មេរៀនទី ២ ៖ ថ្ងៃទី ១
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០
សេចក្តីផ្តើម
នៅឆ្នាំ ១៨៣៨ យ៉ូសែប ស៊្មីធ បានចាប់ផ្ដើមធ្វើការអំពីប្រវត្តិនៃគ្រួសារលោកជាផ្លូវការ ។ ក្នុងនោះលោកបានសរសេរប្រាប់ពីក្រុមគ្រួសារ និងទីកន្លែងផ្សេងៗដែលពួកលោកបានរស់នៅ ។ លោកក៏បានប្រាប់ផងដែរអំពី « ការរំភើបខុសប្រក្រតី » អំពីវិស័យសាសនាដែលរីកសុះសាយពេញរដ្ឋនូវយ៉ោកភាគខាងលិចក្នុងឆ្នាំ ១៨២០ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥ ) ។ សេចក្ដីរំភើបដ៏ធំនេះបាននាំឲ្យលោក « មានគំនិតគិតពិចារណាដ៏ជ្រាលជ្រៅ ហើយមានចិត្តខ្វល់ខ្វាយជាខ្លាំង » ដោយសារតែ « ការរំជួល និងការឈ្លោះប្រកែកគ្នាជាខ្លាំងក្នុងចំណោមបក្សពួកផ្សេងៗ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨ ) ។
កាលកំពុងស្រាវជ្រាវព្រះគម្ពីរ យ៉ូសែប បានអាននៅក្នុងគម្ពីរ យ៉ាកុប ១:៥ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១ ) ដែលទូន្មានដល់អស់អ្នកដែលត្រូវការប្រាជ្ញាឲ្យ « សូមដល់ព្រះ » ។ យ៉ូសែប បានសរសេរថា ៖ « ពុំដែលមានបទគម្ពីរណាមួយ ដែលមានប្រសិទ្ធិភាពទៅលើចិត្តមនុស្ស ដូចជាបទគម្ពីរនេះមានប្រសិទ្ធិភាពមកលើចិត្តខ្ញុំឡើយ ។ មើលទៅហាក់បីដូចជាចូលមកពេញដួងចិត្តដោយឥទ្ធិពលដ៏មហិមា ។ ខ្ញុំតែងតែពិចារណាគិតអំពីរឿងនោះម្ដងហើយម្ដងទៀត ដោយដឹងថា បើមានអ្នកណាមួយដែលត្រូវការប្រាជ្ញាពីព្រះ គឺខ្លួនខ្ញុំនេះហើយ តែនឹងធ្វើណានោះខ្ញុំមិនដឹងទេ ហើយលើកលែងតែខ្ញុំអាចមានប្រាជ្ញាលើសជាងដែលខ្ញុំមាន នោះខ្ញុំនឹងមិនដឹងសោះ ដ្បិតពួកគ្រូបង្រៀនសាសនាពីបក្សពួកផ្សេងៗគេយល់បទគម្ពីរតែមួយខុសឆ្ងាយពីគ្នា ធ្វើយ៉ាងនេះដូចជាបំផ្លាញនូវការទុកចិត្តទាំងអស់ បើចង់បានការដោះស្រាយនូវសំណួរនេះដោយពឹងផ្អែកទៅលើព្រះគម្ពីរប៊ីប » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២ ) ។ លោកក៏បានសម្រចចិត្តថានឹងសូមដល់ព្រះនៅក្នុងការអធិស្ឋានដើម្បីទទួលបានចម្លើយចំពោះសំណួររបស់លោក ។ ក្នុងការឆ្លើយតបដល់ការអធិស្ឋានរបស់លោក ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ បានបង្ហាញព្រះកាយមកឲ្យលោកឃើញ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១-៤
យ៉ូសែប ស៊្មីធ ចាប់ផ្ដើមសរសេរជីវប្រវត្តិរបស់លោក
ប្រធាន ថូម៉ាស អេស ម៉នសុន ដែលបានបម្រើជាប្រធានបេសកកម្មប្រទេសកាណាដា បានចែកចាយបទពិសោធន៍របស់អ្នកពួកផ្សព្វផ្សាយសាសនាពីររូបរបស់លោកថា ៖
