ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៤ ៖ ថ្ងៃទី ៤ គោលលទ្ធិ និង សេចក្តីសញ្ញា ១១២


មេរៀន​ទី ២៤ ៖ ថ្ងៃទី ៤

គោលលទ្ធិ និង សេចក្តីសញ្ញា ១១២

សេចក្តីផ្តើម

នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ១៨៣៧ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២ ជំនួស​ឲ្យ ថូម៉ាស ប៊ី ម៉ាស ដែល​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ នៅ​ក្នុង​វិវរណៈ​នេះ ថូម៉ាស ប៊ី ម៉ាស ទទួល​បាន​ឱវាទ​អំពី​ការទទួល​ខុសត្រូវ​នៃ​ខ្លួន​គាត់​ផ្ទាល់ និង នៃ​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១-១៣

ព្រះអម្ចាស់​ប្រទាន​ឱវាទ​ផ្ទាល់ខ្លួន ថែម​ទាំង​សន្យា​ថា​នឹង​ប្រទានពរ​ដល់ ថូម៉ាស ប៊ី ម៉ាស

សូម​គិត​អំពី​គ្រា​ដែល​អ្នក​ធ្លាប់​បាន​មាន​អារម្មណ៍​ថា ខឹងសម្បា បាក់ទឹកចិត្ត ទាស់ចិត្ត ឬ ច្រណែន​និន្ទា ដែល​មក​ពី​ការ​ប្រាស្រ័យ​ជាមួយ​នឹង​អ្នក​ផ្សេងទៀត ។ សាវក​នៅ​ជំនាន់​ដំបូង ថូម៉ាស ប៊ី ម៉ាស បាន​ជួប​ប្រទះ​នឹង​ស្ថានភាព ដែល​ប្រហែល​ជា​នាំ​គាត់​ឲ្យ​ធ្លាក់​ខ្លួន​មាន​អារម្មណ៍​ស្រដៀងគ្នា​នេះ ។

នៅ​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​លោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​សាវក​ក្នុង​ឆ្នាំ ១៨៣៥ នោះ ថូម៉ាស ប៊ី ម៉ាស្ស ត្រូវបាន​តែងតាំង​ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ នា​រដូវ​ផ្ការីក​ក្នុង​ឆ្នាំ ១៨៣៧ ប្រធាន ម៉ាស្ស បាន​ដឹង​ថា សមាជិក​ម្នាក់​នៃ​ពួកសាវក​ដប់ពីរ​នាក់ គឺ​អែលឌើរ ប៉ាលី ភី ប្រាត្ត បាន​គ្រោង​ចេញ​បេសកកម្ម​ទៅ​ប្រទេស​អង់គ្លេស​ដោយ​គ្មាន​ការដឹកនាំ​ពី​ប្រធាន ម៉ាស្ស ។ ប្រធាន ម៉ាស្ស ដែល​បាន​នៅ​រដ្ឋ មីសសូរី បាន​សរសេរ​សំបុត្រ​ទៅ​អែលឌើរ ប៉ាលី ភី ប្រាត្ត និង សមាជិក​ដទៃ​ទៀត​នៃ​ពួក​ដប់ពីរ​នាក់ ហើយ​បាន​អញ្ជើញ​ពួកលោក​ឲ្យ​មក​ជួប​នឹង​ខ្លួន​នៅ​ឯ​ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ នៅ​ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៨៣៧ ដើម្បី​ឲ្យ​ពួក​លោក​អាច​រួបរួម​គ្នា​នៅ​ក្នុង​គម្រោង​សម្រាប់​បេសកកម្ម​នានា ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​មួយ​ខែ​មុន​ពេល​ការប្រជុំ​បាន​ប្រព្រឹត្ត​ឡើង មាន​សមាជិក​ពីរ​រូប​នៃ​ពួក​ដប់ពីរ​នាក់ គឺ ហ៊ីប៊ើរ ស៊ី ឃិមបឹល និង អួរសុន ហៃឌ បាន​ចេញ​ទៅ​ប្រទេស​អង់គ្លេស បន្ទាប់ពី​បាន​ទទួល​ការហៅ​បម្រើ​បេសកកម្ម​ពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ពិតប្រាកដ​ណាស់ ប្រធាន ម៉ាស្ស បាន​អន់ចិត្ត ដែល​សមាជិក​នៃ​ពួក​ដប់ពីរ​នាក់​បាន​បន្ដ​ទៅ​ផ្សព្វផ្សាយ​ដំណឹងល្អ​នៅ​ឯ​ប្រទេស​អង់គ្លេស​ដោយ​ពុំ​មាន​ការរួបរួម​នៃ​កូរ៉ុម និង ពុំ​មាន​ការយល់ព្រម​ពី​លោក ។

