មេរៀនទី ៣ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ៤
បុព្វកថា
ក្នុងខែ កុម្ភៈ ឆ្នាំ ១៨២៩ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ និង លូស៊ី ជាភរិយារបស់លោក បានទៅសួរសុខទុក្ខកូនប្រុសរបស់ពួកលោក យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ នៅភូមិ ហាម៉ូនី រដ្ឋ ប៉ែនសិលវេញ៉ា ។ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ បានចង់ដឹងពីអ្វីដែលព្រះអម្ចាស់បានមានព្រះទ័យឲ្យគាត់ជួយក្នុងការងារនៃការសា្ដរឡើងវិញ ។ កាលកំពុងសួរសុខទុក្ខនោះ យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ បានទទួលវិវរណៈមួយ ។ វិវរណៈនេះ បានប្រទានទៅដល់ឪពុករបស់ព្យាការី ដែលជាវិវរណៈទីមួយក្នុងចំណោមវិវរណៈមួយចំនួនដែលត្រូវបានប្រទានឲ្យបុគ្គលទាំងឡាយដែលបានបំណងជួយដល់កិច្ចការរបស់ព្រះអម្ចាស់ ( សូមមើល គ. និង ស. ៦; ៨–៩; ១១–១២; ១៤–១៦; ២៣; ២៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:១-៣
យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ត្រូវបានហៅឲ្យបម្រើក្នុងការងារព្រះ
តើអ្នកធ្លាប់មានបំណងបម្រើព្រះ ហើយចង់ស្គាល់ព្រះឆន្ទៈទ្រង់អំពីរបៀបដែលអ្នកអាចជួយដល់ទ្រង់បានយ៉ាងល្អបំផុតដែរឬទេ ? ឪពុកយ៉ូសែប ស៊្មីធបានមានបំណងប្រាថ្នាជួយព្រះអម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់ ប៉ុន្តែគាត់ពុំដឹងអំពីអ្វីដែលព្រះអម្ចាស់មានព្រះទ័យឲ្យគាត់ធ្វើឡើយ ។ គាត់បានសួរកូនប្រុសគាត់ដែលជាព្យាការីឲ្យសួរព្រះអម្ចាស់ជំនួសគាត់.គោលលទ្ធិ និង សេចក្តីសញ្ញា ៤គឺជាចម្លើយមកពីព្រះអម្ចាស់ ។ នៅក្នុងវិវរណៈនេះ ទ្រង់បានមានបន្ទូលពីគុណសម្បត្តិនានា ដែលទ្រង់មានព្រះទ័យរំពឹងពីអស់អ្នកដែលមានបំណងជួយដល់កិច្ចការរបស់ទ្រង់ ។ នៅពេលអ្នកអានកណ្ឌនេះ សូមកត់ចំណាំពីអ្វីដែលព្រះអម្ចាស់បានបង្រៀនដល់យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ អំពីរបៀបដែលយើងត្រូវបម្រើទ្រង់ ។
នៅពេលបានទទួលវិវរណៈនេះ សាសនាចក្រពុំទាន់បានបង្កើតឡើងនៅឡើយ ការបកប្រែព្រះគម្ពីរមរមនមិនទាន់បានបញ្ចប់ ហើយបព្វជិតភាពក៏មិនទាន់បានស្ដារឡើងវិញដែរ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤:១ ដោយស្វែងរករបៀបដែលព្រះអម្ចាស់បានពិពណ៌នាពីការស្ដារឡើងវិញនៃដំណឹងល្អដែលហៀបនឹងកើតមានឡើង ។ អ្នកអាចនឹងចង់កត់ចំណាំពាក្យដែលព្រះអម្ចាស់បានប្រើដើម្បីពិពណ៌នាពីការស្ដារឡើងវិញនៃដំណឹងល្អនៅថ្ងៃចុងក្រោយ ។ តើការស្ដារឡើងវិញនៃដំណឹងល្អ « អស្ចារ្យ » ដោយរបៀបណា ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤:២ រួចស្វែងរកអ្វីដែលព្រះអម្ចាស់សូមពីអស់អ្នកដែលចាប់ផ្ដើម ឬ ចេញប្រតិបត្តិការធ្វើការបម្រើទ្រង់ ។ សូមបំពេញគោលការណ៍តទៅនេះដោយផ្អែកលើ គោលលទ្ធិ និង សេចក្តីសញ្ញា ៤:២ ៖ ប្រសិនបើយើងបម្រើទ្រង់ឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង លំដាប់នោះយើងអាច ។
អ្នកក៏អាចចង់គូសចំណាំពាក្យ ឬ ឃ្លាដែលបង្រៀនពីគោលការណ៍នេះនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:២ បានដែរ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ការធ្វើអ្វីមួយដោយ « អស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់អ្នក » មានន័យថាដូចម្ដេច ?
