ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៧ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨-៨០


មេរៀន​ទី ១៧ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨-៨០

សេចក្ដីផ្ដើម

នៅ​ថ្ងៃ​ទី ១ ខែ មិនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​បើកសម្ដែង​ដល់ យ៉ូសែប ស៊្មីធ នូវ​វិវរណៈ​ដែល​សព្វថ្ងៃ​នេះ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨ ។ នៅ​ក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ព្យាការី​បង្កើត​សហគ្រាស​មួយ​ឡើង ( ក្រោយ​មក​ត្រូវបាន​ស្គាល់​ថា​ជា សហគ្រាស​សាមគ្គីភាព ) ដើម្បី​គ្រប់គ្រង​លើ​ឃ្លាំង និង ការងារ​រោងពុម្ព​របស់​សាសនាចក្រ ។ ព្រះអម្ចាស់​ក៏​បាន​ពិពណ៌នា​ផងដែរ​អំពី​ពរជ័យ ដែល​ពួក​បរិសុទ្ធ​នឹង​ទទួល​បាន បើ​ពួកគេ​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ ដែល​ត្រូវ​បង្កើត​សហគ្រាស​នេះ​ឡើង ។ នៅ​ក្នុង​ការប្រឹងប្រែង​ដើម្បី​ការពារ​កិច្ចការ​ដែល​ធ្វើ​ឡើង​ដោយ​សាសនាចក្រ​ពី​ពួក​សត្រូវ ភាសា​មួយ​ចំនួន​នៃ​វិវរណៈ​នេះ​ត្រូវបាន​កែប្រែ នៅ​ពេល​វា​ត្រូវបាន​បោះពុម្ព​ជា​លើក​ទី​មួយ​ក្នុង​ឆ្នាំ ១៨៣៥ នៃ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ ឧទាហរណ៍ ពាក្យ សហគ្រាស ត្រូវបាន​កែប្រែ​ទៅ​ជា របៀប ( សូម​មើល គ. និង ស. ៧៨:៤ ) ។

នៅ​ប្រហែល​ជា​ពេល​តែ​មួយ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ យ៉ូសែប ស្ម៊ីធ បង្កើត​សហគ្រាស​សាមគ្គីភាព​ឡើង​នោះ​ហើយ ដែល​ទ្រង់​បាន​ប្រទាន​វិវរណៈ​ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៩–៨០ ។ នៅ​ក្នុង​វិវរណៈ​ទាំងនេះ ព្រះអម្ចាស់​បាន​ហៅ យ៉ារេឌ ខារតើរ, ស្ទេផាន ប៊ើរណែត, និង អេដែន ស៊្មីធ ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១-១៦

ព្រះអម្ចាស់​បញ្ជា​ឲ្យ​ព្យាការី យ៉ូសែប ស៊្មីធ បង្កើត​សហគ្រាស​សាមគ្គីភាព

ប្រាក់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​លើ​ពិភពលោក​ដែល​យើង​រស់នៅ​នេះ ហើយ​វា​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​សុចរិត និង ទុច្ចរិត ។ នៅ​ក្នុង​ចន្លោះ​ខាង​ក្រោម​នេះ សូម​ធ្វើ​បញ្ជី​នៃ​របៀប​មួយ​ចំនួន ដែល​ប្រាក់​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​សុចរិត និង មួយ​ចំនួន​ទៀត​អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង​ទុច្ចរិត ។

