មេរៀនទី ៣ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៥
បុព្វកថា
ទោះជា ម៉ាទិន ហារីស បានធ្វើឲ្យបាត់សំណៅសរសេរដៃទាំង ១១៦ ទំព័រនៃព្រះគម្ពីរមរមនកាលពីរដូវក្ដៅក្នុងឆ្នាំ ១៨២៨ យ៉ាងណាក្ដី ក៏គាត់នៅតែមានបំណងជួយឲ្យព្រះគម្ពីរមរមនលេចឡើងចេញជារូបរាងដែរ ។ ក្នុងខែ មិនា ឆ្នាំ ១៨២៩ ម៉ាទិន បានគ្រោងធ្វើដំណើរចេញពីផ្ទះរបស់គាត់នៅទីក្រុង នូវ យ៉ោក ទៅសួរសុខទុក្ខយ៉ូសែប និង អិមម៉ា ស៊្មីធ នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ។ ទោះជាយ៉ាងណាក៏ដោយ ភរិយារបស់ម៉ាទិនគឺ លូស៊ី ហារីស ពុំសប្បាយចិត្តឡើយចំពោះពេលវេលា និងប្រាក់កាសដែលស្វាមីរបស់គាត់បានលះបង់សម្រាប់ការបោះពុម្ពព្រះគម្ពីរមរមន ។ នាងក៏បានខឹងនឹងយ៉ូសែប ស្ម៊ីធ ដែលបានបដិសេធនឹងសំណើរបស់គាត់ពីមុនដើម្បីសុំមើលផ្ទាំងចំណារមាស ។ គាត់បានដាក់បណ្ដឹងតាមផ្លូវច្បាប់ប្រឆាំងនឹងយ៉ូសែប ហើយបានកេណ្ឌមនុស្សមួយចំនួនដែលចង់ធ្វើជាសាក្សីថា លោកបានកុហកថាមានផ្ទាំងចំណារមាស ។ បន្ថែមពីលើការគំរាមកំហែងខាងច្បាប់ប្រឆាំងនឹងយ៉ូសែប មនុស្សទាំងនេះបានព្រមានដល់ម៉ាទិន ហារីស ថាប្រសិនបើគាត់ពុំចូលរួមជាមួយនឹងពួកគេដើម្បីធ្វើជាសាក្សីចំពោះការបោកបញ្ឆោត និងការក្លែងបន្លំរបស់យ៉ូសែប ស្ម៊ីធ ទេនោះ ម៉ាទិន ក៏នឹងមានបញ្ហា ហើយជាប់គុកជាមួយយ៉ូសែបដែរ ។
នៅគ្រានោះ ម៉ាទិន ពុំទាន់បានឃើញផ្ទាំងចំណារមាសដោយផ្ទាល់នឹងភ្នែកគាត់នៅឡើយទេ ទោះជាគាត់មានតួនាទីជាស្មៀនរបស់យ៉ូសែបក៏ដោយ ។ បន្ទាប់ពីបានទៅដល់ផ្ទះរបស់យ៉ូសែបហើយនោះ ម៉ាទិន បានប្រាប់ពីបំណងប្រាថ្នារបស់គាត់ដើម្បីទទួលបានសាក្សីបន្ថែមចំពោះភាពជាក់ស្ដែងនៃផ្ទាំងចំណារមាស ។ បន្ទាប់ពីបានឮសំណើរបស់ម៉ាទិនដើម្បីសុំមើលផ្ទាំងចំណារហើយនោះ លោកបានទូលសួរដល់ព្រះអម្ចាស់ ហើយបានទទួលវិវរណៈដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលនៅក្នុងវិវរណៈនេះថា សាក្សីបីរូបនឹងត្រូវបានហៅឲ្យថ្លែងទីបន្ទាល់ពីព្រះគម្ពីរមរមន ហើយបានមានព្រះបន្ទូលប្រាប់ដល់ម៉ាទិន ពីអ្វីដែលគាត់ត្រូវតែធ្វើ ដើម្បីក្លាយជាសាក្សីមួយរូបក្នុងចំណោមសាក្សីទាំងបី ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១-២២
ព្រះអម្ចាស់មានព្រះបន្ទូលថា ទ្រង់នឹងនាំព្រះបន្ទូលទ្រង់ចេញមកនៅថ្ងៃចុងក្រោយ ហើយពួកសាក្សីនឹងថ្លែងទីបន្ទាល់ពីវា
តើអ្នកធ្លាប់ត្រូវបានគេសុំឲ្យធ្វើជាសាក្សីដែរឬទេ ? តើវាតម្រូវឲ្យធ្វើអ្វីខ្លះដើម្បីក្លាយជាសាក្សីដ៏ជំនាញ ? តើមានព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្ត្រពិភពលោកណាខ្លះ ដែលអ្នកចង់ធ្វើជាសាក្សីដោយខ្លួនអ្នកផ្ទាល់ ? តើមានព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្ត្រសាសនាចក្រណាខ្លះ ដែលអ្នកចង់ឃើញ ហើយធ្វើជាសាក្សី ? ហេតុអ្វី ?
