មេរៀនទី ២៥ ៖ ថ្ងៃទី ១
សាសនាចក្រប្តូរទៅរដ្ឋមិសសួរីភាគខាងជើង
បុព្វកថា
ក្នុងឆ្នាំ ១៨៣៧ និង ១៨៣៨ ព្យាការី យ៉ូសែប ស្ម៊ីធ និង ថ្នាក់ដឹកនាំសាសនាចក្រដទៃទៀតបានដឹកនាំសាសនាចក្រឆ្លងកាត់ពេលលំបាកយ៉ាងថ្លៃថ្នូរ ។ ជាលទ្ធផលនៃវិបត្តិសេដ្ឋកិច្ច សេចក្តីលោភលន់ ការចាប់កំហុស និង ការបៀតបៀន នោះពួកបរិសុទ្ធប្រហែល ១០ ទៅ ១៥ ភាគរយនៅក្នុងទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ បានក្បត់សាសនា រួមមានទាំងថ្នាក់ដឹកនាំសាសនាចក្រដែលលេចធ្លោមួយចំនួនផងដែរ ។ ពួកបរិសុទ្ធស្មោះត្រង់នៅ រដ្ឋ អូហៃអូ បានចាប់ផ្តើមប្តូរទីលំនៅទៅចូលរួមពួកអ្នកនៅរដ្ឋ មិសសួរីភាគខាងជើង ។ ក្រុងហ្វាវេស្ទ រដ្ឋ មីសសូរី ក្លាយជាទីស្នាក់ការកណ្ដាលរបស់សាសនាចក្រ រហូតដល់ពួកបរិសុទ្ធបានបង្ខំឲ្យចាកចេញពីទីក្រុងនោះនៅដើមឆ្នាំ ១៨៣៩ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ និងរៀនពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានា ហើយផ្តល់ការយល់ដឹងដល់អ្នកអំពី វិវរណៈដែលបានទទួលអំឡុងពេលនោះ ។
ការលំបាក និងការក្បត់សាសនានៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូ
សូមគិតពីសំណួរដូចតទៅនេះ ៖ តើការលំបាក និងការសាកល្បងជួយពង្រឹងសេចក្ដីជំនឿអ្នក ឬសេចក្ដីជំនឿអ្នកចុះខ្សោយនៅពេលជួបប្រទះនឹងបញ្ហាទាំងនោះ ?
ក្នុងឆ្នាំ ១៨៣៧ និង ១៨៣៨ ជារយៈពេលមួយនៃការសាកល្បងដែលបាននាំឲ្យពួកបរិសុទ្ធជាច្រើនប្រឈមមុខនឹងសំណួរនេះ ។ ពេលដែលការសាកល្បងមួយចំនួនរបស់ពួកគេ គឺជាលទ្ធផលនៃការបៀតបៀនពីសាសនាចក្រខាងក្រៅ ការល្បងជាច្រើនទៀតគឺជាលទ្ធផលនៃការឈ្លោះប្រកែកនៅក្នុងសាសនាចក្រ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមសញ្ជឹងគិតអំពីរបៀបដែលប្រតិកម្មរបស់យើងចំពោះការសាកល្បងអាចពង្រឹងសេចក្ដីជំនឿ ឬ ក៏ធ្វើឲ្យសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទចុះខ្សោយ ។
ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ និងកន្លែងដែលនៅភាគខាងជើងនៃរដ្ឋ មិសសួរី
នៅពេលអ្នកអានប្រវត្តិសាស្ត្រសង្ខេបដូចខាងក្រោម សូមពិចារណាថាតើគោលការណ៍អ្វីដែលអ្នកអាចរៀនពីព្រឹត្តិការណ៍ដែលបានរៀបរាប់ ៖
