ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២០ ៖ ថ្ងៃ​ទី ១ គោលលទ្ធិ និង សេចក្តីសញ្ញា ៩០-៩២


មេរៀន​ទី ២០ ៖ ថ្ងៃ​ទី ១

គោលលទ្ធិ និង សេចក្តីសញ្ញា ៩០-៩២

សេចក្តីផ្តើម

នៅ​ថ្ងៃ​ទី ៨ ខែ មិនា ឆ្នាំ ១៨៣៣ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩០ដែល​មាន​ចែង​អំពី​សេចក្ដី​ណែនាំ​ទៅ​ដល់​គណៈប្រធាន​បព្វជិតភាព​ជាន់​ខ្ពស់ ។ « វិវរណៈ​នេះ​គឺ​ជា​ជំហាន​បន្ត​ទៅ​ទៀត អំពី​ការតាំង​គណៈប្រធាន​ទី​មួយ​ឡើង » ( គ. និង ស. ៩០ សេចក្ដី​ណែនាំ​អំពី​កណ្ឌ ) ។ នៅ​ថ្ងៃ​បន្ទាប់ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូល​សួរ​ថាតើ​លោក​គួរតែ​បកប្រែ​ព្រះគម្ពីរ​អ័ប៉ូគ្រីផា ទុក​ជា​ផ្នែក​នៃ​កំណែ​ដ៏​បំផុសគំនិត​លើ​ព្រះគម្ពីរ​ប៊ីប​ដែរ​ឬ​ទេ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​តប​ទៅ​នឹង​ការទូល​សួរ​របស់​លោក តាម​រយៈ​វិវរណៈ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩១ ហើយ​បាន​មាន​ព្រះបន្ទូល​ប្រាប់ យ៉ូសែប ថា​លោក​មិន​ចាំបាច់​បកប្រែ​ព្រះគម្ពីរ​នោះ​ទេ ។ ទើបតែ​ពីរ​បី​ថ្ងៃ​ក្រោយ​មក នៅ​ថ្ងៃ​ទី ១៥ ខែ មិនា ឆ្នាំ ១៨៣៣ ព្យាការី​បាន​ទទួល​វិវរណៈ​មួយ ( គ. និង ស. ៩២ ) ដែល​បាន​បង្គាប់​ឲ្យ ហ្វ្រែឌើរិក ជី វិលលាម្ស ដែល​ជា​ទីប្រឹក្សា​មួយ​រូប​របស់​ព្យាការី ទទួល​យក​ករណីយកិច្ច​របស់​លោក​នៅ​ក្នុង​សហគ្រាស​សាមគ្គីភាព ដែល​ត្រូវបាន​ស្ថាបនា​ឡើង ដើម្បី​គ្រប់គ្រង​លើ​សុខុមាលភាព និង កិច្ចការ​ជំនួញ​របស់​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:១-១៨

ព្រះអម្ចាស់​ត្រាស់​ណែនាំ​ដល់​គណៈប្រធាន​បព្វជិតភាព​ជាន់​ខ្ពស់ អំពី​ការទទួល​ខុសត្រូវ​របស់​ពួក​លោក

តើ​អំណោយ​ដ៏​មាន​តម្លៃ​បំផុត ដែល​អ្នក​ធ្លាប់​ទទួល​បាន គឺ​ជា​អ្វី ? ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:១-៣ដោយ​ស្វែងរក​ការណ៍​ដ៏​មាន​តម្លៃ ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល ។ ស្រប​តាម​ខគម្ពីរ​ទាំង​នេះ តើ​អ្វី​ដែល​ព្យាការី​កាន់ ?

ឃ្លា « កូនសោ​ទាំងឡាយ​នៃ​នគរ » សំដៅ​ទៅ​លើ​សិទ្ធិ​របស់​គណៈប្រធាន ឬ សិទ្ធិអំណាច​ដែល​ព្រះ​ប្រទាន​ឲ្យ​មនុស្ស​ដើម្បី​ធ្វើ​អធិបតី គ្រប់គ្រង និង ដឹកនាំ​នគរ​ទ្រង់​នៅ​លើ​ផែនដី ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:៤–៥ដោយ​ស្វែងរក​ការព្រមាន ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ ។ វាក្យ​សព្ទ​ដែល​បាន​ប្រើ​នៅ​ក្នុង​ខគម្ពីរ​នេះ​គឺ ព្រះបន្ទូល​ទាំងឡាយ សំដៅ​ទៅ​លើ​វិវរណៈ​ទាំងឡាយ ដែល​បាន​មក​ពី​ព្រះ​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។

