ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១ ៖ ថ្ងៃទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១


មេរៀន​ទី ១ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តី​សញ្ញា ១

សេចក្តីផ្តើម

គិត​មក​ដល់​ត្រឹម​ខែ វិច្ឆិកា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ បាន​កត់ត្រា​វិវរណៈ​ជាង ៦០ វិវរណៈ ។ យ៉ាងណាក៏ដោយ​សមាជិក​សាសនាចក្រ​ភាគច្រើន​ពុំ​អាច​ទទួល​បាន​ច្បាប់​ចម្លង​ទាំងនោះ​ឡើយ ។ ព្យាការី​បាន​កោះ​ហៅ​ប្រជុំ​សន្និសីទ​មួយ​ក្នុង​ទីក្រុង ហៃរាំ រដ្ឋ អូហៃអូ ដើម្បី​ពិភាក្សា​ពី​ការបោះពុម្ព​វិវរណៈ​ទាំងនោះ​នៅ​ក្នុង​សៀវភៅ​មួយ​ក្បាល​ដែល​នឹង​ត្រូវ​បាន​ហៅ​ថា​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ។ គណៈកម្មការ​នៃ​ពួកអែលឌើរ​បាន​សរសេរ​សេចក្ដី​ព្រៀង​អារម្ភកថា​នៃ​ព្រះគម្ពីរ​នេះ ។ ដោយ​ពុំ​ពេញចិត្ត​នឹង​ការ​ពង្រាង​នេះ អ្នកទាំងឡាយ​ដែល​ចូលរួម​ក្នុង​សន្និសីទ បាន​ស្នើរសុំ​ឲ្យ​យ៉ូសែប ស្ម៊ីធ សួរ​ដល់ព្រះអម្ចាស់​សុំ​បុព្វកថាមួយ ។ បន្ទាប់​ពី​បាន​ទូល​សូម​ដល់​ព្រះអម្ចាស់​ក្នុង​ការអធិស្ឋាន យ៉ូសែប​បាន​ទទួល​អារម្ភកថា​មួយ​តាម​រយៈ​វិវរណៈ ។ អារម្ភកថា​របស់​ព្រះអម្ចាស់​ចំពោះ​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ​សព្វថ្ងៃ​នេះ​គឺ​កណ្ឌ​ទី ១ នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១:១-១៦

ព្រះអម្ចាស់​ដាស់តឿន​ពី​ការជំនុំ​ជម្រះ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចំពោះ​មនុស្ស​ដែល​បះបោរ​នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ

ក្មេង​ប្រុស ៣ នាក់​នៅ​ក្នុង​ព្រៃ

សូម​ពិចារណា​ពី​បទពិសោធន៍​ខាង​ក្រោម​អំពី​បងប្អូនប្រុស​បី​នាក់ ដែល​ត្រូវ​បាន​ការពារ​ឲ្យ​ផុត​ពី​គ្រោះថ្នាក់ ដោយ​ព្រោះ​តែ​គេ​បាន​ស្ដាប់​តាម​ការតាស់តឿន​ពី​ឪពុក​ខ្លួន ៖

« មៃក និង​ប្អូនប្រុស​របស់​គាត់ អែរិក និង ថម ចូលចិត្ត​ឡើង​ភ្នំ​ជាមួយ​ឪពុក​របស់​ពួកគេ ។ ឪពុក​តែង​និយាយ​ថា គាត់​ស្គាល់​ភ្នំ​ជា​ច្រើន​ច្បាស់​ដូច​ថ្ងៃ​អញ្ជឹង ។ គាត់​បាន​ធំ​ដឹងក្ដី​ឡើង​ដោយ​បាន​ដើរតាម​ផ្លូវ​ដដែលៗ​ជាមួយ​ឪពុក​គាត់​ដែល​ជា​អ្នក​មើល​ថែ​ហ្វូងចៀម ។…