គោលបំណង​សុចរិត

គោលបំណង​ទុច្ចរិត

ធុង​ទឹក និង ការុង​ស្រូវ

ក្នុង​ខែ ឧសភា ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​បញ្ជា​ថា ឃ្លាំង​ត្រូវតែ​បាន​សាងសង់​ឡើង ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ និង ប្រាក់កាស​បន្ថែម​សម្រាប់​ជំនួយ​ដល់​មនុស្ស​ទាល់ក្រ ( សូម​មើល គ. និង ស. ៥១ ) ។ សាសនាចក្រ​ក៏​ត្រូវការ​មូលនិធិ​ដើម្បី​ទិញ​ដី និង ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​ដល់​ការបោះពុម្ព​វិវរណៈ ដែល​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​ផងដែរ ។ អង្គការ​បី​ផ្សេង​គ្នា​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ទាញ​យក​មូលនិធិ​ទាំងនេះ ៖ (១) ផ្សារ​របស់ នូវល ខេ វិតនី នៅ​ទីក្រុង ខឺត​ឡង់ រដ្ឋ អូហៃអូ (២) ផ្សារ​ដែល​បើក​ដោយ ស៊ីឌនី គិលបឺត នៅ​រដ្ឋ មិសសួរី និង (៣) សហគ្រាស​អក្ខរកម្ម ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​មើល​ការខុសត្រូវ​លើ​ការបោះពុម្ព​ទាំងឡាយ​របស់​សាសនាចក្រ ។ សេចក្ដី​ណែនាំ​របស់​ព្រះអម្ចាស់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:៣ បាន​នាំ​ទៅ​ដល់​ការបញ្ចូល​អង្គការ​ទាំងបី​នេះ​ទៅ​ជា​អង្គការ​តែ​មួយ ។ អង្គការ​ថ្មី​នឹង​ត្រូវបាន​ហៅ​ថា សហគ្រាស​សាមគ្គីភាព ដោយ​មាន យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន, នូវល ខេ វិតនី, អែតវឺត ប៉ាទ្រិច, ស៊ីឌនី គិលបឺត, អូលីវើរ ខៅឌើរី, យ៉ូហាន វិតមើរ, វិលលាម ដ័បបុលយូ ហ្វែប្ស និង ម៉ាទិន ហារីស ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨ពាក្យ របៀប សំដៅ​ទៅ​លើ​សហគ្រាស​សាមគ្គីភាព ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:៣-៤ដោយ​ស្វែងរក​ថាតើ សហគ្រាស ឬ របៀប​មួយ​នេះ នឹង​អនុញ្ញាត​ឲ្យ​ពួក​បរិសុទ្ធ​ធ្វើ​អ្វី​ខ្លះ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:៤តើ​សម្រាប់​បុព្វហេតុ​អ្វី ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​បង្កើន​តាមរយៈ​សហគ្រាស​សាមគ្គីភាព​នេះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:៥–៦ដោយ​ស្វែងរក​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​បរិសុទ្ធ​ជួយ « មនុស្ស​ទាល់ក្រ​ក្នុង​រាស្ត្រ [ របស់​ទ្រង់ ] » ( គ. និង ស. ៧៨:៣ ) ។

ដូច​បាន​លើកឡើង​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ អ្វីៗ​ខាង​ស្ថានសួគ៌​រួមមាន​ពរជ័យ​នៃ​លក្ខណៈ​ដ៏​អស់កល្ប​ជានិច្ច មាន​ដូចជា ចំណេះដឹង ទីបន្ទាល់ និង ឱកាស​ដើម្បី​ទទួល​បាន​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ការសង្គ្រោះ ។

វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា ការមាន​ភាព​ស្មើគ្នា​នៃ​អ្វីៗ​ខាង​ផែនដី ពុំ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា មនុស្ស​គ្រប់​រូប​នឹង​មាន​ទ្រព្យសម្បត្តិ​ស្មើគ្នា​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​គឺ​ថា គ្រប់​ក្រុម​គ្រួសារ​នឹង​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​ដល់​សេចក្ដី​ត្រូវការ និង សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន ដោយ​ផ្អែក​ទៅ​លើ​កាលៈទេសៈ​ផ្ទាល់​ខ្លួន ។

  1. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពីរ​បី​ប្រយោគ​ដោយ​ពន្យល់​ថាតើ អ្នក​គិត​យ៉ាង​ដូចម្ដេច អំពី​ការមាន​ភាព​ស្មើគ្នា​ក្នុង​អ្វីៗ​ខាង​ផែនដី អនុញ្ញាត​ឲ្យ​យើង​មាន​ភាពស្មើគ្នា​ក្នុង​ការទទួល​អ្វីៗ​ខាង​ស្ថានសួគ៌​ដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:៧ ។ នៅ​ពេល​អ្នក​អាន សូម​ស្វែងរក​មូលហេតុ​បន្ថែម ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួកបរិសុទ្ធ​បង្កើត​សហគ្រាស​សាមគ្គីភាព​ឡើង ហើយ​មើល​ថែ​មនុស្ស​ទាល់ក្រ ។ បន្ទាប់​មក សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ៖ ការធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា រៀបចំ​យើង​សម្រាប់  ។

តើ​អ្នក​គិត​ថា ការគោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​ដើម្បី​បង្កើត​សហគ្រាស​រួបរួម​ឡើង នឹង​ជួយ​រៀបចំ​ពួក​បរិសុទ្ធ​ឲ្យ​គ្រង​កន្លែង​មួយ នៅ​ក្នុង​នគរ​សេឡេស្ទាល​យ៉ាង​ដូចម្ដេច ?

