មេរៀនទី ១៦ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥
បុព្វកថា
នៅក្នុងសន្និសីទនៃសាសនាចក្រដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈចំនួនពីរ ដែលទាំងពីរនោះមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥ ។ វិវរណៈទីមួយដែលមានកត់ត្រានៅក្នុង ខទី ១–២២ត្រូវបានប្រទានដល់ពួកអែលឌើរមួយក្រុម ដែលបានបញ្ជូនឈ្មោះដើម្បីបម្រើបេសសកម្ម ។ ព្រះអម្ចាស់បានណែនាំដល់ពួកអែលឌើរទាំងនេះអំពីករណីយកិច្ចនៃការផ្សព្វផ្សាយសាសនារបស់ពួកគេ ហើយបានចាត់តាំងដៃគូបេសកកម្មឲ្យពួកគេ ។ វិវរណៈទីពីរដែលមានកត់ត្រានៅក្នុង ខទី ២៣-៣៦ត្រូវបានប្រទានដល់ពួកអែលឌើរក្រុមទីពីរ ដែលបានចង់ដឹងអំពីព្រះឆន្ទៈ របស់ព្រះអម្ចាស់ ដែលមានចំពោះពួកគេ ។ ព្រះអម្ចាស់បានណែនាំពួកអែលឌើរទាំងនេះ ត្រូវឲ្យប្រាកដថាក្រុមគ្រួសាររបស់ពួកគេត្រូវបានទ្រទ្រង់ ហើយឲ្យពួកគេទទួលយកការហៅឲ្យប្រកាសដំណឹងល្អ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:១-៥
ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ អ្នកដែលមានបំណងប្រាថ្នាប្រកាសដំណឹងល្អ
តើនៅប៉ុន្មានឆ្នាំទៀត ដែលអ្នកនឹងមានលក្ខណៈគ្រប់គ្រាន់អាចបម្រើបេសកកម្មពេញម៉ោងបាន ? នៅពេលអ្នកគិតអំពីលទ្ធភាពនៃការបម្រើបេសកកម្មពេញម៉ោង តើពរជ័យអ្វីខ្លះ ដែលអ្នករំពឹងថានឹងទទួលបានដោយការចែកចាយដំណឹងល្អជាមួយមនុស្សដទៃ ? សូមសរសេរពរជ័យមួយចំនួនទាំងនោះ នៅក្នុងចន្លោះដែលមាន ៖
ដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥ព្រះអម្ចាស់បានសន្យាថានឹងប្រទានពរជ័យជាច្រើន ទៅដល់អ្នកដែលទ្រង់បានហៅឲ្យប្រកាសដំណឹងល្អ ។ ទ្រង់ក៏ប្រទានដល់ពួកគេ នូវការណែនាំទាំងឡាយដើម្បីជួយពួកគេទទួលបានជោគជ័យ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:១-៤ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់មានព្រះទ័យឲ្យពួកអែលឌើរទាំងនេះធ្វើ នៅពេលកំពុងប្រកាសដំណឹងល្អ ។ អ្នកអាចនឹងចង់គូសចំណាំអ្វី ដែលអ្នករកឃើញនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីមូលហេតុដែលអ្នកគិតថា វាមានសារៈសំខាន់ ដែលអ្នកផ្សព្វផ្សាយសាសនាត្រូវប្រកាសដំណឹងល្អ ទៅតាមបែបបទដែលព្រះអម្ចាស់បានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:៥ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់បានសន្យាដល់ពួកអែលឌើរទាំងនេះ ប្រសិនបើពួកគាត់នឹងប្រកាសដំណឹងល្អរបស់ទ្រង់ដោយស្មោះត្រង់នោះ ។ វាអាចនឹងមានប្រយោជន៍ដែលត្រូវស្គាល់ថា ពាក្យ កណ្ដាប់ស្រូវ សំដៅទៅលើដើមស្រូវ ដែលត្រូវបានច្រូត ហើយចងជាកណ្ដាប់ ។ ការផ្ទុក « កណ្ដាប់ស្រូវ » មានន័យថា ការច្រូតកាត់បានច្រើន ។ តើអ្នកគិតថា « កណ្ដាប់ស្រូវ » អាចជានិមិត្តរូបអ្វី នៅក្នុងកិច្ចការផ្សព្វផ្សាយសាសនា ?
