ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០-៩៣


មេរៀន​ទី ១០ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០-៩៣

សេចក្តីផ្តើម

នៅ​ពេល​អ្នក​អាន​សេចក្ដីណែនាំ​នៃ​មេរៀន​ថ្ងៃទី ២ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ « ក្នុង​ការបំពេញ​សេចក្ដីសន្យា ដែល​ព្រះអម្ចាស់​ទ្រង់​បាន​ធ្វើ​រួច​មក​ហើយ​ថា ‹ ក្រឹត្យវិន័យ › នឹង​ត្រូវបាន​ប្រទាន​ឲ្យ​មក​នៅ​រដ្ឋ អូហៃអូ » ( សេចក្តីណែនាំ​អំពី​កណ្ឌ​នៃ គ. និង ស. ៤២ ) ។ នៅ​ក្នុង​មេរៀន​នេះ​អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៤២សិក្សា​លើ ខទី ៣០–៩៣អ្នក​នឹង​ស្វែងយល់​ថា ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ណែនាំ​អំពី​ក្រឹត្យវិន័យ​ខាង​សាច់ឈាម ខាង​សេដ្ឋកិច្ច និង ខាង​វិញ្ញាណ ដោយ​ដឹកនាំ​ឲ្យ​សមាជិក​សាសនាចក្រ​ជួយ​ដល់​ជនក្រីក្រ ផ្ដល់​ហិរញ្ញប្បទាន​ដល់​បន្ទុក​ទាំងឡាយ​របស់​សាសនាចក្រ ហើយ​ជួយ​ដល់​ពួក​បរិសុទ្ធ​ដទៃ​ទៀត ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​រដ្ឋ អូហៃអូ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០-៤២

ព្រះអម្ចាស់​ចេញ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ

គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០–៤២ មាន​ចែង​នូវ​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​របស់​ព្រះអម្ចាស់ ។ ដើម្បី​ជួយ​អ្នក​ឲ្យ​ស្វែងយល់ ហើយ​យល់ដឹង​អំពី​ក្រឹត្យវិន័យ​នេះ សូម​ធ្វើ​កិច្ចការ​មួយ​ដោយ​រៀបចំ​មេរៀន​មួយ ហើយ​បង្រៀន​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​របស់​អ្នក​អំពី​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ដែល​បាន​ប្រទាន​ឲ្យ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ នឹង​មាន​ឱកាស​មួយ​នៅ​ពេល​ក្រោយ​ក្នុង​មេរៀន​នៅ​ថ្ងៃ​នេះ ដើម្បី​កត់ត្រា អំពី​បទពិសោធន៍​របស់​អ្នក ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ដើម្បី​ត្រៀមខ្លួន​បង្រៀន​មេរៀន​នេះ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០–៤២រួច​ធ្វើតាម​ជំហាន​ដូច​ខាង​ក្រោម ៖

  • សូម​ប្រើ​បង់​ស្អិត ឬ ហ្វឺត ដើម្បី​គូស​បន្ទាត់​មួយ​នៅ​លើ​កែវ​ទឹក​ផឹក​ចំនួន​ប្រាំមួយ​កែវ ។ ( សូម​ប្រើ​កែវ​ទឹក​ថ្លា​ដែល​អាច​មើល​ឃើញ​ទឹក ប្រសិនបើ​មាន ) ។ សូម​គូស​បន្ទាប់​នៅ​កម្រិត​ខុស​គ្នា​លើ​កែវ​ទឹក​នីមួយៗ ។ បន្ទាប់​មក សូម​បាំង ឬ គ្រប​កែវ​ទាំងនោះ ដើម្បី​កុំ​ឲ្យ​មនុស្ស​ដែល​អ្នក​បង្រៀន​អាច​ឃើញ​វា ។

  • សូម​យក​ថូ​ទឹក​មួយ ដែល​មាន​ទឹក​ច្រើន​លើស​ពី​គ្រប់គ្រាន់​មក​ចាក់​បំពេញ កែវទឹក​ទាំងអស់​ឲ្យ​ត្រឹម​បន្ទាត់​ដែល​បាន​គូស​នៅ​លើ​កែវ​ទឹក​ទាំងនោះ ។ ( ប្រសិនបើ​អាច អ្នក​អាច​ដាក់​ពណ៌​ចូល​ទៅ​ក្នុង​ទឹក ) ។