« [ អ្នកផ្សព្វផ្សាយសាសនា ] ពីរនាក់ត្រូវបានហៅនៅផ្ទះរបស់លោក អ៊ីមើរ ផូឡាដ ហើយគាត់ដោយក្តីអាណិតអាសូរដល់អ្នកផ្សព្វផ្សាយសាសនាដែលស្ទើរតែរងារកកខ្លួន នោះលោកបានអញ្ជើញពួកគេឲ្យចូលផ្ទះ ។ ពួកគេបានបង្ហាញសារលិខិតរបស់ពួកគេ ហើយសួរគាត់ បើគាត់នឹងចូលរួមក្នុងការអធិស្ឋានជាមួយពួកគេ ។ គាត់បានយល់ព្រម តែទាល់តែគាត់ជាអ្នកធ្វើការអធិស្ឋាន។
« ការអធិស្ឋានរបស់គាត់ បានធ្វើឲ្យអ្នកផ្សព្វផ្សាយសាសនាមានការភ្ញាក់ផ្អើលជាខ្លាំង។ គាត់អធិស្ឋានថា ‹ ព្រះវរបិតាសួគ៌អើយ សូមប្រទានពរដល់អ្នកផ្សព្វផ្សាយសាសនាដ៏អភ័ព្វ និងល្ងិតល្ងង់ពីរនាក់នេះផង ដើម្បីពួកគេអាចត្រឡប់ទៅផ្ទះវិញ ហើយកុំខ្ជះខ្ជាយពេលវេលាដើរនិយាយប្រាប់ប្រជាជនកាណាដា អំពីសារលិខិត ដែលមិនគួរឲ្យជឿនេះ ហើយដែលពួកគេចេះតែបន្ដិចបន្ដួចនេះឡើយ › ។
« នៅពេលពួកគេក្រោកឡើង នោះលោក ផូឡាត បានសុំឲ្យអ្នកផ្សព្វផ្សាយសាសនាកុំត្រឡប់មកផ្ទះគាត់ទៀតឡើយ ។ នៅពេលពួកគេចាកចេញទៅ គាត់បាននិយាយចំអកដាក់ពួកគេ ‹ អ្នកមិនអាចទាំងប្រាប់ខ្ញុំថា អ្នកពិតជាជឿថា យ៉ូសែប ស៊្មីធ ជាព្យាការីម្នាក់របស់ព្រះផងហ្នឹង ណាស់ហើយចុះ › ហើយគាត់បានរុញទ្វាបិទទៅ » ( «The Prophet Joseph Smith: Teacher by Example, » Ensignខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៦៩ ) ។
ប្រសិនបើអ្នកគឺជាម្នាក់ក្នុងចំណោមអ្នកផ្សព្វផ្សាយសាសនាទាំងនោះ តើអ្នកនឹងថ្លែងដូចម្ដេចទៅកាន់លោក ផូឡឺដ អំពីព្យាការី យ៉ូសែប ស្ម៊ីធ ?
ព្យាការី យ៉ូសែប ស៊្មីធ បានសរសេរពីដំណើរជីវិតរបស់លោកដែលមានចែងក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ក្នុងឆ្នាំ ១៨៣៨ ក្នុងគោលបំណងបោះពុម្ពជាប្រវត្តិផ្លូវការរបស់សាសនាចក្រ ។ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២ រួចស្វែងរកមូលហេតុដែលយ៉ូសែប ស្ម៊ីធ បានផ្ដល់ឲ្យក្នុងការសរសេរពីប្រវត្តិជាផ្លូវការនេះ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ រួមមាននូវដំណើររឿងផ្ទាល់ខ្លួននៃការនិមិត្តដំបូងរបស់ព្យាការី ។ មានដំណើររឿងនៃការនិមិត្តដំបូងដែលគេស្គាល់មួយចំនួន—បួនត្រូវបានសរសេរ ឬហៅឲ្យសរសេរតាមដោយយ៉ូសែប ស្ម៊ីធ និងផ្សេងទៀតត្រូវបានសរសេរដោយអ្នកដែលបានរំឭកឡើងវិញពីបទពិសោធន៍របស់យ៉ូសែប ស្ម៊ីធ ដោយសម្ដីផ្ទាល់របស់គេ ។ ដំណើររឿងទាំងនេះត្រូវបានរៀបរៀងឡើងនៅពេលខុសៗគ្នា សម្រាប់អ្នកអានខុសគ្នា និង គោលបំណងផ្សេងគ្នា ។ ដំណើររឿងទាំងនេះរៀបរៀងឡើងដោយយល់ស្របគ្នាចំពោះសេចក្ដីពិតដ៏ចាំបាច់ដែលថា យ៉ូសែប ស៊្មីធ ពិតជាបានធ្វើឲ្យស្ថានសួគ៌បើកចំហដល់លោក ហើយឃើញសារទូតសួគ៌ា ដែលរួមមានទាំងព្រះជាព្រះវរបិតា និង ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ដោយសារតែដំណើររឿងក្នុងឆ្នាំ ១៨៣៨ គឺជាផ្នែកនៃប្រវត្តិជាផ្លូវការរបស់យ៉ូសែប ស្ម៊ីធ និងជាទីបន្ទាល់ទៅកាន់ពិភពលោក ទើបវាត្រូវបានបញ្ចូលទៅក្នុងគម្ពីរមុក្ដាដ៏មានតម្លៃមហិមា ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥-១៣
