មេរៀនទី ១៣ ៖ ថ្ងៃទី ១
កន្លែងកណ្ដាលនៃក្រុងស៊ីយ៉ូន
សេចក្តីផ្តើម
មេរៀននេះរំឭកអំពីព្រឹត្តិការណ៍បីបួនក្នុងប្រវត្តិសាសនាចក្រ ដែលកើតឡើងនៅឃុំចាកសុន រដ្ឋ មិសសួរី ។ ក្នុងរដូវក្ដៅឆ្នាំ ១៨៣១ ពួកបរិសុទ្ធមួយចំនួន ដែលបានប្រមូលគ្នានៅរដ្ឋ អូហៃអូ បានចាប់ផ្ដើមធ្វើដំណើរទៅតាំងលំនៅនៅឃុំចាកសុន រដ្ឋ មិសសួរី ។ ក្នុងវិវរណៈដែលបានប្រទានដល់ព្យាការី យ៉ូសែប ស៊្មីធ ក្នុងខែ កក្កដា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានចង្អុលបង្ហាញថា ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី គឺជា « កន្លែងកណ្ដាល » នៃក្រុងស៊ីយ៉ូន ( គ. និង ស. ៥៧:៣ ) ។ ពួកបរិសុទ្ធបានចាប់ផ្ដើមស្ថាបនាទីក្រុង ហើយបានខ្នះខ្នែងរស់នៅតាមក្រឹត្យវិន័យទាំងឡាយនៃព្រះ ។ ទោះជាយ៉ាងណាក៏ដោយ ការទាស់ទែងគ្នាបានកើតឡើងរវាងពួកបរិសុទ្ធ និង ប្រជាជននៃរដ្ឋ មិសសួរី ដទៃទៀត ដែលបណ្ដាលឲ្យមានហិង្សាពីមនុស្សកំណាចប្រឆាំងនឹងពួកបរិសុទ្ធ ។ ពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចាកចេញពីឃុំចាកសុន ក្នុងខែ វិច្ឆិកា និង ខែ ធ្នូ ឆ្នាំ ១៨៣៣ ។
ព្រះអម្ចាស់បានចង្អុលបង្ហាញថា ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី គឺជាកន្លែងកណ្ដាលនៃក្រុងស៊ីយ៉ូន
សូមស្រមៃថា អ្នកកំពុងតែបោះជំរំ ហើយអ្នកដឹងថាមានព្យុះមួយនឹងបោកបក់មកដល់ ។ តើមានវិធីមួយចំនួនណាខ្លះ ដែលអ្នកអាចនឹងបានការការពារពីព្យុះនោះ ? តើត្រសាលអាចមានសារៈសំខាន់នៅក្នុងស្ថានភាពនេះដែរឬទេ ?
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ព្យាការី អេសាយ បានប្រើពាក្យត្រសាល ប្រដូចទៅនឹងក្រុងស៊ីយ៉ូនដែលត្រូវបានស្ថាបនាឡើងនៅថ្ងៃចុងក្រោយ ទុកជាការការពារសម្រាប់ពួកបរិសុទ្ធ ( សូមមើល អេសាយ ៥៤:២ ) ។ ពួកអ៊ីស្រាអែលបានប្រើត្រសាលធ្វើជាទីជម្រក ហើយស្នាក់នៅ កាលពួកគេរស់នៅ និង ធ្វើដំណើរក្នុងទីវាលរហោស្ថាន ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានបង្រៀនអំពីនិមិត្តរូបដែលទាក់ទងទៅនឹងត្រសាលថា ៖
