មេរៀនទី ៧ ៖ ថ្ងៃទី ១
គោលលទ្ធិ និង សេចក្តីសញ្ញា ២៤-២៦
បុព្វកថា
សេចក្ដីបៀតបៀនទាស់នឹងព្យាការី យ៉ូសែប ស៊្មីធ និង សមាជិកសាសនាចក្រ បានចាប់ផ្ដើមកាន់តែខ្លាំងឡើងក្នុងរដូវក្ដៅឆ្នាំ ១៨៣០ ។ អំឡុងគ្រាដ៏តឹងតែងនេះ ព្រះអម្ចាស់បានចម្រើនកម្លាំង ហើយបានណែនាំដល់ យ៉ូសែប ស៊្មីធ អិមម៉ា ស៊្មីធ និង ថ្នាក់ដឹកនាំដទៃទៀតនៃសាសនាចក្រ តាមរយៈវិវរណៈទាំងឡាយដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៤–២៦ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ២៤
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ទទួលបានឱវាទអំពីការហៅរបស់ពួកលោក
សូមគិតអំពីថ្ងៃ ឬ សប្ដាហ៍ណាមួយដែលមានសភាពលំបាក ឬ បរាជ័យ ដែលអ្នកធ្លាប់ជួបប្រទះ ។ តើអ្នកបានដោះស្រាយនឹងភាពលំបាក ដែលអ្នកបានជួបប្រទះនោះយ៉ាងដូចម្ដេច ?
ព្យាការី យ៉ូសែប ស៊្មីធ បានជួបនឹងគ្រាលំបាកជាច្រើននៅក្នុងជីវិតរបស់លោក ។ គ្រានោះបានកើតឡើងក្នុងរដូវក្ដៅឆ្នាំ ១៨៣០ ។ ក្នុងខែ មិថុនា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ និងសហការីពីរបីនាក់ បានចេញទៅ ខូលស្វិល រដ្ឋនូវយ៉ោក ដើម្បីជួបនឹងមនុស្សដែលចាប់អារម្មណ៍ចង់ទទួលពិធីបុណ្យជ្រមុជទឹក ។ ស្ទឹងមួយកន្លែងត្រូវបានទប់ទឹកដើម្បីរៀបចំធ្វើពិធីបុណ្យជ្រមុជទឹកនៅថ្ងៃបន្ទាប់នោះ ( គឺថ្ងៃអាទិត្យ ) ប៉ុន្តែ មានមនុស្សកំណាចមួយក្រុមបានមកទម្លាយទំនប់នោះនៅពេលយប់ ។
នៅព្រឹកថ្ងៃចន្ទ ទំនប់ទឹកត្រូវបានសង់ឡើងវិញ ហើយមនុស្សចំនួន ១៣ នាក់ត្រូវបានទទួលបុណ្យជ្រមុជទឹក រួមទាំង អិមម៉ា ស៊្មីធ ផង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលពិធីបុណ្យជ្រមុជទឹកបានបង្ហើយ មានក្រុមមនុស្សកំណាចប្រមាណ ៥០ នាក់ បានប្រមូលគ្នាមកជេរប្រមាថ ហើយគំរាមកំហែងថានឹងធ្វើទុក្ខទោសដល់ពួកបរិសុទ្ធ ។
នៅល្ងាចនោះដែរ ពួកបរិសុទ្ធបានជួបជុំធ្វើពិធីបញ្ជាក់ដល់អស់អ្នកដែលបានធ្វើបុណ្យជ្រមុជទឹកកាលពីព្រឹក ប៉ុន្តែ នៅពីមុនពិធីបញ្ជាក់នោះអាចត្រូវបានធ្វើឡើង យ៉ូសែប ត្រូវគេចាប់ខ្លួនអំពីបទ « រំខានដល់អ្នកដទៃ ធ្វើឲ្យប្រទេសមានភាពចលាចលដោយការប្រកាសពីព្រះគម្ពីរមរមន » ( យ៉ូសែប ស៊្មីធ នៅក្នុង History of the Church ១:៨៨ ) ។
