មេរៀនទី ២១ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧-៤២
សេចក្ដីផ្ដើម
នៅថ្ងៃទី ១៦ និង ១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈអំពីពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ដែលបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ដើម្បីភៀសខ្លួនចេញពីសេចក្ដីបៀតបៀន ។ ពួកបរិសុទ្ធជាច្រើនត្រូវបានបង្ខំ ឲ្យទុកចោលទ្រព្យសម្បត្តិរបស់ខ្លួន ។ វិវរណៈដែលព្យាការីបានទទួល ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ត្រូវបានបំបែកជាបីមេរៀន ។ មេរៀនទីពីរនេះ រួមបញ្ចូលទាំងការបកស្រាយរបស់ព្រះអម្ចាស់ អំពីស្ថានភាពអំឡុងពេលសហស្សវត្សរ៍ ។ វាក៏រួមបញ្ចូលទាំងព្រះបន្ទូលនៃការលួងលោមចិត្ត និង ឱវាទ ទៅដល់ពួកបរិសុទ្ធផងដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧-៣៤
ព្រះអម្ចាស់ពិពណ៌នាអំពី ស្ថានភាពអំឡុងពេលសហស្សវត្សរ៍
សូមគិតអំពីព្រឹត្តិការណ៍មួយចំនួននាពេលអនាគត ដែលអ្នករៀបចំខ្លួនចូលរួម ។ ហេតុអ្វីបានជាអ្នកខិតខំ ដើម្បីរៀបចំខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ទាំងនោះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ មាននូវការបង្រៀនស្ដីពី ការរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ និង សម្រាប់សហស្សវត្សរ៍ ( រយៈពេលនៃសេចក្ដីសុខសាន្ត ដែលនឹងចាប់ផ្ដើម នៅពេលព្រះគ្រីស្ទយាងត្រឡប់មកសោយរាជ្យដោយអង្គទ្រង់ផ្ទាល់ នៅលើផែនដី ) ។ ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧–២១យើងរៀនថា ការសន្យារបស់ព្រះអម្ចាស់ថានឹងប្រមូលពួកបរិសុទ្ធនៅទីក្រុង ស៊ីយ៉ូន ក្នុងឃុំចាកសុន រដ្ឋ មិសសួរី នោះ « ត្រូវបានពន្យាពេល [ ផ្អាកបណ្ដោះអាសន្ន ] ព្រោះមនុស្សកំពុងត្រូវបានញែកចេញជាបរិសុទ្ធ ដើម្បីទទួលបានអំណោយ និង ការទទួលខុសត្រូវដែលមានមកជាមួយអំណោយនោះ ។ នៅចន្លោះពេលនោះ ពួកអ្នកមានចិត្តទៀងត្រង់បានប្រមូលគ្នានៅច្រកភ្នំរ៉ក់គី [ និងនៅស្តេកទូទាំងពិភពលោក ] ។… ព្រះវិហារបរិសុទ្ធត្រូវបានកសាងឡើង ។… ប៉ុន្តែទីក្រុង ស៊ីយ៉ូន នឹងត្រូវបានស្ថាបនាឡើងនៅទីតាំងដែលបានជ្រើសរើស » ( ជេម អ៊ិ ថាល់មេហ្គ មាត្រានៃសេចក្តីជំនឿការបោះពុម្ពលើក ១២ [ ឆ្នាំ ១៩២៤ ] ទំព័រ ៣៥៣ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២២-២៣ដោយស្វែងរកការណ៍ ដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ពួកបរិសុទ្ធឲ្យធ្វើ ដើម្បីរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ ( នៅក្នុង ខទី ២៣ឃ្លា « វិវរណៈដែលនឹងមកដល់ » សំដៅទៅលើការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីយោងចំពោះពាក្យ វាំងននត្រូវបានបើកឡើង ក៏ទាក់ទងទៅនឹងការយាងមកជាលើកទីពីរដែរ—គឺនៅពេលដែលប្រជាជនទាំងអស់នៅលើផែនដី នឹងឃើញព្រះអង្គសង្គ្រោះ ) ។
សូមបញ្ចប់សេចក្ដីថ្លែងការណ៍ដូចតទៅនេះ ដោយយោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២២–២៣ ៖ យើងអាចរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះដោយ ដល់ព្រះនាមទ្រង់ ដោយរស់នៅតាមគោលការណ៍ទាំងឡាយនៃដំណឹងល្អ នោះត្រូវប្រមូលគ្នា ហើយ នៅទីបរិសុទ្ធនានា ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកមានអារម្មណ៍ថា អ្នកឈរនៅក្នុងទីបរិសុទ្ធ នៅពេលណាខ្លះ ?