« សូមស្រមៃក្នុងចិត្តរបស់អ្នកអំពីត្រសាលដ៏ធំមួយ ដែលត្រូវបានចងដោយខ្សែភ្ជាប់ទៅនឹងស្នឹងជាច្រើន ដែលត្រូវបានដំចូលទៅក្នុងដីយ៉ាងមាំ ។
« ព្យាការីបានប្រៀបប្រដូចស៊ីយ៉ូននៅថ្ងៃចុងក្រោយទៅនឹងត្រសាលដ៏ធំមួយនៅលើផែនដី ។ ត្រសាលនោះត្រូវបានចងដោយខ្សែយ៉ាងជាប់ ទៅនឹងចំរឹង ។ មែនហើយ ចំរឹងទាំងនោះគឺជាតំបន់ភូមិសាស្ដ្រខុសៗគ្នាដែលមានទូទាំងផែនដី ។ ថ្មីៗនេះ សាសន៍អ៊ីស្រាអែលត្រូវបានប្រមូលផ្ដុំនៅស្តេកខុសៗគ្នានៃទីក្រុងស៊ីយ៉ូន » ( “Strengthen Thy Stakes,” Ensign,ខែ មករា ឆ្នាំ ១៩៩១ ទំព័រ ២ ) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១៥:៦ដោយស្វែងរកមើលប្រភេទនៃការការពារ ដែលព្រះអម្ចាស់បានសន្យាដល់អស់អ្នកដែលនឹងមកប្រមូលគ្នានៅក្រុងស៊ីយ៉ូន នៅថ្ងៃចុងក្រោយបង្អស់ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយពីជំនាន់ដំបូង បានគិតថា ក្រុងស៊ីយ៉ូន ជាទីកន្លែងសុខសាន្ត សុវត្ថិភាព និង ជាទីការពារពីពួកទុច្ចរិត ( សូមមើល គ. និង ស. ៤៥:៦៦–៧១ ) ។ ពួកគេបានរង់ចាំដោយអន្ទះសា ឲ្យព្រះអម្ចាស់បើកសម្ដែងពីទីតាំងនៃក្រុងស៊ីយ៉ូន ដើម្បីពួកគេអាចចាប់ផ្ដើមស្ថាបនាក្រុងស៊ីយ៉ូនដ៏បរិសុទ្ធរបស់ទ្រង់ឡើង ។ ក្នុងខែ កក្កដា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានប្រកាសថា ដែនដីមិសសួរី គឺជាដែនដីស៊ីយ៉ូនដែលបានសន្យា ហើយថា ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី គឺជា « កន្លែងកណ្ដាល » នៃក្រុងស៊ីយ៉ូន ( សូមមើល គ. និង ស. ៥៧:១–៣ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ប្រសិនបើអ្នកគឺជាសមាជិកនៃសាសនាចក្រជំនាន់ដំបូង តើអ្នកអាចនឹងមានអារម្មណ៍ដូចម្ដេច នៅពេលបានដឹងអំពីទីកន្លែងដែលក្រុងស៊ីយ៉ូននឹងត្រូវបានស្ថាបនាឡើងនោះ ?
-
តើអ្នកនឹងចង់ចាប់ផ្ដើមស្ថាបនាក្រុងនោះឡើងនៅពេលណា ? ហេតុអ្វី ?
-
តើអ្នកធ្លាប់ដំឡើងត្រសាលដោយពុំត្រឹមត្រូវ ឬ ព្យាយាមដំឡើងវាដោយពុំប្រើប្រាស់ផ្នែកទាំងអស់របស់វាដែរឬទេ ? តើមានអ្វីបានកើតឡើង ឬ តើអ្នកគិតថានឹងមានអ្វីកើតឡើង ?
