មេរៀនទី ២៩ ៖ ថ្ងៃទី ១
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១-៣៥
បុព្វកថា
នៅថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ១៨៣១ គឺពីរថ្ងៃបន្ទាប់ពី ព្រះអម្ចាស់បានណែនាំ យ៉ូសែប ស៊្មីធ ឲ្យបោះពុម្ពព្រះគម្ពីរនៃបទបញ្ញត្តិ ( សូមមើល គ. និង ស. ១ក្បាលកណ្ឌ ) ព្យាការីបានទទួលវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣ ។ វិវរណៈនេះត្រូវបានបញ្ចូលទៅក្នុងការបោះពុម្ពឆ្នាំ ១៨៣៥ នៃគោលលទ្ធិ និង សេចក្ដីសញ្ញា ទុកជាសេចក្ដីបន្ថែម ហើយក្រោយមកត្រូវបានទុកជាលេខកណ្ឌ ។ អ្នកដែលបានធ្វើការជាមួយសំណៅដើមនោះ មានបំណងឲ្យវិវរណៈនេះត្រូវបានដាក់បញ្ចូលជាមួយនឹង កណ្ឌទី ១ ទៅក្នុងវិវរណៈដែលត្រូវបានដាក់បញ្ចូលទៅក្នុងការបោះពុម្ពនាឆ្នាំ ១៨៣៥ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣ នឹងត្រូវបានបំបែកជាពីរមេរៀន ។ មេរៀននេះមាននូវការត្រាស់បង្គាប់ពីព្រះអម្ចាស់ ដែលប្រាប់ឲ្យរាស្ត្ររបស់ទ្រង់ និង មនុស្សទូទៅត្រៀមខ្លួនទទួលការយាងមកជាលើកទីពីររបស់ទ្រង់ ។ វាក៏មាននូវការព្យាករណ៍អំពីព្រឹត្តិការណ៍នានា ដែលទាក់ទងនឹងការយាងមកជាលើកទីពីរ និង រជ្ជកាលនៃសហស្សវត្សរ៍របស់ទ្រង់ផងដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១-១៥
ព្រះអម្ចាស់ត្រាស់បង្គាប់ឲ្យរាស្ត្រទ្រង់ ត្រៀមខ្លួនទទួលការយាងមកជាលើកទីពីររបស់ទ្រង់
តើអ្នកធ្លាប់ទៅសាលា ហើយដឹងខ្លួនថាអ្នកភ្លេចត្រៀមខ្លួនប្រឡងដែរឬទេ ? តើអ្នកបានមានអារម្មណ៍ដូចម្ដេច ឬ តើអ្នកអាចនឹងមានអារម្មណ៍ដូចម្ដេច ?
តើអ្នកមានអារម្មណ៍ដូចម្ដេច នៅពេលអ្នកដឹងថាបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រឡង ?
សូមគិតអំពីព្រឹត្តិការណ៍មួយចំនួននាពេលអនាគត ដែលអ្នកគួរតែត្រៀមខ្លួនពីឥឡូវនេះទៅ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១-៣ដោយស្វែងរកព្រឹត្តិការណ៍មួយ ដែលយើងត្រូវតែត្រៀមខ្លួនទទួល និង មូលហេតុរបស់វា ។
វាអាចនឹងផ្ដល់អត្ថប្រយោជន៍ក្នុងការដឹងថា « យាងចុះមកលើពិភពលោក ដោយសេចក្ដីបណ្ដាសាដើម្បីជំនុំជម្រះ » ( គ. និង ស. ១៣៣:២ ) សំដៅទៅលើការដាក់ទណ្ឌកម្មលើពួកទុច្ចរិត នៅពេលដែលទ្រង់យាងមកជាលើកទីពីរ ។ ឃ្លា « លាតព្រះពាហុបរិសុទ្ធរបស់ទ្រង់ » ( គ. និង ស. ១៣៣:៣ ) សំដៅទៅលើព្រះអម្ចាស់ បង្ហាញអានុភាព និង ព្រះចេស្ដារបស់ទ្រង់ទៅកាន់ពិភពលោក ។ ឃ្លា « អស់ទាំងចុងផែនដី នឹងបានឃើញសេចក្ដីសង្គ្រោះនៃព្រះរបស់ពួកគេ » ( គ. និង ស. ១៣៣:៣ ) មានន័យថា មនុស្សទាំងអស់នឹងឃើញការរំដោះ ដែលព្រះនឹងនាំមកដល់អស់អ្នកដែលធ្វើតាមទ្រង់ ។
នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣សូមគិតអំពីមូលហេតុដែលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ និង ការត្រៀមខ្លួនរបស់យើងមានសារៈសំខាន់បំផុត ។
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:២តើនឹងមានអ្វីកើតឡើងចំពោះពួកមនុស្សអាក្រក់ ឬ ពួកទុច្ចរិត នៅពេលព្រះយេស៊ូវគ្រីស្ទយាងមកជាលើកទីពីរ ? សូមឆ្លើយសំណួរនេះ ដោយបញ្ចប់គោលលទ្ធិដូចតទៅ ដោយប្រើអ្វីមួយដែលអ្នកបានរៀនចេញពីខគម្ពីរនេះ ៖ នៅពេលទ្រង់យាងមកជាលើកទីពីរ ព្រះយេស៊ូវគ្រីស្ទនឹងយាងមក ។
យើងរៀនចេញពីខគម្ពីរទាំងនេះថា ពួកទុច្ចរិត និង ពួកមនុស្សអាក្រក់នឹងមិនបានត្រៀមខ្លួនរួចរាល់សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនោះទេ ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីប្រាកដថា យើងបានត្រៀមខ្លួនរួចរាល់ ?
-
សូមបំពេញកិច្ចការខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរឃ្លាខាងក្រោមនេះ ៖ ជួយរៀបចំយើង ទទួលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤–១៦ដោយស្វែងរកឃ្លាទាំងឡាយដែលអាចត្រូវបានប្រើដើម្បីបំពេញចន្លោះ ។ សូមសរសេរឃ្លាយ៉ាងតិចចំនួនប្រាំ ពីក្រោមចន្លោះទទេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមជ្រើសរើសឃ្លាដែលអ្នកបានរកឃើញនៅក្នុងលំហាត់ ក ។ សូមពន្យល់អំពីមូលហេតុដែលទង្វើរទាំងនេះមានសារៈសំខាន់ក្នុងការរៀបចំខ្លួនយើង ដើម្បីទទួលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
-
សូមពន្យល់អំពីពរជ័យនានា ដែលអ្នកនឹងទទួលបាននាពេលឥឡូវនេះ តាមរយៈការអនុវត្តតាមទង្វើរដែលអ្នកបានរកឃើញនៅក្នុងលំហាត់ ខ ។
-
សូមមើលឡើងវិញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៥, ៧, ១៤ ។ សូមគិតអំពីការគូសចំណាំឃ្លាស្រដៀងគ្នានេះ ដែលអ្នកបានកត់ចំណាំនៅក្នុងខគម្ពីរនីមួយៗ ។
នៅជំនាន់ព្រះគម្ពីរសញ្ញាចាស់ ទីក្រុង បាប៊ីឡូន គឺជាទីក្រុងទុច្ចរិតបំផុត ។ នៅក្នុងខគម្ពីរទាំងនេះ ទីក្រុង បាប៊ីឡូន អាចត្រូវបានឃើញថាជានិមិត្តរូបនៃសេចក្ដីទុច្ចរិត និងលោកិយ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើវាអាចមានន័យដូចម្ដេច នៅពេលព្រះអម្ចាស់ត្រាស់បង្គាប់ឲ្យយើងរត់ភៀសពីទីក្រុង បាប៊ីឡូន ?
-
តើយើងអាចរត់ភៀសពីទីក្រុង បាប៊ីឡូន បានដោយរបៀបណា ? តើការណ៍ទាំងនេះអាចនឹងរៀបចំខ្លួនយើង ទទួលការយាងមកជាលើកទីពីរបានយ៉ាងដូចម្ដេច ?
