មេរៀនទី ១១ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៦-៧៥
បុព្វកថា
ពេញមួយប្រវត្តិសាស្ត្រ មនុស្សជាច្រើនបានមានយោបល់ខុសគ្នាអំពីការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ ។ ការណ៍នេះបានកើតឡើងយ៉ាងប្រាកដក្នុងខែ មិនា ឆ្នាំ ១៨៣១ នៅពេលវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ ត្រូវបានទទួល ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់ប្រទានសេចក្ដីពិស្ដារអំពីព្រឹត្តិការណ៍ និង ទីសម្គាល់ជាក់លាក់ទាំងឡាយ ដែលទាក់ទងទៅនឹងការយាងមកជាលើកទីពីររបស់ទ្រង់ រួមបញ្ចូលទាំងការស្ថាបនាទីក្រុង យេរ៉ូសាឡិមថ្មី ( ឬទីក្រុង ស៊ីយ៉ូន ) ។ ព្រះអម្ចាស់ក៏បានណែនាំព្យាការី យ៉ូសែប ស៊្មីធ ឲ្យចាប់ផ្ដើមបកប្រែព្រះគម្ពីរសញ្ញាថ្មី ដើម្បីត្រៀមខ្លួនពួកបរិសុទ្ធចំពោះអ្វីដែលនឹងកើតឡើង ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៦-៤៦
ព្រះអង្គសង្គ្រោះបើកសម្ដែងទីសម្គាល់ និង ព្រឹត្តិការណ៍នានា ដែលនឹងកើតឡើងពីមុនការយាងមកជាលើកទីពីររបស់ទ្រង់
តើអ្នកដឹងអំពីពេលវេលា ដែលព្យុះនឹងបោកបក់មកដល់តាមរបៀបណា ? ហេតុអ្វីបានជាវាមានសារៈសំខាន់ ដើម្បីស្គាល់អំពីទីសម្គាល់ទាំងនោះ ?
អ្នកទាំងឡាយណាដែលស្គាល់អំពីទីសម្គាល់នានានៃព្រឹត្តិការណ៍ដែលនឹងកើតឡើង អាចត្រៀមខ្លួនបានជាស្រេចចំពោះព្រឹត្តិការណ៍នោះ ។ តើទីសម្គាល់ណាខ្លះ ដែលអ្នកត្រូវស្គាល់ ដើម្បីដាស់តឿនខ្លួនឯងថា ព្រឹត្តិការណ៍ខាងក្រោមនេះកំពុងតែកើតឡើង ឬ នឹងកើតឡើង ?
-
ថ្ងៃចុងក្រោយបង្អស់
-
ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ
ដូចបានបង្ហាញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១៦មនុស្សនៅជំនាន់ដែលព្រះយេស៊ូវគ្រីស្ទបានបម្រើនៅក្នុងជីវិតរមែងស្លាប់ ក៏ដូចជាមនុស្សដែលបានរស់នៅជំនាន់របស់ យ៉ូសែប ស៊្មីធ និង ពេលសព្វថ្ងៃនេះ បានចាប់អារម្មណ៍ស្គាល់អំពីព្រឹត្តិការណ៍នានា ដែលនឹងកើតឡើងនៅពីមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ ព្រះអម្ចាស់បានពិពណ៌នាអំពីទីសម្គាល់ ដែលដាស់តឿនយើងអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនេះ ។ វគ្គបទគម្ពីរជាច្រើននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ គឺជាអ្វីដែលព្រះអម្ចាស់បានបើកសម្ដែងដល់ពួកសិស្សទ្រង់ ដែលបានរស់នៅជាមួយទ្រង់ក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ( សូមមើល ម៉ាថាយ ២៤ ) ។
-