ដូចជាត្រសាលដែលត្រូវដំឡើងទៅតាមរបៀបត្រឹមត្រូវ និង ដោយប្រើប្រាស់ផ្នែកទាំងអស់របស់វា នោះក្រុងស៊ីយ៉ូនក៏ត្រូវតែបានស្ថាបនាឡើងស្របទៅតាមរបៀបជាក់លាក់មួយដែរ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៥ដោយស្វែងរករបៀបដែល « ត្រសាល » នៃក្រុងស៊ីយ៉ូនត្រូវតែបានស្ថាបនាឡើង ដើម្បីឲ្យព្រះអម្ចាស់ទទួលយក ។
សូមកត់ចំណាំថា ក្រុងស៊ីយ៉ូនត្រូវតែបានស្ថាបនាឡើងនៅលើគោលការណ៍នៃសុចរិតភាព ។ បន្ទាប់ពីព្រះអម្ចាស់បានបើកសម្ដែងពីទីតាំងនៃដែនដីក្រុងស៊ីយ៉ូនក្នុងឆ្នាំ ១៨៣១ ទ្រង់បានប្រទានវិវរណៈជាច្រើននៅពីរឆ្នាំក្រោយមក ដោយពិពណ៌នាអំពីគោលការណ៍ ដែលពួកបរិសុទ្ធគួរតែស្ថាបនាក្រុងស៊ីយ៉ូនឡើង ។
សូមអានវគ្គបទគម្ពីរខាងក្រោម ដោយស្វែងរកគោលការណ៍នៃសុចរិតភាព និង ព្រះបញ្ញត្តិទាំងឡាយដែលពួកបរិសុទ្ធត្រូវធ្វើតាមដើម្បីស្ថាបនាក្រុងស៊ីយ៉ូនឡើងដោយជោគជ័យ ។ នៅក្នុងចន្លោះដែលបានផ្ដល់ឲ្យ សូមសរសេរគោលការណ៍ និង ព្រះបញ្ញត្តិមួយចំនួន ដែលអ្នករកឃើញ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨២:១៤-១៩
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:១០-១៦
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២១-២២, ២៥-២៧ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:៤-៩
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការរស់នៅតាមគោលការណ៍នៃសុចរិតភាពទាំងនេះ បានជួយដល់ពួកបរិសុទ្ធឲ្យស្ថាបនាក្រុងស៊ីយ៉ូនឡើង ហើយត្រូវបានការពារពីព្យុះខាងវិញ្ញាណតាមរបៀបណា ?
-
តើការរស់នៅតាមគោលការណ៍ទាំងនេះ អាចនឹងជួយការពារយើងនាពេលសព្វថ្ងៃនេះយ៉ាងដូចម្ដេច ?
-
ការទាស់ទែងគ្នាកើតឡើងរវាងពួកបរិសុទ្ធ និង ប្រជាជនរដ្ឋ មិសសួរី
បន្ទាប់ពីព្រះអម្ចាស់បានបើកសម្ដែងទីតាំងនៃក្រុងស៊ីយ៉ូនក្នុងខែ កក្កដា ឆ្នាំ ១៨៣១ ពួកបរិសុទ្ធជាច្រើនបានធ្វើដំណើរជិត ១៤៤៨ គីឡូម៉ែត្រពីទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ទៅកាន់ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ដើម្បីតាំងលំនៅ និងស្ថាបនាក្រុងស៊ីយ៉ូនឡើង ។
