មេរៀនទី ២៨ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១២-២១
បុព្វកថា
មេរៀននេះរួមមានគោលលទ្ធិដែលព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀននៅការប្រជុំសាសនាចក្រមួយនៅរ៉ាមូស រដ្ឋអិលលីណោយ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ។ សេចក្ដីណែនាំទាំងនេះត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០ ។ ព្យាការីបានបង្រៀនអំពីព្រឹត្តិការណ៍នាអនាគត រួមមានទាំងការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ លោកក៏បានបង្រៀនអំពីសមត្ថភាពរបស់យើងដើម្បីរក្សាទុកចំណេះដឹង និងប្រាជ្ញាបន្ទាប់ពីយើងស្លាប់ ហើយបានពន្យល់ពីរបៀបដែលយើងអាចទទួលបានពរជ័យរបស់ព្រះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១២-១៧
យ៉ូសែប ស៊្មីធ បង្រៀនអំពីការយាងមកជាលើកទីពីរ
តើអ្នកធ្លាប់ចង់ដឹងថាការយាងមកជាលើកទីពីរនឹងកើតឡើងនៅពេលណាដែរទេ ?
មានមនុស្សផ្សេងទៀតជាច្រើននាក់បានងឿងឆ្ងល់ពីរឿងនេះដូចគ្នា ។ នៅក្នុងសម័យរបស់យ៉ូសែប ស្ម៊ីធ មានគ្រូគង្វាលម្នាក់ដែលមានឋានៈខ្ពស់ឈ្មោះ វិល្លាម មិល្លឺ បានប្រកាសថា ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់នឹងកើតឡើងនៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៤៣ ។ ពីមុនថ្ងៃដែលមិល្លឺ បានទស្សន៍ទាយពីការយាងមកជាលើកទីពីរមួយថ្ងៃ ព្យាការី យ៉ូសែប ស្ម៊ីធ បានថ្លែងទៅពួកបរិសុទ្ធនៅរ៉ាមូស រដ្ឋអិលលីណោយ ហើយបានលើកឡើងថា លោកបានអធិស្ឋានដើម្បីឲ្យដឹងពីពេលវេលានៃការយាងមកជាលើកទីពីរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៤–១៧ ដោយស្វែងរកអ្វីដែលយ៉ូសែប ស្ម៊ីធ បានដឹងពេលលោកបានអធិស្ឋានអំពីកាលវេលានៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមកត់ចំណាំថា ព្រះអម្ចាស់មិនបានបើកសម្ដែងដល់យ៉ូសែប ស្ម៊ីធ ពីកាលបរិច្ឆេទនៃការយាងមកជាលើកទីពីរឡើយ ។ លើសពីនេះទៀត ទ្រង់បានណែនាំដល់យ៉ូសែប ថា « ចូរកុំរំខានយើងពីការណ៍នេះទៀតឡើយ » ( គ. និង ស. ១៣០:១៥ ) ។ សូមមើលសេចក្ដីយោងបទគម្ពីរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៥ លេខយោង ក ។ វគ្គទាំងនេះបានគូសបញ្ជាក់បន្ថែមទៀតថា គ្មាននរណាម្នាក់ដឹងប្រាកដពីពេលដែលព្រះអង្គសង្គ្រោះនឹងយាងមកវិញឡើយ ។
នៅក្នុងសេចក្ដីថ្លែងតទៅនេះ សូមគូសបន្ទាត់ពីក្រោមនូវអ្វីដែលអែលឌើរ អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងអំពីអ្នកដែលដឹងពីពេលដែលការយាងមកជាលើកទីពីរនឹងកើតឡើង ៖
« ខ្ញុំត្រូវបានហៅជាសាវកមួយរូបដើម្បីធ្វើជាសាក្សីពិសេសរបស់ព្រះគ្រីស្ទនៅក្នុងគ្រាដ៏រំភើប ហើយតានតឹងទាំងនេះ ហើយខ្ញុំមិនដឹងថាពេលណាទ្រង់នឹងយាងមកម្ដងទៀតឡើយ ។ អ្វីដែលខ្ញុំអាចដឹងគឺ គ្មានបងប្អូនប្រុសរបស់ខ្ញុំណាម្នាក់នៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ឬសូម្បីតែគណៈប្រធានទីមួយបានដឹងដែរ ។ ហើយខ្ញុំសូមណែនាំដោយរាបសារថា ប្រសិនបើយើងមិនដឹង នោះគ្មាននរណាម្នាក់ដឹងឡើយ មិនថាការលើកហេតុផលរបស់ពួកគេមានការបង្ខិតបង្ខំបែបណា ឬការគណនារបស់ពួកគេសមហេតុសមផលយ៉ាងណានោះទេ ។ ព្រះអង្គសង្គ្រោះបានមានបន្ទូលថា ‹ អំពីថ្ងៃ និង កាលវេលានោះ គឺគ្មាននរណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃព្រះនៅឯសួគ៌ ប៉ុន្តែមានតែព្រះវរបិតាយើងមួយអង្គគត់ › [ Joseph Smith—Matthew ១:៤០ ] ។