« …​ថ្ងៃ​មួយ​នៅ​រដូវ​ក្ដៅ [ ក្មេង​ប្រុស​ទាំងនោះ ] មាន​សេចក្ដី​រំភើប​ដើម្បី​ទៅ​ដល់​ទិសដៅ​ចុងក្រោយ—ជា​វាលស្មៅ​ខ្ពស់​ពេញ​ទៅ​ដោយ​ស្មៅ​ពណ៌​បៃតង​ស្រស់បំព្រង និង​បុប្ផា​ចម្រុះ​ពណ៌ ។ ដូច្នេះ​ពួកគេ​បាន​រត់​កាត់​ព្រៃព្រឹក្សា​ដោយ​ល្បឿន​លឿន​បំផុត ទោះ​ជា​ពួកគេ​មាន​ការនឿយហត់​ពី​ការឡើង​ភ្នំ​នា​ពេល​ព្រឹក​រួច​ហើយ​ក្ដី ។ ពួកគេ​ចង់​រត់​ចូល​ទៅ​វាល​ស្មៅ​នោះ​ដូចជា​សត្វ​ទន្សាយ ។

ឪពុក​បាន​ស្រែក​ប្រាប់​ពី​ក្រោយ​ថា « ‹ នៅ​ពេល​កូនៗ​ទៅ​ដល់​វាលស្មៅ ឈប់​នៅ​ទីនោះ​សិន​ហើយ ។ ‹ ចាំ​ជួប​គ្នា​នៅ​ទីនោះ › ។ ពួកគេ​បាន​រត់​ទៅ​មុន ម្នាក់ៗ​ព្យាយាម​រត់​ឲ្យ​បាន​មុន​អ្នក​ដទៃ ។…

« [ ពួកគេ​បាន​ភ្លេច ] បណ្ដាំ​ឪពុក​ខ្លួន ។ ពួកគេ​បាន​រត់​ជា​រង្វង់​កាត់​ស្មៅ​ក្រាស់ៗ ដោយ​លោត​ផ្លោះ ស្រែក​ខ្លាំងៗ ហ៊ោកញ្ជ្រៀវ និង​ប្រឡែង​គ្នា ។…

« ក្រោយ​មក អែរិក មាន​គំនិត​មួយ ។ ‹ តោះ​យើង​នាំ​គ្នា​រត់ប្រណាំង​កាត់​វាល​ស្មៅ​នេះ​តែ​ម្ដង​ទៅ › ! ថម បាន​រុញរា ។ ពួកគេ​ពុំ​អាច​មើល​ឃើញ​ត្រើយ​ដ៏​ឆ្ងាយ​នៃ​ទីវាល​នោះ​ទេ ព្រោះ​ទីទួល​ដែល​មាន​ស្មៅ​ដុះ​ពេញ​បាន​បាំង​ភ្នែក​របស់​ពួកគេ ។ ប៉ុន្តែ មៃក ពុំ​ខ្វល់​ឡើយ ។ គាត់​បាន​អះអាង​ទៅ​កាន់​បងប្អូន​ប្រុស​គាត់​ថា ‹ បង​គិត​ថា​នេះ​គឺ​ជា​វាល​តែ​មួយ​ដែល​យើង​បាន​មក​កាល​ពី​រដូវ​ក្ដៅ​មុន › ។

« ពួកគេ​បាន​ប្រជុំ​គ្នា​នៅ​ក្រោម​ដើម​ឈើ ។ « រួចហើយ » ។ អែរិក បាន​ស្រែក ។ ‹ រួចហើយ ! តោះទៅ ! › ខ្យល់​បរិសុទ្ធ និង​ត្រជាក់​បាន​បក់​ប៉ះ​មុខ និង​សក់​របស់​គាត់ ហើយ​ដរាប​ណា​គាត់​រត់​កាន់តែ​លឿន នោះ​ខ្យល់​បក់​មក​លើ​គាត់​កាន់តែ​ខ្លាំង ។ មិនយូរប៉ុន្មាន គាត់​បាន​រត់​នាំ​មុខ​គេ ។ គាត់​មាន​អារម្មណ៍​ថា​គាត់​អាច​រត់​រហូត​មិន​ចេះ​ហត់ ។