ស្ថិតនៅក្នុងការរំជួលខាងសាសនានេះ យ៉ូសែប ស៊្មីធ ប្ដេជ្ញាចិត្តសូមដល់ព្រះថាតើសាសនាចក្រមួយណាត្រឹមត្រូវ
យ៉ូសែប ស៊្មីធ បានរស់នៅអំឡុងពេលមានការចាប់អារម្មណ៍ និង ការរំភើបដ៏ធំអំពីសាសនា ។ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–៧ រួចស្វែងរកពាក្យ ឬឃ្លាដែលពិពណ៌នាអំពីស្ថានភាពដែល យ៉ូសែប បានប្រឈមមុខ ។ អ្នកអាចនឹងចង់គូសចំណាំពាក្យទាំងនេះ នៅក្នុងព្រះគម្ពីររបស់អ្នក ។ ពេលអ្នកបញ្ចប់ការស្វែងរក សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១០ ដោយស្វែងរកការពិពណ៌នារបស់យ៉ូសែប ស្ម៊ីធ ថាតើលោកបានមានអារម្មណ៍យ៉ាងណាក្នុងពេលនោះ ។
-
សូមសង្ខេបក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–៧ ដោយស្រមៃថាខ្លួនអ្នកត្រូវពន្យល់ពីស្ថានភាព និងគ្រាលំបាករបស់យ៉ូសែប ទៅកាន់នរណាម្នាក់ដែលពុំដែលបានឮពី យ៉ូសែប ស៊្មីធ ។ សូមសរសេរបញ្ចូលគំនិតឲ្យបានយ៉ាងហោចណាស់បីដែលអ្នកគិតថាគួរលើកឡើងពីយ៉ូសែប ស្ម៊ីធ ។
សូមគិតអំពីស្ថានភាពដែលបណ្ដាលឲ្យអ្នកសួរសំណួរមួយចំនួន ហើយពិចារណាពីអ្វីដែលអ្នកបានធ្វើដើម្បីដោះស្រាយកង្វល់ផ្ទាល់ខ្លួន ។ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១ រួចស្វែងរកទីកន្លែងដែលយ៉ូសែប ស្ម៊ីធ បានទទួលចម្លើយចំពោះសំណួររបស់លោក ។ សូមយកពេលបន្តិច ហើយសូត្រឡើងវិញ ឬ ទន្ទេញឮៗ យ៉ាកុប ១:៥ ដែលបានដកស្រង់ក្នុង ខទី ១១ ។
គោលការណ៍មួយដែលមានក្នុង យ៉ាកុប ១:៥ ដែលបានជួយដល់យ៉ូសែប ស្ម៊ីធ ស្វែងរកចម្លើយចំពោះសំណួររបស់លោកគឺ ប្រសិនបើយើងសូមដល់ព្រះក្នុងសេចក្ដីជំនឿ នោះទ្រង់នឹងឆ្លើយតបការអធិស្ឋានរបស់យើង ។ សូមគូសចំណាំពាក្យ ឬ ឃ្លាដែលបង្រៀនពីគោលការណ៍នេះនៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១ ។ ដោយយល់ថា ព្រះនឹងឆ្លើយតបការអធិស្ឋានរបស់យើងតាមកាលវេលា និងរបៀបរបស់ទ្រង់ នោះសូមពិចារណាពីរបៀបដែលអ្នកឃើញថាគោលការណ៍នេះពិតក្នុងជីវិតផ្ទាល់របស់អ្នក ។
យ៉ូសែប បានប្រាប់ពីរបៀបដែលវគ្គបទគម្ពីរនេះបានមានអានុភាពលើរូបលោក ។ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១២–១៣ រួចស្វែងរកឃ្លាដែលពិពណ៌នាពីបទពិសោធន៍របស់យ៉ូសែប ស្ម៊ីធ ហើយសូមឆ្លើយបន្ទាប់ពីអាន យ៉ាកុប ១:៥ ចប់ ។ តើធ្លាប់មានខគម្ពីរណាដែលបានធ្វើឲ្យអ្នករំជួលចិត្តដោយព្រះចេស្ដាដែរឬទេ ? យោងតាម យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៣ តើយ៉ូសែប ស៊្មីធ ចង់យកឈ្នះលើអ្វី ? តើលោកបានសម្រេចិត្តថានឹងត្រូវធ្វើអ្វី ?