សូម​បង្ហាញ​ថូ​ទឹក​ទៅ​ដល់​មនុស្ស​ដែល​អ្នក​បង្រៀន ហើយ​ប្រាប់​ពួកគេ​ថា ទឹក​តំណាង​ឲ្យ​ភោគទ្រព្យ និង ធនធាន​នានា​ដែល​មាន​នៅ​ក្នុង​សហគមន៍ ។ សូម​ពន្យល់​ថា ក្នុង​ខែ កុម្ភៈ ឆ្នាំ ១៨៣១ សមាជិក​នៃ​សាសនាចក្រ​នៅ​ទីក្រុង ខឺត​ឡង់ បាន​ត្រូវការ​ជំនួយ​សម្រាប់​ជនក្រីក្រ ជួយ​ដល់​អ្នក​ចំណូល​ថ្មី ដែល​បាន​លះបង់​ជា​ច្រើន​សន្ធឹក ដើម្បី​មក​ប្រមូលផ្ដុំ​គ្នា​នៅ​រដ្ឋ អូហៃអូ និង ជួយ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​កិច្ចការ​ទាំងឡាយ​ក្នុង​សាសនាចក្រ ។

សូម​ឲ្យ​មនុស្ស​ដែល​អ្នក​បង្រៀន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០ ដោយ​ឮៗ រួច​ស្វែងរក​អ្វី ដែល​ព្រះអម្ចាស់​បាន​បើកសម្ដែង​ទាក់ទង​នឹង​ជនក្រីក្រ ។ សូម​ឲ្យ​ពួកគេ​គូសចំណាំ​ពាក្យ ថ្វាយ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

សូម​អាន​និយមន័យ​នៃ​ពាក្យ ថ្វាយដូចតទៅ​នេះ ដែល​បាន​ផ្ដល់​ដោយ អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « ការថ្វាយ គឺជា​ការញែក ឬ ឧទ្ទិស​អ្វី​មួយ​ឲ្យ​ទៅ​ជា​វត្ថុ​ពិសិដ្ឋ ដើម្បី​លះបង់​ចំពោះ​គោលបំណង​ដ៏​បរិសុទ្ធ » ( Reflections on a Consecrated Life,” Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១៦ ) ។

អ្នក​អាច​នឹង​អញ្ជើញ​មនុស្ស​ដែល​អ្នក​បង្រៀន ឲ្យ​សរសេរ​និយមន័យ​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ខទី ៣០ ។

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ មាន​នូវ​គោលការណ៍​នៃ​ក្រឹត្យវិន័យ ដែល​ត្រូវបាន​ហៅ​ថា​ជា ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ ដើម្បី​ជួយ​មនុស្ស​ដែល​អ្នក​បង្រៀន ឲ្យ​យល់​អំពី​គោលការណ៍​គ្រឹះ​ទាំងនេះ នោះ​អ្នក​អាច​អាន​ដោយ​ឮៗ អំពី​ការពន្យល់​ខាង​ក្រោម​នេះ​ដោយ ប្រធាន ជេ រ៉ូប៊ីន ក្លាក ក្នុង​គណៈប្រធាន​ទី​មួយ ៖

ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ

« គោលការណ៍​គ្រឹះ​នៃ [ ក្រឹត្យវិន័យ​នៃ​ការថ្វាយ ] គឺ​ថា អ្វី​គ្រប់​យ៉ាង​ដែល​យើង​មាន គឺ​ជា​របស់​ផង​ព្រះអម្ចាស់ ហេតុដូច្នេះហើយ ព្រះអម្ចាស់​អាច​ហៅ​ឲ្យ​យើង​លះបង់​ទ្រព្យសម្បត្តិ​ណាមួយ ឬ ទាំងអស់​ដែល​យើង​មាន ដ្បិត​វា​គឺ​ជា​របស់​ផង​ទ្រង់ » ( នៅ​ក្នុង របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៤២ ទំព័រ ៥៥ ) ។