ដើម្បីស្វែងរកទីសម្គាល់នានា ដែលព្រះអង្គសង្គ្រោះបានមានព្រះបន្ទូលថានឹងកើតឡើងនៅពីមុនការយាងមកជាលើកទីពីររបស់ទ្រង់ សូមសរសេរសេចក្ដីយោងដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក រួចសរសេរសេចក្ដីយោងនៅលើបន្ទាត់ខុសពីគ្នា ហើយទុកឲ្យមានចន្លោះដើម្បីសរសេរទីសម្គាល់នានា ៖ គ. និង ស. ៤៥:១៨–២១; គ. និង ស. ៤៥:២២–២៧; គ. និង ស. ៤៥:២៨–៣១, ៣៣; គ. និង ស. ៤៥:៤០–៤៣ ។ បន្ទាប់មក សូមអានខគម្ពីរទៅតាមសេចក្ដីយោងនីមួយៗ ដោយស្វែងរកទីសម្គាល់នានា ដែលកើតឡើងនៅពីមុនការយាងមកជាលើកទីពីរ រួចកត់ត្រាទីសម្គាល់ទាំងឡាយដាក់នៅក្បែរសេចក្ដីយោងទាំងនោះ ។ បើអ្នកជ្រើសរើសធ្វើដូច្នេះ សូមគូររូបភាពនៃអ្វីដែលអ្នកបានអាន ជំនួសឲ្យការសរសេរពីទីសម្គាល់នានា ។
ទីសម្គាល់នៃការយាងមកជាលើកទីពីរទាំងនេះមួយចំនួន បានកើតឡើងខ្លះរួចទៅហើយ ។ ឧទាហរណ៍ព្រះវិហារបរិសុទ្ធនៅយេរ៉ូសាឡិមត្រូវបានបង្ហាញដោយពួករ៉ូមក្នុងឆ្នាំ ៧០ នៃ គ.ស. ( សូមមើល គ. និង ស. ៤៥:១៨–២១) ។ ឃ្លា « ពេលវេលានៃពួកសាសន៍ដទៃ » នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:២៥ សំដៅទៅលើ ជំនាន់ដែលដំណឹងល្អត្រូវបាននាំយកទៅដល់ពួកសាសន៍ដទៃជាអាទិ៍ ឬ អ្នកទាំងឡាយមិនមែនជាខ្សែស្រឡាយពួកសាសន៍យូដា គឺជាជំនាន់ដែលយើងរស់នៅនាពេលសព្វថ្ងៃនេះ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៣៤ដោយស្វែងរកមើល ថាតើពួកសិស្សមានអារម្មណ៍យ៉ាងដូចម្ដេចនៅអំឡុងពេលការបម្រើរបស់ព្រះអង្គសង្គ្រោះ កាលទ្រង់បានមានព្រះបន្ទូលប្រាប់ពួកគេអំពីរឿងទាំងនេះ ។ តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សនាពេលសព្វថ្ងៃនេះ អាចនឹងមានអារម្មណ៍ស្រដៀងគ្នានេះ អំពីទីសម្គាល់ទាំងឡាយនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៣៨ដោយស្វែងរកការណ៍ដែលយើងនឹងដឹង នៅពេលយើងឃើញទីសម្គាល់កើតឡើង ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៣២, ៣៩ ។ នៅពេលអ្នកសិក្សាខគម្ពីរទាំងនេះ សូមស្វែងរកការណ៍ ដែលអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទនាពេលសព្វថ្ងៃនេះនឹងធ្វើ ដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់សម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមមើលទៅ ខទី ៣៩លេខយោង ក ដើម្បីរៀនពាក្យមួយទៀតគឺ « កោតខ្លាច » ។
យោងតាមអ្វីដែលអ្នកបានសិក្សា តើព្រះអម្ចាស់សន្យាយ៉ាងដូចម្ដេច ដល់អ្នកដែលឈរនៅទីបរិសុទ្ធ និង គារវភាពចំពោះទ្រង់ ? សូមបញ្ចប់គោលការណ៍នេះ ៖ បើយើងឈរនៅទីបរិសុទ្ធ ហើយទន្ទឹងរង់ចាំមើលទីសម្គាល់ នោះយើងនឹង ។
