មេរៀនទី ៣១ ៖ ថ្ងៃទី ១
សង្គ្រាមនៅរដ្ឋ យូថាហ៍ និង ការសម្លាប់រង្គាលនៅភ្នំម៉េដូ
បុព្វកថា
អំឡុងទសវត្សរ៍ឆ្នាំ ១៨៥០ ភាពតានតឹង និង ទំនាក់ទំនងយល់ច្រឡំរវាងពួកបរិសុទ្ធថ្ងៃចុងក្រោយ និង ពួកមន្ដ្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបាននាំឲ្យមានសង្គ្រាមនៅរដ្ឋយូថាហ៍នាឆ្នាំ ១៨៥៧–៥៨ ។ ក្នុងខែ កញ្ញា ឆ្នាំ ១៨៥៧ មានជម្លោះមួយកើតឡើងផងដែររវាងពួកបរិសុទ្ធមួយចំនួន និង សមាជិកក្រុមរទេះសេះ ដែលបានធ្វើអន្ដោប្រវេសន៍ឆ្លងកាត់រដ្ឋ យូថាហ៍ ។ ដោយសារតែបានជំរុញដោយកំហឹង និង ភាពភ័យខ្លាច នោះពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួននៅខាងត្បូងរដ្ឋ យូថាហ៍ បានរៀបផែនការ ហើយអនុវត្តការសម្លាប់រង្គាលពួកអន្ដោប្រវេសន៍ប្រមាណជា ១២០ នាក់ ដែលធ្វើដំណើរទៅរដ្ឋ កាលីហ្វូញ៉ា ។ ភាពសាហាវយ៉ង់ឃ្នងនេះ ត្រូវបានគេហៅពេលនេះថាជាការសម្លាប់រង្គាលនៅភ្នំម៉េដូ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ LDS.org ជ្រើសរើស Gospel Topics រួចស្វែងរក Mountain Meadows Massacre ។
ភាពតានតឹងដែលបានកើតឡើងរវាងពួកបរិសុទ្ធថ្ងៃចុងក្រោយ និង រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៥៧ ប្រធាន ព្រិកហាំ យ៉ង់ បានមានវត្តមានជាមួយនឹងក្រុមពួកបរិសុទ្ធមួយក្រុម ដែលកំពុងប្រារព្ធខួបរំឭក១០ ឆ្នាំនៃការមកដល់របស់ពួកគេនៅក្នុងជ្រលងភ្នំ សលត៍ លេក ពេលនោះហើយដែលលោកបានទទួលដំណឹងទាន់ហេតុការណ៍ថា កងទព័មួយក្រុមកំពុងមកកាន់ទីក្រុង សលត៍ លេក ។ កាលពីប៉ុន្មានឆ្នាំមុន មានការមិនយល់ព្រម និង ការខ្វែងគំនិតគ្នាដែលបន្សល់ទុកការកើនឡើងនូវភាពតានតឹងរវាងពួកបរិសុទ្ធថ្ងៃចុងក្រោយ និង ពួកមន្ដ្រីរាជការនៃរដ្ឋាភិបាលសហរដ្ឋ ។ ពួកបរិសុទ្ធចង់បានអ្នកដឹកនាំដែលពួកគេបានជ្រើសរើស ហើយបានបដិសេធនូវការចាត់តាំងរបស់សហពន្ធ័ ដែលមិនបានឲ្យតម្លៃដល់ពួកគេ ។ នោះនាំឲ្យមន្ត្រីសហព័ន្ធមួយចំនួនបានគិតថា ពួកគេបានបះបោរទាស់នឹងរដ្ឋាភិបាលអាមេរិក ។ ដោយគ្មានការអនុមតិមកពីសភា នោះប្រធានាធិបតី ជេម ប៊ុជឆាណា បានបញ្ជូនកងទ័ពប្រមាណ ១៥០០ នាក់ទៅកាន់ទីក្រុង សលត៍ លេក ដើម្បីបង្ខំឲ្យពួកយូថាហ៍ទទួលស្គាល់មន្ត្រីរាជការថ្មី ។