នៅ​ក្នុង​ស្ថានភាព​នេះ តើ​ប្រធាន ម៉ាស្ស អាច​ធ្វើ​អ្វី​ដើម្បី​ចៀសវាង​ពី​អារម្មណ៍​ខឹងសម្បា បាក់ទឹកចិត្ត ទាស់ចិត្ត ឬ ច្រណែន​និន្ទា ? តើ​អ្វី​ខ្លះ​ជា​គ្រោះថ្នាក់​នៃ​ការអនុញ្ញាត​ឲ្យ​អារម្មណ៍​បែប​នេះ​គ្រប់គ្រង​ចិត្តគំនិត និង សកម្មភាព​របស់​អ្នក​នោះ ?

ព្រិកហាំ យ៉ង់ ដែល​ជា​សមាជិក​ម្នាក់​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់​នៅ​គ្រា​នោះ បាន​និយាយ​ជាមួយ​ប្រធាន ម៉ាស្ស ឲ្យ​ទៅ​ជួប​ប្រធាន យ៉ូសែប ស៊្មីធ ។ ដើម្បី​ឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​ប្រធាន ម៉ាស្ស ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ទៅ​កាន់​ព្យាការី យ៉ូសែប ស៊្មីធ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១–៣ដោយ​ស្វែងរក​ការព្រមាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ថូម៉ាស ប៊ី ម៉ាស្ស ។ នៅ​ពេល​អ្នក​អាន វា​អាច​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ក្នុង​ការដឹង​ថា​ពាក្យ បន្ទាបខ្លួន នៅ​ក្នុង ខទី ៣ មាន​ន័យ​ថា ប្រធាន ម៉ាស្ស បាន​បន្ទាប​ខ្លួន​របស់​លោក ។ តើ​ការ​ព្រមាន​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ទៅ​ដល់​លោក ? តើ​មាន​រឿង​ល្អៗ​ណា​ខ្លះ ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ថូម៉ាស បាន​ធ្វើ ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:៤–១០ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​បន្ថែម​ទៅ​កាន់ ថូម៉ាស ប៊ី ម៉ាស្ស ហើយ​បាន​អះអាង​ដល់​គាត់​ថា គាត់​អាច​សម្រេច​បាន​កិច្ចការ​អស្ចារ្យៗ ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ ។

  1. journal iconសូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:៤-១០ ។ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​រាយ​បញ្ជី​ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ ថូម៉ាស ប៊ី ម៉ាស្ស ។ ( នៅ​ក្នុង ខទី ៥ពាក្យ ខំប្រយុទ្ធ ពុំ​មាន​ន័យ​ថា ខឹងសម្បា ឬ ជំទាស់​នោះ​ទេ ប៉ុន្តែ វា​មាន​ន័យ​ថា ធ្វើការ​ផ្សាយ​ដំណឹងល្អ​ដោយ​មាន​ចិត្ត​ឧស្សាហ៍​ព្យាយាម ) ។

សូម​បំពេញ​សេចក្ដី​ថ្លែងការណ៍ « បើសិនជា–នោះ » ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ស្វែងយល់​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១០ ៖ បើសិនជា​យើង នោះ​ព្រះអម្ចាស់​នឹង  ។ ( អ្នក​អាច​នឹង​ចង់​គូសចំណាំ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​ការបន្ទាបខ្លួន​ជួយ​យើង​ឲ្យ​ទទួលបាន​ការដឹកនាំ​ពី​ព្រះអម្ចាស់ ?

    2. តើ​នៅ​ពេល​ណា​ខ្លះ ដែល​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ត្រូវបាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់​បន្ទាប់​ពី​បាន​បន្ទាបខ្លួន ?

