ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៣ ៖ ថ្ងៃទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧


មេរៀន​ទី ១៣ ៖ ថ្ងៃទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧

សេចក្ដីផ្ដើម

ក្នុង​ខែ មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​បញ្ជា​ដល់ យ៉ូសែប ស្ម៊ីធ និង ពួក​អែលឌើរ​ដទៃ​ទៀត ឲ្យ​កោះ​ហៅ​ប្រជុំ​គ្នា​ជា​សន្និសីទ​នៃ​សាសនាចក្រ​នៅ​រដ្ឋ មិសសួរី ( សូមមើល គ. និង ស. ៥២ ) ។ ដោយ​បាន​គោរពប្រតិបត្តិ​ចំពោះ​ការបញ្ជា​នោះ យ៉ូសែប ស្ម៊ីធ និង អ្នក​ដទៃ​ទៀត បាន​ធ្វើ​ដំណើរ​ប្រមាណ​ជា ១៤៤៨ គីឡូម៉ែត្រ​ពី​រដ្ឋ អូហៃអូ ទៅ​រដ្ឋ មិសសួរី ។ បន្ទាប់​ពី​ព្យាការី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋ មិសសួរី នោះ​លោក​បាន​ទទួល​វិវរណៈ ដែល​ឥឡូវ​នេះ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ទីតាំង​សម្រាប់​ទីក្រុង​ស៊ីយ៉ូន ដែល​បំពេញ​ការ​សន្យា​មួយ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដើម​ជាមួយ​ពួក​បរិសុទ្ធ ( សូមមើល គ. និង ស. ៥២ ) ។ ព្រះអម្ចាស់ ក៏​បាន​ណែនាំ​ផងដែរ​ដល់​បុគ្គល​ជាច្រើន ទាក់ទង​នឹង​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ឡើង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:១-៦

ព្រះអម្ចាស់​បើកសម្ដែង​ទីតាំង​នៃ​ទីក្រុង​ស៊ីយ៉ូន

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ដើម្បី​យល់​ឲ្យ​បាន​កាន់តែ​ច្បាស់​អំពី​អារម្មណ៍​របស់​លោក​ក្នុង​ការស្ថាបនា និង កសាង​ទីក្រុង​ស៊ីយ៉ូន​ឡើង ៖