ប្រសិនបើអ្នកជាពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់ ក្នុងឆ្នាំ ១៨៥៧ ហើយបានឮថា កងទ័ពដ៏ធំមួយក្រុមនឹងមកដល់ទីក្រុងរបស់អ្នក តើអ្នកអាចនឹងមានការបារម្ភអ្វីខ្លះ ? សូមចងចាំថា អនុស្សាវរីយនៃការត្រូវគេបណ្ដេញចេញយ៉ាងឃោរឃៅពីរដ្ឋ អូហៃអូ រដ្ឋ មិសសួរី និង រដ្ឋ អិលលីណោយ នៅតែដិតដានថ្មីៗក្នុងគំនិតរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើននាក់នៅឡើយ ។ ពួកបរិសុទ្ធជាច្រើនបានបាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃៗ និង ដីធ្លី ចំណែកឯសមាជិកមួយចំនួននៃសាសនាចក្រត្រូវគេសម្លាប់ ឬ បាត់បង់ជីវិតដោយសារបុព្វហេតុនានា ទាក់ទងទៅនឹងសេចក្ដីបៀតបៀនទាំងនេះ ។ ដំណឹងនៃការមកដល់របស់កងទ័ព បានបណ្ដាលឲ្យពួកបរិសុទ្ធខ្លះបារម្ភថា ព្រឹត្តិការណ៍បែបនោះក៏អាចនឹងកើតឡើងនៅក្នុងរដ្ឋយូដាហ៍ដែរ ។
នៅក្នុងទេសនកថាទៅកាន់ពួកបរិសុទ្ធ ប្រធាន យ៉ង់ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតនៃសាសនាចក្រ បានចាត់ទុកកងទ័ពដែលនឹងមកនោះថាជាសត្រូវ ។ ប្រធាន យ៉ង់ ដែលបានសុំឲ្យពួកបរិសុទ្ធសន្សំទុកគ្រាប់ធញ្ញជាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ បានផ្ដល់ការណែនាំជាថ្មីរបស់លោកដើម្បីឲ្យពួកគេនឹងមានអាហារបរិភោគ ក្នុងករណីពួកគេត្រូវរត់គេចពីកងទ័ពនេះ ។ ក្នុងនាមជាអភិបាលរដ្ឋយូថាហ៍ លោកក៏បានដឹកនាំឲ្យកងជីវពលដែនដីរៀបចំការពារដល់បូរណភាពទឹកដីដែរ ។ ( កងជីវពលគឺជាប្រជាពលរដ្ឋមួយក្រុម ដែលអាចបង្កើតបានជាកងទាហានបម្រើក្នុងពេលមានអាសន្ន ) ។
ជម្លោះបានកើតឡើងរវាងពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួន និងសមាជិកនៃពួកអន្ដោប្រវេសន៍ក្រុមរទេះសេះ
ពួកអន្ដោប្រវេសន៍ក្រុមរទេះមួយដែលបានធ្វើដំណើរមកភាគខាងលិចពីរដ្ឋ អាកាន់សាស ទៅកាន់រដ្ឋ កាលីហ្វញ៉ា បានចូលមករដ្ឋ យូថាហ៍ ចំពេលដែលពួកបរិសុទ្ធថ្ងៃចុងក្រោយកំពុងរៀបចំការពារដែនដី ប្រឆាំងនឹងការមកដល់នៃកងទ័ពរបស់សហរដ្ឋ ។ នៅពេលអ្នកអានកថាខណ្ឌខាងក្រោមនេះ សូមគូសបន្ទាប់ពីក្រោមមូលហេតុនានា ដែលបណ្ដាលឲ្យមានអារម្មណ៍គ្រោតគ្រាតកើតមានរវាងសមាជិកមួយចំនួននៃក្រុមរទេះសេះ និង ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សមាជិកនៃក្រុមរទេះខ្លះបានតប់ប្រមល់ ដោយសារតែពួកគេពិបាកនឹងទិញគ្រាប់ធុញ្ញជាតិដែលត្រូវការជាខ្លាំងពីពួកបរិសុទ្ធ ដែលត្រូវបានណែនាំឲ្យរក្សាគ្រាប់ធុញ្ញាជាតិនោះទុក ។ ពួកជនអន្ដោប្រវេសន៍នោះក៏បានមានជម្លោះជាមួយនឹងពួកបរិសុទ្ធ ដែលមិនចង់ឲ្យសេះ និង គោរបស់ក្រុមរទេះនេះស៊ីអាហារ និង ផឹកទឹកដែលពួកបរិសុទ្ធត្រូវការសម្រាប់សត្វរបស់ពួកគេផ្ទាល់ដែរ ។
