ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២១ ៖ ថ្ងៃ​ទី ៣ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១-១៦


មេរៀន​ទី ២១ ៖ ថ្ងៃ​ទី ៣

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១-១៦

បុព្វកថា

នៅ​ថ្ងៃ​ទី ១៦ និង ១៧ ខែ ធ្នូ ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​អំពី​ទុក្ខ​វេទនា​ទាំងឡាយ ដែល​ពួក​បរិសុទ្ធ​បាន​មាន​នៅ​រដ្ឋ មិសសួរី ។ វិវរណៈ​នេះ ដែល​ត្រូវបាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១នឹង​ត្រូវ​បាន​បំបែក​ជា​បី​មេរៀន ។ មេរៀន​ទី​មួយ​នេះ រួមបញ្ចូល​ការបកស្រាយ​របស់​ព្រះអម្ចាស់​អំពី​មូលហេតុ ដែល​ទ្រង់​ទុក​ឲ្យ​ពួក​បរិសុទ្ធ​រងទុក្ខ​វេទនា ។ វា​ក៏​រួម​បញ្ចូល​ទាំង​ព្រះបន្ទូល​ទ្រង់​នៃ​ឱវាទ និង ការលួងលោមចិត្ត​ទៅ​ដល់​ពួក​បរិសុទ្ធ​ដែល​រងទុក្ខ​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១-៨

ព្រះអម្ចាស់​បកស្រាយ​អំពី​មូលហេតុ ដែល​ទ្រង់​ទុក​ឲ្យ​រាស្ត្រ​របស់​ទ្រង់​ត្រូវ​ជួប​នឹង​ការសាកល្បង

ផែនទី រដ្ឋ មិសសួរី ភាគ​ខាង​ជើង

ចេញ​ពី​អ្វី​ដែល​អ្នក​បាន​រៀន អំឡុង​ពេល​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨ សូម​ចង្អុល​បង្ហាញ​អំពី​សេចក្ដី​លំបាក​ខាង​ក្រោម​នេះ ដែល​ពួក​បរិសុទ្ធ​មាន​នៅ​ឃុំ​ចាកសុន រដ្ឋ មិសសួរី ក្នុង​ខែ កក្កដា ឆ្នាំ ១៨៣៣ ។ អ្នក​អាច​យោង​ទៅ​មេរៀន​នៅ​ថ្ងៃ​ទី ១ ដើម្បី​ជួយ​អ្នក​ចងចាំ ។

ការិយាល័យ​រោងពុម្ព​របស់​ពួក​បរិសុទ្ធ​ត្រូវបាន​បំផ្លាញ ។

ផ្សារ​របស់ ស៊ីឌនី គិលបឺត ត្រូវបាន​កំទេច​ចោល ហើយ​ឥវ៉ាន់​នានា ត្រូវបាន​លួច ។

ផ្ទះសម្បែង​ជា​ច្រើន​ខ្នង​របស់​ពួក​បរិសុទ្ធ និង ដំណាំ​ជា​ច្រើន​ត្រូវបាន​ដុត​បំផ្លាញ​ចោល ។

ពួក​បរិសុទ្ធ​ពីរ​នាក់ អែតវឺត ប៉ាទ្រិច និង ឆាលស៍ អេលែន ត្រូវបាន​គេ​លាប​កៅស៊ូ ហើយ​ចាក់​រោម​សត្វ​លើ​ខ្លួន​នៅ​ទី​សាធារណៈ ។