ក្នុងឆ្នាំ ១៨៣៧ ពួកបរិសុទ្ធនៅក្នុងទីក្រុងខឺតឡង់ រដ្ឋអូហៃអូបានជួបនឹងបញ្ហាហិរញ្ញវត្ថុខ្លះៗ ។ ដើម្បីជួយពួកបរិសុទ្ធឲ្យគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាព នោះព្យាការី យ៉ូសែប ស្ម៊ីធ និងអ្នកដឹកនាំសាសនាចក្រដទៃទៀតបានស្ថាបនាសមាគមសង្គមសុវត្ថិភាពទីក្រុងខឺតឡង់ ជាក្រុមហ៊ុនមួយដែលស្រដៀងទៅនឹងធនាគារ ។ ដោយសារតែការរីករាលដាលនៃវិបត្តិសេដ្ឋកិច្ចអំឡុងពេលនោះ ធនាគារជាច្រើនបានដួលរលំទូទាំងសហរដ្ឋអាមេរិក ។ សមាគមសង្គមសុវត្ថិភាពទីក្រុងខឺតឡង់ ក៏បានដួលរលំនៅរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ១៨៣៧ ដែរ ។ អ្នកវិនិយោគពីររយនាក់នៅក្នុងធនាគារបានបាត់បង់អ្វីៗស្ទើរតែទាំងអស់ ដោយមាន យ៉ូសែប ស្ម៊ីធ ទទួលរងការការខូចខាតខ្លាំងជាងគេ ។ ទោះបីជាសមាគមសង្គមសុវត្ថិភាពទីក្រុងខឺតឡង់មិនត្រូវបានឧបត្ថម្ភដោយសាសនាចក្រក្ដី ក៏ពួកបរិសុទ្ធមួយចំនួនបានគិតថាវាជាធនាគាររបស់សាសនាចក្រ ឬជាធនាគាររបស់ព្យាការី ហើយបានបន្ទោសដល់ យ៉ូសែប ចំពោះបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ ។ អ្នកខ្លះថែមទាំងចាប់ផ្ដើមហៅលោកថាជាព្យាការីបរាជ័យមួយរូប ។ ប៉ុន្ដែ ទោះជាធនាគារបានដួលរលំក្ដី ក៏អ្នកដទៃផ្សេងទៀតជាច្រើន ដែលបានខាតលុយនោះ បានបន្ដមានសេចក្ដីជំនឿ និងបន្តស្មោះត្រង់ចំពោះព្យាការីដែរ ។ ( សូមមើល Church History in the Fulness of Times Student Manual,បោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ១៧១-៧៣) ។
ស្មារតីនៃការក្បត់សាសនា និងការស្វែងរកកំហុស បានរីករាលដាលនៅក្នុងចំណោមពួកបរិសុទ្ធជាច្រើន ។ ព្រិកហាំ យ៉ង់ បានរៀបរាប់ពីគ្រាដែលសមាជិកសាសនាចក្រ រួមទាំងអ្នកដឹកនាំសាសនាចក្រមួយចំនួន បានជួបជុំគ្នាដើម្បីទម្លាក់ យ៉ូសែប ស៊្មីធ ហើយតែងតាំងព្យាការីថ្មីមួយរូប ៖ « សាវកពីរបីនាក់នៅក្នុងចំណោមសាវកដប់ពីរនាក់ សាក្សីនៃព្រះគម្ពីរមរមន និងអ្នកមានសិទ្ធិអំណាចនៅក្នុងសាសនាចក្រដទៃទៀត បានមានការប្រជុំប្រឹក្សានៅបន្ទប់ជាន់ខាងលើនៃព្រះវិហារបរិសុទ្ធ ។ សំណួរដែលចោទសួរនោះ គឺថាតើព្យាការី យ៉ូសែប អាចត្រូវទម្លាក់ ហើយតែងតាំង ដាវីឌ វិតមើរ ជាប្រធានសាសនាចក្រជំនួសវិញដោយរបៀបណា ។… ខ្ញុំបានក្រោកឈរឡើង ដោយច្រឡោត ហើយបានប្រាប់ទៅពួកគេថា ខ្ញុំដឹងថា យ៉ូសែប គឺជាព្យាការីម្នាក់ ហើយពួកគេអាចតិះដៀល និងនិយាយបង្ខូចលោកបានតាមពួកគេត្រូវការ ប៉ុន្ដែពួកគេមិនអាចបំផ្លាញការជ្រើសតាំងរបស់ព្យាការីនៃព្រះបានទេ ពួកគេអាចត្រឹមតែបំផ្លាញសិទ្ធិអំណាចរបស់ខ្លួនឯង និងកាត់ចំណងដែលចងពួកគេទៅនឹងព្យាការី និងព្រះ ហើយពន្លិចខ្លួនទៅក្នុងនរកប៉ុណ្ណោះ » ( Manuscript History of Brigham Young, 1801–1844, ed. Elden Jay Watson [១៩៦៨], ទំព័រ ១៥-១៦ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសេចក្ដីពិតអ្វីខ្លះ ដែលយើងអាចរៀនពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងនេះ ?
