មេរៀនទី ១៨ ៖ ថ្ងៃទី ៤
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧
សេចក្ដីផ្ដើម
ពេញមួយឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ និង សមាជិកដទៃទៀតនៃសាសនាចក្រ ហាក់បីដូចជាបានដឹងតាមរយៈការចុះផ្សាយសារព័ត៌មាន អំពីទុក្ខសោកដែលកើតមានឡើងទូទៅក្នុងពិភពលោក ។ នៅជិតចុងឆ្នាំនោះដែរ ព្យាការី បានមានប្រសាសន៍ថា « ការលេចឡើងនូវសេចក្ដីអំពល់ក្នុងចំណោមជាតិសាសន៍ទាំងឡាយ បានមានកាន់តែច្រើនឡើងៗ ជាងពេលណាៗទាំងអស់ ចាប់តាំងពីពេលដែលសាសនាចក្របានចាប់ផ្ដើមធ្វើដំណើរចេញពីទីរហោស្ថានមក » (ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស៊្មីធ [ ឆ្នាំ ២០០៧ ] ទំព័រ ២៤៩) ។ នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយ ដែលសព្វថ្ងៃនេះមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧ ដែលមានបញ្ចូលនូវការព្យាករណ៍អំពីសង្គ្រាម និង សេចក្តីជំនុំជម្រះ ដែលនឹងធ្លាក់មកលើអស់ទាំងសាសន៍នៅថ្ងៃចុងក្រោយ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧
យ៉ូសែប ស៊្មីធ ព្យាករថា សង្គ្រាមនឹងធ្លាក់មកលើអស់ទាំងសាសន៍ ។
ការព្យាករណ៍គឺជាសេចក្ដីប្រកាសមួយ ដែលធ្វើឡើងដោយព្យាការីដ៏ពិតម្នាក់ អំពីទីសម្គាល់ ឬ ព្រឹត្តិការណ៍មួយនាពេលអនាគត ដែលបានបើកសម្ដែងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:១-៤រួចស្វែងរកការព្យាករណ៍មួយ ដែលបានប្រទានឲ្យតាមរយៈ យ៉ូសែប ស៊្មីធ ។ នៅពេលអ្នកសិក្សាខគម្ពីរទាំងនេះ វាអាចនឹងផ្ដល់អត្ថប្រយោជន៍ក្នុងការដឹងថា រដ្ឋ សៅខារូឡាញណា គឺជារដ្ឋមួយដែលមានទីតាំងនៅភាគខាងត្បូងនៃសហរដ្ឋ ។
គោលការណ៍មួយដែលយើងអាចរៀនចេញពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧:១–៤ គឺថា នៅក្នុងជំនាន់របស់យើងនេះ គឺដូចជាជំនាន់បូរាណដែរ ព្រះអម្ចាស់អាចបើកសម្ដែងអំពីអនាគតកាលសម្រាប់យើង តាមរយៈពួកព្យាការីរបស់ទ្រង់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើការដឹងថា ព្រះអម្ចាស់បើកសម្ដែង អំពីព្រឹត្តិការណ៍នាពេលអនាគតតាមយៈពួកព្យាការីរបស់ទ្រង់ អាចជាពរជ័យមួយដល់សាសនាចក្រដោយរបៀបណា ?
-
តើការដឹងបែបនេះ អាចជាពរជ័យដល់អ្នក និង ក្រុមគ្រួសាររបស់អ្នកបានយ៉ាងដូចម្ដេច ?
-
សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ ។ សូមស្វែងរកកាលបរិច្ឆេទនៃវិវរណៈនេះ ដែលត្រូវបានប្រទានឲ្យ និង អំពីបញ្ហាដែល យ៉ូសែប ស៊្មីធ ឆ្លុះបញ្ចាំងនៅពេលនេះ ។
យ៉ូសែប ស៊្មីធ បានដឹងអំពីទំនាស់ខាងនយោបាយវវាង រដ្ឋ សៅខារូឡាញណា និង រដ្ឋាភិបាលនៃសហរដ្ឋ អំពីតម្លៃគយ ។ ( តម្លៃគយ គឺជាពន្ធនៃការនាំចូល ) ។ ដោយសារតែប្រជាជននៃរដ្ឋ សៅខារូឡាញណា ពឹងផ្អែកទៅលើផលិតផលនាំចូល ច្រើនជាងប្រជាជននៅរដ្ឋភាគខាងជើង នោះពួកគេគិតថា តម្លៃគយរបស់រដ្ឋពុំត្រឹមត្រូវ ហើយថាពួកគេត្រូវបានប្រមូលដោយចេតនា លើរាល់ការចំណាយនៃភាគខាងត្បូង ។ ថ្នាក់ដឹកនាំរដ្ឋាភិបាលនៅរដ្ឋ សៅខារូឡាញណា បានបង្កើតច្បាប់មួយដែលមិនអាចទទួលយកបាន ឬ ទុកជាមោឃៈ ដែលជាច្បាប់រដ្ឋ ហើយប្រជាជនរដ្ឋ សៅខារូឡាញណា ជាច្រើន បានចាប់ផ្ដើមត្រៀមខ្លួនធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាល ។ ប្រធានាធិបតីនៃសហរដ្ឋ បានពោលអះអាងថា គាត់នឹងរក្សាច្បាប់នៃសហរដ្ឋ ដោយកងកម្លាំង ។
ក្នុងខែ ធ្នូ ឆ្នាំ ១៨៣២ សារព័ត៌មានពាសពេញសហរដ្ឋ បានចុះផ្សាយអំពីទំនាស់នេះ ។ គឺនៅពេលនេះហើយ ដែល យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ ដែលបានព្យាករថា « សង្គ្រាមទាំងឡាយ… នឹងកើតឡើងនៅពេលឆាប់ៗដូច្នេះថា គឺចាប់ផ្ដើមនឹងការបះបោរពីរដ្ឋ សៅខារូឡាញណា » ( គ. និង ស. ៨៧:១ ) ។ នៅដើមឆ្នាំ ១៨៣៣ មិនយូរប៉ុន្មានបន្ទាប់ពីការព្យាករណ៍នេះត្រូវបានផ្ដល់ឲ្យ រដ្ឋាភិបាលនៃសហរដ្ឋ បានដោះស្រាយបញ្ហានេះជាមួយរដ្ឋ សៅខារូឡាញណា ដោយសន្តិវិធី ។ មនុស្សមួយចំនួនបានជឿថា វិបត្តិនេះបានបញ្ចប់ទៅហើយ ហើយថាការព្យាករណ៍នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:១–៤ នឹងមិនត្រូវបានសម្រេចឡើយ ប៉ុន្តែ វិបត្តិនេះត្រូវបានបញ្ឈប់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយរដ្ឋ សៅខារូឡាញណា បាននៅតែបន្តបះបោរ ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើអ្នកឆ្លើយតបយ៉ាងដូចម្ដេច ប្រសិនបើប្រសាសន៍របស់ព្យាការី ពុំបានសម្រេចទៅតាមរបៀប ឬ នៅអំឡុងពេលមួយ ដែលអ្នករំពឹងទុកនោះ ?
អ្នកអាចនឹងចង់គូសចំណាំ បទគម្ពីរយោងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:១ លេខយោង គ ។ សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣០:១២–១៣ ។ តើ ព្យាការី យ៉ូសែប ស៊្មីធ បានអះអាងយ៉ាងដូចម្ដេច នៅក្នុងបទគម្ពីរទាំងនេះ ?
សូមយោងទៅ សេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០រួចស្វែងរកឆ្នាំ ដែលព្យាការី យ៉ូសែប ស៊្មីធ បានផ្ដល់ការអះអាងនៃការព្យាករណ៍នេះនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៧ ។
តើការអះអាងនៃការព្យាករណ៍របស់ យ៉ូសែប ស៊្មីធ ដែលលោកបានទទួល ១០ ឆ្នាំ មុន អាចបង្រៀនអ្នកអំពីអ្វីខ្លះអំពីសេចក្ដីជំនឿរបស់លោក ?