-
សូមកត់ចំណាំអ្វីដែលព្រះអម្ចាស់បានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៥ អំពីរបៀបដែលយើងត្រូវរត់ភៀសខ្លួនពីទីក្រុង បាប៊ីឡូន ។ ព្រះអម្ចាស់មានព្រះបន្ទូលថា នៅពេលប្ដីថ្មោងថ្មីមកដល់ ( សូមមើល ខទី ១០ ) នោះនឹងពុំមានពេលបង្ហើយកិច្ចការយ៉ាងរួសរាន់ ដែលគួរតែបានបង្ហើយតាំងពីយូរណាស់មកហើយនោះទេ ។ ការណ៍នេះមានសភាពស្រដៀងគ្នាទៅនឹងសារលិខិតដែលត្រូវបានបង្រៀននៅក្នុងរឿងប្រដូចនៃស្ត្រីព្រហ្មចារិយទាំងដប់នាក់ ( សូមមើល ម៉ាថាយ ២៥:១–១៣សូមមើលផងដែរ គ. និង ស. ៤៥:៥៦–៥៧ ) ។ ស្ត្រីព្រហ្មចារិយប្រាំនាក់បានព្យាយាមបង្ហើយកិច្ចការយ៉ាងរួសរាន់ នៅពេលបានឮសេចក្តីប្រកាសថា ប្ដីថ្មោងថ្មីបានមកដល់ ប៉ុន្តែ វាយឺតពេលណាស់ទៅហើយ ។
សូមកត់ចំណាំផងដែរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៥ អំពីការណ៍ ដែលព្រះអម្ចាស់បានព្រមានមិនឲ្យយើងធ្វើ នៅពេលយើងរត់ភៀសពីទីក្រុង បាប៊ីឡូន ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នករកឃើញ ។
សូមពិចារណាអំពីអត្ថន័យនៃឃ្លា « កុំឲ្យគេងាកមើលក្រោយ » ( គ. និង ស. ១៣៣:១៥ ) បន្ទាប់ពីយើងបានដកខ្លួនចេញពីអានុភាពដែលពេញដោយអំពើបាប និង ខាងលោកិយហើយ ។ បរិបទនៃឃ្លា កុំឲ្យគេងាកមើលក្រោយ សំដៅទៅលើការប្រឹងប្រែងរលាស់ចោលសេចក្ដីទុច្ចរិត និង ភាពខាងលោកិយទាំងស្រុង ហើយពុំត្រឡប់ទៅផ្លូវកាលពីមុនទៀតឡើយ ។ ខគម្ពីរនេះគឺជាការព្រមានយើងកុំឲ្យមានបំណង ហើយត្រឡប់ទៅរកជីវិតកាលពីមុនរបស់យើងទៀត ។
សូមគិតអំពីការសរសេរសេចក្ដីពិតដូចតទៅ ដាក់នៅលើគែមព្រះគម្ពីររបស់អ្នកក្បែរ ខទី ១៥ ៖ បើសិនជាយើងងាកទៅរកសេចក្ដីទុច្ចរិត និង អំពើបាបកាលពីមុនរបស់យើង នោះយើងនឹងពុំបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះឡើយ ។
-
សូមឆ្លើយសំណួរដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើយុវវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយអាចធ្វើអ្វីខ្លះ ដើម្បី « កុំឲ្យគេងាកមើលក្រោយ » នៅពេលពួកគេព្យាយាមរីកចម្រើនខាងវិញ្ញាណ ហើយមកឲ្យកាន់តែជិតព្រះអង្គសង្គ្រោះ ?
សូមកត់ចំណាំនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៩ ថាព្រះអម្ចាស់បានដឹកនាំរាស្ត្ររបស់ទ្រង់ ឲ្យប្រមូលគ្នានៅក្នុងដែនដីស៊ីយ៉ូន ។ សូមចងចាំថា ដែនដីស៊ីយ៉ូនក៏តំណាងឲ្យមនុស្សសុចរិតដែរ—គឺអស់អ្នកដែលមានចិត្តបរិសុទ្ធ រួបរួម និង លះបង់ចំពោះព្រះរាជបំណងរបស់ព្រះ ។
-
សូមឆ្លើយសំណួរដូចតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការលើកទឹកចិត្តបែបណាខ្លះ ដែលអ្នកនឹងផ្ដល់ឲ្យដល់អស់អ្នកដែលបានរត់ភៀសខ្លួនពីទីក្រុង បាប៊ីឡូន ( សេចក្ដីទុច្ចរិត និង ភាពខាងលោកិយ ) ហើយកំពុងពុះពារឆ្ពោះទៅកាន់ទីក្រុង ស៊ីយ៉ូន ( សេចក្តីសុចរិត ) ដើម្បីជួយគាត់ឲ្យបន្តមានចិត្តស្មោះត្រង់ ?