សុំ​ឲ្យ​មនុស្ស​ដែល​អ្នក​បង្រៀន​សង្ខេប​នូវ​អ្វី​ដែល គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០ បង្រៀន​អំពី​ការទទួលខុសត្រូវ​របស់​យើង​ចំពោះ​ជនក្រីក្រ និង អ្នក​ដែល​ខ្វះខាត ។ ( មនុស្ស​ដែល​អ្នក​បង្រៀន​អាច​នឹង​ឆ្លើយ ដោយ​នូវ​ចម្លើយ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​គោលការណ៍​ដូចតទៅ​នេះ ៖ យើង​ត្រូវ​ខ្វាយខ្វល់​ពី​អ្នក​ទាល់ក្រ និង អ្នក​ដែល​ខ្វះខាត ។ សូម​លើក​ទឹកចិត្ត​ឲ្យ​គាត់​គូសចំណាំ​ពាក្យ ឬ ឃ្លា​ទាំងឡាយ នៅ​ក្នុង​ខគម្ពីរ​នោះ ដែល​បង្រៀន​អំពី​គោលការណ៍​នេះ ) ។

សូម​បង្ហាញ​កែវទឹក​ទទេ ដែល​មាន​គូស​បន្ទាត់​នៅ​លើ​នោះ រួច​ចាប់ផ្ដើម​ចាក់​ទឹក​ចូល​ពី​ថូ ។ សូម​ចាក់​ទឹក​ចូល​ក្នុង​កែវទឹក​មួយ ឲ្យ​ត្រឹម​បន្ទាត់​ដែល​អ្នក​បាន​គូស ចាក់​ទឹក​ចូល​កែវទឹក​បី ឲ្យ​លើ​បន្ទាត់​ដែល​អ្នក​បាន​គូស ហើយ​ចាក់​ទឹក​ចូល​កែវទឹក​ពីរ ឲ្យ​ក្រោម​បន្ទាត់​ដែល​អ្នក​បាន​គូស ។ សូម​ពន្យល់​ថា បន្ទាត់​ទាំងនោះ​ដែល​បាន​គូស​នៅ​លើ​កែវទឹក​នីមួយៗ តំណាង​ឲ្យ​សេចក្ដី​ត្រូវការ និង ការ​ចង់​បាន​ដ៏​សុចរិត​នៃ​ក្រុមគ្រួសារ​ខុសៗ​គ្នា​ទាំងឡាយ ។ ឧទាហរណ៍ តម្រូវការ​នៃ​ក្រុមគ្រួសារ​ដែល​មាន​កូន​តូច​ម្នាក់ អាច​នឹង​ខុស​ពី តម្រូវការ​នៃ​ក្រុមគ្រួសារ​ដែល​មាន​កូន​ប្រាំ​នាក់ ។ សូម​ពន្យល់​ថា ទឹក​តំណាង​ឲ្យ​ភោគទ្រព្យ និង ធនធាន​នៃ​ក្រុមគ្រួសារ​នីមួយៗ ។ កែវទឹក​ដែល​មាន​ទឹក​ក្រោម​បន្ទាត់ តំណាង​ឲ្យ​ក្រុមគ្រួសារ ដែល​ពុំ​មាន​ប្រាក់កាស ឬ របស់​ទ្រព្យ​គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវការ​ខ្លួន ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣១ ដោយ​ឮៗ រួច​អញ្ជើញ​មនុស្ស​ដែល​អ្នក​បង្រៀន ឲ្យ​អាន​ព្រះគម្ពីរ​របស់​ពួកគេ​តាម​ក្នុង​ចិត្ត ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • សម្រាប់​ពួក​បរិសុទ្ធ តើ​ដំណាក់កាល​ដំបូង​ក្នុង​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​គឺ​ជា​អ្វី ? ( ត្រូវ​ផ្ដល់​ទ្រព្យធន​របស់​ខ្លួន​មាន​ដូចជា—ប្រាក់កាស របស់​ទ្រព្យ ថែមទាំង​កម្មសិទ្ធិ​នានា—ទៅ​កាន់​ប៊ីស្សព ) ។

  • តើ​នៅ​ពេល​យើង​បរិច្ចាគ​ទៅ​ដល់​ជនក្រីក្រ មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​ទៅ​ដល់​នរណា​ទៀត ? ( ព្រះ​អម្ចាស់ ) ។

ដើម្បី​បង្ហាញ​ថា សមាជិក​សាសនាចក្រ ថ្វាយ​ទ្រព្យសម្បត្តិ​ខ្លួន​ទៅ​ដល់​សាសនាចក្រ នោះ​សូម​ចាក់​ទឹក​ដែល​មាន​នៅ​ក្នុង​កែវទឹក​ចូល​ទៅ​ក្នុង​ថូ​វិញ ។