« ខ្ញុំជឿថា នៅពេលព្រះអម្ចាស់មានបន្ទូលថា ‹ គ្មាននរណាម្នាក់ ›ដឹងឡើយ នោះទ្រង់ពិតជាមានន័យថាគ្មាននរណាម្នាក់ដឹងឡើយ ។ យើងគួរតែប្រុងប្រយ័ត្នក្រៃលែងចំពោះជនណាមួយដែលប្រកាសថាមានករណីលើកលែងចំពោះបញ្ញត្តិនៃព្រះ » ( « When Shall These Things Be? » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៥៦) ។
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៤–១៧ និង សេចក្ដីថ្លែងការណ៍របស់អែលឌើរ បាឡឺដ យើងបានរៀនថា មានតែព្រះទេដែលដឹងពីពេលវេលាជាក់លាក់ដែលការយាងមកជាលើកទីពីរនឹងកើតឡើង ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការចងចាំអំពីសេចក្ដីពិតនេះ អាចជួយអ្នកកុំឲ្យភ័ន្តច្រឡំចំពោះការប្រកាសខុសនានាដោយរបៀបណា ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៨-១៩
យ៉ូសែប ស៊្មីធ បង្រៀនអំពីសារៈសំខាន់នៃការទទួលបានចំណេះដឹង និង ប្រាជ្ញានៅក្នុងជីវិតនេះ
សូមនឹកស្រមៃថា អ្នកកំពុងចាកចេញពីផ្ទះទៅកន្លែងមួយដែលអ្នកពុំធ្លាប់ទៅពីមុនសោះ ។ អ្នកត្រូវបានអនុញ្ញាតឲ្យយកឥវ៉ាន់តែមួយវ៉ាលីប៉ុណ្ណោះ ។ តើឥវ៉ាន់អ្វីខ្លះដែលអ្នកចង់ដាក់ក្នុងវ៉ាលីរបស់អ្នក ?
ចុះប្រសិនបើកន្លែងដែលអ្នកទៅជាពិភពវិញ្ញាណវិញ ( កន្លែងដែលវិញ្ញាណយើងទៅក្រោយពីយើងស្លាប់ ) ? តើរបស់ណាមួយដែលអ្នកជ្រើសដាក់នៅក្នុងវ៉ាលីរបស់អ្នកដែលអ្នកអាចយកវាទៅជាមួយនៅពេលអ្នកស្លាប់ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៨–១៩ ដោយស្វែងរកអ្វីដែលយើងអាចយកទៅជាមួយនឹងយើងបានពេលយើងស្លាប់ទៅ ។
យោងតាម ខ ១៨–១៩ តើអ្វីនឹងនៅជាមួយយើងក្រោយពេលយើងស្លាប់ទៅ ? ដើម្បីឆ្លើយសំណួរនេះ សូមបំពេញគោលការណ៍ដូចតទៅនេះ ៖ និង ដែលយើងទទួលបាននៅក្នុងជីវិតនេះ នោះនឹងនៅជាប់ជាមួយយើងក្នុងដំណើររស់ឡើងវិញ ។
អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានជួយយើងឲ្យយល់ពីអត្ថន័យនៃពាក្យ ប្រាជ្ញា នៅក្នុងខគម្ពីរទាំងនេះ ៖ « ប្រសិនបើយើងសញ្ជឹងគិតពីអ្វីដែលនឹងនៅក្រោកឡើងជាមួយនឹងយើងនៅក្នុងការរស់ឡើងវិញ វាសបញ្ជាក់យ៉ាងច្បាស់ថា ប្រាជ្ញាយើងនឹងក្រោកឡើងជាមួយនឹងយើង គឺពុំមែនតែការសាកល្បងប្រាជ្ញារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាសមត្ថភាពរបស់យើងដើម្បីទទួល ហើយអនុវត្តសេចក្ដីពិតផងដែរ ។ ទេពកោសល្យ លក្ខណៈ និងជំនាញរបស់យើងនឹងក្រោកឡើងជាមួយយើង ពិតណាស់រួមទាំងសមត្ថភាពរបស់យើងដើម្បីរៀន កម្រិតនៃទំនុកចិត្តរបស់យើង និង សមត្ថភាពធ្វើការរបស់យើងផងដែរ » ( We Will Prove Them Herewith [ ឆ្នាំ ១៩៨២ ] ទំព័រ ១២ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១៩ តើយើងអាចទទួលចំណេះដឹង និង ប្រាជ្ញាច្រើនជាងមុនបានដោយរបៀបណា ?