ប្រធាន ថូម៉ាស អេស ម៉នសុន ឈរ​នៅ​លើ​វេទិកា

អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​ដូច​តទៅ​នេះ នៅ​លើ​គែម​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ខទី ៥ ៖ បើ​យើង​រាប់​វិវរណៈ​ទាំងឡាយ ដែល​ព្រះ​ប្រទាន​ឲ្យ​តាម​រយៈ​ពួក​ព្យាការី​ទ្រង់​ទុក​ជា​ការឥតការ នោះ​យើង​នឹង​ជំពប់ ហើយ​ដួល ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការរាប់​វិវរណៈ​ទាំងឡាយ​ដែល​ព្រះ​ប្រទាន​ឲ្យ តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់ « ជា​ការឥតការ » មាន​ន័យ​ដូចម្ដេច ( គ. និង ស. ៩០:៥ ) ?

    2. តើ​គំរូ​មួយ​ចំនួន​នៃ​វិវរណៈ ដែល​មនុស្ស​អាច​នឹង​ត្រូវបាន​ល្បួង​ឲ្យ​រាប់​ជា​ការឥតការ​មាន​អ្វី​ខ្លះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:៦ដោយ​ស្វែងរក​ថាតើ​នរណា​ទៀត ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​ថា នឹង​កាន់​កូនសោ​ទាំងឡាយ​នៃ​នគរ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា​នៅ​ក្នុង​ខគម្ពីរ​នេះ ដែល​បង្រៀន​សេចក្ដីពិត​ថា គណៈ​ប្រធាន​ទី​មួយ កាន់​កូនសោ​ទាំងឡាយ​នៃ​នគរ ។ ( សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ក៏​បាន​ទទួល​កូនសោ​ទាំងឡាយ​នៃ​នគរ​ដែរ នៅ​ពេល​កូរ៉ុម​នោះ​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨៣៥ ។ ការប្រើប្រាស់​កូនសោ​ទាំងនេះ ស្ថិត​នៅ​ក្រោម​ការដឹកនាំ​របស់​ប្រធាន​នៃ​សាសនាចក្រ ) ។

នៅ​ថ្ងៃ​ទី ១៨ ខែ មិនា ឆ្នាំ ១៨៣៣ គឺ ១០ ថ្ងៃ​បន្ទាប់​ពី​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩០ ត្រូវបាន​ប្រទាន​ឲ្យ នោះ យ៉ូសែប ស៊្មីធ បាន​ញែក ស៊ីឌនី រិកដុន និង ហ្វ្រែឌើរិក ជី វិលលាម្ស ចេញ​ជា​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​បព្វជិតភាព​ជាន់​ខ្ពស់ ដែល​ក្រោយ​មក​បាន​ស្គាល់​ជា​គណៈប្រធាន​ទី​មួយ​នៃ​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:៧–១០ មាន​សេចក្ដី​ណែនាំ​ទៅ​ដល់​គណៈប្រធាន​ទី​មួយ ដើម្បី​រៀបចំ​ខ្លួន​សមាជិក​ក្នុង​សាលា​របស់​ពួក​ព្យាការី ឲ្យ​ប្រកាស​ដំណឹងល្អ​ពាស​ពេញ​ពិភពលោក ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:១១ហើយ​ពិចារណា​អំពី​របៀប​ដែល​ខគម្ពីរ​នេះ កំពុង​តែ​ត្រូវបាន​សម្រេច​នា​ពេល​សព្វថ្ងៃ​នេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:១២–១៨ ពិពណ៌នា​អំពី​ការទទួល​ខុស​ត្រូវ​មួយ​ចំនួន​របស់​គណៈប្រធាន​ទី​មួយ ដែល​រួម​បញ្ចូល​ទាំង​ការរៀបចំ​កិច្ចការ​ទាំងឡាយ​នៃ​សាសនាចក្រ ឲ្យ​មាន​របៀប​រៀបរយ ។ ដោយសារតែ​គណៈប្រធាន​ទី​មួយ​កាន់​កូនសោ​ទាំងឡាយ​នៃ​នគរ អ្នក​នឹង​មាន​ពរ​នៅ​ពេល​អ្នក​ធ្វើតាម​ការបង្រៀន​របស់​ពួក​លោក ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:១៩-៣៧

ព្រះអម្ចាស់​ណែនាំ​ដល់​ពួក​បរិសុទ្ធ​នៅ​ទីក្រុង ស៊ីយ៉ូន

តើ​អ្នក​ធ្វើ​ដូចម្ដេច នៅ​ពេល​ស្ថានភាព​ក្នុង​ជីវិត​របស់​អ្នក ធ្លាក់​ដុនដាប ?

