មេរៀនទី ១៤ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១-១៩
បុព្វកថា
ក្នុងខែ កញ្ញា ឆ្នាំ ១៨៣១ ព្យាការី យ៉ូសែប ស៊្មីធ និង ពួកអែលឌើរមួយចំនួន ទើបតែបានត្រឡប់ទៅរដ្ឋ អូហៃអូ វិញពីការធ្វើដំណើរទៅឧទ្ទិសឆ្លងដី និង ទីតាំងព្រះវិហារបរិសុទ្ធនៅទីក្រុង ស៊ីយ៉ូន ឬ ក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ។ នៅអំឡុងពេលធ្វើដំណើរនេះ ពួកអែលឌើរបានមានបទពិសោធន៍នៃការខ្វែងគំនិតគ្នា និង ការមានអារម្មណ៍មិនល្អចំពោះគ្នា ប៉ុន្តែ ភាគច្រើនពួកគាត់អាចស្រុះស្រួលនឹងគ្នាបាន ។ នៅថ្ងៃទី ១១ ខែ កញ្ញា ព្យាការីបានទទួលវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-៧
ព្រះអម្ចាស់បានអះអាងដល់ពួកអែលឌើរថា ទ្រង់មានព្រះឆន្ទៈនឹងអត់ទោសដល់ពួកគាត់
សូមគិតអំពីគ្រាមួយ ដែលអ្នកមានការឈឺចាប់ដោយសារពាក្យសម្ដី ឬ ទង្វើរបស់បុគ្គលម្នាក់ និង អំពីរបៀបដែលអ្នកប្រព្រឹត្តចំពោះបុគ្គលនោះវិញ ។
ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤ អំពីមួយខែក្រោយមកបន្ទាប់ពីលោក និង ពួកអែលឌើរមួយក្រុមបានត្រឡប់ទៅកាន់រដ្ឋ អូហៃអូ ពីក្រុង អ៊ីនឌីប៉ែនដែនស៍ រដ្ឋ មិសសួរីវិញ ។ ពួកអែលឌើរទាំងនេះ និង សមាជិកសាសនាចក្របានជួបប្រទះនឹងការលំបាកដោយសារតែការខ្វែងគំនិតគ្នា និង ការមានអារម្មណ៍មិនល្អចំពោះគ្នាក្នុងចំណោមពួកគេ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « មានពួកអ្នកនៅក្នុងចំណោមអ្នករាល់គ្នា ដែលបានធ្វើបាប » ( គ. និង ស. ៦៤:៣ ) ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមាននៅក្នុងវិវរណៈនេះ បង្រៀនយើងអំពីរបៀបដែលយើងប្រព្រឹត្តចំពោះមនុស្សដែលបានធ្វើឲ្យយើងឈឺចាប់ ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១-៤ដោយស្វែងរកឃ្លាទាំងឡាយ ដែលពិពណ៌នាអំពីរបៀប ដែលព្រះអម្វាស់បានប្រព្រឹត្តចំពោះអ្នកដែលបានធ្វើបាប ។ សូមសរសេរឃ្លាទាំងនោះ ដាក់នៅក្នុងតារាងខាងក្រោមនេះ ៖ ( អ្នកក៏អាចចង់គូសចំណាំឃ្លាទាំងនោះនៅក្នុងព្រះគម្ពីររបស់អ្នកដែរ ) ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១–៤ បង្រៀនយើងថា ព្រះអម្ចាស់ជាព្រះពេញដោយក្ដីសណ្ដោស អត់ទោស និង ដ៏មានសេចក្ដីមេត្តាករុណា ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុដែលគោលការណ៍អំពីព្រះអង្គសង្គ្រោះនេះ មានសារៈសំខាន់ចំពោះអ្នក ។
នៅគ្រាដែលបានទទួលវិវរណៈនេះ សមាជិកសាសនាចក្រមួយ រួមទាំងពួកអែលឌើរមួយចំនួន ដែលបានធ្វើដំណើរជាមួយ យ៉ូសែប ស៊្មីធ បែរជាចាប់ថ្នាក់ស្ដីបន្ទោសដល់ព្យាការីទៅវិញ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៦ព្រះអម្ចាស់បានសំដៅការចាប់ថ្នាក់ស្ដីបន្ទោសដល់ព្យាការីនោះ ដោយប្រើឃ្លាមួយថា « ស្វែងរកឱកាសទាស់នឹងលោក » ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៥–៦ដោយស្វែងរកការណ៍ ដែលព្រះអម្ចាស់បានបង្រៀន ។
សូមពិចារណាទៅលើសំណួរខាងក្រោមនេះ ៖
-
តើព្រះអម្ចាស់បានមានព្រះបន្ទូលដូចម្ដេចខ្លះ អំពីយ៉ូសែប ស្ម៊ីធ ?
