បាន​អាន​អំពី​ក្រុម​សមាជិក​ជាង​មួយ​រយ​នាក់ ដែល​បាន​ចាកចេញ​ពី មេណូស [ ប្រេស៊ីល ] ដែល​ស្ថិត​នៅ​កណ្តាល​ព្រៃ​លិច​ទឹក​អាម៉ាហ្សូន ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ​ដែល​នៅ​ជិត​បំផុត ស្ថិត​នៅ​ក្នុង​ទីក្រុង សៅ ផាឡូ ប្រទេស​ប្រេស៊ីល -ចម្ងាយ​ប្រហែល ៤០០០ គីឡូម៉ែត្រ​ពី មេណូស ។ ពួកបរិសុទ្ធ​ស្មោះត្រង់​ទាំងនោះ បាន​ធ្វើ​ដំណើរ​តាម​ទូក​អស់​រយៈ​ពេល​បួន​ថ្ងៃ តាម​ទន្លេ​អាម៉ាហ្សូន និង តាម​ដៃ​ទន្លេ​នោះ ។ បន្ទាប់ពី​បាន​បញ្ចប់​ការធ្វើដំណើរ​តាម​ទឹក​នេះ ពួកគេ​បាន​ឡើង​ជិះឡាន​ក្រុង ធ្វើ​ដំណើរ​រយៈពេល​បី​ថ្ងៃ​ទៀត តាមផ្លូវ​រលាក់ ហើយ​មាន​អាហារ​បរិភោគ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​គ្មាន​កន្លែង​សម្រាក​ស្រួលបួល​នោះ​ទេ ។ ប្រាំពីរ​យប់​ប្រាំពីរ​ថ្ងៃ​ក្រោយ​មក ពួកគេ​បាន​មក ដល់​ព្រះវិហារ​បរិសុទ្ធ​នៅ សៅ ផាឡូ ដែល​នៅ​ទី​នោះ​ពិធីបរិសុទ្ធ​ដ៏​អស់កល្ប​ទាំងឡាយ​ត្រូវបាន​ធ្វើ​ឡើង ។ ប្រាកដ​ណាស់ ការធ្វើ​ដំណើរ​ត្រឡប់​មក​វិញ​របស់​ពួកគេ មាន​ការលំបាក​ដូច​នឹង​ពេល​ធ្វើ​ដំណើរ​ទៅ​ដែរ ។ ទោះជាយ៉ាង​ណាក៏ដោយ ពួកគេបានទទួលពិធីបរិសុទ្ធ និង​ពរជ័យនៃព្រះវិហារបរិសុទ្ធ ហើយទោះបីជា​ក្នុងសំពាយ របស់​ពួកគេ​គ្មាន​នៅសល់​ប្រាក់​ក្តី ក៏ពួកគេបាន​ពោរពេញ​ទៅដោយ​អារម្មណ៍ នៃ​ព្រះវិហារបរិសុទ្ធ ហើយមានអំណរ គុណ​ចំពោះ​ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួលផង​ដែរ » (The Holy Temple—a Beacon to the World, » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៩១) ។

តើ​គំរូ​របស់​ពួក​បរិសុទ្ធ​ទាំងនេះ អាច​បំផុស​ឲ្យ​អ្នក​ត្រៀម​ខ្លួន​ទទួល​ពិធី​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​យ៉ាង​ដូចម្ដេច ?

សូម​អាន​កថាខណ្ឌ​ខាងក្រោម​នេះ រួច​គូសបន្ទាត់​ពី​ក្រោមគំរូ​នៃកិច្ចខិតខំ​ដ៏​សុចរិត​របស់​ពួកបរិសុទ្ធ​នៅ​ទីក្រុង ណៅវូ ដើម្បី​ទទួលបាន​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ៖

ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ឧទ្ទិស​ឆ្លង​បន្ទប់​ទាំងឡាយក្នុង​ព្រះវិហារ​បរិសុទ្ធ នៅពេល​ដែល​បាន​ការសាងសង់​បាន​ចប់​សព្វគ្រប់ ដើម្បី​ឲ្យ​កិច្ចការ​នៃ​ពិធីបរិសុទ្ធ​អាច​ចាប់ផ្ដើម​ធ្វើ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ បន្ទប់​ខាង​លើ​នៃ​ព្រះវិហារ​បរិសុទ្ធ ត្រូវបាន​ឧទ្ទិស​ឆ្លង​សម្រាប់​កិច្ចការ​នៃ​ពិធីបរិសុទ្ធ​នៅ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៨៤៥ ។ ពួកបរិសុទ្ធ​បាន​ចាប់ផ្ដើម​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ​នៅ​ពេល​ល្ងាច​ថ្ងៃទី ១០ ខែ ធ្នូ ដែល​មាន​វគ្គ​ពិធី​អំណោយទាន​ពិសិដ្ឋ​បាន​បន្ដ​រហូត​ដល់​ម៉ោង ៣ ព្រឹក នៅ​ថ្ងៃ​ទី ១១ ខែ ធ្នូ ។

ប្រធាន ព្រិកហាំ យ៉ង់

ប្រធាន ព្រិកហាំ យ៉ង់ បាន​ធ្វើការ​ដោយ​មិន​គិត​ពី​ភាពនឿយហត់ ដើម្បី​ផ្ដល់​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​ពួក​បរិសុទ្ធ ពីមុន​ពួកគេ​ត្រូវបាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ។

ត្រឹម​ចុង​ឆ្នាំ ១៨៤៥ មាន​សមាជិក​ជាង ១០០០ នាក់ បាន​ទទួល​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ក្នុង​ខែ មករា ឆ្នាំ ១៨៤៦ ប្រធាន ព្រិកហាំ យ៉ង់ បាន​កត់ត្រា​ថា « ការណ៍​បែប​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពអន្ទះសា​តាមរយៈ​ពួកបរិសុទ្ធ​ដើម្បីទទួល​បាន​ពិធីបរិសុទ្ធ [ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ] ចំណែក​ឯ​ភាពអន្ទះសា​របស់​យើង​វិញ គឺ​បម្រើ​ដល់​ពួកគេ រហូត​ដល់​ខ្ញុំ​បាន​លះបង់​ខ្លួន​ខ្ញុំ​ទាំងស្រុង​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ចូល​សម្រាក​ជា​មធ្យម​មិន​លើស​ពី​បួន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទេ ហើយ​ទៅ​ផ្ទះ​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ » ( នៅ​ក្នុង History of the Church ៧:៥៦៧ ) ។ សមាជិក​ជាច្រើន បាន​រួមចំណែក​ដោយ​ការ​បោកគក់​សម្លៀក​បំពាក់​ព្រះវិហារបរិសុទ្ធ​រាល់​យប់ ដើម្បី​ឲ្យ​កិច្ចការ​អាច​បន្ដ​មាន​នៅ​ព្រឹក​ស្អែក​ឡើង​ដោយ​ពុំ​មាន​ការបង្អង់​ឡើយ ។

នៅ​ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ១៨៤៦ ប្រធាន យ៉ង់ បាន​ចាកចេញ​ពី​ព្រះវិហារ​បរិសុទ្ធ ដើម្បី​លោក​អាច​ត្រៀមខ្លួន​ចាកចេញ​ពី​ទីក្រុង ណៅវូ នៅ​ថ្ងៃ​បន្ទាប់ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​បណ្ដាជន​ជា​ច្រើន​បាន​មក​ប្រជុំ​គ្នា​ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ រួច​លោក​ក៏​បាន​ត្រឡប់​ទៅ​បម្រើ​ពួកគេ​វិញ​ដោយ​ក្តីមេត្តា។ ការណ៍​នេះ​បាន​ពន្យាពេល​នៃ​ការចាកចេញ​របស់​លោក ដល់ទៅ​ពីរ​សប្ដាហ៍​ក្រោយ ។ យោង​តាម​កំណត់ត្រា​ព្រះវិហារ​បរិសុទ្ធ​បាន​បង្ហាញ​ថា មាន​ពួកបរិសុទ្ធ​ចំនួន ៥៦១៥ នាក់​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច ។ ( សូម​មើល Church History in the Fulness of Times Student Manualការបោះពុម្ព​លើក​ទី ២ [ Church Educational System manual ឆ្នាំ ២០០៣ ] ទំព័រ ៣០៣-៤) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍ អំពី​កិច្ចខិតខំ​របស់​ពួកបរិសុទ្ធ ក្នុង​ការទទួល​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

