មេរៀនទី ២៦ ៖ ថ្ងៃទី ៣
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤-៤៦
សេចក្ដីផ្ដើម
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤-៤៦ គឺជាផ្នែកមួយនៃសំបុត្រដ៏បំផុសគំនិតរបស់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងគុកលិបើធី ។ នៅក្នុងផ្នែកនេះនៃសំបុត្រ ព្យាការីបង្រៀននូវគោលការណ៍នានាអំពីអំណាច និង សិទ្ធិអំណាចនៃបព្វជិតភាព ។ លោកពន្យល់ពីហេតុផលដែលមនុស្សជាច្រើនត្រូវបានហៅ ប៉ុន្តែមានមនុស្សតែបន្តិចទេដែលត្រូវបានរើស និង អំពីរបៀបដែលអ្នកកាន់បព្វជិតភាពអាចទាញយកអំណាចទាំងឡាយនៃស្ថានសួគ៌ដើម្បីបម្រើដល់អ្នកដទៃទៀត ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤-៤០
យ៉ូសែប ស៊្មីធ បង្រៀនថា សិទ្ធិនៃបព្វជិតភាពត្រូវបានភ្ជាប់ទៅនឹងអំណាចសួគ៌ា
តើអ្នកគិតថា ការប្រើប្រាស់បព្វជិតភាពអាចប្រៀបបាននឹងការបើកចង្កៀងអគ្គិសនីមួយយ៉ាងដូចម្ដេចដែរ ?
សូមសរសេរពាក្យ អ្នកកាន់បព្វជិតភាព នៅក្បែររូបចង្កៀងអគ្គិសនីក្នុងរូបគំនូរ ។ នៅក្នុងមេរៀននេះ ពន្លឺចង្កៀងអគ្គិសនីតំណាងឲ្យពរជ័យដែលមនុស្សអាចទទួលបានពីព្រះតាមរយៈការបម្រើរបស់អ្នកកាន់បព្វជិតភាពម្នាក់ ។
សម្រាប់ការសិក្សារបស់អ្នកនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១ នាថ្ងៃនេះ សូមគិតពីរបៀបដែលភាពសុច្ចរិតរបស់អ្នកកាន់បព្វជិតភាពម្នាក់ ជះឥទ្ធិពលដល់សមត្ថភាពរបស់គាត់នៅក្នុងការជួយដល់មនុស្សដទៃទៀតឲ្យទទួលបានពរជ័យនៃបព្វជិតភាព ។ ទោះបីជាខគម្ពីរទាំងនេះសំដៅទៅលើពួកអ្នកកាន់បព្វជិតភាពក្ដី ក៏វាមាននូវគោលការណ៍ដែលអនុវត្តចំពោះសមាជិកសាសនាចក្រទាំងអស់ផងដែរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤ ដោយយកចិត្តទុកដាក់ទៅនឹងសំណួរនៅក្នុងខនេះ ។ អ្នកអាចនឹងចង់គូសចំណាំសួរសំណួរនេះ ៖
ដើម្បីបង្កើនការយល់ដឹងរបស់អ្នកអំពីអត្ថន័យដែលអ្នកកាន់បព្វជិតភាពម្នាក់ត្រូវបាន « ហៅ » និង « រើស » សូមអានសេចក្ដីថ្លែងការណ៍ដូចទៅនេះរបស់ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ក្នុងគណៈប្រធានទីមួយទៅកាន់ពួកអ្នកកាន់បព្វជិតភាព ៖ « យើងត្រូវបានហៅ នៅពេលដៃត្រូវបានដាក់លើក្បាលរបស់យើង