ព្យាការី យ៉ូសែប ស្ម៊ីធ

« ការប្រជុំ​ជាមួយ​ពួក​បងប្អូន​ប្រុស [ អូលីវើរ ខៅឌើរី, ពេត្រុស វីតមើរ ជុញ្ញ័រ, សៃបា ភីតើសុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ជា​មនុស្ស​ទាំងអស់​ដែល​បាន​ទៅ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​រដ្ឋ មិសសួរី ] ដែល​បាន​រង់ចាំ​ការធ្វើ​ដំណើរ​មក​ដល់​របស់​យើង​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះ បាន​ប្រព្រឹត្ត​ទៅ​ជា​ការប្រជុំ​មួយ​ដ៏​អស្ចារ្យ ហើយ​ពោរពេញ​ទៅ​ដោយ​ទឹកភ្នែក ។ វា​ហាក់ដូចជា​រឿង​មួយ​ដ៏​ប្រពៃ និង គួរ​ឲ្យ​រីករាយ​សម្រាប់​ពួក​បងប្អូន​ប្រុស​ដើម្បី​ជួប​ប្រជុំ​គ្នា​ក្នុង​សាមគ្គីភាព ។ ប៉ុន្តែ ការយល់ឃើញ​របស់​យើង​មាន​ច្រើន កើតមាន​ឡើង​ដោយសារ​យើង​មក​ពី​រដ្ឋ​ដែល​មាន​ការរីកចម្រើន​ខ្ពស់​ក្នុង​សង្គម​ភាគ​ខាង​កើត ហើយ​ឥឡូវ​នេះ យើង​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ព្រំដែន​ភាគ​ខាង​លិច​នៃ​សហរដ្ឋ ដោយ​សម្លឹង​មើល​ទៅ​វាល​រហោស្ថាន​ដ៏​ធំ​ល្វឹងល្វើយ​នៃ​មនុស្ស​ដែល​បាន​រស់នៅ​ក្នុង​ពិភព​ងងឹត ដ្បិត​ប្រាកដ​ណាស់​វា​ត្រូវ​សង្កេត​ឲ្យ​ឃើញ​អំពី សភាព​ទាបថោក កង្វះ​បញ្ញា ភាព​សាហាវ​ឃោរឃៅ និង ភាពនិន្ទាឈ្នានីស​ពី​សំណាក់​មនុស្ស ដែល​ពុំ​ដើរ​ឲ្យ​ទាន់​សម័យ​កាល ហើយ​ត្រូវ​មាន​អារម្មណ៍​អាណិត​អាសូរ​ដល់​សាធុជន​ទាំងឡាយ ដែល​បាន​ធ្វើ​ដំណើរ​ត្រាច់​ចរ​ដោយ​គ្មាន​បាន​បង្កើន​ភាពរីកចម្រើន ភាពថ្លៃថ្នូរ ឬ សាសនា​អ្វី​ទាល់តែ​សោះ មែនហើយ ហើយ​បន្លឺ​ឡើង​ដោយ​ភាសា​នៃ​ពួក​ព្យាការី​ថា ៖ ‹ តើ​ទីវាល​រហោស្ថាន​នេះ នឹង​ក្លាយ​ទៅ​ជា​សួន​កុលាប​ដ៏​រីក​ស្គុះស្គាយ​នៅ​ពេល​ណា ? តើ​ទីក្រុង​ស៊ីយ៉ូន​នឹង​ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​សិរីល្អ​របស់​វា​នៅ​ពេល​ណា ហើយ​តើ​ព្រះ​វិហារ​បរិសុទ្ធ​របស់​ទ្រង់​នឹង​សាងសង់​ឡើង​នៅ​ទី​ណា ដែល​គ្រប់​អស់​ទាំង​សាសន៍​នឹង​នាំ​គ្នា​ចូល​មក​នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់​នោះ › ? មិន​យូរ​ប៉ុន្មាន ក្ដីអន្ទះសា​របស់​យើង​បាន​រសាយ​ទៅ​ដោយ​បាន​ទទួល​វិវរណៈ​ក្រោយ​មក​ទៀត [ វិវរណៈ ៖ គ. និង ស. ៥៧ ] » ( នៅ​ក្នុង History of the Church ១:១៨៩ ) ។

សូម​គិត​អំពី​គ្រា​ដែល​អ្នក​បាន​រួម​ចំណែក​ក្នុង​អ្វី​មួយ​ដោយ​ភាពក្លៀវក្លា​មាន​ដូចជា ការប្រារព្ធ​ពិធី​បុណ្យ ឬ ថ្ងៃ​ខួប​កំណើត ការបម្រើ​បេសកកម្ម ការទៅ​ព្រះវិហារ​បរិសុទ្ធ ការទទួល​បាន​អំណោយ​មួយ ឬ ការទៅ​សួរ​សុខទុក្ខ​មនុស្ស​ជា​ទី​ស្រឡាញ់​ម្នាក់ ។ តើ​អ្នក​បាន​មាន​អារម្មណ៍​ដូចម្ដេច កាល​ព្រឹត្តិការណ៍​នោះ​បាន​ខិត​ជិត​មក​ដល់ ? ហេតុអ្វី​បាន​ជា​ព្រឹត្តិការណ៍​នេះ មាន​សារៈសំខាន់​ដល់​ម្ល៉េះ​ចំពោះ​អ្នក ? តើ​ទង្វើ​របស់​អ្នក ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ភាពរំជើបរំជួល​របស់​អ្នក​ចំពោះ​ព្រឹត្តិការណ៍​នេះ​យ៉ាង​ដូចម្ដេច​ដែរ ?