យ៉ូសែប ស្ម៊ីធ

នៅ​ពេល​ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នេះ​ក្នុង​ខែ កក្កដា ឆ្នាំ ១៨៣៧ សាសនាចក្រ​បាន​កំពុងតែ​ជួប​ប្រទះ​នឹង​ការបែកបាក់​សាមគ្គីភាព ការទាស់ទែងគ្នា និង ការក្បត់សាសនា ។ អំណួត និង សេចក្ដី​លោភៈ បាន​នាំ​ឲ្យ​សមាជិក​មួយ​ចំនួន​ក្នុង​សាសនាចក្រ រិះគន់​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ​បាន​សង្ស័យ​ដល់​សិទ្ធិអំណាច​របស់​លោក ។ ឧបសគ្គ​ទាំងនេះ​គឺ​ជា​លទ្ធផល​មួយ​ផ្នែក​តូច​មក​ពី​វិបត្តិ​ហិរញ្ញវត្ថុ ក្នុង​ចំណោម​ពួក​បរិសុទ្ធ​នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ ។ ដោយសារ​តែ​មាន​វិបត្តិ​សេដ្ឋកិច្ច​មួយ​ដ៏​សាកល ដែល​ក្រោយ​មក​បាន​គេ​ហៅ​ថា ភាពស្លន់ស្លោ​នៃ​ឆ្នាំ ១៨៣៧ នោះ​មាន​ធនាគារ​ជា​ច្រើន​ពាសពេញ​សហរដ្ឋ​បាន​ក្ស័យធន ។ សមាគម​សង្គម​សុវត្ថិភាព​ទីក្រុង ខឺត​ឡង់ ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ត្រូវបាន​បង្កើត​ឡើង​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ក៏​បាន​ក្ស័យធន​ផងដែរ​នា​សរទរដូវ​ក្នុង​ឆ្នាំ ១៨៣៧ ។ អ្នក​វិនិយោគ​ពីរ​រយ​នាក់​បាន​ខាត​បង់​អ្វីៗ​ស្ទើរ​តែ​ទាំងអស់ ដោយ​មាន យ៉ូសែប ស្ម៊ីធ ជួយ​ទ្រទ្រង់​ការខាតបង់​ភាគច្រើន​បំផុត ។ ទោះបីជា​សមាគម​សង្គម​សុវត្ថិភាព​ទីក្រុង ខឺតឡង់ មិន​ត្រូវបាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ក្ដី ក៏​ពួក​បរិសុទ្ធ​ខ្លះ​បាន​គិត​ថា វា​ជា​ធនាគារ​របស់​សាសនាចក្រ ឬ ធនាគារ​របស់​ព្យាការី ហើយ​បាន​បន្ទោស​ដល់ យ៉ូសែប ស្ម៊ីធ ចំពោះ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ពួកគេ ។ មនុស្ស​ខ្លះ​ថែមទាំង​ចាប់ផ្ដើម​ហៅ​លោក​ថា​ជា​ព្យាការី​បរាជ័យ ។ ប៉ុន្តែ មាន​មនុស្ស​ខ្លះ​ទៀត​បាន​បន្ត​សេចក្ដី​ជំនឿ ហើយ​នៅតែ​ស្មោះត្រង់​ចំពោះ​ព្យាការី ទោះជា​ពួកគេ​ត្រូវ​ខាតបង់​ប្រាក់កាស​ជាច្រើន​ដោយសារតែ​ការដួលរលំ​របស់​សមាគម​សង្គម​សុវត្ថិភាព​ទីក្រុង ខឺតឡង់ យ៉ាង​ណា​ក្ដី ។ ( សូមមើល Church History in the Fulness of Times Student Manual, បោះពុម្ពទី ២ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ១៧១-៧៣) ។

សមាជិក​មួយ​ចំនួន​នៃ​សាសនាចក្រ រួមបញ្ចូល​ទាំង​សមាជិក​ខ្លះ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ថែម​ទាំង​ព្យាយាម​ដោះលែង យ៉ូសែប ស្ម៊ីធ ចេញ​ពី​តំណែង​ជា​ប្រធាន​នៃ​សាសនាចក្រ​ទៀត​ផង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១១–១៣ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ឲ្យ ថូម៉ាស ប៊ី ម៉ាស្ស ធ្វើ ដើម្បី​ជួយ​សមាជិក​ដទៃ​ទៀត​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​កំពុង​តែ​មាន​រើបម្រះ​នោះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១៤-៣៤

