ថ្នាក់​សិក្ខាសាលា
សូម​ស្វាគមន៍​មក​កាន់​គោលលទ្ធិ និង សេចក្តី​សញ្ញា និង ប្រវត្តិ​សាសនាចក្រ


សូម​ស្វាគមន៍​មក​កាន់​គោលលទ្ធិ និង សេចក្តី​សញ្ញា និង ប្រវត្តិសាសនាចក្រ

តើ​គោលលទ្ធិ និង​សេចក្ដី​សញ្ញាគឺជា​អ្វី ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា គឺ​ជា​គម្ពីរ ហើយ​មាននូវ​ការ​ប្រមូល​ផ្ដុំ​នៃ​វិវរណៈ​របស់ព្រះ និង​សេចក្ដីប្រកាស​ដ៏បំផុស​គំនិត​ទាំងឡាយ ដែល​ផ្ដល់​នូវការ​ណែនាំ​ដល់​អ្នកដឹកនាំ​សាសនាចក្រ សមាជិក​សាសនាចក្រ និង​ប្រជាជន​ទាំងអស់​នៅ​លើ​ផែនដីក្នុង​ជំនាន់​របស់​យើង ។ វា​គឺជា​វិវរណៈ​សម័យទំនើប ហើយ​ឈរ​ទន្ទឹម​គ្នា​ជាមួយ​ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរមរមន និង​មុក្ដា​ដ៏​មានតម្លៃ​មហិមា ក្នុង​នាមជា​គម្ពីរ​ជា​បទដ្ឋានមួយ​នៃ​គម្ពីរ​ជាបទដ្ឋាន​ទាំងបួន​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​អំពី​តម្លៃ​នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ចំពោះ​យើង ៖ « គោលលទ្ធិ និង​សេចក្ដីសញ្ញា​នេះ មាននូវ​ព្រះបន្ទូល​នៃព្រះ​ដល់អស់​អ្នកទាំងឡាយ​ណា ដែល​រស់នៅ​ក្នុង​ពេល​ឥឡូវនេះ » ។ វាគឺជា​ព្រះគម្ពីររបស់​យើង ។ វា​ជា​របស់​ផង​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ព្យាការី [ យ៉ូសែប ស្ម៊ីធ ] បាន​មាន​ប្រសាសន៍​ថា​វាមាន​តម្លៃ​ថ្លៃ​ជាង​មាស ដែល​យើងគប្បី​រក្សា​ទុក​ច្រើនជាង​របស់​ទ្រព្យ​នានា​នៃ​លោកិយ​នេះទាំងមូល » (Doctrines of Salvationcomp. Bruce R. McConkie 3 vols. [១៩៥៤–៥៦] ៣:១៩៩ ) ។

ហេតុអ្វី​ក៏​ការសិក្សា​គោលលទ្ធិ និង​សេចក្ដីសញ្ញា និង​ប្រវត្តិ​សាស្ត្រ​នៃ​សាសនាចក្រ​សំខាន់​ចំពោះខ្ញុំ ?

ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​ផ្ទាល់ បាន​ប្រទាន​នូវ​ការទទួល​ខុសត្រូវ​មួយ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ទទួលបាន​គោលលទ្ធិ និង​សេចក្ដីសញ្ញា ៖

« ចូរ​ពិចារណា​មើល​ព្រះបញ្ញត្តិ​ទាំង​នេះ​ចុះ ដ្បិត​ព្រះ​បញ្ញត្តិ​ទាំងនេះ​ពិត ហើយ​ស្មោះត្រង់ ហើយ​សេចក្ដី​ព្យាករណ៍ និង​សេចក្ដីសន្យា ដែលមាន​ទាំង​ប៉ុន្មាន​នៅក្នុង​នោះ នោះ​នឹង​បាន​សម្រេច​ទាំងអស់ ។

« អ្វី​ដែល​យើងជា​ព្រះអម្ចាស់​បានមាន​បន្ទូល នោះ​យើង​បានមាន​បន្ទូល​ហើយ ហើយ​យើង​ពុំ​កែ​ដោះសារ​ខ្លួន​ឡើយ ហើយ​ទោះជា​ផ្ទៃ​មេឃ​ហើយ​ផែនដី នឹង​កន្លង​បាត់ទៅក៏​ដោយ គង់​តែ​ពាក្យ​របស់​យើង នឹង​មិន​កន្លង​បាត់​ដែរ ប៉ុន្តែ​ពាក្យ​ទាំងអស់​នឹង​បានសម្រេច ទោះជា​ដោយ​សំឡេង​របស់​យើងផ្ទាល់ ឬ​ក៏​ដោយ​សំឡេង​នៃ​ពួកអ្នក​បម្រើ​របស់​យើង​ក្ដី គឺ​ដូច​តែ​គ្នា » (គ និង ស ១:៣៧-៣៨) ។