សូមមើលទៅការណែនាំអំពីត្រសាលនៅដើមមេរៀននេះ ។ ជាញឹកញាប់ ត្រសាលពីបុរាណអាចពង្រីកទំហំបាន ដើម្បីបំពេញតាមការរីកធំឡើងនៃក្រុមគ្រួសារ ។ ក្នុងការបំពេញតាមការព្យាករណ៍មួយផ្នែករបស់ព្យាការី អេសាយគឺថា ព្រំដែននៃត្រសាលស៊ីយ៉ូនត្រូវបានពង្រីក ខ្សែត្រូវបានបន្លាយ ហើយស្នឹងត្រូវបានពង្រឹង ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ត្រូវបានចង្អុលបង្ហាញថាជា « ស្តេកមួយដល់ក្រុងស៊ីយ៉ូន » ( គ. និង ស. ៨២:១៣ ) គឺនៅបន្ទាប់ពីកន្លែងកណ្ដាលនៃក្រុងស៊ីយ៉ូនត្រូវបានស្ថាបនាឡើងនៅក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ ទាំងក្នុងសាសនាចក្រពីជំនាន់ដំបូង និង ក្នុងសាសនាចក្រនៅជំនាន់សព្វថ្ងៃនេះ ពួកបរិសុទ្ធដែលប្រមូលគ្នានៅក្រុងស៊ីយ៉ូន ទទួលបានពរជ័យនៃការការពារពីក្រុងស៊ីយ៉ូន ។ ការណ៍នេះមានន័យថា ពួកបរិសុទ្ធដែលរស់នៅក្នុងស្តេកនៃស៊ីយ៉ូន អាចរីករាយនឹងពរជ័យ និង ការការពារដូចគ្នាទៅនឹងពួកបរិសុទ្ធដែលរស់នៅចំកន្លែងកណ្ដាលនៃក្រុងស៊ីយ៉ូនដែរ ។
សូមអានព័ត៌មានខាងក្រោមនេះ អំពីរបៀបដែលពួកបរិសុទ្ធដែលរស់នៅក្នុងស្តេកនៃស៊ីយ៉ូននៅទីក្រុង ខឺតឡង់ បានជួយជ្រោមជ្រែងក្នុងការស្ថាបនាកន្លែងកណ្ដាលនៃក្រុងស៊ីយ៉ូនឡើងនៅរដ្ឋ មិសសួរី ។ សូមស្វែងរកការណ៍ ដែលពួកបរិសុទ្ធនៅទីក្រុង ខឺតឡង់ បានធ្វើដើម្បីជួយស្ថាបនាក្រុងស៊ីយ៉ូនឡើង ។ អ្នកអាចនឹងចង់គូសចំណាំការយល់ដឹងមួយចំនួន ដែលអ្នកគិតថាមានប្រយោជន៍ ។
ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ៖ ក្នុងសម័យប្រជុំសន្និសីទទូទៅមួយដែលបានប្រព្រឹត្តទៅក្នុងខែ វិច្ឆិកា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ និង ថ្នាក់ដឹកនាំដទៃទៀតនៃសាសនាចក្រ បានចងក្រងផ្ដុំគ្នានូវវិវរណៈទាំងឡាយ ដែលបានទទួលរហូតដល់ពេលនោះ ហើយបានគ្រោងនឹងបោះពុម្ពវិវរណៈទាំងនោះចេញជាព្រះគម្ពីរ ។ អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ បានទទួលខុសត្រូវក្នុងការនាំយកវិវរណៈទាំងនោះទៅកាន់រដ្ឋ មិសសួរី ដើម្បីឲ្យ វិលលាម ដ័បបុលយូ ហ្វែប្ស អាចបោះពុម្ពចេញជាព្រះគម្ពីរនៃបទបញ្ញត្តិ ។ អំឡុងឆ្នាំ ១៨៣១–៣២ យ៉ូសែប ស្ម៊ីធ បានបន្តទទួលវិវរណៈ ហើយខិតខំបកប្រែដ៏បំផុសគំនិតលើព្រះគម្ពីរប៊ីប ។ នារដូវផ្ការីកក្នុងឆ្នាំ ១៨៣២ លោកបានធ្វើដំណើរទៅកាន់រដ្ឋ មិសសួរី ដើម្បីសួរសុខទុក្ខដល់ពួកបរិសុទ្ធនៅក្រុងស៊ីយ៉ូន