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:១៤-២០
យ៉ូសែប ស៊្មីធ ឃើញព្រះជាព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ គឺជាចំណេះចំណានខគម្ពីរ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយស្រួលរកឃើញ ។
ប្រសិនបើអ្នកអាចចូលទៅកាន់ LDS hymnbook បាន សូមអានទំនុកបទ « Joseph Smith’s First Prayer » (Hymns no. ២៦) ។ បន្ទាប់មកសូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–១៥ ។
តើអ្នកគិតថាហេតុអ្វីសាតាំងព្យាយាមបញ្ឈប់យ៉ូសែប ស្ម៊ីធ ពីការអធិស្ឋាន ? ដើម្បីរកឃើញអ្វីដែលយ៉ូសែប ស្ម៊ីធ បានធ្វើកាលលោកត្រូវប្រឈមមុខនឹង « ឥទ្ធិពលយ៉ាងអស្ចារ្យ » នេះ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦ ។ តើអ្នកគិតថាព្យាការីចង់មានន័យដូចម្ដេចកាលលោកបានមានប្រសាសន៍ថា លោកបានប្រឹងប្រែង « អស់ពីសមត្ថភាព [ របស់លោក ] ដើម្បីអំពាវនាវដល់ព្រះ » ? សូមពិចារណាពីអ្វីដែលគំរូរបស់យ៉ូសែប ស្ម៊ីធ អាចបង្រៀនអ្នកអំពីរបៀបឆ្លើយតប កាលអ្នកត្រូវបានបំភាន់ដោយនូវស្ថានភាពលំបាក ឬ ការល្បួងរបស់សាតាំងនោះ ។
ព្រឹត្តិការណ៍សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោកត្រូវបានកត់ត្រាក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ។ នៅពេលអ្នកអានខគម្ពីរនេះ សូមព្យាយាមស្រមៃពីព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះ ។ សេចក្ដីពិតសំខាន់មួយដែលយើងរៀនចេញពីខគម្ពីរនេះគឺ យ៉ូសែប ស៊្មីធ បានឃើញព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។ លោកក៏បានទូលជាមួយទ្រង់ទាំងពីរអង្គ ហើយទទួលបានការណែនាំផងដែរ ។ ការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ គឺជាព្រឹត្តិការណ៍គ្រឹះនៃការស្ដារឡើងវិញនៃដំណឹងល្អនាថ្ងៃចុងក្រោយ ។
-
សូមសរសេរនៅក្នុងកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីមូលហេតុដែលអ្នកគិតថាវាមានសារៈសំខាន់សម្រាប់អ្នក និងសមាជិកសាសនាចក្រគ្រប់រូបត្រូវមានទីបន្ទាល់ថាយ៉ូសែប ស្ម៊ីធ បានឃើញព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។
សូមរំឭក យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៧ រួចស្វែងរកសេចក្ដីពិតដែលយើងអាចរៀនចេញពីដំណើររឿងនៃការបង្ហាញព្រះកាយរបស់ព្រះវរបិតា និងព្រះរាជបុត្រាទៅដល់យ៉ូសែប ស្ម៊ីធ ។
ជួនកាល ការល្បួង ឬ ការសាកល្បងអាចកើតឡើងពីមុន ឬ បន្ទាប់ពីបទពិសោធន៍ខាងវិញ្ញាណ ។ យ៉ូសែប ស៊្មីធ បានមានបទពិសោធន៍ពីការសាកល្បងមួយពីមុនការនិមិត្តដំបូង ។ សម្រាប់ម៉ូសេ ការសាកល្បងបានកើតឡើងបន្ទាប់ពីលោកបានទូលជាមួយព្រះ ( សូមមើល ម៉ូសេ ១:៩–១២ ) ។ យ៉ូសែប ស៊្មីធ បានស្វែងយល់ឃើញថា ប្រសិនបើយើងស្វែងរកជំនួយពីព្រះដោយស្មោះត្រង់ កាលសាតាំងព្យាយាមបំបាក់ទឹកចិត្តយើង នោះព្រះអាចជួយរំដោះយើងបាន ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
តើការដឹងថាយើងអាចទទួលបានជំនួយពីព្រះដើម្បីយកឈ្នះលើភាពលំបាក និងការបាក់ទឹកចិត្តបាន ជួយអ្នកបានយ៉ាងដូចម្ដេច ?
