មេរៀនទី ១០ ៖ ថ្ងៃទី ១
គោលលទ្ធិ និង សេចក្តីសញ្ញា ៤១
សេចក្ដីផ្ដើម
ក្នុងខែធ្នូ ឆ្នាំ ១៨៣០ ព្រះអម្ចាស់ បានបញ្ជាដល់ពួកបរិសុទ្ធឲ្យផ្លាស់ទៅរដ្ឋ អូហៃអូ ជាកន្លែងដែលពួកគេនឹងទទួលក្រឹត្យវិន័យរបស់អម្ចាស់ ( សូមមើល គ. និង ស. ៣៧:៣; ៣៨:៣២ ) ។ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១ នៅថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ១៨៣១ —ជាថ្ងៃដែលលោកបានទៅដល់រដ្ឋ អូហៃអូ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានប្រទានសេចក្ដីណែនាំបន្ថែម ដែលនឹងជួយត្រៀមខ្លួនពួកបរិសុទ្ធឲ្យទទួលក្រឹត្យវិន័យរបស់ទ្រង់ ។ មិនតែប៉ុណ្ណោះ ទ្រង់បានត្រាស់ហៅ អែតវឺត ប៉ាទ្រិច ឲ្យធ្វើជាប៊ីស្សពដំបូងរបស់សាសនាចក្រ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:១-៨
ព្រះអម្ចាស់ ពិពណ៌នាអំពីរបៀបក្លាយទៅជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ
តើអ្នករីករាយ ឬ ពេញចិត្តនឹងធ្វើអ្វីខ្លះ ? តើអ្នកគិតថា ព្រះអម្ចាស់សព្វព្រះហឬទ័យនឹងធ្វើអ្វីខ្លះ ? សូមពិចារណា ថាតើការរីករាយ ឬ ការស្វែងរកសេចក្ដីអំណរដើម្បីធ្វើរឿងអ្វីមួយ មានន័យដូចម្ដេច ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:១ រកមើលអ្វីដែលព្រះអម្ចាស់មានព្រះទ័យនឹងធ្វើ ។ សូមសម្គាល់ពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួល « ព្រះពរដ៏ប្រសើរបំផុតជាងព្រះពរទាំងអស់ » ដែលទ្រង់មានព្រះទ័យប្រទានដល់យើង ។
យោងតាមអ្វី ដែលព្រះអម្ចាស់បានមានព្រះបន្ទូលនៅក្នុង ខទី ១សូមបំពេញគោលការណ៍ដូចតទៅនេះ ៖ ព្រះអម្ចាស់សព្វព្រះហឫទ័យនឹង នៅពេលយើង ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើនៅពេលណាខ្លះ ដែលអ្នកធ្លាប់ដឹងថា ព្រះអម្ចាស់បានសព្វព្រះហឫទ័យនឹងប្រទានពរដល់អ្នក ដោយសារតែអ្នកបានស្ដាប់តាមទ្រង់ ?
-
តើវាមានន័យដូចម្ដេចចំពោះអ្នក ដែលដឹងថា ព្រះអម្ចាស់មានសេចក្ដីអំណរ ក្នុងការប្រទានពរដល់អ្នក ចំពោះការស្ដាប់តាមទ្រង់នោះ ?