វិបត្តិរវាងរដ្ឋាភិបាលនៃសហរដ្ឋ និង រដ្ឋ សៅខារូឡាញណា បានដោះស្រាយ ១០ ឆ្នាំមុន ក្នុងឆ្នាំ ១៨៣៣ ។ ព្យាការី យ៉ូសែប ស៊្មីធ បានបន្តរក្សាសេចក្ដីជំនឿទៅលើការព្យាករណ៍ ដែលព្រះអម្ចាស់បានបើកសម្ដែងតាមរយៈលោក ទោះជាមានមនុស្សជាច្រើនពុំបានជឿថា សង្គ្រាមស៊ីវិលនឹងកើតឡើងនៅសហរដ្ឋយ៉ាងណាក៏ដោយ ។
ក្នុងឆ្នាំ ១៨៦១ នាវាចម្បាំងនៅភាគខាងត្បូង បានចាប់ផ្ដើមបាញ់ពួកទាហានសហរដ្ឋ ដែលបោះទីតាំងនៅក្នុងបន្ទាយទាហាន ហ្វដ សាំធើរ នៅទីក្រុង ឆាលស្តុន ហារបើរ រដ្ឋ សៅខារូឡាញណា ។ រដ្ឋភាគខាងត្បូងដទៃទៀត បានចូលរួមជាមួយរដ្ឋ សៅខារូឡាញណា នៅក្នុងសង្គ្រាមស៊ីវិល ប្រឆាំងនឹងរដ្ឋភាគខាងជើងទាំងឡាយ ។ នៅគ្រានោះ រដ្ឋភាគខាងត្បូង បានអំពាវនាវរកជំនួយពីចក្រភពអង់គ្លេស ។ មិនតែប៉ុណ្ណោះ មានមនុស្សជាច្រើនដែលធ្លាប់ជាទាសករនៅភាគខាងត្បូង បានចូលរួមនឹងពួកទាហាននៃភាគខាងជើង ហើយបានច្បាំងនឹងពួកចៅហ្វាយរបស់ខ្លួន ។ សង្គ្រាមស៊ីវិលអាមេរិក បានបន្តរហូតដល់ឆ្នាំ ១៨៦៥ ហើយបានបន្សល់ទុកសាកសពទាហានប្រមាណ ៦២០,០០០ នាក់ ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើព្រឹត្តិការណ៍នេះ ជួយយើងឲ្យដឹងថា យ៉ូសែប ស៊្មីធ គឺជាព្យាការីដ៏ពិតយ៉ាងដូចម្ដេច ?
-
ហេតុអ្វីបានជាវាមានសារៈខាន់ចំពោះអ្នក ដែលត្រូវដឹងថា យ៉ូសែប ស៊្មីធ គឺជាព្យាការីដ៏ពិតរបស់ព្រះ ?