នៅ​ពេល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩០លោក និង ថ្នាក់​ដឹកនាំ​ឯ​ទៀត​នៃ​សាសនាចក្រ បាន​ធ្លាក់​ក្នុង​ស្ថានភាព​ដុនដាប ដោយសារតែ​កង្វះ​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​សាសនាចក្រ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:១៩–៣៧ មាន​សេចក្ដី​ណែនាំ​ពី​ព្រះអម្ចាស់​ទៅ​ដល់ ថ្នាក់​ដឹកនាំ​សាសនាចក្រ​ជំនាន់​ដំបូង ស្ដីពី​របៀប​ទ្រាំទ្រ​នឹង​ស្ថានភាព​ដុនដាប​ដែល​ពួក​លោក​បាន​ជួប​ប្រទះ​នោះ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:២៤រួច​ស្វែងរក​ឱវាទ ដែល​អាច​លួងលោម​ចិត្ត​ដល់​មនុស្ស ដែល​អាច​នឹង​ឆ្លង​កាត់​ស្ថានភាព​ដុនដាប​មួយ ។

សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់ នៅ​ក្នុង ខទី ២៤ ៖ បើ​យើង​នឹង ដោយ​ព្យាយាម ជានិច្ច មាន ហើយ​នឹកចាំ​ពី នោះ​គ្រប់​ការណ៍​ទាំងអស់​នឹង​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​យើង ។

ស្វែងរក​ដោយ​ព្យាយាម គឺ​លើស​ជាង​ការអាន​ព្រះគម្ពីរ​ទៅ​ទៀត ។ ប្រធាន ហារ៉ូល ប៊ី លី បាន​មាន​ប្រសាសន៍ ៖ « ការព្យាយាម​មាន​ន័យ​ថា ឧស្សាហ៍ ដែល​ផ្ទុយ​ទៅ​នឹង​ខ្ជិល​ច្រអូស ឬ ធ្វេសប្រហែស ឬ មិន​អើពើ ។ យើង​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ពួកគេ​ត្រូវ​ច្បាស់​ជា​ស្វែងរក ដើម្បី​ស្គាល់​គោលលទ្ធិ​ទាំងឡាយ​នៃ​សាសនាចក្រ » ( Stand Ye in Holy Places: Selected Sermons and Writings of President Harold B. Lee [ ឆ្នាំ ១៩៧៤ ] ទំព័រ ១៩៨ ) ។

តើ​អ្នក​គិត​ថា « គ្រប់​ការណ៍​ទាំងអស់​នឹង​ផ្សំ​គ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក » ( គ. និង ស. ៩០:២៤ ) មាន​ន័យ​ដូចម្ដេច ?

ការណ៍​នេះ​ពុំ​មាន​ន័យ​ថា គ្មាន​រឿង​អាក្រក់​កើតឡើង​ចំពោះ​យើង​នោះ​ទេ ? ផ្ទុយ​ទៅ​វិញ វា​មាន​ន័យ​ថា ព្រះ​នឹង​ពង្រឹង​យើង​នៅ​អំឡុង​ពេល​គ្រា​ដ៏​ដុនដាប បើ​យើង​មាន​ចិត្ត​ស្មោះត្រង់​នោះ ហើយ​ឧបសគ្គ​ទាំងឡាយ​របស់​យើង អាច​នាំ​មក​ឲ្យ​យើង​នូវ​បទពិសោធន៍ និង ពរជ័យ​ដ៏​ចាំបាច់ៗ ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​បទពិសោធន៍​មួយ​ដែល​អ្នក​ធ្លាប់​មាន ឬ បាន​ឃើញ​នៅ​ក្នុង​ជីវិត​នៃ​មនុស្ស​ណា​ម្នាក់​ទៀត ដែល​បង្ហាញ​អំពី​ភាពពេញលេញ​នៃ​គោលការណ៍​នេះ ។