-
តើការប្រមូលគ្នានៅទីបរិសុទ្ធនានា ជាមួយនឹងពួកបរិសុទ្ធដទៃទៀត ជួយអ្នកឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២៤–៣៤ សំដៅទៅលើការបំផ្លាញបង់នៃពួកទុច្ចរិត នៅគ្រានៃការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ និង ទៅលើស្ថានភាពដែលនឹងកើតឡើងនៅលើផែនដីអំឡុងពេលសហស្សវត្សរ៍ ។ ឧទាហរណ៍ នៅក្នុង ខទី ៣២–៣៤ យើងអានថា ព្រះអម្ចាស់នឹងបើកសម្ដែងគ្រប់ទាំងអស់អំពីផែនដីមានដូចជាការបង្កបង្កើតរបស់វា ព្រមទាំងអំពីស្ថានសួគ៌ដែរ ។ ( ពាក្យ សេចក្ដីខ្មាំង នៅក្នុង ខទី ២៦ សំដៅទៅលើសម្អប់ និង ការទាស់ទែងគ្នា ) ។
-
សូមរាយបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីស្ថានភាពចំនួនពីរ ឬ បី នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២៤–៣៤ ដែលអ្នកនឹងរង់ចាំជាពិសេស ដើម្បីឲ្យស្ថានភាពទាំងនោះកើតឡើង ។ សូមពន្យល់អំពីមូលហេតុ ដែលស្ថានភាពទាំងនេះមានអត្ថន័យចំពោះអ្នក ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៥-៣៨
ព្រះអម្ចាស់មានបន្ទូលអះអាងដល់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ថា បើពួកគេកាន់ខ្ជាប់នៅក្នុងសេចក្ដីជំនឿ នោះពួកគេនឹងទទួលបានសិរីល្អរបស់ទ្រង់នៅចុងបំផុត ។
នៅពេលព្រះអម្ចាស់បានប្រទានវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:២៤–៣៤ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី បានជួបប្រទះនឹងការលំបាកធំៗ រួមមានការរំលោភបំពានខាងរូបកាយ ការបាត់បង់ផ្ទះសម្បែង និង ទ្រព្យសម្បត្តិនានា ថែមទាំងអាកាសធាតុត្រជាក់ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៥–៣៨រួចស្វែងរកគោលការណ៍ និង ឱវាទដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ដើម្បីលួងលោមចិត្ត ហើយចម្រើនកម្លាំងពួកគេនៅក្នុងការល្បងលនេះ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរចំណុចមួយចេញពីឱវាទ ដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធនៅក្នុង ខទី ៣៥–៣៨ ។ បន្ទាប់មក សូមពន្យល់អំពីរបៀបដែលឱវាទនេះ អាចនឹងលួងលោមចិត្តដល់ពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ។