-
រាល់ការព្យាករណ៍នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ បានសម្រេច ឬ នឹងត្រូវបានសម្រេច ។
បន្ថែមពីលើព្រឹត្តិការណ៍ ដែលបានបើកសម្ដែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:១–៤ យ៉ូសែប ស៊្មីធ បានព្យាករអំពីរឿងផ្សេងៗទៀត ដែលនឹងកើតឡើង ។ ខទី ៥ លើកឡើងថា « ពួកសំណល់ទាំងប៉ុន្មាន ដែលនៅសេសសល់លើផែនដីក៏នឹង … ធ្វើទុក្ខពួកសាសន៍ដទៃ » ។
« ពាក្យ ពួកសំណល់ ជាញឹកញាប់ត្រូវបានប្រើនៅក្នុងព្រះគម្ពីរ ដើម្បីសំដៅទៅលើចំណែកមួយនៃវង្សអ៊ីស្រាអែល ( សូមមើល Topical Guide, « remnant » ៤១៩ ) ។ ដោយសារតែព្រះអង្គសង្គ្រោះ បានធ្វើការសន្យាជាក់លាក់អំពីពួកសំណល់នៃសាសន៍នីហ្វៃ និង សាសន៍លេមិន ( សូមមើល នីហ្វៃទី៣ ២០:១០, ១៦; ២១:២, ៤ ) នោះមានមនុស្សជាច្រើនបានសន្មត់ថា ខគម្ពីរនេះសំដៅទៅលើប្រជាជនលេមិន ដែលអាចនឹងក្រោកឡើងនៅពេលណាមួយ ហើយ ‹ ធ្វើទុក្ខពួកសាសន៍ដទៃ › ( គ. និង ស. ៨៧:៥ ) ។
« ប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ បានសរសេរ ៖ ‹ ប្រវត្តិនៃទ្វីបអាមេរិកនេះ… ផ្ដល់នូវភស្ដុតាងដែលបង្ហាញថា ពួកសាសន៍លេមិនបានក្រោកឡើងក្នុងកំហឹង ហើយបានធ្វើទុក្ខពួកសាសន៍ដទៃ ។ សង្គ្រាមនេះអាចនឹងមិនបញ្ចប់ឡើយ ។ វាជាការយល់ឃើញដ៏ខុសឆ្គងមួយរបស់មនុស្ស ដែលរស់នៅសហរដ្ឋ ដែលគិតថា ពាក្យពេចន៍ព្យាករណ៍នេះសំដៅទៅលើពួកឥណ្ឌាស្បែកក្រហមរស់នៅសហរដ្ឋ ប៉ុន្តែ យើងត្រូវចងចាំថា មាន « ពួកសំណល់ » រាប់លាននាក់នៅក្នុងប្រទេស ម៉ិកស៊ិក ដែលជាអាមេរិកកណ្ដាល និង ខាងត្បូង ។ នោះគឺអំឡុងសង្គ្រាមស៊ីវិល ដែលពួកឥណ្ឌាស្បែកក្រហមនៅប្រទេស ម៉ិកស៊ិក បានក្រោកឡើង ហើយស្វែងរកសេរីភាពពីការសង្កត់សង្កិន ដែលស្ដេច ណាប៉ូឡេអុង បានស្វះស្វែងដាក់ទោសដល់ពួកគេ ដែលផ្ទុយទៅនឹងការព្យាករណ៍របស់យ៉ាកុប នៅក្នុងព្រះគម្ពីរមរមនថា នឹងពុំមានស្ដេចនៅក្នុងចំណោមពួកសាសន៍ដទៃនៅលើដែនដីនេះឡើយ ។ ឯករាជ្យរបស់ប្រទេស ម៉ិកស៊ិក និង ប្រទេសដទៃទៀតនៅអាមេរិកខាងត្បូង ត្រូវបានសម្រេចដោយការក្រោកឡើងរបស់ « ពួកសំណល់ » នៅលើដែនដីនោះ ។ ទោះជាយ៉ាងណាក៏ដោយ ចូរយើងកុំគិតថា ការព្យាករណ៍នេះបានសម្រេចទាំងស្រុងហើយនោះឡើយ › ។ ( Church History and Modern Revelation, ១:១៦៣ ) » ។ (គោលលទ្ធិ និង សេចក្តីសញ្ញា សៀវភៅសិស្សការបោះពុម្ពលើកទី ២ [ Church Educational System manual ឆ្នាំ ២០០១ ] ទំព័រ ១៩៥) ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:៦–៧រួចស្វែងរកព្រឹត្តិការណ៍ដទៃទៀត ដែល យ៉ូសែប ស៊្មីធ បានព្យាករថានឹងកើតឡើងនៅថ្ងៃចុងក្រោយបង្អស់ ។