ហើយយើងត្រូវបានប្រគល់ឲ្យបព្វជិតភាព ប៉ុន្តែយើងមិនត្រូវបានរើសឡើយរហូតយើងបានបង្ហាញសេចក្ដីសុចរិតរបស់យើង សេចក្ដីស្មោះត្រង់របស់យើង និង ការតាំងចិត្តរបស់យើងចំពោះព្រះ » ( « Called and Chosen » Ensignឬ Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៥៥ ) ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៥–៣៩ យើងរៀនពីមូលហេតុដែលពួកអ្នកកាន់បព្វជិតភាពខ្លះមិនត្រូវបានរើស ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៥-៣៦ ដោយស្វែងរកនូវមេរៀនមួយដែលអ្នកកាន់បព្វជិតភាពគ្រប់រូបគួររៀនសូត្រ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។
សូមសរសេរពាក្យ អំណាចទាំងឡាយនៃស្ថានសួគ៌ នៅក្បែរព្រីភ្លើងក្នុងរូបគំនូរ ។ នៅក្នុងរឿងប្រៀបធៀបនេះ អគ្គីសនីតំណាងឲ្យអំណាចទាំងឡាយនៃស្ថានសួគ៌ ។
សូមកត់សម្គាល់ពីឃ្លាថា « សិទ្ធិទាំងឡាយនៃបព្វជិតភាព » នៅក្នុងខទី ៣៦ ។ បុរសម្នាក់ទទួលបានសិទ្ធិដើម្បីអនុវត្តបព្វជិតភាពនៅពេលសិទ្ធិអំណាចបព្វជិតភាពត្រូវបានប្រគល់ដល់គាត់ដោយការដាក់ដៃលើក្បាល ។ សិទ្ធិដើម្បីធ្វើជាមួយនឹងសិទ្ធិអំណាចនេះពឹងផ្អែកលើភាពសក្ដិសមរបស់បុរសម្នាក់ ។ នៅក្នុងរូបគំនូរ សូមសរសេរនៅត្រង់ខ្សែភ្លើងថា សិទ្ធិអំណាចបព្វជិតភាព ។
សូមនឹកស្រមៃថា អ្នកដោតខ្សែភ្លើងចង្កៀងអគ្គិសនីនោះទៅក្នុងព្រីភ្លើង ប៉ុន្តែចង្កៀងនោះមិនភ្លឺ ។ អ្នកពិនិត្យមើលចង្កៀងនោះ ហើយរកឃើញថា កុងកាត់ភ្លើងមិនទាន់ « បើក » ។ នៅក្បែរកុងតាក់ភ្លើង ( លើខ្សែភ្លើងក្នុងរូបគំនូរ ) សូមសរសេរថា គោលការណ៍នៃសេចក្ដីសុចរិត ។
-
សូមបំពេញកិច្ចការខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
នៅក្នុងរឿងប្រៀបធៀបនេះ តើការធ្វើតាម « គោលការណ៍នៃសេចក្ដីសុចរិត » ដូចគ្នានឹងការបើកកុងតាក់ចង្កៀងតាមរបៀបណា ?
-
យោងតាមអ្វីដែលអ្នករៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦ សូមបំពេញសេចក្ដីថ្លែងកាណ៍ដូចតទៅនេះ ៖ ពួកអ្នកកាន់បព្វជិតភាពអាចទាញយកអំណាចទាំងឡាយនៃស្ថានសួគ៌បាន ដរាបណាពួកគេ…