  1. journal iconសូម​ធ្វើ​បញ្ជី​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ព្រះបញ្ញត្តិ​ច្រើន​តាម​ដែល​អ្នក​អាច​រក​បាន​នៅ​ក្នុង​ពេល​មួយ​នាទី ។ បន្ទាប់​មក សូម​ជ្រើសរើស​ព្រះបញ្ញត្តិ​មួយ​ដែល​អ្នក​បាន​រាយ​ក្នុង​បញ្ជី​នោះ ហើយ​សរសេរ​ពីរ​បី​ប្រយោគ​ពន្យល់​អំពី​របៀប ដែល​ការគោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នោះ អាច​ជួយ​រៀបចំ​អ្នក​ឲ្យ​ទទួល​បាន​កន្លែង​មួយ​នៅ​ក្នុង​នគរ​សេឡេស្ទាល ។

អែលឌើរ ដាល្លិន អេក អូក

នៅ​ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ដូចតទៅ​នេះ​ដោយ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​ពិចារណា​អំពី​មូលហេតុ ដែល​វា​សំខាន់​ត្រូវ​យល់​អំពី​គោលបំណង​របស់​ព្រះអម្ចាស់​ក្នុង​ការប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ៖ « សេចក្ដីជំនុំជម្រះ​ចុងក្រោយ​បំផុត ពុំ​គ្រាន់តែ​ជា​ការវាយតម្លៃ​លើ​ការទូទាត់​សរុប​នៃ​ទង្វើ​ល្អ និង អាក្រក់— ដែល​ជា​អ្វី​យើង​បាន ប្រព្រឹត្តនោះ​ទេ ។ វា​ជា​ការ​ទទួល​ស្គាល់​មួយ​អំពី​ឥទ្ធិពល​នៃ​ទង្វើ និង គំនិត​របស់​យើង​នៅចុង​បំផុត—ជា​អ្វី​ដែល​យើង​បានប្រែក្លាយ ។ វា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​នរណា​ម្នាក់ ដែល​គ្រាន់​តែ​ធ្វើ​អ្វី​មួយ​ដោយ​គ្មាន​ការ​គិត​ពិចារណា​អំពី​វា​នោះ ។ ព្រះបញ្ញត្តិ ពិធីបរិសុទ្ធ និង សេចក្តី​សញ្ញា​ទំាងឡាយ នៃ​ដំណឹង​ល្អ គឺ​មិនមែន​ជា​បញ្ជី​នៃ​ការ​ដាក់​ប្រាក់ ដែល​តម្រូវ​ឲ្យ​ដាក់​នៅ​ក្នុង​គណនី​សួគ៌ា​មួយ​ចំនួន​នោះ​ទេ ។ ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា​ផែនការ​មួយ​ដែល​បង្ហាញ​យើង​ពី​របៀប​ដើម្បី​ប្រែក្លាយ​ជា​អ្វី​ដែល​ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ » (The Challenge to Become, » Ensign, ខែ​វិច្ឆិកា ឆ្នាំ ២០០០, ទំព័រ ៣២)។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់​អំពី​គោលបំណង​របស់​ព្រះអម្ចាស់​ក្នុង​ការប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ជួយ​យើង​ឲ្យ​គោរពប្រតិបត្តិ​ទ្រង់​ដោយ​ភាពស្មោះត្រង់កាន់តែ​ធំធេង​យ៉ាង​ដូចម្ដេច ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:៨-៩ដោយ​ស្វែងរក​ឈ្មោះ​នៃ​អ្នក​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ចាត់តាំង​ឲ្យ​បង្កើត​សហគ្រាស​សាមគ្គីភាព​ឡើង ។

សូម​កត់ចំណាំ​នៅ​ក្នុង ខទី ៩ ថា ព្រះអម្ចាស់​បាន​បញ្ជា​បុរស​ទាំងនេះ ឲ្យ​អង្គុយ​ប្រឹក្សា​ជាមួយ​ពួកបរិសុទ្ធ​នៅ​ក្រុង​ស៊ីយ៉ូន មាន​ន័យ​ថា សមាជិក​សាសនាចក្រ​នៅ​ទីក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ ដើម្បី​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នេះ យ៉ូសែប ស៊្មីធ, នូវល ខេ វិតនី និង ស៊ីឌនី រិកដុន ត្រូវ​ធ្វើ​ដំណើរ​ជិត ១,៦០០ គីឡូម៉ែត្រ ( ទៅ ឬ មក ) រវាង​ភូមិ​ហៃរាំ រដ្ឋ អូហៃអូ និង ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ ក្នុង​ខែ មេសា ឆ្នាំ ១៨៣២ គឺ​តិច​ជាង​មួយ​ខែ​បន្ទាប់​ពី​វិវរណៈ​នេះ​ត្រូវបាន​ទទួល បុរស​ទាំង​បី​រូប​នេះ​បាន​គោរពប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នេះ ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ មិសសួរី ។