ដើម្បីព្រមានពួកគេថា សាតាំងកំពុងតែព្យាយាម « ដើម្បីបំបែរចិត្តពួកគេចេញពីសេចក្ដីពិត » ( គ. និង ស. ៧៨:១០ ) និង ដើម្បីចាត់ចែងឃ្លាំងរបស់ប៊ីស្សពនៅទីក្រុង ខឺតឡង់ និង ក្រុង អ៊ិនឌីប៉ែនដែនស៍ ។ ពួកបរិសុទ្ធជាច្រើនបានបន្តផ្លាស់លំនៅទៅកាន់ក្រុងស៊ីយ៉ូន ហើយត្រឹមចុងឆ្នាំ ១៨៣២ មានសមាជិកសាសនាចក្រប្រមាណមួយភាគបី បានរស់នៅក្នុងឃុំចាកសុន រដ្ឋ មិសសួរី ។ នៅក្នុងសាសនាចក្រជំនាន់ដំបូង ពួកបរិសុទ្ធរស់នៅរដ្ឋ អូហៃអូ និង ពួកបរិសុទ្ធរស់នៅរដ្ឋ មិសសួរី បានធ្វើការជាមួយគ្នា ដើម្បីផ្ដល់មូលនិធិជាប្រាក់ និង ជាធនធានក្នុងការស្ថាបនាក្រុងស៊ីយ៉ូនឡើង ។
សូមពិចារណាអំពីរបៀប ដែលព្យាការី យ៉ូសែប ស៊្មីធ និង ពួកបរិសុទ្ធដទៃទៀតក្នុងរដ្ឋ អូហៃអូ បានជួយដល់ពួកបរិសុទ្ធក្នុងរដ្ឋ មិសសួរី ស្ថាបនាក្រុងស៊ីយ៉ូនឡើង ។
សូមអានព័ត៌មានខាងក្រោម អំពីក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ដោយស្វែងរកអ្វីដែលរារាំងពួកបរិសុទ្ធពីការស្ថាបនាក្រុងស៊ីយ៉ូនឡើង ។ អ្នកអាចនឹងចង់គូសចំណាំការយល់ដឹងមួយចំនួន ដែលអ្នកគិតថាមានប្រយោជន៍ ។
ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ៖ ប៉ាលី ភី ប្រាត្ត បានពិពណ៌នាអំពីការតាំងលំនៅរបស់ពួកបរិសុទ្ធនៅក្រុងស៊ីយ៉ូន ដោយប្រកាសថា « សន្តិភាព និង ភាពសម្បូរសប្បាយបានបំពាក់មកុដដល់អ្នកប្រឹងប្រែងធ្វើការ ហើយទីរហោស្ថានបានក្លាយទៅជាចម្ការដែលពាសពេញទៅដោយភោគផល » ( Autobiography of Parley Parker Pratt ការបោះពុម្ពរបស់ ប៉ាលី ភី ប្រាត្ត [ ឆ្នាំ ១៩៣៨ ] ទំព័រ ៩៣ ) ។ ថ្នាក់ដឹកនាំនៃសាសនាចក្រនៅរដ្ឋ មិសសួរី បានទិញដី សាងសង់ឃ្លាំង និង ដំឡើងម៉ាស៊ីនបោះពុម្ព ហើយបានបំពេញតាមតម្រូវការរបស់ពួកបរិសុទ្ធដែលនឹងធ្វើដំណើរមកដល់ ។ ត្រឹមខែ កក្កដា ឆ្នាំ ១៨៣៣ ចំនួនសមាជិកនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅទីនោះ បានកើនឡើងដល់ជិត ១២០០ នាក់ ។ ប៉ុន្តែ ថ្នាក់ដឹកនាំសាសនាចក្រ និង សមាជិកពុំមែនរស់នៅដោយពុំមានបញ្ហានោះទេ ។ សមាជិកមួយចំនួនបានអនុញ្ញាតឲ្យភាពអាត្មានិយម និង ភាពលោភលន់មករារាំងពួកគេពីការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយ ។ មិនតែប៉ុណ្ណោះ អ្នកដែលរស់នៅក្នុងតំបន់នោះដែរ បានមានកង្វល់កាន់តែខ្លាំងអំពីវឌ្ឍនភាពយ៉ាងរហ័សរបស់ « ពួកមរមន » និង ឥទ្ធិពលរបស់ពួកគេទៅលើសេដ្ឋកិច្ច និង នយោបាយក្នុងស្រុក ។ ថ្នាក់ដឹកនាំសាសនាក្នុងតំបន់នោះ បានបរិសេធជំនឿរបស់ពួកបរិសុទ្ធ ។ ថ្នាក់ដឹកនាំសាសនាម្នាក់ បានរាលដាលពាក្យចចាមអារ៉ាមអំពីសមាជិកសាសនាចក្រ ហើយបានញុះញង់ឲ្យប្រជាជនប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងពួកគេ ។ ទីបំផុតការប៉ះទង្គិចគ្នាបានផ្ទុះឡើងក្នុងសណ្ឋានបែបជានយោបាយ រួមទាំងបញ្ហានៃទាសភាពផងដែរ ។ បន្ទាប់ពី វិលលាម ដ័បបុលយូ ហ្វែប្ស បានបោះពុម្ពអត្ថបទក្រោមចំណងជើងថា « ដោះលែងពួកស្បែកខ្មៅ » ជាអត្ថបទ ដែលប្រជាជនរដ្ឋ មិសសួរី ដែលភាគច្រើនជាអ្នកគាំទ្រទាសភាព សន្និដ្ឋានយ៉ាងខុសស្រឡះថា ពួកបរិសុទ្ធកំពុងតែអញ្ជើញពួកទាសករដែលត្រូវបានដោះលែងឲ្យទៅរដ្ឋ មិសសួរី ។ នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៨៣៣ មនុស្សកំណាចមួយក្រុមបានទៅក្រុងអ៊ិនឌីប៉ែនដែនស៍ បានគ្រវែងម៉ាស៊ីនបោះពុម្ពទៅលើផ្លូវ វាយកំទេចការិយាល័យបោះពុម្ព បំផ្លាញសន្លឹកទំព័រនៃព្រះគម្ពីរនៃបទបញ្ញត្តិដែលពុំទាន់បានកឹបភ្ជាប់ លាបជ័រកៅស៊ូ ហើយចាក់ស្លាបសត្វនៅខ្លួនប៊ីស្សព អែតវឺត ប៉ាទ្រិច និង អ្នកប្រែចិត្តជឿឈ្មោះ ឆាលស៍ អេលែន ព្រមទាំងបានធ្វើឲ្យទីក្រុងទាំងមូលមានការភ័យរន្ធត់ ។ ការប្រទូសរ៉ាយបានបន្តកើតឡើង ហើយពួកបរិសុទ្ធត្រូវបានបង្ខំឲ្យចាកចេញពីឃុំចាកសុន ក្នុងខែ វិច្ឆិកា និង ខែ ធ្នូ ក្នុងឆ្នាំនោះឯង ។
សូមស្រមៃថាតើអ្នកអាចនឹងមានអារម្មណ៍ដូចម្ដេច ប្រសិនបើអ្នកគឺជាម្នាក់ក្នុងចំណោមពួកបរិសុទ្ធ ដែលបានសង្ឃឹមឲ្យមានការការពារពីព្រះអម្ចាស់ ប៉ុន្តែ បែរជាត្រូវបានបង្ខំឲ្យចាកចេញពីក្រុងស៊ីយ៉ូនទៅវិញ ។
-
យោងតាមអ្វីដែលអ្នកបានរៀន សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុដែលពួកបរិសុទ្ធជំនាន់ដំបូងបានពុះពារស្ថាបនាក្រុងស៊ីយ៉ូន ។ តើអ្នកអាចរៀនអ្វីខ្លះ ចេញពីបទពិសោធន៍របស់ពួកគេ ?
តើក្រុងស៊ីយ៉ូននឹងទៅជាយ៉ាងណានៅពេលខាងមុខ ?
តើអ្នកធ្លាប់បានសង្ឃឹម ឬ រំពឹងឲ្យមានអ្វីមួយកើតឡើង ដែលពុំបានកើតឡើងដែរឬទេ ? តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេចដែរ ?