-
តើអ្នកអាចធ្វើអ្វី ដើម្បីបន្តមានភាពស្មោះត្រង់ចំពោះព្យាការី ក្នុងពេលនៃការចាប់កំហុសនេះ ? តើនៅពេលណាដែលការស៊ូទ្រាំនឹងការសាកល្បងដោយសេចក្ដីជំនឿ បានពង្រឹងសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ ?
-
តើការធ្វើតាមព្យាការីអាចកា្លយជាការការពារខាងវិញ្ញាណ សម្រាប់អ្នកដោយរបៀបណា ?
-
នៅត្រឹមខែ មិថុនា ឆ្នាំ ១៨៣៨ មានអ្នកក្បត់សាសនាប្រហែលជា ២០០ ឬ ៣០០ នាក់បានចាកចេញពីសាសនាចក្រ រួមមានពួកសាវកបួនរូប ដែលជាសាក្សីបីនាក់នៃព្រះគម្ពីរមរមន និងសមាជិកនៃគណៈប្រធានទីមួយម្នាក់ ( សូមមើល Church History in the Fulness of Times,ទំព័រ ១៧៧) ។ ទោះជាយ៉ាងណាក្ដី ពួកបរិសុទ្ធភាគច្រើនបានឆ្លើយតបទៅនឹងរយៈពេលនៃការសាកល្បងនេះដោយសេចក្ដីជំនឿ ដូចជាព្រិកហាំ យ៉ង់ ដែរ ។ ពួកគេត្រូវបានពង្រឹងដោយព្រះអម្ចាស់ ហើយពួកគេនៅតែស្មោះចំពោះទីបន្ទាល់របស់ពួកគេ ។ មានមនុស្សបួនប្រាំនាក់នៃអស់អ្នកដែលបានចាកចេញពីសាសនាចក្រអំឡុងពេលនៃការក្បត់សាសនានេះ ក្រោយមកបានត្រឡប់មកវិញ និងបានស្នើសុំរួបរួមគ្នាជាថ្មីម្ដងទៀតជាមួយនឹងសាសនាចក្ររបស់ព្រះអម្ចាស់ ។ នៅក្នុងចំណោមពួកគេនោះគឺមាន អូលីវើរ ខៅឌើរី ម៉ាទីន ហារីស លូកា ចនសុន និងហ្វ្រែឌើរិក ជី វិលលាម្ស ។
នៅកណ្ដាលនៃការតស៊ូទាំងនេះនៅក្នុងទីក្រុងខឺតឡង់ មានអ្នកក្បត់សាសនាពីរបីនាក់បានប៉ុនប៉ងសម្លាប់ យ៉ូសែប ស្ម៊ីធ ។ លូក ចនសិន ដែលបានក្បត់ចេញពីសាសនាចក្រ មានសេចក្ដីសុចរិតគ្រប់គ្រាន់ដើម្បីព្រមានព្យាការីពីផែនការនោះ ។ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានចាកចេញពីទីក្រុង ខឺតឡង់នៅខែ មករា ឆ្នាំ ១៨៣៨ ។ ពួកលោកបានគេដេញតាមជាច្រើនថ្ងៃ ប៉ុន្ដែព្រះអម្ចាស់បានការពារពួកលោក ។ ពួកលោកបានមកដល់ជួបជុំគ្រួសាររបស់ពួកលោកនៅក្រុងហ្វាវេស្ទ រដ្ឋមីសសូរី នៅខែ មីនា ឆ្នាំ ១៨៣៨ ។
ភាគខាងជើងនៃរដ្ឋ មិសសួរី
