ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៧ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១-៨៣


មេរៀន​ទី ២៧ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១-៨៣

បុព្វកថា

នៅ​ក្នុង​រដូវ​រងា​នា​ឆ្នាំ ១៨៣៨–៣៩ ពួក​បរិសុទ្ធ​បាន​ភៀស​ខ្លួន​ចេញ​ពី​រដ្ឋ​មិសសួរី ហើយ​បាន​តាំង​លំនៅ​ក្នុង​រដ្ឋ​អិលលីណោយ តាម​ដងទន្លេ​មិស៊ីស៊ិបពី ។ នៅ​ទីនោះ​ពួក​បរិសុទ្ធ​បាន​ចាប់ផ្ដើម​ស្ថាបនា​ទីក្រុង​មួយ​នៅ​ក្នុង​តំបន់​តាំង​ទីលំនៅ​តូច​ឈ្មោះ​ថា ភូមិខូមើស ។ បន្ទាប់​ការ​បៀតបៀន និង ទុក្ខវេទនា​ដែល​ពួក​គេ​បាន​ជួប​មក ឥឡូវ​នេះ​ពួក​បរិសុទ្ធ​បាន​មាន​កន្លែង​មួយ​ដែល​ពួកគេ​អាច​ប្រមូល​ផ្ដុំ ហើយ​ស្ថាបនា​ទីក្រុង​មួយ​ដោយ​ភាព​សុខសាន្ត ។ ពួក​គេ​បាន​បង្កើត​សហគមន៍​របស់​ខ្លួន ហើយ​បាន​ប្ដូរ​ឈ្មោះ​វា​ទៅ​ជា​ណៅវូ ។ នៅ​ពេល​ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤ នា​ថ្ងៃ​ទី ១៩ ខែ មករា ឆ្នាំ ១៨៤១ ពួក​បរិសុទ្ធ​បាន​រស់​នៅ​ក្នុង​ទីក្រុងណៅវូ ជិត​ពីរ​ឆ្នាំ ។ នៅ​ក្នុង​វិវរណៈ​នេះ​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ពួក​បរិសុទ្ធ​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ ហើយ​បាន​ពន្យល់​ពី​ពរជ័យ​ដែល​មាន​សម្រាប់​ពួក​គេ ប្រសិន​បើ​ពួកគេ​មាន​ភាព​ឧស្សាហ៍​ព្យាយាម​នៅ​ក្នុង​ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នេះ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១២៤:១-៤១, ៥៦-៨៣

ព្រះអម្ចាស់​ទ្រង់​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​សង់​ព្រះវិហារ​បរិសុទ្ធ និង ផ្ទះ​មួយ​សម្រាប់​អ្នក​មក​ទស្សនកិច្ច​នៅ​ទីក្រុង​ណៅវូ ។

តើ​កិច្ចការ​ណា​មួយ​ដែល​អ្នក​ធ្លាប់​សម្រេច​បាន ហើយ​វា​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ពេល​វេលា កិច្ចការ​ខិតខំ ឬ​ការលះបង់​ដ៏​ច្រើន ? ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ​សក្ដិសម​នឹង​ពេលវេលា កិច្ចខិតខំ ឬ​ការ​លះបង់​ដែល​កិច្ចការ​តម្រូវ​ឲ្យ​មាន ?

ព្រះអម្ចាស់​បាន​ចាប់​ផ្ដើម​វិវរណៈ​នោះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤ ដោយ​បញ្ជា​ឲ្យ​មាន​ការ​ប្រកាស​មួយ​ទៅ​កាន់​ពួក​អ្នក​ដឹកនាំ​នៃ​ផែនដី​អំពី​ការ​ស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ( សូមមើល គ. និង ស. ១២៤:១–១៤ ) ។ នៅ​ក្នុង​ការ​បំពេញ​តាម​បញ្ជា​នេះ កូរ៉ុមនៃពួក​សាវក​ដប់ពីរនាក់​បាន​បោះពុម្ព​ការ​ប្រកាស​មួយ​នៅ​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នា ១៨៤៥ ដែល​បាន​ចាប់ផ្ដើម​ថា

អាង​ជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អាង​ជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ

« អ្នករាល់គ្នា​ដឹង​ទេ ៖—

« ថា​នគរ​ព្រះ​បាន​មក​ដល់​ហើយ ដូច​ដែល​បាន​ព្យាករ​ដោយ​ពួក​ព្យាការី​ពី​បុរាណ ហើយ​បាន​អធិស្ឋាន​ទូល​សុំ​គ្រប់​សម័យកាល ជា​នគរ​ដែល​នឹង​មាន​ពាសពេញ​ផែនដី​ទាំងមូល ហើយ​នៅ​គង់​វង្ស​ជា​រៀង​រហូត » ( នៅ​ក្នុង ការ​បោះពុម្ព James R. Clark Messages of the First Presidency of The Church of Jesus Christ of Latter-day Saints វ៉ុល ៦ [ ឆ្នាំ ១៩៦៥–៧៥ ], ១:២៥៣) ។

រយៈពេល​មួយ​រយ​សាមសិប​ឆ្នាំ​ក្រោយ​មក ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅ​ពេល​នោះ​បម្រើ​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​មួយ ដោយ​លោក​បាន​គូស​បញ្ជាក់​ឡើងវិញ​ពី​សារលិខិត​នៃ​ការ​ប្រកាស​នោះ ( សូមមើល « A Message to the World » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ៣៣–៣៤ ) ។

បន្ថែម​ទៅ​លើ​ការ​ដាក់​បញ្ជា​ឲ្យ​សរសេរ​ការ​ប្រកាស​មួយ ព្រះអម្ចាស់​បាន​ប្រទាន​បញ្ញត្តិ​មួយ​ទៅ​កាន់​ពួក​បរិសុទ្ធ​ថា​ពួក​គេ​នឹង​តម្រូវ​ឲ្យ​មាន​ការ​លះបង់​ដ៏​ធំធេង ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២៥-២៧ដោយ​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ទីក្រុង​ណៅវូ​ធ្វើ ។

តើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួក​បរិសុទ្ធ​ប្រើ​អ្វីខ្លះ​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​នោះ ?

លុះ​ដល់​ពេល​ដែល​ពួក​បរិសុទ្ធ​បាន​ប្ដូរ​ទីតាំង​នៅ​ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ មាន​ពួក​បរិសុទ្ធ​ជាច្រើន​បាន​បាត់បង់​ទ្រព្យសម្បត្តិ និង កម្មសិទ្ធិ​របស់​ខ្លួន​ស្ទើរ​តែ​ទាំងអស់ ។ សូម​ពិចារណា​ថាតើ​ការ​គោព​តាម​ព្រះបញ្ញត្តិ​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ​ទៀត​អាច​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ និង ការលះបង់​ពី​ពួក​បរិសុទ្ធ​យ៉ាង​ដូចម្ដេច​ដែរ ។

សូម​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២៨ដោយ​ស្វែងរក​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ពួក​បរិសុទ្ធ​ត្រូវ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ ។ សូម​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស៊្មីធ បាន​បង្រៀន​អំពី « ភាព​ពេញ​លេញ​នៃ​បព្វជិតភាព » ដោយ​បាន​ថ្លែង​ ៖ « មនុស្ស​គ្រប់​រូប​ដែល​ស្មោះត្រង់ ហើយ​នឹង​ទទួល​ពិធីបរិសុទ្ធ និង​ពរជ័យ​ទាំង​នេះ ទទួល​បាន​ភាព​ពេញលេញ​នៃ​បព្វជិតភាព ហើយ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ‹ ព្រះអង្គ​ធ្វើ​ឲ្យ​ពួកគេ​បាន​ស្មើ​គ្នា​នៅ​ក្នុង​អំណាច និង​នៅក្នុង​ពលំ និង​នៅ​ក្នុង​អាណាចក្រ › ។ [គ. និង ស. ៧៦:៩៥ សូមមើល​ផងដែរ គ. និង ស. ៨៨:១០៧] ។… ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​ពរជ័យ​នេះ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​សាសនាចក្រ​នេះ តាមរយៈ​ការ​គោរព​ប្រតិបត្តិ​របស់​គាត់ ដើម្បី​ទទួល​បាន​ភាព​ពេញ​លេញ​នៃ​បព្វជិតភាព​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ។ វា​ពុំ​អាច​ទទួលបាន​តាម​វិធីណា​ទៀត​ឡើយ » (Doctrines of Salvation, comp Bruce R. McConkie វ៉ុល​៣ [១៩៥៤–៥៦], ៣:១៣២–៣៣ ) ។