សូមបញ្ចប់គោលការណ៍ដូចតទៅនេះ ដោយផ្អែកទៅលើអ្វីដែលអ្នកស្វែងយល់ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៥ ៖ អស់អ្នកណាដែល ដោយព្រោះព្រះនាមនៃព្រះអង្គសង្គ្រោះ ហើយ គង់តែនឹងបានទទួលសិរីល្អរបស់ព្រះ ។
សិស្សដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ តែងតែធ្វើតាមទ្រង់ ទោះជានៅពេលពួកគេត្រូវគេបៀតបៀនដោយព្រោះតែសេចក្ដីជំនឿរបស់ខ្លួនយ៉ាងណាក្ដី ។ ប្រធាន ជេម អ៊ី ហ្វោស្ត ក្នុងគណៈប្រធានទីមួយ បានចែកចាយដំណើររឿងខាងក្រោមនេះ អំពីពួកបរិសុទ្ធថ្ងៃចុងក្រោយពីរនាក់ ដែលបានរស់នៅប្រទេស ម៉ិកស៊ិក នៅដើមសតវត្សទី ១៩ ។ ក្នុងឆ្នាំ ១៩១៥ ពួកគេត្រូវបានចាប់ខ្លួនដោយពួកទាហានដ៏ឃោរឃៅមួយក្រុម ។ នៅពេលអ្នកអានដំណើររឿងនេះ សូមកត់ចំណាំអំពីរបៀបដែលពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងពីរនាក់នេះ បានធ្វើជាគំរូនៃការទ្រាំទ្រនៅក្នុងសេចក្ដីបៀតបៀន ដោយមានសេចក្ដីជំនឿ ។
« រ៉ាហ្វាអែល ម៉ុនរ៉យ គឺជាប្រធានសាខានៃសាខាតូចមួយនៅទីក្រុង សាន់ ម៉ាកុស ប្រទេស ម៉ិកស៊ិក និង វីសិនទែ ម៉ូរាឡែស គឺជាទីប្រឹក្សាទីមួយរបស់គាត់ ។… គេបានប្រាប់ពួកគាត់ថា ពួកគាត់នឹងរួចជីវិតបើពួកគាត់ទម្លាក់អាវុធចុះ ហើយលះបង់សាសនាដ៏ចម្លែករបស់ពួកគេចោល ។ បងប្រុស ម៉ុនរ៉យ បានប្រាប់អ្នកចាប់ខ្លួនគាត់ថា គាត់ពុំមានអាវុធណាមួយឡើយ ហើយបានដកយកព្រះគម្ពីរមរមនចេញពីហៅប៉ៅរបស់គាត់ដោយធម្មតា ។ គាត់បានស្រដីថា ‹ លោក អាវុធតែមួយគត់ ដែលខ្ញុំមាន វាគឺជាអាវុធនៃសេចក្ដីពិតដែលប្រឆាំងនឹងភាពខុសឆ្គងទាំងឡាយ › ។
« នៅពេលគេពុំឃើញមានអាវុធទេ នោះបងប្អូនប្រុសទាំងពីរនាក់នេះ ត្រូវបានគេវាយធ្វើបាបយ៉ាងឃោរឃៅ ដើម្បីឲ្យពួកគាត់ប្រាប់ពីកន្លែងដែលអាវុធត្រូវបានលាក់ទុក ។ ប៉ុន្តែ ពុំមានអាវុធដែលត្រូវបានលាក់ទុកឡើយ ។ ក្រោយមក ពួកគាត់ត្រូវបានគេនាំយកទៅឃុំឃាំងនៅជាយក្រុង ជាកន្លែងដែលអ្នកចាប់ខ្លួនពួកគាត់ ចាប់ចងផ្អោបពួកគាត់ទៅនឹងដើមឈើធំមួយ ដើម្បីធ្វើការប្រហារជីវិតនៅមុខពួកទាហាន ។ នាយទាហាននោះទទួលបន្ទុកដោះលែងពួកគាត់ បើពួកគាត់លះបង់ចោលសាសនារបស់ខ្លួន ហើយចូលរួមជាមួយ [ កងទាហាន ] ប៉ុន្តែ បងប្រុស ម៉ុនរ៉យ បានវាចាតបថា ‹ ខ្ញុំស្រឡាញ់សាសនារបស់ខ្ញុំជាងជីវិតរបស់ខ្ញុំទៅទៀត ហើយខ្ញុំមិនអាចលះបង់វាចោលបានឡើយ › ។