សូមរកមើលរដ្ឋ មិសសួរី នៅលើផែនទីនៅខាងដើមនៃមេរៀននេះ ។ នៅពេលពួកបរិសុទ្ធត្រូវបានបណ្តេញចេញពី ឃុំ ចាកសុន ខោនធី រដ្ឋ មិសសួរី នៅក្នុងឆ្នាំ ១៨៣៣ ប្រជាពលរដ្ឋនៃភូមិជិតខាងបានស្វាគមន៍ពួកគេ ហើយបានធ្វើឲ្យពួកគេធូរស្បើយ ដោយគិតថា ពួកបរិសុទ្ធនឹងស្នាក់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ។ ប៉ុន្តែ បន្ទាប់ពីពួកបរិសុទ្ធបានរស់នៅទីនោះអស់រយៈពេលជិតបីឆ្នាំមក ប្រជាពលរដ្ឋទាំងនេះបានចាប់ផ្ដើមគៀបសង្កត់ឲ្យពួកគេចាកចេញពីភូមិនោះ ។
នៅពេលអ្នកអានពីប្រវត្តិសាស្ត្រសង្ខេបដូចខាងក្រោម សូមពិចារណាថាតើគោលការណ៍អ្វីដែលអ្នកអាចរៀនពីព្រឹត្តិការណ៍ដែលបានរៀបរាប់ ៖
ក្នុងឆ្នាំ ១៨៣៧ ចន វិតមើរ និង វិលាម ដ័បុលយូ ហ្វែប្ស ជាទីប្រឹក្សាពីររូបក្នុងគណៈប្រធានស្តេក មិសសួរី បានប្រើមូលនិធិសាសនាចក្រទិញដីនៅកន្លែងដែលត្រូវបានស្គាល់ថា ក្រុងហ្វាវេស្ទ ក្នុងភាគខាងជើងនៃរដ្ឋ មិសសួរី ។ ប៉ុន្តែ ពេលពួកគេបានចែកចំណែកដីដល់ពួកបរិសុទ្ធដែលមកដល់ ពួកគេបានលក់ដីនោះយកប្រាក់ចំណេញតិចតួចទុកខ្លួនឯង ។ ទោះជាយ៉ាងនោះក្ដី ក្រុមប្រឹក្សាជាន់ខ្ពស់បានលើកទោសឲ្យពួកគេ ហើយបានចាត់ឲ្យអ្នកផ្សេងទៀតចែកចំណែកដីវិញ ។ ប៉ុន្តែ ចន និង វិល្លាម បន្តចង់បានបា្រក់ចំណេញពីការលក់ដី ។ ក្នុងឆ្នាំ ១៨៣៨ ក្រុមប្រឹក្សាជាន់ខ្ពស់បានកាត់កាលពួកគេចេញ ។ ( សូមមើល Church History in the Fulness of Times,ទំព័រ ១៨៣-៨៥) ។
យ៉ូសែប ស៊្មីធ បានគាំទ្រទង្វើរបស់ក្រុមប្រឹក្សា ដែលធ្វើឲ្យ វិល្លាមមានការថ្នាំងថ្នាក់ចិត្ត ។ ក្នុងខែ វិច្ឆិកា ឆ្នាំ ១៨៣៨ គាត់បានចុះហត្ថលេខាលើលិខិតថ្លែងសច្ចាទាស់នឹងព្យាការី ។ លិខិតថ្លែងសច្ចានេះ បាននាំឲ្យមានការចាប់ខ្លួន យ៉ូសែប និងអ្នកដទៃទៀត ហើយបានបញ្ជូនចូលគុកលីប៊ើធី នៅរដូចរងា ។