ពួក​បរិសុទ្ធ​ជំនាន់​ដំបូង​ជា​ច្រើន​នាក់ បាន​រួម​ចំណែក​យ៉ាង​អន្ទះសា​ក្នុង​ការស្វែងយល់​ពី​ទីតាំង​ពិត​ប្រាកដ​នៃ​ទីក្រុង​ស៊ីយ៉ូន ។ ពីមុន​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧ ត្រូវបាន​ប្រទាន​ឲ្យ ពួកគេ​បាន​អាន​ព្រះគម្ពីរ​មរមន​អំពី​ទីក្រុង​យេរ៉ូសាឡិម​ថ្មី ដែល​នឹង​ត្រូវ​ស្ថាបនា​ឡើង​នៅ​លើ​ទ្វីប​អាមេរិក ( សូម​មើល នីហ្វៃទី៣ ២០–២១អេធើរ ១៣ ) ។ តាម​រយៈ​វិវរណៈ ដែល​ត្រូវបាន​ប្រទាន​ដល់ ព្យាការី យ៉ូសែប ស៊្មីធ ពួក​បរិសុទ្ធ​បាន​ស្វែងយល់​ថា ទីក្រុង​ស៊ីយ៉ូន​នឹង​ត្រូវ​ស្ថាបនា​ឡើង​នៅ​ទីតាំង​ណា​មួយ​ក្នុង​រដ្ឋ មិសសួរី ( សូម​មើល គ. និង ស. ៥២:២, ៥, ៤២ ) ។

សូម​ចងចាំ​ថា សមាជិក​សាសនាចក្រ​ទាំង​បី​ក្រុម​ធំៗ ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ដំណើរ​ជិត ១៤៤៨ គីឡូម៉ែត្រ ទៅ​កាន់​រដ្ឋ មិសសួរី ៖ ព្យាការី និង ក្រុម​តូច​មួយ​នៃ​ពួក​អែលឌើរ ( សូម​មើល គ. និង ស. ៥២–៥៣ ) ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ផ្សាយ​ដំណឹងល្អ​នៅ​តាម​ផ្លូវ ( សូម​មើល គ. និង ស. ៥២ ) និង ពួក​បរិសុទ្ធ​មក​ពី​ភូមិ ខូលស្វីល រដ្ឋ នូវ យ៉ោក ដែល​ត្រូវបាន​ដឹកនាំ​ដោយ នូវល ណៃត៍ ( សូម​មើល គ. និង ស. ៥៤ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧:១–៣រួច​គូសចំណាំ​អំពី​ទីតាំង ដែល​ទីក្រុង​ស៊ីយ៉ូន​ត្រូវបាន​ស្ថាបនា​ឡើង ។

យោង​តាម​ខគម្ពីរ​ទាំងនោះ តើ​ក្រុង អ៊ិនឌីប៉ែនដែនស៍​មាន​ទីតាំង​នៅ កន្លែង​ណា នៃ​ទីក្រុង​ស៊ីយ៉ូន ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧:៣ឡើង​វិញ រួច​គូស​ចំណាំ​អំពី​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​នឹង​ត្រូវបាន​សាងសង់​ឡើង​នៅ​ក្រុង អ៊ិនឌីប៉ែនដែនស៍ ឬ កន្លែង​កណ្ដាល​នៃ​ទីក្រុង​ស៊ីយ៉ូន​នោះ ។

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ ដាក់​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ៖ ព្រះវិហារបរិសុទ្ធ​ស្ថិត​នៅ​កន្លែង​កណ្ដាល​នៃ​ទីក្រុង​ស៊ីយ៉ូន ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់ ដែល​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​មាន​ទីតាំង​នៅ​កន្លែង​កណ្ដាល​នៃ​ទីក្រុង​ស៊ីយ៉ូន ?

    2. ហេតុអ្វី​បាន​ជា​វា​អាច​នឹង​មាន​សារៈសំខាន់ ដែល​ត្រូវ​មាន​ព្រះវិហារ​បរិសុទ្ធ​ស្ថិត​នៅ​ក្នុង​ជីវិត​របស់​យើង ?

សូម​គិត​អំពី​ការណ៍​ទាំងឡាយ ដែល​អាច​បង្អាក់​បុគ្គល​ម្នាក់ៗ ពី​ការទទួល​បាន​ពរជ័យ​ទាំងឡាយ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ តើ​អាច​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​មនុស្ស ដែល​ផ្ដោត​ជីវិត​ខ្លួន​ទៅ​លើ​កិច្ចការ​ខាង​លោកិយ ?