មាន​សំឡេង​មួយ​ស្រែក​ឡើង​លាន់​ឮ​ដូច​រន្ទះ​ពី​ក្រោយ​ពួក​គេ​ថា « ‹ ឈប់ ! › ភ្លាម​នោះ​ក្មេង​ប្រុស​ទាំងបី​នាក់​បាន​ឈប់​មួយ​រំពេច ។ ពួកគេ​បាន​ងាក​ក្រោយ ហើយ​ឃើញ​ឪពុក​កំពុង​តែ​រត់​មក​កាន់​ពួកគេ​ពី​ជ្រុង​ម្ខាង​នៃ​វាល​ស្មៅ​នោះ ។ ឪពុក​រូប​នោះ​បាន​ស្រែក​ហៅ​ម្ដង​ទៀត​ដោយ​សំឡេង​ស្រទន់​ជាង​មុន​ថា ‹ នាំ​គ្នា​មក​នេះ មក​ក្បែរ​ប៉ា › ។ ក្មេងប្រុស​ទាំង​នោះ​បាន​ស្ដាប់​តាម​បង្គាប់ ។… [ ក្រោយ​មក ] ពួកគេ​បាន​ដើរ​ឆ្លង​កាត់​វាលស្មៅ​នោះ​ទាំងអស់​គ្នា ។ នៅ​ពេល​ពួកគេ​បាន​ឡើង​ទៅ​លើ​ទីទួល​តូច​មួយ​ហើយ ភ្លាម​នោះ​ឪពុក​បាន​ឈប់ ។

« នៅ​តែ​ពីរ​បី​ជំហាន​ខាង​មុខ​ទៀត​ប៉ុណ្ណោះ មាន​ច្រាំង​ចោត​មួយ​ដែល​មាន​កម្ពស់​យ៉ាងហោចណាស់ ៦ ឬ ៩ ម៉ែត្រ ។ ប្រសិនបើ​ពួកគេ​កំពុង​តែ​រត់ នោះ​គ្មាន​ផ្លូវ​ឡើយ​ដែល​ពួកគេ​អាច​ឃើញ​ច្រាំង​ចោត ហើយ​ឈប់​ទាន់​ពេល​វេលា​នោះ ។…

« … មៃក ពោល​តិចៗ​ថា ‹ យើង​អាច​នឹង​ស្លាប់​បាន ›

« ‹ មែនហើយ អាច​ជា​អញ្ជឹង ។ ប៉ា​រីករាយ​ណាស់​ដែល​កូនៗ​បាន​ឈប់​រត់ ទោះជា​ប៉ា​ពុំ​មាន​ពេល​ពន្យល់​ពី​មូលហេតុ​យ៉ាង​ណាក្ដី ។ ពេលខ្លះ យើង​ត្រូវ​គោរពប្រតិបត្តិ​ជា​មុន​សិន ទើប​សួរ​សំណួរ​តាម​ក្រោយ ! ›

« មៃក ពោល​ថា ‹ ជា​ពិសេស នៅ​ពេល​អ្នក​ណា​ម្នាក់​ដឹង​ថា​កំពុង​មាន​អ្វី​កើតឡើង ហើយ​អ្នក​មិន​ដឹង › » ( Ana Nelson Shaw, « Stop ! » ខែ មិថុនា ឆ្នាំ ២០០៥ ទំព័រ ៤៧–៤៨ ) ។

ឪពុក និង​កូន​ប្រុសៗ​នៅ​លើ​មាត់​ច្រាំង

សូម​គិត​ពី​គ្រា​មួយ​ដែល​មនុស្ស​ម្នាក់​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​យកចិត្តទុកដាក់ ហើយ​ដាស់តឿន​អ្នក​ពី​អ្វី​មួយ ។ តើ​អ្នក​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ? តើ​អ្នក​មាន​អំណរគុណ​ចំពោះ​កិច្ចខិតខំ​របស់​បុគ្គល​នោះ​ក្នុង​ការ​ដាស់តឿន​អ្នក​ដែរ​ឬ​ទេ ? ហេតុអ្វី​មាន​អំណរគុណ ឬ ហេតុអ្វី​មិន​មាន​អំណរគុណ ?

ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ព្រះអម្ចាស់​បាន​ប្រទាន​ការដាស់តឿន ព្រះបញ្ញត្តិ និង​ការណែនាំ​នានា​ដែល​មាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​សុភមង្គល និង​សេចក្ដី​សង្គ្រោះ​របស់​យើង ។ ដូច​បាន​ពន្យល់​ខាង​លើ ព្រះអម្ចាស់​បាន​បើក​សម្ដែង​កណ្ឌ​ទី ១ ជា​អារម្ភកថា​ចំពោះ​វិវរណៈ​ដទៃ​ទៀត​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ អារម្ភកថា​រៀបចំ​សម្រាប់​អ្នក​អាន​សម្រាប់​មាតិកា​នៃ​សៀវភៅ​មួយ ដោយ​ការសង្ខេប​សារលិខិត និង​គោលបំណង​នៃ​អ្នក​និពន្ធ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១:១–៣ រួច​ស្វែងរក​ពាក្យ ឬ ឃ្លា​ដែល​ព្រះអម្ចាស់​បាន​ប្រើប្រាស់​ដើម្បី​ទាញ​យក​ការចាប់​អារម្មណ៍​របស់​អ្នក​អាន ។ ( វា​អាច​នឹង​ជួយ​ដល់​យើង ក្នុង​ការ​ស្គាល់​ថា​ពាក្យ ចូរ​ប្រុង​ស្ដាប់​ចុះ មាន​ន័យ​ថា ស្ដាប់​ដោយ​យកចិត្តទុកដាក់ ហើយ​គោរពប្រតិបត្តិ​តាម ) ។ សូម​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​ក្នុង​ចន្លោះ​ដែល​មាន ៖