ជាញឹកញាប់ យើងគិតអំពី « ទីបរិសុទ្ធ » ថាជាទីតាំងសាសនាចក្រមានដូចជា ព្រះវិហារបរិសុទ្ធ ឬ សាលាប្រជុំ ។ នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ សូមស្វែងរករបៀបមួយផ្សេងទៀត ដែលយើងអាចឈរនៅទីបរិសុទ្ធបាន ៖
« ‹ ទីបរិសុទ្ធ › អាចមានកត្តាជាច្រើនតម្រូវឲ្យធ្វើជាមួយនឹង របៀប ដែលបុគ្គលម្នាក់រស់នៅ ជាជាង ទីកន្លែង ដែលបុគ្គលនោះរស់នៅ ។ ប្រសិនបើយើងរស់នៅដោយសា្អតស្អំដោយមានដៃគូជាព្រះវិញ្ញាណបរិសុទ្ធឥតដាច់នោះ យើងនឹងឈរនៅក្នុងទីបរិសុទ្ធមួយហើយ ។…
« ទីបរិសុទ្ធស្ថិតនៅគ្រប់ទីកន្លែងទាំងអស់ ជាទីដែលបុគ្គលម្នាក់រីករាយនឹងព្រះវិញ្ញាណនៃព្រះ » (គោលលទ្ធិ និង សេចក្តីសញ្ញា សៀវភៅសិក្សារបស់សិស្សការបោះពុម្ពជាលើកទី ២ [ សៀវភៅសិក្សារបស់ប្រព័ន្ធអប់រំសាសនាចក្រ ឆ្នាំ ២០០១ ] ទំព័រ ១៩៦) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើយើងអាចរស់នៅក្នុងលោកិយនាពេលសព្វថ្ងៃនេះ ហើយនៅតែអាចឈរនៅទីបរិសុទ្ធបានយ៉ាងដូចម្ដេច ?
-
តើអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ កោតខ្លាច ឬ គោរពតាមទ្រង់នៅលើមូលដ្ឋានគ្រឹះជាប្រចាំយ៉ាងដូចម្ដេច ? សូមពិពណ៌នាអំពីបុគ្គលម្នាក់ដែលអ្នកស្គាល់ ជាអ្នកដែលប្រព្រឹត្តការណ៍នេះ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៧-៥៩
ព្រះអង្គសង្គ្រោះបើកសម្ដែងទីសម្គាល់ និង រឿងអច្ឆរិយជាច្រើន ដែលនឹងជាផ្នែកនៃការបង្ហាញព្រះកាយទ្រង់ទៅដល់ពួកសាសន៍យូដា
នៅពេលព្រះយេស៊ូវគ្រីស្ទយាងត្រឡប់មកវិញ ទ្រង់នឹងបង្ហាញព្រះកាយទៅដល់ក្រុមមនុស្សដ៏ជាក់លាក់ ។ លំដាប់នោះ ទ្រង់នឹងបង្ហាញព្រះកាយក្នុងព្រះចេស្ដា អានុភាព និង សិរីល្អដ៏មហស្ចារ្យ ជារបៀបដែលមនុស្សលោកទាំងអស់នឹងបានឃើញទ្រង់ ។ អំឡុងពេលនៃការបង្ហាញព្រះកាយរបស់ទ្រង់ នោះទ្រង់នឹងឈរលើភ្នំអូលីវ នៅទីក្រុង យេរ៉ូសាឡិម ទន្ទឹមនឹងពេលពួកសាសន៍យូដាត្រូវបានគេជិះជាន់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៤៨ដោយស្វែងរកអ្វីដែលនឹងកើតឡើងនៅលើភ្នំនេះ រួមទាំងផែនដី កាលព្រះអង្គសង្គ្រោះឈរនៅលើនោះ ។
សូមបំពេញតារាងខាងក្រោម ដោយអានខគម្ពីរទាំងឡាយ រួចឆ្លើយនឹងសំណួរដោយប្រើពាក្យពេចន៍របស់អ្នកផ្ទាល់ ៖
គ. និង ស. ៤៥:៤៩–៥០ ៖ តើនឹងមានអ្វីកើតឡើងចំពោះសាសន៍ទាំងឡាយនៃផែនដី នៅគ្រានៃការយាងមកជាលើកទីពីរ ? |
គ. និង ស. ៤៥:៥១–៥៣ ៖ ហេតុអ្វីបានជាពួកសាសន៍យូដានឹងយំ នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញ ? |