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៧–៣៨ ដោយស្វែងរកអ្វីដែលកើតឡើងចំពោះសមត្ថភាពរបស់អ្នកកាន់បព្វជិតភាពម្នាក់ដើម្បីទាញយកអំណាចទាំងឡាយនៃស្ថានសួគ៌ ប្រសិនបើគាត់មិនរស់នៅដោយសុចរិតនោះ ។ អ្នកអាចនឹងចង់គូសចំណាំនូវអ្វីដែលអ្នករកឃើញ ។ ( នៅក្នុង ខទី ៣៨ « ធាក់ជល់នឹងជន្លួញ » សំដៅទៅលើសត្វមួយក្បាលដែលប្រឆាំងនឹងដំបងស្រួចមួយដែលធ្លាប់ប្រើនាំផ្លូវវាឆ្ពោះទៅទិសដៅដែលចង់ទៅ ។ ចំពោះយើង ឃ្លានេះសំដៅទៅលើការប្រឆាំងនឹងការដឹកនាំពីព្រះអម្ចាស់ និង ពួកអ្នកបម្រើរបស់ទ្រង់ ) ។
សូមពិនិត្យឡើងវិញនូវ ខទី ៣៥ និង ៣៧ ដោយរកមើលឥរិយាបថ និង ទង្វើទុច្ចរិតដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់បព្វជិតភាពម្នាក់នឹងអំណាចទាំងឡាយនៃស្ថានសួគ៌មានភាពទន់ខ្សោយ ។ អ្នកអាចនឹងចង់គូសចំណាំអ្វីដែលអ្នកបានរកឃើញ ។ បន្ទាប់មកសូមអានឧទាហរណ៍ខាងក្រោម ។ សូមស្វែងរកឥរិយាបថ និង ទង្វើដែលត្រូវបានលើកឡើងនៅក្នុង ខទី ៣៥ និង ៣៧ ។ នៅក្នុងចន្លោះដែលបានផ្ដល់ឲ្យ សូមសរសេរឥរិយាបថ និង ទង្វើទាំងនោះ ។
-
ដើម្បីសម្របខ្លួននឹងមិត្តភក្ដិមួយចំនួនរបស់គាត់ដែលល្បី អ្នកកាន់បព្វជិតភាពម្នាក់ចូលរួមនឹងពួកគេសើចចំអកដល់មិត្តរួមថ្នាក់ម្នាក់នៅឯសាលារៀន ។
-
ប្រធានកូរ៉ុមគ្រូម្នាក់ចូលចិត្តកីឡា ហើយបដិសេធដើម្បីចូលរួមនៅក្នុងការដាក់ផែនការធ្វើសកម្មភាពសម្រាប់កូរ៉ុមទាំងអស់ ដែលមិនទាក់ទងនឹងកីឡាបាល់ទាត់ ឬកីឡាបាល់បោះ ។ នៅពេលណាកូរ៉ុមចូលរួមក្នុងសកម្មភាព ឬការបម្រើមួយ គាត់តម្រូវឲ្យយុវជនផ្សេងទៀតធ្វើតាមគាត់ប្រាប់ ដោយសារគាត់គឺជាប្រធានកូរ៉ុម ។
នៅក្នុងទំនាក់ទំនងជាមួយនឹងការព្រមានស្ដីពីពួកអ្នកកាន់បព្វជិតភាពដែល « ខំរកផ្លូវដើម្បីលាក់អំពើបាបទាំងឡាយ[ របស់ពួកគេ ] » ( គ. និង ស. ១២១:៣៧ ) សូមពិចារណាពីដំណើររឿងរបស់ស្ដេចដាវីឌនៅក្នុង សាំយូអែល ទី២ ១១ ។ បន្ទាប់ដាវីដបានប្រព្រឹត្តអំពើបាបនៃសេចក្តីកំផិតជាមួយនឹងនាង បាតសេបា ហើយនាងបានមានផ្ទៃពោះ នោះទ្រង់បានព្យាយាមលាក់អំពើបាបរបស់ទ្រង់ នៅទីបំផុតបានរៀបចំសម្លាប់ប្ដីរបស់ នាង ឈ្មោះ អ៊ូរី ។ តើអ្នកអាចគិតឃើញពីស្ថានភាពផ្សេងទៀតដែលមនុស្សព្យាយាមលាក់អំពើបាបរបស់ខ្លួនដែរឬទេ ?
តើគ្រោះថ្នាក់នៃការដាក់ដួងចិត្តទៅលើរឿងនៃលោកិយ និងការចង់បានកិត្តិយសនៃមនុស្សលោកមានអ្វីខ្លះ ?