នៅក្នុងបុព្វកថានៃមេរៀននេះ អ្នកបានរៀនថា ម៉ាទិន ហារីស មានបំណងចង់ឃើញផ្ទាំងចំណារមាស ។ តើអ្នកធ្លាប់មានអារម្មណ៍ចង់ឃើញផ្ទាំងចំណារមាសដែរឬទេ ? ហេតុអ្វី ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:១-៣ រួចស្វែងរកអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ដល់យ៉ូសែប ស្ម៊ីធ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ ម៉ាទិន ហារីស ។ យោងតាមខគម្ពីរទាំងនេះ ហេតុអ្វីបានជាយ៉ូសែប ស្ម៊ីធ ពុំអាចបង្ហាញផ្ទាំងចំណារដល់ ម៉ាទិន ហារីស បាន ?
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថា ហេតុអ្វីបានជាព្រះអម្ចាស់ពុំបានអនុញ្ញាតឲ្យផ្ទាំងចំណារមាសត្រូវបានបង្ហាញដល់មនុស្សទូទៅ ? ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ថាយ៉ាងហោចណាស់មានហេតុផលមួយដែលមនុស្សមានបំណងចង់ឃើញផ្ទាំងចំណារ ៖ « ជាញឹកញាប់ នៅពេល [មនុស្ស]… ស្ដាប់រឿងអំពីការចេញមកនៃព្រះគម្ពីរមរមន នោះពួកគេសួរបើផ្ទាំងចំណារមាននៅក្នុងសារមន្ទីរខ្លះ ដែលពួកគេអាចមើលឃើញដែរឬទេ។ មនុស្សដែលមានការបំពាក់បំប៉នខាងវិទ្យាសាស្ត្រមួយចំនួន [ស្មាន] ថា បើមានអ្នកប្រាជ្ញាអាចមើលឃើញ និងពិនិត្យមើលផ្ទាំងចំណារ ហើយរៀនពីវា នោះពួកគេនឹងថ្លែងទីបន្ទាល់ពីសេចក្ដីពិត និងសច្ចៈសីលភាពរបស់យ៉ូសែប ស្ម៊ីធ ហើយពិភពលោកទាំងមូលនឹងបានផ្លាស់ប្រែចិត្តជឿ » (Church History and Modern Revelation, វ៉ុល ២ [ ឆ្នាំ ១៩៥៣ ] ១:៤០ ) ។
នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៥–១០ សូមស្វែងរកមូលហេតុដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់យ៉ូសែប ស្ម៊ីធ កុំឲ្យបង្ហាញផ្ទាំងចំណារដល់មនុស្សទូទៅ ។
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៧ អស់អ្នកដែលមិនបានជឿដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលបានបើកសម្ដែងតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ទេ នោះក៏នឹងមិនជឿដដែល ទោះបីជាពួកគេបានឃើញផ្ទាំងចំណារនោះក៏ដោយ ។
-
ដោយផ្អែកលើអ្វីដែលអ្នកបានរៀនចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៥–១០ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវប្រយោគពីរបីស្ដីពីមូលហេតុដែលព្រះអម្ចាស់ពុំមានព្រះទ័យឲ្យយ៉ូសែប ស្ម៊ីធ បង្ហាញផ្ទាំងចំណារនោះដល់មនុស្សទូទៅ ។
ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៥:១០ យើងស្វែងយល់ថា ព្រះអម្ចាស់បានហៅឲ្យយ៉ូសែប ស្ម៊ីធ នាំយកព្រះបន្ទូលរបស់ទ្រង់ទៅកាន់ពិភពលោក ។ នេះគឺជាការហៅដែលគ្មានអ្វីប្រៀបផ្ទឹមបានសម្រាប់ព្យាការី យ៉ូសែប ស៊្មីធ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យនានា ដែលបង្រៀនពីសេចក្ដីពិតនេះដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១០ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីមូលហេតុដែលអ្នកគិតថាវាមានសារៈសំខាន់ដើម្បីមានទីបន្ទាល់ពីសេចក្ដីពិតនេះ ។
ពីមុនទទួលបានវិវរណៈនេះ ម៉ាទិន ហារីស ត្រូវបានកោះហៅឲ្យឈរថ្លែងទីបន្ទាល់នៅចំពោះចៅក្រមនៅរដ្ឋ នូវ យ៉ោក ស្ដីអំពីការចោទប្រកាន់អំពីការបោកបញ្ឆោត និងការបន្លំ ទាស់នឹង យ៉ូសែប ស៊្មីធ ។ ម៉ាទីន បានថ្លែងទីបន្ទាល់ដោយម៉ឺងម៉ាត់អំពី ភាពស្មោះត្រង់ និងចរិតលក្ខណៈរបស់ យ៉ូសែប ស៊្មីធ ហើយបានប្រាប់តុលាការថា « ទាក់ទងនឹងផ្ទាំងចំណារដែលលោកអះអាងថាលោកមាន សុភាពបុរសទាំងឡាយ បើអ្នកមិនជឿវាទេ ប៉ុន្តែបន្ដទាស់នឹងសេចក្ដីពិត នោះនៅថ្ងៃមួយ វានឹងក្លាយជាមធ្យោបាយនៃការកាត់ទោសដល់ព្រលឹងរបស់អ្នកហើយ » ( នៅក្នុង លូស៊ី ម៉ាក ស្ម៊ីធ History of Joseph Smith by His Mother, បានបោះពុម្ពដោយ Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ១៤៦ ) ។ បន្ទាប់ពីបានឮទីបន្ទាល់របស់ម៉ាទិនហើយ ចៅក្រមក៏បានបញ្ចប់រឿងក្ដីដែលប្រឆាំងនឹងយ៉ូសែប ស្ម៊ីធ នោះទៅ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:១១ រួចស្វែងរកអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលថានឹងធ្វើ ដើម្បីគាំទ្រដល់ទីបន្ទាល់របស់ព្យាការី យ៉ូសែប ស្ម៊ីធ អំពីព្រះគម្ពីរមរមន ។ យើងស្វែងយល់ចេញពីខគម្ពីរនេះថាព្រះអម្ចាស់បានមានបន្ទូលដូច្នេះថា ទីបន្ទាល់របស់សាក្សីបីរូបនឹងឈរជាភស្ដុតាងចំពោះសេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥:១១–១៥ ដោយរកមើលអ្វីដែលសាក្សីបីនាក់បានឮ ឃើញ និងត្រូវបានចាត់ឲ្យធ្វើ ។ ពេលអ្នកអាន អ្នកអាចគូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
-
សូមសរសេរគំនិតរបស់អ្នកចំពោះសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីរ ៖
-
តើទីបន្ទាល់បន្ថែមរបស់សាក្សីទាំងបីរូបអំពីផ្ទាំងចំណារព្រះគម្ពីរមរមន អាចមានសារៈប្រយោជន៍ចំពោះអ្នកដែលមិនមែនជាសមាជិកសាសនាចក្រយ៉ាងដូចម្ដេច ?
-
តើសេចក្ដីពិតនេះអាចមានសារៈប្រយោជន៍ចំពោះអ្នកដែល ជា សមាជិកសាសនាចក្រយ៉ាងដូចម្ដេច ?
