ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ២ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨


មេរៀន​ទី ៥ ៖ ថ្ងៃ​ទី ២

គោលលទ្ធិ និង សេចក្តីសញ្ញា ១៨

បុព្វកថា

វិវរណៈ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨ ត្រូវបាន​ប្រទាន​ក្នុង​ខែ មិថុនា ឆ្នាំ ១៨២៩ នៅ​មិន​យូរប៉ុន្មាន​បន្ទាប់​ពី ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ប្រទាន​បព្វជិតភាព​មិលគីស្សាដែក​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ ការយាង​មក​របស់​ទ្រង់​ទាំង​បី​អង្គ​សង្កត់​ធ្ងន់​លើ​តួនាទី​ដ៏​មាន​សារៈសំខាន់​នៃ​ពួកសាវក​ក្នុង​គ្រឹះ​របស់​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ ។.គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១–១៦ ផ្ដោត​សំខាន់​ទៅ​លើ​ការហៅ​ដែល អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ បាន​ទទួល​ធ្វើជា​អ្នក​បម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រកាស​ពី​ការប្រែចិត្ត​ដល់​មនុស្ស​ដទៃ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៧–៤៧ បង្រៀន​ពី​សារៈសំខាន់​នៃ​ការលើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអម្ចាស់​ក៏​បាន​មាន​ព្រះបន្ទូល​អំពី​ការហៅ​ពួកសាវក​ដប់ពីរ​នាក់​ដែល​នឹង​កើត​មាន​ឡើង និង បំណង​ប្រាថ្នា​ដែល​ពួកលោក​នឹង​មាន​ដើម្បី​លើក​ដាក់​លើ​ខ្លួន​ពួកលោក​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ « ដោយ​បំណងចិត្ត​ដ៏​ពោរពេញ » (គ. និង ស. ១៨:២៧) ។ ព្រះអម្ចាស់​បាន​ប្រទាន​ដល់ អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ នូវ​ការទទួលខុសត្រូវ​ដូចគ្នា​ដើម្បី « ស្វែងរក​ពួក​ដប់ពីរ​នាក់ » ( គ. និង ស. ១៨:៣៧ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១-៥

ព្រះអម្ចាស់​បង្រៀន​ពី​របៀប​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង

តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​នៃ​ភាពចលាចល និង ការបំផ្លិចបំផ្លាញ​នៃ​ការ​រញ្ជួយដី​ឬ​ទេ ? នៅ​ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ១៩៨៩ វេលា​ម៉ោង ៥:០៤ ល្ងាច ការ​រញ្ជួយដី​ដ៏​ខ្លាំង​មួយ ( កម្លាំង ៦.៩ រីឆធើរ ស្កេល ) បាន​កើតឡើង​នៅ​ទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ រដ្ឋ​កាលីហ្វូញ៉ា ជា​តំបន់​នៅ​សហរដ្ឋ​អាមេរិក ។ អគារ​រាប់​ពាន់​ខ្នង​ត្រូវបាន​កម្ទេច ឬ បំផ្លិចបំផ្លាញ ។ ផ្ទះ​មួយ​ចំនួន​មើល​ទៅ​ហាក់ដូចជា​នៅ​ល្អ​ប្រសើរ​ពី​ខាង​ក្រៅ ប៉ុន្តែ អាជ្ញាធរ​បាន​បំផ្លាញ​ពួកវា​ចោល​ដោយសារតែ​គ្រឹះ​របស់​វា​បាន​ប្រេះស្រាំ ឬ មិន​រឹងមាំ ។ តើ​កង្វល់​អ្វី​ខ្លះ​ដែល​អ្នក​អាច​មាន​អំពី​ការរស់នៅ​ក្នុង​ផ្ទះ​មួយ​ដែល​គ្រឹះ​របស់​វា​ពុំ​រឹងមាំ ?

ដ្យាក្រាម​អគារ​សាសនាចក្រ

ដូច​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨ ព្រះអម្ចាស់​បាន​បើកសម្ដែង​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ពី​របៀប​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង​នៅ​លើ​គ្រឹះ​ដ៏​រឹងមាំ ។ នៅ​ពេល​ចាប់ផ្ដើម​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​សំដៅ​លើ​ការណ៍​ទាំងឡាយ​ដែល អូលីវើរ ខៅឌើរី បាន​សរសេរ មាន​ន័យ​ថា ពាក្យ​ពេចន៍​នៃ​ព្រះគម្ពីរ​មរមន ដែល​អូលីវើរ បាន​កត់ត្រា​កាល​គាត់​ធ្វើជា​ស្មៀន​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២–៥ រួច​ស្វែងរក​អ្វី​ដែល​ត្រូវបាន​សរសេរ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ដែល​ព្រះអម្ចាស់​បាន​ត្រាស់​បញ្ជា​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ស្ថាបនា​សាសនាចក្រ​របស់​ទ្រង់​នៅ​លើ​នោះ ។

យើង​ស្វែងយល់​ចេញ​ពី​ការណែនាំ​របស់​ព្រះអម្ចាស់ អំពី​លក្ខណៈ​ពិសេស​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ សូម​បំពេញ​គោលការណ៍​ដូចតទៅ​ដោយ​ផ្អែក​ទៅ​លើ​វិវរណៈ​ដែល​បាន​ប្រទានឲ្យ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ៖ សាសនាចក្រ​ដ៏​ពិត​ត្រូវបាន​ស្ថាបនា​នៅ​លើ  ។

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​អំពី​គ្រឹះ និង ថ្មដា​ដូចខាង​ក្រោម​នេះ​ថា ៖

យ៉ូសែប ស៊្មីធ

« ព្រះគ្រីស្ទ គឺ​ជា​សិរសា​នៃ​សាសនាចក្រ ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ជា​ថ្មដា​ខាង​វិញ្ញាណ​ដែល​សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង ហើយ​ទ្វារ​ស្ថានឃុំព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ [ សូម​មើល ម៉ាថាយ ១៦:១៨; អេភេសូរ ២:២០] ។ ទ្រង់​បាន​ស្ថាបនា​នគរ​ទ្រង់​ឡើង បាន​ជ្រើសរើស​ពួកសាវក ហើយ​បាន​តែងតាំង​បព្វជិតភាព​មិលគីស្សាដែក​ដល់​ពួកគាត់ ដោយ​ប្រទាន​ដល់​ពួកគាត់​នូវ​អំណាច [ កូនសោ​នៃ​បព្វជិតភាព ] ដើម្បី​ចាត់ចែង​ក្នុង​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ » (ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធឆ្នាំ ២០០៧ ] ទំព័រ ១៣៩) ។

