មេរៀនទី ២១ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩-១០០
បុព្វកថា
ព្យាការី យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៩ នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៨៣២ ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានហៅឲ្យ យ៉ូហាន មើដក់ បន្តកិច្ចការផ្សព្វផ្សាយរបស់គាត់ ហើយធ្វើដំណើរទៅភាគខាងកើតនៃសហរដ្ឋ ។ យ៉ូសែប ស៊្មីធ បានទទួលវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០ នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៨៣៣ កាលលោក និង ស៊ីឌនី រិកដុន បាននៅរដ្ឋ នូវ យ៉ោក កំពុងធ្វើការជាអ្នកផ្សព្វផ្សាយសាសនា ។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានអះអាងដល់ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី ថា ក្រុមគ្រួសាររបស់ពួកលោកនៅឯរដ្ឋ អូហៃអូ ឯណោះ គឺសុខសប្បាយទេ ។ ព្រះអម្ចាស់ក៏បានលួងលោមចិត្ត យ៉ូសែប អំពីពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ដែលកំពុងរងទុក្ខនឹងសេចក្ដីបៀតបៀនដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩
ព្រះអម្ចាស់ត្រាស់ហៅ យ៉ូហាន មើដក់ ឲ្យប្រកាសដំណឹងល្អ
សូមស្រមៃថា មានមិត្តភក្ដិម្នាក់ដែលមិនមែនជាសមាជិកសាសនាចក្រ មកសួរអ្នកអំពីមូលហេតុ ដែលយុវជន និង យុវនារីជាច្រើន មានឆន្ទៈលះបង់ ២ ឆ្នាំ ឬ ១៨ ខែ ក្នុងជីវិតរបស់ពួកគេ ទៅបម្រើបេសកកម្ម ។ តើអ្នកនឹងពន្យល់យ៉ាងដូចម្ដេច អំពីមូលហេតុដែលមនុស្សម្នាក់នឹងមានឆន្ទៈក្នុងការលះបង់បែបនោះ ដើម្បីបម្រើបេសកកម្ម ។
យ៉ូហាន មើដក់ គឺជាសមាជិកម្នាក់នៃសាសនាចក្រជំនាន់ដំបូង ។ នៅពេលអ្នកអានព័ត៌មានខាងក្រោមនេះ សូមកត់ចំណាំអំពីការលះបង់ ដែលគាត់បានធ្វើដើម្បីបម្រើព្រះអម្ចាស់ ៖
យ៉ូហាន មើដក់ បានសិក្សាអំពីសាសនាចក្រជាច្រើន ហើយបានសន្និដ្ឋានថា សាសនាចក្រទាំងអស់ពុំត្រឹមត្រូវឡើយ ។ ទោះជាយ៉ាងណាក៏ដោយ នៅចុងឆ្នាំ ១៨៣០ គាត់បានអានព្រះគម្ពីរមរមន ហើយបានទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ថ្លែងអំពីសេចក្ដីពិតនៃព្រះគម្ពីរនេះ ។ គាត់បានប្រែចិត្តជឿ ហើយបានរកឃើញសាសនាចក្រដ៏ពិតរបស់ព្រះគ្រីស្ទ ។ មិនយូរប៉ុន្មានបន្ទាប់ពីបានទទួលពិធីបុណ្យជ្រមុជទឹកនៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ១៨៣០ យ៉ូហាន មើដក់ បានបម្រើបេសកកម្ម ដោយបានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យមនុស្សប្រមាណ ៧០ នាក់ក្នុងរយៈពេលបួនខែនៅ អ័រែន និង វើរិនស្វីល រដ្ឋ អូហៃអូ ។
នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៨៣១ មិនយូរប៉ុន្មានបន្ទាប់ពី យ៉ូហាន បានត្រឡប់មកពីបេសកកម្មរបស់គាត់វិញ នោះភរិយារបស់គាត់ ជូលៀ បានបាត់បង់ជីវិតបន្ទាប់ពីបានផ្ដល់កំណើតឲ្យកូនភ្លោះ ។ ក្នុងខែ មិថុនា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានត្រាស់ហៅគាត់ឲ្យធ្វើដំណើរទៅរដ្ឋ មិសសួរី ហើយប្រកាសដំណឹងល្អនៅតាមផ្លូវ ( សូមមើល គ. និង ស. ៥២:៨–៩ ) ។ ពីមុន យ៉ូហាន អាចចាកចេញទៅ គាត់ត្រូវធ្វើឲ្យប្រាកដថា កូនៗទាំងប្រាំនាក់ ដែលសុទ្ធតែអាយុក្រោមប្រាំពីរឆ្នាំនោះ ត្រូវបានផ្គត់ផ្គង់ ។ គាត់បានចាត់ចែងឲ្យមានមនុស្សបីបួននាក់ មើលថែកូនច្បងៗរបស់គាត់ ហើយ យ៉ូសែប ស៊្មីធ និង អិមម៉ា ស៊្មីធ បានទទួលចិញ្ចឹមកូនភ្លោះ ។ រហូតដល់ចុងឆ្នាំ ១៨៣១ និង ពាក់កណ្ដាលឆ្នាំដំបូងនៃ ១៨៣២ យ៉ូហាន មើដក់ បានប្រកាសដំណឹងល្អនៅក្នុងដែនដី មីឈីហ្កេន, អ៊ិនឌីអាណា, មិសសួរី និង អូហៃអូ ។ នៅពេលគាត់បានត្រឡប់ទៅកាន់ភូមិហៃរាំ រដ្ឋ អូហៃអូ វិញក្នុងខែ មិថុនា ឆ្នាំ ១៨៣២ គាត់បានរងទុក្ខដោយការឆ្លងជំងឺរ៉ាំរ៉ៃ ។ គាត់ក៏បានដឹងដែរថា កូនភ្លោះគាត់ម្នាក់បានស្លាប់ក្នុងខែមិនាមុន ហើយអ្នកដែលបានមើលថែកូនច្បងទាំងបីរបស់គាត់ បានទាមទារយកថ្លៃមើលថែរបស់ពួកគេ ។
ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩ ប្រមាណពីរខែបន្ទាប់ពី យ៉ូហាន មើដក់ បានត្រឡប់មកផ្ទះវិញ ពីបេសកកម្មទីពីររបស់គាត់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩:១ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានត្រាស់ហៅ យ៉ូហាន មើដក់ ឲ្យធ្វើ ។
បន្ថែមពីលើការហៅឲ្យប្រកាសដំណឹងល្អ វិវរណៈនេះមាននូវការសន្យាជាច្រើនទាក់ទងទៅនឹងការបម្រើរបស់ យ៉ូហាន ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩:២–៣ដោយស្វែងរកថាតើទាំង យ៉ូហាន មើដក់ និង មនុស្សដែលគាត់បានបង្រៀននោះ នឹងមានពរតាមរយៈការបម្រើរបស់គាត់យ៉ាងដូចម្ដេច ។
ចេញពី ខទី ២–៣ យើងរៀនសេចក្ដីពិតដូចតទៅនេះ ៖ យើងតំណាងឲ្យព្រះអម្ចាស់ នៅពេលយើងបម្រើបេសកកម្ម ហើយ អស់អ្នកដែលទទួលយកដំណឹងល្អដូចជាក្មេងនោះ នឹងទទួលបានសេចក្ដីមេត្តាករុណា ។
ពីមុន យ៉ូហាន មើដក់ បានចាកចេញទៅបម្រើបេសកកម្មនៅភាគខាងកើតនៃសហរដ្ឋគាត់បានចូលរៀននៅក្នុងសាលារបស់ពួកព្យាការី ដែលបានផ្ដល់ដល់គាត់នូវភាពពិតមួយដ៏អស្ចារ្យ ។ « នៅក្នុង [ ការអធិស្ឋានសម្រាប់ការប្រជុំ ] មួយ ព្យាការីបានមានប្រសាសន៍ប្រាប់ថា បើសិនជាយើងបន្ទាបខ្លួនយើងនៅចំពោះព្រះ ហើយអនុវត្តសេចក្ដីជំនឿដ៏រឹងមាំ នោះយើងនឹងឃើញព្រះភក្ត្ររបស់ព្រះអម្ចាស់ ។ ប្រហែលជាពាក់កណ្ដាលថ្ងៃត្រង់ ការនិមិត្តបានបើកសម្ដែងនៅក្នុងគំនិតរបស់ខ្ញុំ ហើយខ្ញុំត្រូវបានបំភ្លឺដោយការយល់ដឹង ហើយខ្ញុំបានឃើញរូបរាងបុរសម្នាក់ គួរឲ្យស្ញើចសរសើរ ផ្ទៃមុខរបស់គាត់បានភ្លឺចែងចាំងដូចរស្មីព្រះអាទិត្យ ។… ទឹកមុខរបស់គាត់បានសម្លឹងមករកខ្ញុំ ដែលគួរឲ្យគោរពស្រឡាញ់បំផុត ។ ហើយកាលខ្ញុំកំពុងព្យាយាមមើលឲ្យស្គាល់តួអង្គទាំងស្រុងពីក្បាលរហូតដល់ចុងជើង នោះការនិមិត្តក៏បានឃ្លាតឆ្ងាយ ហើយបញ្ចប់ទៅ ។ ប៉ុន្តែ វាបានបន្សល់ទុកនៅក្នុងគំនិតរបស់ខ្ញុំនូវសេចក្ដីស្រឡាញ់ ដែលអស់រយៈពេលជាយូរខែខ្ញុំមិនដែលទទួលបានអារម្មណ៍ដល់កម្រិតនោះឡើយ » ( យ៉ូហាន មើដក់ autobiography and diary, ១៣, L. Tom Perry Special Collections, Harold B. Lee Library, សាកលវិទ្យាល័យ ព្រិកហាំ ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ) ។
-
សូមស្វែងរកតួអង្គយ៉ាងហោចណាស់ឲ្យបានបី នៅក្នុងព្រះគម្ពីរ ឬ នៅក្នុងជីវិតរបស់អ្នក ដែលបានលះបង់បម្រើព្រះអម្ចាស់ ។ សូមសរសេរឈ្មោះតួអង្គទាំងនោះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមសរសេរអំពីពរជ័យអ្វីខ្លះ ដែលមនុស្សទាំងនេះបានទទួលដោយសារតែការលះបង់ និង ការបម្រើរបស់ពួកគេ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩:៤–៥ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលថានឹងកើតឡើង ចំពោះអ្នកដែលបានបដិសេធសារលិខិតដែល យ៉ូហាន មើដក់ នឹងបង្រៀនពួកគេ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩:៦–៨ដោយស្វែងរកភស្ដុតាង ដែលព្រះអម្ចាស់បានមានព្រះទ័យទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ យ៉ូហាន មើដក់ និង ការលះបង់ដែលគាត់បានធ្វើ ។
យ៉ូហាន មើដក់ បានធ្វើតាមឱវាទរបស់ព្រះអម្ចាស់ ហើយបានរៀបចំផ្ញើកូនច្បងទាំងបីនាក់របស់គាត់ទៅឲ្យប៊ីស្សព ប៉ាទ្រិច នៅរដ្ឋ មិសសួរី ដែលពួកគេបានស្នាក់នៅជាមួយគ្រួសារផ្សេងៗពីគ្នា ។ យ៉ូហាន បានចេញទៅបម្រើបេសកកម្មក្នុងខែ កញ្ញា ឆ្នាំ ១៨៣២ ប្រហែលមួយខែបន្ទាប់ពីគាត់បានទទួលការហៅបម្រើរបស់គាត់ ។ គាត់បានបម្រើបេសកកម្មបីបួនទៀត ហើយបានរស់នៅជួបជុំនឹងកូនច្បងទាំងបីរបស់គាត់នៅរដ្ឋ មិសសួរី ។ ពេញមួយជីវិតរបស់គាត់ពីពេលនោះមក យ៉ូហាន មើដក់ បានបម្រើព្រះអម្ចាស់យ៉ាងស្មោះត្រង់នៅក្នុងការហៅបម្រើជាអ្នកផ្សព្វផ្សាយសាសនា ប៊ីស្សព និង ជាលោកអយ្យកោ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:១-១២
ព្រះអម្ចាស់បានប្រទានដល់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន នូវព្រះបន្ទូលនៃការលួងលោមចិត្ត និង ការណែនាំ
តើកង្វល់មួយចំនួន ដែលអ្នកផ្សព្វផ្សាយសាសនាអាចនឹងមាននៅពេលពួកគេចាប់ផ្ដើមបេសកកម្មរបស់ខ្លួន មានអ្វីខ្លះ ? សូមរក្សាការណ៍ទាំងនេះទុកនៅក្នុងគំនិត នៅពេលសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០០ ។