-
ព្យាការី យ៉ូសែប ស៊្មីធ បានគោរពប្រតិបត្តិតាមឱវាទព្រះអម្ចាស់ក្នុងការប្រមូលពួកបរិសុទ្ធទៅឯរដ្ឋ អូហៃអូ ។ យ៉ូសែប និង អិមម៉ា បានផ្លាស់ទីលំនៅប្រាំពីរដងក្នុងរយៈពេលបួនឆ្នាំ ចាប់តាំងពីបានរៀបការមក ហើយ អិមម៉ា ទើបតែបានជាសះស្បើយពីជំងឺរ៉ាំរ៉ៃពេញមួយខែ ហើយមានផ្ទៃពោះប្រាំមួយខែ កាលពួកគាត់បានចាកចេញពីរដ្ឋ នូវ យ៉ោក ធ្វើដំណើរជិត ៤៨២ គីឡូម៉ែត ដោយរទេះទៅកាន់ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ នៅចុងខែ មករា ឆ្នាំ ១៨៣១ ។
នៅពេល យ៉ូសែប និង អិមម៉ា បានទៅដល់ទីក្រុង ខឺតឡង់ នោះពួកគាត់បានឈប់នៅខាងមុខហាងរបស់ ហ្គីលប៊ើត និង វីតនី ។ « [ យ៉ូសែប ] ប្រញាប់ប្រញាល់ដើរចូលទៅក្នុងហាង ហើយសំដៅទៅរកដៃគូប្អូនដែលកំពុងឈរ ។ លោកបានបន្លឺសំឡេងឡើង ដោយហុចដៃរបស់លោកទៅយ៉ាងរីករាយ ដូចជាធ្វើចំពោះមិត្តចាស់ ដែលស្គាល់ជិតស្និតដូច្នោះដែរថា ‹ នូវែល ឃេ វីតនី ! លោកគឺជាបុរសម្នាក់នោះហើយ ! › [ នូវែល ឃេ វីតនី ] បានតបថា ‹ លោកមានប្រៀបលើខ្ញុំហើយ › កាលដែលគាត់លូកចាប់ដៃលោកវិញ ‹ ខ្ញុំមិនអាចហៅឈ្មោះលោកបាន ដូចដែលលោកបានហៅឈ្មោះខ្ញុំនោះទេ › ។ ‹ ខ្ញុំគឺ យ៉ូសែប ជាព្យាការី › មនុស្សប្លែកមុខនោះបាននិយាយដោយញញឹម ។ ‹ លោកបានអធិស្ឋានឲ្យខ្ញុំមកទីនេះ ឥឡូវនេះ តើលោកប្រាថ្នាអ្វីពីខ្ញុំ › » ? ( នៅក្នុង History of the Church ១:១៤៦ ) ។
យ៉ូសែប បានពន្យល់ថា នៅក្នុងការនិមិត្តមួយ លោកបានឃើញ នូវែល វីតនី អធិស្ឋានឲ្យលោកមកទីក្រុង ខឺតឡង់ ។ ក្រុមគ្រួសារ វីតនី បានទទួល យ៉ូសែប និង អិមម៉ា ស្ម៊ីធ ដោយសណ្ដានចិត្តល្អ ហើយ យ៉ូសែប និង អិមម៉ា បានរស់នៅជាមួយពួកគេមួយរយៈ ( សូមមើល History of the Church ១:១៤៥–៤៦ ) ។
ពួកបរិសុទ្ធនៅរដ្ឋ នូវ យ៉ោក ភាគច្រើន បានផ្លាស់ទីលំនៅទៅរដ្ឋ អូហៃអូ ក្នុងអំឡុងពេលប្រាំខែបន្ទាប់ពីព្រះអម្ចាស់បានបញ្ជាឲ្យទៅប្រមូលផ្ដុំគ្នានៅទីនោះ ។ សមាជិកសាសនាចក្រមួយចំនួនទាំងនោះ បានធ្វើដូច្នោះដោយមានការបូជាដ៏ធំ ។ ពួកគេបានលក់ទ្រព្យសម្បត្តិរបស់ខ្លួនក្នុងតម្លៃថោក ឬ បានចាកចោលផ្ទះសម្បែង និង ទ្រព្យសម្បត្តិដោយពុំបានលក់ចេញសោះ ហើយចេញទៅរដ្ឋ អូហៃអូ ដើម្បីធ្វើតាមព្យាការី ។ សូមអានដំណើរឿងខាងក្រោម ហើយស្វែងរកឧទាហរណ៍មួយអំពីរបៀប ដែលព្រះអម្ចាស់បានប្រទានពរដល់ពួកបរិសុទ្ធទាំងនេះ នៅពេលពួកគេបានស្ដាប់តាមការបញ្ជារបស់ទ្រង់ ដែលឲ្យផ្លាស់ទីលំនៅទៅកាន់រដ្ឋ អូហៃអូ ៖