ផ្ទាំង​ស៊ីប
  1. journal iconសូម​គូរ​រូប​ផ្ទាំង​ស៊ីប​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​មាន​រង្វង់​គោលដៅ​មួយ​នៅ​ចំណុច​កណ្ដាល ។ សូម​សរសេរ​នៅ​លើ​ផ្ទាំង​ស៊ីប​នោះ​ថា ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​មក​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ជីវិត​របស់​អ្នក​អាច​នឹង​មាន​ភាពខុសគ្នា​យ៉ាង​ដូចម្ដេច ប្រសិនបើ​អ្នក​ផ្ដោត​ជីវិត​អ្នក​ទាំងស្រុង​ទៅ​លើ​កិច្ចការ​ខាង​វិញ្ញាណ ដូចជា​ព្រះវិហារ​បរិសុទ្ធ ?

    2. តើ​ការដាក់​ព្រះវិហារ​បរិសុទ្ធ​នៅ​ចំណុច​កណ្ដាល​នៃ​ជីវិត​យើង អាច​នឹង​ជួយ​យើង​ឲ្យ​ផ្ដោត​ជីវិត​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ដែល​ពិពណ៌នា​អំពី​ពរជ័យ​ទាំងឡាយ ដែល​អ្នក​អាច​ទទួល​បាន នៅ​ពេល​អ្នក​ផ្ដោត​ជីវិត​អ្នក​ទៅ​លើ​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ពេល​អ្នក​អាន សូម​គូសចំណាំ​ពរជ័យ​ណាមួយ​នៃ​ពរជ័យ​ទាំងនេះ ដែល​អ្នក​ធ្លាប់​ទទួល​បាន ។

ប្រធាន ថូម៉ាស អេស ម៉នសុន

« ចំពោះ​អ្នក​ដែល​មាន​ភាពសក្ដិសម ហើយ​មាន​លទ្ធភាព​ចូល​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​សូម​ដាស់តឿន​អ្នក​ឲ្យ​ចូល​ព្រះវិហារ​បរិសុទ្ធ​ជា​ញឹកញាប់ ។ ព្រះវិហារបរិសុទ្ធ គឺជា​កន្លែង​មួយ ដែល​យើង​អាច​រក​ឃើញ​ភាពសុខសាន្ត ។ នៅ​ទី​នោះ យើង​ទទួល​បាន​ការប្ដេជ្ញាចិត្ត​ជា​ថ្មី​ចំពោះ​ដំណឹងល្អ ហើយ​ការតាំងចិត្ត​របស់​យើង​ត្រូវបាន​ពង្រឹង​បន្ថែម​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ » ( ថូម៉ាស អេស ម៉នសុន « លុះត្រា​យើង​ជួប​គ្នា​ម្ដង​ទៀត » Ensignលីអាហូណាខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ១១៣ ) ។

ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« ជួនកាល គំនិត​យើង​ស្មុគស្មាញ​យ៉ាង​ខ្លាំង ដោយ​បញ្ហា​ផ្សេងៗ ហើយ​យើង​មាន​រឿង​ជាច្រើន ដែល​ទាមទារ​ឲ្យ​ដោះស្រាយ​ក្នុង​ពេល​តែ​មួយ ដែល​យើង​មិន​អាច​គិត​ឃើញ​ច្បាស់លាស់​បាន​នោះ​ទេ ។ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ធូលីដី​នៃ​ការរំខាន ហាក់​ដូចជា​ត្រូវបាន​បោស​សម្អាត អ័ព្ទ និង ព្រិល ហាក់​ដូចជា​បាន​រសាត់​បាត់ ហើយ​យើង​អាច ‹ មើល​ឃើញ › អ្វីៗ ដែល​យើង​ពុំ​អាច​មើល​ឃើញ​ពីមុន ថែមទាំង​រកឃើញ​មធ្យោបាយ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ ដែល​យើង​ពុំ​បាន​ដឹង​ពី​មុន » ( ប៊យដ៍ ឃេ ផាកកឺ « The Holy Temple » Ensign ខែ តុលា ឆ្នាំ ២០១០ ទំព័រ ៣៥ ) ។