នៅតាមផ្លូវទៅកាន់សាលាក្ដី យ៉ូសែប បានរួចផុតពីមនុស្សកំណាចដោយមានជំនួយពីមន្ត្រីប៉ូលីសដ៏សប្បុរសមួយរូប ។ បន្ទាប់ពីបានចូលសាលាក្ដី ហើយបានសម្រេចក្ដីដោះលែងខ្លួនពីបទចោទប្រកាន់ទាំងឡាយហើយនោះ យ៉ូសែប ត្រូវបានចាប់ខ្លួនម្តងទៀតភ្លាមៗនៅទីក្រុងមួយផ្សេងទៀត ។ នៅយប់នោះ យ៉ូសែប ត្រូវបានគេចំអក និងរំលោភបំពានដោយ « មនុស្សមួយក្រុម ដែលប្រើគ្រប់មធ្យោបាយដើម្បីរំលោភបំពាន ចំអក ពោលពាក្យប្រមាថ » ដល់លោក ( យ៉ូសែប ស៊្មីធ នៅក្នុង History of the Church, ១:៩១ ) ។ នៅព្រឹកបន្ទាប់ យ៉ូសែប បានចូលសាលាក្ដីសាជាថ្មី ហើយលោកត្រូវបានសម្រេចក្ដីដោះលែងខ្លួនម្ដងទៀត ហើយបានរួចផុតពីមនុស្សកំណាចមួយក្រុមទៀតនៅតាមផ្លូវត្រឡប់មកផ្ទះវិញ ។
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានព្យាយាមជួបជុំសមាជិកដែលទើបតែបានទទួលពិធីបុណ្យជ្រមុជទឹកនៅ ខូលស្វិល ម្ដងទៀត ប៉ុន្តែ ក្រុមមនុស្សកំណាចបានមកប្រមូលគ្នានៅបន្ទាប់ពីពួកលោកបានទៅដល់ ។ យ៉ូសែប និង អូលីវើរ បានបង្ខំចិត្តគេចខ្លួន ហើយគ្រាន់តែពួកលោកបានភៀសខ្លួនបានបន្តិច ក្រុមមនុស្សកំណាចបានដេញតាមពួកលោកពេញមួយយប់ ។
យ៉ូសែប បានមានប្រសាសន៍អំពីគ្រាដ៏តានតឹងនេះថា « ដោយមិនគិតពីភាពឃោរឃៅទាំងឡាយដែលសត្រូវរបស់យើងមាននោះទេ យើងនៅតែមានការលួងលោមចិត្តជាច្រើន ថែមទាំងមានរឿងជាច្រើនបានកើតឡើងដើម្បីពង្រឹងសេចក្ដីជំនឿ ហើយធ្វើឲ្យចិត្តយើងរីករាយឡើង » ( នៅក្នុង History of the Church, ១:១០១ ចំពោះដំណើររឿងរបស់ យ៉ូសែប ស៊្មីធ ក្នុងព្រឹត្តិការណ៍នេះនៅ ខូលស្វិល សូមមើល History of the Church, ១:៨៦–៩៧ ទំព័រ ១០១ ) ។
សូមអានក្បាលជំពូកនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២៤ ដោយស្វែងរកគោលបំណងនៃវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២៤–២៦ ។
-
សូមបំពេញលំហាត់ខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមគូសតារាងពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមសរសេរនៅក្នុងតារាងទីមួយដាក់ចំណងជើងថា ពង្រឹង ហើយលើកទឹកចិត្ត សូមសរសេរនៅក្នុងតារាងទីពីរដាក់ចំណងជើងថា ណែនាំ ។ សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៤:១–១២ រួចបង្កើតបញ្ជីនៃឃ្លាទាំងឡាយណា ដែលអាចពង្រឹង ហើយលើកទឹកចិត្ត ឬ ណែនាំដល់ យ៉ូសែប និង អូលីវើរ ដាក់នៅក្នុងតារាងត្រឹមត្រូវ ។
-