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​ពន្យល់​ថា

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« ព្រះគម្ពីរគោលលទ្ធិ និង​សេចក្ដីសញ្ញា គឺពិសេស​នៅក្នុង​ចំណោម​ព្រះគម្ពីរ​ទាំងឡាយ​របស់​យើង ។ វា​គឺ​ជារដ្ឋ​ធម្មនុញ្ញ​របស់​សាសនាចក្រ។ ខណៈ​ដែល​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ដាក់បញ្ចូល​នូវការ​សរសេរ និង​សេចក្ដីថ្លែង​ការ​អំពី​ច្បាប់​ដើម​ផ្សេងៗ​ក្ដី ក៏​វា​ជា​គម្ពីរ​នៃ​វិវរណៈ​ដែល​បាន​ប្រទាន​ដល់​ព្យាការីដ៏​សំខាន់មួយ​នៃ​គ្រាកាន់កាប់ត្រួតត្រា​នេះ​ដែរ ។

« វិវរណៈ​ទាំងនេះ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ប្រកាស​ដ៏​ខ្ទររំពង​អំពី​គោលបំណង​របស់ព្រះ​នៅជុំវិញ​នៃ​ការ​ស្ដារឡើងវិញ​នៃ​កិច្ចការ​ថ្ងៃ​ចុង​ក្រោយ​ដ៏​មហិមា​របស់ទ្រង់ ៖

« ‹ ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជារាស្ត្រ​នៃ​សាសនាចក្រ​យើង​អើយ សំឡេង​នៃ​ព្រះ​ដែលគង់នៅលើ ហើយ​ដែល​មាន​ព្រះនេត្រ​ទត​មក​លើ​មនុស្ស​ទាំងអស់ ទ្រង់មានព្រះបន្ទូល​ថា ដូច្នោះ ប្រាកដ​មែន យើង​ប្រាប់​ជា​ប្រាកដ​ថា ៖ ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជាជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ឆ្ងាយ​អើយ និង​អ្នករាល់គ្នា​ដែល​នៅលើ​កោះ​ក្នុង​សមុទ្រ​អើយ ចូរ​ស្ដាប់​ព្រមគ្នា​ចុះ ។

« ‹ ដ្បិត​សំឡេង​នៃ​ព្រះអម្ចាស់​ប្រាកដ​ជា​ប្រាប់​ដល់មនុស្ស​ទាំងអស់ មែន​ហើយ​គ្មាននរណា​នឹង​គេច​បានឡើយ ហើយគ្មានភ្នែក​ណា​ដែល​នឹង​មិនបាន​ឃើញ ឬ​គ្មាន​ត្រចៀក​ណា​ដែល​នឹង​មិន​បាន​ឮ ឬ​គ្មាន​ដួងចិត្ត​ណា​ដែល​នឹង​មិន​ធ្លុះ​បានឡើយ › ។ ( គ និង ស ១:១-២ ) ។

« ចេញមកពី​ការ​ចាប់​ផ្ដើម​ដ៏​សំខាន់ នោះ​ភាពទូលំទូលាយ​ខាង​គោលលទ្ធិ​ដ៏អស្ចារ្យ​បើក​បង្ហាញឡើង ដែល​កើតចេញមកពី​គ្រឹះ​នៃ​សេចក្ដីពិត​ដ៏អស់កល្បជានិច្ច ។ រឿង​មួយចំនួន​គឺជា​វិវរណៈ ដែលព្រះអម្ចាស់​បាន​បង្គាប់​ដល់​ព្យាការី​របស់ទ្រង់​ដោយផ្ទាល់ ។ នេះគឺជាភាសា​មួយចំនួន​របស់​យ៉ូសែប ស្ម៊ីធ សរសេរ ឬ​និយាយ នៅពេល​លោក​ត្រូវ​បាន​សណ្ឋិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ក៏​មាន​បញ្ចូល​នូវ​ព្រឹត្តការណ៍​និទានកថា​របស់លោក ដែល​បាន​កើតឡើង​នៅក្នុង​ស្ថានភាព​ផ្សេងៗ​ផងដែរ ។ អ្វីៗទាំងអស់​ត្រូវ​បាន​ប្រមូល​ផ្ដុំ​គ្នា ដែល​វា​បង្កើត​បាន​ជា​ខ្នាត​ដ៏​ត្រឹមត្រូវ​ចំពោះគោលលទ្ធិ និង​ការ​អនុវត្ត​ទាំងឡាយ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។…

