មេរៀនទី ៩ ៖ ថ្ងៃទី ៤
នៅរដ្ឋ អូហៃអូ
បុព្វកថា
នៅចុងខែ មករា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ និង ភរិយារបស់លោកគឺ អិមម៉ា ស៊ីឌនី រិកដុន និង អែតវឺត ប៉ាទ្រិច បានផ្លាស់ទីលំនៅពីរដ្ឋ នូវ យ៉ោក ទៅរដ្ឋ អូហៃអូ ។ សមាជិកដទៃទៀតនៃសាសនាចក្រនៅរដ្ឋ នូវ យ៉ោក បានផ្លាស់ទីលំនៅទៅតាមក្រោយនៅប្រាំខែបន្ទាប់ ។
ពួកបរិសុទ្ធទាំងនោះ ដែលបានប្រមូលផ្ដុំគ្នានៅរដ្ឋ អូហៃអូ បានទទួលពរជ័យដ៏ធំក្រៃលែង ។ វិវរណៈដែលមានជាបន្តបន្ទាប់តាមរយៈព្យាការី យ៉ូសែប ស៊្មីធ បាននាំឲ្យពួកគេយល់ដឹងកាន់តែជ្រាលជ្រៅអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ លើសពីនេះទៅទៀត ពួកគេទទួលបានពរជ័យ ដែលកើតឡើងពីការកសាងព្រះវិហារបរិសុទ្ធ និង ការផ្សាយដំណឹងល្អ ។ ទន្ទឹមនឹងពេលដែលសាសនាចក្របានរីកចម្រើនក្នុងបរិមាណ និង ភាពរឹងមាំខាងវិញ្ញាណនៅរដ្ឋ អូហៃអូ នោះការប្រឆាំងក៏បានកើនឡើងទាស់នឹងសាសនាចក្រ និង ថ្នាក់ដឹកនាំរបស់សាសនាចក្រដែរ ។ នៅទីបំផុត ក្នុងខែ មករា ឆ្នាំ ១៨៣៨ សមាជិកសាសនាចក្រជាច្រើន ត្រូវភៀសខ្លួនចេញពីរដ្ឋ អូហៃអូ ហើយចូលរួមជាមួយពួកបរិសុទ្ធដែលរស់នៅរដ្ឋ មិសសួរី ។ មេរៀននេះនឹងផ្ដល់ដល់អ្នក នូវការសង្ខេបមួយអំពីបទពិសោធន៍ទាំងឡាយរបស់ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ។ អ្នកនឹងរៀនកាន់តែពិស្ដារអំពីព្រឹត្តិការណ៍ទាំងនេះ និង អំពីការបង្រៀននានា នៅក្នុងមេរៀនក្រោយៗមកទៀត ។
ព្រះអម្ចាស់បញ្ជាឲ្យពួកបរិសុទ្ធទៅប្រមូលផ្ដុំគ្នានៅរដ្ឋ អូហៃអូ ដើម្បីទទួលបានពរជ័យដែលបានសន្យាទុក
តើអ្នក ឬ នរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់អ្នក ធ្លាប់ផ្លាស់ទីលំនៅទៅកាន់ផ្ទះថ្មីដែរឬទេ ? តើមានឧបសគ្គអ្វីខ្លះ ដែលបានជួបប្រទះនៅក្នុងការផ្លាស់ទីលំនៅនេះ ? តើមានពរជ័យអ្វីខ្លះ ដែលបានកើតឡើងជាលទ្ធផលនៃការផ្លាស់ទីលំនៅនេះ ?