នៅក្នុងគុក ព្យាការី យ៉ូសែប ស៊្មីធ និងអ្នកនៅជាមួយលោក បានរងទុក្ខយ៉ាងមហិមា មិនត្រឹមតែពីស្ថានភាពដ៏យ៉ាបយ៉ឺនក្នុងគុកប៉ុណ្ណោះទេ ថែមទាំងពីរបាយការណ៍ស្ដីពីការបណ្ដេញពួកបរិសុទ្ធចេញពីផ្ទះសម្បែង និងធ្វើបាបសព្វបែបយ៉ាងផងដែរ ។ ពួកមនុស្សកំណាចក្នុងរដ្ឋ មិសសួរី ដោយមិនត្រូវបានពិនិត្យដោយរដ្ឋអំណាច បានបំផ្លាញ និងសម្លាប់មនុស្ស ១៧ នាក់ នៅរោងម៉ាស៊ីនកិនស្រូវមួយកន្លែងដែលកាន់កាប់ដោយបុរសម្នាក់មានឈ្មោះថា យ៉ាកុប ហន ។
វិលាម ដ័បុលយូ ហ្វែប្ស បានរងទុក្ខខាងវិញ្ញាណសម្រាប់ទង្វើរបស់គាត់ ហើយគាត់បានសរសេរសំបុត្រសូមការអភ័យទោសពី យ៉ូសែប ។ ព្យាការីបានសរសេរតបវិញ ៖
« វាជាការពិតណាស់ថាយើងបានរងទុក្ខជាច្រើន ដោយសារលទ្ធផលនៃទង្វើរបស់អ្នក—[ ពែងល្វីង ] ពេញល្មមគ្រប់គ្រាន់សម្រាប់ឲ្យយើងផឹកហើយ ប៉ុន្តែវាបានហៀរពេលអ្នកបែរមកប្រឆាំងយើង ។…
« ប៉ុន្តែ ពែងនោះត្រូវបានផឹកហើយ ព្រះទ័យរបស់ព្រះវរបិតាត្រូវបានសម្រេច ហើយពួកយើងនៅមានជីវិតនៅឡើយ នោះហើយជាហេតុផលដែលយើងអរព្រះគុណដល់ព្រះអម្ចាស់ ។…
« ដោយជឿថាការសារភាពរបស់អ្នកពិត ហើយអ្នកប្រាកដជាប្រែចិត្តមែន ខ្ញុំមានភាពរីករាយក្នុងការផ្ដល់សិទ្ធិឲ្យអ្នកធ្វើជាសមាជិកម្ដងទៀត ហើយរីករាយចំពោះការត្រឡប់មកវិញរបស់កូនប្រុសខ្ជះខ្ជាយ ។…
« ‹ បងជាទីស្រឡាញ់អើយ សង្គ្រាមបានកន្លងហួសទៅហើយ មិត្តភក្ដិមួយថ្ងៃ គឺមិត្តភក្ដិមួយជីវិត › » ( នៅក្នុង History of the Church, ៤:១៦៣–៦៤ ) ។
ផ្នែកមួយនៃសំបុត្ររបស់ យ៉ូសែប ស៊្មីធ សរសេរទៅកាន់ វីល្លាម ដ័បុលយូ ហ្វែប្ស
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើហេតុអ្វីបានជាវាមានការលំបាកក្នុងការអភ័យទោសឲ្យមិត្តភក្ដិម្នាក់ ដែលបានក្បត់អ្នក ហើយបានធ្វើឲ្យអ្នករងទុក្ខ ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពីគំរូរបស់ យ៉ូសែប ស្ម៊ីធ ? ( គោលការណ៍នេះ អាចរំឭកអ្នកពីវគ្គចំណេះចំណានខគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៩–១១ ។ អ្នកអាចរំឭកឡើងវិញនូវបទគម្ពីរ ដើម្បីឃើញថាវាទាក់ទងនឹងបទពិសោធន៍របស់ យ៉ូសែប ស៊្មីធ និង វិល្លាម ដ័បុលយូ ហ្វែប្ស ដោយរបៀបណា ) ។
-
តើមេរៀនអ្វីផ្សេងទៀត ដែលយើងអាចរៀនពីរឿងនេះ ?