ទំនាស់បានផ្ទុះឡើងនៅទីក្រុងសេដា ជាទីតាំងចុងក្រោយគេនៅក្នុងរដ្ឋ យូថាហ៍តាមដងផ្លូវទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ។ ការប្រឈមមុខជាច្រើនបានកើតឡើង រវាងសមាជិកនៃក្រុមរទេះសេះខ្លះ និង ពួកបរិសុទ្ធថ្ងៃចុងក្រោយខ្លះ ។ សមាជិកក្រុមរទេះសេះខ្លះបានគំរាមកំហែងថា នឹងចូលរួមក្នុងកងទ័ពរដ្ឋាភិបាលដែលកំពុងតែចេញដំណើរមកប្រឆាំងនឹងពួកបរិសុទ្ធនោះ ។ ទោះបីជាមេបញ្ជាការនៃក្រុមរទេះសេះនេះបានស្ដីបន្ទោសដល់ដៃគូរបស់លោកដោយសារបានធ្វើការគំរាមកំហែងទាំងនេះក្ដី ក៏អ្នកដឹកនាំទីក្រុងសេដាខ្លះ និង អ្នករស់នៅទីនោះបានចាត់ទុកថាជនអន្ដោប្រវេសន៍ទាំងនោះគឺជាសត្រូវដែរ ។ ក្រុមរទេះនេះបានចាកចេញពីទីក្រុងក្រោយពីបានមកដល់តែត្រឹមប្រហែលមួយម៉ោងប៉ុណ្ណោះ ប៉ុន្ដែប្រជាជន និង ថ្នាក់ដឹកនាំខ្លះនៅទីក្រុងសេដា បានចង់ដេញតាម និង ដាក់ទោសដល់មនុស្សទាំងឡាយដែលបានមើលងាយដល់ពួកគេ ។
សូមគិតអំពីពេល ដែលអ្នកបានជួបនឹងជម្លោះជាមួយនឹងមនុស្សម្នាក់ទៀត ឬ មនុស្សមួយក្រុមទៀត ។ សូមអាន នីហ្វៃទី៣ ១២:២៥ ដោយស្វែងរកគោលការណ៍មួយដែលព្រះយេស៊ូវគ្រីស្ទបានបង្រៀនថា អាចដឹកនាំយើងនៅពេលយើងមានទំនាស់ជាមួយមនុស្សទូទៅ ។
តើអ្នកគិតថា វាមានន័យដូចម្តេចក្នុងឃ្លា « ព្រមព្រៀងជាមួយនឹងអ្នកដើមចោទអ្នកជាប្រញាប់ » ? អែលឌើរ ដេវីឌ អ៊ី សូរិនសិន នៃពួកចិតសិបនាក់ បានបង្រៀនថាឃ្លានេះមានន័យថា « ដោះស្រាយភាពមិនចុះសម្រុងរបស់យើងឲ្យបានរហ័ស បើមិនដូច្នោះទេ កំហឹងមួយគ្រានោះនឹងកើនឡើងទៅជាហិង្សាខាងរាងកាយ ឬ សតិអារម្មណ៍ ហើយយើងបានជាប់ឃុំក្នុងកំហឹងរបស់យើង » ( «Forgiveness Will Change Bitterness to Love» Ensignឬ Liahonaខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១១ ) ។
យោងតាមការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង នីហ្វៃទី៣ ១២:២៥ ព្រមទាំងការបកស្រាយរបស់អែលឌើរ សូរិនសិន យើងរៀនថា បើសិនជាយើងដោះស្រាយជម្លោះជាមួយមនុស្សទូទៅនៅតាមរបៀបរបស់អម្ចាស់ នោះយើងអាចចៀសវាងពីឥទ្ធិពលដ៏អន្តរាយនៃទំនាស់បាន ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការគោរពតាមគោលការណ៍នៅក្នុង នីហ្វៃទី៣ ១២:២៥ បានជួយពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានអាក់អន់ចិត្តនឹងសមាជិកនៃក្រុមរទេះសេះ យ៉ាងដូចម្ដេច ?
-
តើការព្យាយាមដោះស្រាយភាពមិនចុះសម្រុងទៅតាមរបៀបរបស់អម្ចាស់ បានជួយអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ឲ្យចៀសវាងពីឥទ្ធិពលដ៏អន្តរាយនៃទំនាស់យ៉ាងដូចម្ដេច ?