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ក្នុង​ការបង្រៀន​របស់​ទ្រង់​ថា ‹ ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ › ។ [ ម៉ាថាយ ១៦:១៨ ] ។ តើ​ជា​ថ្មដា​អ្វី​ទៅ ? គឺ​ជា​វិវរណៈ » (ការបង្រៀន ៖ យ៉ូសែប ស៊្មីធទំព័រ ១៩៥) ។

ព្រះអម្ចាស់​បាន​ប្រទាន​ការសន្យា​ជាក់លាក់​ទៅ​ដល់​ពួក​អ្នក​បម្រើ​ទ្រង់ ប្រសិនបើ​ពួកគេ​នឹង​ស្ថាបនា​សាសនាចក្រ​ទ្រង់​ឡើង​នៅ​លើ​គ្រឹះ​ដ៏​រឹងមាំ​នៃ​ដំណឹងល្អ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៥ រួច​ស្វែងរក​ការសន្យា​របស់​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:៦-១៦

អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ត្រូវបាន​ហៅ​ឲ្យ​ប្រកាស​អំពី​ការប្រែចិត្ត

តើ​អ្នក​នឹង​ពិពណ៌នា​យ៉ាង​ដូចម្ដេច អំពី​បរិយាកាស​ខាង​វិញ្ញាណ និង ក្រមសីលធម៌​នៃ​ពិភពលោក​ដែល​យើង​កំពុង​តែ​រស់នៅ​សព្វថ្ងៃ​នេះ ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៦ រួច​កត់ចំណាំ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ពិពណ៌នា​អំពី​ពិភពលោក​នេះ ។ សូម​ស្វែងរក​ដំណោះស្រាយ​របស់​ព្រះអម្ចាស់​ចំពោះ​ការកើនឡើង​នៃ​អំពើ​ទុច្ចរិត​លើ​ពិភពលោក​នេះ ដែល​មាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៩ ។

សូម​គិត​អំពី​វត្ថុ​មួយ​ដែល​មាន​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ដែល​អ្នក​គិត​ថា​ជា​វត្ថុ​មាន​តម្លៃ ។ តើ​អ្នក​ដឹង​ថា វត្ថុ​នោះ​មាន​តម្លៃ​គិត​ជា​ប្រាក់​ប្រហែល​ជា​ប៉ុន្មាន ? របៀប​មួយ​ដើម្បី​បង្កើត​តម្លៃ​នៃ​វត្ថុ​មួយ គឺ​តាម​រយៈ​ការសម្រេច​ពី​តម្លៃ​ដែល​មនុស្ស​ម្នាក់​ចង់​ចំណាយ​លើ​វត្ថុ​នោះ ។ បុគ្គល​ម្នាក់​អាច​អះអាង​ថា វត្ថុ​ពិសេស​មួយ​មាន​តម្លៃ​ជា​ប្រាក់​មួយ​ចំនួន ប៉ុន្តែ តម្លៃ​នោះ​មាន​ភាពត្រឹមត្រូវ​លើកលែង​តែ​មាន​បុគ្គល​ម្នាក់​ទៀត​ចង់​ចំណាយ​ប្រាក់​ចំនួន​នោះ​លើ​វត្ថុ​នោះ​ប៉ុណ្ណោះ ។

តើ​ព្រលឹង​នៃ​បុគ្គល​ម្នាក់​មាន​តម្លៃ​ប៉ុន្មាន ? គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០ បង្រៀន​អំពី​តម្លៃ​នៃ​បុគ្គល​ម្នាក់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ ។ សូម​អាន​ខគម្ពីរ​នេះ ដោយ​ស្វែងរក​តម្លៃ​ដែល​ព្រះអម្ចាស់​បាន​ប្រកាស​ថា​យើង​មាន ។

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា អ្នក​ជា​ព្រលឹង​ដ៏​មាន​តម្លៃ​មហិមា​ចំពោះ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។

ឌៀថើរ អេស្វ អុជដូហ្វ

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ក្នុង​គណៈប្រធាន​ទីមួយ បាន​ពន្យល់​ពី​តម្លៃ​របស់​យើង​ចំពោះ​ព្រះវរបិតាសួគ៌​ថា ៖ « ព្រះ​ទ្រង់​ទត​មើល​អ្នក​ពុំ​មែន​គ្រាន់តែ​ជា​សភាវៈ​រមែងស្លាប់​មួយ​ដែល​រស់នៅ​លើ​ពិភព​ដ៏​តូច​មួយ​សម្រាប់​មួយ​រយៈកាល​ខ្លី​ប៉ុណ្ណោះ​ទេ—តែ​ទ្រង់​ទត​មើល​អ្នក​ថា​ជា​បុត្រ​របស់​ទ្រង់ ។ ទ្រង់​ទត​មើល​អ្នក​ថា​ជា​សភាវៈ ដែល​មាន​សមត្ថភាព និង ត្រូវបាន​បង្កើត​ឡើង​ឲ្យ​មាន​រូបរាង​ដូច្នេះ ។ ទ្រង់​ចង់​ឲ្យអ្នកដឹង​ថា អ្នក​សំខាន់​ចំពោះទ្រង់ » (You Matter to Him » Ensignលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១,ទំព័រ ២២ ) ។

ព្រលឹង​នីមួយៗ​សំខាន់​ចំពោះ​ព្រះអម្ចាស់ ហើយ​ថ្នាក់ដឹកនាំ​សាសនាចក្រ​តែងតែ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​ដើម្បី​បម្រើ​ដល់​បុគ្គល​សំខាន់​ម្នាក់ៗ ។ ឧទាហរណ៍ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ធ្វើតាម​ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ ហើយ​បាន​ផ្លាស់ប្ដូរ​សារលិខិត​ដែល​លោក​បាន​រៀបចំ ឲ្យ​ទៅ​ជា​ការថ្លែង​ទៅ​កាន់​ក្មេង​ស្រី​ម្នាក់​នៅ​អំឡុង​ពេល​សន្និសីទ​ទូទៅ​មួយ​ទៅ​វិញ ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