សូមជ្រើសរើសឃ្លាមួយចេញពីតារាង ដែលមានអត្ថន័យចំពោះអ្នក ។ សូមសរសេរប្រយោគចំនួនពីរទៅបី ដោយពន្យល់អំពីរបៀបដែលការលើកទឹកចិត្ត ឬ ការណែនាំដ៏ជាក់លាក់នោះពីព្រះអម្ចាស់ អាចនឹងជួយនរណាម្នាក់ដែលកំពុងឆ្លងកាត់បទពិសោធន៍ដ៏លំបាកមួយ ។
-
សេចក្ដីថ្លែងការណ៍ដ៏សំខាន់មួយអំពីការលើកទឹកចិត្ត និង ការណែនាំមកពីព្រះអម្ចាស់មានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៤:៨ ។ សូមសរសេរជាពាក្យរបស់អ្នកផ្ទាល់ អំពីគោលការណ៍ដែលបានបង្រៀននៅក្នុងខគម្ពីរនេះ ៖
ការឈឺចាប់គឺជាបុព្វហេតុ ឬ ស្ថានភាពនៃការរងទុក្ខ ទុក្ខព្រួយ ឬ សេចក្ដីលំបាក ។ តើអ្នកគិតថាវាមានន័យដូចម្ដេច ដើម្បី « អត់ធន់ក្នុងការឈឺចាប់ » ហើយ « ទ្រាំទ្រចុះ » ? ការអត់ធន់ និង ការទ្រាំទ្រការឈឺចាប់របស់យើងពុំមែនងាយស្រួលជានិច្ចនោះទេ ប៉ុន្តែព្រះអម្ចាស់សន្យាថា ទ្រង់នឹងគង់នៅជាមួយយើងក្នុងអស់ទាំងការឈឺចាប់នោះ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកធ្លាប់ឃើញនរណាម្នាក់អនុវត្តការអត់ធន់ ហើយបន្តស្មោះត្រង់ខណៈទ្រាំទ្រការឈឺចាប់ដែរឬទេ ?
-
តើបុគ្គលនេះថ្លែងដូចម្ដេច ឬ តើអ្នកបានឃើញអ្វី ដែលបង្ហាញថាព្រះអម្ចាស់បានគង់នៅជាមួយនឹងបុគ្គលរូបនេះ ?
-
តើការមានសេចក្ដីជំនឿថាព្រះអម្ចាស់នឹងគង់ជាមួយអ្នកនៅគ្រានៃការសាកល្បង ជួយអ្នកឲ្យមានភាពក្លាហាន និង ភាពរឹងមាំដើម្បីធ្វើកិច្ចការលំបាកៗយ៉ាងដូចម្ដេច ?
-
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៤:១៣–១៩ ព្រះអម្ចាស់បានប្រទានការណែនាំបន្ថែមដល់ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី អំពីរបៀបបំពេញការហៅរបស់ពួកលោក និង អំពីអ្វីដែលនឹងកើតឡើងចំពោះជនទាំងឡាយណាដែលបដិសេធ ហើយជំទាស់ពួកលោក ។
គោលលទ្ធិ និង សេចក្តីសញ្ញា ២៥
អិមម៉ា ស៊្មីធ ទទួលបានឱវាទអំពីករណីយកិច្ចរបស់នាងក្នុងគ្រួសារ និង ក្នុងសាសនាចក្រ
ដូចបានលើកឡើងពីមុនដែរថា អិមម៉ា ស៊្មីធ គឺជាម្នាក់ក្នុងក្រុមដែលបានទទួលពិធីបុណ្យជ្រមុជទឹកនៅ ខូលស្វិល រដ្ឋ នូវ យ៉ោក ក្នុងខែ មិថុនា ឆ្នាំ ១៨៣០ ប៉ុន្តែ ដោយសារតែមានការបៀតបៀនពីសំណាក់ក្រុមមនុស្សកំណាច នោះនាងពុំបានទទួលពិធីបញ្ជាក់រហូតដល់ដើមខែសីហា ( សូមមើល History of the Church, ១:១០៦ ទំព័រ ១០៨ ) ។ មានគ្រាមួយនៅចន្លោះពេលដែល អិមម៉ា បានទទួលពិធីបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ នោះព្យាការី យ៉ូសែប បានទទួលវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានប្រទានការលួងលោមចិត្ត និង ការណែនាំសម្រាប់ អិមម៉ា ដែលនឹងដកពិសោធការសាកល្បង ហើយធ្វើការលះបង់ដ៏ធំធេងពេញមួយជីវិតរបស់នាង ។