---|---|
ប្រសិនបើអ្នកពុំស្គាល់រឿងប្រដូចនៃស្ត្រីព្រហ្មចារិយទាំងដប់នាក់ទេនោះ សូមអាន ម៉ាថាយ ២៥:១–១៣ ។ តើស្ត្រីព្រហ្មចារិយប្រាំនាក់មានគំនិតដោយរបៀបណា ? សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៥៦-៥៧រួចស្វែងរករបៀបដែលយើងអាចមានគំនិតត្រៀមខ្លួន សម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ សូមគិតពីការគូសចំណាំអ្វីដែលអ្នករកឃើញ ។
សូមសរសេរគោលការណ៍ « បើ–នោះ » ដោយពន្យល់អំពីអ្វី ដែលយើងត្រូវតែធ្វើ ដើម្បីមានគំនិត ហើយត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទីពីរ ៖
អែលឌើរ ដាល្លិន អេក អូក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍អំពីរឿងប្រដូចនេះ និង អំពីអ្វីដែលជាតំណាងឲ្យស្ត្រីព្រហ្មចារិយទាំងដប់នាក់នោះថា ៖ « ចំណោទនៃរឿងប្រដូចនេះ គួរឲ្យភ័យខ្លាច ។ ស្ត្រីព្រហ្មចារិយទាំងដប់នាក់ តំណាងឲ្យសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ដ្បិតសមាជិកទាំងអស់គ្នាត្រូវបានអញ្ជើញឲ្យទទួលភោជនាអាហារ ហើយសមាជិកទាំងអស់គ្នាបានដឹងហើយថា ត្រូវបានអនុញ្ញាតឲ្យចូលទៅ នៅពេលកូនកម្លោះបានមកដល់ ។ ប៉ុន្តែមានតែសមាជិកពាក់កណ្ដាលប៉ុណ្ណោះ ដែលត្រៀមខ្លួនជាស្រេចនៅពេលកូនកម្លោះបានមកដល់នោះ » ( Preparation for the Second Coming, » Ensignឬ Liahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានប្រើរឿងប្រដូចនៃស្ត្រីព្រហ្មចារិយទាំងដប់នាក់ ដើម្បីបង្រៀនអំពីរបៀបដែលយើងអាចត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះថា ៖
« ខ្ញុំជឿថា ស្ត្រីព្រហ្មចារិយទាំងដប់នាក់ តំណាងឲ្យសមាជិកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ហើយមិនមែនជាមនុស្សទាំងអស់នៅលើផែនដីនេះនោះទេ ។ ស្ត្រីព្រហ្មចារិយទាំងអស់ ទាំងមានគំនិត និង អត់គំនិត ទទួលបានការអញ្ជើញឲ្យទៅទទួលភោជនាអាហារពីធីមង្គលការ ដូច្នេះពួកគេបានដឹងអំពីរបៀបវារៈកម្មវិធី ហើយត្រូវបានដាស់តឿនអំពីទិវាដ៏មានសារៈសំខាន់ដែលនឹងមកដល់នោះ ។…
« ពេលកណ្ដាលអធ្រាត្របានមកដល់ ! ជាក់ស្ដែងនៅពេលកណ្ដាលអធ្រាត្រ កាលពុំបានគិតស្មានដល់សោះ នោះកូនកម្លោះក៏បានមកដល់ ។ នៅពេលលោកិយពោរពេញទៅដោយសេចក្តីទុក្ខសោក និង ត្រូវការជំនួយ ប៉ុន្តែ ហាក់បីដូចជាគ្រានោះត្រូវតែកន្លងហួសទៅ ចំណែកឯសេចក្ដីសង្ឃឹមត្រូវរលាយបាត់បង់ លំដាប់នោះ ព្រះគ្រីស្ទនឹងយាងមក ។ ពេលកណ្ដាលអធ្រាត្រនៃជីវិត គឺជាគ្រាដែលស្ថានសួគ៌ប្រទានសេចក្ដីអំណរដល់មនុស្សកាលពួកគេកំពុងជួបប្រទះនឹងសេចក្ដីទុក្ខព្រួយ ។ ប៉ុន្តែ កាលវេលានោះបានមកដល់ ពួកគេពុំមានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនឡើយ ។…