ទោះជាហេតុផលនៃការដែលពួកគេផ្លាស់ទីលំនៅនោះអាចប្រែប្រួល ក៏ប្រជាជនតែងតែលះបង់ដើម្បីផ្លាស់ទីលំនៅទៅកាន់កន្លែងថ្មី ព្រោះពួកគេជឿថា ជីវិតនឹងមានសភាពកាន់តែប្រសើរឡើងសម្រាប់ពួកគេនៅកន្លែងថ្មីនោះ ។
សូមរំឭកការសិក្សារបស់អ្នកអំពី គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧–៣៨ ដែលជាព្រឹត្តិការណ៍ជុំវិញព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ដែលបញ្ជាឲ្យពួកបរិសុទ្ធចាកចេញពីរដ្ឋ នូវ យ៉ោក ហើយផ្លាស់លំនៅទៅរដ្ឋ អូហៃអូ ។ នៅពេលព្រះអម្ចាស់បានបញ្ជាឲ្យពួកគេប្រមូលផ្ដុំគ្នានៅរដ្ឋ អូហៃអូ ទ្រង់ក៏បានសន្យាថា ពួកគេនឹងទទួលបានពរជ័យពិសេសៗនៅទីនោះ ។
-
សូមចម្លងតារាងខាងក្រោមនេះចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ការសន្យាទាំងឡាយ
ក.
ខ.
គ.
ឃ.
ង.
ច.
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:៣១–៣២រួចធ្វើបញ្ជីការណ៍ទាំងបួនចំណុច ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា ពួកបរិសុទ្ធនឹងទទួលបាននៅពេលបានទៅដល់រដ្ឋ អូហៃអូ នៅក្នុងប្រអប់ « ការសន្យាទាំងឡាយ » ទុកជាចម្លើយពី ក ដល់ ឃ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:៣៣រួចធ្វើបញ្ជីនៃទីកន្លែង ដែលទ្រង់នឹងបញ្ជូនពួកអ្នកផ្សព្វផ្សាយសាសនាទៅ ទុកជាចម្លើយ ង នៅលើតារាង ។
នៅមិនយូរប៉ុន្មានបន្ទាប់ពី យ៉ូសែប ស៊្មីធ បានទៅដល់រដ្ឋ អូហៃអូ នោះលោកទទួលបានវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ដោយត្រួសៗ រួចស្វែងរកការសន្យាបន្ថែម ដែលព្រះអម្ចាស់បានប្រទានឲ្យ ។ សូមសរសេរ « ទទួលវិវរណៈថែមទៅលើវិវរណៈ » ទុកជាចម្លើយ ច នៅលើតារាង ។
កណ្ឌបន្ទាប់ទាំងបួនក្នុងមេរៀននេះ នឹងជួយអ្នកឲ្យរៀនកាន់តែច្រើន អំពីរបៀបដែលព្រះអម្ចាស់បានបំពេញការសន្យាទាំងនេះ នៅពេលរាស្ត្ររបស់ទ្រង់បានប្រមូលផ្ដុំគ្នានៅរដ្ឋ អូហៃអូ ពីឆ្នាំ ១៨៣១ ដល់ ឆ្នាំ ១៨៣៨ ។
« យើងនឹងប្រទានក្រឹត្យវិន័យមួយដល់អ្នក » (គ. និង ស. ៣៨:៣២ ) ។
ព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងប្រទានក្រឹត្យវិន័យដល់ពួកបរិសុទ្ធ នៅពេលពួកគេបានប្រមូលផ្ដុំគ្នានៅរដ្ឋ អូហៃអូ ។ ហេតុអ្វីបានជាក្រឹត្យវិន័យមានសារៈសំខាន់ ? ហេតុអ្វីបានជាក្រឹត្យវិន័យមានសារៈសំខាន់នៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ?
សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ។ បន្ទាប់ពីពួកបរិសុទ្ធបានទៅដល់រដ្ឋ អូហៃអូ ក្នុងឆ្នាំ ១៨៣១ ហើយនោះ ព្រះអម្ចាស់បានបំពេញការសន្យារបស់ទ្រង់ ហើយបានប្រទានវិវរណៈមួយត្រូវបានចាត់ទុកថាជាក្រឹត្យវិន័យនៃសាសនាចក្រ ។ ក្រឹត្យវិន័យនេះ រួមបញ្ចូលទាំងព្រះបញ្ញត្តិ និង សេចក្ដីណែនាំនានា ដែលដឹកនាំអ្នកកាន់តំណែងសាសនាចក្រ ។
សូមអានសេចក្ដីសង្ខេបអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ដោយស្វែងរកក្រឹត្យវិន័យ និង ព្រះបញ្ញត្តិមួយចំនួន ដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធ ។ ( សេចក្ដីសង្ខេបអំពីកណ្ឌមាននៅមុនខទីមួយ ។ វាផ្ដល់នូវលេខខគម្ពីរ និង សេចក្ដីសង្ខេបខ្លីអំពីខគម្ពីរទាំងនោះ ) ។ នៅពេលអ្នកអាន អ្នកអាចនឹងចង់គូសចំណាំឃ្លា « ក្រឹត្យវិន័យទាំងឡាយសម្រាប់ត្រួតលើការថ្វាយទ្រព្យសម្បត្តិត្រូវបានចែងប្រាប់ » ។
នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានប្រទានក្រឹត្យវិន័យនៃការថ្វាយ ។ ក្រឹត្យវិន័យនេះគឺជា « គោលការណ៍ដ៏ទេវភាពមួយ ដែលបុរស និង ស្ត្រីទាំងឡាយលះបង់ថ្វាយពេលវេលា ទេពកោសល្យ និង ទ្រព្យសម្បត្តិរបស់ខ្លួនដោយស្ម័គ្រចិត្ត ទៅក្នុងការកសាង និង ការស្ថាបនានគរព្រះឡើង » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ក្រឹត្យវិន័យនៃការថ្វាយ »scriptures.lds.org) ។ ថ្នាក់ដឹកនាំសាសនាចក្រត្រូវបានបញ្ជាឲ្យបង្កើតសហគ្រាសរួបរួម ( ត្រូវបានហៅថា សហគ្រាសសណ្ដាប់ធ្នាប់ផងដែរ ) ដើម្បីគ្រប់គ្រងលើកិច្ចការខាងសាច់ឈាម ឬ ខាងជំនួញរបស់សាសនាចក្រ ជួយដល់ជនក្រីក្រ និង ជួយកាត់បន្ថយសេចក្ដីខ្វះខាតចេញពីចំណោមពួកបរិសុទ្ធ ។ នេះគឺជាពរជ័យចំពោះពួកបរិសុទ្ធនៅគ្រានោះ ព្រោះពួកបរិសុទ្ធជាច្រើនដែលបានផ្លាស់ទីលំនៅមកពីរដ្ឋ នូវ យ៉ោក បានតម្រូវឲ្យទុកចោលផ្ទះសម្បែង និង ទ្រព្យសម្បត្តិរបស់ខ្លួន ។ សហគ្រាសរួបរួម ក៏បានផ្ដល់ជាប្រាក់កាសដើម្បីធ្វើជាហិរញ្ញប្បទានដល់បន្ទុកទាំងឡាយរបស់សាសនាចក្រមានដូចជា កិច្ចការផ្សព្វផ្សាយសាសនា និង ការបោះពុម្ពវិវរណៈ ។ អ្នកនឹងរៀនបន្ថែមអំពី ក្រឹត្យវិន័យនៃការថ្វាយ និង ឥទ្ធិពលរបស់វាទៅលើពួកបរិសុទ្ធនៅក្នុងមេរៀនក្រោយៗ ។
« អ្នកនឹងត្រូវបានទទួលព្រះចេស្ដាមកពីស្ថានលើ » ( គ. និង ស. ៣៨:៣២ )