ព្រះអម្ចាស់​បង្រៀន ថូម៉ាស ប៊ី ម៉ាស្ស អំពី​ករណីយកិច្ច​នៃ​ពួក​សាវក​ដប់ពីរ​នាក់

ប្រធាន ម៉ាស្ស កាន់​តំណែង​ដ៏​សំខាន់​មួយ ហើយ​មាន​ការទទួល​ខុសត្រូវ​ជា​ច្រើន​ដែល​បាន​ប្រទាន​ពី​ព្រះអម្ចាស់ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូចតទៅនេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្វី​ដែល​អាច​ជួយ​អ្នក​ឲ្យ​បន្ទាបខ្លួន នៅ​ពេល​អ្នក​ទទួល​បាន​ការទទួលស្គាល់ ឬ ការទទួល​ខុសត្រូវ​ដ៏​សំខាន់ៗ ?

កាល​ទ្រង់​បន្ត​រំឭក​គាត់​ឲ្យ​បន្ទាប​ខ្លួន នោះ​អម្ចាស់​បាន​ជួយ ថូម៉ាស ប៊ី ម៉ាស្ស ឲ្យ​ទទួលស្គាល់​សារៈសំខាន់​នៃ​ការទទួលខុសត្រូវ​របស់​គាត់ ក្នុង​នាម​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សូម​បំពេញ​តារាង​ខាង​ក្រោម​នេះ នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១៤–២២, ២៨–៣៣ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១២:១៤-២២, ២៨-៣៣

ឃ្លា​ទាំងឡាយ​គូសសម្គាល់​អំពី​សារៈសំខាន់​នៃ​ការទទួលខុសត្រូវ​របស់​ប្រធាន ម៉ាស្ស ៖

ឃ្លា​ទាំងឡាយ​ដែល​រំឭក ថូម៉ាស ម៉ាស្ស អំពី​តម្រូវការ​ឲ្យ​គាត់​បន្ទាបខ្លួន ៖

  1. journal iconសូម​បំពេញ​កិច្ចការ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោងតាម ខទី ១៦–១៧តើ​កូនសោ​អ្វី​ខ្លះ ដែល​ត្រូវបាន​កាន់​ដោយ​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ? សូម​គូសចំណាំ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​អំពី​គោលលទ្ធិ​ដែល​អ្នក​បាន​រៀន រួច​សរសេរ​វា​ដាក់​ទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

    2. សូម​សរសេរ​គោលការណ៍ ដែល​អ្នក​រៀន​នៅ​ក្នុង ខទី ៣០–៣២ អំពី​កូនសោ​បព្វជិតភាព ដែល​ប្រធាន ម៉ាស្ស កាន់ ។

សូម​គិត​អំពី​ការគូសចំណាំ គោលលទ្ធិ​ដូចតទៅ​នេះ​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:៣០–៣២ ៖ កូនសោ​បព្វជិតភាព​ត្រូវបាន​ស្ដារឡើងវិញ ចុងក្រោយ​បង្អស់​នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញកំណត់ ។

គ្រា​កាន់​កាប់​ត្រួត​ត្រា គឺ​ជា​អំឡុង​ពេល​ដែល​ព្រះអម្ចាស់​ត្រាស់​សម្តែង​គោលលទ្ធិ ពិធី​បរិសុទ្ធ​នានា និង បព្វជិតភាព​របស់​ទ្រង់ ។ វា​គឺ​ជា​អំឡុង​ពេល​មួយ ដែល​យ៉ាង​ហោច​ណាស់ ព្រះ​អម្ចាស់​មាន​អ្នក​បម្រើ​ម្នាក់​ដែល​មាន​សិទ្ធិអំណាច​នៅ​លើ​ផែនដី ដែល​កាន់​បព្វជិតភាព​ដ៏​បរិសុទ្ធ និង ជា​អ្នក​ដែល​មាន​នូវ​ការអនុញ្ញាត​ពី​ព្រះ​ដើម្បី​ចែកចាយ​ដំណឹង​ល្អ និង ដើម្បី​ចាត់ចែង​ពិធី​បរិសុទ្ធ​ដែល​មាន​ក្នុង​ដំណឹង​ល្អ​នោះ ។ ( សូម​មើល Bible Dictionary, « Dispensations » ) ។

សូម​ពិចារណា​សំណួរ​ដូចតទៅ​នេះ ៖ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១៥, ៣០តើ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​យ៉ាង​ដូចម្ដេច អំពី​ទំនាក់ទំនង​រវាង​ការទទួលខុសត្រូវ​របស់ ថូម៉ាស ម៉ាស្ស ក្នុង​នាម​ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង ការទទួល​ខុសត្រូវ​របស់​ព្យាការី យ៉ូសែប ស៊្មីធ ?