-
តើមានគោលការណ៍ផ្សេងណាទៀតដែលអ្នកអាចរៀនពីបទពិសោធន៍របស់យ៉ូសែប ស្ម៊ីធ នៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៦ ដែលអាចជួយអ្នកឲ្យយកឈ្នះលើការល្បួងបាន ?
-
-
តើយើងអាចរៀនអ្វីខ្លះអំពីក្រុមព្រះចេញពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៧ ? សូមសរសេរចម្លើយរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីរ ។
គោលលទ្ធិមួយចំនួនអំពីក្រុមព្រះដែលមានចែងនៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៧ មាន ៖ ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។ ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាជាអង្គផ្សេង និងដាច់ដោយឡែកពីគ្នា ។
យ៉ូសែប ស៊្មីធ បានទូលសួរដល់ព្រះអម្ចាស់ដើម្បីដឹងថា សាសនាចក្រណាមួយដែលលោកគួរចូលរួម ។ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៨–២០ រួចគូសចំណាំពីចម្លើយដែលយ៉ូសែប បានទទួលចំពោះសំណួរនេះ ។
តើអ្នកចងចាំពីដំណើររឿងនៃពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានចែកចាយនៅពេលចាប់ផ្ដើមមេរៀនដែរឬទេ ? ប្រធាន ម៉នសុន បានមានប្រសាសន៍ប្រាប់ពីអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាបានធ្វើបន្ទាប់ពីបុរសរូបនោះបានបិទទ្វារឮសូរក្ឌាំងនៅចំពោះមុខគេថា ៖
« ពួកអ្នកផ្សព្វផ្សាយសាសនាដើរបានតែប៉ុន្មានជំហាន ស្រាប់តែដៃគូជុញ្ញ័របន្លឺថា ‹ អែលឌើរ យើងពុំទាន់បានឆ្លើយនឹងសំណួររបស់លោក ផូឡាត នៅឡើយទេ › ។
« ដៃគូច្បងបានឆ្លើយថា ៖ ‹ យើងត្រូវគេបដិសេធហើយ ។ តោះយើងបន្តទៅមុខទៀត › ។
« ទោះជាយ៉ាងក៏ដោយ អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងរូបនោះបានជំនះរហូតដល់អ្នកទាំងពីរត្រឡប់ទៅមាត់ទ្វារផ្ទះរបស់លោក ផូឡាត វិញ ។ លោកផូឡាត បានបើកទ្វាទាំងខឹង រួចនិយាយថា ‹ ខ្ញុំគិតថា ខ្ញុំបានប្រាប់យុវជនឯងហើយ ថាកុំឲ្យត្រឡប់មកវិញទៀត ! ›
« ដៃគូជុញ្ញ័រ ពេលនោះបាននិយាយដោយភាពក្លាហានរបស់ខ្លួនថា ‹ លោក ផូឡាត នៅពេលដែលយើងបានដើរចេញពីទ្វាផ្ទះលោក លោកបាននិយាយថា យើងពុំបានជឿពិតថា យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់របស់ព្រះ ។ ខ្ញុំចង់ថ្លែងទីបន្ទាល់ទៅ លោក ផូឡាត ថា ខ្ញុំដឹងថា យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់របស់ព្រះ ថាតាមរយៈការបំផុសគំនិតលោកបានបកប្រែកំណត់ត្រាពិសិដ្ឋ ដែលស្គាល់ថាជាព្រះគម្ពីរមរមន ថាលោកបានឃើញព្រះជាព្រះវរបិតា និងព្រះយេស៊ូវ ជាព្រះរាជបុត្រា › ។ រួចហើយពួកអ្នកផ្សព្វផ្សាយសាសនាក៏បានដើរចេញពីមាត់ទ្វាទៅ ។