« ស្ត្រីព្រហ្មចារិយអត់គំនិតបានសុំស្ត្រីដទៃទៀតឲ្យចែកប្រេងដល់ខ្លួន ប៉ុន្តែ ការត្រៀមខ្លួនជាស្រេចខាងវិញ្ញាណពុំអាចចែកចាយឲ្យបានមួយរំពេចនោះទេ ។ ស្ត្រីព្រហ្មចារិយមានគំនិតបានចេញទៅ បើមិនដូច្នោះទេកូនកម្លោះនឹងពុំមាននរណាមកទទួលឡើយ ។ ពួកគេត្រូវការប្រេងរបស់គេបម្រុងសម្រាប់ខ្លួនគេផ្ទាល់ ដូច្នេះ ពួកគេពុំអាចទុកសម្រាប់ស្ត្រីព្រហ្មចារិយអត់គំនិតបានឡើយ ។ ការទទួលខុសត្រូវបានធ្លាក់ទៅលើខ្លួនគេម្នាក់ៗ ។
« ទង្វើបែបនេះពុំមែនជាអត្តទត្ថភាព ឬ ការមិនមានសណ្ដានចិត្តនោះទេ ។ ប្រេងដែលយើងត្រូវការដើម្បីស្វែងរកការដឹកនាំ និង បង្កើនចំណេះដឹង មិនអាចចែកចាយបានឡើយ ។ តើយើងអាចចែកចាយការគោរពប្រតិបត្តិចំពោះគោលការណ៍នៃដង្វាយមួយភាគក្នុងដប់ សេចក្ដីរម្ងាប់ទុក្ខដែលកើតចេញពីការរស់នៅដោយសុចរិតភាព ឬ ចែកចាយភាពរីកចម្រើននៃចំណេះដឹង បានយ៉ាងដូចម្ដេចទៅ ? តើបុគ្គលម្នាក់អាចចែកចាយសេចក្ដីជំនឿ ឬ ទីបន្ទាល់បានយ៉ាងដូចម្ដេចទៅ ? តើបុគ្គលម្នាក់អាចចែកចាយឥរិយាបថ ឬ បរិសុទ្ធភាព ឬ ចែកចាយបទពិសោធន៍ក្នុងបេសកកម្ម បានយ៉ាងដូចម្ដេចទៅ ? តើបុគ្គលម្នាក់អាចចែកចាយអាទិភាព ដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធបានយ៉ាងដូចម្ដេចទៅ ? បុគ្គលម្នាក់ៗត្រូវតែមានប្រេងនោះផ្ទាល់ខ្លួន ។
« ស្ត្រីព្រហ្មចារិយអត់គំនិត ពុំបានផ្ដោតអារម្មណ៍ទៅលើការទិញប្រេងនោះទេ ។ ពួកគេដឹងថា ពួកគេគួរតែមានប្រេង ។ ពួកគេបានពន្យារពេលឲ្យកន្លងហួសទៅធម្មតា ដោយពុំបានដឹងអំពីពេលវេលាដែលកូនកម្លោះនឹងមកដល់ឡើយ ។
« ក្នុងរឿងប្រដូចនោះ ប្រេងអាចរកទិញបាននៅឯផ្សារ ។ នៅក្នុងជីវិតយើង ប្រេងនៃការត្រៀមខ្លួនជាស្រេច ស្រក់មកមួយតំណក់ម្ដងៗតាមរយៈការរស់នៅដោយសុចរិត ។ ការចូលរួមក្នុងការប្រជុំសាក្រាម៉ង់ បន្ថែមប្រេងទៅក្នុងចង្កៀងរបស់យើង មួយតំណក់ម្ដងៗអស់ជាច្រើនឆ្នាំ ។ ការតមអាហារ ការអធិស្ឋានជាគ្រួសារ ការបង្រៀនតាមផ្ទះ ការគ្រប់គ្រងលើចំណង់ខាងសាច់ឈាម ការផ្សាយដំណឹងល្អ ការសិក្សាព្រះគម្ពីរ-- ទង្វើនៃការលះបង់នីមួយៗ និង ការគោរពប្រតិបត្តិ គឺជាដំណក់ប្រេងដែលបានស្រក់បន្ថែមទៅក្នុងដបប្រេងរបស់យើង ។ ទង្វើនៃការមានសណ្ដានចិត្តល្អ ការថ្វាយដង្វាយផ្សេងៗ និង ដង្វាយមួយភាគក្នុងដប់ គំនិត និង ទង្វើបរិសុទ្ធ អាពាហ៍ពិពាហ៍ក្នុងសេចក្ដីសញ្ញាសម្រាប់ភាពដ៏នៅអស់កល្បជានិច្ច—ការណ៍ទាំងនេះរួមចំណែកយ៉ាងសំខាន់ផងដែរដល់កំណក់ប្រេង ដែលយើងអាចចាក់ចូលទៅក្នុងចង្កៀងរបស់យើង ដែលជិតរលត់ទៅហើយនោះនៅពាក់កណ្ដាលអធ្រាត្រ » ( Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ២៥៣–៥៦ ) ។