« នៅ​ជួរ​ខាង​ឆ្វេង​ដៃ​របស់​ខ្ញុំ​នេះ ខ្ញុំ​ឃើញ​ក្មេង​ស្រី​ស្រស់​សោភា​ម្នាក់​ប្រហែល​ជា​អាយុ​ដប់​ឆ្នាំ ។ ក្មេង​ស្រី​ដ៏​តូច​អើយ ខ្ញុំ​ពុំ​ស្គាល់​ឈ្មោះ​របស់​ប្អូន ឬ ថា​តើ​ប្អូន​រស់នៅ​ទីណា​នោះ​ទេ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំ​ដឹង​ថា ៖ ស្នាម​ញញឹម​ដ៏​បរិសុទ្ធ និង មនោសញ្ចេតនា​ដែល​ចេញ​ពី​កែវភ្នែក​របស់​ប្អូន បាន​បណ្ដាល​ឲ្យ​ចិត្ត​ខ្ញុំ ទុក​សារលិខិត​ដែល​បាន​រៀបចំ​សម្រាប់​សន្និសីទ​នេះ ចោល​មួយ​អន្លើ​សិន ។ ថ្ងៃ​នេះ ខ្ញុំ​មាន​សេចក្ដី​រីករាយ​ដើម្បី​ថ្លែង​ទៅ​កាន់​ប្អូន » ។

បន្ទាប់​មក ប្រធាន ម៉នសុន បាន​ចែកចាយ​បទពិសោធន៍​ដែល​បាន​ពង្រឹង​ការយល់ដឹង​របស់​លោក​អំពី​សេចក្ដីស្រឡាញ់​ដ៏​មហិមា ដែល​ព្រះយេស៊ូវគ្រីស្ទ​មាន​សម្រាប់​កុមារ ។ លោក​បាន​មាន​ប្រសាសន៍​អំពី​ក្មេងស្រី​អាយុ ១០ ឆ្នាំ​ម្នាក់​ឈ្មោះ គ្រីស្តល មែតវិន ដែល​បាន​រស់នៅ​ជាមួយ​គ្រួសារ​នាង​ក្នុង​ស្តេក ស្ស្រឺវផត លូវីស្សីអាណា ។ គ្រីស្តល មាន​ជំងឺ​មហារីក ដែល​បាន​រីករាលដាល​ដល់​សួត​ទាំងពីរ​របស់​នាង ។ « គ្រួសារ មែតវិន ពុំ​បាន​អស់​សង្ឃឹម​ឡើយ ផ្ទុយទៅវិញ បាន​គ្រោង​ជិះ​យន្តហោះ​មក​កាន់​ទីក្រុង សលត៍ លេក ។ គ្រីស្តល អាច​ទទួល​បាន​ការប្រសិទ្ធពរ​ពី​ពួក​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ម្នាក់ ។ គ្រួសារ មែតវិន ពុំ​បាន​ស្គាល់​ពួក​បងប្អូន​ប្រុស​ណា​ម្នាក់​ដោយ​ផ្ទាល់​នោះ​ទេ ដូច្នេះ ក៏​បាន​បើក​រូបភាព​នៃ​ពួកអ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ឲ្យ​គ្រីស្តល ធ្វើការ​ជ្រើសរើស ។ ដោយ​គាប់​ជួន ឈ្មោះ​របស់​ខ្ញុំ​ត្រូវបាន​ជ្រើសរើស ។

« គ្រីស្តល ពុំ​អាច​ជិះ​យន្តហោះ​មក​កាន់​ទីក្រុង សលត៍ លេក ឡើយ ។ ស្ថានភាព​របស់​នាង​បាន​កាន់តែ​យ៉ាប់យឺន​ទៅៗ ។ ភាគរយ​សង្ឃឹម​រស់​មាន​តិចតួច​ណាស់ ។ ប៉ុន្តែ សេចក្ដី​ជំនឿ​របស់​នាង​ពុំ​ងាករេ​ឡើយ ។ នាង​បាន​ពោល​ទៅ​កាន់​ឪពុកម្ដាយ​នាង​ថា ‹ តើ​សន្និសីទ​ស្តេក​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​មែនទេ ? តើ​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ត្រូវបាន​ចាត់​មក​ដែរ​ឬ​ទេ ? ហើយ​ហេតុអ្វី​បងប្រុស ម៉នសុន មិន​ត្រូវ​បាន​ចាត់ ? បើ​ខ្ញុំ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​បាន​ទេ​នោះ ព្រះអម្ចាស់​អាច​បញ្ជូន​លោក​ឲ្យ​មក​ឯ​ខ្ញុំ​វិញ › ។

« ទន្ទឹម​នឹង​ពេល​នោះ​ដែរ នៅ​ទីក្រុង សលត៍ លេក ខ្ញុំ​ពុំ​បាន​ដឹង​ថា មាន​អ្វី​កំពុង​កើតឡើង​នៅ​ទីកុ្រង ស្ស្រឺវផត ទេ ហើយ​ស្ថានភាព​មិន​ប្រក្រតី​មួយ​បាន​កើតឡើង ។ ដ្បិត​អំឡុង​ចុងសប្ដាហ៍​នៃ​សន្និសីទ​ទូទៅ​នៃ​ស្តេក ស្ស្រឺវផត លូវីស្សីអាណា ខ្ញុំ​ត្រូវបាន​ចាត់​ទៅ​ទីក្រុង អែល ប៉ាសូ រដ្ឋ តិចសាស់ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ហៅ​ខ្ញុំ​ទៅ​ការិយាល័យ​របស់​លោក ហើយ​បាន​ពន្យល់​ថា មាន​ពួក​បងប្អូន​ប្រុស​ម្នាក់​ទៀត​បាន​បង្ហើយ​កិច្ចការ​រៀបចំ​មួយ​ចំនួន​ដើម្បី​បំបែក​ស្តេក​ក្នុង​ទីក្រុង អែល ប៉ាសូ ហើយ ។ លោក​បាន​សួរ ថា​តើ​ខ្ញុំ​ប្រកាន់​ដែរ​ឬ​ទេ បើ​មាន​ពួក​បងប្អូន​ប្រុស​ម្នាក់​ផ្សេង​ទៀត​ត្រូវបាន​ចាត់​ឲ្យ​ទៅ​ទីក្រុង អែល ប៉ាសូ ហើយ​ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​កន្លែង​ផ្សេង​នោះ ។ ប្រាកដ​ណាស់ ពិត​ជា​មិនមាន​បញ្ហា​អ្វី​ឡើយ​សម្រាប់​ខ្ញុំ—ទីណា​ក៏​បាន​សម្រាប់​ខ្ញុំ ។ ប្រធាន ប៊ែនសឹន បាន​មាន​ប្រសាសន៍​ថា ‹ បងប្រុស ម៉នសុន ខ្ញុំ​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​ដើម្បី​ចាត់​លោក​ឲ្យ​ទៅ​ស្តេក ស្ស្រឺវផត លូវីស្សីអាណា › ។ ខ្ញុំ​ក៏​បាន​ទទួល​យក​ការចាត់តាំង​នោះ ។ ថ្ងៃ​នោះ​បាន​មក​ដល់ ។ ខ្ញុំ​បាន​ទៅ​ដល់​ទីក្រុង ស្ស្រឺវផត ។