សមាជិក​សាសនាចក្រ​គ្រប់​រូប—ទាំង​បុរស​ទាំង​ស្ត្រី—អាច​ទទួល​បាន​ភាព​ពេញ​លេញ​នៃ​ពរជ័យ​របស់​បព្វជិតភាព​ដោយ​ការ​ទទួល​រាល់​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ តាមរយៈ​ពិធី​បរិសុទ្ធ​ទាំងនេះ​យើងអាច​ទទួល​បាន​រាល់​ពរជ័យ​ដែល​ព្រះវរបិតា​សួគ៌​មាន​ព្រះរាជ​បំណង​ប្រោស​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់ ។ ការ​ស្ដារឡើងវិញ​នៃ​ពិធី​បរិសុទ្ធ និង សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ ប៉ុន្តែ​វា​ពុំ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​នោះ​ទេ ។ ការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ទីក្រុង​ណៅវូ​បាន​អនុញ្ញាត​ឲ្យ​ការ​ស្ដារ​ឡើង​វិញ​នៃ​ពិធី​បរិសុទ្ធ និង សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន​បន្ត​ទៀត ( សូមមើល គ. និង ស. ១២៤:២៨, ៤០–៤១ ) ។

  1. journal iconសូម​អាន​ឃ្លា​ពីរ​ដំបូង​នៅ​ក្រោម​ប្រធានបទ ពិធីបរិសុទ្ធ​ទាំងឡាយ »នៅ​ក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ (scriptures.lds.org) ឬ True to the Faith: A Gospel Reference([ ឆ្នាំ ២០០៤ ] ទំព័រ ១០៩–១០) ។ រួច​សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ពិធី​បរិសុទ្ធ​គឺជា​អ្វី ?

ពិធីបរិសុទ្ធ​មួយ​ចំនួន​គឺ​ចាំ​បាច់​ចំពោះ​ភាពលើក​តម្កើង​ឡើង ហើយ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ទាំងនេះ​ជាច្រើន​អាច​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២៩ដោយ​ស្វែង​រក​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏ ចាំបាច់​មួយ​ដែល​បាន​គូស​បញ្ជាក់​ថា​ត្រូវ​ស្ដារ​ឡើងវិញ ។

នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ១៨៤០ ព្យាការី​យ៉ូសែប ស្ម៊ីធ ដំបូង​ឡើយ​បាន​បង្រៀន​ថា ពួក​បរិសុទ្ធ​អាច​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​ដូចជា​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​មិត្ត និង សមាជិក​គ្រួសារ​របស់​ពួក​ដែល​បាន​ចែកឋាន​ទៅ ដែល​គ្មាន​ឱកាស​ទទួល​បាន​ដំណឹងល្អ ( សូមមើល Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៤០៣ សូមមើល​ផង​ដែរ កូរិនថូស ទី១ ១៥:២៩) ។ បន្ទាប់​ពី​សេចក្ដី​ប្រកាស​នេះ មាន​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​ជាច្រើន​ត្រូវ​ធ្វើ​បាន​ឡើង​នៅ​ក្នុង​ទន្លេ​មិស៊ីស៊ិបពី ឬ​នៅ​ក្នុង​អូរ​ក្បែរ​នោះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៣០–៣៤ហើយ​ស្វែងរក​បន្ទូល​ណែនាំ​របស់​ព្រះអម្ចាស់​ទាក់ទង​នឹង​ទីកន្លែង​ដែល​ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​ទ្រង់​អាច​ទទួល​យក​បាន ។

ទោះ​ជា​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​ត្រូវ​ធ្វើ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក្ដី ហេតុអ្វី​បាន​ជា​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​នៅ​ខាង​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​ជា​បណ្ដោះ​អាសន្ន​ ?