-
តើយើងអាចរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ ?
ព្រះអម្ចាស់ក៏ពន្យល់អំពីលក្ខខណ្ឌមួយចំនួននៃការអត់ទោសដែរ ។ យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៧តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីទទួលបានការអត់ទោសពីព្រះអម្ចាស់ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨-១៩
ព្រះអម្ចាស់បញ្ជាពួកអ្នកបម្រើទ្រង់ ឲ្យអត់ទោសដល់គ្នាទៅវិញទៅមក
បន្ថែមពីលើអារម្មណ៍នៃការឈឺចាប់ខាងរូបកាយ តើវេទនាអារម្មណ៍អ្វីដែលអ្នកនឹងមាន ប្រសិនបើអ្នកត្រូវបានសត្វអសិរពិសចឹក ? ពស់កន្ទុយកណ្ដឹង គឺជាពស់អសិរពិសដែលសម្បូរមាននៅលើទ្វីបអាមេរិក ។ ពស់កន្ទុយកណ្ដឹងចឹកបណ្ដាលឲ្យមានការឈឺចាប់ ឡើងហើម ស្ពឹកស្រពន់ និង ភាពស្លេកស្លាំង ។ ប្រសិនបើមិនបានព្យាបាលទេនោះ វាអាចបណ្ដាលឲ្យមានការខូចជាលិការ៉ាំរ៉ៃ ឬ អាចស្លាប់បាន ។
អែលឌើរ ម៉ារ៉ុន ឌី ហាងស៍ នៃពួកចិតសិបនាក់ បានថ្លែងអំពីជម្រើសដែលបុគ្គលម្នាក់នឹងមាន ប្រសិនបើគេត្រូវបានចឹកដោយពស់កន្ទុយកណ្ដឹង ៖ « មានសកម្មភាពចំនួនពីរ ដែលអាចធ្វើនៅពេលមនុស្សម្នាក់ត្រូវបានចឹកដោយពស់កន្ទុយកណ្ដឹង ។ មនុស្សម្នាក់អាចដេញតាមសត្វពស់នោះ ហើយប្រហារវាចោលដោយកំហឹង ភ័យខ្លាច ឬ ការគុំកួន ។ ឬ គេអាចនឹងប្រញាប់ប្រញាល់បឺតយកពិសចេញពីក្នុងខ្លួនគេ » ( «Forgiveness: The Ultimate Form of Love, Ensign ខែ មករា ឆ្នាំ ១៩៧៤ ទំព័រ ២១ ) ។
ទង្វើរទាំងពីរនេះ តើទង្វើមួយណាដែលអ្នកគិតថាមានភាពឆ្លាតវៃជាង ? ហេតុអ្វី ?
អែលឌើរ ហាងស៍ បានថ្លែងថា « ប្រសិនបើយើងធ្វើតាមសកម្មភាព [ ទីពីរ ] នោះយើងអាចនឹងនៅមានជីវិត ប៉ុន្តែ ប្រសិនបើយើងប៉ុនប៉ងធ្វើតាមសកម្មភាព [ ទីមួយ ] នោះយើងនឹងមិនអាចរស់រហូតដល់បានប្រហារវាបានសម្រេចឡើយ ( « Forgiveness » ទំព័រ ២១ ) ។
ជម្រើសរបស់បុគ្គលម្នាក់បន្ទាប់ពីត្រូវពស់កន្ទុយកណ្ដឹងចឹក អាចប្រៀបធៀបទៅនឹងជម្រើសដែលយើងមាន នៅពេលយើងមានអារម្មណ៍ឈឺចាប់ដោយសារតែពាក្យសម្ដី ឬ ទង្វើរបស់បុគ្គលម្នាក់ទៀត ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៨ ដោយស្វែងរកលទ្ធផល ដែលពួកសិស្សមួយចំនួននៃព្រះអម្ចាស់បានប្រឈមមុខ ដោយសារតែពួកគេមិនអត់ទោសចំពោះគ្នាទៅវិញទៅមក ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើបុគ្គលម្នាក់អាចមានការសៅហ្មងចិត្ត ( ឬ ឈឺចាប់ ) ដោយមិនបានអត់ទោសដល់មនុស្សដទៃយ៉ាងដូចម្ដេច ?
-
តើទង្វើនេះមានសភាពដូចជា លទ្ធផលនៃការតាមព្យាបាទពស់កន្ទុយកណ្ដឹង ដែលបានចឹកគេយ៉ាងដូចម្ដេច ?