  • តើ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូល​ទៅ​កាន់​នរណា ?

  • តើ​អ្នក​គិត​ថា​ឃ្លា « សេចក្ដី​ទុច្ចរិត​របស់​ពួកគេ​នឹង​ត្រូវ​ថ្លែង​ប្រាប់​ពី​លើ​ដំបូល​ផ្ទះ ហើយ​អំពើ​ស្ងាត់​កំបាំង​របស់​ពួកគេ​នឹង​ត្រូវ​បើក​សម្ដែង​មក​ឲ្យ​ឃើញ » ( គ. និង ស. ១:៣) មាន​ន័យ​ដូចម្ដេច ?

  1. journal iconសូម​ពន្យល់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​មូលហេតុ​ដែល​អ្នក​គិត​ថា​វា​ជា​ការសំខាន់​ដែល​ត្រូវ​ដាស់តឿន​ដល់​ប្រជាជន​ថា អំពើបាប​ដែល​បាន​ប្រព្រឹត្ត​ដោយ​ស្ងាត់​កំបាំង​នឹង​ត្រូវ​សម្ដែង​មក​ឲ្យ​ឃើញ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១:៤–៧ រួច​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​នឹង​ប្រទាន​ការព្រមាន​របស់​ទ្រង់​ទៅ​កាន់​ប្រជាជន​ទាំងអស់ ។

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ព្រមាន​ទៅ​កាន់​ប្រជាជន​ទាំងអស់​តាមរយៈ​ពួកសិស្ស​ទ្រង់​ដែល​បាន​ជ្រើសតាំង ។ ព្រះអម្ចាស់​ប្រទាន​ការព្រមាន​តាមរយៈ​ពួក​អ្នក​បម្រើ​ទ្រង់ និង​តាម​រយៈ​ព្រះគម្ពីរ ។ សូម​រំឭក​ឡើង​វិញ​ពី​សុន្ទរកថា​សន្និសីទ​ទូទៅ​ចុងក្រោយ​បង្អស់​ពី​គណៈប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ តើ​ដំបូន្មាន ឬ​ការព្រមាន​ណា​ខ្លះ​ដែល​អ្នក​ធ្លាប់​បាន​ឮ​ពី​ពួកសាវក និង​ព្យាការី​របស់​ព្រះអម្ចាស់ ដែល​បាន​ផ្ដល់​ឲ្យ​ក្នុង​ពេល​ថ្មីៗ​នេះ ?

ការព្រមាន​មួយ​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៨–១០ គឺ​ថា​ទ្រង់​នឹង​ជំនុំ​ជម្រះ​ប្រជាជន​ស្រប​ទៅ​តាម​ទង្វើ​របស់​ខ្លួន និង​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ដទៃ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១:១១–១៤ រួច​ស្វែងរក​ការព្រមាន​បន្ថែម​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។ នៅ​ពេល​អ្នក​មើល​ក្នុង​សេចក្ដី​យោង​នៃ Topical Guide ក្នុង​លេខយោង ១២ សូម​ពិចារណា​ថា ព្រឹត្តិការណ៍​អ្វី​ដែល​ព្រះអម្ចាស់​សំដៅ​ដល់​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១:១២ ។

  1. journal iconសូម​ឆ្លើយ​នឹង​សំណួរ​បន្ទាប់​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា​ការព្រមាន​របស់​ព្រះអម្ចាស់​ដែល​ថា អស់​អ្នក​ដែល​ពុំ​ស្ដាប់​តាម​ព្យាការី « នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណោម​ប្រជាជន » ( គ. និង ស. ១:១៤) មាន​ន័យ​ដូចម្ដេច ?