-
សូមឆ្លើយសំណួរដូចទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ហេតុអ្វីបានជាអ្នកគិតថាឥរិយាបថ និង ទង្វើដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៥, ៣៧ រារាំងពួកអ្នកកាន់បព្វជិតភាពពីការទាញយកអំណាចទាំងឡាយនៃស្ថានសួគ៌ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៩–៤០ ដោយស្វែងរកហេតុផលដែលមនុស្សមួយចំនួនចាប់ផ្ដើមអនុវត្តអំណាចមិនសុចរិត( គ្រប់គ្រងមនុស្សដទៃ ) ។
-
យោងតាមអ្វីដែលអ្នកបានរៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤០ សូមសង្ខេបដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកពីហេតុផលដែល« មនុស្សជាច្រើនដែលត្រូវបានហៅ ប៉ុន្តែមានមនុស្សតែបន្តិចទេដែលត្រូវបានរើស » ( គ. និង ស. ១២១:៤០ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១-៤៦
យ៉ូសែប ស៊្មីធបង្រៀនពីរបៀបដែលពួកអ្នកកាន់បព្វជិតភាពគួរប្រព្រឹត្ត
បន្ទាប់ពីបង្រៀនអំពីឥរិយាបថ និង ទង្វើដែលធ្វើឲ្យទំនាក់ទំនងរវាងអ្នកកាន់បព្វជិតភាពម្នាក់ និងអំណាចទាំងឡាយនៃស្ថានសួគ៌មានភាពទន់ខ្សោយ ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនអំពីឥរិយាបថ និង ទង្វើដែលពង្រឹងដល់ទំនាក់ទំនងនោះ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១–៤៥ ដោយស្វែងរកឥរិយាបថ និង ទង្វើដែលជួយពួកអ្នកកាន់បព្វជិតភាពឲ្យទាញយកអំណាចទាំងឡាយនៃស្ថានសួគ៌ ។ សូមពិរចារណាអំពីការគូសចំណាំឥរិយាបថ និង ទង្វើទាំងនេះនៅពេលអ្នកស្វែងរកពួកវា ។ នៅពេលអ្នកអាន វា មានប្រយោជន៍ដើម្បីដឹងថានៅក្នុង ខទី ៤១ ពាក្យថា លើកលែងតែ មានន័យថា « មានតែ » និងការធ្វើដោយសេចក្ដីស្រឡាញ់ស្មោះត្រង់ ហើយឥតលាក់ពុត ឬឆបោក គឺជាការស្រឡាញ់មនុស្សដោយស្មោះពិតប្រាកដ ហើយមានការលើកទឹកចិត្តដ៏សុចរិត ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីហេតុផលដែលគុណសម្បត្តិដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១–៤៥ សំខាន់ចំពោះពួកអ្នកកាន់បព្វជិតភាព ។ សូមឆ្លើយសំណួរដូចទៅនេះផងដែរ ៖ ហេតុអ្វីគុណសម្បត្តិទាំងនេះសំខាន់ចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូបត្រូវមាន ? សូមជ្រើសយកគោលការណ៍នៃសេចក្ដីសុចរិតមួយដែលបានលើកឡើងនៅក្នុងខទាំងនេះ ហើយដាក់គោលដៅមួយដើម្បីរស់នៅតាមគោលការណ៍នោះឲ្យបានប្រសើរ ។
នៅក្នុង ខទី ៤៣ ពាក្យ ដោយស្ដីបន្ទោស សំដៅលើការប្រាប់មនុស្សម្នាក់ថា គាត់កំពុងខុស ជាទូទៅដោយភាពទន់ភ្លន់ ឬចិត្តមេត្តា ។ ពាក្យ សមពេលសមហេតុ មានន័យថា « មុនពេល » ឬ « ទាន់ពេល » ។ ពាក្យ ការតឹងរឹង អាចសំដៅទៅលើសេចក្ដីត្រូវការដើម្បីបង្ហាញខ្លួនយើងឲ្យច្បាស់លាស់ ។ តើអ្នកគិតថា ហេតុអ្វីវាជាការសំខាន់សម្រាប់ថ្នាក់ដឹកនាំបព្វជិតភាពម្នាក់ដើម្បីស្ដីបន្ទោសឲ្យច្បាស់លាស់ ចំពេល ហើយស្របតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ? តើអ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដើម្បីបង្ហាញសេចក្ដីស្រឡាញ់បន្ថែមទៀត បន្ទាប់ពីស្ដីបន្ទោសមនុស្សម្នាក់ ? តើអ្នកធ្លាប់ទទួលបានអត្ថប្រយោជន៍មកពីការកែតម្រូវបែបនេះនៅពេលណាដែរ ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីវាជាការសំខាន់សម្រាប់ពួកអ្នកកាន់បព្វជិតភាពដើម្បីមានភាពទន់ភ្លន់ និងចិត្តមេត្តានៅក្នុងរបៀបដែលពួកគេទំនាក់ទំនងនឹងអ្នកដទៃ ?
-
តើអ្នកគិតថា ឃ្លា « សូមឲ្យគុណធម៌តុបតែងគំនិតអ្នកដោយឥតឈប់ឈរឡើយ » មានន័យដូចម្ដេច ( គ. និង ស. ១២១:៤៥ ) ? តើរឿងមួយចំនួន ដែលអ្នកអាចធ្វើដើម្បីរក្សាគំនិតរបស់អ្នកឲ្យមានគុណធម៌មានអ្វីខ្លះ ?