ដោយសារតែ​អំពើ​ព្រៃផ្សៃ​របស់​ក្រុម​មនុស្ស​កំណាច​នៅ​ឃុំ​ចាកសុន រដ្ឋ មិសសួរី ក្នុង​ខែ កក្កដា ឆ្នាំ ១៨៣៣ នោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​យល់ព្រម​ចាកចេញ​ពី​ឃុំ​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ខែ សីហា ឆ្នាំ ១៨៣៣ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទូន្មាន​កុំ​ឲ្យ​ពួក​បរិសុទ្ធ​លក់​ដីធ្លី​របស់​ខ្លួន​ឡើយ ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ដាក់​ញត្តិ​ទាមទារ​ដល់​រដ្ឋា​ភិបាល ហើយ​បាន​ប្រើប្រាស់​បណ្ដាញ​ស្របច្បាប់​ដែល​មាន ដើម្បី​រក្សា​ដីធ្លី​របស់​ខ្លួន​នៅ​រដ្ឋ មិសសួរី ហើយ​ស្វែងរក​ភាពយុត្តិធម៌​ពី​អ្នក​ដែល​ទទួល​ខុសត្រូវ​លើ​អំពើ​ព្រៃផ្សៃ​ទាំងនោះ ។ បន្ទាប់​ពី​បាន​ដឹង​អំពី​សកម្មភាព​នេះ ហើយ​ដោយ​ជឿ​ថា ពួក​បរិសុទ្ធ​ពុំ​មាន​ផែនការណ៍​ចាកចេញ​ដូច​ដែល​បាន​រំពឹងទុក​ទេ​នោះ អ្នក​តាំង​លំនៅ​ដែល​មិនមែន​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​វាយ​ប្រហារ​លើ​ពួក​បរិសុទ្ធ​សាជាថ្មី ។ នា​យប់​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ ១៨៣៣ មនុស្ស​កំណាច​មួយ​ក្រុម​មាន​អ្នក​ជិះសេះ​ប្រមាណ ៥០ នាក់ បាន​វាយលុក​លំនៅដ្ឋាន​របស់​កុ្រមគ្រួសារ វិតមើរ ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង អ៊ីនឌីប៉ែនដែនស៍ ។ ពួកគេ​បាន​រុះរើ​ផ្ទះ​ចំនួន ១៣ ខ្នង ហើយ​បាន​វាយ​បុរស​បួន​ប្រាំ​នឹង​រំពាត់ ដែល​ស្ទើរតែ​សម្លាប់​ពួកគេ​បង់​ទៅ​ហើយ ។ ការវាយប្រហារ​នេះ​បាន​បន្ត​ដល់​ពីរ​យប់​បន្ទាប់ នៅ​ទីក្រុង អ៊ីនឌីប៉ែនដែនស៍ និង ទីតាំង​ផ្សេង​ទៀត​ដែល​ពួក​បរិសុទ្ធ​បាន​រស់នៅ ។ បុរសៗ​ត្រូវបាន​គេ​វាយ ចំណែក​ឯ​ស្ត្រីៗ និង កុមារ​ត្រូវ​គេ​ធ្វើ​ឲ្យ​ភ័យ​តក់ស្លុត ។ ពួក​បរិសុទ្ធ​ជាង ១,០០០ នាក់​ត្រូវបាន​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​នៅ​ឃុំ​ចាកសុន ។

តើ​អ្នក​គិត​ថា មាន​សំណួរ​អ្វី​ដែល​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី អាច​នឹង​ចោទ​សួរ​នៅ​គ្រា​នេះ ? តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​ថា ហេតុអ្វី​បាន​ជា​ព្រះអម្ចាស់​បណ្ដោយ​ឲ្យ​ការណ៍​អាក្រក់ៗ កើតឡើង​ចំពោះ​អ្នក ឬ មនុស្ស​ដែល​អ្នក​ស្គាល់ ?

សូម​អាន​សេចក្ដី​ណែនាំ​អំពី​កណ្ឌ​នៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០១ ដើម្បី​រៀន​អំពី​គ្រា​ដែល​វិវរណៈ​នេះ​ត្រូវបាន​ប្រទាន​ឲ្យ និង ការសាកល្បងមួយ​ចំនួន​បន្ថែម​ទៀត ដែល​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី បាន​ជួប​ប្រទះ​នៅ​គ្រា​នេះ ។

នៅ​ពេល​ពួក​បរិសុទ្ធ​នៅ​រដ្ឋ មិសសួរី បាន​រងទុក្ខ​ការសាកល្បងទាំងនេះ ព្រះអម្ចាស់​បាន​បើកសម្ដែង​សេចក្ដីពិត​អំពី​មូលហេតុ ដែល​ទ្រង់​ទុក​ឲ្យ​រាស្ត្រ​របស់​ទ្រង់​រងទុក្ខ​លំបាក​បែប​នេះ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១-២ដោយ​ស្វែងរក​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​ទុក​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ឃុំ​ចាកសុន​ត្រូវ​រង​សេចក្ដី​បៀតបៀន និង ការរងទុក្ខ ។

ចេញ​ពី ខទី ២ យើង​រៀន​ថា នៅ​ពេល​យើង​ល្មើស​នឹង​ព្រះបញ្ញត្តិ នោះ​ព្រះ​នឹង​ទុក​ឲ្យ​យើង​រងទុក្ខ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​មាន​សារៈសំខាន់​ដែល​ត្រូវ​យល់​អំពី​សេចក្ដីពិត​នេះ ?