« នៅ​រសៀល​ថ្ងៃ​សៅរ៍​នោះ បាន​រវល់​ទៅ​ដោយ​ការប្រជុំ​ជាច្រើន ។… លោក​ប្រធាន​ស្តេក ឆាលស៍ អេហ្វ ខេហ្គល បាន​សួរ​ថាតើ​កាល​វិភាគ​ខ្ញុំ​អាច​អនុញ្ញាត​ឲ្យ​ខ្ញុំ​ផ្ដល់​ការប្រសិទ្ធពរ​ដល់​ក្មេងស្រី​អាយុ​ដប់​ឆ្នាំ ដែល​រងទុក្ខ​ដោយ​ជំងឺ​មហារីក​បាន​ដែរ​ឬ​ទេ ។ នាង​មាន​ឈ្មោះ​ថា ៖ គ្រីស្តល មែតវិន ។ ខ្ញុំ​បាន​ឆ្លើយ​ថា ខ្ញុំ​អាច​ផ្ដល់​ការប្រសិទ្ធពរ​ឲ្យ​បាន តែ​បើ​អាច​ធ្វើ​ទៅ​បាន សូម​យក​នាង​មក​កាន់​សន្និសីទ ឬ តើ​នាង​កំពុង​ស្នាក់​នៅ​មន្ទីរពេទ្យ ស្ស្រឺវផត មែន​ទេ ? ដោយ​ដឹង​ថា កាលវិភាគ​របស់​ខ្ញុំ​មាន​ភាពមមាញឹក​នោះ ប្រធាន ខេហ្គល និយាយ​ប្រាប់​ខ្ញុំ​ទាំង​ខ្លាច​ចិត្ត​ថា គ្រីស្តល​ត្រូវ​ស្នាក់​នៅ​ផ្ទះ​របស់​នាង​ឯ​ណោះ—ដែល​មាន​ចម្ងាយ​ជាង​មួយ​រយ​ម្ភៃ​ប្រាំបី​គីឡូម៉ែត​ឯណោះ​ពី​ទីក្រុង ស្ស្រឺវផត !

« ខ្ញុំ​បាន​ពិនិត្យ​មើល​កាលវិភាគ​នៃ​ការប្រជុំ​ទាំងឡាយ​នៅ​ល្ងាច​នោះ និង នៅ​ព្រឹក​បន្ទាប់—រួម​ទាំង​ការហោះហើរ​ត្រឡប់​ទៅ​វិញ​ផងដែរ ។ ពុំ​មាន​ពេល​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ។ យោបល់​ដែល​អាច​ទៅ​រួច​មួយ​បាន​លេច​ឡើង​ក្នុង​គំនិត​ខ្ញុំ ។ តើ​យើង​មិន​អាច​ចងចាំ​ពី​ក្មេងស្រី​ដ៏​តូច​នោះ​បាន​នៅ​ក្នុង​ការអធិស្ឋាន​ជា​សាធារណៈ​ក្នុង​សន្និសីទ​ទេ​ឬ ? ប្រាកដ​ណាស់ ព្រះអម្ចាស់​ទ្រង់​នឹង​ព្រះតម្រិះ ។ យើង​បាន​ធ្វើតាម​ដំណើរការ​នេះ​នៅ​ក្នុង​កាលវិភាគ​ការប្រជុំ ។

« នៅ​ពេល​ដំណឹង​នេះ​ត្រូវ​បាន​ជម្រាប​ដល់​គ្រួសារ មែតវិន ពួកគេ​មាន​ការយោគយល់ ប៉ុន្តែ ទន្ទឹម​នឹង​នោះ​ក៏​មាន​ការខកចិត្ត​បន្តិចបន្តួច​ដែរ ។ តើ​ព្រះអម្ចាស់​មិន​បាន​ឮ​សម្រែក​ការអធិស្ឋាន​របស់​ពួកគេ​ទេ​ឬ​អី ? តើ​ទ្រង់​មិន​បាន​ប្រទាន​បងប្រុស ម៉នសុន ឲ្យ​មក​ទីក្រុង ស្ស្រឺវផត ទេ​ឬ​អី ? គ្រួសារ​នោះ​បាន​អធិស្ឋាន​ម្ដងទៀត ដោយ​សុំ​ក្ដីមេត្តា​ជា​លើក​ចុងក្រោយ—ថា​គ្រីស្តល​ដ៏​មាន​តម្លៃ​របស់​ពួកគេ​អាច​សម្រេច​បាន​គោលបំណង​របស់​នាង ។

« នៅ​គ្រា​ដែល​គ្រួសារ មែតវិន បាន​លុតជង្គង់​ចុះ​អធិស្ឋាន​នោះ ទ្រនិច​នាឡិកា​នៅ​ក្នុង​មជ្ឈមណ្ឌល​ស្តេក បាន​ចង្អុល​ប្រាប់​ថា​ម៉ោង ៧:៤៥ ។ ការប្រជុំ​ថ្នាក់ដឹកនាំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ការបំផុសគំនិត ។ ខ្ញុំ​បាន​រៀបចំ​ការឡើង​និយាយ​របស់​ខ្ញុំ ហើយ​បាន​ត្រៀមខ្លួន​ឡើង​លើ​វេទិកា ស្រាប់តែ​មាន​សំឡេង​មួយ​ថ្លែង​មក​កាន់​វិញ្ញាណ​របស់​ខ្ញុំ ។ សារលិខិត​នោះ​ខ្លី ហើយ​ពាក្យពេចន៍​មាន​ន័យ​ស្រដៀង​នេះ​ថា ៖ ‹ ​ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ › ។ ( ម៉ាកុស ១០:១៤ ) ។ អត្ថបទ​ឡើង​និយាយ​របស់​ខ្ញុំ​ប្រែជា​ស្រពិចស្រពិល ។ គំនិត​របស់​ខ្ញុំ​បែរ​ជា​ទៅ​ចាប់​អារម្មណ៍​លើ​ក្មេង​ស្រី​ដែល​ត្រូវការ​ការប្រសិទ្ធពរ​ទៅ​វិញ ។ ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត ។ កាលវិភាគ​ប្រជុំ​ត្រូវបាន​កែប្រែ ។ មនុស្ស​សំខាន់​ជាង​ការប្រជុំ​ណាៗ​ទាំងអស់ ។…