ប្រធាន ថូម៉ាស អេស ម៉នសុន

« នៅ​ពេល​យើង​ចូលចិត្ត ហើយ​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ នោះ​ជីវិត​របស់​យើង​នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​សេចក្តី​ជំនឿ​របស់​យើង ។ នៅ​ពេល​យើង​ទៅ​ព្រះ​ដំណាក់​ដ៏​បរិសុទ្ឋ​នេះ ហើយ​ចងចាំ​នូវ​សេចក្តី​សញ្ញា ដែល​យើង​បាន​ធ្វើ​នៅ​ទីនោះ នោះ​យើង​នឹង​អាច​ប្រឈមមុខ​នឹង​រាល់​ការសាកល្បង ហើយ​យកឈ្នះ​លើ​រាល់​ការល្បួង​បាន ។ ព្រះវិហារបរិសុទ្ធ​ផ្តល់​នូវ​គោលបំណង​សម្រាប់​ជីវិត​យើង ។ វា​នាំ​យក​ភាពសុខសាន្ត​មក​ដល់​ព្រលឹង​យើង » ( ថូម៉ាស អេស ម៉នសុន « Blessings of the Temple » Ensign ខែ តុលា ឆ្នាំ ២០១០ ទំព័រ ១៥ ) ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ប្រសិន​បើ​យើង​គឺ​ជា​មនុស្ស​ដែល​ចូលចិត្ត​ទៅ​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​កាន់តែ​ប្រពៃ​ឡើង ។… ខ្ញុំ​ដឹង​ថា ជីវិត​របស់​អ្នក​មាន​ការមមាញឹក​ណាស់ ។ ខ្ញុំ​ដឹង​ថា អ្នក​មាន​កិច្ចការ​ច្រើន​ត្រូវធ្វើ ។ ប៉ុន្តែ ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា ប្រសិនបើ​អ្នក​ទៅ​ដំណាក់​នៃ​ព្រះអម្ចាស់ នោះ​អ្នក​នឹង​មាន​ពរ ជីវិត​នឹង​មាន​សភាព​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​អ្នក » ( ហ្គរដុន ប៊ី ហ៊ិងគ្លី « Excerpts from Recent Addresses of President Gordon B. Hinckley » Ensign ខែ កក្កដា ឆ្នាំ ១៩៩៧ ទំព័រ ៧៣ ) ។

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ

« ចូរ​យើង​ធ្វើ​ជា​មនុស្ស​ដែល​ចូលចិត្ត​ចូលរួម ហើយ​ស្រឡាញ់​ព្រះវិហារ​បរិសុទ្ធ ។ ចូរ​យើង​ប្រញាប់​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ កាន់តែ​ញឹកញាប់​តាម​ពេល​វេលា តាម​មធ្យោបាយ និង​តាម​ស្ថានភាព​របស់​យើង​ផ្ទាល់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ ចូរ​យើង​ទៅ​មិន​សម្រាប់​តែ​មរណជន​របស់​យើង​ប៉ុណ្ណោះ​នោះ​ទេ តែ​ចូរ​យើង​ទៅ សម្រាប់​ពរជ័យ​ផ្ទាល់ខ្លួន​របស់​យើង សម្រាប់​ការថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សម្រាប់​បរិសុទ្ធភាព និង​សុវត្ថិភាព ដែល​ត្រូវបាន​ផ្តល់​ឲ្យ​នៅ​ក្នុង​ជញ្ជាំង​ដ៏​សក្ដិសិទ្ធ និង ឧទ្ទិស​ទាំងនោះ​ផងដែរ ។ ព្រះវិហារបរិសុទ្ធ​ជា​ទី​ដែល​មាន​សោភ័ណភាព​ស្រស់​ស្អាត ជា​ទី​នៃ​វិវរណៈ វា​ជា​ទី​ដែល​មាន​សេចក្តីសុខសាន្ត ។ វា​ជា​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ។ វា​ជា​ទីបរិសុទ្ធ​ចំពោះ​ព្រះអម្ចាស់ ។ វា​នឹង​ជា​ទី​បរិសុទ្ធ​ចំពោះ​យើង » ( ហាវើដ ដបុលយូ ហឹនធើរ  The Great Symbol of Our Membership » Ensign ខែ តុលា ឆ្នាំ ១៩៩៤ ទំព័រ ៥ ) ។

ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ
  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពរជ័យ​ណា​ខ្លះ​ដែល​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខាង​លើ ដែល​អ្នក​ធ្លាប់​ទទួល​បាន ?