« បញ្ហា​ផ្សេងៗ​ដែលគម្ពីរ​មាន គឺ​អស្ចារ្យ​ណាស់ ។ វា​មាន​រួម​បញ្ចូល​ទាំង​គោលការណ៍ និង​ទម្រង់ការ​ទាំងឡាយ​អំពី​ការ​គ្រប់គ្រង​សាសនាចក្រ ។ ច្បាប់​សុខភាព​ដ៏ពិសេស និង​អស្ចារ្យ មាន​នូវការ​សន្យា​ជាច្រើន​ទាំង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។ សេចក្ដីសញ្ញា​នៃ​បព្វជិតភាព​ដ៏​អស់កល្ប​ជានិច្ច ត្រូវ​បាន​រៀបរាប់​នៅក្នុង​លក្ខណៈ​មួយ​ដែល​រកមិនឃើញ​នៅកន្លែង​ផ្សេង​ឡើយក្នុង​ព្រះគម្ពីរ ។ ឯកសិទ្ធិ និង​ពរជ័យ​ទាំងឡាយ--ព្រមទាំង​ព្រំដែន និង​ឱកាស​ទាំងឡាយ--នៃកម្រិត​សិរីល្អ​ទាំងបី ត្រូវ​បាន​ប្រកាស ស្ថាបនានៅលើ​សេចក្តីថ្លែងដោយសង្ខេប​របស់​ប៉ុល​អំពី​សិរីល្អ​នៃ​ព្រះអាទិត្យ និង​នៃ​ព្រះចន្ទ និង​នៃ​តារា​ទាំងឡាយ ។ ការ​ប្រែចិត្ត​ត្រូវ​បាន​ប្រកាស​ឡើង​ដោយភាសា​ច្បាស់ៗ និងដាក់កំហិត។ គំរូ​នៃពិធីបុណ្យជ្រមុជទឹក​ត្រឹមត្រូវ ត្រូវ​បាន​ផ្ដល់​ឲ្យ ។ លក្ខណៈ​នៃ​ក្រុមព្រះ ដែល​ទេវវិទូធ្លាប់មានបញ្ហា​អស់ជាច្រើន​សតវត្សរ៍ ឥឡូវត្រូវ​បាន​ពិពណ៌នា​ជា​ភាសា​ដែល​អាច​យល់​បាន​សម្រាប់មនុស្ស​ទូទៅ ។ ក្រឹត្យវិន័យ​ខាង​ហិរញ្ញវត្ថុ​របស់ព្រះអម្ចាស់ ត្រូវ​បានប្រកាស​ជា​លិខិតប្រគល់សិទ្ធិ អំពីរបៀប​ដែល​មូលនិធិ​ប្រតិបត្តិការ​សាសនាចក្រ គឺត្រូវ​ទទួលបាន និងត្រូវ​បាន​ចំណាយ ។ កិច្ចការ​សម្រាប់មរណជន គឺត្រូវ​បាន​បើក​សម្ដែង​ដើម្បី​ប្រទានពរ​ដល់​បុត្រា និងបុត្រី​នៃព្រះ​នៅគ្រប់ជំនាន់ » (« The Order and Will of God » Ensign ខែ មករា ឆ្នាំ ១៩៨៩ ទំព័រ ២, ៤ ) ។

នៅពេលអ្នក​សិក្សា​គោលលទ្ធិ និង​សេចក្ដីសញ្ញា អ្នកអាច​បាន​កាន់តែ​ស្គាល់​សំឡេង​នៃព្រះយេស៊ូវ គ្រីស្ទ ( សូមមើល គ. និង​ស. ១៨:៣៣-៣៦) និង​ទំនាក់ទំនង​មកពីព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គ. និង ស. ៨:២-៣) ។