ម្ដាយរបស់ព្យាការី យ៉ូសែប ស៊្មីធ គឺ លូស៊ី ម៉ាក ស្ម៊ីធ បានដឹកនាំក្រុមមួយដែលមានសមាជិកសាសនាចក្រចំនួន ៨០ នាក់ ចេញពី ភូមិ ហ្វាយែត រដ្ឋ នូវ យ៉ោក ទៅកាន់រដ្ឋ អូហៃអូ ។ នៅពេលពួកគេបានធ្វើដំណើរតាមទូកនៅលើព្រែក ខាយូហ្កា និង សេនេកា ទៅកាន់ ភូមិបាហ្វូឡូ រដ្ឋ នូវ យ៉ោក លូស៊ី បាននឹកចាំថា ពួកបរិសុទ្ធដែល « បានធ្វើដំណើរដោយសារតែការបញ្ជារបស់ព្រះអម្ចាស់ គឺដូចជាលោកឪពុកលីហៃ កាលលោកបានចាកចោលទីក្រុងយេរ៉ូសាឡិម ហើយដោយភក្ដីភាព នោះ [ ពួកគាត់ ] មានហេតុផលនឹងរំពឹងពរជ័យដូចគ្នាមកពីព្រះ » ( History of Joseph Smith by His Mother បានបោះពុម្ពដោយ Preston Nibley [ ១៩៥៨ ] ទំព័រ ១៩៦ ) ។
នៅពេលពួកគេបានទៅដល់ភូមិបាហ្វូឡូ រដ្ឋ នូវ យ៉ោក ពួកគេបានជួបសមាជិកសាសនាចក្រដែលមកពី ខូលស្វិល ដែលចង់ធ្វើដំណើរទៅកាន់រដ្ឋ អូហៃអូ ដែរ ហើយដែលបានតែលតោលនៅភូមិបាហ្វូឡូនោះអស់មួយសប្ដាហ៍មកហើយ ។ ផ្លូវដំណើរតាមព្រែកនោះត្រូវបានរាំងស្ទះដោយទឹកកក « ដែលគរឡើងកម្រាស់ប្រាំមួយម៉ែត្រ » ហើយពួកគេត្រូវបានគេប្រាប់ថាត្រូវ « នៅកំពង់ផែនោះយ៉ាងហោចណាស់ពីរសប្ដាហ៍ជាបន្តទៀត » ។ ពួកបរិសុទ្ធជាច្រើនក្នុងក្រុមរបស់ លូស៊ី បានបាក់ទឹកចិត្ត ។ ពួកគេមានការស្រេកឃ្លាន ចំណែកឯកុមារមួយចំនួនបានធ្លាក់ខ្លួនឈឺ ។ ពួកគេបានជួលទូកមួយទៀតផ្សេងទៀត ដោយដាក់ឥវ៉ាន់របស់ពួកគេនៅលើទូកនោះ ហើយ លូស៊ី បានរកកន្លែងជ្រកបណ្ដោះអាសន្នសម្រាប់ស្ត្រី និង កុមារតូចៗដែលឈឺនោះ រហូតដល់ព្រឹកស្អែកឡើង ។ ( សូមមើល History of Joseph Smith by His Mother ទំព័រ ១៩៩–២០២ ) ។
នៅពេលពួកគេបានឡើងលើទូកវិញ លូស៊ី បានថ្លែងទីបន្ទាល់ទៅកាន់សមាជិកក្នុងក្រុមគាត់ថា « ឥឡូវនេះ ឱបងប្អូនប្រុសស្រីទាំងឡាយអើយ ប្រសិនបើបងប្អូនទាំងអស់គ្នានឹងអំពាវនាវទៅដល់ស្ថានសួគ៌ អំពីបំណងប្រាថ្នារបស់បងប្អូន ដើម្បីឲ្យដុំទឹកកកនេះអាចនឹងបែក ហើយដើម្បីឲ្យយើងអាចបន្តដំណើរទៅមុខបាន ប្រាកដដូចជាព្រះអម្ចាស់មានព្រះជន្មរស់ នោះវានឹងសម្រេចបានយ៉ាងដូច្នោះ » ។ ហើយគាត់បានពិពណ៌នាអំពីអ្វីដែលបានកើតឡើងបន្ទាប់មកទៀតថា ៖ « រំពេចនោះ មានសំឡេងមួយបន្លឺឡើង ដូចជាផ្គរលាន់ ។ អ្នកបើកទូកបានស្រែកថា ‹ អ្នកគ្រប់គ្នា ចូរទៅកាន់កន្លែងរៀងខ្លួន › ។ ដុំទឹកកកនោះបានបែកប្រេះចេញ ដោយទុកច្រកតូចមួយសម្រាប់ទូក ហើយនៅពេលទូកបានឆ្លងកាត់តាមផ្លូវតូចចង្អៀតនោះ ពោងទឹកបានរហែកដោយសារតែទង្គិចនឹងមុខបែករបស់ទឹកកក ។… យើងបានឆ្លងផុតតែបន្ដិចតាមផ្លូវដែលទឹកកកនោះបានប្រេះចេញពីគ្នា ពីមុនពេលដែលទឹកកកភ្ជិតជាប់គ្នាវិញម្ដងទៀត ហើយពួកបងប្អូនប្រុសខូលស្វិល ត្រូវបានជាប់នៅបាហ្វូឡូ ដោយពុំអាចតាមយើងទាន់ឡើយ » ( History of Joseph Smith by His Mother២០៤-៥ ) ។
-
សូមសង្ខេបចេញពីដំណើររឿងដែលអ្នកបានអានអំពីក្រុមពួកបរិសុទ្ធ ដែលបានដឹកនាំដោយ លូស៊ី ម៉ាក ស្ម៊ីធ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីរបៀបដែលពួកបរិសុទ្ធទាំងនេះបានបង្ហាញសេចក្ដីជំនឿរបស់ខ្លួនលើព្រះអម្ចាស់ ។ សូមសរសេរផងដែរ អំពីរបៀបដែលបទពិសោធន៍របស់ពួកគេអំឡុងពេលស្ថានភាពដ៏លំបាកនេះបង្ហាញថា ព្រះអម្ចាស់ទ្រង់ជ្រាបពីយើង ហើយនៅពេលយើងស្ដាប់តាមទ្រង់ នោះទ្រង់នឹងជួយយើងឲ្យយកឈ្នះលើឧបសគ្គទាំងឡាយ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:២–៤រួចស្វែងរកព្រះបញ្ញត្តិ និង សេចក្ដីណែនាំទាំងឡាយ ដែលព្រះអម្ចាស់បានប្រទានដល់ប្រជាជននោះ ។ នៅក្នុងបញ្ជីខាងក្រោមនេះ សូមគូសបន្ទាត់មួយទៅកាន់សេចក្ដីណែនាំដែលពួកបរិសុទ្ធ ពុំ ត្រូវបានបញ្ជាឲ្យធ្វើតាម ៖
-
ប្រជុំគ្នាដើម្បីព្រមព្រៀងលើព្រះបន្ទូលព្រះ ។
-
ទទួលក្រឹត្យវិន័យដោយសារការអធិស្ឋានដោយនូវសេចក្ដីជំនឿ ។
-
ឃើញថាក្រឹត្យវិន័យត្រូវបានគោរពតាម ។
-
ប្រមូលផ្ដុំគ្នានៅ ឃុំចាកសុន រដ្ឋ មិសសួរី ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:៣សូមគូសចំណាំលើគោលបំណងនៃក្រឹត្យវិន័យ ដែលប្រជាជនត្រូវទទួល « ដោយសារការអធិស្ឋានដោយនូវសេចក្ដីជំនឿ [ របស់ពួកគេ ] » ។ ក្រឹត្យវិន័យដែលព្រះអម្ចាស់បានលើកឡើង មាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ។ អ្នកនឹងសិក្សាក្រឹត្យវិន័យនេះជាសេចក្ដីលម្អិតនៅក្នុងពីរបីមេរៀនក្រោយ ។
-
សូមពិពណ៌នានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ថាតើអ្នកគិតដូចម្ដេច អំពីការទទួលយកក្រឹត្យវិន័យ និង ព្រះបញ្ញត្តិរបស់ព្រះ គឺជាពរជ័យមួយ ។ លើសពីនេះទៅទៀត សូមពន្យល់អំពីរបៀបដែលក្រឹត្យវិន័យរបស់ព្រះជួយយើងឲ្យ « មានអ្វីត្រឹមត្រូវសព្វគ្រប់នៅចំពោះ [ ទ្រង់ ] ( គ. និង ស. ៤១:៣ ) ។