    2. តើ​ពរជ័យ​ទាំង​នេះ មាន​ឥទ្ធិពល​ទៅ​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​កាន់តែ​ពេញលេញ ដើម្បី​ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ​ក្លាយ​ជា​ចំណុច​កណ្ដាល​នៃ​ជីវិត​អ្នក ។ សូម​ដាក់​គោលដៅ​ដើម្បី​បន្ត ឬ មាន​ភាពសក្ដិសម​កាន់​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ និង ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ​ជា​ញឹកញាប់​តាម​អំណោយផល​នៃ​ពេល​វេលា ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧:៤–៦ កត់ត្រា​ថា ព្រះអម្ចាស់​បាន​បញ្ជា​ពួក​បរិសុទ្ធ​ឲ្យ​ទិញ​ដី​ធ្លី​នៅ​ក្នុង និង ជុំវិញ​ឃុំ​ចាកសុន រដ្ឋ មិសសួរី ដែល​អាច​ឲ្យ​ពួកគេ​ចាប់ផ្ដើម​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ឡើង ហើយ​កសាង​ព្រះវិហារ​បរិសុទ្ធ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៧:៧-១៦

ព្រះអម្ចាស់ ណែនាំ​ដល់​បុគ្គល​ជាច្រើន​នាក់ ទាក់ទង​នឹង​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ឡើង

សូម​ស្រមៃ​ថា អ្នក​មាន​វត្តមាន​ជាមួយ​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី កាល​ព្រះអម្ចាស់​បាន​បើកសម្ដែង​អំពី​ទីតាំង​នៃ​ទីក្រុង​ស៊ីយ៉ូន ហើយ​ថា​អ្នក​ត្រូវបាន​ស្នើ​ឲ្យ​បន្ត​នៅ​ទី​នោះ ដើម្បី​ជួយ​ស្ថាបនា​ទីក្រុង​នោះ​នៅ​ក្រុង អ៊ិនឌីប៉ែនដែនស៍ ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​ដូចម្ដេច ដោយ​ដឹង​ថា​អ្នក​មាន​ការទទួលខុសត្រូវ​មួយ​ដ៏​សំខាន់​បែប​នោះ ? តើ​អ្នក​នឹង​ចាប់ផ្ដើម​ស្ថាបនា​ទីក្រុង​ឡើង សម្រាប់​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ? តើ​អ្នក​នឹង​ចង់​ឲ្យ​នរណា​ជួយ​អ្នក​ស្ថាបនា​វា​ឡើង ?

  1. journal iconសូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧:៧-១៣ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​បង្កើត​បញ្ជី​ឈ្មោះ​នៃ​បុរស​ទាំង​បួន​នាក់ ដែល​ព្រះអម្ចាស់​បាន​ចាត់តាំង​ឲ្យ​ជួយ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ឡើង និង អ្វី​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​ពួកគេ​ធ្វើ ។

បុរស​ម្នាក់ៗ​ដែល​ត្រូវបាន​ស្នើ​ឲ្យ​តាំង​លំនៅ​នៅ​រដ្ឋ មិសសួរី បាន​មាន​អំណោយទាន និង ទេពកោសល្យ​ផ្សេងៗ ដែល​ត្រូវការ​ដើម្បី​ជួយ​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​ឡើង ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូចត​ទៅ​នេះ ដាក់​នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក ៖ យើង​គួរ​ប្រើ​ភាពខ្លាំង​ផ្ទាល់ខ្លួន​យើង ដើម្បី​ជួយ​ស្ថាបនា​នគរ​ព្រះអម្ចាស់​ឡើង​នៅ​ពេល​ទ្រង់​ហៅ​យើង​ឲ្យ​ធ្វើ ។

សូម​គិត​អំពី​មនុស្ស​ដែល​អ្នក​ស្គាល់ ដែល​ស្ថាបនា​សាសនាចក្រ​ឡើង ដោយ​ប្រើ​ភាពខ្លាំង អំណោយទាន​ខាង​វិញ្ញាណ ឬ ជំនាញ​ផ្ទាល់ខ្លួន ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ភាព​ខ្លាំង​របស់​អ្នក​គឺ​ជា​អ្វី ?

    2. តើ​អ្នក​អាច​ប្រើ​ភាពខ្លាំង​របស់​អ្នក​ទៅ​ផ្ដល់​ពរ​ដល់​ក្រុមគ្រួសារ​របស់​អ្នក និង សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