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥ ។ បន្ទាប់មក សូមគិតអំពីការលួងលោមចិត្ត និង ឱវាទ ដែលបានប្រទានដល់ អិមម៉ា នៅក្នុងវិវរណៈនេះ នៅពេលអ្នកអានសេចក្ដីពិស្ដារខាងក្រោមនេះទាក់ទងនឹងជីវិតរបស់នាង ៖
អិមម៉ា ហេល ស៊្មីធ បានដឹងក្ដីឡើងនៅក្នុងគ្រួសារស្ដុកស្ដមមួយ ប៉ុន្តែ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ហើយ នាងបានរស់នៅក្នុងស្ថានភាពដ៏លំបាកក្រៃលែង ។ នាងបានធ្វើជាស្មៀន កាលយ៉ូសែប បានបកប្រែផ្ទាំងចំណារមាសនៅពេលទើបតែចាប់ផ្ដើមការបកប្រែ ។ ទោះជានាងបានឃើញជាញឹកញាប់នូវផ្ទាំងចំណារដាក់ទុកនៅលើតុ ដោយមានក្រណាត់ឯកទេសគ្របពីលើក្ដី ក៏នាងពុំដែលបង្ហើបក្រណាត់ដើម្បីមើលផ្ទាំងចំណារនោះដែរ ។
កូនទាំងបីនាក់ដំបូងរបស់យ៉ូសែប និង អិមម៉ាបានស្លាប់ មិនយូរប៉ុន្មានក្រោយពេលដែលបានកើតមក ។ ពេញមួយជីវិតនាង នាងបានទ្រាំទ្រការស្លាប់នៃកូនបង្កើតប្រាំនាក់ និង កូនចិញ្ចឹមម្នាក់ ។ មិនតែប៉ុណ្ណោះទេ នាង ព្រមទាំងស្វាមីរបស់នាង បានលុយកាត់សេចក្ដីបៀតបៀនឥតស្រាកស្រាន្ត ។ ពេញមួយជីវិតអាពាហ៍ពិពាហ៍របស់ពួកលោក យ៉ូសែប និង អិមម៉ា បានបង្ខំចិត្តចាកចោលផ្ទះសម្បែងខ្លួនដោយសារតែការគំរាមកំហែងពីសំណាក់ក្រុមមនុស្សកំណាច ។ ផ្ទះរបស់ អិមម៉ា ត្រូវបានមនុស្សកំណាចទម្លាយចូល ជាញឹកញាប់ នាងត្រូវផ្លាស់ទីលំនៅចេញពីផ្ទះខ្លួនទៅរស់នៅជាមួយមនុស្សដទៃ អាស្រ័យទៅលើសណ្ដានចិត្តរបស់ពួកគេដើម្បីបានទីស្នាក់នៅបណ្ដោះអាសន្ន នៅទីបំផុត យ៉ូសែបជាស្វាមីសំណព្វចិត្តរបស់នាងត្រូវបានគេចាប់យកទៅ ហើយធ្វើឃាត ។
-
ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ អិមម៉ា ស៊្មីធ ឲ្យ « ធ្វើការជម្រើសយកទំនុកសរសើរតម្កើងព្រះដ៏ពិសិដ្ឋទាំងឡាយ … ដើម្បីឲ្យមាននៅក្នុងសាសនាចក្ររបស់យើង » ( គ. និង ស. ២៥:១១ ) ។ សូមរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១២ រួចឆ្លើយសំណួរខាងក្រោមនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថាឃ្លា « បទចម្រៀងពីចិត្ត » មានអត្ថន័យដូចម្ដេច ?