« លំដាប់នោះ គេបានប្រាប់ពួកគាត់ថា ពួកគាត់នឹងត្រូវគេបាញ់ប្រហារជីវិត ហើយបានសួរថាតើពួកគាត់មានសំណើអ្វីដែរឬទេ ។ បងប្រុស រ៉ាហ្វាអែល បានស្នើសុំឲ្យគាត់អាចអធិស្ឋាន ពីមុនគាត់ត្រូវបានប្រហារជីវិត ។ គាត់បានលុតជង្គង់ចុះនៅទីនោះ ក្នុងចំណោមពួកអ្នកប្រហារជីវិត អធិស្ឋានដោយបញ្ចេញសំឡេងឮៗ សូមឲ្យព្រះប្រទានពរ ហើយថែរក្សាមនុស្សដ៏ជាទីស្រឡាញ់ទាំងឡាយរបស់គាត់ ថែមទាំងថែរក្សាសាខាដ៏តូចដែលកំពុងពុះពារ ដែលនឹងត្រូវបាត់បង់អ្នកដឹកនាំនោះ ។ នៅពេលគាត់បានបញ្ចប់ការអធិស្ឋាន គាត់បានថ្លែងចេញព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ កាលទ្រង់ត្រូវបានដំដែកគោលភ្ជាប់លើឈើឆ្កាង ហើយបានអធិស្ឋានសម្រាប់ពួកអ្នកប្រហារជីវិតទ្រង់ ៖ ‹ ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ › ។ [លូកា ២៣:៣៤] ។ ក្រុមពេជ្ឈឃាដបានបាញ់សម្លាប់បងប្រុស ម៉ុនរ៉យ និងបងប្រុស ម៉ូរ៉ាល (Discipleship » Ensignឬ លីអាហូណា,ខែ វិច្ឆិកា ឆ្នាំ ២០០៦,ទំព័រ ២១–២២; យោងតាម Rey L. Pratt, « A Latter-day Martyr » Improvement Era,ខែ មិថុនា ឆ្នាំ ១៩១៨,ទំព័រ ៧២០–២៦ ) ។
សូមគិតអំពីគ្រាដែលអ្នកត្រូវបានគេបៀតបៀន ( ឆាឆៅ ឬ ធ្វើបាប ) ដោយសារតែសេចក្ដីជំនឿរបស់អ្នកមានទៅលើព្រះយេស៊ូវគ្រីស្ទ និង លើសាសនាចក្ររបស់ទ្រង់ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ នៅពេលមនុស្សត្រូវបានគេបៀតបៀនដោយសារតែសេចក្ដីជំនឿរបស់ខ្លួនទៅលើព្រះយេស៊ូវគ្រីស្ទ និង លើសាសនាចក្ររបស់ទ្រង់ តើពួកគេអាចឆ្លើយតបដោយប្រើសេចក្ដីជំនឿយ៉ាងដូចម្ដេច ?
សូមគិតអំពីអត្ថប្រយោជន៍មួយចំនួន នៃអំបិល ។ ឧទាហរណ៍ វាអាចត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ឱជារស និង រក្សាម្ហូបអាហារ និង ដើម្បីព្យាបាលរបួសជាសារធាតុរម្ងាប់មេរោគ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៩ដោយស្វែងរកមនុស្ស ដែលព្រះអម្ចាស់បានប្រដូចទៅនឹងអំបិល ។
សូមពិចារណាអំពីមូលហេតុ ដែលមនុស្សដែលបានមករកដំណឹងល្អ ហើយធ្វើសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់ អាចត្រូវបានហៅថា « អំបិលនៃផែនដី » ។
សូមកត់ចំណាំនៅក្នុង ខទី ៣៩ ថា ព្រះអម្ចាស់ក៏បានហៅសមាជិកសាសនាចក្រថា « ជាតិប្រៃនៃមនុស្ស » ដែរ ។ ពាក្យ ជាតិប្រៃ សំដៅទៅលើឱជារស ឬ គុណភាពខុសប្លែកពីគេ ។ តើអ្នកគិតថា ការធ្វើជាជាតិប្រៃនៃមនុស្ស មានន័យដូចម្តេច ?
សេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយ អែលឌើរ ខាឡូស អ៊ី អេសេយ នៃពួកចិតសិបនាក់ អាចជួយអ្នកឲ្យយល់កាន់តែច្បាស់ អំពីអត្ថន័យនៃជាតិប្រៃនៃមនុស្ស ៖ « នៅពេលព្រះអម្ចាស់បានប្រើវាក្យសព្ទ ‹ ជាតិប្រៃនៃមនុស្ស › គឺទ្រង់មានព្រះបន្ទូល អំពីអ្នកទាំងឡាយដែលតំណាងឲ្យទ្រង់ ។ ទ្រង់សំដៅទៅលើអ្នកទាំងឡាយ ដែលបានប្រែចិត្ត ដែលបានសម្អាតឲ្យជ្រះស្អាតនៅក្នុងទឹកនៃពិធីបុណ្យជ្រមុជ និង អ្នកទាំងឡាយដែលបានធ្វើសេចក្ដីសញ្ញា ដើម្បីលើកដាក់លើខ្លួនពួកគេនូវព្រះនាម និង ព្រះឆន្ទៈទ្រង់ ។ មួយវិញទៀត ទ្រង់មានព្រះបន្ទូលអំពីអ្នកទាំងឡាយ ដែលរួមចំណែកក្នុងអំណាចបព្វជិតភាពរបស់ខ្លួន តាមរយៈសេចក្ដីសញ្ញា ។ ទ្រង់មានបន្ទូលពីអ្នក និងខ្ញុំ » (Salt of the Earth: Savor of Men and Saviors of Men » Ensign, ខែ ឧសភា ឆ្នាំ ១៩៨០ ទំព័រ ៤២ ) ។
ឃ្លា « អំបិលនៃផែនដី » និង « ជាតិប្រៃនៃមនុស្ស » បង្រៀនថា ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ យើងមានការទទួលខុសត្រូវដើម្បីជួយមនុស្សទាំងអស់ នៅលើផែនដីឲ្យទទួលបានពរជ័យពីព្រះ ( សូមមើល អ័ប្រាហាំ ២:៨–១១ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤០-៤២ដោយស្វែងរកការព្រមាន និង ការសន្យារបស់ព្រះអម្ចាស់ ។
សូមកត់ចំណាំថា ខទី ៤០ មានចែងឃ្លា « បើសិនជាអំបិលនៃផែនដីបាត់ជាតិប្រៃហើយ » ។ អំបិលពុំបាត់ជាតិប្រៃឡើយ នៅពេលវាកាន់តែចាស់នោះ ។ វាបាត់បង់រសជាតិរបស់វានៅពេល វាត្រូវបានលាយជាមួយសារធាតុដទៃទៀត ហើយត្រូវបានរំលាយដោយសារធាតុនោះ ។ អែលឌើរ អេសេយ បានបង្រៀនថា ៖ « ឱជារស និង គុណភាព បាត់បង់ពីមនុស្សទៅនៅពេលពួកគេធ្វើឲ្យគំនិតទៅជាកខ្វក់ដោយ ការគិតមិនបរិសុទ្ធ បន្ទាបការនិយាយស្ដីរបស់ខ្លួនដោយថ្លែងចេញនូវពាក្យមិនសូវពិត ហើយប្រើប្រាស់កម្លាំងខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ » ( « Salt of the Earth » ទំព័រ ៤២ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤០–៤២ ជួយយើងឲ្យរៀនថា ដើម្បីជួយមនុស្សទាំងអស់ នៅលើផែនដីឲ្យទទួលបានពរជ័យពីព្រះ យើងត្រូវតែប្រែចិត្តពីអំពើបាបរបស់យើង ហើយបន្ទាបខ្លួន ។ អ្នកអាចនឹងចង់សរសេរសេចក្ដីពិតនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣៩–៤២ ជួយអ្នកយល់អំពីអ្វី ដែលទ្រង់មានព្រះទ័យរំពឹងពីអ្នកយ៉ាងដូចម្ដេច ?
-
តើគំរូមួយចំនួននៃរបៀបដែលអំពើបាប អាចរារាំងយើងពីការធ្វើឲ្យមនុស្សនៅលើផែនដីមានពរនោះ មានអ្វីខ្លះ ?
-
តើអ្នកនឹងធ្វើអ្វី ដើម្បីចៀសវាងពីការរំខានដោយអំពើបាប ?
-
សូមគិតថាតើ អំពើបាបកំពុងរំខានដល់ជីវិតរបស់អ្នកដែរឬទេ ។ សូមប្រែចិត្តពីអំពើបាបទាំងនោះ ដើម្បីអ្នកអាចបានបរិសុទ្ធនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយដើម្បីអ្នកអាចមានអានុភាពកាន់តែខ្លាំងក្លាក្នុងការជួយដល់មនុស្សទូទៅឲ្យទទួលបានពរជ័យ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៧-៤២ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