សមាជិក​សាសនាចក្រ​ម្នាក់ ដែល​បាន​បង្ហាញ​ភាពស្មោះត្រង់​ដ៏​អស្ចារ្យ នៅ​អំឡុង​គ្រា​ដុនដាប​នោះ​គឺ វីអែនណា ចាកស៍ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩០:២៨-៣១រួច​ស្វែងរក​សេចក្ដី​ណែនាំ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​គាត់ ។ សូម​សិក្សា​ព័ត៌មាន​ខាង​ក្រោម​នេះ​អំពី​បងស្រី ចាកស៍ ដោយ​ស្វែងរក​ថាតើ​គាត់​មាន​ចិត្ត​ស្មោះត្រង់​យ៉ាង​ណា ចំពោះ​សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់ ។ នៅ​ពេល​អ្នក​សិក្សា​អំពី​ព័ត៌មាន​នេះ អ្នក​អាច​នឹង​ចង់​គូស​បន្ទាត់​នៅ​ពី​ក្រោម​ស្ថានភាព​ដុនដាប​មួយ​ចំនួន​ដែល វីអែណា បាន​ជួប​ប្រទះ ( សូម​ស្វែងរក​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​បី ) ។

វីអែនណា ចាកស៍

វីអែនណា ចាកស៍

វីអែនណា ចាកស៍ គឺ​ជា​គំរូ​នៃ​មនុស្ស​មាន​ចិត្ត​ស្មោះត្រង់​មួយ​រូប ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា​ច្រើន​នៅ​ជំនាន់​ដំបូង ។ គាត់​បាន​កើត​នៅ​ថ្ងៃ​ទី ១០ ខែ មិថុនា ឆ្នាំ ១៧៨៧ ។ បន្ទាប់​ពី​គាត់​បាន​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ទីក្រុង បូស្តុន រដ្ឋ ម៉ាស្សាឈូសេត ស.រ.អា គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ក្នុង​ឆ្នាំ ១៨៣១ ។ គាត់​ស្នាក់នៅ​ទីនោះ​ប្រាំ​មួយ​សប្ដាហ៍ ហើយ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ បន្ទាប់​ពី​បាន​ត្រឡប់​ទៅ​កាន់​ទីក្រុង បូស្តុន វិញ វីអែណា បាន​នាំ​សមាជិក​គ្រួសារ​របស់​គាត់​បី​បួន​នាក់ ឲ្យ​ចូល​សាសនាចក្រ​ដែរ ។ ក្រោយ​មក គាត់ « បាន​ទូទាត់​ទ្រព្យសម្បត្តិ​ទាំងឡាយ​របស់​គាត់ ហើយ​បាន​ត្រឡប់​ទៅ​កាន់​ទីក្រុង ខឺត​ឡង់ វិញ ដើម្បី​ចំណាយ​ពេល​វេលា​នៃ​ជីវិត​គាត់​នៅ​ក្នុង​សាសនាចក្រ​ជា​រៀង​រហូត » ( « Home Affairs » Woman’s Exponent ថ្ងៃ​ទី ១ ខែ កក្កដា ឆ្នាំ ១៨៧៨ ទំព័រ ២១ ) ។ ក្នុង​ឆ្នាំ ១៨៣៣ វីអែណា បាន​ថ្វាយ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​គាត់ រួម​ទាំង​ប្រាក់​ចំនួន ១,៤០០ ដុល្លារ ទៅ​ដល់​សាសនាចក្រ ក្នុង​គ្រា​ដែល​សាសនាចក្រ​ត្រូវការ​ប្រាក់​ជា​ចាំបាច់ ។ រួច​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ មិសសួរី ដើម្បី​ទទួល​កេរមរតក​របស់​គាត់​នៅ​ទីក្រុង ស៊ីយ៉ូន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​យូ​ប៉ុន្មាន​បន្ទាប់​ពី​គាត់​ទៅ​ដល់​ទីនោះ គាត់​បាន​រងទុក្ខ​សេចក្ដី​បៀតបៀន​ជាមួយ​ពួក​បរិសុទ្ធ ។ បន្ទាប់​ពី​គាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ​នៅ​រដ្ឋ មិសសួរី គាត់​បាន​ចូលរួម​មើល​ថែ​អ្នក​ជំងឺ​នៅ​ក្នុង​ជំរុំ ស៊ីយ៉ូន ។ ហ៊ីប៊ើរ ស៊ី ឃិមបឹល បាន​សរសេរ​ថា « ខ្ញុំ​បាន​ទទួល​សណ្ដាណ​ចិត្ត​ដ៏​ល្អ​បំផុត … ពី​បងស្រី វីអែណា ចាកស៍ ដែល​បាន​បម្រើ​ដល់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ និង ដល់​បងប្អូន​ប្រុស​របស់​ខ្ញុំ​ដែរ—សូម​ឲ្យ​ព្រះអម្ចាស់​ប្រទាន​រង្វាន់​ដល់ [ គាត់ ] ចំពោះ​សណ្ដាន​ចិត្ត [ របស់​គាត់ ] ( « Extracts from H. C. Kimball’s Journal » Times and Seasons ថ្ងៃ​ទី ១៥ ខែ មិនា ឆ្នាំ ១៨៤៥ ទំព័រ ៨៣៩–៤០ ) ។