« ខ្ញុំ​នឹង​ចងចាំ​ជានិច្ច ហើយ​មិន​ដែល​ភ្លេច​ការធ្វើ​ដំណើរ​នា​ព្រឹក​ព្រលឹម​នោះ ទៅ​កាន់​ស្ថានសួគ៌​ដែល​ក្រុម​គ្រួសារ​មែតវិន​ហៅ​ថា​ជា​គេហដ្ឋាន ។…

« ក្រុមគ្រួសារ​នោះ​បាន​ឈរ​ជុំ​វិញ​គ្រែ​របស់​គ្រីស្តល ។ ខ្ញុំ​បាន​សម្លឹង​ទៅ​កុមារ​ដែល​ឈឺ​ដុនដាប​មិន​អាច​ក្រោក​បាន—ដែល​ស្ទើរតែ​មិន​អាច​និយាយ​បាន​ផង​នោះ ។ ជំងឺ​របស់​នាង​បាន​ធ្វើ​ឲ្យ​នាង​មើល​អ្វី​មិន​ឃើញ​ឡើយ ។ ខ្ញុំ​មាន​ព្រះវិញ្ញាណ​ខ្លាំង​ក្រៃ​កាល​ខ្ញុំ​លុតជង្គង់​ចុះ ចាប់​កាន់​ដៃ​ដ៏​ទន់ខ្សោយ​របស់​នាង ហើយ​បាន​ពោល​ថា ‹ គ្រីស្តល ខ្ញុំ​នៅ​ទីនេះ​ហើយ › ។ នាង​បាន​ហើប​មាត់ ហើយ​ពោល​ដោយ​ខ្សាវៗ​ថា ‹ បងប្រុស ម៉នសុន ខ្ញុំ​ពិតជា​ដឹង​ថា លោក​ប្រាកដ​ជា​មក › ។ ខ្ញុំ​បាន​មើល​ទៅ​ជុំ​វិញ​បន្ទប់ ។ គ្មាន​នរណា​ម្នាក់​បាន​ឈរ​នោះ​ទេ ។ ម្នាក់ៗ​បាន​លុតជង្គង់​ចុះ ។ ខ្ញុំ​បាន​ផ្ដល់​ការប្រសិទ្ធពរ ។ ស្នាម​ញញឹម​តិចៗ​បាន​លេច​ឡើង​លើ​ទឹកមុខ​របស់​គ្រីស្តល ។ នៅ​ពេល​បញ្ចប់​ការប្រសិទ្ធពរ នាង​បាន​ពោល​ខ្សាវៗ​ថា ‹ អរគុណ › ។…

« បួន​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ ព្រហស្បត្តិ៍ នៅ​ពេល​សមាជិក​សាសនាចក្រ​នៅ​ទីក្រុង ស្ស្រឺវផត បាន​ចូលរួម​កម្សាន្តចិត្ត​ជាមួយ​គ្រួសារ មែតវិន ហើយ​ឈ្មោះ​របស់​គ្រីស្តល ត្រូវបាន​គេ​ចងចាំ​នៅ​ក្នុង​ការអធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​ដ៏​សប្បុរស និង ជាទីស្រឡាញ់ នោះ​វិញ្ញាណ​របស់​គ្រីស្តល មែតវិន បាន​ចាកចោល​រូបកាយ​ដែល​រាតត្បាត​ដោយ​ជំងឺ​មហារីក​នោះ​ទៅ ហើយ​បាន​ចូល​ទៅ​ក្នុង​ទីសម្រាក​របស់​ព្រះ ។…

« ខ្ញុំ​សូម​ថ្លែង​ទៅ​កាន់​អ្នក ឱ​មិត្ត​កុមារ​ដ៏​តូច​របស់​ខ្ញុំ​ដែល​អង្គុយ​នៅ​ជួរ​ខាង​លើ​អើយ និង ទៅ​ដល់​អ្នក​ជឿ​នៅ​គ្រប់​ទីកន្លែង ខ្ញុំ​សូម​ថ្លែង​សាក្សី​ថា ព្រះយេស៊ូវ​នៃ​ណាសារ៉ែត ពិត​ជា​មាន​ព្រះទ័យ​ស្រឡាញ់​កុមារ​តូចៗ ថា​ទ្រង់​ស្ដាប់​ឮ​ការអធិស្ឋាន ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​ទាំងនោះ » (“The Faith of a Child,” Ensign,ខែ វិច្ឆិកា ឆ្នាំ ១៩៧៥ ទំព័រ ២០–២២ ) ។

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១១–១២ ដោយ​ស្វែងរក​ថ្លៃ​លោះ​ដែល​ព្រះអង្គ​សង្គ្រោះ យេស៊ូវគ្រីស្ទ បាន​បង់​ដើម្បី​ប្រោសលោះ​យើង ។ ( ឃ្លា « មនុស្ស​លោក​ទាំងអស់ » សំដៅ​លើ​មនុស្ស​គ្រប់គ្នា—គ្រប់​បុរស ស្ត្រី និង កុមារ ) ។ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១១ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​កាន់តែ​ស្រួល ) ។

ដោយសារតែ​តម្លៃ​នៃ​ព្រលឹង​នីមួយៗ​មហិមា​ណាស់ តើ​អ្នក​គិត​ថា ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ មាន​ព្រះទ័យ​ដូចម្ដេច​នៅ​ពេល​នរណា​ម្នាក់​ប្រែចិត្ត ហើយ​ទទួល​យក​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ? សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៣ រួច​ស្វែងរក​ការឆ្លើយតប​របស់​ព្រះអម្ចាស់ ។ សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ថា កាល​យើង​ប្រែចិត្ត​នោះ គឺ​យើង​នាំ​យក​សេចក្ដីអំណរ​ថ្វាយ​ព្រះអម្ចាស់ ។

យើង​រៀន​ចេញ​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៤ ថា ព្រះអម្ចាស់​បាន​ហៅ អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ ឲ្យ « ស្រែក​ប្រាប់​ពី​ការប្រែចិត្ត​ដល់​ប្រជាជន​នេះ » ។ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ៖ « ការស្រែក​ប្រាប់​ពី​ការប្រែចិត្ត មាន​ន័យ​យ៉ាង​សាមញ្ញ​ថា ជា​ការជួយ​មនុស្ស​ឲ្យ​ត្រឡប់​មក​រក​ព្រះ​វិញ » ( “Preparing for Your Spiritual Destiny” [ ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១០ ] ទំព័រ ៧speeches.byu.edu) ។