ព្រះវិហារ​បរិសុទ្ធ​ណៅវូ​កំពុង​សាងសង់

បន្ទាប់​ពី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤នោះ​កិច្ចការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ណៅវូ​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស ។ នៅ​ថ្ងៃ​ទី ៣ ខែ តុលា ឆ្នាំ ១៨៤១ បន្ទាប់​ពី​ជាន់​ក្រោម​ដី​នៃ​ព្រះវិហារ​នោះ​ត្រូវ​បាន​គេ​ជីក យ៉ូសែប ស៊្មីធ បាន​ប្រាប់​ពួក​បរិសុទ្ធ​ថា « នឹង​គ្មាន​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​ទៀត​ឡើយ​រហូត​ដល់​ពិធី​បរិសុទ្ធ​នេះ​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ … ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ! » (Teachings: Joseph Smithទំព័រ ៤៦៩) ។ នៅ​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា ឆ្នាំ ១៨៤១ បន្ទាប់​ពី​អាង​ជ្រមុជទឹក​មួយ​ត្រូវ​បាន​គេ​សង់​ជា​បណ្ដោះ​អាសន្ន ហើយ​បាន​ឧទ្ទិសឆ្លង​នៅ​ជាន់ក្រោម​ដី​នៃ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ពិធី​បរិសុទ្ធ​នៃ​ពិធីបុណជ្រមុជទឹក​ជំនួស​ឲ្យ​អ្នក​ស្លាប់​បាន​ចាប់ផ្ដើម​សារ​ជា​ថ្មី ។ ( សូមមើល Church History in the Fulness of Times Student Manual, ការ​បោះពុម្ព​លើក​ទី​២ [Church Educational System manual ឆ្នាំ ២០០៣ ] ទំព័រ ២៥១–៥២, សូមមើល​ផងដែរ Teachings of Presidents of the Church: Joseph Smithទំព័រ ៤៦៩–៧០) ។

ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤ បង្រៀន​ពី​សេចក្ដី​ពិត​ដូច​តទៅ​នេះ ៖ ព្រះវិហារបរិសុទ្ធ​គឺ​ជា​ទីកន្លែង​តែ​មួយ​គត់​ដែល​យើង​អាច​ទទួល​បាន​ភាព​ពេញលេញ​នៃ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​សម្រាប់​ការ​ប្រោសលោះ​ដល់​អ្នក​នៅ​រស់ និង អ្នក​ស្លាប់ ។

  1. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​គិត​ថា សេចក្ដីពិត​នេះ​អាច​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​ការ​លះបង់​ដ៏​ចាំបាច់​ដើម្បី​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ទីក្រុង​ណៅវូ ។

ប្រធាន ថូម៉ាស អេស ម៉នសុន

សូម​គូស​ចំណាំ​ត្រង់​ពាក្យ ឬ​ឃ្លា​ដែល​អ្នក​គិត​ថា​សំខាន់​នៅ​ក្នុង​ការ​បង្រៀន​ដូចតទៅ​នេះ​មក​ពី​ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​លើក​ឡើង​ពី​សារៈសំខាន់​នៃ​សេចក្ដី​ពិតនេះ អំពី​ព្រះវិហារ​បរិសុទ្ធ ៖ « អស់​អ្នក​ណា​ដែល​យល់​ដឹង​ពី​ពរជ័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​កើត​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដឹង​ថា គ្មាន​ការ​លះបង់​ណា​មួយ​ធំធេង​ពេក គ្មាន​ការ​បង់​ថ្លៃ​ណា​មួយ​ដែល​ធ្ងន់​ធ្ងរ​ពេក គ្មាន​ឧបសគ្គ​ណា​មួយ​ដែល​លំបាក​ពេក ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងនោះ​ឡើយ ។ ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ មិនថាឆ្ងាយប៉ុណ្ណានោះ​ទេ មិន​ថាត្រូវ​យកឈ្នះ​ឧបសគ្គ​ច្រើន​យ៉ាង​ណា ឬ ត្រូវ​ស៊ូទ្រាំ​នឹង​ភាពមិន​ងាយស្រួល​ច្រើន​ប៉ុណ្ណា​នោះ​ទេ ។ ពួកគេ​យល់​ថា​ពិធី​បរិសុទ្ធ​នៃសេចក្តីសង្គ្រោះ​ទាំងឡាយ ដែល​បាន​ទទួល​ក្នុង​ព្រះវិហារ​បរិសុទ្ធ ដែល​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​ព្រះវរបិតាសួគ៌​នៅ​ថ្ងៃមួយ​ក្នុង​ទំនាក់ទំនង​គ្រួសារ​អស់​កល្បជានិច្ច និង ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ពរជ័យ និង អំណាចមកពីទីខ្ពស់ គឺមានតម្លៃគ្រប់ការពលិកម្ម និងការខិតខំទាំងអស់ ។ (The Holy Temple—a Beacon to the World » EnsignLiahona, ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩២ ) ។

  1. journal iconនៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ប្រយោគ​ពីរបី ពិពណ៌នា​ពី​ហេតុផល​ដែល​ការ​ទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​សារៈសំខាន់​ចំពោះ​អ្នក ។

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដើម្បី​រៀបចំ​ខ្លួន​ឲ្យ​សក្ដិសម​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​ភាព​ពេញ​លេញ​នៃ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​សម្រាប់​ខ្លួន​ឯង ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន ឬ​លើ​ក្រដាស​អំពី​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​នេះ ដើម្បី​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​ទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៣៨–៤១ដោយ​ស្វែងរក​ហេតុផល​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា​ឲ្យ​ម៉ូសេ​សង់​ត្រសាល​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​បាន​ណែនាំ​រាស្ត្រ​របស់​ទ្រង់​ឲ្យ​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ដែនដី​សន្យា ។

យោង​តាម​ខ​ទាំងនេះ សូម​កត់សម្គាល់​ថាតើ​ពិធី​បរិសុទ្ធ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​ព្រះវិហារ​បរិសុទ្ធ​កើត​មាន​យូរ​ប៉ុណ្ណា​ហើយ ។

  1. journal iconសូម​នឹកស្រមៃ​ថា អ្នក​មាន​មិត្ត​ម្នាក់​សួរ​សំណួរ​ដូចតទៅ​នេះ​ដល់​អ្នក រួច​ឆ្លើយ​សំណួរ​ទាំងនោះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​សាសនាចក្រ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ?

    2. ហេតុអ្វី​ព្រះវិហារ​បរិសុទ្ធ​សំខាន់​ចំពោះ​អ្នក ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២២–២៤, ៥៦–៨៣ព្រះអម្ចាស់​ក៏​បាន​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​សង់​អគារ​មួយ​ទៀត​ដែល​ឲ្យ​ឈ្មោះ​ថា ទី​សំណាក់​ណៅវូ ជា​កន្លែង​សម្រាប់​អ្នក​ដែល​មក​លេង​ទៅ​ទីក្រុង​ណៅវូ​អាច​ស្នាក់​នៅ​បាន ។

អគារ​បី​ជាន់

អគារ​នេះ​ត្រូវ​បាន​សាង​សង់​នៅ​ផ្នែក​មួយ​នៃ​គ្រឹះ​របស់​ទី​សំណាក់​ណៅវូ​ដែល​មិន​ទាន់​សង់​ចប់​សព្វគ្រប់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៤២-៥៥