« [ ក្រោយមក លោក ផូឡា បានថ្លែងទីបន្ទាល់ថា ] ‹ នាល្ងាចនោះ ខ្ញុំគេងពុំលក់សោះ។ ខ្ញុំប្រែខ្លួនចុះឡើងរហូត ។ ខ្ញុំបានឮពាក្យសម្ដីដែលថា « យ៉ូសែប ស៊្មីធ គឺជាព្យាការីម្នាក់របស់ព្រះ ម្ដងហើយម្ដងទៀតក្នុងគំនិតរហូត ។ ខ្ញុំដឹងពីរឿងនេះ ។… ខ្ញុំដឹងពីរឿងនេះ ។… ខ្ញុំដឹងយ៉ាងដូច្នេះ » ។… ខ្ញុំបានអន្ទះសាចង់ឲ្យពេលព្រឹកមកដល់ឆាប់ៗ ។ ខ្ញុំបានទូរសព្ទទៅកាន់អ្នកផ្សព្វផ្សាយសាសនាទាំងនោះ តាមលេខដែលមានសរសេនៅលើប័ណ្ណតូចមួយនៃមាត្រានៃសេចក្ដីជំនឿ ។ ពួកគេបានត្រឡប់មកវិញ ហើយគ្រានេះ ភរិយាខ្ញុំ គ្រួសារខ្ញុំ និងខ្ញុំ បានចូលរួមក្នុងការពិភាក្សា ក្នុងនាមជាអ្នកស្វែងរកសេចក្ដីពិតដោយអស់ពីចិត្ត ។ ជាលទ្ធផល ពួកយើងទាំងអស់គ្នាបានឱបក្រសោបយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ( «The Prophet Joseph Smith, » ទំព័រ ៦៩ ) ។
ប្រសិនបើអ្នកពុំទាន់បានធ្វើដូច្នេះទេនោះ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ដោយខ្លួនឯង ហើយសូមដល់ព្រះវរបិតាសួគ៌ដើម្បីជួយអ្នកដឹងថាដំណើររឿងនៃការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធ គឺជារឿងពិត ឬ ដើម្បីពង្រឹងជំនឿរបស់អ្នកថារឿងនេះគឺពិត ។ អ្នកក៏អាចនឹងចង់ស្វែងរកឱកាសចែកចាយសារលិខិតនៃការនិមិត្តដំបូងនេះជាមួយនឹងមនុស្សដទៃផងដែរ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវអារម្មណ៍ ឬ ទីបន្ទាល់របស់អ្នកអំពីព្យាការី យ៉ូសែប ស៊្មីធ ។
ចំណេះចំណានខគម្ពីរ—យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០
សូមញែកពេលដើម្បីព្យាយាម ហើយទន្ទេញវគ្គចំណេះចំណានខគម្ពីរនេះ ។ ប្រសិនបើអ្នកមានអារម្មណ៍ថាពុំអាចទន្ទេញខគម្ពីរទាំងអស់ទេ នោះអ្នកអាចនឹងចង់បែកចែកខគម្ពីរជាចំណែកតូចៗ ឬ ទន្ទេញ ខទី ១៦–១៧ ឬ គ្រាន់តែការសង្ខេបខ្លីៗនៃខគម្ពីរទាំងនេះក៏បាន ។ នេះគឺជាវិធីសាស្ត្រមួយដើម្បីជួយអ្នកឲ្យទន្ទេញចាំខគម្ពីរទាំងនេះបាន ៖ អានឃ្លាមួយម្ដងហើយម្ដងទៀតដរាបដល់អ្នកអាចថាឃ្លានោះបានដោយមិនបាច់មើល ។ បញ្ចូលឃ្លាទីពីរ ហើយអានឃ្លានោះម្ដងហើយម្ដងទៀតដរាបដល់អ្នកអាចសូត្រឃ្លាទាំងពីរបាន ។ បញ្ចូលឃ្លាទីបីទៀត រួចបន្តធ្វើដូចនេះ ។ អ្នកអាចសូត្រឃ្លាដែលអ្នកបានទន្ទេញចាំហើយនោះយ៉ាងលឿន ហើយសូត្រឃ្លាថ្មីដោយយឺតៗ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