ព្រះអម្ចាស់ក៏បានសន្យាថានឹងប្រទានដល់ពួកបរិសុទ្ធ « ដោយនូវព្រះចេស្ដាមកពីស្ថានលើ » នៅពេលពួកគេបានទៅដល់រដ្ឋ អូហៃអូ ( គ. និង ស. ៣៨:៣២ ) ។ អំណោយទានពិសិដ្ឋ គឺជាអំណោយមួយ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៩ ដោយស្វែងរកព្រះបញ្ញត្តិ ដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ។ « គេហដ្ឋាន » នៅក្នុងខគម្ពីរនេះ សំដៅទៅលើព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធនៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ គឺជាព្រះវិហារបរិសុទ្ធដំបូងគេ ដែលត្រូវបានសាងសង់ឡើងនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៥:៨ ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ថា ទ្រង់នឹងប្រទានឲ្យពួកគេនៅក្នុងព្រះវិហារបរិសុទ្ធ ។
ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ បានចំណាយពេលវេលាអស់បីឆ្នាំក្នុងការសាងសង់ ។ បន្ទាប់ពីបានឧទ្ទិសឆ្លងក្នុងឆ្នាំ ១៨៣៦ ព្រះអម្ចាស់បានចាប់ផ្ដើមបំពេញការសន្យាទ្រង់ ដែលប្រទានដល់ពួកបរិសុទ្ធដោយនូវព្រះចេស្ដា ហើយពួកគេបានដកពិសោធន៍ពរជ័យខាងវិញ្ញាណដ៏គួរឲ្យស្ញប់ស្ញែង ។ ឧទាហរណ៍មានដូចជា ព្រះអម្ចាស់បានបញ្ជូនសារទូតសួគ៌ាបីអង្គឲ្យបង្ហាញព្រះកាយនៅព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់—គឺ ម៉ូសេ អេលីយ៉ាស និង អេលីយ៉ា—ដើម្បីស្ដារកូនសោបព្វជិតភាពសំខាន់ៗឡើងវិញ នៅលើផែនដី ។ កូនសោទាំងនេះ នឹងផ្ដល់ឲ្យពួកបរិសុទ្ធនូវសិទ្ធិអំណាចដើម្បីធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ និង ដើម្បីផ្សារភ្ជាប់ក្រុមគ្រួសារទាំងអ្នកដែលនៅមានជីវិត និង អ្នកដែលចែកឋានទៅហើយនោះ សម្រាប់ភាពអស់កល្បជានិច្ច ។ លើសពីនេះទៅទៀត « កូនសោទាំងឡាយនៃការប្រមូលសាសន៍អ៊ីស្រាអែល » ក៏ត្រូវបានស្ដារឡើងវិញនៅគ្រានេះដែរ ( គ. និង ស. ១១០:១១ ) ។ តាមរយៈកូនសោទាំងនេះ ពួកអ្នកផ្សព្វផ្សាយសាសនា ត្រូវបានប្រគល់អំណាច ដើម្បីបង្រៀនដំណឹងល្អទូទាំងពិភពលោក ។
អ្នក « នឹងចេញទៅក្នុងចំណោមគ្រប់អស់ទាំងសាសន៍ » ( គ. និង ស. ៣៨:៣៣ )
