មេរៀនទី ៤ ៖ ថ្ងៃទី ២
គោលលទ្ធិ និង សេចក្តីសញ្ញា ១១-១២
សេចក្ដីផ្ដើម
មិនយូរប៉ុន្មានក្រោយពីបព្វជិតភាពអើរ៉ុនបានស្តារឡើងវិញក្នុងខែ ឧសភា ឆ្នាំ ១៨២៩ បងប្រុសរបស់ យ៉ូសែប ស្ម៊ីធ គឺ ហៃរុម និង យ៉ូសែប ណៃត ស៊ីញ្ញ័រ បានមកលេងព្យាការីនៅ ភូមិហារម៉ូនី រដ្ឋផែនសិលវេញ៉ា ។ បុរសទាំងពីរនាក់បានបង្ហាញពីបំណងប្រាថ្នាដើម្បីបម្រើព្រះ ហើយជួយក្នុងការស្ដារឡើងវិញ ។.គោលលទ្ធិ និង សេចក្តីសញ្ញា ១១ និង ១២ មាននូវព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់ ហៃរុម ស៊្មីធ និង ព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់ យ៉ូសែប ណៃត ស៊ីញ្ញ័រ ស្ដីពីរបៀបដែលពួកគាត់អាចជួយនាំកិច្ចការរបស់ព្រះអម្ចាស់ចេញមក ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១-១៤
ហៃរុម ស៊្មីធ ស្វែងយល់ពីរបៀបដែលគាត់អាចជួយនាំកិច្ចការរបស់ព្រះអម្ចាស់ចេញមក ។
តើអ្នកធ្លាប់ចង់រួមចំណែកក្នុងបុព្វហេតុដ៏អស្ចារ្យមួយដែលអ្នកបានដឹងថានឹងក្លាយជាគុណប្រយោជន៍សម្រាប់ជីវិតមនុស្ស និង ពិភពលោកដែរឬទេ ? នោះគឺជាអ្វីដែលមនុស្សជាច្រើនបានគិតអំពីសាសនាចក្រនៅជំនាន់នៃការស្ដារឡើងវិញពីមុន ។ តាមពិតទៅ នោះគឺជាអ្វីដែលមនុស្សជាច្រើនគិតអំពីការបម្រើក្នុងសាសនាចក្រ—ដែលជានគរព្រះនៅលើផែនដី—សព្វថ្ងៃនេះ ។ នៅក្នុង កណ្ឌទី ១១ និង ១២ នៃគោលលទ្ធិ និង សេចក្ដីសញ្ញា ព្រះអម្ចាស់ប្រទានឱវាទដល់ ហៃរុម ស៊្មីធ និង យ៉ូសែប ណៃ ស៊ីញ្ញ័រ ទាក់ទងនឹងការរួមចំណែកពួកគាត់ក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២៧ និង ១២:៧ ដើម្បីស្វែងរកថាមាននរណាទៀតដែលព្រះអម្ចាស់បានមានព្រះបន្ទូលដល់នៅក្នុងវិវរណៈទាំងនេះ ។
ហៃរុម ស៊្មីធ ដែលជាបងប្រុសរបស់ យ៉ូសែប ទំនងជាបានដឹងពីហេតុការណ៍ដែលបានកើតឡើងនាពេលថ្មីៗនេះមានដូចជា ដំណើរទៅមុខនៃការបកប្រែព្រះគម្ពីរមរមន និង ការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន ។ គាត់បានចង់ដឹងពីរបៀបដែលគាត់អាចជួយដល់យ៉ូសែបក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។ យ៉ូសែបបានទូលសូមដល់ព្រះអម្ចាស់ ហើយបានទទួលវិវរណៈដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១ សម្រាប់ហៃរុម ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:៣, ៨, ១០, ១៤, ១៧, ២១, និង ២៧ រួចគូសចំណាំពាក្យ បំណង មានបំណង និង មានសេចក្ដីប៉ងប្រាថ្នា ។ សូមគិតអំពីអារម្មណ៍ដ៏ស្មោះស្ម័គ្រដែលមនុស្សម្នាក់គួរតែមាន ជាអ្នកដែលពិតជាចង់ជួយដល់កិច្ចការរបស់ព្រះអម្ចាស់ ។
-
សូមគូសប្រអប់ពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ។ សូមសរសេរនៅក្នុងប្រអប់ទីមួយថា ពរជ័យដែលបានសន្យាដោយសារតែសេចក្ដីសុចរិតដែលគាត់ប្រាថ្នាចង់បាន ។ សូមសរសេរនៅក្នុងប្រអប់ទីពីរថា ការណ៍ដែលគាត់ត្រូវធ្វើដើម្បីទទួលបានពរជ័យទាំងនោះ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:៥–៨ ។ នៅក្នុងប្រអប់ទីមួយ សូមធ្វើបញ្ជីនៃពរជ័យទាំងឡាយដែលព្រះអម្ចាស់បានសន្យាដល់ ហៃរុម ស៊្មីធ ចំពោះបំណងប្រាថ្នារបស់គាត់ក្នុងការជួយដល់កិច្ចការរបស់ព្រះអម្ចាស់ ។ នៅក្នុងប្រអប់ទីពីរ សូមធ្វើបញ្ជីនៃការណ៍ដែលហៃរុមត្រូវធ្វើដើម្បីទទួលបានពរជ័យដ៏ទេវភាពទាំងនោះ ។
នៅពេលអ្នកសិក្សាខគម្ពីរទាំងនេះ អ្នកអាចនឹងរកឃើញសេចក្ដីពិតទាំងនេះ ៖ យើងអាចទទួលបានពរជ័យពីព្រះស្របតាមបំណងប្រាថ្នាដ៏សុចរិតរបស់យើង ។ ប្រសិនបើយើងមានបំណងធ្វើកិច្ចការរបស់ព្រះ នោះយើងនឹងបានទៅជាមធ្យោបាយនៃការធ្វើល្អដ៏ច្រើន ។
-
សូមបំពេញកិច្ចការខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
សូមសរសេរចម្លើយមួយចំនួនចំពោះសំណួរតទៅនេះ ៖ តើអ្នកអាចធ្វើដូចម្ដេចដើម្បី « បានទៅជាមធ្យោបាយនៃការធ្វើល្អដ៏ច្រើន » នៅក្នុងតំណនេះ ?
-
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:៩–១៤ ដោយស្វែងរកឱវាទដែលព្រះអម្ចាស់បានប្រទាន ដែលនឹងជួយ ហៃរុម ឲ្យសម្រេចបាននូវការណ៍ល្អដ៏ច្រើន ។ សូមសរសេរដំបូន្មានរបស់ព្រះអម្ចាស់ដល់ហៃរុមទៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ហើយរកមើលថាតើដំបូន្មានរបស់ទ្រង់ត្រូវគ្នានឹងយោបល់មួយចំនួនដែលអ្នកបានសរសេរដែរឬទេ ។
-
យោងតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៣ តើអ្នកស្គាល់អានុភាពនៃព្រះវិញ្ញាណតាមរបៀបណា ?