បន្ថែមពីលើពរជ័យនៃការទទួលបានផ្លែផ្កាពីកិច្ចការរបស់យើង នៅពេលយើងចែកចាយដំណឹងល្អជាមួយមនុស្សដទៃ នោះព្រះអម្ចាស់បានសន្យាថានឹងប្រទានពរជ័យដ៏នៅអស់កល្បជានិច្ចនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:៥ ។ តើការសន្យារបស់ព្រះអម្ចាស់មាននៅក្នុង ខទី ៥ អាចនឹងលើកទឹកចិត្តអ្នក ឲ្យចែកចាយដំណឹល្អ ជាមួយមនុស្សដទៃយ៉ាងដូចម្ដេច ?
-
ដោយប្រើអ្វីដែលអ្នករៀននៅក្នុង ខទី ៥សូមបំពេញគោលការណ៍ដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ បើយើងស្មោះត្រង់ក្នុងការប្រកាសដំណឹងល្អ នោះព្រះអម្ចាស់នឹងប្រទានពរយើងដោយនូវ …
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៦-២២
ព្រះអម្ចាស់ហៅ ហើយណែនាំដល់ដៃគូផ្សព្វផ្សាយសាសនាទាំងឡាយ
បន្ទាប់ពីព្រះអម្ចាស់បានប្រទានការណែនាំ និង ការសន្យាទៅដល់ពួកអែលឌើរ ដែលនឹងបម្រើបេសកកម្មហើយ នោះទ្រង់បានចាត់ពួកគាត់ជាគូៗ ហើយបានប្រទានសេចក្ដីណែនាំជាក់លាក់ទៅដល់ដៃគូនីមួយៗ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:៦–១២ ដើម្បីរៀនអំពីដៃគូទីមួយ និង ការសន្យាដែលព្រះអម្ចាស់បានប្រទានដល់ពួកគាត់ ប្រសិនបើពួកគាត់ប្រកាសដំណឹងល្អដោយស្មោះត្រង់ ។
វាអាចនឹងជួយអ្នកដែលត្រូវដឹងថា នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ១៨៣១ វិលលាម អ៊ី ម៉័កខ្លេលិន បានទទួលការហៅឲ្យបម្រើបេសកកម្មនៅភាគខាងកើតនៃសហរដ្ឋ និង សាំយូអែល អេច ស្ម៊ីធ ត្រូវបានហៅឲ្យធ្វើជាដៃគូរបស់គាត់ ( សូមមើល គ. និង ស. ៦៦:៥–៨ ) ។ វិលលាម បានគោរពប្រតិបត្តិតាមការហៅនេះមុនគេបង្អស់ ។ បេសកកម្មរបស់គាត់បានបញ្ចប់មុនគេ ហើយបានត្រឡប់ទៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ វិញនៅចុងខែ ធ្នូ ឆ្នាំ ១៨៣១ ។ ដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:៦–១២ព្រះអម្ចាស់បានវាយផ្ចាល វិលលាម អ៊ី ម៉័កខ្លេលិន ចំពោះការរអ៊ូរទាំរបស់គាត់ ដោយត្រូវបានដកការហៅឲ្យបម្រើនៅរដ្ឋទាំងឡាយ នៅភាគខាងកើត ហើយទ្រង់បានហៅ អួរសុន ហៃឌ ឲ្យបម្រើជំនួសគាត់ជាដៃគូរបស់ សាំយូអែល ស៊្មីធ ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអម្ចាស់បានបន្តហៅ វិលលាម