-
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩ដោយស្វែងរកលទ្ធផលមួយទៀត នៃការមិនអត់ទោសដល់មនុស្សដទៃ ។
យើងរៀនចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩ ថា បើយើងមិនអត់ទោសដល់មនុស្សដទៃទេ នោះយើងនឹងជាប់ទោសនៅចំពោះអម្ចាស់ ។
មេរៀនដែលអាចនឹងមានសារៈសំខាន់បំផុតចំពោះយើង ដើម្បីរៀនចេញពីវគ្គបទគម្ពីរនេះ គឺត្រូវចេះអត់ទោស ។ យើងទទួលបានភាពសុខសាន្តដ៏ធំធេងនៅក្នុងជីវិតយើង នៅពេលយើងអត់ទោសដល់មនុស្សដទៃ ។ នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះដោយ អែលឌើរ ដាវីឌ អ៊ី សូរែនសិន នៃពួកចិតសិបនាក់ សូមគិតអំពីរបៀបដែលវាទាក់ទងទៅនឹងសេចក្ដីពិតនេះ ៖ « វាអាចនឹងជាការលំបាកពេកពន់ដើម្បីអត់ទោសដល់នរណាម្នាក់ដែលបានធ្វើទុក្ខទោសចំពោះយើង ប៉ុន្តែ នៅពេលយើងធ្វើដូច្នោះ យើងធ្វើឲ្យខ្លួនយើងមានអនាគតកាន់តែភ្លឺស្វាងឡើង ។ ទង្វើមិនគប្បីរបស់មនុស្សម្នាក់ ពុំអាចគ្រប់គ្រងលើសកម្មភាពរបស់យើងបានទៀតឡើយ ។ នៅពេលយើងអភ័យទោសដល់អ្នកដទៃ វារំដោះយើងឲ្យមានសេរីភាព ដើម្បីជ្រើសរើសថាតើយើងនឹងរស់នៅក្នុងជីវិតរបស់យើងតាមរបៀបណា ។ ការអភ័យទោសមានន័យថា បញ្ហាកាលពីអតីតកាល ឈប់សម្រេចជោគវាសនារបស់យើងទៀតហើយ ហើយយើងអាចផ្ដោតទៅលើអនាគតកាលដោយក្ដីស្រឡាញ់របស់ព្រះនៅក្នុងដួងចិត្តរបស់យើង » ( “Forgiveness Will Change Bitterness to Love,” Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។
សូមសិក្សាដោយយកចិត្តទុកដាក់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១០-១១ ដោយស្វែងរកគោលការណ៍បន្ថែម ដែលព្រះអម្ចាស់បានបង្រៀនអំពីការអត់ទោស ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពន្យល់អំពីរបៀបដែលគោលការណ៍ ដែលអ្នកបានរៀនចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១០–១១ អាចជួយបុគ្គលម្នាក់ ដែលស្ថិតនៅក្នុងស្ថានភាពខាងក្រោមនេះ ៖
-
យុវនារីម្នាក់ឈឺចិត្ត និង មានការអាម៉ាស់បន្ទាប់ពីបានដឹងថា មិត្តភក្ដិមួយចំនួនរបស់នាងបានផ្សាយពាក្យចចាមអារ៉ាមអំពីនាង ។ ក្រោយមក មានមនុស្សមួយចំនួនបានសុំទោស ប៉ុន្តែ មនុស្សឯទៀតពុំបានសុំទោសនាងឡើយ ។ យុវនារីរូបនោះបានអត់ទោសឲ្យមនុស្ស ដែលបានសុំទោសនាង ប៉ុន្តែ នៅតែចងកំហឹងនឹងមនុស្សឯទៀតដែលមិនបានសុំទោស ។
-
យុវជនម្នាក់ បានរំលងក្រឹត្យវិន័យមួយ ។ គាត់បានអធិស្ឋានដើម្បីបានអត់ទោស ហើយបានពិភាក្សាជាមួយប៊ីស្សពរបស់គាត់ ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីប៊ីស្សពបានអះអាងទៅដល់យុវជននោះថា គាត់បានប្រែចិត្តទាំងស្រុងហើយ ក៏យុវជនរូបនោះនៅតែមានអារម្មណ៍ថា ពុំមានភាពសក្ដិសមដោយសារតែអំពើបាបពីអតីតកាលរបស់គាត់ដែរ ។
-
យុវនារីម្នាក់មានអារម្មណ៍ក្រៀមក្រំ និង ច្របូកច្របល់ដោយសារតែទង្វើរបស់ឪពុកនាង ។ គាត់បានបោះបង់គ្រួសារចោល ។ ពីមុនគាត់ចាកចេញ គាត់កម្របង្ហាញសេចក្ដីស្រឡាញ់ដល់ក្រុមគ្រួសារ ឬមានចរិកឃោរឃៅជាញឹកញាប់ ។ នាងពុំយល់សោះថាតើហេតុអ្វីបានជាឪពុកនាងប្រព្រឹត្តទង្វើដូច្នេះ ហើយនាងប្រកាន់អារម្មណ៍ខឹងចំពោះគាត់ ។ នាងដឹងថានាងគួរតែព្យាយាមអត់ទោសឲ្យគាត់ ប៉ុន្តែ នាងគិតថានាងពុំអាចធ្វើបាននោះទេ ។