-
ដោយសារតែពលរដ្ឋដែលរស់នៅទីក្រុងសេដាមួយចំនួន ពុំបានដោះស្រាយជម្លោះរបស់ពួកគេជាមួយនឹងជនអន្ដោប្រវេសន៍តាមរបៀបរបស់ព្រះអម្ចាស់ ទើបស្ថានការណ៍នេះបានក្លាយទៅជាកាន់តែធ្ងន់ទៅៗ ។ នៅពេលអ្នកបន្តសិក្សា សូមពិចារណាអំពីគ្រោះថ្នាក់នៃការប្រព្រឹត្តដោយកំហឹង ឬ ការសងសឹក ។
អ៊ីសាក ហេត ជាអភិបាលក្រុងសេដា ជាវរសេនីយត្រីជីវពល និង ជាប្រធានស្ដេក បានស្នើសុំការអនុញ្ញាតពីមេបញ្ជាការជីវពល ដែលបានរស់នៅក្បែរផារ៉ូវាន់ ឲ្យកោះហៅជីវពលឲ្យជួយបង្ក្រាបពួកអ្នកមើលងាយពួកគេ នៅក្នុងក្រុមរទេះនោះ ។ មេបញ្ជាការជីវពលឈ្មោះ វិល្លាម ដេម បានផ្ដល់យោបល់ដល់ អ៊ីសាក ហេត កុំឲ្យខ្វល់នឹងការគំរាមកំហែងរបស់ពួកអន្ដោប្រវេសន៍នោះ ។ ដោយមិនបានស្ដាប់តាមយោបល់នេះ អ៊ីសាក ហេត និងថ្នាក់ដឹកនាំដទៃទៀតនៃទីក្រុងសេដា បានសម្រេចចិត្តទៅបញ្ចុះបញ្ចូលពួកសាសន៍អាមេរិកាំងដើមក្នុងតំបន់ខ្លះ ឲ្យវាយប្រហារក្រុមរទេះសេះ និង ទៅលួចគោរបស់ពួកគេ ដើម្បីទុកជាការដាក់ទោសដល់ពួកជនអន្ដោប្រវេសន៍នោះ ។ អ៊ីសាក ហេត បានសុំឲ្យ ចន ឌី លី ជាសមាជិកសាសនាចក្រក្នុងតំបន់ម្នាក់ និង ជាវរសេនីយត្រី ដឹកនាំការវាយលុកនេះ ហើយបុរសទាំងពីររូបនេះបានគ្រោងទម្លាក់កំហុសទៅលើពួកសាសន៍អាមេរិកាំងដើមចំពោះទង្វើនេះ ។
តើថ្នាក់ដឹកនាំទីក្រុងសេដា គួរតែបានធ្វើអ្វីខ្លះ នៅពេលវិល្លាម ដេម បានផ្ដល់យោបល់ដល់ពួកគេកុំឲ្យប្រើក្រុមជីវពល ? តើការមិនធ្វើយោបល់នាពេលនោះ បាននាំពួកគេឲ្យធ្វើអ្វីខ្លះ ?
គោលការណ៍មួយដែលយើងរៀនពីគំរូរបស់ថ្នាក់ដឹកនាំទីក្រុងសេដាទាំងនេះគឺ ៖បើសិនជាយើងមិនព្រមស្ដាប់តាមយោបល់ឲ្យធ្វើអ្វីដែលត្រូវទេ នោះយើងនឹងកាន់តែឆេវឆាវក្នុងការជ្រើសរើសអ្វីដែលមិនល្អ ។ សូមមើលភស្ដុតាងនៃគោលការណ៍នេះ នៅពេលអ្នកបន្តរៀនអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំទាំងនេះ ។ នៅពេលអ្នកអានកថាខណ្ឌខាងក្រោមនេះ សូមគូសបន្ទាត់ពីក្រោមរបៀបនានា ដែលថ្នាក់ដឹកនាំនៅទីក្រុងសេដា បានបន្ដធ្វើការជ្រើសរើសពុំល្អ បន្ទាប់ពីពុំស្ដាប់តាមយោបល់ដែលពួកគេបានទទួលនោះ ៖
អ៊ីសាក ហេត បានបង្ហាញគម្រោងវាយលុកក្រុមរទេះសេះនេះដល់ក្រុមប្រឹក្សាថ្នាក់ដឹកនាំក្នុងតំបន់នៃសាសនាចក្រ សហគមន៍ និង ជីវពល ។ សមាជិកក្រុមប្រឹក្សាខ្លះមិនយល់ព្រមសោះឡើយ ចំពោះគម្រោងនេះ ហើយបានសួរ ហេត ថាតើលោកបានប្រឹក្សាជាមួយនឹងប្រធាន ព្រិកហាំ យ៉ង់ អំពីបញ្ហានេះហើយឬនៅ ។ ដោយបាននិយាយថា លោកមិនទាន់បានសួរនៅឡើយ លោក ហេត ក៏បានយល់ព្រមបញ្ជូនសារទូតម្នាក់ គឺលោកជេម ហេសឡេម ទៅកាន់ទីក្រុង សលត៍ លេក អមដោយសំបុត្រមួយច្បាប់ពន្យល់អំពីស្ថានការណ៍ និងសួរថាតើត្រូវធ្វើអ្វី ។ ទោះជាយ៉ាងណាក្ដី ដោយសារទីក្រុង សលត៍ លេក មានរយៈចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រ ពីទីក្រុងសេដា វាត្រូវការប្រហែលជាមួយសប្ដាហ៍ក្នុងការជិះសេះយ៉ាងលឿនដើម្បីទៅដល់ទីក្រុង សលត៍ លេក និងត្រឡប់មកទីក្រុងសេដាវិញដោយមានដំបូន្មានពីប្រធាន យ៉ង់ ជាមួយនឹងសារទូតនោះ ។