-
តើអ្នកធ្លាប់ទទួលបានចំណេះដឹង ឬប្រាជ្ញាតាមរយៈភាពឧស្សាហ៍ និង ការស្តាប់បង្គាប់របស់អ្នកនៅពេលណាដែរ ? តើអ្នកបានជួបបទពិសោធន៍អ្វីខ្លះ ?
-
សូមកត់សម្គាល់ថា យោងតាម ខ ១៩ ពួកអ្នកដែលទទួលបានចំណេះដឹង និង ប្រាជ្ញាច្រើននៅក្នុងជីវិតនេះនឹងមានឧត្តមភាពនៅក្នុងលោកខាងមុខ ។ នេះមានន័យថា អ្វីដែលយើងរៀននៅក្នុងជីវិតនេះ ទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ នឹងជាប្រយោជន៍ដល់យើងនៅក្នុងភាពអស់កល្បជានិច្ច ។ យើងនឹងប្រើចំណេះដឹងដែលយើងទទួលបាននៅក្នុងជីវិតនេះដើម្បីប្រែក្លាយកាន់តែដូចជាព្រះវរបិតាសួគ៌ ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរគោលដៅមួយ ដែលអាចជួយអ្នកទទួលបានចំណេះដឹង និង ប្រាជ្ញាច្រើន ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២០-២១
យ៉ូសែប ស៊្មីធ ពន្យល់ពីរបៀបដែលយើងទទួលពរជ័យ
សូមនឹកស្រមៃថា អ្នកចង់កែលម្អសិល្បៈក្នុងការសរសេររបស់អ្នក ដូច្នេះអ្នកសម្រេចចិត្តរត់ប្រហែលជាប្រាំគីឡូម៉ែត្រ ប្រាំថ្ងៃក្នុងមួយសប្ដាហ៍រយៈពេលមួយខែ ។ តើការហ្វឹកហាត់នេះជះឥទ្ធិពលទៅលើសិល្បៈនៃការសរសេររបស់អ្នកបានដោយរបៀបណា ?
ប្រសិនបើអ្នកចង់កែលម្អសិល្បៈក្នុងការសរសេររបស់អ្នក តើអ្នកត្រូវធ្វើអ្វីខ្លះ ?
ដូចជាយើងត្រូវយល់ដឹងពីរបៀបដើម្បីទទួលបានលទ្ធផលដែលយើងចង់បានផងដែរ នោះយើងត្រូវយល់ដឹងពីរបៀបដើម្បីទទួលបានពរជ័យដែលព្រះវរបិតាសួគ៌មានព្រះរាជបំណងចង់ប្រទានដល់យើង ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២០-២១ ដោយស្វែងរករបៀបដែលយើងអាចទទួលបានពរជ័យដែលព្រះវរបិតាសួគ៌ មានព្រះរាជបំណងចង់ប្រទានដល់យើង ។ វាអាចមានប្រយោជន៍ដើម្បីដឹងថា ពាក្យ ផ្អែកទៅលើ មានន័យថា « សំអាងលើ » និងឃ្លា « ដ៏ពុំអាចដកចេញបាន » មានន័យថា ច្បាប់មួយមានភាពជាអចិន្ត្រៃយ៍ ហើយមិនអាចផ្លាស់ប្ដូរបាន ។
ដោយយោងទៅលើអ្វីដែលអ្នកបានរៀននៅក្នុង ខ ២០–២១ សូមបំពេញគោលការណ៍ដូចតទៅនេះ ៖ ប្រសិនបើយើងចង់ទទួលបាន នោះយើងត្រូវ ។
ដើម្បីជួយអ្នកឲ្យយល់បន្ថែមទៀតពីគោលការណ៍នេះ សូមបំពេញតារាងខាងក្រោម ។ សូមអានបទគម្ពីរទាំងនោះ រួចរកមើលពីច្បាប់ និងពរជ័យដែលភ្ជាប់មកជាមួយដែលបានពិពណ៌នានៅក្នុងបទគម្ពីរនីមួយៗ ។
វគ្គបទគម្ពីរ |
ច្បាប់ |
ពរជ័យ |
---|---|---|
-
សូមបំពេញកិច្ចការខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមឆ្លើយសំណួរដូចតទៅនេះ ៖ តើពរជ័យអ្វីខ្លះដែលអ្នកធ្លាប់ទទួលដោយសារអ្នកគោរពតាមច្បាប់មួយ ?