« ព្រះហស្តសម្រាប់ប្រៀនប្រដៅ » របស់ព្រះ សំដៅទៅលើហេតុការណ៍ ដែលព្រះអម្ចាស់ប្រើប្រាស់សេចក្ដីជំនុំជម្រះរបស់ទ្រង់ ដើម្បីបំផុសឲ្យកូនចៅទ្រង់ប្រែចិត្តពីអំពើបាបរបស់ខ្លួន ។ មិនតែប៉ុណ្ណោះ សេចក្ដីជំនុំជម្រះមួយចំនួន ដែលបានពិពណ៌នានៅក្នុងខគម្ពីរនេះ នឹងកើតឡើងនៅពេលព្រះអម្ចាស់ដាក់ទោសដល់ពួកទុច្ចរិតចំពោះការប្រព្រឹត្តដ៏អយុត្តិធម៌របស់ពួកគេ មកលើពួកសុចរិត ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧:៨ ដើម្បីរៀនអំពីអ្វី ដែលព្រះអម្ចាស់បង្គាប់ឲ្យយើងធ្វើ ដើម្បីយើងនឹងបានត្រៀមខ្លួនប្រឈមមុខនឹងសង្គ្រាម និង សេចក្ដីវិនាស ដែលនឹងកើតឡើងនៅលើផែនដីនៅថ្ងៃចុងក្រោយបង្អស់ ។ គោលការណ៍មួយ ដែលយើងរៀនចេញពីខគម្ពីរនេះគឺថា យើងត្រូវឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយចូរកុំរើឡើយ រហូតដល់ថ្ងៃនៃព្រះអម្ចាស់មកដល់ ។
ទីបរិសុទ្ធមានន័យថា ទីកន្លែងដែលយើងអាចមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលជួយយើងឲ្យខិតទៅជិតព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហើយរៀនអំពីទ្រង់ទាំងពីរអង្គ ។ ការឈរនៅក្នុងទីបរិសុទ្ធ ជាញឹកញាប់មានរឿងច្រើន ដែលត្រូវធ្វើជាមួយនឹង របៀប ដែលយើងរស់នៅ ជាជាង ទីកន្លែង ដែលយើងរស់នៅ ។ បើអ្នករស់នៅសក្ដិសមមានព្រះវិញ្ញាណបរិសុទ្ធជាដៃគូជាប្រចាំ នោះអ្នកឈរនៅក្នុងទីបរិសុទ្ធមួយហើយ ។ សូមព្យាយាមធ្វើឲ្យគេហដ្ឋានរបស់អ្នកក្លាយជាទីបរិសុទ្ធ មានពេញទៅដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ ។
-
សូមរាយបញ្ជីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីទីកន្លែងបីបួន ដែលអ្នកចាត់ទុកថាជាទីបរិសុទ្ធ ។ បន្ទាប់មក ជ្រើសរើសកន្លែងមួយដែលអ្នករាយក្នុងបញ្ជីនោះ រួចពិពណ៌នាអំពីរបៀបដែលការស្ថិតនៅក្នុងទីបរិសុទ្ធនោះ បានជួយអ្នកឲ្យនៅជិតព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ តើអ្នកអាចខិតខំធ្វើឲ្យគេហដ្ឋានរបស់អ្នក ក្លាយទៅជាទីបរិសុទ្ធបានតាមរបៀបណា ? ប្រសិនបើព្យាការីត្រូវទៅឃើញទីកន្លែងអ្នករស់នៅ បន្ទប់របស់អ្នក ទូសម្លៀកបំពាក់ ឬ កន្លែងអ្នកប្រើជាប្រចាំ តើលោកនឹងឃើញថា ទីនោះជាទីបរិសុទ្ធដែរឬទេ ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតវាមានន័យដូចម្ដេច ដែលត្រូវ « ឈរ … នៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយចូរកុំរើឡើយ » ( គ. និង ស. ៨៧:៨ ) ?
-
តើបុគ្គលម្នាក់អាចរើចេញពីទីបរិសុទ្ធបានតាមរបៀបណា ?
-
តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ឲ្យមានចិត្តកាន់តែស្មោះត្រង់ និង មិនរើចេញពីទីបរិសុទ្ធទាំងនោះ ?
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