សូម​អញ្ជើញ​មនុស្ស​ដែល​អ្នក​បង្រៀន​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣២ ឲ្យ​ឮៗ ដោយ​ស្វែងរក​ដំណាក់កាល​ទី​ពីរ​ក្នុង​ការរស់នៅ តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ បន្ទាប់មកសូម​សួរ ៖

  • តើ​ដំណាក់កាល​ទីពីរ​ក្នុង​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ​គឺ​ជា​អ្វី ? ( គ្រួសារ​ទាំងអស់ ទទួលបាន​ចំណែក​នៃ​ធនធាន​ពី​ប៊ីស្សព ស្រប​ទៅ​តាម​អ្វី​ដែល​ជា​តម្រូវការ ) ។

សូម​ពន្យល់​ថា បន្ទាប់​ពី​ផ្ដល់ ឬ ថ្វាយ​ទ្រព្យសម្បត្តិ​ខ្លួន​ទៅ​ដល់​សាសនាចក្រ​ហើយ ក្រុមគ្រួសារ​ទាំងឡាយ ត្រូវបាន​ផ្ដល់​ឲ្យ​មក​វិញ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ ។ ចំណែក​នេះ បាន​ក្លាយ​ទៅ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​ក្រុមគ្រួសារ ។ ក្រុម​គ្រួសារ​ទាំងឡាយ​ត្រូវ​ធ្វើ​ជា​នាយក​តម្រួតការលើ​ទ្រព្យសម្បត្តិ​ខ្លួន ហើយ​ពួកគេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វា​តាម​សមគួរ ប៉ុន្តែ ពួកគេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ព្រះ នូវ​របៀប​ដែល​ពួកគេ​ប្រើប្រាស់​វា​នោះ ។

សូម​ចាក់​ទឹក​ចេញ​ពី​ថូ ទៅ​ក្នុង​កែវទឹក​នីមួយៗ​ឲ្យ​បាន​ត្រឹម​បន្ទាត់​របស់​វា ។ សូម​ពន្យល់​ថា នៅ​ក្រោម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ នោះ​ក្រុមគ្រួសារ​នីមួយៗ​ទទួលបាន ស្រប​ទៅ​តាម​សេចក្ដីត្រូវការ និង ការចង់បាន​ដ៏​សុចរិត​របស់​ក្រុមគ្រួសារ ។ ការសម្រេចចិត្ត​ទាំងនេះ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ការប្រឹក្សា​ជាមួយគ្នា​រវាង​ប៊ីស្សព និង មេគ្រួសារ ។ ក្រុម​គ្រួសារ​ទាំងឡាយ​ទទួលស្គាល់​ថា ភាពជាម្ចាស់​លើ​ទ្រព្យសម្បត្តិ​ខ្លួន គឺ​ជា​អំណោយ​មក​ពី​ព្រះអម្ចាស់ ហើយ​នៅ​ពេល​ធ្វើ​ជា​នាយក​តម្រួតការ​លើ​វា នោះ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ ក្នុង​ការប្រើប្រាស់​នូវ​អ្វី​ដែល​ពួកគេ​ត្រូវបាន​ប្រទាន​ឲ្យ ដើម្បី​ស្ថាបនា​នគរ​ព្រះអម្ចាស់​ឡើង ។

សូម​ចង្អុល​បង្ហាញ​ថា ទឹក​មាន​នៅ​សល់​ក្នុង​ថូ ។ សូម​អញ្ជើញ​មនុស្ស​ដែល​អ្នក​បង្រៀន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣៣-៣៥ ដោយ​ឮៗ រួច​ស្វែងរក​ថា​តើ « របស់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន » ឬ អ្វី​ដែល​នៅ​សល់​ពី​ទ្រព្យសម្បត្តិ​ដែល​បាន​ថ្វាយ​នោះ ទុក​សម្រាប់​ធ្វើ​អ្វី ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ដែល​នៅ​សល់ ឬ « របស់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន » នោះ ? ( ពួកគេ​ត្រូវ​ប្រើ​វា​ដើម្បី​ជួយ​ដល់​ជនក្រីក្រ ផ្ដល់​ហិរញ្ញប្បទាន​ដល់​ការសាងសង់​សាសនាចក្រ និង ជួយ​សមាជិក​ដែល​មាន​សេចក្ដី​ត្រូវការ ) ។

  • ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ក្នុង ខទី ៣៤តើ​អ្នក​គិត​ថា ថូ​ទឹក​តំណាង​ឲ្យ​អ្វី ? ( ឃ្លាំង​ស្ដុក ) ។