  1. journal iconសូម​ធ្វើ​បញ្ជី​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​មធ្យោបាយ​មួយ​ចំនួន​ដែល​យុវវ័យ​អាច​ជួយ​នរណាម្នាក់​ឲ្យ​ប្រែចិត្ត ឬ ត្រៀមខ្លួន​ត្រឡប់​មក​រក​ព្រះ​វិញ ។

សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៥–១៦ ដោយ​រក​មើល​ពី​អ្វី​ដែល​បុគ្គល​ម្នាក់ៗ​ទទួល​បទពិសោធន៍ នៅ​ពេល​ពួកគេ​ជួយ​មនុស្ស​ម្នាក់​ឲ្យ​មក​រក​ព្រះយេស៊ូវគ្រីស្ទ ។ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៥-១៦ គឺ​ជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​កាន់តែ​ស្រួល ) ។ សូម​បំពេញ​គោលការណ៍​ដូច​តទៅ​នេះ ដោយ​ផ្អែកទៅលើ​ការសន្យា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ៖ ប្រសិនបើ​យើង​ជួយ​មនុស្ស​ដទៃ​ឲ្យប្រែចិត្ត ហើយ​មក​រក​ព្រះអម្ចាស់ លំដាប់​នោះ​សេចក្ដី​អំណរ​របស់​យើង

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​បទពិសោធន៍​មួយ​ដែល​អ្នក ឬ នរណាម្នាក់​ដែល​អ្នក​ស្គាល់ បាន​ទទួល​បទពិសោធន៍​នៃ​សេចក្ដីអំណរ​ក្នុង​ការជួយ​មនុស្ស​ឲ្យ​ប្រែចិត្ត ឬ កាន់តែ​រីកចម្រើន​ទៅ​ជិត​ព្រះអម្ចាស់ ។ ក៏​សូម​សរសេរ​អំពី​ការណ៍​មួយ ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ជួយ​ក្នុង​កិច្ចការ​ជួយ​សង្គ្រោះ​ព្រលឹង​ផងដែរ ។ សូម​ពិចារណា​អំពី​បុគ្គល​ជាក់លាក់ទាំងឡាយ​ដែល​អ្នក​អាច​នឹង​ជួយ ។

scripture mastery icon
ចំណេះចំណាន​ខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១១

សូម​សរសេរ​ពាក្យពេចន៍​ដែល​មាន​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១១ ដាក់​នៅ​លើ​បណ្ណ ឬ ក្រដាស​មួយ​សន្លឹក​តូច ។ សូម​ដាក់​វា​តាម​ខ្លួន​អ្នក ហើយ​បើក​មើល​វា​យូរៗម្ដង ពេញ​មួយ​ថ្ងៃ ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​ពី​តម្លៃ​របស់​អ្នក និង តម្លៃ​របស់​មនុស្ស​ដទៃ​ចំពោះ​ព្រះនេត្រ​របស់​ព្រះ ។

  1. journal iconសូម​សរសេរ​ឃ្លា​ដូចតទៅ​នេះ​ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​សរសេរ​ឈ្មោះ​របស់​អ្នក​នៅ​ក្នុង​ចន្លោះ​ទាំងឡាយ ៖ តម្លៃ​នៃ គឺ​មហិមា​ណាស់ ទើប​ព្រះយេស៊ូវគ្រីស្ទ បាន​រងទុក្ខ ហើយ​សុគត ដើម្បី អាច​ប្រែចិត្ត ហើយ​ត្រឡប់​ទៅ​ឯ​ព្រះវរបិតាសួគ៌​វិញ ។ បន្ទាប់​មក​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    1. តើ​ការស្គាល់​ពី​សេចក្ដីពិត​នេះ អាច​មាន​អានុភាព​លើ​របៀប​ដែល​អ្នក​មើល​ឃើញ​ពី​ខ្លួន​ឯង​យ៉ាង​ដូចម្ដេច​ដែរ ?

    2. តើ​ការចងចាំ​ពី​ថ្លៃ​លោះ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង់​សម្រាប់​ព្រលឹង​នៃ​មនុស្ស​ដទៃ មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ប្រព្រឹត្ត​ចំពោះ​ពួកគេ​យ៉ាង​ដូចម្ដេច​ដែរ ?

scripture mastery icon
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៥–១៦

សូម​សុំ​ជំនួយ​ពី​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់​ដើម្បី​ជួយ​អ្នក​ទន្ទេញ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៥–១៦ ។ សូម​ឲ្យ​ម្នាក់​ចាប់ផ្ដើម​ជាមួយ​ឃ្លា​ទី​មួយ​នៃ​វគ្គ​ចំណេះចំណាន​ខគម្ពីរ ដូច​មាន​បង្ហាញ​ខាងក្រោម ។ បន្ទាប់​មក មនុស្ស​ម្នាក់​ទៀត​នឹង​ព្យាយាម​សូត្រ​ឃ្លា​ទីមួយ​ឡើង​វិញ​ចេញ​ពី​ការចងចាំ រួច​ក្រោយមក​បន្ថែម​ឃ្លា​បន្ទាប់​ទៀត ។ សូម​ធ្វើ​ដំណើរការ​នេះ​ម្ដងហើយ​ម្ដងទៀត ដោយ​ឆ្លាស់គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដោយ​សូត្រ​ឃ្លា​មុនៗ រួច​បន្ថែម​ឃ្លា​នៃ​វគ្គបទគម្ពីរ​មួយ​ឃ្លា​ម្ដងៗ​រហូត​ដល់​អស់ ។ អ្នក​អាច​នឹង​ចង់​ធ្វើ​ដំណើរការ​នេះ​ម្ដងហើយ​ម្ដងទៀត រហូត​ដល់​អ្នក​បាន​សូត្រ​វគ្គបទគម្ពីរ​នេះ​ចប់​បាន​បួន​ប្រាំ​ដង ។

« ហើយ​បើ​សិនជា​អ្នក​ត្រូវ​ធ្វើការ​អស់​មួយ​ជីវិត​អ្នក »

« ដោយ​ស្រែក​ប្រាប់​ពី​ការប្រែចិត្ត​ដល់​ប្រជាជន​នេះ »

« ហើយ​គ្រាន់តែ​នាំ​ព្រលឹង​តែ​មួយ​គត់​មក​រក​យើង »