សូមស្រមៃអំពីការខកចិត្ត និង ការភាន់ភាំងដែលពួកបរិសុទ្ធជំនាន់ដំបូងបានជួបប្រទះ នៅពេលសមាជិកសាសនាចក្រត្រូវបានបណ្ដេញចេញពីឃុំចាកសុន រដ្ឋ មិសសួរី ។ នៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរសំបុត្រមួយច្បាប់ទៅកាន់ ពួកបរិសុទ្ធដែលត្រូវបាននិរទេស នៅមិនយូរប៉ុន្មានដែលពួកគេបានភៀសខ្លួនចេញពីឃុំចាកសុន ។ នៅក្នុងសំបុត្រនោះលោកបានសរសរថា « នៅពេលយើងដឹងអំពីការរងទុក្ខរបស់បងប្អូនទាំងអស់គ្នា វាបានដាស់ឲ្យដួងចិត្តយើងមានការអាណិតអាសូរ វាធ្វើឲ្យយើងមានទុក្ខព្រួយ យើងមិនអាចទប់ទឹកភ្នែកមិនឲ្យស្រក់បានឡើយ » ( នៅក្នុង History of the Church ១:៤៥៤ ) ។
នៅក្នុងសំបុត្រនោះដែរ ព្យាការីបានសរសេរអំពីការទូលសួររបស់លោកចំពោះព្រះអម្ចាស់អំពីមូលហេតុ ដែលការរំពឹងទុករបស់ពួកបរិសុទ្ធចំពោះក្រុងស៊ីយ៉ូនត្រូវបានរលាយសាបសូន្យថា ៖ « ខ្ញុំដឹងថា ក្រុងស៊ីយ៉ូននឹងត្រូវបានស្រោចស្រង់ស្របតាមពេលវេលារបស់ព្រះអម្ចាស់ ប៉ុន្តែ នៅពេលខ្ញុំទូលសួរអំពីបញ្ហាទាំងនេះថា តើនឹងមានថ្ងៃនៃការបន្សុទ្ធ ទុក្ខព្រួយ និង សេចក្ដីវេទនា ប៉ុណ្ណាទៀតដែលព្រះអម្ចាស់មិនទាន់បានបង្ហាញប្រាប់ នោះព្រះសូរសៀងនៃព្រះអម្ចាស់បានបន្លឺថា ៖ ចូរនៅឲ្យស្ងៀម ហើយចូរដឹងថា យើងគឺជាព្រះ ! អស់អ្នកដែលរងទុក្ខដោយសារតែព្រះនាមយើង នឹងបានសោយរាជ្យជាមួយយើង ហើយអ្នកណាដែលប្ដូរជីវិតរបស់ខ្លួនដោយយល់ដល់ព្រះនាមរបស់យើង នោះនឹងបានមកវិញ » ( នៅក្នុង History of the Church ១:៤៥៣–៥៤ ) ។
តើព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ យ៉ូសែប ស៊្មីធ ឲ្យធ្វើអ្វី កាលលោកបានទូលសួរអំពីមូលហេតុ ដែលពួកបរិសុទ្ធបានបរាជ័យក្នុងការស្ថាបនាក្រុងស៊ីយ៉ូន ? សូមគិតថាតើរបៀប ដែលព្រះអម្ចាស់បានឆ្លើយតបទៅនឹងសំណួររបស់ព្យាការី អាចជាប្រយោជន៍នៅពេលបញ្ហាទាំងឡាយក្នុងជីវិតអ្នកពុំដំណើការទៅតាមអ្វី ដែលអ្នកសង្ឃឹម ឬ រំពឹងទុកតាមរបៀបណា ។
ក្រោយមក ព្រះអម្ចាស់បានប្រទានការយល់ដឹងបន្ថែម ទៅលើមូលហេតុដែលការព្យាយាមរបស់ពួកបរិសុទ្ធក្នុងការស្ថាបនាក្រុងស៊ីយ៉ូនត្រូវបានបរាជ័យ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៥:៥–៦, ៩–១០, ២៣–២៤ដោយស្វែងរកការណ៍ ដែលព្រះអម្ចាស់តម្រូវឲ្យរាស្ត្ររបស់ទ្រង់ធ្វើ ពីមុនក្រុងស៊ីយ៉ូនត្រូវបានស្ថាបនាឡើង ។