-
សូមសូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច តាមរយៈការទទួលយកសេចក្ដីពិត និង ការយកព្រះវិញ្ញាណបរិសុទ្ធធ្វើជាអង្គដឹកនាំ ?
ប្រធាន ប៊យដ៏ ឃេ ផាកកឺ ប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់ អំពីសារៈសំខាន់នៃការមានព្រះវិញ្ញាណគង់នៅជាមួយក្នុងគ្រាលំបាកថា ៖
« យើងរស់នៅក្នុងគ្រាដ៏លំបាក—ដែលជាគ្រាដ៏លំបាកពេកពន់ ។ យើងសង្ឃឹម យើងអធិស្ឋាន សូមឲ្យស្ថានភាពកាន់តែប្រសើរឡើង ។ ប៉ុន្ដែការណ៍នោះមិនកើតឡើងទាល់តែសោះ ។ ការព្យាករណ៍បានប្រាប់យើងថាដូច្នោះ ។ យើងនឹងមិនធ្វើជាមនុស្ស ក្រុមគ្រួសារ ឬ បុគ្គល ដែលរួចចាកផុតពីការសាកល្បងដែលនឹងកើតឡើងនោះទេ ។…
« យើងមិនត្រូវរស់នៅដោយភិតភ័យនឹងអនាគតឡើយ ។ យើងមានគ្រប់ហេតុផលដើម្បីបានរីករាយ និង ហេតុផលតូចបំផុតដើម្បីនឹងភិតភ័យ ។ បើយើងធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ នោះយើងនឹងមានសុខសុវត្ថិភាព ទោះជាអនាគតទៅជាយ៉ាងក៏ដោយ ។ យើងនឹងត្រូវបានបង្ហាញនូវអ្វីដែលត្រូវធ្វើ » ( «The Cloven Tongues of Fire, » Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦០-៦១
ព្រះអម្ចាស់ណែនាំព្យាការី យ៉ូសែប ស៊្មីធ ឲ្យចាប់ផ្ដើមការបកប្រែរបស់លោកលើព្រះគម្ពីរសញ្ញាថ្មី
សូមអាន ឬ ដកស្រង់ចេញពីមាត្រានៃសេចក្ដីជំនឿទីប្រាំបី ។ តើឃ្លា « បើសិនជាបានបកប្រែត្រឹមត្រូវ » ណែនាំយើងដូចម្ដេច អំពីព្រះគម្ពីរប៊ីប ? យ៉ូសែប ស៊្មីធ បានបើកទៅវគ្គបទគម្ពីរនៅក្នុងព្រះគម្ពីរប៊ីប នៅកាលដែលលោកបានព្យាយាម ដើម្បីឲ្យបានដឹងថាតើសាសនាចក្រមួយណាដែលត្រូវចូលរួម ។ លោកស្រឡាញ់ព្រះគម្ពីរប៊ីប ហើយបានរកឃើញការលួងលោមចិត្តចេញពីព្រះបន្ទូលនៅក្នុងនោះ ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលលោកសិក្សាអំពីវានោះ លោកបានកត់សម្គាល់ថាមានកំហុស និង ភាពផ្ទុយគ្នាទាំងឡាយ ហើយបានដឹងថា ព្រះបន្ទូលមួយចំនួនត្រូវបានដកចេញ ឬ មិនពេញលេញ ហើយលោកបានពន្យល់ថា « វាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ចំណុចសំខាន់ជាច្រើនទាក់ទងនឹងសេចក្ដីសង្គ្រោះរបស់មនុស្សលោក ត្រូវបានដកចេញពីព្រះគម្ពីរប៊ីប ឬ បាត់បង់ពីមុនព្រះគម្ពីរនេះត្រូវបានចងក្រងឡើង » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២១៧ សូមមើលផងដែរ Bible Dictionary, Bible» ) ។