-
តើ « បទចម្រៀងនៃពួកសុចរិត » គឺជាបទអធិស្ឋានតាមរបៀបណា ?
-
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ៖
« តន្ត្រីអាចពង្រីកជីវិតរបស់អ្នក ។ តន្ត្រីអាចស្អាង និងបំផុសដល់អ្នក និងជួយអ្នកឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ ។ តន្ត្រីមាននូវឥទ្ធិពលដ៏ជ្រាលជ្រៅទៅលើគំនិត វិញ្ញាណ និង អាកប្បកិរិយារបស់អ្នក ។
ចូរជ្រើសរើសតន្ត្រីសម្រាប់ស្តាប់ ដោយប្រុងប្រយ័ត្ន ។ សូមយកចិត្តទុកដាក់ពីអារម្មណ៍ដែលអ្នកមាន នៅពេលដែលអ្នកស្តាប់ ។ តន្ត្រីមួយចំនួន អាចនាំមកនូវវិញ្ញាណអារក្ស និងសារដែលបំផ្លិចបំផ្លាញ ។ សូមកុំស្តាប់តន្រ្តីណាដែលលើកទឹកចិត្តឲ្យមានភាពអសីលធម៌ ឬតម្កើងដល់ហិង្សាតាមរយៈទំនុក ចង្វាក់ភ្លេង ឬប្រពលភាពរបស់វាឡើយ ។ ចូរកុំស្តាប់តន្ត្រីដែលប្រើភាសាអសុរស ឬថោកទាប ឬលើកតម្កើងការធ្វើអាក្រក់នោះឡើយ ។ តន្ត្រីប្រភេទនេះ អាចបណ្ដាលឲ្យការយល់ដឹងខាងវិញ្ញាណរបស់អ្នកចុះអន់ថយបាន » (ដើម្បីកម្លាំងនៃយុវជន[កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២២) ។
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីធ្វើឲ្យខ្លួនអ្នក រុំព័ទ្ធទៅដោយតន្ត្រីដែលសក្ដិសម ?
-
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៦ ឱវាទ និង ការសន្យាទាំងឡាយ ដែលត្រូវបានប្រទានដល់ អិមម៉ា ស៊្មីធ នៅក្នុងវិវរណៈនេះ ក៏អនុវត្តចំពោះយើងម្នាក់ៗផងដែរ ។ សូមបំពេញកិច្ចការខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ចេញពីអ្វីដែលអ្នកបានអាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ សូមសរសេរឲ្យបានយ៉ាងហោចណាស់បួនគោលការណ៍ ដែលអ្នកបានរៀនចេញពីឱវាទដែលបានប្រទានដល់ អិមម៉ា ។ ( ឧទាហរណ៍ បើយើងរក្សាព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ នោះយើងនឹងទទួលបានមកុដនៃសេចក្ដីសុចរិត [ ខទី ១៥ ] ដែលជានិមិត្តរូបនៃការទទួលបានសិរីល្អសេឡេស្ទាលក្នុងនគរព្រះ ) ។
-
សូមជ្រើសរើសគោលការណ៍មួយ ដែលអ្នកបានសរសេរក្នុងបញ្ជី ដែលអ្នកទទួលអារម្មណ៍ថាត្រូវនឹងអ្នក រួចសរសេរអំពីរបៀបដែលអ្នកអាចអនុវត្តគោលការណ៍នេះនៅក្នុងជីវិតរបស់អ្នកនាពេលឥឡូវនេះ ។
-