ថូម៉ាស ប៊ី ម៉ាស្ស បាន​មាន​ការលំបាក​ក្នុង​ការធ្វើតាម​ឱវាទ ដែល​គាត់​ទទួល​បាន​នៅ​ក្នុង​វិវរណៈ​នេះ ។

នៅ​មិន​យូរប៉ុន្មាន​បន្ទាប់​ពី​វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១២ ត្រូវបាន​ប្រទាន​ឲ្យ នោះ ថូម៉ាស ប៊ី ម៉ាស្ស បាន​ប្រាប់​ដល់ វីឡាធី ឃឹមបឹល ( ភរិយា​របស់ ហ៊ីប៊ើរ ស៊ី ឃិមបឹល ) ថា ហ៊ីប៊ើរ នឹង​ពុំ​មាន​ជោគជ័យ​នៅ​ក្នុង​បេសកកម្ម​របស់​គាត់​ឡើយ ។ ប្រាកដណាស់ ប្រធាន ម៉ាស្ស បាន​មាន​អារម្មណ៍​ថា ដោយសារតែ​ការប្រកាស​ដំណឹងល្អ​នៅ​ក្រៅ​ប្រទេស​គឺ​ជា​ការទទួលខុសត្រូវ​របស់​លោក នោះ​ចំណាប់ផ្ដើម​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស អង់គ្លេស នឹង​ពុំ​កើត​មាន​ឡើយ ដរាប​ទាល់​តែ​គាត់​បញ្ជូន​នរណា​ម្នាក់ ឬ ទៅ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ។

សូម​គិត​ថាតើ​ហេតុការណ៍​នេះ​បង្ហាញ​យ៉ាង​ដូចម្ដេច ថា​ប្រធាន ម៉ាស្ស អាច​នឹង​មាន​ការលំបាក​ក្នុង​ការបន្ទាប​ខ្លួន ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទី​មួយ បាន​ពន្យល់​អំពី​របៀប​ដែល​យើង​អាច​បន្ទាបខ្លួន​កាន់តែ​ច្រើន និង ចៀសវាង​ពី​ភាពឆ្មើងឆ្មៃ ៖

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

« ការបន្ទាបខ្លួន​ពុំ​មាន​ន័យ​ដល់​ការប្រាប់​ខ្លួងឯង​ថា​យើង​ពុំ​មាន​តម្លៃ ឥតបានការ ឬ មិន​សូវ​សំខាន់​នោះ​ទេ ។ វា​ក៏​ពុំ​មាន​ន័យ​ដល់​ការមិន​ទទួល​យក ឬ ដកហូត​ទេពកោសល្យ​នានា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​នោះ​ដែរ ។ យើង​ពុំ​អាច​រក​ឃើញ​ការបន្ទាបខ្លួន​នៅ​ក្នុង​ការរំពឹង​ដោយ​បន្ទាបបន្ថោក អំពី ខ្លួន​យើង​នោះ​ទេ ប៉ុន្តែ យើង រំពឹង​ដោយ​មិន​គិត អំពី ខ្លួនឯង ។ វា​កើតឡើង​នៅ​ពេល​យើង​ធ្វើការ​របស់​យើង ដោយ​មាន​ផ្នត់គំនិត​នៃ​ការបម្រើ​ព្រះ និង មនុស្ស​នៅ​ជុំ​វិញ​ខ្លួន ។