សូម​អញ្ជើញ​ឲ្យ​មនុស្ស​ដែល​អ្នក​បង្រៀន អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣៨ ដោយ​ឮៗ ហើយ​ស្វែងរក​សេចក្ដីពិត ដែល​នឹង​ជួយ​បុគ្គល​ទាំងឡាយ ឲ្យ​មាន​បំណង​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ដោយ​មិន​គិត​ពី​ស្ថានភាព​របស់​ពួកគេ ។ បន្ទាប់មកសូម​សួរ ៖

  • តើ​គោលការណ៍​អ្វី ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ទង្វើ​ល្អ​ចំពោះ​មនុស្ស​ដទៃ ? ( ចម្លើយ​គួរតែ​មាន​ភាពស្រដៀងគ្នា​ទៅ​នឹង​គោលការណ៍​តទៅ​នេះ ៖ នៅ​ពេល​យើង​ប្រព្រឹត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ នោះ​មាន​ន័យ​ថា យើង​ប្រព្រឹត្ត​ល្អ​ចំពោះ​ព្រះអម្ចាស់​ដែរ ។ សូម​គិត​ពី​ការសូម​ឲ្យ​មនុស្ស​ដែល​អ្នក​បង្រៀន គូសចំណាំ​សេចក្ដីពិត​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ខ្លួន )។

  • តើ​សេចក្ដីពិត​នេះ​បាន​ជួយ​ពួកបរិសុទ្ធ ឲ្យ​មាន​ឆន្ទៈ​ក្នុង​ការថ្វាយ​ទ្រព្យសម្បត្តិ​ខ្លួន​យ៉ាង​ដូចម្ដេច ? តើ​ការស្គាល់​ពី​គោលការណ៍​នេះ អាច​ជួយ​អ្នក​នៅ​ក្នុង​ជីវិត​ដោយ​របៀប​ណា ?

  • តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​បាន​បម្រើ​ព្រះអម្ចាស់ នៅ​ពេល​អ្នក​បាន​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ដល់​មនុស្ស​ដទៃ ?

សូម​ពន្យល់​ថា ទោះជា​យើង​មិន​ត្រូវ​បាន​បញ្ជា​ឲ្យ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ទៅ​តាម​របៀប​ដូចគ្នា​នឹង​ពួកបរិសុទ្ធ​ពី​ជំនាន់​ដំបូង​ក្ដី ក៏​ក្រឹត្យវិន័យ​នេះ​នៅ​តែ​អនុវត្ត​នា​ពេល​សព្វថ្ងៃ​នេះ​ដែរ ។ សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ពី​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ដោយ​ឮៗ រួច​សូម​ឲ្យ​មនុស្ស​ដែល​អ្នក​បង្រៀន ស្ដាប់​ថាតើ​វា​មាន​អត្ថន័យ​ដូចម្ដេច​សម្រាប់​យើង​នា​ពេល​សព្វថ្ងៃ​នេះ ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ៖ « ការថ្វាយ​គឺ​ជា​ការផ្ដល់​ឲ្យ​នូវ​ពេលវេលា ទេពកោសល្យ និង ទ្រព្យសម្បត្តិ​របស់​មនុស្ស​ម្នាក់ ដើម្បី​ថែរក្សា​អ្នក​ដែល​មាន​តម្រូវការ—ទោះជា​ខាង​វិញ្ញាណ ឬ សាច់ឈាម​ក្ដី—និង ក្នុង​ការស្ថាបនា​នគរ​ព្រះអម្ចាស់​ឡើង » ( Welfare Services: The Gospel in Action,” Ensignខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ទំព័រ ៧៨ ) ។

អ្នក​អាច​នឹង​ឲ្យ​មនុស្ស​ដែល​អ្នក​បង្រៀន សរសេរ​និយមន័យ​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ខទី ៣០ ។ បន្ទាប់​ពី​អ្នក​បាន​អាន​សេចក្ដីថ្លែងការណ៍​ពី​ប្រធាន ឃឹមបឹល ហើយ សូម​សួរ​ថា ៖

  • តើ​ពេលវេលា ទេពកោសល្យ និង ទ្រព្យសម្បត្តិ​អ្វី​ខ្លះ ដែល​អ្នក​មាន ដែល​អ្នក​អាច​ប្រើ​ដើម្បី​ជួយ​មនុស្ស​ដែល​មាន​សេចក្ដីត្រូវការ ?