នៅពេលព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ត្រូវបានឧទ្ទិសឆ្លង និង កូនសោទាំងឡាយសម្រាប់ការប្រមូលសាសន៍អ៊ីស្រាអែល ត្រូវបានស្ដារឡើងវិញ នោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ បានចាប់ផ្ដើមរីកសាយទៅដល់ទីកន្លែងកាន់តែច្រើន ។ សូមបើកទៅ ផែនទីទី ៣ « តំបន់ នូវ យ៉ោក ផែនសិលវេញ៉ា និង អូហៃអូ នៃសហរដ្ឋ អាមេរិក » នៅក្នុងផែនទីប្រវត្តិសាស្ត្រសាសនាចក្រ ដែលមាននៅខាងក្រោយបណ្ដុំព្រះគម្ពីររបស់អ្នក ។ សូមកត់ចំណាំថា ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ គឺជាកន្លែងដ៏ប្រសើរជាងគេ ដើម្បីចាប់ផ្ដើមបញ្ជូនអ្នកផ្សព្វផ្សាយសាសនាទៅកាន់ពាសពេញពិភពលោក ដើម្បីបង្រៀនដំណឹងល្អ « ក្នុងចំណោមគ្រប់អស់ទាំងសាសន៍ » ( គ. និង ស. ៣៨:៣៣ ) ។ ទីក្រុង ខឺតឡង់ ជាទីក្រុងដែលស្ថិតនៅជិតផ្លូវគមនាគមន៍ធំៗ នៅក្នុងសហរដ្ឋ ។ ពួកអ្នកផ្សព្វផ្សាយសាសនា គ្រាន់តែត្រូវធ្វើដំណើរជិតៗ ដើម្បីទៅជិះកប៉ាល់នៅក្នុងទន្លេធំៗរបស់សហរដ្ឋ និង បឹង អ៊ែរី ។ ពួកគេក៏អាចទៅដល់ខ្សែផ្លូវជាតិដែលនាំទៅកាន់ភាគខាងត្បូង និង ខ្សែផ្លូវទឹកដែលនាំទៅកាន់ភាគខាងជើងដែរ ។ ដោយសារតែការណ៍ទាំងនេះហើយ ទើបទីក្រុង ខឺតឡង់ គឺជាចំណុចចេញដំណើរទៅបេសកកម្ម កាណាដា ផ្នែកផ្សេងៗទៀតក្នុងសហរដ្ឋ និង ចក្រភពអង់គ្លេស ។
ដោយសារមានអ្នកផ្សព្វផ្សាយសាសនាធ្វើការនៅអំឡុងគ្រានេះ នោះសមាជិកភាពក្នុងសាសនាចក្រទូទាំងពិភពលោក បានកើនឡើងដល់រាប់ពាន់នាក់ ។ ក្នុងឆ្នាំ ១៨៣៧ អែលឌើរ ហ៊ីប៊ើរ ស៊ី ឃិមបឹល និង អួរសុន ហៃឌ រួមទាំងសមាជិកប្រាំនាក់ទៀត ត្រូវបានហៅឲ្យបម្រើបេសកកម្មនៅចក្រភពអង់គ្លេស ហើយពួកគេបានធ្វើបុណ្យជ្រមុជទឹកឲ្យមនុស្សចំនួន ២,០០០ នាក់ ។ ត្រឹមឆ្នាំ ១៨៣៨ កាលពួកបរិសុទ្ធបានផ្លាស់លំនៅចេញពីទីក្រុង ខឺតឡង់ ដោយសារតែមានសេចក្ដីបៀតបៀន នោះមានសមាជិកសាសនាចក្រទូទាំងពិភពលោកជិត ១៨,០០០ នាក់ ដែលក្នុងនោះមានសមាជិកប្រមាណ ២,០០០ នាក់ រស់នៅទីក្រុង ខឺតឡង់ ។
« អ្នកនឹងបានទទួលវិវរណៈ ថែមទៅលើវិវរណៈ » ( គ. និង ស. ៤២:៦១ )
សូមបើកទៅកាន់ លំដាប់មាតិកាដែលរៀបតាមកាល នៃគោលលទ្ធិ និង សេចក្ដីសញ្ញា ( នៅបន្ទាប់ពីបុព្វកថា ) ហើយកត់ចំណាំអំពីទីតាំង ដែលទទួលបានវិវរណៈភាគច្រើន ។
ដូចដែលអ្នកអាចសង្កេតដូច្នេះដែរថា វិវរណៈជាច្រើនត្រូវបានទទួលនៅរដ្ឋ អូហៃអូ ជាងកន្លែងណាផ្សេងទៀតទាំងអស់ ។ ការសន្យារបស់ព្រះអម្ចាស់ថា ពួកបរិសុទ្ធនឹងទទួលបានវិវរណៈថែមទៅលើវិវរណៈ នៅពេលពួកគេប្រមូលផ្ដុំគ្នានៅរដ្ឋ អូហៃអូ នោះ ត្រូវបានសម្រេច ។
-