ព្រះអម្ចាស់បានមានព្រះបន្ទូលថា អិមម៉ា ស៊្មីធ គឺជា « ស្ត្រីរើសតាំងមួយរូប » ( គ. និង ស. ២៥:៣ ) ។ នៅពេលក្រោយមកទៀត ព្យាការី យ៉ូសែប ស៊្មីធ ត្រូវបានបង្រៀនថា « ជ្រើសតាំងមានន័យដល់ការដែលត្រូវបានជ្រើសតាំងឲ្យធ្វើកិច្ចការជាក់លាក់មួយ » ( នៅក្នុង History of the Church, ៤:៥៥២ ) ។ សូមរំឭក គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ ដោយស្វែងរកអ្វីដែល អិមម៉ា ស៊្មីធ ត្រូវបានជ្រើសតាំង ( ត្រូវបានរើស ឬ ហៅ ) ឲ្យធ្វើនៅគ្រានេះ និង អ្វីដែលនាងត្រូវបាន « តែងតាំង » ( ប្រទានឲ្យសិទ្ធិអំណាច ) ឲ្យធ្វើ ( គ. និង ស. ២៥:៧ ) ។
ប្រមាណ ១២ ឆ្នាំក្រោយមក ប្រធាន យ៉ូហាន ថេលើរ ប្រព្រឹត្តតាមការដឹកនាំរបស់ព្យាការី យ៉ូសែប ស៊្មីធ បានញែក អិមម៉ា ឲ្យបម្រើជាប្រធានសមាគមសង្គ្រោះទូទៅរបស់សាសនាចក្រ ។ ប្រធាន ថេលើរ បានមានប្រសាសន៍ថា ៖ « នៅក្នុងការប្រជុំនោះ ព្យាការី បានហៅ បងស្រី អិមម៉ា ឲ្យធ្វើជាស្ត្រីរើសតាំង ។ ការណ៍នោះមានន័យថា នាងត្រូវបានហៅឲ្យធ្វើកិច្ចការជាក់លាក់មួយ ហើយថានោះគឺជាការបំពេញតាមវិវរណៈជាក់លាក់មួយ [ គ. និង ស. ២៥ ] អំពីនាង ។ នាងត្រូវបានរើសតាំងឲ្យធ្វើជាអធិបតីលើសមាគមសង្គ្រោះ ហើយនាងត្រូវបានតែងតាំងឲ្យបកស្រាយបទគម្ពីរ ។ ជាកិច្ចព្រមព្រៀងនឹងសំណើរបស់ [ បងប្រុស ] យ៉ូសែប ខ្ញុំបានញែកនាងចេញ ។… បងស្រី អិមម៉ា ត្រូវបានរើសតាំងជាអ្នកបកស្រាយបទគម្ពីរ និងដើម្បីធ្វើជាអធិបតីលើសមាគមសង្គ្រោះ » ( “Discourse by President John Taylor,”Deseret News,ថ្ងៃទី ៩ ខែ មិនា ឆ្នាំ ១៨៨១ ទំព័រ ៨៣ ) ។
ម្ដាយរបស់ យ៉ូសែប ស៊្មីធ គឺ លូស៊ី ម៉ាក ស្ម៊ីធ បានផ្ដល់ជាសេចក្ដីបញ្ជាក់អំពី អិមម៉ា ដែលជាកូនប្រសារស្រីរបស់គាត់ថា ៖ « ខ្ញុំមិនដែលឃើញស្ត្រីណាម្នាក់ក្នុងជីវិតរបស់ខ្ញុំ ដែលបានទ្រាំទ្ររាល់ការនឿយហត់ និង ការលំបាកគ្រប់ជំពូក ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានភាពក្លាហាន ថាមពល និង ការអត់ធន់ឥតរាថយ ដែលនាងបានធ្វើ ដ្បិតខ្ញុំដឹងពីអ្វីដែលនាងបានធ្វើក្នុងការអត់ធន់នោះ—គឺនាងបានធ្វើទៅដោយភាពមិនប្រាកដក្នុងចិត្តនោះទេ—គឺនាងបានរងទុក្ខសេចក្ដីបៀតបៀនពន់ពេកក្រៃ ហើយបានតស៊ូនឹងភាពឃោរឃៅនៃមនុស្ស និង ពួកអារក្ស ដែលបានយកឈ្នះលើស្ត្រីស្ទើរតែគ្រប់រូបទៅហើយ » ( History of Joseph Smith by His Mother, ed. Preston Nibley [ ឆ្នាំ ១៩៥៨ ] ទំព័រ ១៩០–៩១ ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីកំណត់ចំណាំខ្លីមួយនៃការដឹងគុណ និង ការកោតសរសើរចំពោះស្ត្រីមួយរូប ដែលអ្នកស្គាល់ ដែលមាននូវគុណសម្បត្តិលក្ខណៈដូចជា អិមម៉ា ស៊្មីធ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៥ និងសេចក្ដីថ្លែងការណ៍របស់ លូស៊ី ម៉ាក ស្ម៊ីធ ។ សូមពិចារណាអំពីការផ្ដល់ច្បាប់ចម្លងនៃកំណត់ចំណាំរបស់អ្នកមួយច្បាប់ទៅដល់ស្ត្រីរូបនោះ ។