-
-
សូមជ្រើសរើសគោលការណ៍មួយ ដែលអ្នកបានរកឃើញចេញពីប្រវត្តិសាស្រ្តសង្ខេបទាំងពីរនេះ ។ សូមសរសេរអំពីពេលដែលអ្នកបានឃើញគំរូរបស់វា នៅក្នុងជីវិតអ្នក ឬនៅក្នុងជីវិតរបស់អ្នកណាផ្សេងទៀតដែលអ្នកស្គាល់ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
ព្រឹត្តិការណ៍ដែលនាំទៅរកការបណ្ដេញពួកបរិសុទ្ធចេញពីភាគខាងជើងនៃរដ្ឋ មិសសួរី
តើអ្នកធ្លាប់បានឃើញសមាជិកសាសនាចក្រ បានធ្វើការជ្រើសរើសដែលធ្វើឲ្យមនុស្សផ្សេងទៀតមានអារម្មណ៍អវិជ្ជមានចំពោះសាសនាចក្រដែរឬទេ ? អ្នកអាចនឹងចង់គិតពីរបៀបដែលទង្វើរបស់អ្នក បានជះឥទ្ធិពលលើអារម្មណ៍អ្នកដទៃអំពីសាសនាចក្រ ។
តើហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់យើង ដើម្បីគិតអំពីរបៀបដែលទង្វើ ឬពាក្យសម្ដីរបស់យើងឆ្លុះបញ្ជាំងអំពីសាសនាចក្រ ?
ក្នុងឆ្នាំ ១៨៣៨ ទង្វើ និងពាក្យសម្ដីរបស់សមាជិកសាសនាចក្រមួយចំនួន បានបន្ថែមលើអារម្មណ៍អវិជ្ជមានរបស់ប្រជាពលរដ្ឋមួយចំនួននៅរដ្ឋ មិសសួរី ចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅពេលអ្នកអានអំពីប្រវត្តិសាស្ត្រសង្ខេបដូចខាងក្រោម សូមរកមើលអ្វីដែលពួកបរិសុទ្ធមួយចំនួនបាននិយាយ ឬបានធ្វើ ដែលធ្វើឲ្យសាសនាចក្រ និងសមាជិកខូចឈ្មោះ ។ សូមគិតពីការគូសចំណាំអ្វីដែលអ្នករកឃើញ ។
នៅក្នុងឆ្នាំ ១៨៣៧ និង ១៨៣៨ សមាជិកនៃសាសនាចក្រដែលខូចមិត្តភាព និងត្រូវបានកាត់កាលចេញពីសាសនាចក្រ ដែលរស់នៅក្នុងចំណោមពួកបរិសុទ្ធនៅក្នុងក្រុងហ្វាវេស្ទ រដ្ឋ មិសសួរី មួយចំនួនបានចាប់ផ្ដើមប្ដឹងផ្ដល់ទាស់នឹងសាសនាចក្រ និងដើម្បីវាយប្រហារលើសាសនាចក្រ ។ ពួកបរិសុទ្ធមួយចំនួនបានចាប់ផ្ដើមអស់ភាពអត់ធ្មត់នឹងពួកអ្នកប្រឆាំងទាំងនេះ ។ នៅក្នុងខែ មិថុនា ឆ្នាំ ១៨៣៨ ស៊ីឌនី រិកដុន បានថ្លែងដោយខឹងសម្បារ ដែលវាត្រូវបានគេស្គាល់ថាជា « ទេសនកថាអំបិល » ។ លោកបាននិយាយពី ម៉ាថាយ ៥:១៣ ហើយបានថ្លែងថា ប្រសិនបើអំបិលបាត់បង់រសជាតិរបស់វា នោះវាគ្មានប្រយោជន៍សោះ ហើយគួរតែកាត់ចេញទៅ ដោយបង្កប់ន័យថា អស់អ្នកដែលបានចាកចេញពីសាសនាចក្រគួរតែត្រូវបានកាត់ចេញពីក្នុងចំណោមពួកបរិសុទ្ធទៅ ។ បន្ថែមពីលើនោះ សមាជិកសាសនាចក្រ ៨៤នាក់បានចុះហត្ថលេខាលើឯកសារមួយ ដែលទាមទារឲ្យពួកអ្នកក្បត់សាសនាចាកចេញពីភូមិ ។ ពីរសប្ដាហ៍ក្រោយមក នៅថ្ងៃទី ៤ ខែ កក្កដា ស៊ីឌនី