-
យើងរៀនចេញពីដំបូន្មានដែលហៃរុមបានទទួលថា ព្រះវិញ្ញាណនៃព្រះអម្ចាស់ដឹកនាំយើងឲ្យធ្វើល្អ រាបសា និងវិនិច្ឆ័យដោយសុចរិត ។ ព្រះវិញ្ញាណក៏បំភ្លឺគំនិតរបស់យើង ហើយក៏បំពេញព្រលឹងរបស់យើងដោយសេចក្ដីអំណរដែរ ។ វាអាចនឹងមានប្រយោជន៍ក្នុងការដាក់បទគម្ពីរយោងសេចក្ដីពិតទាំងនេះដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៣ ជាមួយនឹងចំណេះចំណានខគម្ពីរដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៨:២–៣ ។
-
សូមយកពេលបន្តិច ហើយពិចារណាពីស្ថានភាពដែលអ្នកបានទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ពីបទពិសោធន៍ខាងក្រោមចំនួនមួយ ឬ ច្រើនជាងនេះដែលអ្នកធ្លាប់បានជួបប្រទះ ៖
-
បទពិសោធន៍មួយដែលព្រះវិញ្ញាណបានដឹកនាំអ្នកឲ្យធ្វើល្អ
-
បទពិសោធន៍មួយនៅពេលដែលព្រះវិញ្ញាណបានបណ្ដាលអ្នកឲ្យមានភាពរាបសា
-
បទពិសោធន៍មួយនៅពេលដែលព្រះវិញ្ញាណបានជួយអ្នកឲ្យធ្វើការវិនិច្ឆយត្រឹមត្រូវ
-
បទពិសោធន៍មួយនៅពេលដែលព្រះវិញ្ញាណបានបំភ្លឺអ្នកអំពីប្រធានបទមួយ ឬ បញ្ហាផ្ទាល់ខ្លួន
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៥-៣០
ព្រះអម្ចាស់បានត្រាស់បញ្ជា ហៃរុម ស៊្មីធ ឲ្យត្រៀមខ្លួនទទួលយកការហៅឲ្យទៅផ្សាយ
សូមស្រមៃពីការមើលទៅការចាប់ផ្ដើមនៃអ្វីដែលអ្នកមានអារម្មណ៍ថាជាបុព្វហេតុដ៏ធំនៅក្នុងពិភពលោក ដោយដឹងថាអ្នកអាចជាចំណែកមួយនៅក្នុងបុព្វហេតុនោះ ។ តើអ្នកនឹងចំណាយពេលប៉ុន្មាន ដើម្បីគិតពីបុព្វហេតុនោះ ថែមទាំងការដាក់ផែនការណ៍ និង ការត្រៀមខ្លួនដើម្បីរួមចំណែក ? សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៥–១៦ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់មានព្រះទ័យឲ្យ ហៃរុម ស៊្មីធ ធ្វើ ។
តើអ្នកគិតថាហេតុអ្វីបានជាព្រះអម្ចាស់ត្រាស់បញ្ជា ហៃរុម ឲ្យ « ចាំបន្តិច » ? សូមពិចារណាពីស្ថានភាពដែលសាសនាចក្រពុំទាន់បានបង្កើតឡើងជាផ្លូវការទាល់តែដល់ប៉ុន្មានខែខាងមុខទៀត និង ពីព្រះគម្ពីរមរមនដែលពុំទាន់បានបោះពុម្ពនៅឡើយនោះ ។ តើអ្នកគិតថាព្រឹត្តិការណ៍នាពេលអនាគតទាំងនេះនឹងមានឥទ្ធិពលលើការត្រៀមខ្លួនរបស់ ហៃរុម ក្នុងការជួយដល់កិច្ចការរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៨–២០ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា ហៃរុម ត្រូវធ្វើដើម្បីក្លាយជាគ្រឿងឧបករណ៍ដ៏មានប្រសិទ្ធិភាពនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។
-
សូមឆ្លើយនឹងសំណួរខាងក្រោមមួយ ឬ ច្រើនជាងនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើយុវវ័យម្នាក់ដែលកំពុងត្រៀមខ្លួនបម្រើបេសកកម្មអាច « អំពាវនាវដល់ព្រះវិញ្ញាណ » បានយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា ការ « នៅជាប់នឹង [ ព្រះអម្ចាស់ ] ឲ្យអស់ពីចិត្ត » មានន័យដូចម្ដេច ?
-
តើអ្វីដែលព្រះអម្ចាស់ទ្រង់តម្រូវឲ្យអ្នក « ជួយនាំមករកពន្លឺ » ?
-
ដោយប្រើ គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៨–២០ សូមសរសេរគោលការណ៍មួយដែលថ្លែងពីរបៀបចាំបាច់មួយចំនួន ដែលអ្នកអាចត្រៀមខ្លួនដើម្បីបម្រើក្នុងនគររបស់ព្រះអម្ចាស់ ៖
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១–២២ រួចស្វែងរកការណ៍ផ្សេងទៀតដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា ហៃរុម ស៊្មីធ ត្រូវធ្វើ ដើម្បីជួយគាត់ឲ្យក្លាយជាគ្រូបង្រៀនដំណឹងល្អដ៏មានប្រសិទ្ធិភាពមួយរូប ។ តើព្រះអម្ចាស់បានមានព្រះបន្ទូលប្រាប់ហៃរុមដូចម្ដេចខ្លះ អំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីអាចប្រកាសព្រះបន្ទូលរបស់ទ្រង់បាន ?
តើអ្នកគិតថា ការសិក្សាព្រះគម្ពីរដើម្បី « ឲ្យបានព្រះបន្ទូល [ របស់ព្រះអម្ចាស់ ] » មានលក្ខណៈខុសគ្នាពីការគ្រាន់តែអានព្រះគម្ពីរយ៉ាងដូចម្ដេច ? អស់អ្នកដែលសិក្សាព្រះបន្ទូលរបស់ព្រះអម្ចាស់នឹងទទួលបានព្រះវិញ្ញាណទ្រង់ និង ព្រះចេស្តាដើម្បីបញ្ចុះបញ្ចូលមនុស្សដទៃអំពីសេចក្ដីពិតនៃដំណឹងល្អ ។
ដើម្បីឃើញថា ហៃរុម បានរក្សាព្រះបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់ ហើយបានធ្វើតាមឱវាទរបស់ទ្រង់ សូមមើលសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១១ រួចកត់ចំណាំកាលបរិច្ឆេទដែលបានទទួលវិវរណៈនោះ ។ បន្ទាប់មកបើកទៅសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ រួចកត់ចំណាំពីកាលបរិច្ឆេទនៃវិវរណៈនោះ ។ តើនៅប៉ុន្មានខែក្រោយមក ដែលព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៣ ?
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១:២១ រួចក្រោយមកអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២៣:៣ ។ តើអ្នកបានស្វែងយល់ពីអ្វីខ្លះ ? តើការណ៍នេះអនុវត្តយ៉ាងដូចម្ដេចចំពោះការត្រៀមខ្លួនចេញបម្រើបេសកកម្ម ?
សូមពិចារណាពីដំបូន្មានដែល អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ដល់ក្រុមយុវជនអំឡុងពេលសម័យប្រជុំបព្វជិតភាពនៃសន្និសីទទូទៅថា ៖ « សេចក្ដីសង្ឃឹមដ៏ស្មោះអស់ពីចិត្តរបស់ខ្ញុំចំពោះប្អូនយុវជនម្នាក់ៗគឺថា ប្អូននឹងមិនចេញបេសកកម្មដោយងាយៗនោះទេ ផ្ទុយទៅវិញគឺថា ប្អូននឹងក្លាយជាអ្នកផ្សព្វផ្សាយសាសនារយៈពេលយូរពីមុនប្អូនដាក់ពាក្យស្នើចេញបេសកកម្មរបស់ប្អូន យូរពីមុនប្អូនទទួលការហៅឲ្យបម្រើ ពីមុនត្រូវបានញែកចេញដោយប្រធានស្តេករបស់ប្អូន និង ពីមុនប្អូនចូលទៅក្នុង អិម.ធី.ស៊ី » (« Becoming a Missionary » Ensign ឬ Liahona,ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៥ ) ។
-
សូមសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកអំពីការណ៍មួយចំនួនដែលអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើឲ្យបានសម្រេច ឬ កែប្រែនៅពេលប៉ុន្មានខែទៀតនេះ ដើម្បីជួយអ្នកឲ្យទទួលបានព្រះបន្ទូលរបស់ព្រះកាន់តែច្រើន ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១២
ព្រះអម្ចាស់ប្រទានឱវាទដល់ យ៉ូសែប ណៃ ស៊ីញ្ញ័រ អំពីរបៀបដែលគាត់អាចជួយស្ថាបនាបុព្វហេតុនៃស៊ីយ៉ូនឡើង
សូមគិតពីឈ្មោះរបស់មនុស្សមានកិត្តិនាមមួយចំនួននៅក្នុងប្រវត្តិសាស្ត្រ ។ តើពួកគេមានគុណសម្បត្តិអ្វីខ្លះ ?