សូមគិតអំពីរបៀបដែលយោបល់ទាំងពីរខាងក្រោមនេះ អាចមានសភាពស្រដៀងគ្នា និង របៀបដែលពួកវាអាចនឹងមានសភាពខុសគ្នា ៖
អ្នកជឿ |
សិស្ស |
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:៥រួចបំពេញគោលការណ៍ដូចតទៅនេះ ៖ យើងក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទបាន នៅពេលយើង ។
តើមានភាពខុសគ្នាដែរឬទេ រវាងការជឿលើក្រឹត្យវិន័យនៃព្រះយេស៊ូវគ្រីស្ទ និង ការទទួលយកក្រឹត្យវិន័យទាំងនោះ ? ទន្ទឹមនឹងពេលដែលការជឿលើក្រឹត្យវិន័យរបស់ព្រះ គឺជាផ្នែកដ៏សំខាន់មួយនៃការប្រែក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នោះការទទួលយកក្រឹត្យវិន័យរបស់ទ្រង់—ដែលជាការទទួលយក និង ការគោរពប្រតិបត្តិតាម—ស្ថាបនាសេចក្ដីជំនឿទៅលើព្រះអង្គសង្គ្រោះ ។
-
ដើម្បីជួយអ្នកឲ្យអនុវត្តគោលការណ៍ដែលថា យើងក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទនៅពេលយើងទទួលយក ហើយរស់នៅតាមក្រឹត្យវិន័យទ្រង់ នោះសូមជ្រើសរើស ហើយអានបទដ្ឋានមួយចេញពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ ក្រោយមក សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីអ្វីដែលអ្នកគិតថា អ្នកនឹងចង់ធ្វើ ដើម្បីទទួលយក ហើយរស់នៅតាមបទដ្ឋាននោះឲ្យបានកាន់តែប្រសើរជាងនេះបន្តិច ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:៧ ព្រះអម្ចាស់បានណែនាំឲ្យពួកបរិសុទ្ធ សង់ផ្ទះមួយសម្រាប់ យ៉ូសែប ស៊្មីធ និង ក្រុមគ្រួសាររបស់លោកបានស្នាក់នៅ ហើយលោកអាចបន្តការបកប្រែព្រះគម្ពីរប៊ីបជាបន្តទៀត ។ ពួកបរិសុទ្ធបានធ្វើតាមសេចក្ដីណែនាំនេះ ហើយផ្ទះដ៏តូចមួយត្រូវបានសាងសង់ឡើង ដែល យ៉ូសែប និង អិមម៉ា បានរស់នៅបានបីបួនខែ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៩-១២
ព្រះអម្ចាស់ហៅ អែតវើត ប៉ាទ្រិច ឲ្យធ្វើជាប៊ីស្សពទីមួយនៃសាសនាចក្រ
សូមនឹកស្រមៃថា វួដរបស់អ្នកត្រូវការប៊ីស្សពថ្មីមួយរូប ។ សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:៩រួចគូសចំណាំពាក្យ ឬ ឃ្លាទាំងឡាយណា ដែលបង្រៀនគោលកាណ៍ដូចតទៅនេះ ៖ ប៊ីស្សពត្រូវបានហៅដោយព្រះ គាំទ្រដោយសំឡេងនៃសមាជិក និង ត្រូវបានតែងតាំងដោយសិទ្ធិអំណាចត្រឹមត្រូវ ។