សូម​ចែកចាយ​បទពិសោធន៍​មួយ អំពី​គ្រា​ដែល​អ្នក​ត្រូវបាន​ប្រទានពរ​ដោយ​នរណា​ម្នាក់ ដែល​បាន​លះបង់​ពេលវេលា ទេពកោសល្យ ឬ ទ្រព្យសម្បត្តិ​ដើម្បី​ជួយ​ដល់​អ្នក ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សារៈសំខាន់​នៃ​ការប្រព្រឹត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ ។ នៅ​ពេល​អ្នក​បញ្ចប់​ការថ្លែងទីបន្ទាល់ សូម​ប្រាកដថា អ្នក​ថ្លែងអំណរគុណ​ដល់​មនុស្ស​ដែល​អ្នក​បង្រៀន ចំពោះ​ការចូលរួម​ក្នុង​មេរៀន​របស់​អ្នក ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ឈ្មោះ​នៃ​បុគ្គល​ដែល​អ្នក​បាន​បង្រៀន ដោយ​មាន​កាលបរិច្ឆេទ​ដែល​អ្នក​បាន​បញ្ចប់​កិច្ចការ​នេះ ។ សូម​សរសេរ​ការរៀបរាប់​មួយ អំពី​អ្វី​ដែល​អ្នក​គិត​ថា​បាន​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ល្អ​ប្រសើរ ក្នុង​បទពិសោធន៍​ការបង្រៀន​របស់​អ្នក និង អ្វី​ដែល​មាន​ការលំបាក ។ លើស​ពី​នេះ​ទៅ​ទៀត សូម​រៀបរាប់ ថាតើ​អ្នក​មាន​ទទួល​អារម្មណ៍​ថា​មាន​ពរ​យ៉ាង​ដូចម្ដេច នៅ​ពេល​អ្នក​បាន​រស់នៅ​តាម​គោលការណ៍​ដែល​ថា នៅ​ពេល​យើង​ប្រព្រឹត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ នោះ​មាន​ន័យ​ថា យើង​ប្រព្រឹត្ត​ល្អ​ចំពោះ​ព្រះអម្ចាស់​ដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៣-៥៥

ព្រះអម្ចាស់​ប្រទាន​ឱវាទ​អំពី​សេចក្ដីស្លាប់ និង ការព្យាបាល

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៤៣–៥៥ ព្រះអម្ចាស់​បាន​បង្រៀន អំពី​សេចក្ដីស្លាប់ និង ការព្យាបាល ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ពន្យល់​ថា សេចក្ដីស្លាប់ គឺ​ជា​សេចក្ដីផ្អែមល្ហែម​ដល់​អស់​អ្នក​ទាំងឡាយ​ណា ដែល​បាត់បង់​ជីវិត​ទៅ​ក្នុង​ទ្រង់ ប៉ុន្តែ ជា​សេចក្ដី​ល្វីងជូរចត់​ចំពោះ​អស់​អ្នក​ទាំងឡាយ​ណា​ដែល​ពុំ​អស់​ជីវិត​ទៅ​ក្នុង​ទ្រង់ ។ ទ្រង់​ក៏​បាន​មាន​ព្រះបន្ទូល​ផងដែរ​ថា អ្នក​ទាំងឡាយ​ណា​ដែល​ឈឺ​នឹង « ត្រូវបាន​ថែទាំ​ឲ្យ​ចំណី ដោយ​អស់​ពី​ភាពទន់ភ្លន់ » ( គ. និង ស. ៤២:៤៣) ហើយ​ទទួល​បាន​ពរជ័យ​នៃ​បព្វជិតភាព ។ មនុស្ស​មួយ​ចំនួន​នឹង​ត្រូវបាន​ព្យាបាល​ឲ្យ​ជា​ស្បើយ​តាមរយៈ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ( សូម​មើល គ. និង ស. ៤២:៤៨ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៥៦-៦៩