តើអ្នកធ្លាប់ឮរឿងរបស់បុរសម្នាក់ឈ្មោះ យ៉ូសែប ណៃត សុញ្ញ័រ ដែរឬទេ ?សូមអានសេចក្ដីណែនាំអំពីកណ្ឌនៃ គោលលទ្ធិ និង សេចក្តីសញ្ញា ១២ ដើម្បីរៀនពី យ៉ូសែប ណៃត ស៊ីញ្ញ័រ និង ពីគំរូនៃការបរិច្ចាគរបស់គាត់ទៅដល់នគរព្រះ ។
អ្នកអាចនឹងកត់ចំណាំថា ព្រះបន្ទូលព្រះអម្ចាស់ដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២:១–៦ គឺជាព្រះបន្ទូលដូចគ្នាដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:១–៦ ។ ជារឿយៗ ព្រះអម្ចាស់នឹងមានព្រះបន្ទូលណែនាំដដែលៗទៅកាន់បុគ្គលផ្សេងៗគ្នា—« អ្វីក៏ដោយដែលយើងមានព្រះបន្ទូលដល់មនុស្សម្នាក់ នោះយើងមានព្រះបន្ទូលដល់មនុស្សទាំងអស់ » ( គ. និង ស. ៨២:៥ ) ។ ករណីបែបនេះកើតឡើងជាមួយ ហៃរុម ស៊្មីធ ( គ. និង ស. ១១ ) និង យ៉ូសែប ណៃត ស៊ីញ្ញ័រ ( គ. និង ស. ១២ ) ដែលមានការណែនាំមួយចំនួនដូចគ្នា ។
ថ្វើបើ យ៉ូសែប ណៃត ស៊ីញ្ញ័រ ពុំមែនជាសមាជិកដែលមានកិត្តិនាមក្នុងសាសនាចក្រកាលពីសម័យមុនយ៉ាងណាក្ដី ក៏គាត់បានធ្វើអំពើល្អជាច្រើនក្នុងការស្ថាបនានគរព្រះឡើងដែរ ។ គាត់បានផ្គត់ផ្គង់ជាអាហារ និង សម្ភារដទៃទៀតដល់ព្យាការីអំឡុងពេលធ្វើកិច្ចការបកប្រែដ៏តឹងតែង ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២:៦–៨ រួចគូសចំណាំពីលក្ខណៈសម្បត្តិដ៏សុចរិតនានា ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថាចាំបាច់ត្រូវមានសម្រាប់អស់អ្នកដែលចង់ជួយដល់កិច្ចការរបស់ព្រះអម្ចាស់ ។ សូមពិចារណាពីរបៀបដែលអ្នកនឹងអភិវឌ្ឍលក្ខណៈសម្បត្តិទាំងនេះនៅក្នុងជីវិតរបស់អ្នក ។
យ៉ូសែប ណៃត ស៊ីញ្ញ័រ បានព្យាយាមរស់នៅតាមលក្ខណៈសម្បត្តិដ៏សុចរិតទាំងនេះជានិច្ច ។ គាត់បានជួយដល់ព្យាការីពេញក្នុងការបម្រើរបស់លោកទាំងខាងសាច់ឈាម និង ខាងវិញ្ញាណ ។ អស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២លោកបានកត់ត្រាដូចតទៅថា ៖ « យ៉ូសែប ណៃត ស៊ីញ្ញ័រ… បានស្មោះ ហើយពិតត្រង់ ហើយជាគំរូល្អ និង[ល្អ]ចំពោះមនុស្សគ្រប់រូប ប្រកបដោយគុណធម៌ និងចិត្តល្អ ពុំដែលងាករេឡើយ ។… គាត់ជាមនុស្សសុចរិតម្នាក់ » ( នៅក្នុង History of the Church៥:១២៤ ) ។
-
ដើម្បីជួយអ្នកឲ្យពិចារណា ហើយអនុវត្តអ្វីដែលអ្នកបានសិក្សានៅថ្ងៃនេះ សូមបំពេញបញ្ចប់ឃ្លានេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ ដើម្បីជួយដល់ព្រះអម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ខ្ញុំនឹង …
-
សូមសរសេរឃ្លាខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១១-១២ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