កាល​កំពុង​នៅ​រដ្ឋ មិសសួរី វីអែណា ចាកស៍ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ ដានីយ៉ែល ស្សៀរើ ។ ក្នុង​ឆ្នាំ ១៨៤៧ នៅ​អាយុ ៦០ ឆ្នាំ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​លិច​ទៅ​កាន់​រដ្ឋ យូថាហ៍ ដោយ​បរ​រទេះ​របស់​គាត់​កាត់​តាម​ទីវាល ។ គាត់​បាន​តាំង​លំនៅ​នៅ​ទីក្រុង សលត៍ លេក ហើយ​ពេញ​មួយ​ជីវិត​របស់​គាត់ បាន​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង និង សិក្សា​ព្រះគម្ពីរ​ដោយ​ព្យាយាម ។ បងស្រី ចាកស៍ បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី ៧ ខែ កុម្ភៈ ឆ្នាំ ១៨៨៤ នៅ​ជន្មាយុ ៩៦ ឆ្នាំ ។ នៅ​ក្នុង​ដំណឹង​មរណភាព​របស់​គាត់ បាន​ប្រកាស​ថា « គាត់​បាន​ស្មោះត្រង់​ទៅ​នឹង​សេចក្ដី​សញ្ញា​របស់​គាត់ ហើយ​បាន​ឲ្យ​តម្លៃ​ដល់​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​ថា​ជា រតន​សម្បត្តិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន » ( « In Memoriam » Woman’s Exponentថ្ងៃ​ទី ១ ខែ មិនា ឆ្នាំ ១៨៨៤ ទំព័រ ១៥២ សូម​មើល​ផងដែរ Susan Easton Black « Happiness in Womanhood » Ensignខែ មិនា ឆ្នាំ ២០០២ ទំព័រ ១២, ១៤ ) ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ទុក្ខ​លំបាក និង ភាពស្មោះត្រង់ ចេញ​ពី​គំរូ​របស់ វីអែណា ចាកស៍ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩១

ព្រះអង្គសង្គ្រោះ​ណែនាំ យ៉ូសែប ស៊្មីធ មិន​ឲ្យ​បកប្រែ​ព្រះគម្ពីរ​អ័ប៉ូគ្រីផា

តើ​អ្នក​អាច​ដឹង ថាតើ​រឿង​ដែល​អ្នក​អាន​នៅ​លើ​ទំព័រ​អ៊ិនធើរណែត ឬ កាសែត ឬ ទស្សនាវដ្ដី​នោះ​ពិត ឬ មិន​ពិត​យ៉ាង​ដូចម្ដេច ? វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩១ បាន​ណែនាំ ព្យាការី យ៉ូសែប ស្ម៊ីធ អំពី​របៀប​ដឹង ថាតើ​រឿង​ដែល​គាត់​បាន​អាន​នោះ​ពិត ឬ មិន​ពិត ។ សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ ដោយ​ស្វែងរក​អ្វី​ដែល យ៉ូសែប ស៊្មីធ កំពុង​តែ​ធ្វើ​នៅ​គ្រា​ដែល​លោក​បាន​ទទួល​វិវរណៈ​នេះ ។