តើ​ការប្រព្រឹត្ត​របស់​ពួក​គាត់ បង្រៀន​អ្នក​អំពី​សេចក្ដី​ជំនឿ និង ការគោរពប្រតិបត្តិ​ចំពោះ​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដូចម្ដេច​ខ្លះ ?

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ពួកគាត់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋ មិសសួរី បុរស​ទាំង​បី​រូប​នេះ បាន​ប្រជុំ​ក្រុម​ប្រឹក្សា​មួយ​ដែល​ពួកគាត់​បាន​បង្កើត​សហគ្រាស​សាមគ្គីភាព ឲ្យ​ស្រប​ទៅ​តាម​ការបង្គាប់​បញ្ជា​នៅ​ក្នុង​វិវរណៈ​នោះ ។ កម្រៃ​ដែល​ទទួល​បាន​ពី​ការងារ​នៃ​សហគ្រាស​នេះ ត្រូវបាន​ទុក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​មើលថែ​មនុស្ស​ទាល់ក្រ និង ដើម្បី​ធ្វើ​ហិរញ្ញប្បទាន​ដល់​សេចក្ដីត្រូវការ​ទាំងឡាយ​នៃ​សាសនាចក្រ ។

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១០–១៦ព្រះអម្ចាស់​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​សហគ្រា​សាមគ្គីភាព​នេះ ។ ទ្រង់​បាន​ពន្យល់​ថា បើ​ពួក​បរិសុទ្ធ​ធ្វើតាម​សេចក្ដី​ណែនាំ​របស់​ទ្រង់ នោះ​ពួកគេ​នឹង​មាន​ជំនួយ​មក​ពី​ទ្រង់​ក្នុង​ការបំពេញ​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ រី​ឯ​សាសនាចក្រ​នឹង​អាច​ឈរ​ឡើង​ដោយ​ឯករាជ្យ​ពី​ស្ថាប័ន​លោកិយ​ដទៃ​ទៀត ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៧-២២

ព្រះអម្ចាស់​ពិពណ៌នា​អំពី​ពរជ័យ ដែល​មាន​ដល់​ពួក​អ្នក​ដែល​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់

សូម​គិត​អំពី​អំណោយទាន ឬ ពរជ័យ​មួយ​ចំនួន ដែល​អ្នក​ទទួលបាន​កាល​អ្នក​នៅ​ក្មេង​ជាង​នេះ ហើយ​ជា​ពរជ័យ​ដែល​អ្នក​មាន​អំណរគុណ​កាន់តែ​ខ្លាំង​នា​ពេល​ឥឡូវ​នេះ​ដែល​អ្នក​ចម្រើន​វ័យ​ឡើង ។ ហេតុអ្វី​បាន​ជា​អ្នក​មាន​អំណរគុណ​កាន់តែ​ខ្លាំង​នា​ពេល​ឥឡូវ​នេះ ចំពោះ​អំណោយទាន ឬ ពរជ័យ​ទាំងនេះ ? សូម​គិត​អំពី​របៀប​ដែល​ការណ៍​នេះ អាច​ទាក់ទង​ទៅ​នឹង​ពរជ័យ​ទាំងឡាយ ដែល​ព្រះវរបិតាសួគ៌​បាន​បម្រុង​ទុក​សម្រាប់​យើង ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៧-១៨រួច​រក​មើល​ថាតើ ពួកបរិសុទ្ធ​មាន​លក្ខណៈ​ដូចជា​កូន​ក្មេង​តូចៗ​យ៉ាង​ដូចម្ដេច ។ អ្នក​អាច​នឹង​ចង់​ពិចារណា​អំពី ការដាក់​ឈ្មោះ​របស់​អ្នក​ជំនួស​ឲ្យ​សព្វនាម អ្នក, អ្នក​រាល់​គ្នា និង របស់​ផង​អ្នក​រាល់​គ្នា ដើម្បី​ជួយ​អ្នក​ឲ្យ​ប្រើប្រាស់​ខគម្ពីរ​ទាំងនេះ​ទៅ​នឹង​ខ្លួន​របស់​អ្នក​ផ្ទាល់ ) ។