មុននេះបន្ដិច មុនពេលអ៊ីសាក ហេត បានបញ្ជូនសំបុត្ររបស់លោកជាមួយនឹងសារទូត ចន ឌី លី ទន្ទឹមនឹងនោះពួកឥណ្ឌាសាសន៍អាមេរិកាំងដើមមួយក្រុមបានវាយលុកជុំរំក្រុមជនអន្ដោប្រវេសន៍នៅកន្លែងមួយដែលហៅថា ភ្នំម៉េដូ ។ លី បានដឹកនាំការវាយប្រហារនេះ ប៉ុន្ដែបានលាក់អត្តសញ្ញាណរបស់លោក ដើម្បីឲ្យវាមើលទៅមានតែពួកអាមេរិកកាំងស្បែកក្រហមប៉ុណ្ណោះដែលបានពាក់ព័ន្ធក្នុងរឿងនេះ ។ ជនអន្ដោប្រវេសន៍ខ្លះត្រូវបានគេសម្លាប់ ឬ រងរបួស ប៉ុន្តែអ្នកនៅសេសសល់បានបណ្ដេញពួកអ្នកវាយលុកពួកគេ ដោយបង្ខំ លី និង ពួកឥណ្ឌាសាសន៍អាមេរិកាំងដើមឲ្យដកថយ ។ ជនអន្ដោប្រវេសន៍បានទាញរទេះរបស់ខ្លួនជារង្វង់ ឬ ក្រោលមួយយ៉ាងមាំភ្លាមៗដើម្បីការពារខ្លួន ។ ការវាយលុកពីរដងទៀតបានកើតឡើង អំឡុងពេលការឡោមព័ទ្ធក្រុមរទេះបានប្រាំថ្ងៃ ។
នៅពេលមួយ ពួកជីវពលទីក្រុងសេដា បានដឹងថាមានជនអន្ដោប្រវេសន៍ពីរនាក់បានចេញពីក្រោលរទេះសេះនោះ ។ ពួកជីវពលបានបាញ់ពួកគេ ដោយបានសម្លាប់គេម្នាក់ ។ បុរសម្នាក់ទៀតបានរត់គេចផុត ហើយបាននាំដំណឹងនេះទៅដល់ជុំរំរទេះសេះថា មានបុរសស្បែកសពាក់ព័ន្ធនឹងការវាយលុកប្រឆាំងនឹងពួកគេ ។ ឥឡូវនេះ អស់អ្នកដែលបានគ្រោងការវាយប្រហារនេះត្រូវបានគេដឹងពីល្បិចកលខ្លួន ។ ប្រសិនបើជនអន្ដោប្រវេសន៍ត្រូវបានអនុញ្ញាតឲ្យបន្ដធ្វើដំណើរទៅរដ្ឋកាលីហ្វ័រញ៉ា នោះដំណឹងនេះនឹងលេចឮថា ពួកបរិសុទ្ធថ្ងៃចុងក្រោយបានទាក់ទងនឹងការវាយប្រហារលើពួកក្រុមរទេះសេះនេះ ។ ពួកអ្នករួមគំនិតក្បត់ បានខ្លាចថាដំណឹងនេះនឹងនាំឲ្យមានលទ្ធផលអវិជ្ជមានមកដល់ខ្លួនគេ និងប្រជាជនរបស់ពួកគេ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
នៅចំណុចនេះ តើជម្រើសណាខ្លះ ដែលជាទំនួលខុសត្រូវរបស់អស់អ្នកដែលបានធ្វើការវាយប្រហារទៅលើជនអន្តោប្រវេសន៍ ?
-
តើពួកគេគួរតែបានធ្វើអ្វីខ្លះ ? ហេតុអ្វី ?
-
ដោយបានធ្វើជម្រើសខុស បុរសទាំងនេះ បានធ្វើផ្ទុយទៅនឹងការទទួលខុសត្រូវខាងបព្វជិតភាពរបស់ពួកគេ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦–៣៧ រួចគូសចំណាំការព្រមានពីព្រះអម្ចាស់ ទៅដល់ពួកអ្នកកាន់បព្វជិតភាព ដែលប្រព្រឹត្ត ទុច្ចរិត។
សូមគិតអំពីអ្វីដែលអ្នកធ្វើ បន្ទាប់ពីអ្នកបានធ្វើអ្វីមួយខុសឆ្គង ។ តើអ្នកសារភាពអំពីអ្វីដែលអ្នកបានធ្វើខុសឆ្គង ហើយទទួលយកលទ្ធផលឬតើអ្នកព្យាយាមលាក់បាំងនូវអំពើបាបទាំងនោះតាមរយៈការបោកបញ្ឆោត ?