ចំណេះចំណានខគម្ពីរ—គ. និង ស. ២៥:១៣
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៥:១៣ គឺជាវគ្គចំណេះចំណានខគម្ពីរ ។ អ្នកអាចនឹងចង់គូសចំណាំវានៅក្នុងរបៀបមួយដែលងាយសម្គាល់ ដើម្បីអ្នកអាចងាយរកវាឃើញនៅពេលខាងមុខ ។ ឃ្លា « ចូរនៅជាប់នឹងសេចក្ដីសញ្ញាទាំងឡាយ » មានន័យថា ធ្វើតាមដោយហ្មត់ចត់ ឬ តោងជាប់នឹងសេចក្ដីសញ្ញាទាំងឡាយដែលយើងបានធ្វើជាមួយព្រះ ។ អ្នកអាចចង់សរសេរនិយមន័យនេះនៅលើគែមព្រះគម្ពីររបស់អ្នកក្បែរខគម្ពីរនោះ ។
-
សូមពន្យល់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក នូវអ្វីដែល គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៣ មានន័យចំពោះអ្នក ។
ដើម្បីជួយអ្នកឲ្យចងចាំអំពីការដាក់តឿនរបស់ព្រះអម្ចាស់ ដែលតម្រូវឲ្យអ្នកនៅជាប់នឹងសេចក្ដីសញ្ញា នោះសូមសរសេរពាក្យទាំងឡាយនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៣ នៅលើក្រដាសមួយសន្លឹកតូច ឬ បណ្ណមួយ ។ សូមដាក់ក្រដាសនោះតាមខ្លួនរបស់អ្នកពីរបីថ្ងៃ សូមគិតអំពីពាក្យទាំងនោះ ហើយព្យាយាមទន្ទេញវា ។ អ្នកអាចនឹងចង់សូត្រ ហើយពន្យល់អំពីអត្ថន័យនៃខគម្ពីរនេះទៅកាន់មិត្តភក្ដិ ឬ សមាជិកគ្រួសារម្នាក់ នៅពេលដែលអ្នកបានទន្ទេញវាចាំហើយនោះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ២៦
ព្រះអម្ចាស់ណែនាំដល់ យ៉ូសែប ស៊្មីធ អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៦:១ ព្រះអម្ចាស់បានណែនាំដល់ យ៉ូសែប ស៊្មីធ អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ អំពីការងារខាងវិញ្ញាណ និង ខាងសាច់ឈាម ដែលពួកលោកត្រូវធ្វើ ។ បន្ទាប់មក ព្រះអម្ចាស់បានបង្រៀនពួកលោក អំពីគោលការណ៍សំខាន់មួយនៃការគ្រប់គ្រងសាសនាចក្រ ។
សូមស្រមៃថាមានមិត្តភក្ដិម្នាក់ដែលមានជំនឿផ្សេង អង្គុយជាមួយអ្នកក្នុងការប្រជុំមួយ ដែលមានអ្នកកាន់តំណែងក្នុងសាសនាចក្រជាច្រើនត្រូវបានគាំទ្រក្នុងការហៅរបស់ពួកលោក ( ដូចជាក្នុងសន្និសីទវួដ ឬ សាខា ឬ ស្តេក ) ។ សូមគិតអំពីរបៀបដែលអ្នកនឹងពន្យល់ទៅកាន់មិត្តភក្ដិរបស់អ្នកអំពីការអនុវត្តការគាំទ្រ ដល់អ្នកកាន់តំណែងខុសៗគ្នាក្នុងសាសនាចក្រ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៦:២ រួចស្វែងរកឃ្លាមួយដែលទាក់ទងទៅនឹងការគាំទ្រ ។ អ្នកអាចនឹងចង់គូសចំណាំគោលការណ៍ របស់ទាំងអស់នឹងត្រូវបានសម្រេច ដោយសារការយល់ព្រមទូទៅនៅក្នុងសាសនាចក្រ ។
តើអ្នកគិតថា « ការយល់ព្រមទូទៅ » មានន័យដូចម្ដេច ?