ព្រះអម្ចាស់​សន្យា​ថា នឹង​បើកសម្ដែង​បទគម្ពីរ​បន្ថែម និង វិវរណៈ​ទៅ​កាន់​ព្យាការី យ៉ូសែប ស៊្មីធ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៥៦–៦៩ព្យាការី យ៉ូសែប ស៊្មីធ បាន​ស្វែងយល់​ថា ព្រះអម្ចាស់​នឹង​បន្ត​ប្រទាន​វិវរណៈ បើ​គាត់​បន្ត​ស្វែងរក​វា ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១រួច​ស្វែងរក​គោលការណ៍​អំពី​ការទទួលបាន​វិវរណៈ ។ ថ្នាក់​ដឹកនាំ​យើង​សព្វថ្ងៃ​នេះ ដឹកនាំ ហើយ​ណែនាំ​សមាជិក​សាសនាចក្រ ដោយ​ប្រើ​គោលការណ៍​នៃ​វិវរណៈ​ដែល​មាន​ជា​បន្តបន្ទាប់ ។

  1. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​សេចក្ដីថ្លែងការណ៍ បើសិនជា–នោះ អំពី​គោលការណ៍​ដែល​អ្នក​រៀន​ចេញ​ពី ខទី ៦១ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៧០-៨៧

ថ្នាក់​ដឹកនាំ​បព្វជិតភាព ទទួល​បាន​សេចក្ដីណែនាំ ស្ដីពី​ការដោះស្រាយ​ជាមួយ​សមាជិក​សាសនាចក្រ ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៧០–៨៧ មាន​នូវ​គោលការណ៍​គ្រឹះ និង ក្រឹត្យវិន័យ​មួយ​ចំនួន ដែល​គ្រប់គ្រង​លើ​វិន័យ​ក្នុង​សាសនាចក្រ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៧៨រួច​គូស​ចំណាំ​ព្រះបញ្ញត្តិ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​សមាជិក​សាសនាចក្រ​គ្រប់​រូប ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៨៨-៩៣

ព្រះអម្ចាស់​ណែនាំ​ពួក​បរិសុទ្ធ អំពី​របៀប​ដោះស្រាយ​ជាមួយ​ហេតុទាស់​ផ្ទាល់ខ្លួន

សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​បាន​ឃើញ​នរណាម្នាក់ មាន​ហេតុទាស់​នឹង​ពាក្យសម្ដី ឬ ទង្វើ​នៃ​មនុស្ស​ម្នាក់​ទៀត ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៨៨–៨៩ដោយ​ស្វែងរក​សេចក្ដីណែនាំ​ពី​ព្រះអម្ចាស់ ស្ដីពី​អ្វី​ដែល​យើង​គួរតែ​ធ្វើ បើ​មាន​នរណាម្នាក់​បាន​មាន​ហេតុទាស់​នឹង​យើង ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វី​ដែល​ជា​កិច្ចការ​ដំបូង​យើង​គួរតែ​ធ្វើ បើ​មាន​នរណាម្នាក់​បាន​មាន​ហេតុទាស់​នឹង​យើង ?

    2. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការធ្វើ​បែប​នេះ អាច​មាន​ប្រយោជន៍ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៩០–៩១ យើង​រៀន​ថា អំពើបាប ឬ ហេតុទាស់​មួយ​ចំនួន ដែល​ដឹង​ជា​សាធារណៈ តម្រូវ​ឲ្យ​មាន​ការសារភាព​កំហុស ឬ ការបន្ទោស​ដ៏​សមរម្យ​មួយ​ជា​សាធារណៈ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៩២–៩៣ យើង​រៀន​អំពី​គោលការណ៍​ដូច​តទៅ​នេះ ៖ ហេតុទាស់​ដែល​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់ គួរតែ​ត្រូវបាន​ដោះស្រាយ​ដោយ​សម្ងាត់ ។

  1. journal iconសូម​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​ជា​រឿង​ដ៏​ល្អ​បំផុត​ដែល​ហេតុទាស់​ជា​សម្ងាត់ ត្រូវ​ដោះស្រាយ​ជា​សម្ងាត់ ។

វា​ទាមទារ​ឲ្យ​មាន​ភាពក្លាហាន ដើម្បី​ទៅ​ជួប​អ្នក​ដែល​បាន​មាន​ហេតុទាស់​នឹង​អ្នក ។ សូម​អធិស្ឋាន​សុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌ នៅ​ពេល​អ្នក​ព្យាយាម​ដោះស្រាយ​យ៉ាង​សម​ហេតុផល នូវ​អារម្មណ៍​មិន​ល្អ​ទាំងឡាយ ដែល​អ្នក​អាច​មាន​អំពី​មនុស្ស​ដទៃ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០-៩៣ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