បានថ្លែងសុន្ទកថាមួយ ដែលលោកបានសន្យាថា ពួកបរិសុទ្ធនឹងការពារខ្លួនគេថ្វីបើមាន « សង្គ្រាមនៃការបំផ្លាញចោល » កើតឡើងក្តី ។ ទោះបីជាសុន្ទរកថាទាំងពីរនេះហាក់ដូចជាប្រឆាំងនឹងការណែនាំរបស់ព្រះអម្ចាស់ដើម្បី « តវ៉ាសូមសេចក្ដីសុខសាន្ដ » ( គ. និង ស. ១០៥:៣៨ ) ក្ដី ក៏សុន្ទរកថាទាំងពីរនេះត្រូវបានបោះពុម្ព និងបានបណ្ដាលឲ្យមានការបង្អើលដល់ក្នុងចំណោមអ្នកមិនមែនជាពួកបរិសុទ្ធថ្ងៃចុងក្រោយដែរ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៩១-៩២) ។
នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៣៨ ពួកបរិសុទ្ធមួយក្រុមបានព្យាយាមបោះឆ្នោតនៅទីក្រុង ហ្គាឡាទីន រដ្ឋ មិសសួរី ប៉ុន្តែត្រូវបានវាយប្រហារដោយប្រជាជនមិសសួរី ។ ពួកបរិសុទ្ធបានវាយតបវិញ ហើយមនុស្សនៅក្នុងក្រុមទាំងពីរបានរងរបួស ។ ឧបទ្ទវហេតុនេះ បាននាំទៅរកជម្លោះ និងការគំរាមកំហែងបន្ថែមទៀត ហើយបានបង្កើនការយល់ច្រឡំរវាងពួកបរិសុទ្ធថ្ងៃចុងក្រោយ និងអ្នកជិតខាងរបស់គេនៅរដ្ឋ មិសសួរី ។ ( សូមមើល Journals, វ៉ុល ១ ៖ ឆ្នាំ ១៨៣២–១៨៣៩ វ៉ុល ១ នៃthe Journals series នៃ The Joseph Smith Papers [ ឆ្នាំ ២០០៨ ] ទំព័រ ២៩៨-៣០១ ) ។
អំឡុងពេលនេះ អ្នកប្រែចិត្តជឿម្នាក់ឈ្មោះ សេមសិន អាវើត បានធ្វើសម្បថសម្ងាត់ចំពោះអស់អ្នកដែលនឹងចូលរួមជាមួយនឹងគាត់ក្នុងការបង្កើតក្រុមចោរប្លន់មួយក្រុម ដែលហៅថា ពួកឌែណៃ ។ អាវើត បានណែនាំពួកគេឲ្យលួច និងប្លន់ពួកអ្នកនៅរដ្ឋមិសសួរី ដោយនិយាយថា ការណ៍នេះនឹងជួយកសាងដល់នគររបស់ព្រះ ។
អាវើត បានបញ្ចុះបញ្ចូលដល់អ្នកដើរតាមខ្លួនថា ការដឹកនាំរបស់គាត់បានមកពីគណៈប្រធានទីមួយ ។ ក្រោយមក ការពិតត្រូវបានលាតត្រដាង ហើយអាវើតត្រូវបានកាត់កាល់ចេញ ។ សកម្មភាពរបស់អាវើត បានបណ្ដាលឲ្យមានការខូចខាតដ៏ខ្លាំងដល់កិត្ដិនាមរបស់សាសនាចក្រ និងបានធ្វើឲ្យព្យាការីត្រូវគេចាប់ដាក់គុកលីប៊ើរធី ។
នៅខែ តុលា ឆ្នាំ ១៨៣៨ មានការប្រយុទ្ធតតាំងគ្នារវាងសមាជិកសាសនាចក្រមួយចំនួន និងពួកទាហានរដ្ឋ មិសសួរី ។ របាយការណ៍ពន្លើសនៃសង្គ្រាមនេះបានឮទៅដល់លោកអភិបាល ប័ហ្គស៍ ជាអ្នកចេញដីកាបំផ្លាញចោល ៖ « ពួកមរមនត្រូវតែចាត់ទុកថាជាសត្រូវ និង ត្រូវតែបំផ្លាញចោល ឬបណ្ដេញចេញពីរដ្ឋនេះ ប្រសិនបើចាំបាច់ដើម្បីប្រយោជន៍សាធារណៈ » ( នៅក្នុង