    2. តើ​កិច្ចខិតខំ និង ពលិកម្ម​អ្វី​ខ្លះ ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ទទួលបាន​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

ពួកបរិសុទ្ធ​ចាកចេញ​ពី​ទីក្រុង ណៅវូ

បន្ទាប់ពី​បាន​ទទួល​ពិធីបរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ហើយ ពួកបរិសុទ្ធ​បាន​ចាប់ផ្ដើម​ចាកចេញ​ពី​ទីក្រុង ណៅវូ នៅ​ខែ កុម្ភៈ ឆ្នាំ ១៨៤៦ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិនមែន​សមាជិក​ទាំងអស់​បាន​ចាកចេញ​ទៅ​ជាមួយ​ក្រុម​ធំ​នៃ​ពួក​បរិសុទ្ធ​នោះ​ទេ ។ មាន​ពួក​បរិសុទ្ធ​មួយ​ចំនួន​តូច​ពុំ​បាន​ត្រៀមខ្លួន​ចាកចេញ​នៅ​ពេល​នោះ​ទេ ចំណែក​ឯ​មួយ​ចំនួន​ទៀត​បាន​សម្រេចចិត្ត​រស់នៅ​បន្ត ។

ពួក​បរិសុទ្ធ​ជា​ច្រើន​ដែល​បន្ត​រស់នៅ​ទីក្រុង ណៅវូ បាន​បន្ត​ទទួល​សេចក្ដី​បៀតបៀន ។ ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៤៦ ប្រាំពីរ​ខែ​ក្រោយ​មក​បន្ទាប់​ពី​ក្រុម​ធំ​នៃ​ពួក​បរិសុទ្ធ​បាន​ចាកចេញ​ទៅ មាន​ប្រជាពលរដ្ឋ​ប្រមាណ ៨០០ នាក់ ប្រដាប់​ដោយ​កាំភ្លើង​ប្រាំមួយ​ដើម បាន​ត្រៀមខ្លួន​វាយប្រហារ​ទីក្រុង ណៅវូ ។ ពួកបរិសុទ្ធ​ដែល​នៅ​សេសសល់ និង ពលរដ្ឋ​ថ្មីៗ​មួយ​ចំនួន ដែល​មាន​បុរស​ចំនួន​ប្រហែល​ជា ១៥០ នាក់ បាន​ត្រៀមខ្លួន​ប្រយុទ្ធ​ការពារ​ទីក្រុង ។

បន្ទាប់ពី​មាន​ការ​ប្រយុទ្ធគ្នា​អស់រយៈ​ពេល​ពីរ​បីថ្ងៃ នោះ​ពួកបរិសុទ្ធ​ជាច្រើន​ត្រូវបាន​បង្ខំ​ឲ្យ​ចុះចាញ់ ហើយ​ត្រូវបាន​ប្រាប់​ថា ឲ្យ​ចាកចេញ​ពី​ទីក្រុង​ជា​បន្ទាន់ ។ បន្ទាប់មក ពួក​មនុស្ស​អាក្រក់ បាន​ចូល​មក​ក្នុង​ទីក្រុង ឆក់​ប្លន់​តាមផ្ទះ ហើយ​បាន​បំផ្លាញ​ព្រះវិហារ​បរិសុទ្ធ​ចោល ។ ពួកបរិសុទ្ធ​មួយ​ចំនួន ដែល​ពុំ​អាច​ភៀសខ្លួន​បាន​លឿន ត្រូវ​គេ​វាយ​ធ្វើបាប ឬ បោះ​ចូល​ទៅ​ក្នុង​ទន្លេ ម៊ីស៊ីស៊ីពី ។ បន្ទាប់ពី​ពួកបរិសុទ្ធ​ដែល​នៅ​សល់​ទាំងនេះ ត្រូវបាន​គេ​បង្ខំ​ឲ្យ​ចេញ​ពី​ទីក្រុង ណៅវូ ហើយ នោះ​ពួកគេ​បាន​បោះ​ជំរំ​ជនភៀសខ្លួន នៅ​តាម​ដង​ទន្លេ​ខាង​លិច ។ ពួកគេ​ភាគ​ច្រើន​ពុំ​មាន​អាហារ ឬ បរិក្ខារ​ទំនុកបម្រុង​គ្រប់គ្រាន់​សម្រាប់​ខ្លួនគេ​នោះ​ទេ ។

ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បញ្ជូន​ក្រុម​ជួយ​សង្គ្រោះ​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​រដ្ឋ អៃអូវ៉ា ត្រឡប់មក​ជួយ​ដល់​ពួកបរិសុទ្ធ​ដែល​កំពុង​រងទុក្ខ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា អ្នក​អាច​នឹង​មាន​អារម្មណ៍​ដូចម្ដេច បើសិនជា​អ្នក​ត្រូវបាន​ហៅ​ឲ្យ​ត្រឡប់​ទៅ​ជួយ​ពួក​បរិសុទ្ធ​ដែល​កំពុង​រងទុក្ខ​ទាំងនោះ ?

សូម​អាន​សារលិខិត​របស់​ប្រធាន ព្រិកហាំ យ៉ង់ ដែល​បាន​ផ្តល់ដល់​បុរសៗ​ដែល​គ្រប់គ្រង​ក្នុង​ការជ្រើសរើស​ក្រុម​ជួយ​សង្គ្រោះនោះ ៖

ប្រធាន ព្រិកហាំ យ៉ង់

« ចូរ​ឲ្យ​ភ្លើង​នៃ​សេចក្ដី​សញ្ញា ដែល​អ្នក​បាន​ធ្វើ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ បាន​ដុត​រោលរាល​ក្នុង​ដួងចិត្ត​អ្នក ដូចជា​អណ្ដាត​ភ្លើង​ដែល​ពុំ​អាច​ពន្លត់​បាន រហូត​ដល់​អ្នក​បាន … ជួយ​ដល់​មនុស្ស​គ្រប់​រូប… ដែល [ អាច​ចាកចេញ​មក​បាន ] ហើយ​ចែក​ភ្លើង​នោះ​ទៅ​ដល់​ព្រលឹង​របស់​គាត់ រហូត​ដល់​គាត់​អាច​ក្រោក​ឡើង… ហើយ​ចេញ​ទៅ​ភ្លាម ហើយ​នាំ​ក្រុម​មនុស្ស​ក្រីក្រ​ចេញ​ពី​ទីក្រុង ណៅវូ ។…

« … នេះ​គឺជា​ពេល​ដែល​ត្រូវ​ធ្វើ​សកម្មភាព » ( Journal History of The Church of Jesus Christ of Latter-day Saints ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ១៨៤៦ ទំព័រ ៥–៦ Church History Library, Salt Lake City ) ។

សេចក្ដី​ថ្លែងការណ៍​របស់ ព្រិកហាំ យ៉ង់ បង្រៀន​យើង​ថា ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​រស់នៅ​តាម សេចក្ដី​សញ្ញា​ទាំងឡាយ​ដែល​យើង​ធ្វើ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពលិកម្ម​អ្វី​ខ្លះ​ដែល​អ្នក​បាន​ធ្វើ ដើម្បី​រក្សា​សេចក្ដី​សញ្ញា​ទាំងឡាយ ?

    2. តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ទទួល ដោយសារ​តែ​អ្នក​បាន​រស់នៅ​ស្របតាម​សេចក្ដីសញ្ញា​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ​នោះ ?

ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ធ្វើ​ដំណើរ​ឆ្លងកាត់​រដ្ឋ អៃអូវ៉ា ហើយ​បង្កើត​ទីស្នាក់ការ​កណ្ដាល​នៅ​វិនទើរ ខ្វរទើរ្ស

នៅ​ពេល​ក្រុម​ធំ​នៃ​ពួកបរិសុទ្ធ​បាន​ចាប់ផ្ដើម​ចាកចេញ​ពី​ទីក្រុង ណៅវូ ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨៤៦ ពួកគេ​បាន​ធ្វើដំណើរ​ទៅ​ទិស​ខាង​លិច​ឆ្លងកាត់​រដ្ឋ អៃអូវ៉ា ។ « ការចាកចេញ​ពី​ទីក្រុង ណៅវូ គឺ​ជា​ទង្វើ​នៃ​សេចក្ដី​ជំនឿ​ចំពោះ​ពួកបរិសុទ្ធ ។ ពួកគេ​បាន​ចាកចេញ​ទៅ​ដោយ​ពុំដឹង​ពី​ទីកន្លែង​ពិតប្រាកដ​ថា​នឹង​ទៅ​ទីណា ឬ នៅពេល​ណា​ពួកគេ​នឹង​ទៅ​ដល់​កន្លែង​មួយ​ដែល​ពួកគេ​អាចបោះទីតាំង​រស់នៅ​បាន​ឡើយ ។ ពួកគេ​គ្រាន់​តែ​ដឹង​ថា ពួកគេ​កំពុង​ត្រូវ​គេ​បង្ខំ​ឲ្យ​ចាកចេញ​ពី​រដ្ឋ អិលលីណោយ ដោយ​ពួក​ខ្មាំង​សត្រូវ​របស់​ពួកគេ ហើយ​ថ្នាក់​ដឹកនាំ​របស់​ពួកគេ​បាន​ទទួល​វិវរណៈ​ឲ្យ​ទៅ​បោះទីតាំង​នៅ​កន្លែង​មួយ​ក្នុង​តំបន់ភ្នំ រ៉កឃី » (Church History in the Fulness of Times Student Manual៣០៩) ។

នៅ​ពេល​អ្នក​អាន​ដំណើររឿង​របស់ អួរសុន និង ខាធើរិន ស្ពែនស៊ើរ សូម​ស្វែងរក​គំរូ​នៃ​សេចក្ដី​ជំនឿ និង ទំនុកចិត្ត​របស់​ពួកគេ ៖

« បន្ទាប់ពី​បាន​ចាកចេញ​ពី​ទីក្រុង ណៅវូ [ ខាធើរិន ] ទន់ខ្សោយ ហើយ​បាន​ធ្លាក់ខ្លួន​ឈឺ ដោយសារ​តែ​ការលំបាក​ជាច្រើន​ដែល​នាង​បានជួប​ប្រទះ ។ ស្វាមី​ដ៏​ប្រកប​ដោយ​ទុក្ខព្រួយ បាន​សរសេរ​សំបុត្រ​អង្វរករ​ដល់​ឪពុក​ម្ដាយ​របស់​ភរិយា សុំ​ឲ្យ​ពួកគាត់​ទទួល​នាង​ទៅ​នៅ​នឹង​ពួកគាត់ ទម្រាំ​តែ​ពួក​បរិសុទ្ធ​រកបាន​កន្លែង​នឹងនរ​មួយ ។ ចម្លើយ​បាន​តប​មក​ថា ‹ ចូរ​ឲ្យ​នាង​បោះបង់​ចោល​ជំនឿ​ដ៏​គួរខ្មាស់​អៀន​របស់​នាង​នោះ​ចោល​ទៅ ទើប​នាង​អាច​ត្រឡប់​មក​នៅ​ជាមួយ​យើង​វិញ បើ​មិន​ដូច្នោះទេ នាង​ពុំ​អាច​មក​វិញ​ឡើយ › ។