« នោះ​អ្នក​នឹង​មាន​សេចក្តីអំណរ​ដ៏​មហិមា​ជាមួយ​អ្នក​នោះ »

« នៅ​ក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង ! »

« ហើយ​ឥឡូវនេះ បើសិនជា​អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា​ដល់​ព្រលឹង​តែ​មួយ »

« ហើយ​យ៉ាងណាទៅ ដែល​អ្នក​បាន​នាំ​មក​រក​យើង »

« នៅ​ក្នុង​នគរ​នៃ​ព្រះវរបិតា​របស់​យើង »

« នោះ​អ្នក​នឹង​មាន​សេចក្តីអំណរ​ដ៏​មហិមា »

« បើសិនជា​អ្នក​បាន​នាំ​ព្រលឹង​ជាច្រើន​មក​រក​យើង ! »

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន អំពី​អ្វី​ដែល​អ្នក​បាន​ទន្ទេញ​ចាំ​ពី​វគ្គ​ចំណេះចំណាន​ខគម្ពីរ​នេះ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៧-២៥

ព្រះយេស៊ូវគ្រីស្ទ បង្រៀន អូលីវើរ ខៅឌើរី និង ដាវីឌ វិតមើរ អំពី​ព្រះចេស្ដា​នៃ​ព្រះនាម​ទ្រង់

សូម​គិត​អំពី​គោត្តនាម ( នាម​ត្រកូល ) របស់​អ្នក​មួយ​ភ្លែត ។ តើ​អ្នក​ធ្លាប់​ពិចារណា​អំពី​ពរជ័យ និង ការទទួលខុសត្រូវ​ទាំងឡាយ ដែល​កើតឡើង​ពី​ការមាន​ឈ្មោះ​របស់​អ្នក និង ការធ្វើជា​កម្មសិទ្ធិ​របស់​ក្រុមគ្រួសារ​អ្នក​ដែរ​ឬ​ទេ ? ឯកសិទ្ធិ​ទាំងនេះ​មួយ​ចំនួន អាច​រួមបញ្ចូល​ទាំង​សេចក្ដីស្រឡាញ់ និង ការទទួល​យក ទីកន្លែង​រស់នៅ សុវត្ថិភាព និង មនុស្ស​មើលថែ​អ្នក ។ ការទទួលខុសត្រូវ​របស់​អ្នក អាច​រួមបញ្ចូល​ទាំង​ការប្រព្រឹត្ត​ដោយការគោរព​ចំពោះ​សមាជិក​គ្រួសារ ការធ្វើការងារ​ផ្ទះ និង ការធ្វើ​ឲ្យ​គ្រួសារ​មាន​ឈ្មោះ​ល្អ ។

ទោះជា​អ្នក​ពុំ​មាន​គ្រួសារ​ល្អ និង មាន​អារម្មណ៍​ថា ឈ្មោះ​គ្រួសារ​អ្នក​ពុំ​សំខាន់​ក៏​ដោយ ក៏​អ្នក​បាន​លើកដាក់​មក​លើ​ខ្លួន​របស់​អ្នក​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ កាល​អ្នក​បាន​ទទួល​បុណ្យជ្រមុជទឹក​ដែរ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៧–២៥ រួច​ស្វែងរក​ឯកសិទ្ធិ និង ការទទួលខុសត្រូវ​ទាំងឡាយ ដែល​កើតឡើង​ពី​ការលើកដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះនាម​របស់​ទ្រង់ ។ សូម​សរសេរ​ចម្លើយ​របស់​អ្នក​នៅ​ក្នុង​តារាង​ខាង​ក្រោម​នេះ ៖

ឯកសិទ្ធិ

ការទទួលខុសត្រូវ

យោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២៣ ហេតុអ្វី​បាន​ជា​ចាំបាច់​សម្រាប់​យើង​ក្នុង​ការលើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ?

  1. journal iconសូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​មនុស្ស​ដទៃ​ដឹង​ថា អ្នក​បាន​លើក​ដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២៦-៤៧

ព្រះអម្ចាស់​បើកសម្ដែង​អំពី​ការហៅ និង បេសកកម្ម​នៃ​ពួកសាវក​ដប់ពីរ​នាក់

នៅ​ក្នុង​សន្និសីទ​ដំបូង​ក្នុង​នាម​ជា​សាវក​ដែល​ទើបតែ​បាន​ហៅ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​មាន​ប្រសាសន៍​ថា ៖

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ប្រាកដណាស់ វា​គឺ​ជា​សេចក្ដី​រំភើប និង សេចក្ដីអំណរ​ដ៏​ធំ​ដែល​ខ្ញុំ​មាន​ឱកាស​ដូចជា​នីហ្វៃ​បាន​ថ្លែង​ដើម្បី ‹ និយាយ​អំពី​ព្រះគ្រីស្ទ…អររីករាយ​ក្នុង​ព្រះគ្រីស្ទ…ផ្សាយ​អំពី​ព្រះគ្រីស្ទ [ និង ] ព្យាករ​អំពី​ព្រះគ្រីស្ទ › (នីហ្វៃទី២ ២៥:២៦) នៅ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​នឹង​ទៅ និង គ្រប់​មនុស្ស​ដែល​ខ្ញុំ​នឹង​ជួប ដរាប​ដល់​ខ្ញុំ​ឃើញ​ថា នេះ​ជា​វិនាទី​ចុងក្រោយ​នៃ​ដង្ហើម​ជីវិត​របស់​ខ្ញុំ ។ ប្រាកដណាស់ គ្មាន​គោលបំណង ឬ ឯកសិទ្ធិ​ណា​ប្រសើរ​ជាង ‹ [ សាក្សី ] ពិសេស​អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ​នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក › នោះ​ទេ (គ. និង ស. ១០៧:២៣) ។

« …លើស​ពី​ពាក្យសម្ដី និង ការបង្រៀន និង ទីបន្ទាល់​ដែល​បាន​ថ្លែង​របស់​ខ្ញុំ នោះ​ជីវិត​របស់​ខ្ញុំ​ក៏​ត្រូវតែ​ជា​ផ្នែក​ក្នុង​ទីបន្ទាល់​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ដែរ ។ តួអង្គ​របស់ខ្ញុំ ត្រូវ​តែ​ឆ្លុះបញ្ចាំង​អំពី​ទេវភាព​នៃ​កិច្ចការ​នេះ។ ខ្ញុំ​ពុំ​អាច​ទទួល​វា​បានទេ បើ​អ្វី​ណាមួយ​ដែលខ្ញុំ​និយាយ ឬ​ធ្វើ ដែល​នឹង​បង្អាក់​សេចក្ដីជំនឿ​របស់អ្នក​ទៅលើ​ព្រះគ្រីស្ទ បង្អាក់​សេចក្ដីស្រឡាញ់​របស់អ្នក​ចំពោះ​សាសនាចក្រ​នេះ ឬ​បង្អាក់​ការ​គោរព​របស់អ្នក​ចំពោះ​ភាព​ជា​សាវក​ដ៏បរិសុទ្ធ​នោះ។