ព្រះគម្ពីរ​អ័ប៉ូគ្រីផា គឺ​ជា​ការប្រមូល​ផ្តុំ​នៃ​គម្ពីរ​ពិសិដ្ឋៗ​របស់​ប្រជាជន​សាសន៍​យូដា ។ គម្ពីរ​ទាំង​នេះ មិន​បាន​រួម​បញ្ចូល​នៅ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​ហេព្រើរ​ដើម​ឡើយ ប៉ុន្តែ​ត្រូវ​បាន​រួម​បញ្ចូល​នៅ​ក្នុង​ការបកប្រែ​នៃ​ព្រះគម្ពីរ​បរិសុទ្ធ​ជា​ភាសា​ក្រិក​នៅ​ជំនាន់​ព្រះគ្រីស្ទ ។ គម្ពីរ​មួយ​ចំនួន​មាន​នូវ​ហេតុការណ៍​កើតឡើង​ចន្លោះ ព្រះគម្ពីរ​សញ្ញា​ចាស់ និង ព្រះគម្ពីរ​សញ្ញា​ថ្មី ។ នៅ​ពេល​ពួក​គ្រឹស្តបរិស័ទ​ជំនាន់​បុរាណ បាន​ចងក្រង​គម្ពីរ​ទាំងឡាយ​នៃ​ព្រះគម្ពីរ​ប៊ីប​នៅ​ច្រើន​សតវត្ស​ក្រោយ​មក ពួកគេ​បាន​ដាក់​បញ្ចូល​គម្ពីរ​ទាំងឡាយ​នៃ​ព្រះគម្ពីរ​អ័ប៉ូគ្រីផា ប៉ុន្តែ មាន​ចម្ងល់​ជា​ច្រើន អំពី​ថាតើ​គម្ពីរ​ទាំងនោះ​គឺ​ជា​ផ្នែក​នៃ​ព្រះគម្ពីរ​ដែរ​ឬ​ទេ ។ ព្រះគម្ពីរ​បរិសុទ្ធ​ដែល យ៉ូសែប ស្ម៊ីធ បាន​ប្រើ​ដើម្បី​បង្កើត​ការបកប្រែ​ដ៏​បំផុស​គំនិត​របស់​លោក​នោះ​មាន​នូវ​គម្ពីរ​អ័ប៉ូគ្រីផា​ផង​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែ​សុពលភាព​នៃ​គម្ពីរ​អ័ប៉ូគ្រីផា​ស្ថិត​នៅក្នុង​ភាពសង្ស័យ នោះ យ៉ូសែប បាន​ទូលសួរ​ព្រះអម្ចាស់ ថា​បើ​ការបកប្រែ​របស់​លោក​អំពី​ព្រះគម្ពីរ​ប៊ីប គួររួម​បញ្ចូល​គម្ពីរ​ទាំងនេះ​ឬ​ទេ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩១:១–៣ដោយ​ស្វែងរក​អ្វី​ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​រៀន​អំពី​គម្ពីរ​អ័ប៉ូគ្រីផា ។ ពាក្យ​បញ្ចុះបញ្ចូល គឺ​ជា​សេចក្ដី​បន្ថែម​ទៅ​លើ​សំណៅ ដែល​ជួនកាល​កែប្រែ​អត្ថន័យ ហើយ​បំប្លែង​អត្ថបទ​ដើម ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩១:៤–៦រួច​ស្វែងរក​របៀប​ដែល​អ្នក​សិក្សា​គម្ពីរ​អ័ប៉ូគ្រីផា អាច​ស្គាល់​អ្វី​ដែល​ជា​ការពិត​នៅ​ក្នុង​គម្ពីរ​នេះ ។

យើង​អាច​រៀន​ចេញ​ពី​សេចក្តី​ពិត​ដូចតទៅ​នេះ ៖ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ស្គាល់​បាន បើ​សិន​ជា​ការណ៍​ដែល​យើង​អាន​នោះ​ជា​ការពិត ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈ​ប្រធាន​ទី​មួយ បាន​បង្រៀន ៖

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« គ្មាន​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ ដែល​យើង​ងាយ​នឹង​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន—ព្រោះ​ព័ត៌មាន​ខ្លះ​ពិត ខ្លះទៀត​មិន​ពិត ហើយ​ភាគ​ច្រើន​នោះ​ពិត​ខ្លះៗ ។

« ហេតុដូច្នេះ​ហើយ គ្មាន​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​ណា សំខាន់​ជាង​ការរៀន​ឲ្យ​បាន​ត្រឹមត្រូវ អំពី​របៀប​ដឹង​រវាង​សេចក្តីពិត និង ការណ៍​ក្លែងក្លាយ​ឡើយ ។…

« ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​ជា​អ្នក​ផ្ដល់​វិវរណៈ ។ ទ្រង់​ជា​អង្គ​ដ៏​ជំនួយ ដែល​បង្រៀន​យើង​អំពី ‹ សេចក្តីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ › ។…

« សាក្សី នៃ​សេចក្ដីពិត​បាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ មាន​សម្រាប់​មនុស្ស​ទាំងអស់ គ្រប់​ទីកន្លែង ពាសពេញ​ពិភពលោក ។ មនុស្ស​ទាំងអស់​ដែល​ព្យាយាម​ស្គាល់​សេចក្ដីពិត ដែល​សិក្សា​វា​នៅ​ក្នុង​គំនិត ហើយ ‹ សួរ​ដោយ​ចិត្ត​ស្មោះ​ស គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ [ នឹង​ស្គាល់ ] សេចក្ដីពិត … ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ › ។ [ មរ៉ូណៃ ១០:៤ ] » ។ (« What Is Truth ? » [Church Educational System devotional address, ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៣ ], ទំព័រ ៣, ៦; speeches.byu.edu) ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​បទពិសោធន៍​មួយ នៅ​ពេល​អ្នក​បាន​ទទួល​អារម្មណ៍​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​ថា រឿង​ដែល​អ្នក​អាន​នោះ​ជា​ការពិត ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៩២

ហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវ​ទទួល​ចូល​ទៅ​ក្នុង​សហគ្រាស​សាមគ្គីភាព

វិវរណៈ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩២ បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ដែល​មាន​ចំណែក​ក្នុង​សហគ្រាស​សាមគ្គីភាព ( ត្រូវបាន​ហៅ​ផងដែរ ជា​សណ្ដាប់​ធ្នាប់​រួម ) ត្រូវ​ទទួល ហ្វ្រែឌើរិក ជី វិលលាម្ស ចូល​ទៅ​ក្នុង​សហគ្រាស​នោះ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩២:១-២រួច​ស្វែងរក​របៀប ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ឲ្យ​បងប្រុស វិលាម្ស ប្រព្រឹត្ត​ក្នុង​នាម​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​សហគ្រាស​សាមគ្គីភាព ។

  1. journal icon« សមាជិក​សកម្ម​ម្នាក់ » ក្នុង​ក្រុម​មួយ គឺ​ជា​ម្នាក់​ដែល​ធ្វើ​សកម្មភាព ហើយ​ប្ដេជ្ញាចិត្ត ។ សូម​ជ្រើសរើស​ស្ថានភាព​ខាង​ក្រោម​នេះ​ចំនួន​ពីរ ឬ ច្រើន​ជាង​នោះ ហើយ​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល « សមាជិក​សកម្ម​ម្នាក់ » នៃ​សាសនាចក្រ​អាច​ធ្វើ នៅ​ក្នុង​ស្ថានភាព​ទាំងនោះ ។

    1. យុវជន​ម្នាក់​ត្រូវបាន​ចាត់តាំង ឲ្យ​ធ្វើ​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ ។

    2. យុវវ័យ​ម្នាក់​ត្រូវបាន​ហៅ​បម្រើ​ជា ប្រធាន​ថ្នាក់​យុវនារី ឬ ថ្នាក់​កូរ៉ុម​បព្វជិតភាព ។

    3. យុវវ័យ​ម្នាក់​គឺ​ជា​សិស្ស នៅ​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។

    4. យុវវ័យ​ម្នាក់​គឺ​ជា​អ្នក​ជិត​ខាង​របស់​គូស្វាមី​ភរិយា​ចំណាស់​មួយ​គូ ។

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ធ្វើ​ជា​សមាជិក​សកម្ម​ម្នាក់​ក្នុង​សាសនាចក្រ​នា​ពេល​សព្វថ្ងៃ​នេះ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩២:២ព្រះអម្ចាស់​បាន​បង្រៀន ហ្វ្រែឌើរិក ជី វិលលាម្ស អំពី​អ្វី​ដែល​លោក​ត្រូវ​ធ្វើ​ដើម្បី « បាន​ពរ​ជា​រៀង​ដរាប​តទៅ » ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​សេចក្ដី​ណែនាំ​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩០-៩២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