-
បន្ថែមលើការណែនាំដល់ យ៉ូសែប ស៊្មីធ និង សាក្សីទាំងបីរូបឲ្យថ្លែងទីបន្ទាល់របស់ខ្លួន ព្រះអម្ចាស់បានប្រទាននូវមធ្យោបាយមួយផ្សេងទៀត ដែលយើងអាចស្គាល់សេចក្ដីពិតដ៏ពេញលេញនៃព្រះគម្ពីរមរមន ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:១៦ រួចស្វែងរកអ្វីដែលព្រះអម្ចាស់បានសន្យាដល់អស់អ្នកដែលជឿលើព្រះគម្ពីរមរមន ។
ដោយផ្អែកលើអ្វីដែលអ្នកបានអាន សូមបំពេញសេចក្ដីពិតតទៅនេះ ៖ ប្រសិនបើយើងនឹងជឿលើព្រះបន្ទូលរបស់ព្រះអម្ចាស់ ។ ( អ្នកក៏អាចនឹងសរសេរគោលការណ៍ដែលបានបំពេញហើយនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ ខទី ១៦ ដែរ ) ។
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានមានប្រសាសន៍ពីការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់យើងក្នុងការបង្កើន ហើយចែកចាយសក្ខីភាពនៃព្រះគម្ពីរមរមនថា ៖ « យើងម្នាក់ៗត្រូវការមានទីបន្ទាល់ផ្ទាល់ខ្លួនយើង អំពីព្រះគម្ពីរមរមន តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ បន្ទាប់មកទីបន្ទាល់របស់យើង ផ្គួបជាមួយនឹងព្រះគម្ពីរមរមន គួរតែចែកចាយជាមួយនឹងអ្នកដទៃដើម្បីពួកគេអាចដឹងតាមរយៈព្រះវិញ្ញាណបរិសុទ្ធផងដែរអំពីសេចក្ដីពិតពេញលេញរបស់វា » (The Book of Mormon and the Doctrine and Covenants, » Ensign,ខែ ឧសភា ឆ្នាំ ១៩៨៧, ទំព័រ ៨៤ ) ។
-
សូមសរសេរចំណុចមួយ ឬ ទាំងពីរខាងក្រោមនេះក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ទីបន្ទាល់ផ្ទាល់ខ្លួនរបស់អ្នកអំពីព្រះគម្ពីរមរមន
-
អ្វីដែលអ្នកអាចធ្វើ ដើម្បីបង្កើន ឬ ពង្រឹងសក្ខីភាពរបស់អ្នកដែលថាព្រះគម្ពីរមរមនគឺជាព្រះគម្ពីរពិត
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២១–២២ ដោយដាក់ឈ្មោះរបស់អ្នកជំនួសឲ្យ « យ៉ូសែប » វិញ ។ សូមពិចារណាអំពីរបៀបដែលអ្នកអាចចៀសឲ្យផុតពីការស្ដាប់តាម « ការបញ្ចុះបញ្ចូលនៃមនុស្សលោក » ។
តើព្រះអម្ចាស់បានសន្យាថា យ៉ូសែប ស៊្មីធ នឹងទទួលបានអ្វីខ្លះ ប្រសិនបើលោកស្មោះត្រង់ សូម្បីតែលោកត្រូវ « គេសម្លាប់ » ក៏ដោយនោះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៣-៣៥
ម៉ាទិន ហារីស អាចត្រូវបានហៅឲ្យធ្វើជាសាក្សីមួយរូបក្នុងចំណោមបីរូបប្រសិនបើគាត់ប្រែចិត្ត
តើអ្វីជារបស់ចាំបាច់ ដើម្បីឲ្យអំពូលភ្លើងមានពន្លឺ ?