ឲ្យបម្រើ ដើម្បីប្រកាសដំណឹងល្អនៅភាគខាងត្បូងនៃសហរដ្ឋ ដោយមាន លូកា ចនសុន ធ្វើជាដៃគូ ។ វិលលាម បានទទួលការហៅឲ្យបម្រើនោះ ប៉ុន្តែ គាត់ពុំបានបន្តបម្រើដោយស្មោះត្រង់នោះទេ ។ មិនយូរប៉ុន្មាន គាត់បានថ្លែងចេញមកថា គាត់ធុញទ្រាន់មិនចង់បន្តបេសកកម្មទៀតឡើយ ។ បន្ទាប់ពីបានបញ្ចប់បេសកកម្មរបស់គាត់ហើយនោះ គាត់បានធ្វើដំណើរទៅកាន់ភូមិហៃរាំ រដ្ឋ អូហៃអូ វិញ ហើយបានរៀបការនឹង អិមីលីន មិលើរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:១១, ១៣–១៤ដោយស្វែងរកការសន្យាដែលព្រះអម្ចាស់បានមានព្រះបន្ទូលម្ដងហើយម្ដងទៀត ទៅកាន់ដៃគូផ្សព្វផ្សាយសាសនាទាំងនោះ ប្រសិនបើពួកគេនឹងប្រកាសដំណឹងល្អដោយស្មោះត្រង់ ។ អ្នកអាចនឹងចង់គូសចំណាំឃ្លានៅក្នុងខគម្ពីរទាំងនេះ ដែលអះអាងចំពោះយើងថា បើយើងមានចិត្តស្មោះត្រង់ក្នុងការប្រកាសដំណឹងល្អ នោះព្រះអម្ចាស់នឹងគង់នៅជាមួយយើង ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីបទពិសោធន៍មួយដែលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ បានមាន ដែលអះអាងចំពោះអ្នកថា ព្រះអម្ចាស់នឹងគង់នៅជាមួយយើង នៅពេលយើងចែកចាយដំណឹងល្អរបស់ទ្រង់ដោយស្មោះត្រង់ ។
-
សូមស្រមៃថា អ្នកមានមិត្តភក្ដិ ឬ សមាជិកម្នាក់ ដែលកំពុងមានការលំបាកក្នុងការបម្រើបេសកកម្មពេញម៉ោង ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ជាសំបុត្រលើកទឹកចិត្តមួយច្បាប់ទៅកាន់បុគ្គលនោះ ដោយប្រើគោលការណ៍ដែលអ្នកបានរៀននៅក្នុងមេរៀននៅថ្ងៃនេះ ។ សូមចែកចាយនៅក្នុងសំបុត្រនោះ អំពីអ្វីដែលអ្នកផ្សព្វផ្សាយសាសនាអាចធ្វើ ដើម្បីប្រកាសដំណឹងល្អកាន់តែមានភាពស្មោះត្រង់ និង អ្វីដែលជាពរជ័យមួយចំនួន ដែលកើតឡើងចំពោះអ្នកដែលធ្វើដូច្នោះ ។ ( ប្រសិនបើអ្នកស្គាល់អ្នកផ្សព្វផ្សាយសាសនាពេញម៉ោងណាម្នាក់ អ្នកអាចសរសេរសំបុត្រទៅកាន់គាត់ ។ បន្ទាប់មក សូមកត់ចំណាំនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ដោយសរសេរថា អ្នកបានធ្វើកិច្ចការនោះហើយ ) ។
យើងអាចជួបប្រទះនឹងឧបសគ្គនានា ក្នុងការខិតខំឲ្យមានចិត្តស្មោះត្រង់ក្នុងការប្រកាសដំណឹងល្អ ។ នៅក្នុងអត្ថបទមួយអំពីប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសរសេរអំពីការពុះពារមួយ ដែលប្រធាន ហ៊ីងគ្លី បានជួបប្រទះកាលកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេស អង់គ្លេស ៖