-
សូមគិតអំពីពរជ័យដែលអ្នកចង់ទទួលបាន ។ សូមសរសេរពីអ្វីដែលច្បាប់ ឬច្បាប់នានាដែលអ្នកត្រូវគោរពតាម ដើម្បីអ្នកអាចទទួលបានពរជ័យទាំងនោះ ។ ( អ្នកអាចប្រើជំនួយសម្រាប់ការសិក្សាព្រះគម្ពីរដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ( ការណែនាំតាមប្រធានបទ ) ដើម្បីជួយអ្នកឲ្យស្វែងរកច្បាប់នានាដែលជួយនាំមកនូវពរជ័យ ។ ត្រូវចងចាំថា ច្បាប់ និង ពរជ័យខ្លះគឺមានភាពជាក់លាក់ខ្លាំងណាស់ កាលដែលច្បាប់ដទៃទៀតគឺជាលក្ខណៈទូទៅ ។ វាក៏សំខាន់ផងដែរដើម្បីចងចាំថា ពរជ័យខ្លះដែលបានសន្យាអាចកើតមានបន្ទាប់ពីជីវិតរមែងស្លាប់ ) ។
-
សូមរំឭកអំពីគោលលទ្ធិ និង គោលការណ៍ទាំងឡាយ ដែលអ្នកបានរកឃើញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០ ។ សូមពិចារណាពីគោលលទ្ធិ និង គោលការណ៍នានា នៅពេលអ្នកអានសេចក្ដីថ្លែងការណ៍ដូចតទៅនេះរបស់ប្រធាន ព្រិកហាំ យ៉ង់ ស្ដីពីសមត្ថភាពរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ក្នុងការពន្យល់ពីរឿងរបស់ព្រះ ៖ « ភាពរុងរឿងដ៏ឧត្តមនៃចិរកលក្ខណៈរបស់បងប្រុស យ៉ូសែប ស្ម៊ីធ គឺថា លោកអាចធ្វើឲ្យមនុស្សដែលមានការយល់ដឹងមានកំណត់អាចយល់ដឹងពីរឿងសួគ៌ាបាន ។ នៅពេលលោកបង្រៀនដល់មនុស្សទូទៅ—ដោយបើកសម្ដែងពីរឿងរបស់ព្រះ ព្រះទ័យនៃព្រះ ផែនការនៃសេចក្ដីសង្គ្រោះ ព្រះរាជបំណងនៃព្រះយេហូវ៉ា ទំនាក់ទំនងដែលយើងមានជាមួយនឹងទ្រង់ និង តួអង្គសួគ៌ាទាំងអស់—លោកបានសម្របការបង្រៀនរបស់លោកទៅនឹងសមត្ថភាពរបស់បុរស ស្ត្រី និង កុមារគ្រប់រូប ដោយគូសបញ្ជាក់វាយ៉ាងច្បាស់ ។ ការណ៍នេះគួរតែធ្វើឲ្យមនុស្សគ្រប់គ្នាដែលស្ដាប់លោកហើយបានដឹងពីសិទ្ធិអំណាច និង អំណាចដ៏ទេវភាពរបស់លោក ពីព្រោះគ្មាននរណាផ្សេងទៀតអាចបើកសម្ដែងរឿងនៃព្រះបានឡើយ មានតែតាមរយៈវិវរណៈរបស់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ » ( Teachings of Presidents of the Church: Brigham Young[ឆ្នាំ ១៩៩៧ ] ទំព័រ ៣៤៧) ។
-
សូមឆ្លើយសំណួរដូចតទៅនេះដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើគោលការណ៍នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៩-៣០ ពង្រឹងទីបន្ទាល់អ្នកចំពោះការហៅបម្រើរបស់យ៉ូសែប ស្ម៊ីធយ៉ាងដូចម្ដេច ?
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:១២-២១ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