« ការយល់ព្រមទូទៅ » សំដៅលើការអនុវត្តរបស់សមាជិកសាសនាចក្រ លើការគាំទ្រដល់អស់អ្នកដែលត្រូវបានហៅឲ្យបម្រើនៅក្នុងសាសនាចក្រ ក៏ដូចជាការគាំទ្រដល់ការសម្រេចដទៃទៀតរបស់សាសនាចក្រ ដែលតម្រូវឲ្យមានការគាំទ្រពីសំណាក់សមាជិក ។ ជាធម្មតា ការណ៍នេះត្រូវបានបង្ហាញដោយការលើកដៃស្ដាំ ។
មានភាពខុសគ្នារវាងការគាំទ្រដោយការសម្ដែងការយល់ព្រមទូទៅ និង ការបោះឆ្នោតជ្រើសតាំង ។ នៅក្នុងនគររបស់ព្រះអម្ចាស់ ព្រះអម្ចាស់បំផុសគំនិតដល់ថ្នាក់ដឹកនាំដែលបានតែងតាំងរបស់ទ្រង់ ជាអ្នកដែលត្រូវធ្វើការសម្រេចចិត្ត ដោយសិទ្ធិអំណាចដែលទ្រង់បានប្រទានដល់ពួកលោក ។ ភ្លាមនោះ ថ្នាក់ដឹកនាំស្វែងរកការបញ្ជាក់ពីព្រះអម្ចាស់ ចំពោះការសម្រេចចិត្តរបស់ពួកលោក ។ ការលើកដៃស្ដាំពុំមែនជារបៀបដែលសមាជិកបោះឆ្នោតនោះទេ ប៉ុន្តែ ជារបៀបបង្ហាញការយល់ព្រមរបស់ពួកគេ ( ឬ ការជំទាស់ ) ចំពោះការសម្រេចចិត្តដែលបានធ្វើឡើងនោះ ។
បន្ថែមពីលើការបង្ហាញការយល់ព្រម ឬ ការអនុមតិរបស់ពួកគេ នៅពេលលើកដៃស្ដាំ សមាជិកក៏បង្ហាញ អំពីឆន្ទៈខ្លួនក្នុងការគាំទ្រដល់បុគ្គល ឬសកម្មភាពដែលកំពុងបង្ហាញនោះដែរ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនថា ៖ « នីតិវិធីនៃការគាំទ្រគឺលើសពីការលើកដៃគាំទ្រជាទំនៀមទម្លាប់មួយទៅទៀត ។ វាគឺជាការតាំងចិត្តមួយដើម្បីលើកស្ទួយ គាំទ្រ ជួយដល់អ្នកទាំងឡាយ ដែលត្រូវបានជ្រើសរើស » (This Work Is Concerned with People » Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៥១ ) ។
សូមពិចារណាអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបំពេញការប្ដេជ្ញាចិត្តរបស់អ្នកក្នុងការគាំទ្រដល់នរណាម្នាក់ ដែលត្រូវបានហៅ ហើយគាំទ្រឲ្យបម្រើអ្នកនៅក្នុងវួដ ឬ សាខារបស់អ្នក ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៤-២៦ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