ពួកបរិសុទ្ធថ្ងៃចុងក្រោយខ្លះ បានគ្រោងសម្លាប់រង្គាលនៅភ្នំម៉េដូ
សមាជិកសាសនាចក្រដែលជាប់ពាក់ពន័្ធនៅក្នុងការវាយប្រហារពួកអន្ដោប្រវេសន៍នេះ បានជ្រើសរើសយកការព្យាយាមលាក់បាំងអំពើបាបរបស់ខ្លួន ។ នៅក្នុងគោលបំណងដើម្បីរារាំងដំណឹងនេះកុំឲ្យលេចឮ ថា ពួកបរិសុទ្ធថ្ងៃចុងក្រោយបានចូលរួមនៅក្នុងការវាយប្រហារលើក្រុមរទេះសេះនេះ នោះ អ៊ីសាក ហេត, ចន ឌី លី និងថ្នាក់ដឹកនាំដទៃទៀតនៃសាសនាចក្រក្នុងតំបន់ ព្រមទាំងក្រុមជីវពល បានបង្កើតគម្រោងមួយដើម្បីសម្លាប់អ្នកនៅរស់ទាំងអស់ លើកលែងតែកូនក្មេងតូចៗប៉ុណ្ណោះ ។ ក្នុងការអនុម័តគម្រោងការនេះ ចន ឌី លី បានទៅដល់ពួកអន្ដោប្រវេសន៍ ហើយបាននិយាយថា ពួកជីវពលនឹងការពារពួកគេកុំឲ្យរងការវាយប្រហារផ្សេងទៀត ដោយនឹងជួយនាំពួកគេត្រឡប់ទៅកាន់ទីក្រុងសេដាវិញដោយសុវត្ថិភាព ។ នៅពេលពួកអន្ដោប្រវេសន៍បានដើរទៅកាន់ទីក្រុងសេដា ពួកជីវពលបានត្រឡប់ក្រោយ និងបានបាញ់ពួកគេ ។ ពួកសាសន៍អាមេរិកាំងដើមខ្លះដែលបានចូលរួមនឹងពួកប្រជាជននោះ បានរត់ចេញពីកន្លែងលាក់ខ្លួនមកដើម្បីជួយបាញ់បន្ថែម ។ មានជនអន្ដោប្រវេសន៍ប្រហែល ១៤០ នាក់ដែលបានចូលរួមនៅក្នុងក្រុមរទេះសេះនេះ មានតែកូនក្មេង ១៧ នាក់ប៉ុណ្ណោះដែលនៅរស់ ។
ពីរថ្ងៃបន្ទាប់ពីការសម្លាប់រង្គាលនោះ ជេម ហេលឡេម បានមកដល់ទីក្រុងសេដា ដោយមានសារឆ្លើយតបរបស់ប្រធាន យ៉ង់ មកផង ដែលបានណែនាំថ្នាក់ដឹកនាំក្នុងតំបន់ឲ្យអនុញ្ញាតឲ្យក្រុមរទេះសេះនោះ បន្ដធ្វើដំណើរប្រកបដោយសន្ដិភាព ។ « នៅពេលហេត បានអានពាក្យរបស់ប្រធាន យ៉ង់ លោកបានយំដូចជាកូនក្មេង ហើយអាចនិយាយចេញតែពាក្យ ‹ យឺតពេលហើយ យឺតពេលហើយ › » ( Richard E. Turley Jr.,The Mountain Meadows Massacre » Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។
ជម្រើសរបស់ថ្នាក់ដឹកនាំ និង ពលរដ្ឋ មួយចំនួនដែលជាពួកបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងដែនដីរដ្ឋ យូថាហ៍ភាគខាងត្បូងនោះ បាននាំឲ្យមានការសម្លាប់រង្គាលដ៏សោកនាដកម្មមួយនៅភ្នំម៉េដូ ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំសាសនាចក្រ និងថ្នាក់ដឹកនាំដែនដីនៅក្នុងទីក្រុង សលត៍ លេក បានដោះស្រាយជម្លោះជាមួយនឹងរដ្ឋាភិបាលសហរដ្ឋតាមរយៈការនិយាយ និងការចរចារដោយសន្ដិភាពនៅក្នុងឆ្នាំ ១៨៥៨ ។ អំឡុងពេលនៃជម្លោះនេះ —ដែលក្រោយមកត្រូវបានហៅថា សង្គ្រាមរដ្ឋយូថាហ៍ — ពួកទាហានសហរដ្ឋ និងពួកជីវពលរដ្ឋយូថាហ៍បានប្រឡូកនឹងសកម្មភាពនៃការឈ្លានពាន ប៉ុន្ដែមិនដែលចូលរួមក្នុងចម្បាំងឡើយ ។
ប្រធាន ហិនរី ប៊ី អាវរិង បានមានប្រសាសន៍អំពីការសម្លាប់រង្គាលនៅភ្នំម៉េដូ ៖ « ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលយើងកាន់ ស្អប់ខ្ពើមការសម្លាប់ដ៏ឃោរឃៅដល់បុរស ស្ដ្រី និង កូនក្មេង ណាស់ ។ តែតាមពិតទៅ វាលើកទឹកចិត្តឲ្យមានសេចក្ដីសុខសាន្ត និង ការអភ័យទោស ។ អ្វីដែលបានធ្វើដោយសមាជិកនៃសាសនាចក្ររបស់ [នៅភ្នំម៉េដូ] ជាយូរលង់មកនោះ តំណាងឲ្យការឃ្លាតចេញពីការបង្រៀន និងទង្វើជាពួកគ្រីស្ទានដ៏អាក្រក់ និងពុំអាចដោះសារបានឡើយ » (« 150th Anniversary of Mountain Meadows Massacre, » ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០៧,mormonnewsroom.org/article/150th-anniversary-of-mountain-meadows-massacre ) ។