-
តើការយល់ដឹង និង ការអនុវត្តន៍គោលការណ៍នេះ ជួយអ្នកយ៉ាងណា កាលដែលអ្នករួមចំណែកក្នុងកិច្ចការរបស់ព្រះអម្ចាស់ ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៣ រួចស្វែងរកអ្វីដែលយើងត្រូវមាន ដែលនឹងជួយយើងឲ្យជោគជ័យក្នុងការជួយដល់កិច្ចការរបស់ព្រះអម្ចាស់ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
មនុស្សមួយចំនួនចាត់ទុក គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ថាជាការហៅបម្រើរបស់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ ទោះជាយ៉ាងណាក៏ដោយ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ដែលវិវរណៈនេះត្រូវបានប្រទានដល់លោកនោះ ពុំមែនត្រូវបានហៅឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងឡើយ ។ ប៉ុន្តែ លោកពិតជាបានធ្វើតាមដំបូន្មានដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤:២–៣ ពេញមួយជីវិតរបស់លោក ដោយបានបម្រើដោយការតាំងចិត្តមិនថាទីណា និង កន្លែងណាដែលលោកត្រូវបានហៅឲ្យទៅនោះទេ ។ លោកគឺជាសាក្សីមួយរូបក្នុងចំណោមសាក្សីទាំងប្រាំបីរូបនៃព្រះគម្ពីរមរមន និងមួយរូបក្នុងចំណោមអ្នកទទួលបុណ្យជ្រមុជទឹកដំបូងចូលក្នុងសាសនាចក្រ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ លោកក៏បានបម្រើជាលោកអយ្យកោដំបូងរបស់សាសនាចក្រ និង ជាទីប្រឹក្សាជំនួយរបស់គណៈប្រធានទីមួយផងដែរ ។ សូមគិតពីមធ្យោបាយមួយចំនួនទៀត ក្រៅពីការបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដែលអ្នកអាចជួយដល់កិច្ចការរបស់ព្រះអម្ចាស់បាន ។ ឧទាហរណ៍ ការដកស្រង់ខាងក្រោមចេញពីកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ក្រោមប្រធានបទនៃការបម្រើ ផ្ដល់នូវយោបល់មួយចំនួនស្ដីពីរបៀបដែលអ្នកអាចប្រព្រឹត្តចំពោះបំណងរបស់អ្នកក្នុងការជួយដល់កិច្ចការរបស់ព្រះអម្ចាស់នាពេលឥឡូវនេះថា ៖
« ការបម្រើដល់អ្នកដទៃគឺជាលក្ខណៈមួយដ៏សំខាន់អំពីសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទ ។ ជាសិស្សម្នាក់ គឺត្រូវមានឆន្ទៈដើម្បីសម្រាលបន្ទុករបស់អ្នកដទៃ និង ដើម្បី លួងលោម ដល់អ្នកទាំងឡាយដែលត្រូវការការលួងលោម ។ ជាញឹកញាប់ ព្រះវរបិតាសួគ៌នឹងឆ្លើយតបចំពោះតម្រូវការរបស់អ្នកដទៃតាមរយៈអ្នក ។
« មានវិធីជាច្រើនដើម្បីបម្រើដល់អ្នកដទៃ ។ ការបម្រើដ៏សំខាន់បំផុតមួយចំនួន ដែលអ្នកអាចផ្តល់បានគឺនៅក្នុងផ្ទះរបស់អ្នកផ្ទាល់ ។ អ្នកអាចបម្រើនៅក្នុងការចាត់តាំងពីសាសនាចក្រ សាលារៀន និង សហគមន៍របស់អ្នកបានផងដែរ ។ អ្នកអាចបម្រើដោយការធ្វើកិច្ចការពង្សប្រវត្តិ និង ព្រះវិហារបរិសុទ្ធ ។ អ្នកអាចបម្រើដោយការចែកចាយដំណឹងល្អ ជាមួយនឹងអ្នកដទៃឥឡូវនេះ និងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនាពេលអនាគត ។ ជាញឹកញាប់ ការបម្រើដ៏មានអត្ថន័យបំផុត គឺត្រូវបានបង្ហាញតាមរយៈការធ្វើកិច្ចការល្អៗសាមញ្ញជារៀងរាល់ថ្ងៃ ។ ចូរស្វែងរកការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធជារៀងរាល់ថ្ងៃ ដើម្បីដឹងថាតើត្រូវបម្រើនរណា និងពីរបៀបដើម្បីជួយស្របទៅតាមតម្រូវការទាំងឡាយរបស់ពួកគេ ។ សូមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះនៅពេលអ្នកបម្រើដល់អ្នកដទៃ » (ដើម្បីកម្លាំងនៃយុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ៣២) ។
-
សូមពិពណ៌នានៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកនូវមធ្យោបាយជាក់លាក់មួយដែលអ្នកចង់ជួយដល់កិច្ចការព្រះអម្ចាស់នៅពេលនេះក្នុងជីវិតអ្នក ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៤
ស្រែសសំព្រុះល្មមច្រូតហើយ
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៤ ព្រះអម្ចាស់ចាត់ទុកមនុស្សលើពិភពលោកថាជាស្រែក្នុងវាល ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៤ រួចគូសចំណាំអ្វីដែលព្រះអម្ចាស់បានមានបន្ទូលពីវាលស្រែរបស់ទ្រង់ ( ឬមនុស្សលើពិភពលោក ) ។ វាអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ពីខគម្ពីរនេះ ក្នុងការដឹងថាស្រូវសាលី និងស្រូវធម្មតាប្រែពណ៌នៅពេលវាលូតលាស់ ។ នៅពេលដែលដើមធញ្ញជាតិនៅខ្ចី វាមានពណ៌បៃតង ប៉ុន្តែ នៅពេលវាលូតលាស់ឡើងបន្តិច វាមានពណ៌ឡើងព្រលែត ។ នៅពេលដើមធញ្ញជាតិល្មមដើម្បីច្រូតកាត់ វាតែងបានគេពិពណ៌នាថាមាន « ពណ៌ស » ។ កាំបិតវែងរាងកោងត្រូវបានហៅថាជា កណ្ដៀវ ប្រើសម្រាប់ច្រូតកាត់ធញ្ញជាតិ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថាឃ្លា « ស្រែសសំព្រុះល្មមច្រូតហើយ » មានន័យដូចម្ដេច ?
-
តើអ្នកគិតថាការលូកកណ្ដៀវរបស់ខ្លួនដោយកម្លាំងរបស់ខ្លួន មានន័យដូចម្ដេច ?
-
តើរង្វាន់ដែលបានលើកឡើងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៤ សម្រាប់អស់អ្នកដែលលូកកណ្ដៀវរបស់ខ្លួនដោយកម្លាំងរបស់ខ្លួន មានអ្វីខ្លះ ?
-
សេចក្ដីពិតមួយដែលយើងអាចស្វែងយល់ចេញពីខគម្ពីរនេះ អំពីឥទ្ធិពលនៃការងាររបស់យើងក្នុងការបម្រើដល់ព្រះអម្ចាស់គឺថា នៅពេលយើងបម្រើដោយឧស្សាហ៍ព្យាយាមដើម្បីនាំមនុស្សដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទ នោះយើងក៏អាចទទួលបានសេចក្ដីសង្គ្រោះសម្រាប់ខ្លួនយើងផងដែរ ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីគ្រាមួយដែលអ្នកមានអារម្មណ៍ថាកាន់តែជិតស្និទ្ធនឹងព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទនៅពេលអ្នកខិតខំជួយដល់មនុស្សដទៃឲ្យមករកទ្រង់ទាំងពីរអង្គ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៥-៧
ព្រះអម្ចាស់ណែនាំពីគុណសម្បត្តិ និង ឥរិយាបថចាំបាច់ទាំងឡាយដែលអស់អ្នកដែលបម្រើទ្រង់ត្រូវមាន
សូមគិតពីការងារ អាជីព ឬ ជំនាញពីរបី ។ តើគុណសម្បត្តិ និង ឥរិយាបថចាំបាច់ណាខ្លះដែលមនុស្សម្នាក់ត្រូវមានដើម្បីសម្រេចបានការងារនីមួយៗនោះ ?