« ខ្ញុំ​សន្យា​នឹង​អ្នក-- ដូច​ខ្ញុំ​បាន​សន្យា​នឹង​ព្រះអម្ចាស់ និង​បុរស​ទាំងនេះ--ថា ខ្ញុំ​នឹង​ព្យាយាម​ដើម្បី​រស់នៅ​ដ៏សក្ដិសម​តាម​ទំនុក​ចិត្ត​នេះ ហើយ​បម្រើ​ដោយ​ពេញ​រង្វាស់​នៃ​សមត្ថភាព​របស់ខ្ញុំ » (Miracles of the Restoration » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៤, ៣១ ) ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​អំពី​ការហៅ និង បេសកកម្ម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២៦–៣២, ៣៧–៤៧ ។

  1. journal iconយោង​តាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២៦–២៩ ពួក​សាវក​ដប់ពីរ​នាក់​ត្រូវបាន​ហៅ​ឲ្យ​ផ្សាយ និង ចាត់ចែង​ដំណឹងល្អ​ទៅ​កាន់​ពិភពលោក​ទាំងមូល ។ សូម​អាន ខទី ៣០–៣២ រួច​កត់ត្រា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​ការណ៍​ដទៃ​ទៀត ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា​ពួកសាវក​ដប់ពីរ​នាក់​ត្រូវ​ធ្វើ ។

ហេតុអ្វី​បាន​ជា​សំឡេង​មួយ​ចំនួន​ងាយស្រួល​ស្គាល់​ជាង​ជា​សំឡេង​ដទៃ​ទៀត ? តើ​អ្នក​ធ្លាប់​ឃើញ​ថា វា​មាន​ការលំបាក​ក្នុង​ស្គាល់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​កាល​ទ្រង់​មាន​ព្រះបន្ទូល​មក​កាន់​អ្នក​ដែរ​ឬ​ទេ ?

យើង​អាច​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​បាន​តាម​រយៈ​ពួក​អ្នក​បម្រើ​ទ្រង់ ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨ ព្រះអម្ចាស់​បាន​ពន្យល់​ពី​របៀប​បន្ថែម ដែល​យើង​អាច​ឮ ហើយ​ស្គាល់​ព្រះសូរសៀង​របស់​ទ្រង់ ។ សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៣៤–៣៦, ៤៧ ដោយ​ស្វែងរក​របៀប​សំខាន់​មួយ​នេះ ដែល​ព្រះអម្ចាស់​ទ្រង់​ធ្វើ​ការទាក់ទង​មក​យើង ។ នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៣៤ ឃ្លា « ព្រះបន្ទូល​ទាំងនេះ » សំដៅ​លើ​វិវរណៈ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន ដែល​មាន​ចែង​នៅ​ក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ។ យោងតាម​ខគម្ពីរ​ទាំងនេះ តើ​អ្នក​នឹង​ថ្លែង​ដូចម្ដេច​ទៅ​កាន់​មនុស្ស​ម្នាក់ ដែល​ចង់​ដឹង​ពី​របៀប​ដែល​យើង​អាច​ឮ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​យើង ?

សូម​សរសេរ​គោលការណ៍​នេះ​ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ឬ សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ យើង​អាច​ឮ​ព្រះ​សូរសៀង​នៃ​ព្រះយេស៊ូវគ្រីស្ទ បាន​នៅ​ពេល​យើង​អាន​ព្រះគម្ពីរ​ដោយ​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យើង​អាច​ឮ​ព្រះសូរសៀង​នៃ​ព្រះអម្ចាស់​តាម​របៀប​នានា ដែល​មិនមែន​ឮ​នៅ​ក្នុង​ត្រចៀក​របស់​យើង​នោះ​ទេ ។ តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ទទួល​បាន​អារម្មណ៍ និង សារលិខិត​ចូល​ទៅ​ក្នុង​គំនិត និង ដួងចិត្ត​របស់​យើង ( សូម​មើល គ. និង ស. ៨:២–៣ ) ។ អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « នៅ​ពេល​យើង​អាន ហើយ​សិក្សា​អំពី​វិវរណៈ នោះ​ព្រះវិញ្ញាណ​អាច​បញ្ជាក់​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​នូវ​សេចក្ដីពិត​នៃ​អ្វី​ដែល​យើង​កំពុង​ស្វែងយល់ គឺ​តាម​របៀប​នេះ​ហើយ ដែល​ព្រះសូរសៀង​នៃ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​យើង​ម្នាក់ៗ » ( “Marvelous Are the Revelations of the Lord,” Ensign,ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៣២ ) ។

សូម​គិត​អំពី​បទពិសោធន៍​មួយ​នៅ​ពេល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​ទ្រង់​បំផុសគំនិត​អ្នក​នៅ​ពេល​អ្នក​អាន ឬ ពិចារណា​អំពី​បទគម្ពីរ​ទាំងឡាយ ។ សូម​ពិចារណា​ទៅ​លើ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការដឹង​ថា ព្រះវិញ្ញាណបរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ស្ដាប់​ឮ​ព្រះសូរសៀង​នៃ​ព្រះអង្គ​សង្គ្រោះ​នៅ​ពេល​អ្នក​អាន​ព្រះបន្ទូល​របស់​ទ្រង់ មាន​អានុភាព​លើ​របៀប​ដែល​អ្នក​ពិចារណា​អំពី​បទគម្ពីរ​ទាំងឡាយ​យ៉ាង​ដូចម្ដេច ?

  • តើ​សេចក្ដីពិត​នោះ​អាច​បង្ហាញ​ផ្លូវ​ដល់​អ្នក​យ៉ាង​ដូចម្ដេច ដើម្បី​ជ្រើសរើស​ពេលវេលា ទីកន្លែង ឬ បរិយាកាស​ជុំ​វិញ​នៅ​ពេល​ដែល​អ្នក​អាន​ព្រះគម្ពីរ ?

  1. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៨ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