ក្នុងខែ មេសា ឆ្នាំ ១៨៣៣ បុរសម្នាក់ឈ្មោះ ហ្វ្រីមែន នីកឃើរសុន បានចូលសាសនាចក្រនៅរដ្ឋ នូវ យ៉ោក ហើយបានធ្វើដំណើរទៅកាន់ទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ នៅពេល ហ្វ្រីមែន បានជួបនឹង យ៉ូសែប ស៊្មីធ គាត់បានសុំឲ្យព្យាការីទៅលេងក្រុមគ្រួសារ នីកឃើរសុន នៅរដ្ឋ នូវ យ៉ោក និង ប្រទេស កាណាដា ។ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានយល់ព្រមទៅនឹងសំណើរបស់គាត់ ហើយពួកលោកបានចាកចេញពីទីក្រុង ខឺតឡង់ ទៅជាមួយគាត់នៅថ្ងៃទី ៥ ខែ តុលា ឆ្នាំ ១៨៣៣ ។ ក្រុមនោះបានប្រកាសដំណឹងល្អ នៅតាមផ្លូវធ្វើដំណើរ ។ នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៨៣៣ ពួកគាត់បានទៅដល់ផ្ទះរបស់ក្រុមគ្រួសារ នីកឃើរសុន នៅភូមិ ផែរីស្បឺក រដ្ឋ នូវ យ៉ោក ហើយ យ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈ ដែលមានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០ ។
សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១០០ដោយស្វែងរកអ្វីដែល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានព្រួយបារម្ភ នៅពេលពួកលោកបានមកដល់រដ្ឋ នូវ យ៉ោក ។
នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានឆ្លើយតបនឹងការព្រួយបារម្ភរបស់ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន អំពីក្រុមគ្រួសាររបស់ពួកលោក ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:១-២ដោយស្វែងរកថាតើព្រះអង្គសង្គ្រោះ បានឆ្លើយតបនឹងការព្រួយបាររម្ភរបស់ពួកលោកយ៉ាងដូចម្ដេច ។ អ្នកអាចនឹងចង់គូសចំណាំឃ្លា ដែលអាចនឹងលួងលោមចិត្តដល់ យ៉ូសែប និង ស៊ីឌនី ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមពិពណ៌នាអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:១–២ ដែលអាចនឹងជួយពួកអ្នកផ្សព្វផ្សាយសាសនានាពេលបច្ចុប្បន្ននេះ ជាមួយនឹងកង្វល់របស់ពួកគេអំពីក្រុមគ្រួសារ ។
បន្ថែមលើការអះអាងដល់ពួកគេអំពីក្រុមគ្រួសារ ព្រះអម្ចាស់បានធានាដល់ យ៉ូសែប និង ស៊ីឌនី ថា ពួកលោកនឹងមានពរនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកលោក ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៣-៤រួចស្វែងរកការអះអាងទាំងនេះមួយចំនួន ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៥–៨ដោយស្វែងរកការសន្យាបន្ថែមពីព្រះអម្ចាស់ ។
ខទី ៥–៦ មាននូវការសន្យាដែលប្រាប់ថា បើយើងបន្លឺសំឡេងចែកចាយដំណឹងល្អ នោះព្រះអម្ចាស់នឹងជួយយើងឲ្យដឹងអំពីអ្វីដែលត្រូវថ្លែង ។ ( សូមចងចាំថា ដើម្បីទទួលបានជំនួយដែលបានសន្យា យើងត្រូវតែរស់នៅដោយសុចរិត និង ត្រៀមខ្លួនដើម្បីបម្រើ ) ។
នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៧យើងរៀនថា ពួកអ្នកផ្សព្វផ្សាយសាសនាគួរតែប្រកាសដំណឹងល្អ « ដោយនូវចិត្តម៉ឺងម៉ាត់ ដោយនូវវិញ្ញាណស្លូតបូត » ។ ឱវាទនេះបញ្ជាក់ឲ្យឃើញថា យើងគួរតែចែកចាយដំណឹងល្អដោយប្រាកដប្រជា និង មានចិត្តរាបសា ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៨ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់បានសន្យា បើយើងប្រកាសដំណឹងល្អនៅតាមរបៀបនេះនោះ ។ សូមបញ្ចប់គោលការណ៍ដូចតទៅនេះ ៖ បើយើងចែកចាយដំណឹងល្អជាមួយ មនុស្សទូទៅដោយនូវចិត្តម៉ឺងម៉ាត់ និង ដោយនូវវិញ្ញាណស្លូតបូត នោះព្រះវិញ្ញាណបរិសុទ្ធនឹង ។
-
សូមគិតអំពីគ្រាមួយ ដែលអ្នកបានទទួលព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ថា អ្វីដែលអ្នកបង្រៀង ឬ ថ្លែងនោះ គឺជាការពិត ។ ការណ៍នេះអាចនឹងរួមបញ្ចូលទាំងការជជែកអំពីដំណឹងល្អជាមួយមិត្តភក្ដិ ឬ ក្រុមគ្រួសាររបស់អ្នក ការថ្លែងទីបន្ទាល់ ឬ ផ្ដល់សុន្ទរកថានៅក្នុងការប្រជុំសាសនាចក្រ ឬ ផ្ដល់យោបល់នៅក្នុងថ្នាក់រៀន ។ សូមពិពណ៌នាអំពីបទពិសោធន៍របស់អ្នក ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ អ្នកក៏អាចពិពណ៌នាអំពីបទពិសោធន៍មួយ នៅពេលអ្នកទទួលបានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធថ្លែងសាក្សីថា អ្វីដែលបុគ្គលណាម្នាក់បានថ្លែងនោះ គឺជាការពិត ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:៩-១២ដោយស្វែងរកសេចក្ដីណែនាំ និង ការសន្យា ដែលព្រះអម្ចាស់បានប្រទានដល់ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន ។
-
សូមឆ្លើយសំណួរដូចតទៅនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ តើការសន្យាដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:១២ អាចនឹងមានន័យយ៉ាងដូចម្ដេចចំពោះអ្នក បើអ្នកកំពុងបម្រើបេសកកម្មនោះ ?
កិច្ចការផ្សព្វផ្សាយសាសនារបស់ព្យាការី យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានមានអានុភាពលើសាសនាចក្រជាយូរអង្វែង ។ ស៊ីឌនី រិកដុន បានប្រកាសដំណឹងល្អទៅកាន់ក្រុមដ៏ធំមួយ ដែលបានមកជួបជុំគ្នានៅផ្ទះរបស់ក្រុមគ្រួសារ នីកឃើរសុន ក្រោយមក បងប្អូនប្រុសទាំងបីរូបនេះបានបន្តដំណើរទៅកាន់ភាគខាងជើងទៅដល់ទីក្រុង អនទែរីយ៉ូ ប្រទេស កាណាដា ជាទីតាំងដែលពួកលោកបានប្រកាសទៅកាន់ក្រុមដទៃៗទៀត ។ នៅទីនោះ ពួកអ្នកផ្សព្វផ្សាយសាសនាបានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យមនុស្សជិត ២០ នាក់ ហើយបានបង្កើតសាខាមួយនៃសាសនាចក្រឡើង ។ មិនយូរប៉ុន្មានក្រោយមក ប៉ាលី ភី ប្រាត្ត បានទៅធ្វើដំណើរទៅកាន់សាខានេះ ពេលគាត់បម្រើបេសកកម្មនៅក្នុងប្រទេសកាណាដា ។ ម៉ូសេ នីកឃើរសុន ដែលជាអ្នកប្រែចិត្តជឿក្នុងបេសកកម្មឆ្នាំ ១៨៣៣ បានណែនាំអែលឌើរ ប្រាត្ត ឲ្យស្គាល់ យ៉ូហាន ថេលើរ ជាអ្នកដែលបានក្លាយជាអ្នកផ្សព្វផ្សាយសាសនាដ៏មានជោគជ័យ ហើយក្រោយមកបានក្លាយទៅជាប្រធាននៃសាសនាចក្រ ។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយ នៃការបំពេញតាមការសន្យារបស់ព្រះអម្ចាស់ដែលថា « ទ្វារដ៏មានផលប្រយោជន៍ [ នឹង ] ត្រូវបានបើកចំហ នៅភូមិភាគជុំវិញនៅដែនដីនៃទិសខាងកើតនេះ » ( គ. និង ស. ១០០:៣ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:១៣-១៧
ព្រះអម្ចាស់លួងលោមចិត្ត យ៉ូសែប និង ស៊ីឌនី អំពីការល្បងលនៃពួកបរិសុទ្ធនៅរដ្ឋ មិសសួរី
ក្នុងខែ សីហា ឆ្នាំ ១៨៣៣ នៅមិនយូរប៉ុន្មានពីមុនព្យាការី យ៉ូសែប ស៊្មីធ បានចាកចេញទៅបម្រើបេសកកម្មនេះ អូលីវើរ ខៅឌើរី បានជូនដំណឹងពីរដ្ឋ មិសសួរី ថា ខ្មាំងសត្រូវរបស់សាសនាចក្របានប្រព្រឹត្តអំពើព្រៃផ្សៃទៅលើពួកបរិសុទ្ធនៅទីនោះ ។ យ៉ូសែប បានបញ្ជូន អួរសុន ហៃឌ និង យ៉ូហាន ហ្គូដ ដើម្បីនាំយកដំបូន្មានពីលោក ទៅឲ្យពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ។ ការធ្វើដំណើរនេះនឹងប្រកបដោយគ្រោះថ្នាក់ ព្រោះពួកគាត់នឹងធ្វើដំណើរឆ្លងកាត់តំបន់នានាក្បែរ ទីតាំងរបស់ក្រុមមនុស្សកំណាចដែលប្រឆាំងនឹងពួកមរមន ។ កាលកំពុងបម្រើបេសកកម្មជាមួយ ស៊ីឌនី រិកដុន និង ហ្វ្រីមែន នីកឃើរសុន ព្យាការីបានព្រួយបារម្ភអំពី អួរសុន និង យ៉ូហាន ព្រមទាំងពួកបរិសុទ្ធ ដែលកំពុងត្រូវបានធ្វើទុក្ខទោសនៅរដ្ឋ មិសសួរី ។
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០០:១៣-១៧ដោយស្វែងរកអ្វី ដែលព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ព្យាការី យ៉ូសែប ស៊្មីធ ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក សូមឆ្លើយសំណួរខាងក្រោមនេះ ៖
-
យោងតាមអ្វី ដែលអ្នកបានរៀននៅក្នុង ខទី ១៥សូមបញ្ចប់គោលការណ៍នេះ ៖ គ្រប់ការណ៍ទាំងអស់ នឹងបានផ្សំគ្នាសម្រាប់សេចក្ដីល្អ បើយើង …
-
ដើម្បី « ដើរដោយទៀងត្រង់ » នៅចំពោះព្រះអម្ចាស់ សំដៅទៅលើការមានភាពសុចរិត និង ការរក្សាព្រះបញ្ញត្តិទាំងឡាយ ។ សូមគិតអំពីការណ៍ដ៏ជាក់លាក់នានា ដែលអ្នកអាចធ្វើនៅក្នុងជីវិតរបស់អ្នក ដើម្បី « ដើរដោយទៀងត្រង់ » នៅចំពោះព្រះអម្ចាស់ ។ សូមដាក់ ហើយសរសេរគោលដៅមួយ ដើម្បីប្រព្រឹត្តតាមការណ៍មួយក្នុងចំណោមការណ៍ដ៏ជាក់លាក់ទាំងនេះ ហើយអញ្ជើញឲ្យមានពរជ័យនេះកើតមាននៅក្នុងជីវិតរបស់អ្នកឲ្យបានកាន់តែច្រើន ។
-
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៩៩-១០០ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