ព្រះគ្រីស្ទ និង កូនចៀម

សូម​ពិចារណា​អំពី​របៀប​ដែល​ការដឹង​ថា​ព្រះអម្ចាស់ « នឹង​ដឹកនាំ [ យើង​រាល់​គ្នា ] » ( គ. និង ស. ៧៨:១៨ ) អាច​ជួយ​ឲ្យ​យើង​មាន​សង្ឃឹម​ឡើង ទោះ​ជា​យើង​ពុំ​អាច​យល់ ឬ ទ្រាំទ្រ​ការណ៍​ទាំងអស់​បាន​យ៉ាង​ណា​ក៏​ដោយ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៩ដោយ​ស្វែងរក​ឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ ។ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:១៩ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​វា​នៅ​ក្នុង​របៀប​មួយ​ដែល​ងាយស្រួល​រក​ឃើញ ) ។

សូម​បញ្ចប់​គោលការណ៍​ដូចតទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ស្វែងយល់​ចេញ​ពី ខទី ១៩ ៖ បើ​យើង នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង​កាន់តែ​ច្រើន ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​អាច​ទទួលបាន​អ្វី​គ្រប់​យ៉ាង​ដោយ​មាន​អំណរគុណ​កាន់តែ​ពេញលេញ បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​ការជ្រើសរើស​ដើម្បី​ទទួល​បាន​អ្វី​គ្រប់​យ៉ាង​ដោយ​មាន​អំណរគុណ អាច​ជួយ​អ្នក​ឲ្យ​មាន​សង្ឃឹម​ឡើង​បាន​យ៉ាង​ដូចម្ដេច ?

scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—គ. និង ស. ៧៨:១៩

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​សុន្ទរកថា​មួយ ប្រមាណ​ពីរ​នាទី ដោយ​ផ្អែក​លើ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:១៩ ។ នៅ​ក្នុង​សុន្ទរកថា​របស់​អ្នក សូម​ប្រាកដ​ថា​អ្នក​បញ្ចូល​ចំណុច​ដូចតទៅ​នេះ ៖ (១) ព័ត៌មាន​អំពី​ជីវប្រវត្តិ ដែល​ទាក់ទង​នឹង​វគ្គ​បទគម្ពីរ​នេះ (២) គោលការណ៍​ដែល​វគ្គ​បទគម្ពីរ​នេះ​បង្រៀន និង (៣) បទពិសោធន៍​ផ្ទាល់ខ្លួន​មួយ ដែល​បង្ហាញ​អំពី​សេចក្ដីពិត​ដែល​វគ្គ​បទគម្ពីរ​នេះ​បង្រៀន ។ នៅ​ពេល​អ្នក​បញ្ចប់​ការសរសេរ​សុន្ទរកថា​នេះ​ហើយ សូម​ចែកចាយ​ជាមួយ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ ។ គ្រូ​បង្រៀន​របស់​អ្នក ក៏​អាច​នឹង​អញ្ជើញ​អ្នក​ឲ្យ​ថ្លែង​សុន្ទរកថា​របស់​អ្នក​នៅ​ក្នុង​ថ្នាក់​រៀន​ដែរ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:២០-២២ដោយ​ស្វែងរក​ឱវាទ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៩-៨០

យ៉ារេឌ ខារតើរ, ស្ទេផាន ប៊ើរណែត, និង អេដែន ស៊្មីធ ត្រូវបាន​ហៅ​ឲ្យ​បម្រើ​បេសកកម្ម

នៅ​ក្នុង​វិវរណៈ​ដែល​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៩ និង ៨០ព្រះអម្ចាស់​បាន​ហៅ​បុរស​បី​នាក់ ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ។ សូម​អាន​កណ្ឌ​នីមួយៗ ដោយ​ស្វែងរក​គោលការណ៍​នានា ដែល​អនុវត្ត​នៅ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​គោលការណ៍​នានា ដែល​អ្នក​បាន​រកឃើញ ដើម្បី​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​កាន់តែ​មាន​ប្រសិទ្ធភាព ជាមួយ​មនុស្ស​ដែល​អ្នក​ស្គាល់ ។

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨-៨០ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