« ការបន្ទាបខ្លួន​ដឹកនាំ​ស្មារតី និង សេចក្ដី​ស្រឡាញ់​របស់​យើង​ទៅ​កាន់​មនុស្ស​ដទៃ និង គោលបំណង​របស់​ព្រះវរបិតាសួគ៌ ។ ភាពឆ្មើងឆ្មៃ​ប្រព្រឹត្ត​ទៅ​ផ្ទុយ​ពី​នេះ ។ ភាពឆ្មើងឆ្មៃ​ទាញយក​ថាមពល និង កម្លាំង​របស់​វា​ចេញ​ពី​ជម្រៅ​ដ៏​ជ្រៅ​នៃ​អត្តទត្ថភាព ។ « … នៅពេល​ដែល​យើង​ឈប់​ឈ្លក់វង្វេង​នឹង​ខ្លួន​យើង ហើយ​ភ្លេច​ខ្លួន​យើង​ក្នុង​ការ​បម្រើ នោះភាពអំណួត​របស់​យើង​នឹង​ថយចុះ ហើយ​ចាប់​ផ្ដើម​បាត់បង់​ទៅ » ( Pride and the Priesthood » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៥៨ ) ។

  1. journal iconសូម​ពន្យល់​ទៅ​កាន់​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់ អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការបន្ទាបខ្លួន ។ សូម​សរសេរ​ឈ្មោះ​របស់​បុគ្គល​នោះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:៣៤ដោយ​ស្វែងរក​អ្វី​ដែល ថូម៉ាស ម៉ាស្ស ត្រូវ​ធ្វើ​ដើម្បី​ទទួលបាន​ពរជ័យ​ទាំងនេះ ។

សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ យើង​ត្រូវតែ ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​សន្យា ។

ដំណើររឿង​ដូចតទៅ​នេះ សង្ខេប​អំពី​ការធ្លាក់​នៅ​ទីបំផុត​របស់ ថូម៉ាស ប៊ី ម៉ាស្ស ចេញ​ពី​សាសនាចក្រ ហើយ​ក៏​បាន​ត្រឡប់​មក​កាន់​សាសនាចក្រ​វិញ ៖

គ្រា​មួយ ប្រធាន ម៉ាស្ស បាន​ធ្វើតាម​ឱវាទ​ដែល​គាត់​ទទួល​បាន ។ គាត់​បាន​ខិតខំ​ពង្រឹង​សាសនាចក្រ ហើយ​គាំទ្រ យ៉ូសែប ស៊្មីធ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​មិន​យូរ​ប៉ុន្មាន​គាត់​បាន​ត្រឡប់​ជា​មាន​អារម្មណ៍​ជំទាស់​នឹង​របៀប​ដែល​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ទៅ​វិញ ។ អារម្មណ៍​ទាំងនេះ​បូក​ផ្សំ​ជាមួយ​នឹង​កង្វល់​អំពី​ទំនាស់​រវាង​សមាជិក​សាសនាចក្រ​ដែល​ពុំ​គោរពប្រតិបត្តិ និង ឈ្លានពាន ព្រមទាំង​អ្នក​ជិត​ខាង​របស់​ខ្លួន​នៅ​រដ្ឋ មិសសួរី ។ ក្នុង​ខែ កញ្ញា ឆ្នាំ ១៨៣៨ កាល​គាត់​ត្រូវបាន​ជុំជិត​ដោយ​គំនិត​ក្បត់សាសនា នោះ​ភរិយា​របស់​គាត់ អេលីស្សាបែត បាន​ពាក់ព័ន្ធ​នឹង​ជម្លោះ​មួយ ។ គាត់ និង ស្ត្រី​មា្នក់​ទៀត ទាំងពីរ​នាក់​គឺ​ជា​សមាជិក​សាសនាចក្រ បាន​ព្រមព្រៀង​គ្នា​ដោះដូរ​ទឹកដោះគោ​ជា​ប្រចាំ ដើម្បី​មាន​ទឹកដោះគោ​គ្រប់គ្រាន់​ក្នុង​ការធ្វើ​ឈីស ប៉ុន្តែ​បងស្រី ម៉ាស្ស បាន​ប្ដឹង​គាត់​ថា​ល្មើស​នឹង​កិច្ចព្រមព្រៀង ដោយ​បាន​ទុក​ចំណែក​ទឹកដោះគោ​ដែល​មាន​សារធាតុ​ខ្លាញ់​ទឹកដោះ​ច្រើន ។ បញ្ហា​នេះ​ត្រូវបាន​នាំ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ជា​ច្រើន​ដង ។ វា​ក៏​ត្រូវបាន​នាំ​ទៅ​ដល់ គណៈប្រធាន​ទី​មួយ​ផងដែរ ។ រាល់​ពេល​នាំ​ទៅ​ដល់​ម្ដងៗ វា​ត្រូវបាន​សម្រេច​ថា​បងស្រី ម៉ាស្ស គឺ​ជា​អ្នក​ខុស ។ ប្រធាន ម៉ាស្ស បាន​ខឹង ហើយ​ពុំ​ពេញ​ចិត្ត​នឹង​ការសម្រេច​ទាំងនេះ​ទេ ( សូម​មើល George A. Smith, “Discourse,” Deseret News ថ្ងៃ​ទី ២៦ ខែ មេសា ឆ្នាំ ១៨៥៦ ទំព័រ ៤៤ ) ។ ទោះជា​ស្ថានភាព​នេះ​ពុំ​បាន​បណ្ដាល​ឲ្យ​គាត់​ចាកចេញ​ពី​សាសនាចក្រ​ក្ដី ក៏​ស្ថានភាព​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ការខកចិត្ត​មួយ​ទៀត​ដែរ ។ គាត់​បែរ​ជា​រិះគន់​ដល់​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ ហើយ​នៅ​ទីបំផុត​បាន​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ ។ ក្រោយ​មក​គាត់​បាន​នៅ​ចាំ​ថា « ខ្ញុំ​បាន​ច្រណែន​និន្ទា​នឹង​ព្យាការី … ហើយ​បាន​មើល​រំលង​ចំណុច​ល្អ​គ្រប់​យ៉ាង ថែមទាំង​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ដើម្បី​ស្វែងរក​ចំណុច​អាក្រក់ » ( “Remarks,” Deseret News ថ្ងៃ​ទី ១៦ ខែ កញ្ញា ឆ្នាំ ១៨៥៧ ទំព័រ ២២០ ) ។