នៅក្នុងមេរៀននេះ ក្រុងស៊ីយ៉ូនត្រូវបានសំដៅទៅលើកន្លែង ដែលពួកបរិសុទ្ធស្ថាបនាទីក្រុងដ៏បរិសុទ្ធមួយ ដែលជាទីក្រុង យេរ៉ូសាឡិមថ្មី ។ ប៉ុន្តែ អត្ថន័យកុ្រងស៊ីយ៉ូន គឺជ្រាលជ្រៅជាងទីតាំងជាក់លាក់មួយ ដែលពួកបរិសុទ្ធអាចស្វែងរកការការពារទៅទៀត ។ ពួកបរិសុទ្ធជំនាន់ដំបូងអាចគិតថា វាគ្រាន់តែជាការស្ថាបនាទីក្រុងមួយតែប៉ុណ្ណោះ ប៉ុន្តែ ព្រះអម្ចាស់បានមានព្រះទ័យចង់ស្ថាបនាមនុស្សសុចរិតឲ្យដូចជាស្ថាបនាទីក្រុងដែរ ។ « ត្រសាល » ការពារនៃក្រុងស៊ីយ៉ូន អាចមាននៅគ្រប់ទីកន្លែងដែល ប្រជាជនគោរពប្រតិបត្តិតាមក្រឹត្យវិន័យនៃនគរសេឡេស្ទាល ( សូមមើល គ. និង ស. ១០៥:៥ ) ។
អ្នកអាចនឹងចងចាំចេញពីការសិក្សារបស់អ្នកនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៧:២១ ដែលព្រះអម្ចាស់បានពន្យល់ថា ក្រុងស៊ីយ៉ូនគឺជាក្រុងដែលមានចិត្តល្អសុទ្ធសាធ ។ សូមរំឭកឡើងវិញ អំពីគោលការណ៍នៃសុចរិតភាព និង ព្រះបញ្ញត្តិទាំងឡាយ ដែលអ្នករកបាននៅមុននេះបន្តិចក្នុងមេរៀននេះ ។ សូមគិតអំពីរបៀបដែលគោលការណ៍សុចរិតទាំងនេះ ជួយបុគ្គលម្នាក់ឲ្យមានចិត្តល្អសុទ្ធសាធ ។
អែលឌើរ ដេវីឌ អ័រ ស្តូន នៃពួកចិតសិបនាក់ បានពន្យល់អំពីរបៀប ដែលយើងអាចស្ថាបនាក្រុងស៊ីយ៉ូនឡើងនៅជំនាន់យើងនេះថា ៖
« ទោះជាយើងនៅទីណាក៏ដោយ ទោះជាទីក្រុងណាដែលយើងរស់នៅក៏ដោយ យើងអាចស្ថាបនាទីក្រុងស៊ីយ៉ូនផ្ទាល់ខ្លួនរបស់យើងដោយរស់នៅតាមគោលការណ៍នៃនគរសេឡេស្ទាល ហើយព្យាយាមឲ្យមានចិត្តល្អសុទ្ធសាធ ។ ក្រុងស៊ីយ៉ូនគឺជាក្រុងដែលមានសម្រស់ស្រស់ត្រកាល ហើយព្រះអម្ចាស់បានទ្រវាដោយព្រះហស្តទ្រង់ផ្ទាល់ ។ គេហដ្ឋានរបស់យើង អាចជាទីជ្រកកោន និង ទីការពារ ដូចជាក្រុងស៊ីយ៉ូនដែរ ។
« យើងពុំចាំបាច់ត្រូវធ្វើតាមវប្បធម៌នៃទីកន្លែង និង ពេលវេលានោះឡើយ ។ យើងអាចក្លាហានឡើង ហើយអាចដើរក្នុងមាគ៌ារបស់ព្រះអម្ចាស់ និង ដើរតាមស្នាមព្រះបាទាទ្រង់ ។ ហើយបើយើងធ្វើដូចនោះ យើងនឹងត្រូវបានហៅថាជាក្រុងស៊ីយ៉ូន ហើយយើងនឹងក្លាយជារាស្ត្រនៃព្រះអម្ចាស់ » ( « Zion in the Midst of Babylon » Ensignឬ លីអាហូណាខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៩៣ ) ។
-
សូមសង្ខេបនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះអំពីក្រុងស៊ីយ៉ូន ។ តើអ្នកមានតួនាទីអ្វីខ្លះ ក្នុងការស្ថាបនាក្រុងស៊ីយ៉ូនឡើងនៅកន្លែងដែលអ្នករស់នៅ ?
-
សូមពិចារណាអំពីគោលការណ៍នៃសុចរិតភាព ដែលអ្នកបានរាយនៅមុននេះបន្តិចក្នុងមេរៀននេះ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីគោលដៅមួយ ដែលនឹងជួយអ្នកឲ្យរស់នៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងនោះ ឲ្យបានកាន់តែស្មោះត្រង់ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀនអំពី កន្លែងកណ្ដាលនៃក្រុងស៊ីយ៉ូន ហើយបានបញ្ចប់វានៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