-
សូមពិចារណាថាតើ មាននរណាម្នាក់ដែលអ្នកត្រូវអត់ទោសឲ្យដែរឬទេ ។ នៅគ្រាជាច្រើន វាអាចជាការលំបាកក្រៃលែង ដើម្បីអត់ទោសឲ្យមនុស្សម្នាក់ទៀត ។ នៅពេលអ្នកអានដំបូន្មានដូចតទៅនេះពីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី សូមស្វែងរកអ្វីដែលអ្នកអាចធ្វើ បើអ្នកកំពុងពុះពារក្នុងការអត់ទោសឲ្យមនុស្សដទៃ ៖ « បើមាននរណាម្នាក់បណ្ដុះអារម្មណ៍ខឹងសម្បារនៅក្នុងចិត្តចំពោះគ្នាទៅវិញទៅមក នោះខ្ញុំសូមអង្វរឲ្យអ្នកទូលសូមដល់ព្រះអម្ចាស់ដើម្បីទទួលបានកម្លាំងក្នុងការអត់ទោសឲ្យ ។… វាប្រហែជាពុំងាយស្រួលទេ ហើយវាអាចនឹងប្រហែលជាពុំកើតមានយ៉ាងឆាប់រហ័សផងដែរ ។ ប៉ុន្តែ បើអ្នកនឹងស្វែងរកវាដោយចិត្តស្មោះសរ ហើយបណ្ដុះវាឡើង នោះវានឹងកើតមានឡើង » (Of You It Is Required to Forgive » Ensign ខែ មិថុនា ឆ្នាំ ១៩៩១ ទំព័រ ៥ ) ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកគិតថា ការអធិស្ឋានឲ្យមានកម្លាំង អាចជួយអ្នកឲ្យអត់ទោសយ៉ាងដូចម្ដេច ?
សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១២–១៤ ។ សូមកត់ចំណាំថា ព្រះអម្ចាស់បានបង្រៀនថា ជម្រើសរបស់យើងក្នុងការប្រទានពរដល់មនុស្សដទៃ ពុំដោះលែងពួកគេពីការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនឡើយ ។ ពួកគេនៅតែមានការទទួលខុសត្រូវចំពោះព្រះអម្ចាស់ សម្រាប់អំពើខុសឆ្គងដែលពួកគេបានប្រព្រឹត្ត ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១៥–១៧ ហើយកត់ចំណាំថា ព្រះអម្ចាស់បានមានព្រះបន្ទូលយ៉ាងច្បាស់លាស់ថា ទ្រង់នឹងអត់ទោសឲ្យពួកអ្នកបម្រើទ្រង់គឺ អ៊ីសាក មួរលី និង អែតវឺត ប៉ាទ្រិច ព្រោះពួកគាត់បានប្រែចិត្តពីអំពើបាបរបស់ខ្លួន ។
នៅដើមដំបូងនៃមេរៀននេះ អ្នកបានរៀនថា ព្រះអម្ចាស់ពេញដោយក្ដីសណ្ដោស អត់ទោស និង មានសេចក្ដីមេត្តាករុណា ។ នៅពេលអ្នកអត់ទោស អ្នកអាចប្រែក្លាយកាន់តែដូចជាទ្រង់ ។ សូមសម្រេចចិត្តអំពីរបៀបដែលអ្នកអាចអនុវត្តគោលការណ៍នៃការអត់ទោស ដែលអ្នកបានរៀននៅថ្ងៃនេះ ។
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:៩-១១
សូមចំណាយពេលពីរបីនាទីអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៩–១១ ដោយឮៗ ។ នៅពេលអ្នកសូត្រវគ្គបទគម្ពីរនេះបានយ៉ាងហោចណាស់ប្រាំដង នោះសូមស្វែងរកបងប្អូនបង្កើត ឪពុកម្ដាយ ឬ មិត្តភក្ដិ ដែលនឹងអាចជួយអ្នកឲ្យហ្វឹកហាត់ទន្ទេញវា ។ សូមសូត្រវគ្គបទគម្ពីរទៅកាន់បុគ្គលម្នាក់នោះ រហូតដល់អ្នកអាចទន្ទេញវាចាំ ។ សូមពន្យល់បុគ្គលនោះអំពីរបៀបដែលគោលការណ៍នៅក្នុងខគម្ពីរនេះ អាចជួយអ្នកពេញមួយជីវិត ។ បន្ទាប់មក សូមសុំឲ្យបុគ្គលនោះចុះហត្ថលេខាលើសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១-១៩ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