« នៅ​ពេល​សំបុត្រ​ត្រូវ​បាន​អាន​ឲ្យ​នាង​ស្ដាប់ នោះ​នាង​បាន​សុំ​ឲ្យ​ស្វាមី​នាង​បើក​ព្រះគម្ពីរ​ប៊ីប​របស់​គាត់​ទៅ​គម្ពីរ​នាង​រស់ ហើយ​អាន​ជំពូក​ទីមួយ ខ​ទី​ដប់​ប្រាំ​មួយ និង​ដប់ប្រាំ​ពីរ ៖ ‹ សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នកម្ដាយ​នឹង​វិលទៅវិញ លែង​តាម​អ្នកម្ដាយ​នោះឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្ដាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្ដាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​ទៅ​ដែរ ។ សាសន៍​របស់​អ្នក​ម្ដាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្ដាយ នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ › » ( Memoirs of John R. Young: Utah Pioneer ១៨៤៧ [ ឆ្នាំ ១៩២០ ] ទំព័រ ១៧-១៨ ) ។ មិនយូរប៉ុន្មាន ខាធើរិន ស្ពែនស៊ើរ បាន​ស្លាប់​ទៅ។

ពួក​បរិសុទ្ធ​បាន​ជួប​ប្រទះ​សេចក្ដី​លំបាក នៅ​ពេល​ធ្វើ​ដំណើរ ។ ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង និង ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ នោះ​ពួកបរិសុទ្ធ​បាន​ចំណាយ​ពេល​បួន​ខែ​ធ្វើដំណើរ​ឆ្លង​កាត់​រដ្ឋ អៃអូវ៉ា ដែលមានចម្ងាយ ៤៨០ គីឡូម៉ែត្រ ។ ចូរ​ពិចារណា​អំពី​ការធ្វើ​ដំណើរ​យឺតៗ​នេះ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​សម្រេច​ថា​ពុំ​បន្ដ​ដំណើរ​ទៅ​ភាគ​ខាង​លិច​ដើម្បី​ទៅ​កាន់​ជួរ​ភ្នំ រ៉កឃី ទៀត​ទេ ចាំ​រហូត​ដល់​និទាឃរដូវ​ឆ្នាំ ១៨៤៧ សិន ។ ពួកលោក​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធ តាំង​លំនៅ​សម្រាប់​រដូវ​រងារ ។ កន្លែង​តាំងលំនៅ​ដ៏​ធំ​បំផុត​មួយ គឺ​នៅ វិនទើរ ខ្វរទើរ្ស ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​លិច​នៃ​ទន្លេ​មិសសួរី ដែល​បច្បុបន្ន​នេះ​គឺ រដ្ឋ នេប្រាស្កា ។

វិនទើរ ខួរទើរ្ស

ការតាំងលំនៅ​ជា​បណ្ដោះ​អាសន្ន​នៅ វិនទើរ ខ្វរទើរ្ស

គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១-១៨

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ឲ្យ​ពួកបរិសុទ្ធ​រៀបចំ ហើយ​ត្រៀមខ្លួន​បន្ដ​ដំណើរ​ទៅ​កាន់​ភាគ​ខាង​លិច

ប្រធាន ព្រិកហាំ យ៉ង់ បាន​ទទួល​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦ នៅ វិនទើរ ខ្វរទើរ្ស ក្នុង​ខែ មករា ឆ្នាំ ១៨៤៧ ។

នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៦:១-១៨សូម​កត់ចំណាំ​ឱវាទ​របស់​ព្រះអម្ចាស់​អំពី​របៀប ដែល​ពួក​បរិសុទ្ធ​ត្រូវ​រៀបចំ​ខ្លួន ហើយ​ត្រៀមខ្លួន​ដើម្បី​បន្ដ​ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាង​លិច ។

អ្នក​នឹង​រៀន​បន្ថែម​ជាមួយ​គ្រូ​របស់​អ្នក​នៅ​ក្នុង​មេរៀន​នេះ អំពី​ការធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាង​លិច ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា « ការចាកចេញ​ពី​ទីក្រុង ណៅវូ » « ការធ្វើ​ដំណើរ​ឆ្លង​កាត់​រដ្ឋ អៃអូវ៉ា » និង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៦:១–១៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