ទោះជា​ពួក​បរិសុទ្ធ​ជា​ច្រើន​នៅ​រដ្ឋ មិសសួរី មាន​ចិត្ត​ស្មោះត្រង់ និង គោរពប្រតិបត្តិ​ក្ដី ក៏​ពួកគេ​នៅ​តែ​រងទុក្ខ ដោយសារ​តែ​សេចក្ដី​បៀតបៀន​ដែរ ។ សូម​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៣-៥ដោយ​ស្វែងរក​មូលហេតុ ដែល​ព្រះអម្ចាស់​បាន​ទុក​ឲ្យ​ទាំង​ពួក​បរិសុទ្ធ​ដ៏​សុចរិត​នៅ​ឃុំ​ចាកសុន​ត្រូវ​រងទុក្ខ ។ សូម​កត់ចំណាំ​ថា ពាក្យ សេចក្ដី​វាយផ្ចាល មាន​ន័យ​ថា ការលុតដំ ឬ កែតម្រូវ ពាក្យ សាកល្បង មាន​ន័យ​ថា ការពិសោធន៍ និង ពាក្យ ញែក​ចេញ​ជា​បរិសុទ្ធ មាន​ន័យ​ថា ធ្វើ​ឲ្យ​នរណាម្នាក់ ឬ អ្វី​មួយ​ទៅ​ជា​បរិសុទ្ធ ឬ ពិសិដ្ឋ ។

យោង​តាម ខទី ៥ សូម​បញ្ចប់​សេចក្ដី​ថ្លែងការណ៍​នៃ​សេចក្ដីពិត​ដូចតទៅ​នេះ ៖ បើ​យើង​មិន​ទ្រាំទ្រ​នឹង​សេចក្ដី​វាយផ្ចាល​ទេ​នោះ យើង​មិន​អាច  ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​របៀប​ដែល​ការដែល​ត្រូវបាន​វាយផ្ចាល និង ល្បងល ជួយ​យើង​ឲ្យ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ៖ « បន្ថែម​ពី​លើ​ការដាស់តឿន​យើង​ឲ្យ​ប្រែចិត្ត នោះ​បទពិសោធន៍​ដ៏​មាន​សារៈសំខាន់​នៃ​ការទ្រាំទ្រ​សេចក្ដី​វាយផ្ចាល អាច​ដុសខាត់ ហើយ​រៀបចំ​យើង​ឲ្យ​ទទួល​បាន​ឯកសិទ្ធិ​ដ៏​មហិមា​ខាង​វិញ្ញាណ » ( As Many as I Love, I Rebuke and Chasten,” EnsignLiahonaខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៨ ) ។

អ័ប្រាហាំ អ៊ីសាក និង ទេវតា

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤ព្រះអម្ចាស់​បាន​យក អ័ប្រាហាំ ធ្វើ​ជា​គំរូ​នៃ​មនុស្ស ដែល​ត្រូវបាន​វាយផ្ចាល និង ពិសោធន៍ ។ នៅ​ពេល​ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់ អ័ប្រាហាំ ឲ្យ​ថ្វាយ​កូន​ប្រុស​របស់​លោក អ៊ីសាក ជា​យញ្ញបូជា នោះ អ័ប្រាហាំ បាន​បញ្ជាក់​ការស្មោះត្រង់ ហើយ​បាន​បង្ហាញ​ថា លោក​បាន​ត្រៀមខ្លួន​ទទួល​ពរជ័យ​ដ៏​មហិមា​ខាង​វិញ្ញាណ ( សូម​មើល លោកុប្បត្តិ ២២:១–១៨ ) ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់​អំពី​សេចក្ដីពិត ដែល​មាន​បង្រៀន​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:៥ អាច​ជួយ​អ្នក​នៅ​អំឡុង​គ្រា​លំបាក​យ៉ាង​ដូចម្ដេច ?

  2. journal iconសូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៦–៨រួច​ស្វែងរក​កត្តា​ជាក់លាក់ៗ ដែល​ពួក​បរិសុទ្ធ​មួយ​ចំនួន​នៅ​រដ្ឋ មិសសួរី បាន​ធ្វើ ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខវេទនា​ធ្លាក់​មក​លើ​ពួកគេ ។ រួច​សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ស្របតាម ខទី ៧តើ​លទ្ធផល​នៃ « ការកម្រ​ស្ដាប់​តាម​សំឡេង​នៃ​ព្រះអម្ចាស់ » គឺ​ជា​អ្វី ?