ការសម្លាប់រង្គាលនៅភ្នំម៉េដូ មិនត្រឹមតែបន្សល់ទុកនូវការស្លាប់របស់ជនរងគ្រោះប្រហែល ១២០ នាក់ប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងបណ្ដាលឲ្យមានការរងទុក្ខជាខ្លាំងផងដែរចំពោះកូនក្មេងដែលនៅរស់រានមានជីវិត និង សាច់ញាតិផ្សេងទៀតរបស់ជនរងគ្រោះទាំងនោះ ។ សាសន៍អាមេរិកាំងដើមឈ្មោះ ផៃយូត ក៏បានរងនូវការស្ដីបន្ទោសដ៏អយុត្តិធម៌ចំពោះបទឧក្រិដ្ឋកម្មនេះដែរ ។ បន្ថែមពីលើនោះ ពួកអ្នកទាំងឡាយ « ដែលបានចូលរួមក្នុងការសម្លាប់រង្គាលនេះ បានរស់នៅក្នុងជីវិតមួយស្ថិតនៅក្រោមអារម្មណ៍ជាប់ទោសដ៏អាប់អួរ និង បានមានបទពិសោធន៍យ៉ាងអាក្រក់ចំពោះអ្វីដែលពួកគេបានធ្វើ និង បានឃើញ » ( Richard E. Turley Jr The Mountain Meadows Massacre» ទំព័រ ២០ ) ។
-
សូមបំពេញកិច្ចការខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសង្ខេបគំនិតភាន់ច្រឡំនានា ដែលបាននាំទៅរកការសម្លាប់រង្គាលនៅភ្នំម៉េដូ ។
-
សូមសរសេរគោលការណ៍ ឬ មេរៀនមួយ ដែលយើងអាចរៀនចេញពីសោកនាដកម្មនេះ អំពីការសម្រេចចិត្តលាក់បាំងអំពើបាបរបស់យើង ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ៖ តើអ្នកអាចធ្វើដូចម្ដេចនាពេលអនាគត ដើម្បីប្រាកដថាអ្នកធ្វើតាមដំបូន្មានរបស់ថ្នាក់ដឹកនាំ ហើយចៀសវាងពីការលាក់បាំងអំពើបាបដែលអ្នកអាចនឹងបានប្រព្រឹត្ត ? តើពរជ័យអ្វីខ្លះ ដែលអ្នកទទួលបានពីការមានទំនួលខុសត្រូវចំពោះកំហុសរបស់អ្នក ហើយពុំព្យាយាមលាក់បាំងអំពើបាបរបស់អ្នក ?
-
ប្រសិនបើអ្នកបានចាប់ផ្ដើមដើរលើផ្លូវខុស និង ផ្លូវនៃអំពើបាបហើយ នោះអ្នកអាចការពារមិនឲ្យមាននូវការឈឺចិត្ត និងការសោកស្ដាយនាពេលអនាគតបាន ដោយការបែរទៅរកព្រះអម្ចាស់ និងការប្រែចិត្តពីអំពើបាបរបស់អ្នកក្នុងពេលនេះ។
ដោយសារពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងតំបន់មួយចំនួន ត្រូវទទួលខុសត្រូវលើការរៀបចំផែនការ និងចូលរួមក្នុងការសម្លាប់រង្គាលនៅលើភ្នំម៉េដូ នោះប្រជាជនខ្លះបានអនុញ្ញាតឲ្យហេតុការណ៍នេះជះឥទ្ធិពលអវិជ្ជមានលើការគិតអំពីសាសនាចក្រទាំងមូលរបស់ពួកគេ ។ រឿងស្រដៀងគ្នានេះបានកើតឡើងក្នុងព្រះគម្ពីរមរមន កាលអាលម៉ាដែលជាអ្នកផ្សព្វផ្សាយសាសនាមួយរូប ហើយលោកមានកូនប្រុសដែលបានល្មើសនឹងច្បាប់ព្រហ្មចារីភាព នោះមនុស្សដទៃពុំបានជឿលើប្រសាសន៍របស់អាលម៉ាឡើយ ដោយសារតែការប្រព្រឹត្តរបស់កូនប្រុសគាត់ ( សូមមើល អាលម៉ា ៣៩:១១ ) ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ហេតុអ្វីបានជាមានសារៈសំខាន់ដែលត្រូវដឹងថា ការធ្វើខុសរបស់សមាជិកសាសនាចក្រខ្លះ ពុំកំណត់សេចក្ដីពិតពេញលេញទាំងមូលនៃដំណឹងល្អទេ ?