ព្រះអម្ចាស់​ពន្យល់​ពី​អ្វី​ដែល​នឹង​កើត​ឡើង ប្រសិន​បើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គោរព​តាម​ព្រះបញ្ញត្តិ​ដែល​ឲ្យ​សាងសង់​ព្រះវិហារ​បរិសុទ្ធ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៤២–៤៥ដោយ​ស្វែង​រក​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​នឹង​កើត​ឡើង ប្រសិន​បើ​ពួក​បរិសុទ្ធ​សង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ណៅវូ រដ្ឋ​អិលលីណោយ ហើយ​ស្ដាប់​ព្រះសូរសៀង​របស់​ទ្រង់ និង​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៤៦-៥៤ព្រះអម្ចាស់​បាន​ពន្យល់​ពី​អ្វី​ដែល​នឹង​កើត​ឡើង ប្រសិន​បើ​ពួក​បរិសុទ្ធ​សង់​ព្រះវិហារ​បរិសុទ្ធ ប៉ុន្តែ​មិន​ស្ដាប់​ព្រះសូរសៀង របស់​ទ្រង់ ឬ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។ ទ្រង់​ក៏​បាន​ពន្យល់​ផង​ដែរ​ថា ទ្រង់​នឹង​ទទួល​យក​កិច្ច​ខិតខំ​របស់​ពួក​បរិសុទ្ធ​ក្នុង​ការ​សម្រេច​កិច្ចការ​របស់​ទ្រង់ ( រួម​បញ្ចូល​ទាំង​ការ​សង់​ព្រះវិហារ​បរិសុទ្ធ​ផង​ដែរ ) សូម្បី​តែ​ពួកគេ​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ធ្វើ​កិច្ចការ​នោះ​ដោយសារ​ការ​បៀតបៀន​ដែល​ពួកគេ​បាន​ជួប​ក្ដី ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៥៥ដោយ​ស្វែង​រក​មើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រកាស​ថា​ពួក​បរិសុទ្ធ​ត្រូវ​បង្ហាញ​ទ្រង់​ដោយ​ការ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់​ក្នុង​ការ​សង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ។

យោង​តាម ខ ៥៥តើ​យើង​បង្ហាញ​អ្វីខ្លះ​ដល់​ព្រះអម្ចាស់ នៅ​ពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ?

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូចតទៅ​នេះ​ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខ ៥៥ ៖ តាមរយៈ​ការ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ យើង​បង្ហាញ​ពី​សេចក្ដី​ស្មោះត្រង់​របស់​យើង ។

  1. journal iconសូម​ពិចារណា​ពី​ពេលវេលា​នៅ​ក្នុង​ជីវិត​របស់​អ្នក ពេល​អ្នក​ធ្លាប់​គោរព​តាម​ព្រះបញ្ញត្តិ​មួយ ដោយ​ស្ដែង​ចេញ​ពី​បំណង​ប្រាថ្នា​មួយ​ដើម្បី​មាន​ភក្ដីភាព និង ភាព​ស្មោះត្រង់​ចំពោះ​ព្រះវបិតាសួគ៌ និង ព្រះអង្គ​សង្គ្រោះ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​បទពិសោធន៍​មួយ​ក្នុង​ចំណោម​បទពិសោធន៍​ទាំងនេះ ហើយ​អារម្មណ៍​របស់​អ្នក​អំពី​ការ​បង្ហាញ​ដល់​ព្រះអម្ចាស់​នូវ​ភក្ដីភាព និង ភាព​ស្មោះត្រង់​របស់​អ្នក​ចំពោះ​ទ្រង់ ។

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:៥៥តើ​ពរជ័យ​បន្ថែម​ទៀត​ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួក​បរិសុទ្ធ​នោះ​មាន​អ្វីខ្លះ ប្រសិន​បើ​ពួកគេ​នឹង​សង់​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ទីក្រុង​ណៅវូ ?

  1. journal iconពរជ័យ​នៃ​កិត្តិយស អមតភាព និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដែល​បាន​សន្យា​នៅ​ក្នុង ខ ៥៥ គឺ​មាន​ភាព​អស់​កល្ប​ជានិច្ច ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​ហេតុផល​ដែល​អ្នក​គិត​ថា​វា​ជា​ការ​ចាំបាច់​ដើម្បី​យល់​ដឹង​ថា ពរជ័យ​មួយ​ចំនួន​ដែល​យើង​ទទួល​បាន​ដោយសារ​តែ​ភាព​ស្មោះត្រង់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​អាច​នឹង​មិន​ប្រទាន​ឲ្យ​ភ្លាមៗ​នោះទេ ។

សូម​ល្បង​ខ្លួន​ឯង​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​របស់​អ្នក​ដល់​ព្រះ តាមរយៈ​ការ​គោរព​ព្រះបញ្ញត្តិ​របស់​ទ្រង់​ដោយ​ស្មោះត្រង់ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១-៨៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