សូមអានសេចក្ដីណែនាំអំពីកណ្ឌ និង សេចក្តីសង្ខេបអំពីកណ្ឌ នៃកណ្ឌនីមួយៗខាងក្រោមនេះ ។ រួចសូមសរសរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវពាក្យពេចន៍មួយចំនួន ដោយសង្ខេបអ្វីដែលមាននៅក្នុងវិវរណៈនេះ និង ប្រយោគមួយ ឬ ពីរដោយពិពណ៌នាអំពីរបៀបដែលវិវរណៈនោះ បានប្រទានពរដល់សមាជិកសាសនាចក្រ និង ជីវិតផ្ទាល់ខ្លួនរបស់អ្នក ។
ខណៈដែលពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ ព្រះអម្ចាស់ក៏បានណែនាំដល់ព្យាការី យ៉ូសែប ស៊្មីធ ឲ្យបង្កើតថ្នាក់ដឹកនាំសាសនាចក្រ ។ គណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកទាំងដប់ពីរ និង កូរ៉ុមនៃពួកចិតសិបនាក់ ត្រូវបានបង្កើតឡើង ។ អំឡុងពេលនេះផងដែរ យ៉ូសែប ស៊្មីធ ក៏បានបន្តកិច្ចការបកប្រែរបស់លោកលើព្រះគម្ពីរប៊ីប ។
ការប្រឆាំង និង ការក្បត់សាសនា រុកកួនដល់ពួកបរិសុទ្ធស្មោះត្រង់នៅរដ្ឋ អូហៃអូ
ទោះជាព្រះអម្ចាស់បានប្រទានពរដល់ពួកបរិសុទ្ធនៅរដ្ឋ អូហៃអូ យ៉ាងណាក្ដី ក៏ការប្រឆាំងទាស់នឹងសាសនាចក្របានកើនឡើងផងដែរ ។ នៅមិនយូរបន្ទាប់ពីពួកបរិសុទ្ធបានទៅដល់ទីក្រុង ខឺតឡង់ ពួករិះគន់ប្រឆាំងនឹងពួកមរមន បានចាប់ផ្ដើមវាយប្រហារមកលើសាសនាចក្រ ។ ការវាយប្រហារជាច្រើន បានកើតឡើងជាទម្រង់នៃការចុះផ្សាយរឿង និង អត្ថបទបង្ខូចកេរ្តិ៍ឈ្មោះតាមរយៈកាសែត ។
ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍អំពីការចុះផ្សាយទាំងនេះថា ៖ « របាយការណ៍ក្លែងបន្លំ ការកុហក និង រឿងរ៉ាវដ៏ឆ្កួតលីលា ត្រូវបានចុះផ្សាយនៅលើទំព័រកាសែត ហើយបានធ្វើចរាចរណ៍ទៅគ្រប់ទីកន្លែង ដើម្បីរារាំងមនុស្សកុំឲ្យសិក្សាស្វែងយល់អំពីកិច្ចការនេះ ឬ ឱបក្រសោបយកសេចក្ដីជំនឿនេះឡើយ » ( នៅក្នុង History of the Church ១:១៥៨ ) ។
ទោះជាមានទុក្ខលំបាកទាំងនេះ ឬ ផ្សេងទៀតក្ដី ក៏ពួកបរិសុទ្ធបានបន្តប្រមូលផ្ដុំគ្នានៅទីក្រុង ខឺតឡង់ ជាពិសេសអំឡុងឆ្នាំ ១៨៣៦–៣៨ ដែរ ។ ក្នុងឆ្នាំ ១៨៣៦ យ៉ូសែប ស៊្មីធ បានគិតអំពីបន្ទុកលើបំណុលនៃតម្លៃសាងសង់ព្រះវិហារបរិសុទ្ធទីក្រុង ខឺតឡង់ ។ ទោះជាសាសនាចក្រមានដីធ្លីជាច្រើនកន្លែងក្ដី ក៏សាសនាចក្រត្រូវការប្រាក់ដើម្បីដោះបំណុលនានា ដែលនៅជំណាក់នោះដែរ ។ ដោយសារតែមានតម្រូវការខាងឥណទានសម្រាប់សាសនាចក្រ និង ការកើនឡើងនៃសមាជិកក្នុងទីក្រុង ខឺតឡង់ នោះថ្នាក់ដឹកនាំសាសនាចក្របានគ្រោងនឹងប្រើប្រាស់ធនាគារក្នុងមូលដ្ឋានមួយ ។ សំណើរបស់ពួកគេ ដើម្បីប្រើប្រាស់ធនាគារ ត្រូវបានច្រានចោលដោយសភារដ្ឋ អូហៃអូ ។ ជំនួសឲ្យការប្រើប្រាស់ធនាគារ នោះពួកបរិសុទ្ធបានបង្កើតក្រុមហ៊ុនមួយហៅថា ក្រុមហ៊ុននិរភ័យសង្គម ខឺតឡង់ ដែលដំណើរការដូចជាធនាគារដែរ ។