« អែលឌើរ ហ៊ិងគ្លី បានមានការបាក់ទឹកចិត្ត ដែលដូចគ្នាទៅនឹងអ្នកផ្សព្វផ្សាយសាសនាដ៏ទៃទៀតកំពុងប្រឈមមុខទៅនឹងកាលៈទេសៈថ្មីលើទឹកដីថ្មី ។ គាត់ពុំសូវស្រួលខ្លួននោះទេ ហើយនៅពេលគាត់បានទៅការប្រជុំជាសាធារណៈជាលើកដំបូងរបស់គាត់ … គាត់នៅចាំ ៖ ‹ ខ្ញុំបានភ័យញ័រ ។ ខ្ញុំបានឡើងលើវេទិកាតូចមួយ ហើយបានសម្លឹងមើលទៅបណ្ដាជនដែលបានមកជួបជុំគ្នា ។… ពួកគេពុំបានសម្លឹងមកខ្ញុំវិញដោយទឹកមុខឃោរឃៅ ឬ កាចសាហាវនោះទេ ប៉ុន្តែ ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំពិបាកថ្លែងចេញនូវអ្វីដែលខ្ញុំត្រូវថ្លែងនោះឡើយ › ។
« ដោយការបាក់ស្មារតី និង ការប្រឈមមុខនឹងការបរាជ័យក្នុងកិច្ចខិតខំផ្សព្វផ្សាយសាសនា ហ្គរដុន បានសរសេរសំបុត្រទៅកាន់ឪពុករបស់គាត់ ៖ ‹ ខ្ញុំកំពុងតែខ្ជះខ្ជាយពេលវេលា និង ប្រាក់កាសរបស់លោកឪពុកហើយ ។ ខ្ញុំពុំមានជោគជ័យអ្វីទាល់តែសោះនៅទីនេះ › ។ មិនយូរប៉ុន្មាន សំបុត្រមួយច្បាប់ដ៏ផ្អែមល្ហែម ប៉ុន្តែ ខ្លីបានសរសេរតបមកពីឪពុករបស់លោក ។ សំបុត្រនោះមានសេចក្ដីចែងមក ៖ ‹ ហ្គរដុន ជាទីស្រឡាញ់ ។ ឪពុកបានទទួលសំបុត្ររបស់កូន [ នៅកាលបរិច្ឆេទ ] ។ ឪពុកមានតែយោបល់មួយគត់សម្រាប់កូន ។ បំភ្លេចខ្លួនឯង ហើយចេញទៅធ្វើការ ។ ដោយសេចក្ដីស្រឡាញ់ ឪពុករបស់កូន › ។
« ប្រធាន ហ៊ិងគ្លី មានប្រសាសន៍អំពីគ្រាមួយនោះថា ‹ ខ្ញុំបានពិចារណាអំពីចម្លើយតបរបស់គាត់ ហើយនៅព្រឹកស្អែកឡើង នៅក្នុងថ្នាក់សិក្សាព្រះគម្ពីររបស់យើង យើងបានអានព្រះបន្ទូលថ្លែងការណ៍របស់ព្រះអម្ចាស់ដ៏គួរឲ្យកត់សម្គាល់បំផុតនោះថា « ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបានបាត់ជីវិតដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ នោះនឹងបានជីវិតវិញ » ( ម៉ាកុស ៨:៣៥ ) ។
« ‹ ព្រះបន្ទូលថ្លែងការណ៍នោះ ការសន្យានោះ បានធ្វើឲ្យខ្ញុំរំជួលចិត្ត ។ ខ្ញុំបានលុតជង្គង់ចុះ ហើយបានធ្វើសេចក្ដីសញ្ញាជាមួយព្រះអម្ចាស់ថា ខ្ញុំនឹងព្យាយាមបំភ្លេចខ្លួនឯង ហើយចេញទៅធ្វើការ ។ ខ្ញុំចាត់ទុកថ្ងៃនោះថា ជាថ្ងៃនៃការសម្រេចចិត្តនៅក្នុងជីវិតរបស់ខ្ញុំ ។ អ្វីៗល្អគ្រប់យ៉ាង ដែលបានកើតឡើងចំពោះខ្ញុំចាប់តាំងពីពេលនោះមក ខ្ញុំអាចក្រឡេកមើលទៅការសម្រេចចិត្តដែលខ្ញុំបានធ្វើនៅគ្រានោះ › » ( « President Gordon B. Hinckley: Stalwart and Brave He Stands » Ensign ខែ មិថុនា ឆ្នាំ ១៩៩៥ ទំព័រ ៨ ) ។
ដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:១៥–២២ព្រះអម្ចាស់បានណែនាំអ្នកផ្សព្វផ្សាយសាសនាឲ្យប្រទានពរដល់ផ្ទះ ដែលបានទទួលពួកគេ ។ ទ្រង់ក៏បានបង្រៀនពួកគាត់អំពីអ្វីដែលត្រូវធ្វើ នៅពេលពួកគាត់ត្រូវបានគេបដិសេធ ដោយមនុស្សដែលពួកគេបានចែកចាយដំណឹងល្អជាមួយ ។ ការរលាស់ធូលីដីពីជើងពួកគាត់ចេញ ទុកជាទីបន្ទាល់ទាស់នឹងពួកគាត់ ដែលបានបដិសេធពួកគាត់ ពុំត្រូវបានអនុវត្តដោយអ្នកផ្សព្វផ្សាយសាសនា នាពេលបច្ចុប្បន្ននេះទេ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:២៣-២៩
ព្រះអម្ចាស់ពន្យល់អំពីរបៀបដែលក្រុមគ្រួសារនៃអ្នកដែលត្រូវបានហៅឲ្យបម្រើបេសកកម្មទាំងនោះ គប្បីត្រូវបានទ្រទ្រង់
វិវរណៈទីពីរនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥ដែលមានកត់ត្រានៅក្នុង ខទី ២៣–៣៦ត្រូវបានប្រទានឲ្យដល់ពួកអែលឌើរមួយក្រុមទៀត ។ នៅជំនាន់ដំបូងនៃសាសនាចក្រ មានបុរសជាច្រើនដែលត្រូវបានហៅបម្រើបេសកកម្ម មានប្រពន្ធ និង កូន ដែលពឹងផ្អែកទៅលើការទ្រទ្រង់របស់ពួកគេ ។ ការទទួលយកការហៅឲ្យបម្រើ គឺជាការលះបង់មួយដ៏ធំសម្បើមពីសំណាក់ក្រុមគ្រួសារទាំងមូល ។ ការព្រួយបារម្ភជាទូទៅមួយសម្រាប់ពួកអែលឌើរជាច្រើន អាចជាអ្វីដែលនឹងកើតឡើងចំពោះក្រុមគ្រួសាររបស់ពួកគាត់ ប្រសិនបើពួកគាត់ទទួលយកការហៅឲ្យប្រកាសដំណឹងល្អនៅឆ្ងាយពីផ្ទះ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:២៤–២៨ដោយស្វែងរកសេចក្ដីណែនាំពីព្រះអម្ចាស់ទៅដល់ពួកអែលឌើរ ដែលត្រូវប្រកាសដំណឹងល្អ ប៉ុន្តែ មានក្រុមគ្រួសារដែលត្រូវមើលថែ ។
ព្រះអម្ចាស់បានមានព្រះបន្ទូលនៅក្នុងខគម្ពីរទាំងនេះថា សាសនាចក្រគប្បីជួយដល់ក្រុមគ្រួសារនោះ នៅពេលមានឪពុក ឬ ស្វាមីទទួលយកការហៅឲ្យចេញទៅបម្រើបេសកកម្ម ។ សូមកត់ចំណាំនៅក្នុង ខទី ២៦ នូវអ្វីដែលព្រះអម្ចាស់បង្គាប់ឲ្យពួកអែលឌើរទាំងនេះធ្វើ ប្រសិនបើពួកគេមានលទ្ធភាពរកកន្លែងមួយ ដែលក្រុមគ្រួសាររបស់ពួកគេអាចត្រូវបានទ្រទ្រង់ ។