ឃ្លា « បានតាំងដោយសំឡេងនៃសាសនាចក្រ » មានន័យថា សមាជិកនៃសាសនាចក្រ គាំទ្របុគ្គលដែលត្រូវបានហៅដោយព្រះ ។ ឃ្លា « ចំណាយពេលទាំងអស់ដែលគាត់មាន សម្រាប់ការងារនៃសាសនាចក្រ » ត្រូវបានណែនាំយ៉ាងច្បាស់លាស់ទៅដល់ អែតវឺត ប៉ាទ្រិច ហើយវាក៏អនុវត្តចំពោះសមាជិកក្នុងគណៈប៊ីស្សពជាអធិបតី នាពេលសព្វថ្ងៃនេះដែរ ។ វាពុំអនុវត្តចំពោះប៊ីស្សពនៃវួដ ដែលបន្តការងារធម្មតាផ្ទាល់ខ្លួន កាលពួកគាត់កំពុងបម្រើក្នុងសាសនាចក្រនោះទេ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុដែលវាមានសារៈសំខាន់ចំពោះអ្នក ដើម្បីដឹងថា ប៊ីស្សព ឬ ប្រធានសាខារបស់អ្នក ត្រូវបានហៅដោយព្រះ និង បានតែងតាំងដោយសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:១១ដោយស្វែងរកលក្ខណៈសម្បត្តិទាំងឡាយណា ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា អែតវឺត ប៉ាទ្រិច ត្រូវមាន ដែលអាចនឹងជួយគាត់ក្នុងការហៅរបស់ខ្លួនជាប៊ីស្សព ។ អ្នកអាចនឹងចង់សរសេរកំណត់សម្គាល់នៅក្នុងព្រះគម្ពីររបស់អ្នកថាពាក្យ ចិត្តឧបាយ សំដៅទៅលើការកេងប្រវ័ញ្ច ឬ ការលាក់ពុត ។ ហេតុដូច្នោះហើយ អែតវឺត គឺជាបុរសស្មោះត្រង់ដែលមានភាពថ្លៃថ្នូរ ។
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:១២ដោយស្វែងរកការព្រមានរបស់ព្រះអម្ចាស់ ។ រួចសូមឆ្លើយសំណួរខាងក្រោមនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា វាមានន័យដូចម្ដេច ដើម្បីប្រយ័ត្នពីរបៀបដែលយើង « គិត » ពីព្រះបន្ទូលទាំងឡាយរបស់ព្រះអម្ចាស់ ?
-
តើការប្រយ័ត្នចំពោះអ្វី ដែលអ្នកប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ព្រះអម្ចាស់ អាចទាក់ទងទៅនឹងអ្វី ដែលអ្នកបានរៀនអំពីការធ្វើជាសិស្សនៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះពី អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ សូមពិចារណាអំពីរបៀបដែលវាទាក់ទងទៅនឹងអ្វី ដែលអ្នកបានរៀនអំពីភាពជាសិស្សនៅក្នុងមេរៀននេះ ៖ « ជារៀងរាល់ថ្ងៃ យើងកំណត់ពីកម្រិតនៃភាពជាសិស្សរបស់យើង ។ ជារៀងរាល់ថ្ងៃ យើងឆ្លើយនឹងសំណួរ ‹ តើនរណាស្ថិតនៅក្នុងភាគីរបស់ព្រះអម្ចាស់ ? នរណា ? › » ( My Servant Joseph,” Ensignខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ ៣៩ ) ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤១ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