សូមស្វែងរករូបមន្តធ្វើម្ហូបមួយសម្រាប់អាហារដែលអ្នកចូលចិត្ត រួចអានបញ្ជីគ្រឿងផ្សំដែលមានលើនោះ ។ តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកព្យាយាមធ្វើម្ហូបនោះ ប៉ុន្តែ ពុំបានដាក់គ្រឿងផ្សំមួយ ឬ ពីរ ? គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៥–៦មាននូវបញ្ជី « គ្រឿងផ្សំ » ឬ ឥរិយាបថនានាដែលធ្វើឲ្យបុគ្គលម្នាក់មានគុណសម្បត្តិអាចជួយដល់កិច្ចការរបស់ព្រះអម្ចាស់បាន ។ សូមអានខគម្ពីរទាំងនេះ រួចគូសចំណាំពីឥរិយាបថដ៏ទេវភាពនីមួយៗដែលបានលើកឡើង ។ អ្នកក៏អាចចង់គូសចំណាំពាក្យ ឬ ឃ្លាដែលបង្រៀនពីគោលការណ៍នេះថា ៖ នៅពេលយើងព្យាយាមអភិវឌ្ឍឥរិយាបថដ៏ទេវភាព នោះវានឹងជួយយើងឲ្យមានគុណសម្បត្តិអាចជួយដល់កិច្ចការរបស់ព្រះអម្ចាស់បាន ។
សូមពិចារណាពីរបៀបដែលការអភិវឌ្ឍន៍ឥរិយាបថដ៏ទេវភាពនីមួយៗទាំងនេះ អាចជួយអ្នកឲ្យជួយដល់កិច្ចការរបស់ព្រះអម្ចាស់បានកាន់តែប្រសើរឡើង ។
-
សូមជ្រើសរើសឥរិយាបថមួយចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៥–៦ ដែលអ្នកចង់អភិវឌ្ឍឲ្យបានកាន់តែពេញលេញ ។ ដោយប្រើធនធាននានាដែលមានសម្រាប់អ្នក ( ដូចជា Topical Guide និង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ) សូមស្វែងរកខគម្ពីរផ្សេងទៀតចំនួនបីដែលបង្រៀនពីឥរិយាបថនោះ ។ ( អ្នកក៏អាចចង់អានព័ត៌មាននៅក្នុង ពិតចំពោះសេចក្ដីជំនឿ ឬនៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ សម្រាប់ឥរិយាបថដែលអ្នកបានជ្រើសរើស ) ។ សូមសរសេរការសង្ខេបខ្លីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីអ្វីដែលអ្នកបានសិក្សាពីឥរិយាបថនោះ ក៏ដូចជាអ្វីដែលអ្នកអាចធ្វើនាពេលឥឡូវនេះ ដើម្បីចាប់ផ្ដើមអភិវឌ្ឍឥរិយាបថនោះ ។ អ្នកអាចចង់ចែកចាយផែនការរបស់អ្នកជាមួយឪពុកម្ដាយ ឬ មិត្តភក្ដិជិតស្និទ្ធ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤:៧ រួចស្វែងរករបៀបដែលអ្នកអាចព្យាយាម ហើយអភិវឌ្ឍឥរិយាបថទាំងនេះ ។ សូមពិចារណាពីអត្ថន័យនៃ « សូម » និង « គោះ » ។ តើការអធិស្ឋានអាចជួយយើងឲ្យអភិវឌ្ឍឥរិយាបថដ៏ទេវភាពទាំងនេះយ៉ាងដូចម្ដេច ?
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