បើសិនជាអ្នកអវត្តមាននៅចំថ្ងៃ ដែលគ្រូប្រកាសអំពីការប្រឡងមួយដ៏ធំនាថ្ងៃខាងមុខ តើអ្នកនឹងសង្ឃឹមថា មិត្តរួមថ្នាក់របស់អ្នកនឹងធ្វើអ្វីសម្រាប់អ្នក ?
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៤–១៥ព្រះអម្ចាស់ក៏បានបង្រៀនពួកបរិសុទ្ធផងដែរថា ការត្រៀមខ្លួនរបស់ពួកគេទទួលការយាងមកជាលើកទីពីរ រួមបញ្ចូលទាំងការជួយមនុស្សដទៃឲ្យត្រៀមខ្លួនផងដែរ ។ តើកិច្ចការប្រភេទណាខ្លះដែល ព្រះអម្ចាស់បានមានបន្ទូលរៀបរាប់នៅក្នុង ខទី ៨–១០ ?
នៅពេលថ្លែងសុន្ទរកថាទៅកាន់ពួកអ្នកផ្សព្វផ្សាយសាសនា អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីការទទួលខុសត្រូវដ៏មានសារៈសំខាន់មួយ ដែលក៏អនុវត្តចំពោះសមាជិកសាសនាចក្រផងដែរ ៖
« ការទទួលខុសត្រូវដ៏ចាំបាច់មួយរបស់អ្នក គឺត្រូវជួយរៀបចំមនុស្សទទួលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។…
« បេសកកម្មរបស់អ្នកនឹងក្លាយជាឱកាសមួយដ៏ពិសិដ្ឋក្នុងការនំាមនុស្សទូទៅមករកព្រះគ្រីស្ទ ហើយជួយរៀបចំពួកគេទទួលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។…
« … ពិភពលោកកំពុងត្រូវបានរៀបចំទទួលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះនៅក្នុងទ្រង់ទ្រាយដ៏ធំមួយ តាមរយៈកិច្ចការរបស់ព្រះអម្ចាស់ ពីសំណាក់អ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ » ( «Preparing the World for the Second Coming» Ensignឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៤៩–៥១ ) ។
-
សូមបំពេញកិច្ចការខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមឆ្លើយសំណួរដូចតទៅនេះ ៖ តើអ្នកគិតថា ការជួយមនុស្សទូទៅ ត្រៀមខ្លួនទទួលការយាងមកជាលើកទីពីរ ក៏នឹងជួយអ្នកឲ្យត្រៀមខ្លួនដូចគ្នាដោយរបៀបណា ? តើពរជ័យបន្ថែមមួយចំនួន ដែលអ្នកនឹងរីករាយនៅក្នុងជីវិតរបស់អ្នកតាមរយៈការជួយមនុស្សទូទៅ ឲ្យត្រៀមខ្លួនទទួលការយាងមកជាលើកទីពីរនោះ មានអ្វីខ្លះ ?
-
សូមរំឭកពីអ្វីដែលអ្នកបានសរសេរ អំពីការត្រៀមខ្លួនទទួលការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមសរសេរអ្វីមួយដែលអ្នកមានអារម្មណ៍បំផុសឲ្យធ្វើ ដើម្បីត្រៀមខ្លួនអ្នកឲ្យបានកាន់តែប្រសើរ ឬ ជួយរៀបចំមនុស្សទូទៅទទួលការយាងមកជាលើកទីពីរ ។ សូមសរសេរផែនការមួយ អំពីរបៀបដែលអ្នកនឹងសម្រេចគោលដៅនេះ ។
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៦រួចស្វែងរកអ្វីដែលនឹងជួយយើង ឲ្យត្រៀមខ្លួនជួបព្រះអម្ចាស់ នៅពេលដែលទ្រង់យាងមក ។ សូមបំពេញគោលការណ៍ដូចតទៅនេះ ដោយសរសេរនៅក្នុងចន្លោះទទេដោយប្រើពាក្យដែលអ្នករកឃើញ ៖ នៅពេលយើង នោះយើងបានត្រៀមខ្លួនដើម្បីជួបព្រះហើយ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការប្រែចិត្តជួយរៀបចំយើង ទទួលការយាងមកជាលើកទីពីរយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៧-៣៥
ព្រះអម្ចាស់ត្រាស់សម្ដែងព្រឹត្តិការណ៍មួយចំនួន ដែលទាក់ទងទៅនឹងការយាងមកជាលើកទីពីរ និង រជ្ជកាលនៃសហស្សវត្សរ៍របស់ទ្រង់ ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១៧–៣៥ព្រះអម្ចាស់បានមានព្រះបន្ទូលអំពីព្រឹត្តិការណ៍មួយចំនួន ដែលទាក់ទងនឹងការយាងមកជាលើកទីពីរ និង រជ្ជកាលនៃសហស្សវត្សរ៍របស់ទ្រង់នៅលើផែនដី ។ សូមអានខគម្ពីរទាំងនេះ ហើយគិតអំពីការគូសចំណាំព្រឹត្តិការណ៍នានា ដែលអ្នករកឃើញ ។ តើព្រឹត្តិការណ៍មួយណា ដែលអ្នកចាប់អារម្មណ៍ចង់ឃើញជាងគេ ?