ដោយសារ​តែ​សេចក្ដី​ទុច្ចរិត និង​ការក្បត់សាសនា​មាន​ពាសពេញ​ពិភពលោក ទើប​ការព្រមាន​របស់​ព្រះអម្ចាស់​គឺជា​ការចាំបាច់​ណាស់ ។ អស់​អ្នក​ណា​ដែល​ពុំ​ស្ដាប់​តាម​ប្រសាសន៍​នៃ​ព្យាការី​របស់​ទ្រង់​នឹង​ត្រូវបាន​ដក​ចេញ​ពី​ពួក​សុចរិត ហើយ​បាត់បង់​ពរជ័យ​ដែល​មាន​តាម​រយៈ​ពិធីបរិសុទ្ធ និង សេចក្ដី​សញ្ញា​នានា​នៃ​ដំណឹងល្អ ។

  1. journal iconសូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៥–១៦ ។ សូម​ធ្វើ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ពាក្យ ឬ​ឃ្លា​ណា​ដែល​ប្រាប់​ពី​សេចក្ដី​ទុច្ចរិត ឬ​ការក្បត់សាសនា​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​នឹង​កើតឡើង​នៅ​ថ្ងៃ​ចុងក្រោយ ។ រួច​សូម​ឆ្លើយ​នឹង​សំណួរ​បន្ទាប់​នេះ ៖ តើ​ប្រជាជន​ក្នុង​ជំនាន់​យើង​នេះ​ដើរ « តាម​ផ្លូវ [ របស់​ខ្លួនគេ ] ផ្ទាល់ ហើយ​តាម​រូបភាព​នៃ​ព្រះ [ របស់​ខ្លួន​គេ ] ផ្ទាល់ » តាម​របៀប​ណា ?

គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧–៣៣

ដំណឹងល្អ​ត្រូវបាន​ស្ដារឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ពី​មុន​គ្រោះមហន្ដរាយ​ដែល​នឹង​មក​ដល់

សូម​ស្វែងរក​ពាក្យ​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧ ដែល​សំដៅ​ទៅ​លើ​លទ្ធផល​នៃ​អំពើទុច្ចរិត ការក្បត់សាសនា និង​ការបំផ្លិចបំផ្លាញ​ដែល​នឹង​កើតឡើង​ក្នុង​ចំណោម​ប្រជាជន​លើ​ផែនដី​នៅ​ថ្ងៃ​ចុងក្រោយ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧–៣៣ មាន​នូវ​ដំណោះស្រាយ​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​យើង​ឲ្យ​ឆ្លងកាត់​គ្រោះមហន្ដរាយ​នា​ថ្ងៃ​ចុងក្រោយ ។ សូម​បំពេញ​តារាង​ខាង​ក្រោម​ដោយ​អាន​បទគម្ពីរ​យោងដែល​មាន​នៅ​ប្រអប់​ខាង​ឆ្វេង រួច​ស្វែងរក​ដំណោះស្រាយ​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​យើង​ឲ្យ​ឆ្លងកាត់​គ្រោះមហន្ដរាយ​នា​ថ្ងៃ​ចុងក្រោយ ។ នៅ​ក្នុង​ប្រអប់​កណ្ដាល សូម​សរសេរ​ការពិពណ៌នា ឬ គូរ​រូបភាព​នៃ​អ្វី​ដែល​អ្នក​ស្វែងរក​បាន​ក្នុង​បទគម្ពីរ​យោង ។ អ្នក​អាច​គិត​ពី​ការគូរ​រូបភាព​នៃ​ការពិពណ៌នា​ទាំងនេះ​នៅ​លើ​ទំព័រ​នៃ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ នៅ​ក្នុង​ប្រអប់​ខាង​ស្ដាំ សូម​សរសេរ​ការពន្យល់​សង្ខេប​ពី​របៀប​ដែល​ដំណោះស្រាយ​របស់​ព្រះអម្ចាស់​ជួយ​យើង​ជាមួយ​នឹង​គ្រោះមហន្ដរាយ​នា​ថ្ងៃ​ចុងក្រោយ ។

បទគម្ពីរ​យោង

តើ​ដំណោះស្រាយ​ដូចម្ដេច​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​សម្រាប់​គ្រោះមហន្ដរាយ​ដែល​នឹង​កើត​មាន​លើ​ផែនដី ?

តើ​ដំណោះ​ស្រាយនេះ ជួយ​យើង​ប្រឈមមុខ​នឹង​គ្រោះមហន្ដរាយ​នៃ​ថ្ងៃ​ចុង​ក្រោយ​យ៉ាងដូចម្ដេច?

គ និង ស ១:១៧

គ និង ស ១:១៨-២៣

គ និង ស ១:២៩

គ. និង ស. ១:៣០

ដើម្បី​ជួយ​អ្នក​ឲ្យ​គិត​បន្ថែម​ពី​ការប្រកាស​របស់​ព្រះអម្ចាស់​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ សូម​គូស​ចំណាំ​ពាក្យ​ក្នុង​ខគម្ពីរ​នេះ​ដោយ​ផាត់ពណ៌​លើ​សេចក្ដី​ពិត​ដែល​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត ហើយ​សកម្ម​នៅ​លើ​ផែនដី​នេះ ។

  1. journal iconសូម​ឆ្លើយ​នឹង​សំណួរ​តទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ដោយ​រំឭក​ឡើង​វិញ​ពី​អ្វី​ដែល​អ្នក​បាន​សិក្សា​កាល​ពី​មេរៀន​មុន​អំពី​ការក្បត់សាសនា​ដ៏​ធំ តើ​អ្នក​នឹង​ពន្យល់​ទៅ​កាន់​នរណា​ម្នាក់​ពី​មូលហេតុ​ដែល សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត និង​សកម្ម​នៅ​លើ​ផែនដី​នេះ​យ៉ាង​ដូចម្ដេច ?

អែលឌើរ ដាវីឌ អេ បែដណា

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​អត្ថន័យ​នៃ​ការធ្វើ​ជា​ចំណែក​មួយ​នៃ​សាសនាចក្រ « សកម្ម » ៖ « សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​នេះ គឺ​ពិត ព្រោះ​វា​ជា​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ដ្បិត​ទ្រង់​ជា ‹ ផ្លូវ ជា​សេចក្ដីពិត ហើយ​ជា​ជីវិត › ( យ៉ូហាន ១៤:៦ ) ។ ហើយ​វា​ជា​សាសនាចក្រ​ដ៏​សកម្ម​ដោយសារ​តែ​កិច្ចការ និង​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​មាន​ពរ​ម្ល៉េះ​ទេ​ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​ដែល​បព្វជិតភាព​មាន​នៅ​លើ​ផែនដី ហើយ​យើង​អាច​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ » ( Receive the Holy Ghost,” EnsignLiahona,ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៩៧ ) ។

តាម​រយៈអំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​អាច​ដឹកនាំ​សាសនាចក្រ​ទ្រង់​ដោយ​វិវរណៈ​ដែល​មិន​ចេះ​រីង​ស្ងួត ។ វិវរណៈ​ដែល​មាន​ជា​បន្តបន្ទាប់​នេះ​ជា​គំរូ​មួយ​នៃ​របៀប​ដែល​សាសនាចក្រ​គឺ​ជា​សាសនាចក្រ​សកម្ម ។

  1. journal iconសូម​ឆ្លើយ​សំណួរ​មួយ ឬ សំណួរ​ទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​សម្រាប់​អ្នក​ដើម្បី​ដឹង​ថា​អ្នក​ជា​កម្មសិទ្ធិ​នៃ​សាសនាចក្រ​ពិត ហើយ​សកម្ម​តែ​មួយ​គត់​នៅ​លើ​ផែនដី​នេះ ?

    2. តើ​អ្នក​គិត​ថា​វា​មាន​ន័យ​ដូចម្ដេច​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣០ កាល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​សាសនាចក្រ « ទាំងស្រុង ហើយ​មិនមែន​នីមួយៗ » ទេ ?

សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣១–៣៣ រួច​ផ្គូផ្គង​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​អំពើបាប និង​ការប្រែចិត្ត​ជាមួយ​នឹង​សំណួរ​សមស្រប​ក្នុង​តារាង​ខាង​ក្រោម ។

  1. តើ​ព្រះអម្ចាស់​ពុំ​អាច​ទត​មើល​អំពើបាប​យ៉ាង​ដូចម្ដេច ?

  1. ពន្លឺ និង ព្រះវិញ្ញាណ​ទ្រង់​នឹង​ត្រូវ​បាន​ដក​យក

  1. តើ​អ្នក​អាច​បាន​អត់ទោស​តាម​របៀប​ណា ?