ដប់​ប្រាំបី​ឆ្នាំ​ក្រោយ​មក​បន្ទាប់​ពី​បាន​ចាកចេញ​ពី​សាសនាចក្រ ថូម៉ាស ម៉ាស្ស បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ដោយ​រាបសា​ទៅ​កាន់ ហ៊ីប៊ើរ ស៊ី ឃិមបឹល ដោយ​បាន​សុំ​ការអភ័យទោស និង ការអនុញ្ញាត​ឲ្យ​ចូល​សាសនាចក្រ​វិញ ។ គាត់​បាន​រៀបរាប់​អំពី​អ្វី ដែល​គាត់​បាន​រៀន​ពី​កំហុស​របស់​គាត់ ៖ « ព្រះអម្ចាស់​អាច​បន្ត​ទៅ​មុខ​បាន​យ៉ាង​ល្អ​ដោយ​គ្មាន​រូប​ខ្ញុំ ហើយ​ទ្រង់​ពុំ​បាន​ខាតបង់​អ្វី​បន្តិច​ដោយសារតែ​ការធ្លាក់​របស់​ខ្ញុំ​ចេញ​ពី​សាសនាចក្រ​នោះ​ទេ ប៉ុន្តែ មើលចុះ​ខ្ញុំ​បាន​ខាតបង់​អ្វី​ខ្លះ ?! » ( Thomas B. Marsh letter to Heber C. Kimball ថ្ងៃ​ទី ៥ ខែ ឧសភា ឆ្នាំ ១៨៥៧ Brigham Young Collection, Church History Library មាន​ដកស្រង់​នៅ​ក្នុង Kay Darowski«The Faith and Fall of Thomas Marsh»Revelations in Contextថ្ងៃទី ១៩ ខែ មីនា [ឆ្នាំ ២០១៣ ] history.lds.org ) ។

  1. journal iconសូម​សង្ខេប​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ ។ សូម​ជ្រើសរើស​របៀប​មួយ ដែល​អ្នក​អាច​បន្ទាប​ខ្លួន និង មាន​ចិត្ត​ស្មោះត្រង់​កាន់តែ​ច្រើន រួច​សរសេរ​គោលដៅ​មួយ​ដើម្បី​ប្រព្រឹត្ត​តាម ។

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