សូមអាន ហេលេមិន ៥:១២ ដោយស្វែងរកអ្វីដែលយើងអាចធ្វើបានដើម្បីអភិវឌ្ឍ និងរក្សាទីបន្ទាល់របស់យើង ដើម្បីពេលណាយើងជួបនឹងគ្រាលំបាកនានា ដូចជានៅពេលយើងរៀនពីគំរូនៃសមាជិកសាសនាចក្រដែលបានខកខានមិនបានរស់នៅស្របតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ នោះសេចក្ដីជំនឿរបស់យើងនឹងមិនរង្គោះរង្គើឡើយ ។ សូមសង្ខេបអ្វីដែលអ្នកបានរកឃើញ ៖
គោលការណ៍មួយដែលយើងអាចរៀនចេញពី ហេលេមិន ៥:១២ គឺ យើងអាចអភិវឌ្ឍទីបន្ទាល់រឹងមាំបាន ដោយការសង់គ្រឹះនៃសេចក្ដីជំនឿរបស់យើងនៅលើព្រះយេស៊ូវគ្រីស្ទ ។
ឧទាហរណ៍ខាងក្រោម ចង្អុលបង្ហាញអំពីគោលការណ៍នេះ ៖ « ជេម សេនឌើរ គឺជាចៅទួតប្រុសរបស់… ដែលជាក្មេងម្នាក់ដែលបាននៅរស់ពីការសម្លាប់រង្គាល [ ហើយក៏ជាសមាជិកម្នាក់នៃសាសនាចក្រផងដែរ ] ។ បងប្រុស សេនឌើរ បានពោលថា ‹ ខ្ញុំនៅតែមានអារម្មណ៍ខ្លោចផ្សា ដ្បិតខ្ញុំនៅតែមានអារម្មណ៍ខឹង និង ក្រៀមក្រំដែលការសម្លាប់រង្គាលនោះបានកើតឡើង ។ ‹ ប៉ុន្តែខ្ញុំដឹងថា មនុស្សដែលបានប្រព្រឹត្តអំពើនេះ នឹងទទួលខុសត្រូវចំពោះព្រះអម្ចាស់ ហើយការណ៍នោះនាំឲ្យខ្ញុំមានភាពសុខសាន្ត › ។ [ គាត់ ] បានមាននិយាយថា ការដឹងពីដូនតារបស់លោកថាត្រូវបានគេសម្លាប់នៅក្នុងការសម្លាប់រង្គាល ‹ មិនបានប៉ះពាល់ដល់សេចក្ដីជំនឿរបស់ខ្ញុំនោះទេ ដ្បិតសេចក្ដីជំនឿនេះផ្អែកលើព្រះយេស៊ូវគ្រីស្ទ មិនមែនលើមនុស្សនៅក្នុងសាសនាចក្រនោះទេ › » ( Richard E. Turley Jr« The Mountain Meadows Massacre » ទំព័រ ២១) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ អាចធ្វើឲ្យយើងរឹងមំាបានយ៉ាងដូចម្ដេច នៅពេលយើងរៀនពីគំរូនានា ដែលក្នុងនោះមានសមាជិកសាសនាចក្រខ្លះខកខានមិនបានរស់នៅស្របតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ?
-
តើសកម្មភាពអ្វីខ្លះដែលអ្នកធ្វើ ដែលជួយអ្នកសង់គ្រឹះនៃសេចក្ដីជំនឿនៅលើព្រះយេស៊ូវគ្រីស្ទ ?
-
តើសកម្មភាពអ្វីខ្លះអ្នកនឹងធ្វើនៅសប្ដាហ៍នេះ ដែលជួយអ្នកឲ្យសង់គ្រឹះនៃសេចក្ដីជំនឿអ្នកទៅលើព្រះយេស៊ូវគ្រីស្ទ ? ( អ្នកអាចនឹងសរសេរចំណុចច្រើនជាងមួយ ដែលអ្នកនឹងធ្វើ ) ។
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សាមេរៀនអំពី « សង្គ្រាមនៅរដ្ឋ យូថាហ៍ និង ការសម្លាប់រង្គាលនៅភ្នំម៉េដូ » ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