-
តើគោលការណ៍ទាំងឡាយនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤១–៤៥ អាចជួយយើងទាំងអស់គ្នា នៅពេលយើងទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចដែរ ?
-
ការរស់នៅតាមគោលការណ៍នៃសេចក្ដីសុចរិតទាំងនេះជួយយើងឲ្យប្រែក្លាយកាន់តែដូចព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ហើយអាចផ្ដល់ពរដល់ជីវិតមនុស្សដទៃទៀតកាន់តែប្រសើរ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៤៥-៤៦ ដោយស្វែងរកពរជ័យដែលកើតមានដល់ពួកអ្នកកាន់បព្វជិតភាពដែលទាញយកអំណាចទាំងឡាយនៃស្ថានសួគ៌តាមរយៈការរស់នៅដ៏សុចរិត ។ សូមពិចារណាអំពីការគូសចំណាំអ្វីដែលអ្នករកឃើញ ។
នៅពេលអ្នកអានខទាំងនេះ វាមានប្រយោជន៍ដើម្បីដឹងថា ដំបងរាជគឺជាវត្ថុមួយដែលស្ដេច ឬម្ចាស់ក្សត្រីកាន់ ។ វាគឺជានិមិត្តរូបមួយនៃសិទ្ធិអំណាច និង អំណាច ។
នៅពេលអ្នកសញ្ជឹងគិតពីពាក្យត្រាស់បង្គាប់ថា « សូមឲ្យគុណធម៌តុបតែងគំនិតអ្នកដោយឥតឈប់ឈរឡើយ » ( គ. និង ស. ១២១:៤៥ ) វាមានប្រយោជន៍ដើម្បីដឹងថា នៅពេលវិវរណៈនេះត្រូវបានប្រទានមក នោះអត្ថន័យមួយនៃពាក្យ តុបតែ គឺ « លម្អ » ដែលណែនាំឲ្យបង្កើតទំនាក់ទំនងជិតស្និទ្ធមួយ ។ អត្ថន័យមួយទៀតគឺ « ធ្វើឲ្យតាំងនៅជាប់ »—និយាយម្យ៉ាងទៀតគឺ « ទប់ចិត្ត » ។ ( សូមមើល Noah Webster, An American Dictionary of the English Language, សំណៅកិច្ចការនៃការបោះពុម្ពលើកទីមួយ [ ឆ្នាំ ១៨២៨ បោះពុម្ពឡើងវិញឆ្នាំ ១៩៦៧ ] « garnish » ) ។ នៅក្នុងនិយមន័យនេះ យើងរៀនថា យើងគួរអនុញ្ញាតឲ្យគុណធម៌នៅអែប ហើយគ្រប់គ្រងគំនិតរបស់យើង ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមសរសេរអំពីអ្នកកាន់បព្វជិតភាពម្នាក់ដែលអ្នកស្គាល់ ដែលគាត់បានរស់នៅតាមរបៀបដែលបានជួយគាត់ឲ្យទាញយកអំណាចទាំងឡាយនៃស្ថានសួគ៌ ។ តើអ្នកធ្លាប់បានទទួលពរជ័យ តាមរយៈការបម្រើរបស់គាត់យ៉ាងដូចម្តេច ?
ចំណេះចំណានខគម្ពីរ—គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៣៦, ៤១–៤២
-
សូមចំណាយពេលមួយចំនួនអានឡើងវិញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦ ឲ្យឮៗរហូតអ្នកអាចសូត្រវាបាន ។ រួចសូត្រវាឲ្យសមាជិកគ្រួសារម្នាក់ស្ដាប់ ។ ដើម្បីជួយអ្នកឲ្យអនុវត្តគោលការណ៍នៅក្នុង ខទី ៤១–៤២ សូមធ្វើបញ្ជីមួយអំពីឥរិយាបថដែលបានរៀបរាប់នៅក្នុងខទាំងនេះ ។ សូមដាក់បញ្ជីនោះត្រង់កន្លែងដែលអ្នកអាចអានវាបាន ។
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤-៤៦ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