  1. សូម្បី​តែ​បន្តិចបន្តួច

  1. តើ​មាន​អ្វី​កើតឡើង​ចំពោះ​អ្នក​ដែល​ពុំ​ប្រែចិត្ត ?

  1. ប្រែចិត្ត ហើយ​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ

គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៤–៣៩

ព្រះអម្ចាស់​ណែនាំ​យើង​ឲ្យ​ស្វែងយល់​ពី​វិវរណៈ និង​ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៤–៣៦ រួច​កត់ត្រា​ការដាស់តឿន​របស់​ព្រះអម្ចាស់​ទៅ​កាន់​មនុស្ស​ទាំងអស់​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទី​ពីរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៩ រួច​ស្វែងរក​សេចក្ដីពិត​ដែល​ព្រះអម្ចាស់​បាន​គូសបញ្ជាក់​នៅ​ចុង​បញ្ចប់​នៃ​អារម្ភកថា​របស់​ទ្រង់​ទៅ​កាន់​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៨ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ​មួយ ) ។

ប្រសិនបើ​អ្នក​ពុំ​ទាន់​បាន​ធ្វើ​ដូច្នេះ​ទេ នោះ​អ្នក​អាច​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ដែល​បង្រៀន​ពី​សេចក្ដីពិត​ដូច​តទៅ​នេះ ៖ យើង​ត្រូវ​ស្វែងយល់​ពី​ព្រះបញ្ញត្តិ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។ ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​នឹង​ត្រូវ​បាន​បំពេញ ។ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​សុទ្ធតែ​ពិត ទោះជា​ថ្លែង​ចេញ​ដោយ​ទ្រង់ ឬ​ដោយ​ពួក​អ្នក​បម្រើ​ទ្រង់​ក្ដី ។

  1. journal iconយោង​តាម​អ្វី​ដែល​អ្នក​បាន​សិក្សា​ថ្ងៃ​នេះ តើ​អ្នក​អាច​បាន​ពរ​យ៉ាង​ដូចម្ដេច ប្រសិនបើ​អ្នក​ស្វែងយល់​ពី​ព្រះបញ្ញត្តិ និង​វិវរណៈ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ? សូម​សរសេរ​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  2. journal iconសូម​សរសេរ​គោលដៅ​មួយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​សិក្សា​ពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ជារៀងរាល់ថ្ងៃ​អំឡុង​ពេល​ឆ្នាំ​សិក្សា ។ សូម​ពិចារណា​ពី​ពេល​វេលា ទីកន្លែង និង​រយៈពេល ឬ ចំនួន​ទំព័រ​ដែល​អ្នក​នឹង​សិក្សា​ជា​រៀង​រាល់​ថ្ងៃ ជា​ចំណែក​ក្នុង​គោលដៅ​របស់​អ្នក ។

scripture mastery icon
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧–៣៨

ដើម្បី​ជួយ​អ្នក​ឲ្យ​ទន្ទេញ គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧ សូម​សរសេរ​តួ​អក្សរ​ដំបូង​គេ​នៃ​ពាក្យ​នីមួយៗ​នៅ​លើ​ក្រដាស​មួយ​សន្លឹក ។ សូត្រ គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៧ ( ដោយ​ប្រើ​ព្រះគម្ពីរ​របស់​អ្នក​ប្រសិនបើ​ចាំបាច់ ) ដរាប​ដល់​អ្នក​អាច​សូត្រ​ខគម្ពីរ​ទាំងស្រុង​ដោយ​ប្រើ​តែ​តួអក្សរ​ដំបូង ។ ក្រោយ​មក​សូម​លុប ឬ​បិទ​តួ​អក្សរ​មួយ​ចំនួន ហើយ​សូត្រ​ខគម្ពីរ​ម្ដង​ទៀត ។ សូម​បន្ដ​ដំណើរការ​នេះ រហូតដល់​តួ​អក្សរ​ទាំងអស់​ត្រូវបាន​លុបចេញ ហើយ​អ្នក​អាច​ទន្ទេញ​ចាំ​ខគម្ពីរ​ទាំងមូល​ដោយ​ការចងចាំ ។ សូម​អនុវត្ត​ដំណើរការ​នេះ​ឡើង​វិញ​ជាមួយ​នឹង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៨ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