នៅក្នុង ខទី ២៨ព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ពួកអែលឌើរដែលពុំមានលទ្ធភាពស្វែងរកការផ្គត់ផ្គង់ដល់ក្រុមគ្រួសារខ្លួនថា ពួកគាត់ត្រូវបានលើកលែងពីការធ្វើដំណើរ ហើយទ្រង់បានអះអាងដល់ពួកគាត់ថា ពួកគាត់នឹងមិនបាត់បង់ឱកាសទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចឡើយ ។ ពួកអែលឌើរទាំងនេះនៅតែរំពឹងឲ្យធ្វើការ នៅក្នុងសាសនាចក្រទៅតាមតំបន់របស់ខ្លួន ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:២៩ដោយស្វែងរកឱវាទ ដែលព្រះអម្ចាស់បានប្រទានដល់បុរសទាំងអស់នេះ ។ វាអាចផ្តល់អត្ថប្រយោជន៍ក្នុងការដឹងថា មនុស្សខ្ជិលច្រអូស គឺជាបុគ្គលដែលពុំមានឆន្ទៈធ្វើការ ហើយដែលត្រូវ « មានចិត្តឧស្សាហ៍ក្នុងគ្រប់ជំពូកទាំងអស់ » មានន័យថា ស្ថិតស្ថេរ ព្យាយាម យកចិត្តទុកដាក់ និង ប្រឹងប្រែងធ្វើការ ។
អ្នកអាចនឹងចង់គូសចំណាំសេចក្ដីណែនាំរបស់ព្រះអម្ចាស់នៅក្នុង ខទី ២៩ ដែលបង្រៀនអំពីគោលការណ៍ដូចតទៅនេះ ៖ ព្រះអម្ចាស់បញ្ជាយើងឲ្យមានចិត្តឧស្សាហ៍ក្នុងគ្រប់ជំពូកទាំងអស់ ។
-
សូមពិចារណាអំពីទិដ្ឋភាពមួយចំនួននៃជីវិតរបស់អ្នក ដែលអ្នកដឹងថា អ្នកអាចធ្វើឲ្យមានចិត្តកាន់តែឧស្សាហ៍ព្យាយាមជាងមុន ។ សូមសរសេរនៅលើក្រដាសមួយសន្លឹក នូវគោលដៅនៃអ្វីមួយដែលអ្នកនឹងធ្វើ ដើម្បីឲ្យមានចិត្តកាន់តែឧស្សាហ៍ព្យាយាមជាងមុន ។ សូមបិទគោលដៅនេះ នៅទីកន្លែងដែលអ្នកអាចមើលឃើញវារាល់ថ្ងៃ ។ នៅពេលអ្នកបានបញ្ចប់កិច្ចការនេះ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្បីរបស់អ្នក ៖ ខ្ញុំបានសរសេរគោលដៅរបស់ខ្ញុំ ហើយបានបិទវានៅទីកន្លែងដែលខ្ញុំអាចមើលឃើញវារាល់ថ្ងៃ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៣០-៣៦
ព្រះអម្ចាស់ចាត់តាំងពួកអែលឌើរ ឲ្យបម្រើជាដៃគូអ្នកផ្សព្វផ្សាយសាសនា
នៅចុងបញ្ចប់នៃវិវរណៈទីពីរ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥ព្រះអម្ចាស់បានចាត់តាំងដៃគូផ្សព្វផ្សាយសាសនា ដល់ពួកអែលឌើរក្នុងក្រុមនេះ ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