បន្ថែមលើថាមពលអគ្គិសនី យើងត្រូវមួលបញ្ចូលអំពូលភ្លើងទៅក្នុងចង្កៀងអគ្គិសនី ដោតខ្សែភ្លើង រួចបើកកុងតាក់ភ្លើង ។ ដូចជាត្រូវមានជំហានមួយចំនួនដើម្បីធ្វើឲ្យអំពូលភ្លើងភ្លឺដែរ នោះ ម៉ាទិន ហារីស បានស្វែងយល់ថា មានជំហានមួយចំនួនដើម្បីទទួលបានសក្ខីភាពអំពីផ្ទាំងចំណារដែលលោកមានបំណងចង់បានពីព្រះអម្ចាស់ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៣–២៤ រួចស្វែងរកការសន្យាដែលមានលក្ខខណ្ឌដែលព្រះអម្ចាស់បានប្រទានដល់ ម៉ាទិន ហារីស ។ នៅពេលអ្នកអាន សូមស្វែងរកពាក្យ បើ រួចស្វែងរកជំហានមួយចំនួន ឬ លក្ខខណ្ឌដែលមានលើកឡើងបន្ទាប់ពីពាក្យនោះ ។ សូមបំពេញសេចក្ដីថ្លែងតទៅនេះដោយផ្អែកលើអ្វីដែលអ្នកអាន ៖ បើ ម៉ាទិន ហារីស នឹង នោះ ព្រះអម្ចាស់នឹងប្រទានការអនុញ្ញាតឲ្យគាត់បានឃើញផ្ទាំងចំណារសមបំណងប្រាថ្នារបស់គាត់ ។ តាមរយៈការសន្យានេះ ព្រះអម្ចាស់បានប្រទានឱកាសឲ្យ ម៉ាទិន ហារីស ធ្វើជាសាក្សីចំពោះព្រះគម្ពីរមរមន ។
ការសន្យាដែលព្រះអម្ចាស់បានប្រទានដល់ ម៉ាទិន ហារីស ដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៤ ក៏អនុវត្តចំពោះយើងផងដែរ ៖ បើយើងអធិស្ឋានដោយរាបសា និង ដោយសេចក្ដីជំនឿ នោះយើងអាចទទួលបានចម្លើយស្របតាមបំណងប្រាថ្នាដ៏សុចរិតរបស់យើង ។
សូមពិចារណាពីអត្ថន័យនៃការអធិស្ឋានដោយរាបសា ដោយសេចក្ដីជំនឿ និង ដោយស្មោះអស់ពីចិត្ត ។ សូមគិតអំពីពេលដែលអ្នកបានឮ ឬ បានផ្ដល់ការអធិស្ឋានដែលអ្នកដឹងថាត្រូវបានផ្ដល់ដោយរបៀបនេះ ។ តើអ្វីដែលធ្វើឲ្យការអធិស្ឋាននេះមានសភាពខុសប្លែកពីការអធិស្ឋានដទៃទៀតដែលអ្នកបានឮ ឬ បានផ្ដល់ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៥–២៦ រួចស្វែងរកអ្វីដែលព្រះអម្ចាស់បានមានព្រះទ័យរំពឹងឲ្យ ម៉ាទិន ហារីស ធ្វើ បន្ទាប់ពីក្លាយជាសាក្សីម្នាក់ចំពោះព្រះគម្ពីរមរមនហើយ ។ បន្ទាប់មក សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៥:២៧–២៨, ៣២ រួចស្វែងរកដំបូន្មាន និង ការព្រមានបន្ថែម ដែលព្រះអម្ចាស់បានប្រទានដល់ ម៉ាទិន ហារីស ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់បានទូន្មាន ហើយព្រមានដល់ ម៉ាទិន ហារីស ឲ្យធ្វើដូចម្ដេចខ្លះ ?
-
តើព្រះអម្ចាស់បានមានព្រះបន្ទូលថានឹងមានអ្វីកើតឡើងចំពោះ ម៉ាទិន ហារីស ប្រសិនបើគាត់ពុំបន្ទាបខ្លួន ហើយ « ទទួលសាក្សី » ( គ. និង ស. ៥:៣២ ) ពីព្រះអម្ចាស់ទេនោះ ?
-
តើយើងអាចអនុវត្តដំបូន្មានដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៣២ ទៅនឹងខ្លួនយើងបានយ៉ាងដូចម្ដេច ?
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