ព្រឹត្តិការណ៍មួយដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:២១–២៩ គឺជាការត្រឡប់ទៅវិញនៃអំបូរអ៊ីស្រាអែលមួយ ដែលបានបាត់បង់ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ ៖ « អំបូរទាំងដប់នឹងត្រឡប់មកវិញក៏បានដូចជាអំបូរដទៃទៀតដែរ ៖ តាមរយៈការទទួលយកព្រះគម្ពីរមរមន និង ការជឿលើដំណឹងល្អដែលបានស្ដារឡើងវិញ ។ ពុំអាចមានអង្គការសាសនាចក្រពីរដាច់ពីគ្នា និង ឯករាជ្យនៅលើផែនដីដូចគ្នា ក្នុងពេលតែមួយបានទេ យ៉ាងណាក៏ដោយ ក្នុងរយៈពេលមួយថ្ងៃមិនអាចគ្រប់គ្រងសាសនាចក្រចេញពីកន្លែងតែមួយបានទេ ។ ប្រធាននៃសាសនាចក្រ កាន់កូនសោទាំងឡាយ អំបូរទាំងដប់នឹងត្រូវបាននាំចេញពីដែនដីភាគខាងជើង ទៅកាន់មាតុភូមិប៉ាឡេស្ទីនរបស់ពួកគេវិញ ។ គឺទ្រង់ មិនមែនពួកគេទេ ដែលនឹងដឹកនាំពួកគេឲ្យត្រឡប់មកវិញនោះ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៥២០–២១ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:៣០–៣៥ ប្រាប់អំពីពរជ័យមួយចំនួន ដែលរាស្ត្រក្នុងសេចក្ដីសញ្ញារបស់ព្រះអម្ចាស់ទទួលបាន ជាពរជ័យដែលទាក់ទងទៅនឹងការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ ដោយសារតែការសន្យារបស់ព្រះអម្ចាស់ត្រូវបានធ្វើជាមួយ អេប្រាអិម ( ជាកូនប្រុសរបស់ យ៉ូសែប ) និង ជាអំបូររបស់លោក នោះកូនចៅរបស់ អេប្រាអិម នឹងត្រូវបានប្រមូលមុនគេនៅថ្ងៃចុងក្រោយបង្អស់ ។ ពួកគេត្រូវបានផ្ដល់ឲ្យនូវការស្ដារឡើងវិញនៃដំណឹងល្អ និង សិទ្ធិអំណាចបព្វជិតភាព ព្រមទាំងកូនសោដែលអនុញ្ញាតឲ្យពួកគេដឹកនាំកិច្ចការនៃការប្រមូលផ្តុំវង្សអ៊ីស្រាអែល ។ ព្រះរាជបំណងដ៏ធំបំផុតរបស់ព្រះអម្ចាស់ គឺត្រូវជួយក្រុមគ្រួសារទាំងមូលរបស់ព្រះ ឲ្យបានពាក់មកុដដោយនូវសិរីល្អ ហើយទទួលបានពរជ័យដែលមានតាមរយៈពិធីបរិសុទ្ធនានានៃដំណឹងល្អ ។
តាមរយៈការប្រែចិត្ត និង ការត្រៀមខ្លួនរបស់យើង និង ការរៀបចំមនុស្សទូទៅទទួលការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ នោះយើងអាចទន្ទឹងរង់ចាំការយាងមករបស់ទ្រង់ដោយសេចក្តីអំណរ ហើយក៏រីករាយនឹងពរជ័យដែលកើតមានពីការរស់នៅប្រកបដោយសុចរិតភាពក្នុងពេលនេះដែរ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣:១-៣៥ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