អំពី​គោលលទ្ធិ និង​សេចក្ដីសញ្ញា

គោលលទ្ធិ និង​សេចក្ដីសញ្ញា​ត្រូវ​បាន​ដាក់បញ្ចូល​គ្នា​ជា​១៣៨ កណ្ឌ និង​សេចក្ដីប្រកាស​ជាផ្លូវការ​ពីរ ។ វិវរណៈជាច្រើន​ទាំងនេះ ត្រូវ​បាន​បោះពុម្ព​ជាលើក​ដំបូង​នៅក្នុង​ទម្រង់ជាសៀវភៅ ដូចជាព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ នៅ​ឆ្នាំ ១៨៣៣ ។ នៅក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធានទីមួយ នៅក្នុង​ការបោះពុម្ពបន្ដ​បន្ទាប់​នៃ​គោលលទ្ធិ និង សេចក្ដីសញ្ញា វិវរណៈ​បន្ថែម ឬ​បញ្ហា​ផ្សេងទៀតនៃ​កំណត់ត្រា​ត្រូវ​បាន​បន្ថែម​ចូល​បន្ទាប់​ពី​ដាក់ជូន និង​ទទួលយក​ដោយ​សមាជិក​នៃសាសនាចក្រ​អំឡុង​សន្និសីទ​នៃសាសនាចក្រ ។

នៅ​ក្នុង​ការ​បោះពុម្ព​ឆ្នាំ ១៨៧៦ បាន​រៀបចំ​ដោយ​អែលឌើរ អួរសុន ប្រាត្ត នៅក្រោម​ការ​ដឹកនាំ​របស់​ប្រធាន ព្រិកហាំ យ៉ង់ បាន​រៀបចំ​វិវរណៈ​តាមកាល​ប្រវត្តិ ហើយ​ផ្ដល់​នូវ​ក្បាលកណ្ឌ​ថ្មី​ដោយមាន​ការ​ណែនាំ​អំពី​ប្រវត្តិ​ ។

នៅក្នុង​ការ​បោះពុម្ព នៃគោលលទ្ធិ និង​សេចក្ដី​សញ្ញា​ឆ្នាំ ១៩៨១ ឯកសារចំនួន​បីច្បាប់​ត្រូវ​បាន​ដាក់បញ្ចូល​ជា​លើក​ទីមួយ ។ ទាំងនេះ​គឺជា កណ្ឌ ១៣៧ និង ១៣៨ ដាក់ជា​គ្រឹះ​នៃ​សេចក្ដីសង្គ្រោះ​សម្រាប់​មរណជន និង សេចក្ដីប្រកាស​ជាផ្លូវ​ការ​ទី ២

នៅក្នុងការ​បោះពុម្ព​នៃ​ព្រះគម្ពីរគោលលទ្ធិ និង​សេចក្ដីសញ្ញា​ឆ្នាំ ២០១៣ មាន​ដាក់បញ្ចូល​ទាំង​កំណែថ្មី​ដើម្បី​ជាជំនួយ​ដល់ការ​សិក្សា រូបថត​ថ្មី ផែនទី​ដែលបានធ្វើបច្ចុប្បន្នភាព និង​ការ​កែ​សម្រួល​សេចក្ដីផ្ដើម​កណ្ឌ ។ ការ​កែ​សម្រួល​បន្ដិចបន្ដួច​ចំពោះ​សេចក្ដីណែនាំ គឺ​មានបំណង​ដើម្បី​ផ្ដល់​នូវ​បរិបទ​កាន់តែ​ច្បាស់ និងកាន់តែ​ត្រឹមត្រូវ​ចំពោះ​បទគម្ពីរ​ទាំងឡាយ ។

The Joseph Smith Papers​( គម្រោងឯកសារ​របស់ យ៉ូសែប ស្ម៊ីធ )

ព័ត៌មាន​ប្រវត្តិសាស្ត្រ​ភាគច្រើន​នៅក្នុង​សៀវភៅ​សិក្សា​នេះ​បានដកស្រង់​ចេញ​ពី History of the Church និង Joseph Smith Papers Project ( គម្រោឯកសារ​របស់​យ៉ូសែប ស្ម៊ីធ ) ។ ជាពិសេស​គឺ​ភាគទី ១ និង ២​នៃ Documents series of The Joseph Smith Papers ( គម្រោឯកសារ​របស់​យ៉ូសែប ស្ម៊ីធ ) ដែល​បាន​បោះពុម្ព​ដោយ​កាសែត​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ ( ការបោះពុម្ព​នៃ​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៃ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ) ។ ដើម្បី​មើល​រូបភាព​ឌីជីថល និង​អាន​ឯកសារ​សរសេរ​ដោយដៃ​នៃ​ឯកសារ​ច្បាប់​ដើម​នៅក្នុង The Joseph Smith Papers ( គម្រោងឯកសារ​របស់​យ៉ូសែប ស្ម៊ីធ ) សូម​ចូល​ទស្សនា​នៅ josephsmithpapers.org ។