ក្នុងឆ្នាំ ១៨៣៧ វិបត្តិសេដ្ឋកិច្ចមួយ បានរាតត្បាតពេញសហរដ្ឋ ។ ប្រទេសទាំងមូលបានរងឥទ្ធិពលដោយវិបត្តិនេះ ហើយធនាគារមួយចំនួនបានក្ស័យធន ។ លើសពីនេះទៅទៀត ជនមួយចំនួនដែលមានតំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុននិរភ័យសង្គម ខឺតឡង់ ពុំមានភាពស្មោះត្រង់ក្នុងកិច្ចព្រមព្រៀងរបស់ខ្លួននោះឡើយ ។ ក្រុមហ៊ុននិរភ័យសង្គម ខឺតឡង់ ត្រូវបានបង្ខំចិត្តបិទទ្វារ ហើយមនុស្សរាប់រយនាក់ ដែលបានធ្វើវិនិយោគទុនជាមួយក្រុមហ៊ុននេះ បានខាតបង់ស្ទើរតែអ្វីទាំងអស់នូវអ្វីដែលពួកគេបានវិនិយោគ ។ មេរៀនរបស់យ៉ូសែប ស្ម៊ីធប្រសើរជាងមេរៀនមនុស្សផ្សេងទៀត ។ ពួកបរិសុទ្ធជាច្រើននាក់បានចោទប្រកាន់ព្យាការីឲ្យទទួលខុសត្រូវចំពោះបញ្ហាហិរញ្ញវត្ថុរបស់ពួកគេ និងមានការប្តឹងផ្តល់ជាច្រើនបន្តបន្ទាប់ទៀត ។ ថ្នាក់ដឹកនាំសាសនាចក្រ ដែលបានជួយបង្កើតក្រុមហ៊ុននិរភ័យសង្គម ខឺតឡង់ បានស្មានខុសថា បុគ្គលម្នាក់ៗមានសិទ្ធិបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ដែលបានរួមចំណែកក្នុងកិច្ចការធនាគារ ហើយតុលាការបានសម្រេចក្ដីពិន័យជាប្រាក់ចំនួន ១,០០០ ដុល្លា ប្រឆាំងនឹងពួកគេពីបទរំលោភសិទ្ធិច្បាប់ធនាគាររដ្ឋ អូហៃអូ ។
ព្រឹត្តិការណ៍ដ៏លំបាកនេះ បាននាំឲ្យសមាជិកមួយចំនួននៃសាសនាចក្រ ក្បត់សាសនា ។ សេចក្ដីបៀតបៀន បានមានកាន់តែខ្លាំងអំឡុងរដូវរងាឆ្នាំ ១៨៣៧ និង នៅនិទាឃរដូវឆ្នាំ ១៨៣៨ ដែលពួកបរិសុទ្ធភាគច្រើន ត្រូវបានបង្ខំចិត្តឲ្យចាកចេញពីរដ្ឋ អូហៃអូ ។ ថ្នាក់ដឹកនាំសាសនាចក្រមួយចំនួន រួមមាន យ៉ូសែប ស៊្មីធ ស៊ីឌនី រិកដុន និង ព្រិកហាំ យ៉ង់ ត្រូវភៀសខ្លួនពីទីក្រុង ខឺតឡង់ ដើម្បីមានសុវត្ថិភាពក្នុងការរស់នៅ ។
-
យោងតាមអ្វីដែលអ្នកបានរៀននៅក្នុងមេរៀននេះ សូមសរសេរប្រយោគមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីថាតើអ្នកនឹងគិតដូចម្ដេច ចំពោះការរស់នៅក្នុងរដ្ឋ អូហៃអូ អំឡុងគ្រានេះនៃប្រវត្តិសាស្ត្រសាសនាចក្រ ។ សូមសរសេរបញ្ចូលទាំងអ្វីដែលអ្នកចង់មានចំណែក និង អ្វីដែលអ្នកគិតថា ជាឧបសគ្គសម្រាប់អ្នក ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀនអំពី « នៅរដ្ឋ អូហៃអូ » ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