លោកក៏បានមានប្រសាសន៍ផងដែរថា ៖ « ខ្ញុំជឿលើព្រះគម្ពីរប៊ីប បើសិនជាវាត្រូវបានសរសេរដោយដងប៉ាកានៃអ្នកនិពន្ធដើម ។ អ្នកបកប្រែគ្មានវិជ្ជាជីវៈ អ្នកចម្លងដោយគ្មានការយកចិត្តទុកដាក់ ឬ ពួកសង្ឃដែលក្លែងបន្លំ និង ពុករលួយ បានបង្កើតឲ្យមានកំហុសជាច្រើន » (Teachings: Joseph Smith,ទំព័រ ២០៧ សូមមើលផងដែរ នីហ្វៃទី១ ១៣:២៥–២៩ ) ។
នារដូវស្លឹកឈើជ្រុះឆ្នាំ ១៨៣០ ព្រះអម្ចាស់បានបញ្ជាឲ្យព្យាការី យ៉ូសែប ស៊្មីធ បកប្រែព្រះគម្ពីរប៊ីប ។ « ការបកប្រែ » នេះ មិនមែនធ្វើឡើងចេញពីភាសាមួយទៅភាសាមួយទៀតនោះទេ ហើយព្យាការីក៏មិនមានសំណៅព្រះគម្ពីរប៊ីបដើមដើម្បីបកប្រែដែរ ។ ផ្ទុយទៅវិញ លោកបានអាន ហើយសិក្សាវគ្គបទគម្ពីរចេញពីកំណែថ្មីនៃព្រះគម្ពីរប៊ីបរបស់ស្តេចជេមស៍ ហើយបានធ្វើកំណែ និង ការបន្ថែមតាមការបំផុសគំនិតពីព្រះវិញ្ញាណ ។ ដោយមានការពិនិត្យឡើងវិញដ៏បំផុសគំនិត ការបកប្រែរបស់ព្យាការី យ៉ូសែប ស៊្មីធ ( JST ) បានប្រទានពរដល់ពិភពលោក ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីអត្ថន័យនៃគោលលទ្ធិក្នុងព្រះគម្ពីរប៊ីប ជាពិសេសអំពីបេសកកម្មនៃព្រះយេស៊ូវគ្រីស្ទ និង និស្ស័យនៃព្រះ ។
នៅពេលវិវរណៈដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥ ត្រូវបានប្រទានឲ្យនៅថ្ងៃទី ៧ ខែ មិនា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ បានធ្វើការត្រួតពិនិត្យឡើងវិញដ៏បំផុសគំនិតលើព្រះគម្ពីរសញ្ញាចាស់ ។ នៅថ្ងៃបន្ទាប់ពីយ៉ូសែប បានទទួលវិវរណៈនេះ លោកបានចាប់ផ្ដើមបកប្រែព្រះគម្ពីរសញ្ញាថ្មី ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦០-៦១ ដើម្បីស្វែងរកមូលហេតុ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦២-៦៤
ពួកបរិសុទ្ធត្រូវបានព្រមានទុកជាមុន ឲ្យទៅជួបជុំគ្នានៅភូមិភាគខាងលិចទាំងឡាយ
ព្រះអម្ចាស់បានណែនាំឲ្យពួកបរិសុទ្ធផ្លាស់ទៅភូមិភាគខាងលិច « ពីដែនដីខាងកើត » ( គ. និង ស. ៤៥:៦៤ ) ។ សូមមើលតំបន់នេះ នៅក្នុងផែនទីខាងក្រោម ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦២–៦៤ ដើម្បីស្វែងរកមូលហេតុ ដែលព្រះអម្ចាស់បានបញ្ជាឲ្យពួកបរិសុទ្ធទ្រង់ទៅជួបជុំគ្នានៅ « ភូមិភាគខាងលិចទាំងឡាយ » ( គ. និង ស. ៤៥:៦៤ ) ។
តើព្រះអម្ចាស់មានព្រះបន្ទូលអំពីអ្វីទាក់ទងនឹងឃ្លា « គឺនៅមាត់ទ្វារ » ( គ. និង ស. ៤៥:៦៣ ) ?