History of the Church ៣:១៧៥ ) ។ ភ្លាមៗនោះ ក្រុងហ្វាវេស្ទ ត្រូវបានឡោមព័ទ្ធដោយទាហានមួយក្រុម ដែលមានចំនួនច្រើនលើសលុបលើកម្លាំងរបស់ពួកបរិសុទ្ធប្រាំដង ។ ព្យាការី យ៉ូសែប ស្ម៊ីធ និងអ្នកដឹកនាំសាសនាចក្រផ្សេងទៀតត្រូវបានចាប់ដាក់គុកនៅក្នុងគុកលីប៊ើរធី ជាកន្លែងដែលពួកលោកបន្ដនៅពេញមួយរដូវត្រជាក់ ។ ពួកបរិសុទ្ធទាំងឡាយផ្សេងទៀតត្រូវបានបង្ខំឲ្យចាកចេញពីរដ្ឋនេះ ។ ( សូមមើល Church History in the Fulness of Times, ទំព័រ ១៩៩-២០០, ២០៤, ២០៨) ។
ពួកបរិសុទ្ធត្រូវបង្ខំឲ្យចាកចេញពីក្រុងហ្វាវេស្ទ រដ្ឋ មិសសួរី ។
គោលការណ៍មួយដែលយើងអាចរកឃើញ ពីពេលនោះគឺ ទង្វើ និងពាក្យសម្ដីរបស់យើង អាចមានឥទ្ធិពលលើទស្សនៈអ្នកដទៃចំពោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកគិតថា ហេតុអ្វីវាសំខាន់ចំពោះយើងដើម្បីទទួលស្គាល់ថា ទង្វើរបស់សមាជិកសាសនាចក្រមួយចំនួននៅសម័យមុន រួមចំណែកដល់គំនិតអវិជ្ជមានដែលប្រជាជនរដ្ឋ មិសសួរី មានអំពីសាសនាចក្រ ?
ទោះជាជម្រើសមិនល្អរបស់យើងអាចមានឥទ្ធិពលលើអ្នកដទៃ ឲ្យមើលឃើញសាសនាចក្រក្នុងផ្លូវអាក្រក់ក៏ដោយ ក៏យើងអាចជួយអ្នកដទៃឲ្យមានទស្សនៈវិជ្ជមានចំពោះសាសនាចក្រតាមរយៈពាក្យសម្ដី និងទង្វើរបស់យើងបានដែរ ។
-
សូមសរសេរអំពីពេលមួយដែលអ្នកបានឃើញ ពាក្យសម្ដី ឬទង្វើរបស់នរណាម្នាក់មានឥទ្ធិពលលើនរណាម្នាក់ឲ្យមានទស្សនៈវិជ្ជមានលើសាសនាចក្រ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
សូមរកមើលវិធីដើម្បីតំណាងយ៉ាងវិជ្ជមាន ឲ្យសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៅសប្ដាហ៍ក្រោយទៀត ។ នៅពេលដែលអ្នកធ្វើដូច្នោះ ព្រះអម្ចាស់នឹងប្រទានពរឲ្យអ្នក ។
គោលការណ៍សំខាន់មួយ ដែលយើងរៀនពីពេលនេះ នៅក្នុងប្រវត្តិសាសនាចក្រគឺ នៅពេលយើងជ្រើសរើសឆ្លើយតបទៅនឹងការសាកល្បង ដោយសេចក្ដីជំនឿជាជាងការសង្ស័យនោះ ទីបន្ទាល់របស់យើងអាចត្រូវបានពង្រឹង ។
-
សូមឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើខ្ញុំនឹងធ្វើអ្វីខុសប្លែកពីមុន ដោយសារតែគោលលទ្ធិ និងគោលការណ៍ដែលខ្ញុំបានរៀននៅថ្ងៃនេះទៅ ?
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀន « សាសនាចក្រប្តូរទៅរដ្ឋមិសសួរីភាគខាងជើង » ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