    2. ស្រប​តាម ខទី ៨តើ​មនុស្ស​មួយ​ចំនួន​ចាប់ផ្ដើម​ធ្វើ​អ្វី នៅ​អំឡុង​គ្រា​នៃ​ទុក្ខ​វេទនា ? តើ​អ្នក​គិត​ថា « ខំ​រាវរក » ព្រះអម្ចាស់ មាន​ន័យ​ដូចម្ដេច ?

សូម​គិត​អំពី​បទពិសោធន៍​មួយ នៅ​ពេល​អ្នក​ត្រូវបាន​វាយផ្ចាល ហើយ​អ្នក​បាន​ស្វែងរក​ព្រះអម្ចាស់ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៩-១៦

ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ និង ការលួងលោមចិត្ត​ដល់​ពួកបរិសុទ្ធ

នៅ​ពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៩សូម​ស្វែងរក​សារលិខិត​នៃ​សេចក្ដី​សង្ឃឹម ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួក​បរិសុទ្ធ ដែល​រងទុក្ខ​នៅ​រដ្ឋ មិសសួរី ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​ពាក្យ ឬ ឃ្លា ដែល​បង្រៀន​គោលការណ៍​ដូចតទៅ​នេះ ៖ ទោះជា​នៅ​ពេល​យើង​បាន​ប្រព្រឹត្ត​បាប ព្រះអម្ចាស់​ក៏​នឹង​មាន​សេចក្ដី​មេត្តា​ករុណា​ចំពោះ​យើង​ដែរ ។

  1. journal iconសូម​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់ដឹង​អំពី​គោលលទ្ធិ​នេះ អាច​នាំ​ឲ្យ​អ្នក​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ដូចម្ដេច ?

នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១០–១១យើង​រៀន​ថា ទោះ​ជា​ព្រះអម្ចាស់​បាន​ទុក​ឲ្យ​ពួក​បរិសុទ្ធ​រង​សេចក្ដី​បៀតបៀន​ក្ដី ក៏​ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា ទ្រង់​នឹង​ដាក់ទោស​មនុស្ស​ដែល​បៀតបៀន​ពួកគេ​ដែរ ។

ទិដ្ឋភាព​នៃ​ក្រុមមនុស្ស​កំណាច

នៅ​ពេល​អ្នក​អាន​កថខណ្ឌ​ខាង​ក្រោម​នេះ សូម​គូសចំណាំ​ការបកស្រាយ​នៃ​ការរងទុក្ខ ដែល​អាច​នឹង​ជា​ការលំបាក​ចំពោះ​អ្នក ក្នុង​ការមើល​ឃើញ​ទិដ្ឋភាព​នោះ ឬ ទទួល​បទពិសោធន៍ ៖

ក្រុម​មនុស្ស​កំណាច​នៅ​ឃុំ​ចាកសុន រដ្ឋ មិសសួរី បាន​បន្ត​ធ្វើបាប​ពួក​បរិសុទ្ធ រហូត​ដល់​សមាជិក​ទាំងអស់​នៃ​សាសនាចក្រ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ឃុំ​នោះ ។ ឡាយមិន វ៉ាយ បាន​រាយការ​ថា « ខ្ញុំ​បាន​ឃើញ​ស្ត្រី និង កុមារ​ចំនួន​មួយ​រយ​កៅ​សិប​នាក់ ធ្វើ​ដំណើរ​ចម្ងាយ សែសិបប្រាំបី​គីឡូម៉ែត្រ​កាត់​តាម​ទីវាល ដោយ​មាន​តែ​បុរស​ចាស់​ជរា​បី​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពួកគេ ក្នុង​ខែ វិច្ឆិកា ផ្ទៃ​ដី​មាន​ពាសពេញ​ទៅ​ដោយ​ទឹកកក ហើយ​ខ្ញុំ​អាច​ដើរតាម​ដានជើង​របស់​ពួកគេ​ដែល​មាន ឈាម​ហូរ​រហាម​ចេញ​ពី​ប្រអប់ជើង​ដាច់រហែក ដោយ​គល់​ជ្រាំង​ស្មៅ ! » ( នៅ​ក្នុង History of the Church ៣:៤៣៩ ) ។

ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​ភៀសខ្លួន​ទៅ​ភាគ​ខាង​ជើង ជា​ទីតាំង​ដែល​ពួកគេ​ត្រូវ​ឆ្លង​កាត់​ទន្លេ មិសសួរី ។ ច្រាំង​ទន្លេ​ទាំង​សងខាង​ក្បែរ​កំពង់​ដរ បាន​ពេញ​ទៅ​ដោយ​ត្រសាល​ជំរុំ ។ ពួក​បរិសុទ្ធ​មួយ​ចំនួន​មាន​សំណាង ដែល​បាន​ភៀស​ខ្លួន​ដោយ​នាំ​យក​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​មក​ជាមួយ ប៉ុន្តែ ពួកបរិសុទ្ធ​ជា​ច្រើន​បាន​បាត់បង់​អ្វី​គ្រប់​យ៉ាង ។ ប៉ាលី ភី ប្រាត្ត បាន​សរសេរ ៖ « ខ្ញុំ​បាន​ឃើញ​មាន​មនុស្ស​រាប់​រយ​នាក់​នៅ​គ្រប់​ទីកន្លែង ខ្លះ​ជ្រក​នៅ​ក្នុង​ត្រសាល ហើយ​ខ្លះ​នៅ​កណ្ដាល​វាល​អង្គុយ​ជុំវិញ​ភ្នក់​ភ្លើង កាល​មេឃ​កំពុង​ភ្លៀង ។ ស្វាមី​ជា​ច្រើន​កំពុង​មើល​ថែ​ដល់​ភរិយា​ខ្លួន ភរិយា​ជា​ច្រើន​កំពុង​មើល​ថែ​ស្វាមី​ខ្លួន ឪពុកម្ដាយ​ជា​ច្រើន​កំពុង​មើល​ថែ​កូនៗ​ខ្លួន និង កូនៗ​ជា​ច្រើន​កំពុង​មើលថែ​ឪពុកម្ដាយ​ខ្លួន ។… ទិដ្ឋភាព​នេះ​គឺ​គួរ​ឲ្យ​ខ្លោចផ្សា​បំផុត ខ្ញុំ​ប្រាកដ​ណាស់​ថា ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​មាន​ចិត្ត​អាណិតអាសូរ លើកលែង​តែ​ជន​គៀបសង្កត់​ដ៏​ងងឹតងងល់ និង ក្រុម​មនុស្ស​ដែល​ល្ងង់ខ្លៅ និង អវិជ្ជា​ប៉ុណ្ណោះ » (Autobiography of Parley P. Pratt,ការបោះពុម្ព​នៃ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ ឆ្នាំ ១៩៣៨ ] ទំព័រ ១០២ ) ។

តើ​អ្នក​គិត​ថា អ្នក​អាច​នឹង​ធ្វើ​ដូចម្ដេច បើ​អ្នក​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ប្រភេទ​ទាំងនេះ ?

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១២–១៦ដោយ​ស្វែងរក​ការសន្យា​ពី​ព្រះអម្ចាស់​ទៅ​កាន់​ពួក​បរិសុទ្ធ​ដែល​សុចរិត ។ ( វា​អាច​នឹង​ជួយ​អ្នក ក្នុង​ការដឹង​ថា នៅ​ក្នុង ខទី ១២ឃ្លា « អស់​ទាំង​ពួក​សាសន៍​អ៊ីស្រាអែល​របស់​យើង » សំដៅ​ទៅ​លើ​អ្នក​ដែល​ស្មោះត្រង់ ចំពោះ​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ ) ។

អ្នក​អាច​នឹង​ចង់​សរសេរ គោលការណ៍​ដូចតទៅ​នេះ​ដាក់​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:១៦ ៖ នៅ​ពេល​យើង​រស់នៅ​ដោយ​សុចរិត នោះ​យើង​អាច​រកឃើញ​ការលួងលោមចិត្ត​នៅ​ក្នុង​ការចេះដឹង​មួយ​ថា មនុស្ស​ទាំងអស់​ស្ថិត​នៅ​ក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់ ។

  1. journal iconនៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​ដោយ​យោង​តាម​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក ឬ អ្នក​អាច​ពិភាក្សា​អំពី​សំណួរ​ទាំងនេះ ជាមួយ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ រួច​សរសេរ​អ្វី​ដែល​អ្នក​រៀន​ចេញ​ពី​ការសន្ទនា​នោះ ៖

    1. នៅ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១៦តើ​អ្នក​គិត​ថា « ចូរ​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ » មាន​ន័យ​ដូចម្ដេច ?

    2. តើ​អ្នក​ធ្លាប់​មាន​ពរ​ដោយ​នូវ​សេចក្ដី​សុខសាន្ត អំឡុង​ពេល​គ្រា​លំបាក​យ៉ាង​ដូចម្ដេច ?

    3. តើ​ការនៅ​បង្អង់ ឬ មិន​មាន​ភាពឆោឡោ អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ការលួងលោមចិត្ត​ពី​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

  2. journal iconសូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:១-១៦ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