សូមពិចារណាអំពីអត្ថន័យនៃការប្រៀបធៀបនៃឃ្លា « គឺនៅមាត់ទ្វារ » ។
ក្នុងឆ្នាំ ១៨៣១ ព្រំដែនភូមិភាគខាងលិចនៃសហរដ្ឋអាមេរិក លាតសន្ធឹងលើព្រំប្រទល់នៃរដ្ឋ មិសសួរី ។ ពេលក្រោយមកទៀត ព្រះអម្ចាស់បានដឹកនាំពួកបរិសុទ្ធទៅកាន់តែឆ្ងាយនៅប៉ែកខាងលិច—ដល់ទីតាំងមួយដែលត្រូវបានស្គាល់ថាជារដ្ឋ យូថាហ៍ ។ នៅពេលពួកបរិសុទ្ធបានគោរពប្រតិបត្តិតាមឱវាទរបស់ព្រះអម្ចាស់ នោះពួកគេត្រូវបានដឹកនាំឲ្យចេញពីសេចក្ដីវិនាសទាំងឡាយនៃសង្គ្រាមស៊ីវិល ក្នុងប្រទេសអាមេរិក ( ១៨៦១–៦៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៦៥-៧៥
ព្រះអម្ចាស់ពិពណ៌នាអំពីទីក្រុង យេរ៉ូសាឡិមថ្មី ( ទីក្រុង ស៊ីយ៉ូន )
បើអ្នកអាចរស់នៅទីណាក៏បាននោះ តើអ្នកនឹងចង់រស់នៅទីណា ? ហេតុអ្វី ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៥–៦៧ដោយស្វែងរកឈ្មោះនៃដែនដីកេរអាករ និង មូលហេតុនានាដែលធ្វើឲ្យវាក្លាយជាដែនដីដែលគួរឲ្យចង់រស់នៅ ។
-
សូមធ្វើបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវមូលហេតុដែលទីក្រុង យេរ៉ូសាឡិថ្មី ជាទីតាំងដែលអ្នកចង់រស់នៅ ។
ខគម្ពីរទាំងនេះបង្រៀនថា ទីក្រុង យេរ៉ូសាឡិមថ្មី នឹងត្រូវក្លាយជាទីកន្លែងនៃសន្តិភាព និង សុខសុវត្ថិភាព ហើយសិរីល្អនៃព្រះអម្ចាស់នឹងស្ថិតនៅទីនោះ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៧ សូមកត់ចំណាំអំពីអ្វីដែលនឹងស្ថិតនៅទីនោះ បន្ថែមពីលើសិរីល្អនៃព្រះអម្ចាស់ ។ តើព្រះអម្ចាស់បានមានព្រះបន្ទូលថា អ្វីជាលទ្ធផលនៃការមាន « សេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ » ក៏នឹងមានវត្តមាននៅទីនោះដែរនោះ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៦៨-៧១ដោយស្វែងរកមើលថា នរណាដែលនឹងទៅជួបជុំគ្នានៅឯទីក្រុង យេរ៉ូសាឡិមថ្មី ( ទីក្រុង ស៊ីយ៉ូន ) ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមបញ្ចប់សេចក្ដីថ្លែងការណ៍នេះ ៖ ដោយសារតែការណ៍ដែលខ្ញុំបានរៀននៅថ្ងៃនេះ នោះខ្ញុំនឹងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ដែលនឹងកើតឡើងដោយ …
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:១៦-៧៥ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